Tag: ឥណ្ឌា

  • COVID-19! ឥណ្ឌា​ដាក់​ទណ្ឌកម្ម​​អ្នក​រំលោភ​បទបញ្ជា​បម្រាម​គោចរ ដោយ​វាយ​នឹង​ដំបង

    COVID-19! ឥណ្ឌា​ដាក់​ទណ្ឌកម្ម​​អ្នក​រំលោភ​បទបញ្ជា​បម្រាម​គោចរ ដោយ​វាយ​នឹង​ដំបង

    អាជ្ញា​ធរ​ឥណ្ឌា​ ធ្វើ​ការ​​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អ្នកទាំង​ឡាយ​ណា​​ដែល​បាន​រំលោភ​លើ​បទ​បញ្ជា​បម្រាម​គោចរ​ ខណៈ​​ដែល​ប្រជា​ជន​ប្រមាណជា​1.3​ពាន់​លាន​នាក់ ​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19។

    យោង​តាម​បទបញ្ជា​របស់លោក Narendra Modi ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា ប្រទេស​ដែល​មាន​ប្រជា​ជន​​ប្រមាណជា​1.3​ពាន់លាន​នាក់​នេះ នឹង​ត្រូវ​បាន​បិទ​ការ​ដើរ​ហើរ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​21​ថ្ងៃ ដើម្បី​រារាំង​ពលរដ្ឋមិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​។

    នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ មាន​ប្រសាសន៍​ថា ការ​ដាក់​បម្រាម​គោចរ​គឺជា​វិធី​តែមួយ​​គត់​ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​COVID-19​បន្ថែម​ទៀត​ និង​កាត់​បន្ថយ​ទំហំ​នៃ​ការ​រីក​រាល​ដាល​របស់​មេរោគនេះ​​។

    សេវា​កម្ម​ចាំបាច់​មួយ​ចំនួន​ដូច​ជា អគ្គិសនី ទឹក​​ ការ​ថែ​ទាំសុខភាព​ ពន្លត់​អគ្គិភ័យ និង​ហាង​លក់​គ្រឿងទេសជា​ដើម​​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​សកម្ម​ភាព​។ ក្រៅ​ពី​នេះ សុទ្ធ​តែ​ត្រូវ​បាន​បិទ​ សូម្បី​តែ​រថយន្ត​ក្រុង​ និង​រថភ្លើងក្រោម​ដី​ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​។

    បម្រាម​គោចរ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទ្រង់ទ្រាយ​ធំ​ជាង​ប្រទេស​ចិន​ដែល​មនុស្ស​​ប្រមាណជា​750​លាន​នាក់ប៉ុណ្ណោះ ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​។

    នៅ​ប្រទេស​ឥណ្ឌា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បទបញ្ជា​បម្រាម​គោចរនេះ​។ មនុស្ស​ជា​ច្រើន​យល់​ថា បទ​បញ្ជា​នេះ​អាច​ធ្វើ​ឱ្យ​វីរុស​COVID-19 ឆ្លង​រាល​ដាល​ដល់​ជនបទ​ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ព្រោះ​ខ្លាច​ជាប់​​នៅ​ក្នុង​ទី​ក្រុង​។

    សមត្ថ​កិច្ច​ឥណ្ឌា​ កំពុង​ប្រើ​ប្រាស់​វិធាន​ការ​ពិន័យ​ច្រើន​រូប​ភាព​ ចំពោះ​អ្នក​ដែល​បាន​រំលោភលើ​បទបញ្ជា​បម្រាម​គោចរ​របស់​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ដូច​ជា​ ការ​ពិន័យ​ដោយការ​​វាយ​នឹង​ដំបង​ ឬ​ចាប់​ឱ្យ​អង្គុយ​តាម​កាយ​វិការពិបាក​ទ្រាំ​ជា​ច្រើន​របៀប​។ល។

