Tag: ២០២១

  • កងទ័ព​មី​យ៉ាន​ម៉ា​ចេញ​បញ្ជា​មិន​ឱ្យប្រើ​គ្រាប់កាំភ្លើង​ពិត ក្នុងការ​បង្ក្រាប​ក្រុម​​បាតុករ

    កងទ័ព​មី​យ៉ាន​ម៉ា​ចេញ​បញ្ជា​មិន​ឱ្យប្រើ​គ្រាប់កាំភ្លើង​ពិត ក្នុងការ​បង្ក្រាប​ក្រុម​​បាតុករ

    រដ្ឋាភិបាលយោធា​ភូមា (មី​យ៉ាន​ម៉ា) បាន​ស្នើឱ្យ​ក្រុមប៉ូលិស ឈប់​ប្រើ​គ្រាប់កាំភ្លើង​ពិត​ក្នុងការ​ប​ង្រា​ប​ក្រុមបាតុករ ក្រោយពី​ត្រូវ​អន្តរជាតិ​ថ្កោលទោស​ដោយសារតែ​បាន​ប្រើ​អំពើហិង្សា និង​បាញ់ប្រហារ បណ្ដាលឱ្យ​បាតុករ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត។

    សេចក្ដីប្រកាស​ខាងលើនេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយទូរទស្សន​កងទ័ព​កាលពី​ថ្ងៃទី 1 មីនា មួយថ្ងៃ​ក្រោយ​កងសន្តិសុខ​បាញ់ប្រហារ​ក្រុមបាតុករ​ដោយ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បានឱ្យដឹងថា បាតុករ​យ៉ាងតិច 18 នាក់​បាន​ស្លាប់ និង 30 នាក់​ត្រូវ​រងរបួស​នៅក្នុង​អំពើ​បាញ់ប្រហារ​នោះ​ពី​សំណាក់​ប៉ូលិស​ភូមា។ កងទ័ព​ភូមា​ក៏បាន​ឱ្យដឹងថា មនុស្ស​ជាង 1,300 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​នានា​នៅ​ទូទាំងប្រទេស។

    តាម​គម្រោង បាតុកម្ម​នឹងត្រូវ​បន្ត​ធ្វើឡើង​នៅថ្ងៃនេះ បន្ទាប់ពី​តុលាការ​មី​យ៉ាន​ម៉ា បានប្រកាស​អំពី​ការចោទប្រកាន់​បន្ថែមចំនួន 2 ករណី​ទៀត ប្រឆាំងនឹង​មេដឹកនាំ Aung San Suu Kyi ដែល​ត្រូវបាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ លោកស្រី Suu Kyi បានបង្ហាញ​ខ្លួន​នៅ​តុលាការ​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី 1 មីនា និង​ត្រូវបាន​គេ​ជឿថា នឹងត្រូវ​កងទ័ព​បញ្ជូនទៅ​ឃុំខ្លួន​ជា​បន្តទៀត​ក្នុង​រយៈពេល​យូរ។

    ករណី​កងសន្តិសុខ​បាញ់ប្រហារ​សម្លាប់​ក្រុមបាតុករ​នៅ​ភូមា បាន​នាំឱ្យ​មានការ​ប្រតិកម្ម​ដោយ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ពី​អន្តរជាតិ ក្នុងនោះ​មាន​សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន​អាស៊ីអាគ្នេយ៍​ផងដែរ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • អាស៊ី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ចន្ទគតិ 2021 ក្នុង​រលក Covid-19

    អាស៊ី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ចន្ទគតិ 2021 ក្នុង​រលក Covid-19

    ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៃ​ចន្ទគតិ ឆ្នាំ 2021 នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះតែ​ផលប៉ះពាល់​ពី​រោគរាតត្បាត Covid-19។

    អាស៊ី​ឆ្នាំនេះ ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ចន្ទគតិ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​កំពុង​ប្រឈម​នឹង​រលក​ថ្មី​នៃ​ការឆ្លង​វីរុស Covid-19 នាំឱ្យមាន​វិធានការ​ទប់ស្កាត់​ជាច្រើន​ត្រូវបាន​ដាក់ចេញ។

