Tag: ឪពុកម្តាយ

  • តួនាទី​របស់​ឪពុក​ម្ដាយ អ្នក​មើល​ថែ​កុមារ និង​សហគមន៍​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ-19

    តួនាទី​របស់​ឪពុក​ម្ដាយ អ្នក​មើល​ថែ​កុមារ និង​សហគមន៍​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ-19

    បើសិន​ជា​មាន​រោគសញ្ញានៃវីរុសកូវីដ-19 ដូចជា ក្អក គ្រុនក្តៅ ពិបាកដកដង្ហើមជា​ដើម កើន​ឡើង​លើកូនរបស់លោកអ្នក សូម​ធ្វើ​ដូច​ខាងក្រោម៖

    ស្វែងរកការណែនាំពីគ្រូពេទ្យតាមរយៈការទូរស័ព្ទទៅកាន់អ្នកផ្តល់សេវាសុខភាព/អ្នកផ្តល់សេវារបស់
    លោកអ្នកជាមុនសិន មុននឹងជូនកូនរបស់លោកអ្នកទៅតាមការណៃនាំ។ សូមចងចាំថារោគសញ្ញានៃជំងឺកូវីដ-19​ មានដូចជា ក្អក ឬគ្រុនក្តៅអាចស្រដៀងនឹងរោគសញ្ញាផ្តាសាយ ឬជំងឺផ្តាសាយទូទៅ។

    ប្រសិនបើកូនរបស់លោកអ្នកឈឺ សូមទុកពួកគេនៅផ្ទះកុំឱ្យមកសាលារៀន ហើយត្រូវជូនដំណឹងដល់សាលារៀនអំពីអវត្តមាន និងរោគសញ្ញាកូនរបស់លោកអ្នក។ សូមដាក់ការអាន និងកិច្ចការផ្សេងៗដើម្បីឱ្យសិស្សអាចបន្តការសិក្សាពេលនៅផ្ទះ។ ពន្យល់កូនរបស់លោកអ្នកអំពីអ្វីដែលកំពុងកើតឡើងជាពាក្យសាមញ្ញ ហើយធានាថាពួកគេមានសុវត្ថិភាព៕

    ប្រភព៖ MoEYS Cambodia

  • ការស្រាវជ្រាវបង្ហាញថាឪពុកម្តាយលើពិភពលោកសម័យនេះចំណាយពេលវេលាទ្វេដងច្រើនជាង50ឆ្នាំមុន

    ការស្រាវជ្រាវបង្ហាញថាឪពុកម្តាយលើពិភពលោកសម័យនេះចំណាយពេលវេលាទ្វេដងច្រើនជាង50ឆ្នាំមុន

    អាណាព្យាបាលដែលមានជីវភាពគ្រួសារកម្រិតមធ្យម​លើពិភពលោក​ត្រូវបានគេមើលឃើញ​ថាបានចំណាយពេលវេលាក្នុងការនៅជិតកូន​ច្រើនជាងអាណាព្យាបាលកាលពីជាង 50ឆ្នាំមុន។

    យោងតាមការស្រាវជ្រាវ​ពី​ស្ថាប័ន Journal of Marriage and Family ដែលបានធ្វើការដកស្រង់ទិន្នន័យពីប្រទេសធំៗចំនួន11 លើពិភពលោកបានបញ្ជាក់ថា​ ម្តាយនៅក្នុងឆ្នាំ2012 ចំណាយពេលវេលា ​មើលកូនជាមធ្យម​ 104នាទីក្នុងមួយថ្ងៃ ហើយចំនួននេះច្រើនជាង​ឆ្នាំ1965 ទ្វេដងដែលកាលនោះម្តាយមានពេលនៅជាប់ជាមួយកូនជាមធ្យមត្រឹមតែ 54នាទីប៉ុណ្ណោះ។

    ស្របជាមួយគ្នានេះដែរ ក៏មានទិន្នន័យមួយចំនួនទៀតបង្ហាញផងដែរថា ចំពោះឪពុកវិញ បើទោះបីជា​មានការកើនឡើងនូវពេលវេលាដែលនៅជាប់ជាមួយកូន​ក្តីតែចំនួននៅតែតិចជាងម្តាយ។ តាមទិន្នន័យបង្ហាញថា​ជាមធ្យម​ឪពុកនៅក្នុងឆ្នាំ1965 បានចំណាយពេលវេលានៅជាប់ជាមួយកូន ប្រមាណ16នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបានកើនឡើងមក​ដល់ប្រមាណជា 59នាទីនៅឆ្នាំ2012។

