Tag: ឪពុកម្ដាយ

  • បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ…មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។

    ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះ​លោកនាយ​ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។

    តែឈប់សិន…អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះ​បង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។ ​

    ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការលាងសម្អាតដៃមុនពេលបរិភោគអាហារ…ប្រើស្លាបព្រា-សមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ”រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ…មិនអានសៀវ​ភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារ ជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោក​ប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។

    ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះ លោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល ។

    ក្នុងអំឡុងពេលដែលលោកឪពុក-អ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន…ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1​ ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថា​កូន​​ព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចាន ជាដើមក្ដី សូមលោកឪពុក-អ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វី​កើត​​ឡើងអ៊ីចឹង ទីបំផុត កូននឹងបញ្ឈប់ទង្វើទាំងនោះដោយឯកឯង នៅពេលដែលគេមើលឃើញថា អ្វីដែលគេធ្វើនោះមិនអាចទាក់ទាញចំណាប់អារម្មណ៏ពីលោកប៉ា-អ្នកម៉ាក់បាន។ ចំណុចទី2​ គឺរិះរកវិធីកែបញ្ហា ដូចជាជូតមាត់ឱ្យកូន រាល់ពេលដែលកូនខ្ជាក់បាយមកប្រឡាក់មាត់ រហូតទាល់តែកូនតូចឈប់ខ្ជាក់ដោយឯកឯង ឬក៏ពេលដែលគេប្រើដៃចាប់អាហារ អ្នកក៏យកស្លាបព្រាដាក់ក្នុងដៃកូន ជាដើម។ ក្នុងពេលជាមួយគ្នានេះដែរ លោកឪពុក-អ្នកម្តាយខ្លះ អាចនឹងនាំកូនតូចចេញពីតុបាយមួយភ្លែតសិន ដើម្បីនាំទៅអធិប្បាយប្រាប់ពីកិរិយាមារយាទដែលសមរម្យរបស់កូនតូចក៏អាចធ្វើបានដែរ។

    តែដែលសំខាន់លើសអ្វីទាំងអស់ក្នុងការបង្រៀនឱ្យកូនតូចមានសុជីវធម៌ក្នុងពេលញ៉ាំបាយនោះ ប្រហែលជាចៀសមិនផុតពីភាពយល់ចិត្តអាណិតអាសូររបស់ឪពុក-ម្តាយចំពោះកូនតូចសម្លាញ់ឡើយ៕

  • ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។

    ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។

    ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។

    ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

    ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) ចាប់ផ្តើមសរសេរពាក្យដែលមាន​អត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូ(សាលាមត្តេយ្យ)ធ្លាប់និយាយប្រាប់ ហើយគេចង់សរសេរ(រឿងនិទាន ឬទីកន្លែងដែលគេចូលចិត្ត) ពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាម។

    ដំណាក់កាលទី5 គិតរកនឹកសរសេរពាក្យ (អាយុ 4 – 5ឆ្នាំ) ពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វីមក ដូចជា ស្រឡាញ់ម៉ាក់ ជាដើម គេនឹងយក​ពាក្យនោះ​មកគិត និងសរសេរលើក្រដាស់ថា “ស្រឡាញ់ម៉ាក់” ទោះជាអក្សរមិនសូវស្អាតមែន តែក៏អាចនិយាយបានថា កូនតូចចេះសរសេរហើយ។

    ដំណាក់កាលទី6 សរសេរបានយ៉ាងត្រឹមត្រូវ (អាយុ 5 – 7ឆ្នាំ) ពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹង​សរសេរ​ពាក្យ​ផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

    ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវទៅតាមអាយុប៉ាច់ៗនោះទេ។ កូនតូចអាចនឹងវិវឌ្ឍយឺត-លឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធដែលក្មេងម្នាក់ៗប្រមូលសន្សំបានមក។ ការហ្វឹកហាត់វិវឌ្ឍនាការនេះ មាននៅក្នុងកិច្ច​ការងា​រ​​ប្រចាំ​ថ្ងៃបែបងាយៗដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការ​ងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាលេងតពាក្យចុងជួន សង្កេត​ពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

    ធ្វើកិច្ចការងារបែបនេះឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមាន​សេចក្តី​សុខទៀតផង៕

  • ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ត្រូវតែទទួលស្គាល់ថា ពិភពលោកសព្វថ្ងៃនេះវិលលឿនមែនទែន មិនដូចសម័យយើងកាលពីអតីតឡើយ។ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21 នេះ កំពុងជួបនឹងយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោកឪពុក អ្នកម្ដាយខ្លួនឯងក៏កំពុងប្រឈមនឹងភាពសាកល្បងដែលមិនធ្លាប់កើតមានពីមុនមកដូចគ្នាដែរ ឧទាហរណ៍ដូចជា មុខរបរអាជីពជាច្រើនក្នុងអតីតកាល ត្រូវបានរលាយបាត់ ខណៈពេលជាមួយគ្នា ក៏មានមុខរបរអាជីពថ្មីៗដែលមិននឹកស្មានដល់បានកើតឡើងដែរ ដូចជា Youtuber ឬ Caster ការសរសេរកូដ ឬ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗ ដែលធ្វើឱ្យពេលខ្លះបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយ លែងអាចជួយក្នុងការចិញ្ចឹមមើលថែកូនបានតទៅទៀត។ល។

    រឿងតែមួយគត់ដែលឪពុកម្ដាយក្នុងយុគសតវត្សរ៍ទី21 នេះធ្វើបានល្អបំផុត គឺការត្រៀមរួចជាស្រេចសម្រាប់កូនជាមួយការរៀនយល់ដឹង និងប្រឈមជាមួយបញ្ហាគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីអ្វីដែលថា ទោះជាគេ(កូនៗ)នឹងជួបរឿងអ្វីនាពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់ពេលវេលា និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលកើតឡើង បានយ៉ាងមានប្រសិទ្ធភាពបំផុត។

    តើឪពុកម្ដាយអាចត្រៀមភាពប្រុងប្រៀបរួចជាស្រេចឱ្យកូនយ៉ាងណា?

    1.បង្ហាត់កូនឱ្យចេះជួយខ្លួនឯង

    អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ…ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។

    2.បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺជាការងាររបស់ក្មេង

    ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ការលេងដែលជួយជំរុញខួរក្បាលរបស់កូន ដូចជាការផាត់ពណ៌ សូនរូបជាមួយដីឥដ្ឋ លេងតម្រៀបដុំឈើ និងលេងតោងឡើង ជាដើម។

    3.សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមមើលថែកូនបែបវិជ្ជមាន

    ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយកែខៃបញ្ហាដោយខ្លួនឯង ដែលទាំងអស់នេះនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកខាងគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹង។ ការសម្លុត ការទិតៀន ការបញ្ជួសបន្សោក ឬការដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថា គ្មានសុវត្ថិភាព និងខួរក្បាលមិនបានទទួលការអភិវឌ្ឍ។

    4.យកចិត្តទុកដាក់រឿងភោជនាហារ

    ជាពិសេសបំផុតសារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលកូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និងARA សារធាតុដែក អ៊ីយ៉ូដ វីតាមីនA និងវីតាមីនB12 ដែលអ្នកម្ដាយអាចធ្វើបានតាំងពីកើតដំបូងតាមរយៈការចិញ្ចឹមកូនដោយទឹកដោះម្ដាយរយៈពេលយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលសារធាតុអាហារទៅតាមវ័យដែលស័ក្តិសម ដូចជា ស៊ុត ត្រីសមុទ្រ បន្លែល្ពៅ ការ់ុត បន្លែស្លឹកបៃតង និងទឹកស៊ុបដែលមានប្រយោជន៍ជាដើម។

    ជាសរុបទៅក៏គឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីមុនខ្លះនោះ?…ចម្លើយគឺ គោលការណ៍គ្រឹះមិនខុសគ្នាទេ តែនឹងខុសគ្នាក៏ត្រង់រឿងតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមឱ្យកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា។ សង្គត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការដោះស្រាយបញ្ហាឱ្យបាន និងជំនាញការរស់នៅ រួមទាំងយកចិត្តទុកដាក់រឿងភោជនាហារដែលមានផលប្រយោជន៍ដល់ខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី21 នេះ៕

  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕

  • 5រឿងសំខាន់ ដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរៀនមត្តេយ្យ

    5រឿងសំខាន់ ដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរៀនមត្តេយ្យ

    ក្មេងតូចក្នុងវ័យ 3ឆ្នាំ ជាអំឡុងវ័យដែលឪពុកម្ដាយទាំងឡាយចាប់ផ្ដើមបញ្ជូនកូនទៅសាលាហើយ ដូច្នេះទើបថ្ងៃនេះ ឡារ៉ែនមានភារកិច្ចសំខាន់ដែលឪពុកម្ដាយនឹងត្រូវបង្ហាត់វិន័យដល់កូនឱ្យចេះជួយខ្លួនឯងក្នុងកិច្ចការងារប្រចាំថ្ងៃផ្សេងៗឱ្យបានមុនពេលគេចូលដល់វ័យរៀនដើម្បីឱ្យកូនបានត្រៀមខ្លួនរួចជាស្រេចមុនចូលរៀនមត្តេយ្យ និងដើម្បីឱ្យខ្លួនគេមិនក្លាយជាបន្ទុកចំពោះអ្នកគ្រូនៅឯសាលា…ដូច្នេះយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះដែលកូនត្រូវធ្វើឱ្យបានមុនអាយុ 3ឆ្នាំ?

