Tag: ឧប្បត្តិហេតុ

  • 5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    និយាយអំពីរឿងរបស់សភាវរលូតបុត្របន្ទាប់ពីការតាំងគភ៌ មិនថាបណ្ដាលមកពីមូលហេតុអ្វីក៏ដោយ គឺសុទ្ធតែជារឿងដ៏គួរឱ្យសោកសៅ និងអាណិតចំពោះស្រ្តីមានផ្ទៃពោះជាខ្លាំង។ អ្នកខ្លះដែលតាំងសេចក្ដីសង្ឃឹមខ្លាំង ក៏អាចនឹងខូចចិត្តសោកស្ដាយដល់ថ្នាក់ញ៉ាំមិនបានគេងមិនលក់ លំបាកដល់ក្រុមគ្រួសារត្រូវនៅចាំមើលថែទាំយ៉ាងជិតដិត ទាំងដែលខាងផ្នែកវេជ្ជសាស្រ្តវិញ សភាវរលូតបុត្រអាចកើតឡើងបានដោយឯកឯង មិនពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬភាពភ្លាំងភ្លាត់របស់ស្រ្តីមានគភ៌ឡើយ ហើយខាងក្រោមនេះគឺជាមូលហេតុនៃការរលូតបុត្រដែលគេអាចជួបប្រទះញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន។

    1 . ឆ្លងមេរោគបាក់តេរី និងមេរោគវីរុស

    ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌លើកដំបូង ពេទ្យតែងតែពិនិត្យរកមើលជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមរយៈការមានភេទសម្ព័ន្ធមុនគេបង្អស់ ជាពិសេសមេរោគនៃជំងឺស្វាយ មេរោគវីរុសរលាកថ្លើមប្រភេទ B និងC ដែលអាចហុចផលឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន ដូចជាធ្វើឱ្យសាច់ភ្នាសក្នុងស្បូនមានបញ្ហារហូតតួកំណើតមិនអាចចម្រើនធំធាត់តទៅទៀតបាន ឬបើតួកំណើតចម្រើនធំធាត់បាន តែក៏មានផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក ធ្វើឱ្យពេទ្យត្រូវតែសម្រេចចិត្តបញ្ឈប់ការតាំងគភ៌នៅពេលក្រោយ។

    2 . ភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម

    សម្រាប់មូលហេតុនៃការរលូតបុត្រក្នុងចំណុចនេះ អាចរាប់បានថា គួរឱ្យអាណិតជាទីបំផុត ព្រោះគ្មានអ្នកណាអាចដឹងមុនបានឡើយថា តើក្រូម៉ូហ្សូមមួយគូណាដែលនឹងកើតមានភាពខុសប្រក្រតីនោះទេ? និងនៅពេលដឹងហើយក៏មិនអាចកែខៃអ្វីបានទាំងអស់។ សម្រាប់សភាវរលូតបុត្រវិញ ច្រើនបណ្ដាលមកពីការដែលក្រូម៉ូហ្សូមមិនអាចតម្រៀបខ្លួនតគ្នាបាន តែបើសិនក្រូម៉ូហ្សូមគូខ្លះមានបញ្ហាខ្វះ ឬលើស ក៏នឹងហុចផលឱ្យកើតភាពខុសប្រក្រតីដែលក៏ជាមូលហេតុឱ្យពេទ្យត្រូវបញ្ឈប់ការតាំងគភ៌ដូចគ្នាដែរ។

    3 . ជក់បារី ញ៉ាំភេសជ្ជៈជាតិអាល់កុល និងសេពគ្រឿងញៀន

    ជារឿងដែលទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទង្វើទាំងនេះមានភាពប្រថុយប្រថានក្នុងការធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតសភាវរលូតបុត្របានខ្ពស់ណាស់ ជាពិសេសក្នុងអំឡុងពេល 3ខែដំបូង។ ការពិតទៅ មិនចាំបាច់ថា ត្រូវតែសេពចូលទៅដោយផ្ទាល់ប៉ុណ្ណោះទេ ព្រោះមានស្រ្តីមានផ្ទៃពោះជាច្រើនដែលធ្វើការនៅក្នុងបន្ទប់ប្រតិបត្តិការផ្សេងៗដែលមានសារធាតុពុលមួយចំនួនដែលស្រដៀងនឹងថ្នាំញៀន រួមទាំងជាតិអាល់កុលប្រភេទខ្លះផងជាប់រហូត ក៏បណ្ដាលឱ្យកើតសភាវរលូតបុត្រអស់ជាច្រើននាក់រួចមកហើយដែរ ។