    ​ស្ថិតក្នុង​របត់នៃ​គេសង្កេតឃើញថា​ទោះជាចំនួននៃពេលវេលារបស់ម្តាយឪពុកនៅជាមួយកូនផ្ទាល់​ច្រើន​ជាងមុនក្តី តែ​វានៅតែជាគម្លាតមួយ​សម្រាប់​ឪពុកម្តាយនៅក្នុងពិភពលោក។ ក្រៅពីនេះគេក៏បានមើលឃើញផងដែរពីការកើនឡើងនូវ​អ្នកម្តាយដែលទទួលបានការសិក្សាររហូតដល់បញ្ចប់មហាវិទ្យាល័យ ត្រូវទទួល​នូវការងារជាច្រើន និងមានពេលតិចជាងម្តាយដែលធ្វើការងារធម្មតា។ របាយការណ៍បានបញ្ជាក់ថា នៅឆ្នាំ1965 ទាំងម្តាយដែលបានបញ្ចប់ការសិក្សាកម្រិតមហាវិទ្យាល័យ​ និងម្តាយដែលមិនទទួលបានការសិក្សាដល់មហាវិទ្យាល័យ មានពេលវេលា​មើលថែកូនស្មើគ្នា។ តែ​នៅឆ្នាំ2012 ម្តាយដែល​បានបញ្ចប់ការសិក្សាខ្ពស់ស្ទើរតែទាំងអស់លើកលែងតែម្តាយក្នុង​ប្រទេសបារាំង បានទុកកូន​នៅ​មជ្ឈមណ្ឌលមើលថែក្មេង​ច្រើនម៉ោងជាងមុន 30នាទីក្នុងមួយថ្ងៃ៕

  • ឪពុកម្តាយ​គួរ​យល់​ពី​វិធី​ដែល​ធ្វើឱ្យ​ក្មេងជំនាន់ក្រោយ​ខ្លាំង​ជាង​ខ្លួន

    ឪពុកម្តាយ​គួរ​យល់​ពី​វិធី​ដែល​ធ្វើឱ្យ​ក្មេងជំនាន់ក្រោយ​ខ្លាំង​ជាង​ខ្លួន

    បញ្ហា​ប្រឈម​នាពេល​ប​ច្ចុ​ប្ប​ននេះ​មាន​ឪពុកម្តាយ​វ័យក្មេង​ជាច្រើន​ដែល​បាន​បង្កើត​គ្រួសារ តែ​មិនទាន់​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​អាណាព្យាបាល​ដែលមាន​សមត្ថភាព​តម្រង់​ទិស​ដល់​កូន ដែល​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​អនាគត​រប​ស់​កូន និង​វា​ក៏​ឆ្លុះបញ្ចាំង​ពី​អនាគត​របស់​សង្គម​ផងដែរ ព្រោះ​កុមារ​ជា​អ្នក​បន្តវេន​របស់​សង្គម​លើ​គ្រប់​វិស័យ។

    លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន @Home Photography បានលើកឡើង​នៅក្នុង​កម្មវិធី Ignite Phnom Penh ថា អាណាព្យាបាល​មួយចំនួន​មិនទាន់​យល់​ពីអ្វី​ដែល​ក្មេង​ត្រូវការ​ពិតប្រាកដ​នោះទេ ជាក់ស្តែង​យើង​ឃើញ​មាន​អាណាព្យាបាល​ខ្លះ​បានផ្តល់​ឧបករណ៍​អេឡិចត្រូនិក​ដល់​កូន​ដើម្បីឱ្យ​ពួកគេ​រវល់​ជាមួយនឹង​ការលេង​ឧបករណ៍​ទាំងអស់នោះ ហើយ​គាត់​មាន​ពេលទំនេរ​សម្រាប់​ការងារ​ផ្ទាល់ខ្លួន។ ចំណុច​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​កុមារ​ជា​វ័យ​ដែល​កំពុង​ចង់​ចេះចង់ដឹង​បំផុត។ ផ្ទុយ​មកវិញ កុមារ​តែងតែ​ចង់ឱ្យ​មនុស្ស​ធំ ជាពិសេស​ឪពុកម្តាយ​នៅ​ជិត​គេ​ឱ្យបាន​ច្រើន​ដើម្បី​លើកទឹកចិត្ត បណ្តុះ​គំនិត និង​បង្កើត​ភាព​រីករាយ​ប្រកបដោយ​ភាព​វិជ្ជមាន​ដល់​ពួកគេ។

    លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន @Home Photography

    លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “កុមារ​ជា​វ័យ​ដែល​ចង់​ចេះ​ចង់ដឹង និង​សួរ​ច្រើន​បំផុត ហេតុនេះ​ប្រសិនបើ​យើង​ចង់ឱ្យ​គាត់​ក្លាយជា​អ្នកវិទ្យាសាស្ត្រ វា​ជា​ពេល​ល្អ​ដែល​យើង​អាច​និយាយ​រឿង​វិទ្យាសាស្ត្រ​ដល់​គេ​ដើម្បី​បណ្តុះ​គ្រាប់ពូជ​នៃ​គំនិត​ដល់កូនតូចៗឱ្យ​ក្លាយជា​អ្នក​ដែលមាន​សមត្ថភាព និង​ខិតខំ​ប្រឹងប្រែង​នៅ​ថ្ងៃ​អនាគត”។

    បើតាម​លោក វណ្ណ​ថា កុមារ​ត្រូវការ​ការរៀនសូត្រ​ពី​គ្រប់​ទីកន្លែង មិនមែន​គ្រាន់តែ​រៀន​ពីសា​លា​នោះទេ។ កុមារ​ត្រូវ​ការរៀន​ពី​ការសង្កេត រៀន​ពី​ការ​ស្តាប់ រៀន​ពី​ការលើកទឹកចិត្ត និង​ជំរុញ​ពី​មនុស្ស​នៅ​ជុំវិញខ្លួន។ សូម​កុំឱ្យ​ពេលវេលា​ដឹកមុខ​កុមារ​ដោយ​ការ​បណ្តោយឱ្យ​ពួកគេ​លេង​ឧបករណ៍​អេឡិចត្រូនិក​ដែល​បង្ក​ភាពអវិជ្ជមាន​ដល់​ពួកគេ។

    ក្រោយ​ពេលដែល​កុមារ​ធំ​ឡើង​លោក​វណ្ណ​ថាលើកឡើងថា អាណាព្យាបាល​ចាំបាច់​ត្រូវ​តម្រង់ទិស និង​ជំរុញ​លើកទឹកចិត្ត​គេ​ដោយផ្ទាល់ និង​ជំរុញ​គេ​ឱ្យ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត ការងារ​ក្រុមហ៊ុន ឬ​ការងារសំខាន់ៗមួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ឱ្យគេ​ទទួលបាន​នូវ​បទពិសោធជីវិតល្អ។ អ្វីដែល​ពួកគេ​ចង់បាន​គឺ​ចំណេះដឹង មិនមែន​លុយកាក់​នោះទេ ហេតុនេះ​អាណាព្យាបាលត្រូវតែ​ឈរ​នៅក្បែរដើម្បី​ធ្វើជា​មិត្ត​ភ័ក្តិ​ពួកគេ និង​នៅចាំ​ជួយ​លើកទឹកចិត្ត​ពួកគេ​នៅពេលដែល​គេ​មាន​កំហុសឆ្គង ឬ​ត្រូវការ​ជំនួយ។

    បន្ទាប់ពី​ឆ្លង​ផុត​សាលា បើទោះបីជា​យើង​មានលទ្ធភាព​ខ្ពស់ ឬ​ក្មេង​នោះ​ជា​កូនអ្នកមាន​ក៏ដោយ អ្វីដែល​អាណាព្យាបាល​ត្រូវធ្វើ មិនមែន​ពាំង​កូន​មួយជីវិត​ទេ តែ​ត្រូវ​បណ្តោយ​ឱ្យគេ​រៀន​ឆ្លងកាត់​ការលំបាក និង​បង្កើន​ភាពរឹងមាំ​ដោយ​ខ្លួនឯង។ មិន​ថា​ការងារ​សាលា ការងារ​ឯកជន​រប​ស់​ខ្លួនគេ ឬ​ការងារ​ក្រុមហ៊ុន​នោះទេ យើង​ត្រូវតែ​ជំរុញ​ឱ្យគេ​ចូលរួម​ធ្វើ និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង តែ​ស្ថិតក្នុងស្ថានភាពជាធម្មតា​ទេ មនុស្ស​ណា​ក៏មាន​កំហុស​ដែរ ហើយ​ពេលខ្លះ​កំហុស​លើកដំបូង​ជា​កំហុស​ល្អ ដែលកូនៗអាច​រៀន​ពីបទ​ពិសោធ​ជីវិត។

    លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “កំហុស​ដំបូង គឺជា​កំហុស​ល្អ កុំ​ឱ្យតែ​កំហុស​ដែល​កើតឡើង​ដោយ​ការ​ខ្ជិល និង​កំហុស​ដដែល​ទើប​ជា​រឿង​អាក្រក់។ ហេតុនេះ​យើង​ត្រូវ​ប្រាប់​គាត់​ពី​កន្លែង​ត្រូវ និង​បង្រៀន​ឱ្យ​កូន​ទទួលស្គាល់​ការពិត​ថា មួយណា​ជា​កំហុស​ល្អ និង​មួយណា​ជា​កំហុស​អាក្រក់”។

    ប្រធាន​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​ថតរូប​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បណ្តុះបណ្តាលកូនៗឱ្យមាន​សមត្ថភាព​ខ្លាំង​ជាង​ពួកយើង​ជំនាន់​នេះ យើង​ត្រូវអនុវត្ត​នូវ​ជំហាន​ចំនួន3 គឺ​ជំរុញកូនៗឱ្យ​រៀន​ដោយ​ការសង្កេត រៀន​ដោយ​ការអនុវត្ត និង​រៀន​ដោយ​ការទទួលខុសត្រូវ៕

  • តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖

    1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។

    2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។

    3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន គឺយើងតែងនឹកទៅដល់កងទ័ព ពួកអ្នកស្ម័គ្រចិត្ត ពួកអ្នកជួយសង្រ្គោះ អ្នកពន្លត់អគ្គីភ័យជាដើម ពួកគេទាំងនោះ អាចផ្ដល់គំរូនៃភាពក្លាហានដល់កូនរបស់លោកអ្នកបាន ។ ក្រៅពីនេះ អ្នកក៏អាចសរសេរជាសុភាសិត បិទជាប់នឹងជញ្ជាំង ឬសរសេរពាក្យស្លោកលើក្ដារខៀន ដែលបណ្តុះទឹកចិត្ដកូនរបស់លោកអ្នកឱ្យមានភាពក្លាហាន ដូចជា “ភាពក្លាហាននឹងធ្វើឱ្យមនុស្សទទួលជោគជ័យ” ជាដើម ។

    4 .ត្រូវបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនជាប្រចាំ៖ ជជែកលេងជាមួយកូនរបស់អ្នកជាប្រចាំ និងដោយចំហ រៀបរាប់ប្រាប់គេនូវអ្វីដែលបានកើតឡើងចំពោះអ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់ពីវិធី និងរបៀបដោះស្រាយរាល់បញ្ហានានាដែលអ្នកធ្លាប់ជួបនៅពេលនោះ ។ ប្រសិនបើកូនអ្នកមានភាពក្លាហានហ៊ាននិយាយប្រាប់អ្នកវិញ ពីបញ្ហារបស់គេដោយចំហនោះ អ្នកអាចនឹងជួយពន្យល់គេឱ្យចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងសន្តិភាពបាន ។

    5 .ត្រូវធ្វើជាគំរូល្អដល់កូន៖ គំរូនៃភាពក្លាហាន ត្រូវចាប់ផ្ដើមពីអ្នកជាមុន ។ ចំពោះរឿងអ្វីមួយដែលអ្នកគិតថា កូនរបស់អ្នកអាចនឹងពិបាកធ្វើបាន ឧទាហរណ៍ដូចជា ការរាំរែក ជាដើម លោកឪពុកអ្នកម្តាយអាចនឹងត្រូវឡើងរាំ ដើម្បីឱ្យកូនឃើញពីភាពក្លាហានរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបង្ហាញឲ្យកូនបានឃើញតាមរយៈ ទង្វើ និងសកម្មភាពល្អៗប្រចាំថ្ងៃទាំងឡាយណា ដែលអ្នកគិតថា ល្អ និងជាគំរូល្អចំពោះកូន៕