    ប្រទេស​ឥណ្ឌា​ គិត​ត្រឹម​ល្ងាច​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​COVID-19 តែ​665​នាក់ និង​ស្លាប់​ចំនួន​13​នាក់​ប៉ុណ្ណោះ​ ដែល​តួលេខ​នេះ​ នៅ​ទាប​ជាង​ប្រទេស​ចិន សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​នៅឡើយ។ ក៏ប៉ុន្តែ កត្តា​ជីវ​ភាព​រស់​នៅ អនាម័យ​នៅ​មាន​កម្រិត រួម​នឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​ របស់ប្រទេស​ឥណ្ឌា​ អាច​ធ្វើ​ឱ្យ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 កើន​ឡើង​ខ្លាំង​ មិន​អាច​គ្រប់​គ្រង​បាន​។

    នាយក​រដ្ឋមន្ត្រី​ Modi បាន​ប្រកាស​​ចំណាយ​ថវិកា​​​ចំនួន​150​ពាន់​លាន​ rupee (ជិត​2ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ដល់​ការ​ធ្វើ​តេស្ត​រក​មេរោគ ការ​បន្ថែម​គ្រែ​ក្នុង​មន្ទីរពេទ្យ ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម។ល។ លោក Modi ក៏បាន​បង្កើត​​ក្រុម​ការ​ងារ​ពិសេស​មួយ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ដែល​កើត​ឡើង​ដោយ​សារ​វិបត្តិ​សុខ​ភាព​នេះ៕

    ប្រភព៖ Reuters, AFP, PTI,indiatimes

  • Jack Ma ដណ្ដើម​បាន​តំណែង​អ្នក​មាន​បំផុត​នៅ​អាស៊ីវិញ​ហើយ ខណៈ​អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ម្សិល​ម៉្ងៃ

    Jack Ma ដណ្ដើម​បាន​តំណែង​អ្នក​មាន​បំផុត​នៅ​អាស៊ីវិញ​ហើយ ខណៈ​អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ម្សិល​ម៉្ងៃ

    ក្រោយ​ពី​បាន​លក់​មូលបត្រ​ទូទាំង​ពិភព​លោក​កាលពី​ថ្ងៃទី​9មីនា​កន្លង​ទៅ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ឥណ្ឌា លោក Mukesh Ambani បានថយ​ចុះ​មក​នៅ​ក្រោម​​ស្ថានិក​ Alibaba គឺ​មហាសេដ្ឋី​ចិន លោក Jack Ma។

    យោង​តាម​ Bloomberg Billionaires Index លោក Mukesh Ambani បាន​បាត់​បង់​5.8ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ម្សិល​ម៉្ងៃ (9មីនា) ធ្វើ​ឱ្យ​គាត់​បាត់​បង់​តំណែង​ជា​អ្នក​មាន​បំផុត​ប្រចាំ​ទ្វីប​អាស៊ី ដោយ​ធ្លាក់​ទៅ​លើ​ដៃ​មហា​សេដ្ឋី​ចិន លោក Jack Ma ដែល​ជា​ស្ថានិក​នៃ​ក្រុម​ហ៊ុន​ Alibaba។ មហាសេដ្ឋី​ចិន Jack Ma បច្ចុប្បន្ន មាន​ទ្រព្យ​ 44.5ពាន់​លាន​ដុល្លារ​អាមេរិក ច្រើន​ជាង​មហាសេដ្ឋី​ឥណ្ឌា លោក Mukesk Ambani​ ប្រមាណជា​ 2.6ពាន់​លាន​ដុល្លារ​អាមេរិក​។

    មូលបត្រ​ Alibaba កាល​ពី​ថ្ងៃទី​9មីនា បាន​ធ្លាក់​ថ្លៃ​3.41% នៅ​លើ​ផ្សារ​ហ៊ុន​ New York បណ្ដាល​ឱ្យ​មហាសេដ្ឋី Jack Ma បាត់​បង់​ 1.06ពាន់​លាន​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ តម្លៃ​មូលបត្រ​ពហុ​វិស័យ Reliance Industries​ របស់​មហា​សេដ្ឋី Ambani បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ពោល​គឺ​ធ្លាក់​ថ្លៃ​ដល់​ទៅ​12% (ទាប​បំផុត​រាប់​ចាប់​ពី​ឆ្នាំ​2009មក​នេះ​)។ ចាប់​ពី​ដើម​ឆ្នាំ តម្លៃ​មូល​បត្រ​ Reliance Industries បាន​ថយ​ចុះ​សរុបចំនួន 26%។