    1 . បង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ

    ការដែលកូនអាយុជិត 3ឆ្នាំហើយ តែនៅតែស្រឡាញ់ដបទឹកដោះគោ ដើរកាន់ដបទឹកដោះគោគ្រប់ពេលវេលា ឬគេងមិនលក់ បើខ្វះដបទឹកដោះគោជាដើមនោះ មិនត្រឹមតែនឹងធ្វើឱ្យធ្មេញរបស់កូនមានបញ្ហានោះទេ តែនៅប្រថុយនឹងការកើតជំងឺពុកធ្មេញទៀតផង និងថែមទាំងមានផលប៉ះពាល់ដល់ការចូលរៀនត្រៀមមត្តេយរបស់កូនទៀតផង។ ដូច្នេះ នៅពេលកូនឈានចូលដល់វ័យហាត់ដើរ ឬក្នុងអំឡុងវ័យ 1-2ខួប អ្នកម្ដាយគួរចាប់ផ្ដើមបង្ហាត់ឱ្យកូនឈប់ស្រឡាញ់ដបទឹកដោះគោ ហើយបែរមកញ៉ាំទឹកដោះគោតាមរយៈបំពង់បឺត ឬកែវវិញម្ដងបានហើយ។

    2 . បង្ហាត់ឱ្យកូនចេះអង្គុយអ៊ឺអ៊ឹសក្នុងកន្ថោរ

    ក្មេងមួយចំនួនមិនព្រមចូលបន្ទប់ទឹកក្នុងអំឡុងពេលនៅសាលារៀនឡើយ ព្រោះគេមិនចេះអង្គុយលើកន្ថោរ ព្រោះធ្លាប់ស្លៀកតែខោទឹកនោម ដូច្នេះមុនអាយុ 3ខួប ឪពុកម្ដាយគួរតែបង្ហាត់កូនឱ្យចេះជួយខ្លួនឯងក្នុងរឿងនេះ ដែលការបង្ហាត់កូនឱ្យចេះអង្គុយបន្ទោបង់លើកន្ថោរនេះ ក្មេងវ័យ 3ខួបអាចហាត់រៀនបានហើយ គ្រាន់តែឪពុកម្ដាយត្រូវមានពេលវេលានៅចាំនាំកូនទៅអង្គុយបន្ទោបង់លើកន្ថោរ ឬនាំទៅចូលបន្ទប់ឱ្យបានជាប់លាប់ រហូតទាល់តែកូនហាត់ចេះ។ នៅពេលគេចេះចូលបន្ទប់ទឹកបានហើយ លុះដល់វ័យចូលរៀន គេនឹងចេះមើលថែទាំខ្លួនឯងបានមិនខាន។

    3 . បង្ហាត់ឱ្យកូនចេះញ៉ាំបាយដោយខ្លួនឯង

    ក្មេងក្នុងវ័យ 2.5 – 3ឆ្នាំដែលចូលរៀនសាលាមត្តេយ្យនឹងត្រូវញ៉ាំអាហារពេលថ្ងៃត្រង់ដំណាលគ្នា និងញ៉ាំដោយខ្លួនឯង មិនមានអ្នកមកអង្គុយបញ្ចុកដូចពេលនៅផ្ទះនោះទេ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យកូនមានវិន័យ ចេះញ៉ាំបាយដោយខ្លួនឯង ដួសបាយញ៉ាំខ្លួនឯងបានតាំងពីនៅតូច លុះដល់វ័យចូលសាលា គេនឹងបានជួយខ្លួនឯងដោយមិនក្លាយជាបន្ទុកចំពោះអ្នកគ្រូនៅឯសាលា។

    4 . បង្ហាត់ឱ្យកូនចេះដុសសម្អាតធ្មេញ

    សុខភាពប្រអប់មាត់របស់កូនជារឿងសំខាន់ ដែលឪពុកម្ដាយត្រូវយកចិត្តទុកដាក់ និងមិនអាចបណ្ដែតបណ្ដោយបាន ដូច្នេះការបង្រៀនកូនឱ្យមានវិន័យ ចេះដុសសម្អាតធ្មេញនៅពេលព្រឹក ធ្វើឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ កូនក៏នឹងចេះដុសសម្អាតធ្មេញខ្លួនឯង ក្លាយជាក្មេងស្រឡាញ់ភាពស្អាត ធ្មេញមិនពុក និងមានធ្មេញរឹងមាំ។ ពេលដល់វ័យចូលសាលា ក្មេងមត្តេយ្យត្រូវដុសសម្អាតធ្មេញមុនពេលគេង កូនក៏អាចមើលថែទាំខ្លួនឯងបាន។

