នៅសល់ពេល 1ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់ស្រ្តីមានគភ៌គ្រប់រូប ដែលមានទាំងការរំភើបចិត្តផង ទាំងត្រេកអរផង ព្រោះជិតបានឃើញមុខកូនសម្លាញ់ តែខណៈពេលជាមួយគ្នាក៏មានអារម្មណ៍នឹកភ័យខ្លាចនឹងក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត។ តែអ្វីទាំងអស់នេះ គ្រូពេទ្យជំនាញខាងសម្ភពនឹងមកជម្រាបអនាគតអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាងណាខ្លះមុនពេលប្រសូតដូចខាងក្រោមនេះ៖
ឈានចូលដល់ខែទី 9
ក្នុងអំឡុងពេលនេះ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់ស្រ្តីមានគភ៌ និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់?។ ក្នុងអំឡុងពេលនេះ ស្រ្តីមានគភ៌នឹងមានអាការឈឺពោះរាងធ្ងន់ៗនៅម្តុំក្រោមផ្ចិតនៅពេលដើរ ជើងនឹងហើមឡើង មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយសារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឱ្យក្រពះត្រូវបានរុញឡើងមកលើ អាហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឱ្យជួយរឺតជើងឱ្យទៀតផង។
ត្រៀមខ្លួនជាស្រេច មុនពេលប្រសូត
ការត្រៀមរួចជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឱ្យស្រ្តីមានគភ៌ទៅប្រសូតបុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល ដូច្នេះ តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត…ៈ
1 .មន្ទីរពេទ្យ
- ប្រឹក្សាជាមួយគ្រូពេទ្យជានិច្ច បើសិនមានបញ្ហាអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងគភ៌របស់ខ្លួន។
- អាចនឹងត្រូវសាកល្បងជិះរថយន្ត ដើម្បីប៉ាន់ស្មានរយ:ពេលធ្វើដំណើរពីផ្ទះទៅមន្ទីរពេទ្យ ឬរកមើលផ្លូវណាផ្សេងដែលងាយស្រួល និងលឿនជាងគេ ទុកបម្រុងនៅថ្ងៃឈឺពោះប្រសូតឱ្យរួចជាស្រេច។
2 .ត្រៀមរាងកាយ
- រឿងអាហារការហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន តែកាត់បន្ថយអាហារណាដែលមានរសជាតិខ្លាំងៗ ដូចជា ប្រៃខ្លាំង ជូរខ្លាំង ជាពិសេស ហឹរ ព្រោះវានឹងធ្វើឱ្យស្រ្តីមានគភ៌ហើម។ គួរទទួលបន្លែផ្លែឈើរួមជាមួយផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ។
- គួរញ៉ាំថ្នាំបំប៉នតាមដែលគ្រូពេទ្យឱ្យមកឱ្យគ្រប់ ដូចជា ថ្នាំបំប៉នលោហិត វីតាមីនរួម និងកាល់ស្យូម ជាដើម ព្រោះក្នុងអំឡុងពេលប្រសូត អ្នកម្តាយត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឱ្យអ្នកម្តាយឆាប់ស្រួលខ្លួនឡើងវិញផង។
- រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់ម្តាយ និងរបស់កូនតូចទុកជាស្រេច ព្រោះក្រោយពេលប្រសូតរួច ម្តាយមិនអាចមានពេលទៅដើររកទិញបានទេ។
3 .ត្រៀមខ្លួនប្រសូត
- ក្នុងករណីដែលស្ត្រីមានគភ៌មិនមានលក្ខណៈខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតម្រូវឱ្យប្រសូតដោយការវះកាត់ទេនោះ ស្ត្រីមានគភ៌គួរតែប្រសូតតាមវិធីធម្មជាតិ។
- កំណត់ផែនការក្រោយពេលប្រសូតទុកជាមុនថា តើត្រូវពន្យារកំណើត ឬលែងយកបុត្រទៀត ឬយ៉ាងណា? បើត្រូវពន្យារកំណើត(លែងយកបុត្រទៀត) គួរតែប្រាប់គ្រូពេទ្យឱ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់គ្រូពេទ្យ ក្នុងការបំពេញតម្រូវការរបស់អ្នកប្រសូត។
4 .ត្រៀមចិត្ត ត្រៀមថ្លើមទុកជាស្រេច
- ស្រ្តីមានគភ៌(ពេលគ្រប់ខែ)ត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្តដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា អាចនឹងយំខ្សឹកខ្សួលពេញមួយថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូចកាលពីពេលមុន ជាដើម-ល និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយគ្រូពេទ្យដើម្បីទុកប្រតិបត្តិតាមផង។
អាការប្រាប់ឱ្យដឹងខ្លួន មុនពេលប្រសូតដែលស្រ្តីមានគភ៌ត្រូវតែដឹង…
- ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3នាទីម្ដង និងឈឺម្តងៗប្រហែលជា 40វិនាទី។
- មានឈាមចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីរពេទ្យដែរ)។
- មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន (អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីរពេទ្យដែរ) ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឱ្យឆ្លងមេរោគទៅដល់ទារកបាន។
សភាវជ្រៀតជ្រែកមិនល្អដែលអាចកើតឡើង នៅពេលគ្រប់ខែ(មុនជិតដល់ពេលប្រសូត)…
- មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកឹលមកតោងនៅម្តុំមាត់ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឱ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក។
- សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឱ្យអ្នកម្តាយហើមជើង ហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចបណ្ដាលឱ្យស្រ្តីមានគភ៌ប្រកាច់ ឬបែកសរសៃឈាមក្នុងខួរក្បាល។
- ទារកក្នុងគភ៌លែងសូវរើ ដែលអាចមានមូលហេតុមកពីសុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុករុំ-កទារក ដែលជាសភាវគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់ ពេលជួបអាការដែលរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់ ។
នៅពេលត្រៀមរាងកាយរួចរាល់ ត្រៀមចិត្តរួចរាល់ហើយ…ពេលនេះអនាគតអ្នកម្ដាយថ្មោងថ្មីអាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយថ្មោងថ្មីបានឃើញមុខកូនសម្លាញ់ ហើយវានឹងក្លាយជាក្តីរំភើបសោមនស្សពេញក្នុងចិត្តវិញមិនខាន(អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្ត) និងខាងក្រោមនេះគឺ ការត្រៀមសម្ភារសម្រាប់ចូលមន្ទីសម្ភព…ៈ
.សម្រាប់អនាគអ្នកម្តាយ
- ប័ណ្ណពិនិត្យសុខភាពគភ៌ និងអត្តសញ្ញាណប័ណ្ណ
- សំឡីអនាម័យ និង អាវក្នុងសំពាក់បំបៅកូន
- សម្លៀកបំពាក់ម្តាយសម្រាប់ស្លៀកពេលចេញពីមន្ទីរពេទ្យ
- អាហារ និងភេស្ជជៈ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
- កូនកាបូបតូចមួយសម្រាប់ដាក់គ្រឿងសម្អាង
- កន្សែងជូតមុខ និងកន្សែងពោះគោសម្រាប់ជូតខ្លួន
- កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីរពេទ្យអនុញ្ញាតឱ្យថតរូបបាន។
.សម្រាប់ទារក
- ក្រណាត់កន្ទប
- ខោអាវកូនតូច (សម្រាប់ទារកទើបកើត)
- ទឹកសាប៊ូសម្រាប់បោកជម្រះផ្សេងៗ
- កូនខ្នើយសម្រាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
- ក្រណាត់ ឬកន្សែងសម្រាប់រុំខ្លួនកូនសម្លាញ់ពេលត្រឡប់ទៅផ្ទះវិញ៕




គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅពេលអាយុបានប្រមាណ 6ខែ។
គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសរសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការនិយាយក៏មានបញ្ហាដែរ។
តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍(Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។
ច្រមុះមានតួនាទីដកដង្ហើម និងហិតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើន ដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះ(ទឹកសំបោរ)នឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។
ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។ ក្រចកដៃជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1-2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។
ជាប្រក្រតី ចំណែករបស់ទងផ្ចិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។
ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។