    ចំណែក​ Alibaba វិញ ថ្វី​បើ​​​រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​ “ធ្វើ​ទុក្ខ” ទៅ​លើ​វិស័យ​ជំនួញ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុននេះ ប៉ុន្តែ​ COVID-19 ក៏​បាន​ជួយ​ជំរុញ​ឱ្យ​តម្រូវ​ការ​ដែល​ទាក់​ទិន​នឹង​បច្ចេក​វិទ្យា​ចល័ត​ មាន​កំណើន​ខ្ពស់​ ដែល​បាន​ និង​កំពុង​ហុច​ផល​ប្រយោជន៍​ខ្លះដល់​មហា​សេដ្ឋីចិន លោក Jack Ma។

    តម្លៃ​មូលបត្រ​ទូទាំង​ពិភព​លោក កាល​ពី​ម្សិល​ម៉្ងៃ(9មីនា) បាន​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ ហើយ​អ្នក​វិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រោគ​រាត​ត្បាត COVID-19។ កត្តា​នេះ​​ ក៏បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា Reliance Industries មិន​អាច​សង​​អស់​បំណុល​នៅ​មុន​ដំណាច់​ឆ្នាំ​2021 ដូចដែល​មហា​សេដ្ឋី​ឥណ្ឌា Ambani បាន​សន្យា​។

    ភាព​ច្របូក​ច្របល់​នៅ​លើ​ផ្សារ​ហ៊ុន​កាល​ពី​ម្សិល​ម៉្ងៃ ក៏បាន​ធ្វើ​ឱ្យ​អ្នក​មាន​មួយ​ចំនួនក្នុង​ពិភពលោក​ ត្រូវ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​របស់​មហាសេដ្ឋី​ប្រេង​ Harold Hamm បាន​ថយ​ចុះ​រហូត​ដល់​ពាក់​កណ្ដាល​ នៅ​សល់​ត្រឹម​តែ​ 2.4ពាន់​លាន​ដុល្លារ​។ ចំណែក Jeff Hildebrand ក៏​បាត់​បង់ 3ពាន់​លាន​ដុល្លារអាមេរិក​។ សរុប​មក អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​លើ​ផ្សារ​ហ៊ុន​ កាល​ពី​ម្សិល​ម៉្ងៃ ដែល​ការ​ខាត​បង់​នេះ ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​ រាប់​ចាប់​ពី​ឆ្នាំ​2016៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាចម៍​ផ្កាយ​ធ្លាក់​មក​​លើ​តំបន់​ឧស្សាហ​កម្ម​ឥណ្ឌា បង្កើតបាន​​ជា​រណ្ដៅ​ជម្រៅ​…

    អាចម៍​ផ្កាយ​ធ្លាក់​មក​​លើ​តំបន់​ឧស្សាហ​កម្ម​ឥណ្ឌា បង្កើតបាន​​ជា​រណ្ដៅ​ជម្រៅ​…

    កាមេរ៉ាសុវត្ថិភាព​មួយ​ ថត​បាន​ទិដ្ឋ​ភាព​វត្ថុ​​មួយ​ធ្លាប់​ពី​លើមេឃ​ មកចំទីក្រុង Alwar រដ្ឋ​ Rajasthan កាល​ពី​ថ្ងៃទី11 ខែ​កុម្ភៈ ឆ្នាំ2020 បណ្ដាល​ឱ្យ​ផ្ទៃ​មេឃ​ឡើង​ភ្លឺ​ចាំង​ភ្នែក​ក្នុង​រយៈ​ពេល​ច្រើន​វិនាទី។