    4 . ស្បូនខុសប្រក្រតី

    បញ្ហាស្បូន និងមាត់ស្បូនរបស់ស្រ្តីមានផ្ទៃពោះដែលខុសប្រក្រតីមកពីកំណើត ឬខុសប្រក្រតីដោយសារសភាវមួយចំនួន ក៏ធ្វើឱ្យកើតសភាវរលូតបុត្របានដែរ ដោយសារតែតួកំណើតមិនអាចបង្កប់ខ្លួន ឬចម្រើនធំធាត់បានយ៉ាងល្អហ្នឹងឯង។

    5 . រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ

    រោគមួយចំនួន ដូចជារោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

    នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

  • តើ​ត្រូវ​ពិនិត្យមើល​យ៉ាងណាទើប​ដឹងថា មិន​អី​ទេ… នៅពេល​អ្នកមាន​ផ្ទៃពោះ​កើត​ ឧប្បត្តិហេតុ​ដោយ​ចៃដន្យ?

    តើ​ត្រូវ​ពិនិត្យមើល​យ៉ាងណាទើប​ដឹងថា មិន​អី​ទេ… នៅពេល​អ្នកមាន​ផ្ទៃពោះ​កើត​ ឧប្បត្តិហេតុ​ដោយ​ចៃដន្យ?

    ឧប្បត្តិហេតុ​ គឺជា​រឿង​ដែល​មិន​អាច​ស្មាន​ដឹងមុន​ថា​ វា​នឹង​កើតឡើង​នៅពេល​ណា​ ចំពោះ​អ្នកណា​ និង​ដោយ​របៀបណា​នោះ​ឡើយ​ ដូច្នេះ​ស្ត្រី​ដែល​កំពុង​មានគភ៌​ គួរតែ​មើលថែ​ទាំ​ និង​ប្រុងប្រយ័ត្ន​ខ្លួនឯង​ឱ្យ​បាន​ល្អ​បំផុត​ និង​ព្យាយាម​ចៀសវាង​ពី​អ្វី​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ដូចជា​ អ្នកមាន​គភ៌​ច្រើនតែ​រអិលដួល​ក្នុង​បន្ទប់ទឹក​ ជាដើម​ ដូច្នេះ​គួរ​រក​បន្ទះ​ការពារ​ការ​រអិល​យក​មក​ក្រាល​ពីលើ​កម្រាលឥដ្ឋ​ដើម្បី​ការពារ​ទុកជាមុន​ តែបើ​សិន​ជា​មាន​ឧប្បត្តិហេតុ​កើតឡើង​យ៉ាង​នឹកស្មាន​មិនដល់​វិញ​នោះ​ ស្ត្រី​មានគភ៌​ត្រូវ​ពិនិត្យមើល​ខ្លួនឯង​ឱ្យ​ច្បាស់លាស់​ថា​ តើ​រឿង​ដែល​កើតឡើង​នោះ​ វា​មាន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ឬក៏​អត់​?

    វិធី​ 3យ៉ាង​ក្នុង​ការ​ពិនិត្យមើល​រាងកាយ​របស់​អ្នកមាន​គភ៌​ក្រោយពេល​កើតមាន​ឧប្បត្តិហេតុ​ណាមួយ​ ៖
    1. ពិនិត្យមើល​ថា​ តើមាន​អាការ​ឈឺ​គភ៌​ដែរ​ឬទេ​?
    នៅពេល​មាន​ឧប្បត្តិហេតុ​កើតឡើង​ ស្ត្រី​មានគភ៌​ត្រូវ​ពិនិត្យមើល​ថា​ តើ​ផ្ទៃពោះ​មាន​ទៅ​បោក​ប៉ះ​នឹង​អ្វី​ដែរ​ឬទេ​? ហើយ​បើ​មិន​មាន​អាការ​ឈឺចុក​ចាប់​អ្វី​ទេ​នោះ​ គឺ​រាប់ថាជា​សំណាង​ល្អ​របស់​អ្នក​ហើយ​ តែបើ​កើតមាន​អាការ​បន្តិច​ឈឺ​ បន្តិច​បាត់​ទៅវិញ​នោះ​ បញ្ជាក់​ថា​ អាច​នឹង​មាន​ការ​ប្រសូត​មុនពេលកំណត់​ហើយ​ និង​បើសិ​ជា​នឈឺ​បែ​បរឹងៗ​ក្នុង​ពោះ​ជាប់​រហូត​ នោះ​បញ្ជាក់​ថា​ស្បូន​អាច​នឹង​សក​ខ្លួន​មុនពេលកំណត់​។ តែបើ​សិន​ជា​ឈឺពោះ​ខ្លាំង​ និង​មាន​អាការ​ឈឺ​នៅ​លើ​មាត់ស្បូន​ និង​អាច​មានការ​ធ្លាក់ឈាម​ផង​នោះ​ បើសិន​ជួប​អាការ​បែបនេះ​ ចូរ​កុំ​បង្អង់​យូរ​ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។