    5 . បង្ហាត់ឱ្យកូនចេះមើលថែទាំរបស់

    ជាធម្មជាតិរបស់ក្មេងតូច ជាពិសេសក្មេងក្នុងវ័យមត្តេយ្យ គេនឹងនៅហួងហែងរបស់លេង គិតតែពីលេង និងតែងជក់ចិត្តនឹងការលេង រហូតអាចភ្លេចរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នេះទើបឪពុកម្ដាយគួរបង្ហាត់ឱ្យកូនចេះចាំចំណាំរបស់របររបស់ខ្លួនឯង ឱ្យដឹងថា បានដាក់របស់របរខ្លួនឯងនៅត្រង់ណា និងអាចប្រាប់បានថា អ្វីជារបស់ខ្លួនឯង ដើម្បីឱ្យគេចេះមើលថែទាំរបស់របររបស់ខ្លួនឯងបាន មិនដូច្នោះទេ ពេលដល់វ័យចូលសាលា លោកឪពុកអ្នកម្ដាយច្បាស់ជានឹងត្រូវអស់លុយទិញរបស់របរឱ្យកូនម្ដងហើយម្ដងទៀតជាប់រហូតជាមិនខាន៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។

    IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា

    IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។

    វិធីជំរុញ IQ ដល់កូនសម្លាញ់

    • អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។
    • ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។
    • បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។
    • ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។

    EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍

    បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ ល្អ តែ EQ មិនល្អ ក៏អាចនឹងធ្វើឱ្យគេបរាជ័យក្នុងជីវិតបានដែរ ដូចជា អាចក្លាយជាក្មេងរៀនពូកែដែលមិនអាចទប់ទល់នឹងបញ្ហា ឬភាពអស់សង្ឃឹមបានរហូតឈានឆ្ពោះទៅរកការបំផ្លាញខ្លួនឯងដូច្នោះដែរ។ ឪពុកម្ដាយអាចអភិវឌ្ឍ EQ ឱ្យកូនបានតាមវិធីដូចតទៅនេះ ៈ

    វិធីជំរុញ EQ ដល់កូនសម្លាញ់

    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនតាំងពីកូននៅតេះតះ ដើម្បីសាងអារម្មណ៍ជឿទុកចិត្ត សម្ព័ន្ធភាពជិតស្និទ្ធ។
    • បង្រៀនក្មេងតូចៗឱ្យស្គាល់ពីអារម្មណ៍របស់ខ្លួនឯង បង្រៀនឱ្យកូនស្គាល់ឈ្មោះរបស់អារម្មណ៍ផ្សេងៗដែលកំពុងកើតឡើងចំពោះគេ។
    • បង្ហាត់ក្មេងៗឱ្យចេះចាត់ការជាមួយអារម្មណ៍ផ្សេងៗយ៉ាងស័ក្តិសម រួមទាំងឪពុកម្ដាយខ្លួនឯងក៏ត្រូវយល់ និងដឹងពីវិធីចាត់ការអារម្មណ៍របស់កូនដែរ។
    • បង្ហាត់ឱ្យក្មេងៗចេះកែបញ្ហាដោយខ្លួនឯង ដោយឪពុកម្ដាយនឹងលូកដៃចូលជួយនៅពេលដែលហួសពីកម្លាំងរបស់កូនប៉ុណ្ណោះ។

    CQ ៈ ភាពឆ្លាតវៃក្នុងការចាប់ផ្ដើមច្នៃបង្កើត

    CQ (Creativity Quotient) ជាភាពឆ្លាតវៃក្នុងការគិត ចាប់ផ្ដើមច្នៃបង្កើតអ្វីថ្មីៗ ដែលនេះជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងយុគសម័យដែលពោរពេញទៅដោយតម្រូវការអៃឌៀប្លែកថ្មី និងការកែសម្រួលខ្លួន។ ឪពុកម្ដាយអាចជួយឱ្យកូនអភិវឌ្ឍ CQ របស់គេបានតាមវិធីផ្សេងៗ ដូចខាងក្រោមនេះ ៈ