    រូប​ភាព​ខាង​លើ​គឺជា​ទិដ្ឋភាព​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ឬ​ចូលឆ្នាំ​ចន្ទគតិ ឆ្នាំ 2021 នៅឯ​វិហារ Boen San Bio ក្នុង​តំបន់ Tangerang រដ្ឋធានី ចា​ការ​តា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី។

    ទិដ្ឋភាព​នៅ​វិហារ​មួយ​ក្នុង​រដ្ឋធានី​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ក្នុងពេល​បាញ់​កាំជ្រួច​នៅក្នុង​យប់​ឆ្លង​ឆ្នាំ កាលពី​ម្សិលមិញ។

    មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un និង​ក្រុមមន្ត្រី​រដ្ឋាភិបាល កំពុង​ទស្សនា​ការសំដែង​មួយ​នៅក្នុង​ពិធី​ទទួល​ឆ្នាំ​ថ្មី។ រូបភាព​នេះ​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 12 កុម្ភៈ ដោយសារ​ព័ត៌មាន​ក្នុងស្រុក។

    សាច់ញាតិ​របស់​ជនភៀសខ្លួន​កូរ៉េខាងជើង រៀបចំ​ទី​សក្ការ​បូជា ដើម្បី​ប្រារព្ធ​ពិធី​រំ​លឹ​ក​វិញ្ញាណក្ខន្ធ​បុព្វការី​ នៅក្បែរ​តំបន់​គ្មាន​កងទ័ព (DMZ) នា​ទីក្រុង Paju កូរ៉េ​ខាង​ត្បុ​ង កាលពី​ថ្ងៃទី 12 កុម្ភៈ។

    ទិដ្ឋភាព​មួយ​នៅក្នុង​ពិធីបុណ្យ​ទន្លេ Hongbao ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី។

    ទិដ្ឋភាព​មួយ​ផ្សេងទៀត នៅក្នុង​ពិធីបុណ្យ​ទន្លេ Hongbao នៅ​ប្រទេស​សិង្ហ​បុរី។

    ទិដ្ឋភាព​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021។

    ទិដ្ឋភាព​មួយ​ផ្សេងទៀត នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021។

    ​អាកាសយានដ្ឋាន​អន្តរជាតិ Wuhan នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី 11 កុម្ភៈ (ថ្ងៃ​ចុង​ឆ្នាំជូត)។

    ជន​ជាតិចិន​ជាច្រើន ត្រូវ​បង្ខំចិត្ត ជួបជុំ​គ្រួសារ​ពី​ចម្ងាយ តាមរយៈ​អ៊ី​ន​ធើ​ណិ​ត ដោយសារ​បញ្ហា Covid-19។

    ពលរដ្ឋ​ជាប់សែស្រឡាយ​ចិន​នៅ​រាជធានី​បាងកក ប្រទេស​ថៃ មក​អុជ​ទៀន ធូប នៅក្នុង​វត្ត Wat Mongkol Samakhom មុនពេល​ឆ្លង​ឆ្នាំ។

    ទិដ្ឋ​ភាព​ក្រុម​ម៉ុង​សៃចិន​ កំពុង​សំដែង​​នៅ​ក្នុង​ព្រះរាជវាំង​នា​រាជធានី​ភ្នំ​ពេញ​ កាលពី​ថ្ងៃទី 11​ កុម្ភៈ ឆ្នាំ​ 2021។ រូប​ភាព​នេះ​ថត​ដោយ​ Gao Bingnan មក​ពី​សារ​ព័ត៌មាន​ Xinhua៕

    ប្រភព៖ AFP, Reuters, AP, Xinhua

  • កងទ័ព​មី​យ៉ាន​ម៉ា​ស្នើឱ្យ​ក្រុម​តំណាង​រាស្ត្រ ចាក​ចេញពី​រដ្ឋធានី​ណៃ​ពី​ដោ

    កងទ័ព​មី​យ៉ាន​ម៉ា​ស្នើឱ្យ​ក្រុម​តំណាង​រាស្ត្រ ចាក​ចេញពី​រដ្ឋធានី​ណៃ​ពី​ដោ

    កងទ័ព​នៃ​ប្រទេស​មី​យ៉ាន​ម៉ា បាន​ស្នើឱ្យ​ក្រុមតំណាងរាស្ត្រ​ដែល​ទើបបាន​ជាប់ឆ្នោត ចាក​ចេញពី​រដ្ឋធានី ណៃ​ពី​ដោ ដោយ​ទុកពេល​ឱ្យ 24 ម៉ោង ក្រោយពី​កងទ័ព​បានធ្វើ​រដ្ឋប្រហា​រ និង​ឡើង​គ្រប់គ្រង​អំណាច។