    2. ពិនិត្យមើល​ថា​ តើមាន​ឈាម​ចេញ​មក​តាម​មាត់ស្បូន​ដែរ​ឬទេ​?
    ព្រោះថា​ បើសិន​មាន​ឈាម​ចេញ​មក​នោះ​ អាច​នឹង​ទៅរួច​ដែល​ថា​ ស្បូន​សក​ខ្លួន​។ បើ​មាន​ឈាម​ចេញ​មក​តិច​ ក៏​មិនសូវ​ជា​គ្រោះថ្នាក់​អី​ប៉ុន្មាន​ទេ​ និង​អាច​ព្យាបាល​បាន​ តែបើ​មាន​ឈាម​ចេញ​មក​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​មានគភ៌​ខ្លួនឯង​នោះ​ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ឱ្យធ្វើ​ការ​ប្រសូត​ភ្លាម​តែម្តង​ ដោយ​មិនបាច់​គិតថា​ គភ៌​មាន​អាយុ​ប៉ុន្មាន​ហើយ​នោះ​ទេ​។

    3. ពិនិត្យមើល​ថា​ តើ​កូន​នៅ​រើ​ល្អ​ និង​ខ្លាំង​ដូចមុន​ដែរ​ឬទេ​?
    បន្ទាប់ពី​អ្នកម្តាយ​មានគភ៌​ទទួលរង​ឧប្បត្តិហេតុ​ហើយ​ បើ​កូន​នៅក្នុង​ផ្ទៃ​នៅតែ​រើ​ ឬធាក់​ដូច​ប្រក្រតី​នោះ​ ប្រហែលជា​គ្មាន​បញ្ហា​អ្វី​ទេ​ តែបើ​កូន​នៅ​ស្ងៀម​ លែង​រើ​ លែង​ធាក់​ ទោះជា​ធ្វើការ​ជំរុញ​ហើយក៏​នៅតែ​មិន​រើ​ដដែល​នោះ​ អ្នកម្តាយ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ហើយ​កុំ​បង្អង់​យូរ​។
    ឧប្បត្តិហេតុ​ គឺជា​រឿង​ដែល​មិន​អាច​ការពារ​ជាមុន​បានទេ​ តែ​អាច​រក​វិធី​ចៀសវាង​បាន​ដោយ​ការ​ប្រុងប្រយ័ត្ន​ និង​ចៀសវាង​ពី​ទង្វើ​ណា​ដែល​ប្រថុយប្រថាន​នឹង​ឧប្បត្តិហេតុ​ តែបើ​សិន​ជា​កើត​មាន​ឧប្បត្តិហេតុ​ដោយចៃដន្យ​ណាមួយ​ឡើង​មែន​នោះ​ ចូរ​អ្នកមាន​គភ៌​ទាំងឡាយ​ចាំទុក​ថា​ មិន​មាន​ឈឺពោះ​ មិន​មាន​ធ្លាក់ឈាម​ និង​កូន​នៅ​រើ​និង​ធាក់​ដូចមុន​ដដែល​… បើ​មាន​អាការ​ 3យ៉ាង​នេះ​ បញ្ជាក់​ថា​ អ្នកម្តាយ​ និង​កូន​ក្នុង​ផ្ទៃ​នៅ​មាន​សុវត្ថិភាព​ល្អ​ដដែល​ទេ​៕