    វិធីជំរុញ CQ ឱ្យកូនជាទីស្រឡាញ់

    • បង្កើតការនឹកស្រមៃដល់ក្មេងៗ ដូចជា និទានរឿងឱ្យស្ដាប់ បបួលគូររូប ស្ដាប់បទភ្លេង ឬកិច្ចការងារផ្សេងៗតាមដែលក្មេងៗចូលចិត្ត។
    • ជំរុញឱ្យកូនគិតជាបន្តបន្ទាប់ ជាក្មេងប៉ឹនសួរ ប៉ឹនសង្កេត និងប៉ឹនឆ្ងល់។
    • ឱ្យកូនបានធ្វើអ្វីផ្សេងៗដោយខ្លួនឯង មិនយករង្វង់គំនិតរបស់ឪពុកម្ដាយមកគ្របសង្កត់ពីលើកូន ព្រមទាំងកោតសរសើរលើភាពឧស្សាហ៍ព្យាយាមរបស់ក្មេងៗពេលគេតាំងចិត្តធ្វើអ្វីផ្សេងៗ។
    • នាំក្មេងៗចេញទៅរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលមានប្រយោជន៍ ដូចជានាំទៅសារមន្ទី ឬទស្សនាការសម្ដែងសម្រាប់កុមារ។

    (នៅមានត)

  • បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

    បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

    វិធីការដាក់ទោសដោយការ “វាយ” មិនថាតែវាយតិចៗស្រាលៗ វាយខ្លាំងៗ ឬវាយកំប៉េះគូទនោះទេ គឺសុទ្ធតែជាការប្រើអំពើហិង្សាដែលមិនបង្កឱ្យកើតមានការផ្លាស់ប្ដូរទង្វើរបស់កូនឡើយ តែបែរជារឹតតែធ្វើឱ្យកូនតតាំង និងអាចនឹងមានផលអាក្រក់ទៅលើទង្វើច្រងេងច្រងាងរបស់កូននាពេលអនាគតបានទៀតផង។ ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងមកជម្រាបជូនអ្នកម្ដាយទាំងឡាយថា បើកូនឌឺរឹងយ៉ាងគ្មានហេតុផល ឬមានទង្វើដែលមិនស័ក្តិសមណាមួយ តើឪពុកម្ដាយអាចដាក់ទោសកូនបែបណាបានខ្លះ ដើម្បីជាការបង្រៀនឱ្យគេដឹងថា អ្វីដែលគេកំពុងធ្វើហ្នឹង មិនមែនជារឿងដែលត្រឹមត្រូវទេ និងមិនចាំបាច់ត្រូវប្រើអំពើហិង្សាគ្រប់គ្រងទង្វើខុសៗបន្តិចបន្តួចរបស់កូនឡើយ។

    ក្មេងអាយុតិចជាង 1ឆ្នាំ គ្មានហេតុផលអ្វីដែលត្រូវដាក់ទោសកូនឡើយ

    គ្មានហេតុផលអ្វីសោះឡើយក្នុងការដាក់ទោសកូនដែលមានអាយុស្ថិតក្នុងអំឡុង 1-3ខួប ព្រោះកូនក្នុងវ័យតេះតះនេះមានឱកាសតិចណាស់ក្នុងការធ្វើរឿងអ្វីមួយដែលសមគួរទទួលយក ច្រើនជាងការដាក់ទោសត្រឹមតែបន្តិចបន្តួច ដូច្នេះបើឪពុកម្ដាយចង់ដាក់ទោសកូន ត្រូវតែនឹកឃើញជាប់ជានិច្ចថា ការដាក់ទោសនោះត្រូវតែជារឿងដែលចាំបាច់បំផុតប៉ុណ្ណោះ។

    • ដើម្បីឱ្យបានផលល្អ ៈ បើកូនមានទង្វើដែលមិនល្អ ការដាក់ទោសគួរតែធ្វើឡើងភ្លាមៗ កុំពន្យារពេល មិនដូច្នោះទេ ការតភ្ជាប់គ្នារវាងទង្វើមិនល្អ នឹងលទ្ធផលរបស់ទង្វើនោះនឹងរលប់បាត់ពីគំនិតរបស់ក្មេង ដែលនឹងធ្វើឱ្យក្មេងមិនយល់ថា តើគេធ្វើខុសអ្វី ហេតុអីបានដាក់ទោសគេ?។
    • ភាពធ្ងន់ធ្ងររបស់ទោស ៈ ត្រូវឱ្យសមល្មមនឹងទង្វើខុសនោះ។
    • កុំសម្លុតថានឹងបោះបង់កូនចោល ហើយដើរចេញជាដាច់ខាត ៈ មិនត្រឹមតែធ្វើឱ្យកូនតូចមានអារម្មណ៍តានតឹង មិនយល់ន័យនោះទេ តែនៅធ្វើឱ្យឪពុកម្ដាយធ្វើខុសនឹងពាក្យសម្ដីទៀតផង។