    តំណាងរាស្ត្រ​ទាំងឡាយ​របស់​មី​យ៉ាន​ម៉ា​ដែល​ទើបត្រូវ​បានជ្រើសរើស​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 បានធ្វើ​ដំណើរ​មកកាន់​រដ្ឋធានី ណៃ​ពី​ដោ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំបូង​របស់​សភា​កាលពី​ថ្ងៃទី 1 កុម្ភៈ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​មុន​កិច្ចប្រជុំ កងទ័ព​ក៏បាន​ធ្វើ​រដ្ឋប្រហារ។ បន្ទាប់មក កងទ័ព​ក៏បាន​ឃុំខ្លួន​តំណាងរាស្ត្រ​ទាំងនោះ​នៅក្នុង​អគារ​មួយ​របស់​រដ្ឋាភិបាល។

    តំណាស​រាស្ត្រ U Aung Kyi Nyunt មកពី​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បានឱ្យដឹងថា នៅវេលា​ម៉ោង​ប្រហែល 10 ថ្ងៃទី 3 កុម្ភៈ កងទ័ព​បាន​បញ្ជា​ឱ្យ​នាំខ្លួន​ក្រុមតំណាងរាស្ត្រ​នេះ​ចាក​ចេញពី​រដ្ឋធានី ណៃ​ពី​ដោ ដោយ​ទុកពេល​ឱ្យ 24 ម៉ោង ហើយ​កងទ័ព​នឹង​យក​រថយន្ត​ដឹកទំនិញ​មក​ដឹក​ពួកគេ។ តំណាងរាស្ត្រ​ចំនួន 387 នាក់​កំពុង​ស្ថិតនៅក្នុង​អគារ​រដ្ឋាភិបាល ក្នុង​គ្រា​ដែល​កងទ័ព​ចេញ​បញ្ជា​នេះ។

    កាលពី​មួយថ្ងៃ​មុន​នោះ កងទ័ព​ក៏បាន​ចេញ​បញ្ជា​ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​ក្រុមតំណាងរាស្ត្រ NLD ឆ្លើយថា ពួកគេ​រង់ចាំ​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​របស់​បក្ស។ NLD ក្រោយមក​ក៏បាន​ស្នើ​កងទ័ព​អនុញ្ញាតឱ្យ​ក្រុមតំណាងរាស្ត្រ​ស្នាក់​នៅក្នុង​រដ្ឋធានី​រហូត​ដល់​ថ្ងៃទី 6 កុម្ភៈ។

    យ៉ាងនេះ​ក្ដី កងទ័ព​ក៏​បន្ត​ស្នើឱ្យ​ក្រុមតំណាងរាស្ត្រ​ចាក​ចេញពី​រដ្ឋធានី ណៃ​ពី​ដោ ក្រោយពី​មានការ​អំពាវនាវ​ឱ្យ «បើក​កិច្ចប្រជុំសភា» នៅក្នុង​អគារ​រដ្ឋាភិបាល​ដែល​ក្រុមតំណាងរាស្ត្រ​កំពុង​ត្រូវបាន​ឃុំខ្លួន​នេះ​តែម្ដង ដោយសារ​សមាជិកសភា​មាន​ចំនួន​ច្រើនជាង​តួលេខ​អប្បបរមា​ដែល​អាច​បើក​កិច្ចប្រជុំ​ដូច​ធម្មតា​បាន។