    អាចម៍​ផ្កាយ​នេះ បាន​ធ្លាប់​ចំតំបន់​ឧស្សាហ​កម្ម​មួយ​កន្លែង​ បង្កើត​បាន​ជា​រណ្ដៅមួយ​ដែល​មាន​ជម្រៅ​ច្រើន​ម៉ែត្រនៅ​លើ​ដី​។ ហេតុ​ការណ៍​នេះ មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នកណា​​ម្នាក់​រង​គ្រោះ​នោះទេ​។

    Sachin Bamba ដែល​ជា​ប្រធានទី​ភ្នាក់​ងារ​តារា​សាស្ត្រ​ឥណ្ឌា (Space India) បាន​បញ្ជាក់​ថា វត្ថុ​នោះគឺជា​អាចម៍​ផ្កាយ។ អ្នក​វិទ្យា​សាស្ត្រមួយ​ក្រុម​ ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុដើម្បី​ស្វែង​យល់​អំពី​រណ្ដៅ​អាចម៍​ផ្កាយ​នោះ។

    យោង​តាម​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វត្ថុ​ក្បែរ​ផែន​ដី Center for Near-Earth Object Studies (CNEOS) អាចម៍​ផ្កាយ​នេះ បាន​ធ្វើ​ដំណើរ​ក្នុងល្បឿន 31,7គីឡូម៉ែត្រ​ក្នុង​1វិនាទី និង​បាន​បញ្ចេញ​ថាម​ពលដ៏ខ្លាំង​ក្លា ប្រហាក់​ប្រហែល​នឹងការ​ផ្ទុះ​រំសេវ​95តោន។

    ខណៈ​ពេល​​អាចម៍​ផ្កាយ​នេះធ្លាក់​ចុះ វា​បាន​ធ្វើ​ឱ្យ​អ្នក​ស្រុក​ដែល​កំពុង​ដេក​នៅ​ក្បែរ​តំបន់​នោះត្រូវ​ភ្ញាក់ ដោយ​សារ​តែ​ភាព​ញាប់​ញ័រ​ផែន​ដី ដូចទៅ​នឹងការ​​រញ្ជួយ​ដី​ដូច្នោះ​ដែរ​។ ពេល​ឮសូរ​សំឡេង​​ផ្ទុះ Rajesh Kumar Gupta ដែល​ជា​អ្នក​ស្រុក​​រស់នៅ​ក្បែរតំបន់​កើត​ឧបទ្ទវ​ហេតុ​នេះ​ បាន​ចេញ​មក​ពិនិត្យ​មើល ក៏​ដឹង​ថា​វា​មាន​ខ្យល់​ខ្លាំង​​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់​។ កសិករ​នៅ​តំបន់ Shahjahanpur ក៏​បាន​ឃើញ​អាចម៍​ផ្កាយ​នេះ​។ Ajay Chaudhary រស់នៅ​ក្នុង​តំបន់ Kotkasim ក៏បាន​ឃើញ​ពន្លឺដ៏​ចិញ្ចាកចិញ្ចែញ និង​មាន​វត្ថុ​អ្វី​មួយ​ដូច​ទៅ​នឹង​កាំជ្រួចផ្លោង​ដែល​បង្ហាញ​ខ្លួន​ភ្លាម​ៗ​នៅ​លើ​អាកាស ខណៈគាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​យក​ទឹក​ដោះ​គោ​ពេលព្រឹក​​ព្រលឹម។

    នេះ​មិន​មែនជា​លើក​ដំបូង​នោះ​ទេ ដែល​មាន​អាចម៍​ផ្កាយ​ធ្លាក់ទៅ​លើ​ប្រទេស​ឥណ្ឌា​។ កាល​ពី​ខែកក្កដា​ឆ្នាំ​2019 អាចម៍​ផ្កាយធំ​មួយ​ក៏​បាន​ធ្លាក់​​ចុះលើ​តំបន់ Nangla Kasota និង​ធ្វើ​ឱ្យ​មាន​រណ្ដៅ​ជម្រៅ​6ម៉ែត្រ​ផងដែរ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ម្ចាស់​ក្រុម​ហ៊ុន​ផលិត​កង់3​ ឥណ្ឌា​ ជា​អ្នក​មាន​បំផុត​លំដាប់​ទី11​ នៅ​ឥណ្ឌា​