    វិធីការដាក់ទោសដោយមិនចាំបាច់ វាយ

    1.ឈប់បង្ហាញពីសេចក្ដីស្រឡាញ់ ៈ កូនត្រូវការសេចក្ដីស្រឡាញ់ និងការទទួលយកពីឪពុកម្ដាយខ្លាំងបំផុត ហើយដូចគ្នាដែរ កូននឹងគ្មានសេចក្ដីសុខឡើយ បើត្រូវឪពុកម្ដាយធ្វើព្រងើយដាក់។ លោកអ្នកអាចដាក់ទោសកូនដោយវិធីនេះបាន អាចនឹងក្នុងរយៈពេលខ្លីៗ 30 ឬ 60វិនាទី រួចពន្យល់យ៉ាងខ្លីៗឱ្យកូនបានដឹងថា អ្នកមិនសប្បាយចិត្តចំពោះទង្វើដែលមិនស័ក្តិសមរបស់កូន ដូចជា “យើងមិនវាយអ្នកដទៃ” ជាដើម។

    2.ដំឡើងសំឡេង ធ្វើសំឡេងមាំៗ ៈ តែមិនគួរប្រើវិធីនេះញឹកញាប់ពេកទេ និងគួរធ្វើនៅពេលណាដែលបន្ទាន់ៗប៉ុណ្ណោះ មិនដូច្នោះទេ សំឡេងមាំៗរបស់អ្នកដែលកូនធ្លាប់ស្ដាប់បង្គាប់នោះ នឹងត្រូវថយចុះភាពស័ក្តិសិទ្ធិ និងក្រោយពីធ្វើសំឡេងមាំៗហើយ ត្រូវព្យាយាមមិនខឹងយូរឡើយ ព្រោះធម្មជាតិរបស់ក្មេងតូច ផ្លូវចិត្តរបស់គេនឹងត្រឡប់ទៅរកសភាវប្រក្រតីវិញក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ។

    3.ទទួលបានសិទ្ធិពិសេស ឬរបស់លេង ៈ គួរប្រាប់កូនតូចជាមុនថា គេត្រូវតែបញ្ឈប់ទង្វើមិនល្អ និងត្រូវប្រាប់ថា នឹងដាក់ទោសគេយ៉ាងណា ដូចជា “បើកូនមិនឈប់គប់របស់លេងចោលទេ កូននឹងលែងបានរបស់លេងទៀត” ឬ “ព្រោះកូនមិនចេះចែករបស់លេងឱ្យគេលេងផង នឹងមិនបានលេងទាំងពីរនាក់”។ អ្វីដែលសំខាន់គឺ “ប្រាប់” ហើយ ឪពុកម្ដាយត្រូវរក្សាពាក្យសម្ដីផង មិនដូច្នោះទេ កូននឹងចងចាំថា លោកអ្នកមិនបានធ្វើមែនទែនទេ(គ្រាន់តែសម្លុត) ហើយលើកក្រោយគេនឹងធ្វើទៀត ឬមានទង្វើមិនល្អជាញឹកញាប់។

    **កុំព្យាយាមសម្លុតថានឹងដាក់ទោសកាន់តែធ្ងន់ឡើង ដូចជា “បើកូនមិនឈប់ កូននឹងមិនបានទៅលេងផ្សារអ៊ីអនទេថ្ងៃនេះ” បើកូននៅតែមិនឈប់ “ឈប់ភ្លាម! បើនៅតែមិនឈប់ទៀត នឹងលែងបានទៅលេងផ្សារអ៊ីអនមួយអាទិត្យតែម្ដង” បែបនេះ គឺជាការកំណត់កំហុសដែលធំជ្រុលពេកសម្រាប់ក្មេង។

    4.សុំពេលសម្រាក ៈ តិចនិកនេះបានផលល្អបំផុតជាមួយក្មេងអាយុ 2ខួប ចាប់ផ្ដើមពីការដាស់តឿនជាមុនថា តើមានទង្វើណាខ្លះដែលនឹងហុចផលដល់ “ពេលសម្រាក”។ នៅពេលកើតមានទង្វើនោះឡើង កូនត្រូវទៅអង្គុយនៅកៅអីក្មេងរពឹស ឬទៅក្នុងបន្ទប់របស់គេភ្លាមតែម្ដង។ ពេលវេលាសម្រាកគួរតែខ្លី និងពាក់ព័ន្ធនឹងកំហុស ដូចជា “កូននឹងត្រឡប់មកលេងវិញបាន នៅពេលស្រួលបួលឡើងវិញ”។

    ក្រៅពីនេះ ការវាយកំប៉េះគូទដើម្បីដាក់ទោស សម្រាប់ក្មេងតូចវិញ អ្នកជំនាញផ្នែកកុមារមិនណែនាំឱ្យធ្វើតទៅទៀតទេ ព្រោះបើសិនជាអាចជ្រើសរើសវិិធីផ្សេងបាន ក៏គួរតែចៀសវាងការដាក់ទោសដោយការវាយ ព្រោះទោះជាវាយគូទតិចៗ ក៏ជាការប្រើអំពើហិង្សាគ្រប់គ្រងកំហុសបន្តិចបន្តួចរបស់កូន ដែលមិនហុចផលល្អដល់កូនឡើយ និងថែមទាំងធ្វើឱ្យឪពុកម្ដាយខ្លួនឯងមានអារម្មណ៍ខុសទៀតផង ពេលដាក់ទោសកូនដោយការវាយ៕

  • ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖

    1. រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ៈ ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អ៊ីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល-ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។
    2. រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើមគឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូចអ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
    3. រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
    4. រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀតឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង។ ដូចជារឿង “ខ្លាឃ្មុំឈឺធ្មេញ” បានបង្រៀនយើងឱ្យដឹងថា បើបរិភោគអាហារដែលមានប្រយោជន៏នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនកុមារៗឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់ យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅ រឿងនិទានទាំងអស់សុទ្ធតែបង្រៀនអំពី សីលធម៌ និងចរិយាធម៌ទាំងអស់។
    5. រឿងនិទានខ្លះនិយាយពីរឿងវប្បធម៌ និងការរស់នៅ ជាការបើកចំហពិភពលោកនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា មានវប្បធម៌រស់នៅរបៀបម៉េចជាដើម។
    6. ដូចជាឧទាហរណ៍ក្នុងរឿង “ទន្សាយផ្អើលផ្លែព្នៅ” ជាដើម៖ សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើល​ចំណុចកើតហេតុដោយផ្ទាល់ថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់តាមគេតាមឯងសិន ផ្អើលទៅសិន រងគ្រោះថ្នាក់ទៅសិន រួចបានមកប្រាប់គ្នា​ជាក្រោយ។ល។ រឿងនេះវាស្ថិតនៅលើថា តើអាណាព្យាបាលអាចយកឧត្តមគតិរបស់រឿងមកប្រៀនប្រដៅក្មេងៗបានឬក៏អត់?។
    7. រឿងនិទានសាងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ៈ ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃ​បានសាងនូវសម្ព័ន្ធភាពដ៏ល្អរវាងឪពុកម្ដាយនឹងកូន ឬបងនឹងប្អូនបានមួយកម្រិតហើយមែនក៏ដោយ តែបើយើ់ងមានសាច់រឿងដែលស្តាប់ទៅហើយមានអារម្មណ៍រីករាយ មានពាក្យសម្ដីពីរោះៗ នោះវា​នឹងរឹតតែអូសទាញចិត្តកុមារៗក្នុងការស្តាប់កាន់តែខ្លាំងឡើងទៀត។
    8. ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទានអ៊ីសុប(Aesop’s Fables)នៅក្នុងចិត្ត គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា នឹងត្រូវរស់​នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ?។ គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅម្តងមួយ​ដំណាក់កាល ឬម្ដងមួយរឿងឡើយ។
    9. ពេលនិយាយរឿងនិទានឱ្យកូនស្ដាប់ កូននឹងនៅនែបនិត្យជាមួយអ្នកម្តាយ ៈ មុនពេលគេង គឺជាអំឡុងពេលដ៏​អស្ចារ្យ​ណាស់ ព្រោះជាពេលវេលាសប្បាយៗ អ្នកម្តាយបាននិយាយជាមួយកូន បាននិទានរឿង បានចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូនក៏នឹងបានដឹងពីសេចក្តីស្រឡាញ់ដែលម្តាយផ្តល់ឱ្យនោះទៀតផង។
    10. ការនិយាយរឿងនិទាន គឺជាការ​សាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ ជាការចំណាយដើមទុនតិចបំផុត តែបានទទួលផលប្រយោជន៍ខាងបញ្ញាច្រើនបំផុត ដូច្នេះលោកឪពុក អ្នកម្តាយគួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វី​ដែល​​​ទទួលបាននោះវាច្រើនលើសលប់អស្ចារ្យណាស់ (អ្នកគ្រូ ឆវី ក៏ជឿថា អ៊ីចឹងដែរ…)៕
  • ជួយកូនឱ្យរៀនយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ

    ជួយកូនឱ្យរៀនយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ

    លោកឪពុកអ្នកម្តាយខ្លះអាចនឹងកើតអាការមិនត្រូវចិត្តភ្លាមៗតែម្ដង នៅពេលដែលកូនកំពុងធ្វើកិច្ចការផ្ទះហើយទាក់ ឬរអាក់រអួលក្នុងចំណុចដែលខ្លួនគិតថា “ងាយ”​ ឬជួនកាលកូនធ្វើខុសដោយសារតែគេមិនទាន់បានសង្កេតឃើញចំណុចអ្វីម៉្យាងនោះ ឪពុកម្ដាយក៏ស្រាប់តែបញ្ចេញអាការខឹងដាច់ក្បាល​ ដាច់​​​កន្ទុយ ធ្វើហាក់ដូចជាអ្វីៗលែងអាចកែខៃបានអ៊ីចឹង។ បណ្ដាលឱ្យបរិយាកាសក្នុងការធ្វើកិច្ចការផ្ទះរបស់កូន ប្រែទៅជាស្រងូតស្រងាត់ដូចគ្នា​នឹងបេះដូងរបស់កូនដែលត្រូវស្វិតទ្រោមអស់ដែរ។