    U Aung Kyi Nyunt បានឱ្យដឹងថា ក្រុមតំណាងរាស្ត្រ​នឹង​ចាក​ចេញពី​រដ្ឋធានី និង «មាន​ផែនការ​មួយ​រួចជាស្រេច​ហើយ»។ Sai Thiha Kyaw តំណាងរាស្ត្រ​នៃ​សភា​ជាន់​ទាប​មកពី​សហព័ន្ធ​ជាតិ​នៃ​រដ្ឋ Shan ដើម្បី​ប្រជាធិបតេយ្យ បានឱ្យដឹងថា បាន​ត្រលប់​ទៅ​ស្រុកកំណើត ហើយ​ថា​បក្ស​នេះ​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​សម្រេច​ជ្រើសរើស​ជំហាន​បន្ទាប់។ Sai Thiha Kyaw ថ្លែងថា៖ «ក្នុងនាម​ជា​តំណាងរាស្ត្រ​ដែល​ត្រូវបាន​បោះឆ្នោត ខ្ញុំ​នឹងធ្វើ​តាម​បំណងប្រាថ្នា​របស់​ម្ចាស់ឆ្នោត»។

    ឧត្ដម​សេវីយ៍​ Min Aung Hlaing អគ្គមេបញ្ជាការ​កង​ទ័ព​នៃ​ប្រទេស​មីយ៉ាន​ម៉ា

    កងទ័ព​មី​យ៉ាម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​ប្រធានាធិបតី Win Myint និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​ត្រូវបាន​គេ​ដណ្ដើម​អំណាច​នាបច្ចុប្បន្ន ដោយ​ត្រូវបាន​ចោទប្រកាន់ថា លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។ លោកស្រី Suu Kyi ក្រោយមក​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​នាំចូល​ខុសច្បាប់ ទាក់ទង​នឹង​កូន​វិទ្យុ​មួយគ្រឿង​ដែល​រកឃើញ​នៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី ហើយ​បើសិនជា​ត្រូវបាន​កាត់ទោស លោកស្រី​អាច​ត្រូវ​ជាប់ពន្ធនាគារ 3 ឆ្នាំ។

    បច្ចុប្បន្ន ប្រទេស​មី​យ៉ាន​ម៉ាន ត្រូវបាន​គ្រប់គ្រង​ដោយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ Min Aung Hlaing អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា។ ស្ថានការណ៍​នេះ​នឹងត្រូវ​អូសបន្លាយ​រហូតដល់​មានការ​បោះឆ្នោត​ថ្មី​នា​ឆ្នាំក្រោយ។

    ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing អះអាងថា ការដែល​កងទ័ព​ធ្វើ​រដ្ឋប្រហារ​គឺជា​រឿង​ស្របច្បាប់ ព្រោះថា អាជ្ញាធរ​មិនអាច​ដោះស្រាយ​នូវ​ការតវ៉ា​របស់​ពួកគេ​ទាក់ទិន​នឹង​ការចោទប្រកាន់ថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ចុងឆ្នាំ 2020។

    បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន​ម៉ា ក៏ត្រូវ​បានធ្វើ​ឡើង​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​នៅ​ប្រទេស​ថៃ និង​ជប៉ុន​ជាដើម។

    សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី 3 កុម្ភៈ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដីអំពី​ស្ថានការណ៍​នៅ​មី​យ៉ាន​ម៉ា ប៉ុន្តែ​មិនទាន់មាន​សេចក្ដីសម្រេច​ណាមួយ​ត្រូវបាន​ប្រកាស​នោះទេ ដោយសារ​មានការ​ខ្វែងគំនិត​គ្នា​មួយចំនួន។ ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា ភាគី​ចិន និង​រុស្ស៊ី ស្នើឱ្យ​មានការ​ពន្យារពេល​បន្ថែមទៀត​ដើម្បី​ពិភាក្សា​លម្អិត។

    ក្រុម​រដ្ឋមន្ត្រីការបរទេស G7 ដែល​រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីប្រកាស​រួម សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​មី​យ៉ាន​ម៉ា និង​បាន​ជំរុញ​ឱ្យ​កងទ័ព​ប្រទេស​នេះ ដោះលែង​ក្រុម​អ្នកនយោបាយ​ទាំងអស់​ដែល​ត្រូវបាន​ចាប់ខ្លួន៕