    ម្ចាស់​ក្រុម​ហ៊ុន​ផលិត​កង់3​ ឥណ្ឌា​ ជា​អ្នក​មាន​បំផុត​លំដាប់​ទី11​ នៅ​ឥណ្ឌា​

    អគ្គ​នាយក​ក្រុម​ហ៊ុន​ Bajaj​ Group​ លោក​ Rahul​ Bajaj​ ត្រូវ​បាន​អ្នកស្រុក​ឥណ្ឌា​ភាគ​ច្រើន​ស្គាល់​យ៉ាង​ច្បាស់​ ហើយ​លោក​ក៏​ជា​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ម៉ូតូ​កង់3​ ឥណ្ឌា​ ដែល​វា​ក៏​មាន​វត្តមាន​នៅ​ស្រុក​ខ្មែរ​ផងដែរ។

    កាល​ពី​ចុង​ឆ្នាំ​2019​ ទស្សនាវដ្ដី​ Forbes​ បាន​ចុះ​ផ្សាយ​ថា​ ម្ចាស់​ក្រុម​ហ៊ុន​ផលិត​កង់3​ ឥណ្ឌា​នេះ​ មាន​ទ្រព្យសម្បត្តិ​ចំនួន​ ​;9.2ពាន់​លាន​ដុល្លារ​ និង​ជា​អ្នក​មាន​បំផុត​លំដាប់​ទី11​ ប្រចាំ​ប្រទេស​ឥណ្ឌា​។ ប្រភព​ប្រាក់​ចំណូល​របស់​លោក​ Rahul​ Bajaj​ ភាគ​ច្រើន​បាន​មក​ពី​ក្រុម​ហ៊ុន​ Bajaj​ Group​។

    ក្រុម​ហ៊ុន​ Bajaj​ Group​ នេះ​ រក​ស៊ី​ក្នុង​វិស័យ​ផ្សេង​ៗជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​វិស័យ​ម៉ូតូ​កង់​2 និង​ម៉ូតូ​កង់3​ (កង់​3ឥណ្ឌា​) ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ អំពូល​ភ្លើង​ ដែក​ថែប​ ធានា​រ៉ាប់​រង​ ទេស​ចរណ៍​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

    Bajaj​ Group​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Jamnalal​ Bajaj ​(ឪពុក​របស់​លោក​ Rahul​ Bajaj​) កាល​ពី​ឆ្នាំ1926​ នៅ​ Mumbai​ ប្រទេស​ឥណ្ឌា​។ នេះ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​មាន​អាយុ​កាល​វែង​បំផុត​នៅ​ Mumbai​។ ​; Bajaj​ Group​ មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន37​ ក្រុម​ហ៊ុន​ ហើយ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ Bajaj​ Auto​ របស់​ក្រុម​ហ៊ុន​ Bajaj​ Group​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អ្នក​ផលិត​ម៉ូតូ​កង់​2 និង​កង់​3 ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក​។ ក្រុម​ហ៊ុន​នេះ​ បាន​ និង​កំពុង​រក​ស៊ី​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ ដែល​ភាគ​ច្រើន​គេ​ឃើញ​មាន​វត្តមាន​កង់​3 ដែល​យើង​និយម​ហៅ​ថា​ “កង់3ឥណ្ឌា​”។

    ក្រៅ​ពី​ Bajaj​ Auto​ Ltd​ ​;ក្រុម​ហ៊ុន​របស់​លោក​ Rahul​ Bajaj​ ក៏​នៅ​មាន​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ​មួយ​ចំនួន​ ដូច​ជា​ Bajaj​ Finserv​ Ltd​, Hercules​ Hoists​ Ltd​, Bajaj​ Electricals​, Mukand​ Ltd​, Bajaj​ Hindusthan​ Ltd​ និង​ Bajaj​ Holding​ &​; Investment​ Ltd​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​