    បើមិនចង់ឱ្យអំឡុងពេលនៃការធ្វើកិច្ចការផ្ទះក្លាយជាអំឡុងពេលដ៏អាក្រក់សម្រាប់ទាំងខ្លួនលោកអ្នក និងកូនសម្លាញ់របស់យើងនោះ ពេលនេះទស្សនាវដ្តី ឡារ៉ែនមានអត្តបទស្រាវជ្រាវវិភាគមួយដែលនឹងណែនាំអំពីវិធីធ្វើឱ្យម៉ោងធ្វើកិច្ចការផ្ទះរបស់កូនក្លាយជាម៉ោងនៃការរៀនយល់​​ដឹង​ដ៏ល្អមកជម្រាបជូន ព្រោះអ្នកវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយ “សម្លឹងមើលអ្វីជុំវិញខ្លួនក្នុងន័យល្អ ចិត្តត្រជាក់ៗ ផ្តល់នូវការគាំទ្រ និងផ្តល់នូវតម្លៃចំពោះការរៀនយល់ដឹង” នោះវានឹងក្លាយទៅជាជំនួយដ៏សំខាន់មួយដែលធ្វើឱ្យកុមារ “បានរៀនចេះដឹង” យ៉ាងពិតៗពីទម្រង់ហ្វឹកហាត់ទាំងអស់នោះ​។

    ផ្ទុយទៅវិញ ការដែលឪពុកម្តាយសម្លឹងឃើញកិច្ចការផ្ទះរបស់កូនគ្រាន់តែជាអ្វីមួយដែលត្រូវធ្វើឱ្យតែរួចៗពីដៃ ឬក៏ដាច់ខាតត្រូវតែធ្វើចេញមកឱ្យបានល្អស្អាតជ្រុលពេក លើសសមត្ថភាពរបស់ក្មេង(ដោយការបញ្ជាឱ្យសរសេតាម ឬឪពុក​ម្តាយ​ធ្វើជំនួស) ដើម្បីឱ្យបានពិន្ទុល្អៗពីលោកគ្រូនោះ ទាំងអស់នេះគឺជាការទាញកូនឱ្យធ្លាក់ក្នុងរង្វង់នៃការរៀនសូត្រដែលមិនត្រឹមត្រូវ​ទៅវិញទេ។

    ការវិភាគស្រាវជ្រាវមួយនេះបានសិក្សាពីការប្រព្រឹត្តរបស់កុមារថ្នាក់បឋមទី4​ ហើយនិងអាណាព្យាបាលចំនួន 135នាក់ ដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Bengurion ប្រទេស អ៊ីស្រាអែល ដែលលោកវេជ្ជបណ្ឌឹត Idit Kartz ជាម្ចាស់នៃការងារវិភាគស្រាវជ្រាវនេះបានរៀបរាប់ថា ៖

    “ឪពុកម្តាយអាចបង្កើតទំនោរចិត្តដល់កូនក្នុងការធ្វើកិច្ចការផ្ទះបានដោយការយល់ព្រមឱ្យកូនៗធ្វើកិច្ចការផ្ទះ​ដោយខ្លួនឯង មិនចូលទៅលូកលាន់ជ្រុលហួសពេក រួមទាំងមើលរំលងការខុសឆ្គងបន្តិចបន្តួចរបស់កូនខ្លះផង បើវាជាការធ្វើឱ្យកុមារ​សប្បាយ​​រីក​រាយក្នុងការធ្វើកិច្ចការផ្ទះរបស់គេនោះ”

    ក្រៅពីនោះ ការរៀបចំបរិយាកាសខាងក្នុងផ្ទះឱ្យមានភាពទាក់ទាញដល់ការចង់ធ្វើកិច្ចការផ្ទះរបស់កុមារ គឺជារឿងល្អ​​​​ប្រសើរមួយ​ ព្រោះ​​​បើ​បរិយាកាសល្អ មានឧបករណ៏សម្រាប់រៀនគ្រប់គ្រាន់ កុមារនឹងមានអារម្មណ៍ថា មាន​ចិត្តចង់រៀន ចង់ធ្វើជា​មិនខាន៕