    ប្រភព៖ Irrawaddy

  • Aung San Suu Kyi នឹងត្រូវ​ឃុំខ្លួន​រហូតដល់​ពាក់កណ្ដាល​ខែកុម្ភៈ

    Aung San Suu Kyi នឹងត្រូវ​ឃុំខ្លួន​រហូតដល់​ពាក់កណ្ដាល​ខែកុម្ភៈ

    សារព័ត៌មាន​ចិន Xinhua ដកស្រង់​សម្ដី​របស់​មន្ត្រី​ម្នាក់​នៃ​បក្ស NLD ដែល​កំពុង​ត្រូវបាន​គេ​ប្លន់​អំណាច កាលពី​ថ្ងៃទី 3 កុម្ភៈ បានឱ្យដឹងថា ប្រធានាធិបតី​មី​យ៉ាន​ម៉ា លោក U Win Myint និង​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi នឹងត្រូវ​បាន​ឃុំខ្លួន​រហូតដល់​ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2021។

    លោក Kyi Toe សមាជិក​នៃ​គណៈកម្មការ​ព័ត៌មាន​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតី (NLD) របស់លោក​ស្រី Aung San Suu Kyi បានប្រកាស​ដំណឹង​នេះ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម។

    ទាក់ទង​នឹង​ប្រធានាធិបតី U Win Myint ឯកសារ​របស់​ប៉ូលិស​ដែល​ត្រូវគេ​ចែករំលែក​លើ​បណ្ដាញ​សង្គម បាន​បង្ហាញថា ប្រធានាធិបតី​រូបនេះ និង​ក្រុមគ្រួសារ​របស់លោក បាន​ជួប​មនុស្ស​មួយចំនួន​នៅក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស NLD កាលពី​ថ្ងៃទី 20 កញ្ញា 2020 មុន​ការបោះឆ្នោត​ក្នុង​ខែវិច្ឆិកា 2020 និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​បទបញ្ជា​ទាក់ទិន​នឹង Covid-19 ដោយយោង​ទៅតាម​ច្បាប់​គ្រោះមហន្តរាយ។

    ចំណែក​លោកស្រី Suu Kyi វិញ ក៏ត្រូវ​បាន​ទោ​ទ​ពីបទ​នាំចូល និង​ប្រើប្រាស់​ខុសច្បាប់ នៅពេល​ក្រុមប៉ូលិស​បាន​រកឃើញ​កូន​វិទ្យុ​នៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី នា​រដ្ឋធានី ណៃ​ពី​ដោ។ ប៉ូលិស​បានស្នើ​តុលាការ ឃុំខ្លួន​អ្នកនយោបាយ​ទាំងពីរ​រូបនេះ​ក្នុង​រយៈពេល 15 ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី 1 កុម្ភៈ ដល់​ថ្ងៃទី 15 កុម្ភៈ។

    ចំពោះ​ព័ត៌មាន​ផ្លូវការ​ទាក់ទង​នឹង​ដំណឹង​ខាងលើនេះ មិនទាន់​ត្រូវបាន​ភាគី​កងទ័ព និង​ភាគី​ប៉ូលិស​មី​យ៉ាន​ម៉ា​លើកឡើង​នៅឡើយ។

    ក្នុង​ថ្ងៃទី 3 កុម្ភៈ NLD ក៏​បានចេញ​សេចក្ដីប្រកាស​នៅលើ​បណ្ដាញ​សង្គម ក្នុងនោះ​ក៏បាន​ស្នើឱ្យ​ដោះលែង​ប្រធានាធិបតី និង​លោកស្រី Suu Kyi រួម​នឹង​ការស្នើ​ឱ្យ​កងទ័ព​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 និង​ទប់ស្កាត់​ភាពវឹកវរ​ដែល​កំពុង​រារាំង​ដំណើរការ​នៃ​កិច្ចប្រជុំសភា។

    កាលពី​ថ្ងៃទី 1 កុម្ភៈ ប្រធានាធិបតី U Win Myint និង​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់ NLD ជាច្រើនរូប ត្រូវបាន​កងទ័ព​ចាប់ឃុំខ្លួន។ កងទ័ព​មី​យ៉ាន​ម៉ា ក្រោយមក​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល​មួយឆ្នាំ ហើយ​អំណាច​ដឹកនាំ​ប្រទេស​ត្រូវបាន​ប្រគល់ឱ្យ​អគ្គមេបញ្ជាការ​កងទ័ព៕

  •  Forbes៖ មហាសេដ្ឋី​ដុល្លារ​នៅ​ទ្វីបអាហ្វ្រិក ថយចុះ​ចំនួន 2រូប បើ​ធៀប​នឹង​ដើមឆ្នាំ 2020

     Forbes៖ មហាសេដ្ឋី​ដុល្លារ​នៅ​ទ្វីបអាហ្វ្រិក ថយចុះ​ចំនួន 2រូប បើ​ធៀប​នឹង​ដើមឆ្នាំ 2020

    ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ស្ដីអំពី​អ្នកមាន​ជាងគេ​បង្អស់​ប្រចាំ​ទ្វីបអាហ្វ្រិក​សម្រាប់​ឆ្នាំ 2021 ដែល​បង្ហាញថា ទ្វីប​នេះ​មាន​មហាសេដ្ឋី​ត្រឹមតែ 18 នាក់ ហើយ​ពួកគេ​មានទ្រព្យ​សរុប​ចំនួន 73.8 ពាន់​លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​គ្រា​ដែល Covid-19 កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​ជំនួញ និង​កំណើន​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នានា មហាសេដ្ឋី​មួយចំនួនទៀត​បែរជា​កាន់តែ​មានឡើងៗ ដោយសារតែ​មូល​ប​ត្រ​ឡើងថ្លៃ។

    ចំនួន​មហាសេដ្ឋី​ដុល្លារ​នៅ​អាហ្វ្រិក​បាន​ថយចុះ​ពី 20 នាក់​កាលពីដើមឆ្នាំ 2020 មក​នៅត្រឹម 18 នាក់​នា​ដើមឆ្នាំ 2021 ប៉ុន្តែ​ជាក់ស្ដែង ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅតែ​បន្ត​កើនឡើង បើទោះជា​កើន​មិន​ច្រើន។

    មកដល់​ដំណាក់កាល​ដើមឆ្នាំ 2021 នេះ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​អាហ្វ្រិក​ទាំង 18 នាក់​ខាងលើ មាន​ចំនួន​ 73.8 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង​បន្តិច​បើ​ធៀប​នឹង 73.4 ពាន់​លាន​ដុល្លារ​របស់​មហាសេដ្ឋី​ទាំង 20 រូប កាលពី​ឆ្នាំ 2020។

    ប្រការ​ដែល​គួរកត់សម្គាល់​នោះ​គឺថា បញ្ជី​ឈ្មោះ​មហាសេដ្ឋី​អាហ្វ្រិក​របស់​ទស្សនាវដ្ដី Forbes នេះ គឺ​គិតតែ​មហាសេដ្ឋី​ដែល​កំពុង​រស់នៅក្នុង​ទ្វីបអាហ្វ្រិក ជា​កន្លែង​ដែល​ក្រុមហ៊ុន និង​មូល​ប​ត្រ​ត្រូវ​បានដាក់​នៅក្នុង​ទ្វីប​នេះ លើកលែង​តែ​មហាសេដ្ឋី Mo Ibrahim សញ្ជាតិ​អង់គ្លេស ដើមកំណើត​ស៊ូដង់ និង​មហាសេដ្ឋី Mohamed Al-Fayed ជន​ជាតិ​​អង់គ្លេស ដើមកំណើត​អេ​ហ្ស៊ី​ប។

    បើ​គិត​ទៅលើ​ប្រទេស គេ​ឃើញថា អាហ្វ្រិក​ខាងត្បូង និង​អេ​ហ្ស៊ី​ប គឺជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ ដោយ​ប្រទេសនីមួយៗមាន​មហាសេដ្ឋី 5 នាក់ ស្មើគ្នា បន្ទាប់មក​គឺ​ប្រទេស​នី​ហ្សេ​រី​យ៉ា​មាន 3 នាក់ និង​ម៉ា​រ៉ុ​ក (Morocco) មាន 2 នាក់៕

    ប្រភព៖ Forbes

  • (វីដេអូ)-ឆេះ​ព្រៃ​នៅ​ឈី​លី! មនុស្ស​ជាង 25,000នាក់​ត្រូវ​ជម្លៀស​ខ្លួន

    (វីដេអូ)-ឆេះ​ព្រៃ​នៅ​ឈី​លី! មនុស្ស​ជាង 25,000នាក់​ត្រូវ​ជម្លៀស​ខ្លួន

    កាលពី​ថ្ងៃទី 15 មករា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ឈី​លី Roberto Delgado បានប្រកាសថា ភ្លើង​ឆេះ​ព្រៃ​មួយចំនួន​ដែល​បាន​កើតឡើង​ក្នុង​តំបន់​មួយ​នៃ​ទីក្រុង Valparaiso នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ បាន​បំផ្លាញ​ផ្ទះ​ចំនួន 6 ខ្នង ព្រៃឈើ​ជាង 300 ហិកតា និង​នាំឱ្យ​មនុស្ស​យ៉ាងហោច 25,000 នាក់​ត្រូវ​ជ​ម្លៀ​ង​ខ្លួន​ដើម្បី​ការពារ​ជីវិត។

    នាយកដ្ឋាន​គ្រប់គ្រង​បញ្ហា​អាសន្ន​របស់​ឈី​លី (Onemi) មុននេះ​បាន​បញ្ជាក់ថា ក្នុងអំឡុង​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ដល់​ទៅ 4 លើក​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់ Quilpue មាន​ចម្ងាយ​ពី​រដ្ឋធានី Santiago ប្រហែល 110 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ។ ករណី​ឆេះ​ព្រៃ​ដំបូង​បានកើត​ឡើង​នៅ Quilpue កាលពី​ព្រលប់​ថ្ងៃទី 14 មករា។ ផ្សែង​ដែល​កើតចេញពី​ភ្លើង​ឆេះ​ព្រៃ​នេះ មាន​ទំហំ​ធំ​ដែល​អាច​មើលឃើញ​ពី​រដ្ឋធានី Santiago។

    រដ្ឋមន្ត្រី Delgado បង្ហើប​ឱ្យដឹងថា ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​នេះ នឹង​បើក​ការស៊ើបអង្កេត​លើ​ករណី​ឆេះ​ព្រៃ​នៅ Valparaiso បន្ទាប់ពី​នាយកដ្ឋាន​ព្រៃឈើ​ជាតិ (Conaf) យល់ថា ករណី​ឆេះ​ព្រៃ​ទាំងនេះ​ទំនងជា​ចេតនា​អាក្រក់​របស់​ជន​ណាមួយ។

    https://www.youtube.com/watch?v=tx2XZGmrOAg

    ឈី​លី​ដែលជា​ប្រទេស​ទទួលរង​គ្រោះធម្មជាតិ​ច្រើន​នៅក្នុង​រដូវក្ដៅ បច្ចុប្បន្ន​កំពុងតែ​ឆ្លងកាត់​គ្រោះរាំងស្ងួត​អាក្រក់​បំផុត​ក្នុងអំឡុង 6 ទសវត្សរ៍​មកនេះ ដោយ 76% នៃ​ផ្ទៃដី​របស់​ប្រទេស​នេះ​ត្រូវ​ខ្វះ​ទឹក​ប្រើប្រាស់។ ស្ថានភាព​អាក្រក់​បំផុត​កំពុង​កើតឡើង​នៅ​ភាគ​កណ្ដាល ដោយសារតែ​បរិមាណ​ទឹកភ្លៀង​បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ 2019 មកនេះ។

    ចាប់ពី​ខែកក្កដា ឆ្នាំ 2019 ដល់​ខែមិថុនា ឆ្នាំ 2020 ឈី​លី​មាន​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ជាង 8,125 ករណី​ដែល​បានកើត​ឡើង​នៅលើ​ផ្ទៃដី​ប្រហែល 102,000 ហិកតា ក្នុងនោះ​មាន​ជាង 3,500 ករណី បណ្ដាលមកពី​មនុស្ស៕

    ប្រភព៖ Garda, Tetova News