Tag: អ្នកម្តាយ

  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

  • ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖

    1. រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ៈ ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អ៊ីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល-ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។
    2. រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើមគឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូចអ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
    3. រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
    4. រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀតឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង។ ដូចជារឿង “ខ្លាឃ្មុំឈឺធ្មេញ” បានបង្រៀនយើងឱ្យដឹងថា បើបរិភោគអាហារដែលមានប្រយោជន៏នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនកុមារៗឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់ យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅ រឿងនិទានទាំងអស់សុទ្ធតែបង្រៀនអំពី សីលធម៌ និងចរិយាធម៌ទាំងអស់។
    5. រឿងនិទានខ្លះនិយាយពីរឿងវប្បធម៌ និងការរស់នៅ ជាការបើកចំហពិភពលោកនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា មានវប្បធម៌រស់នៅរបៀបម៉េចជាដើម។
    6. ដូចជាឧទាហរណ៍ក្នុងរឿង “ទន្សាយផ្អើលផ្លែព្នៅ” ជាដើម៖ សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើល​ចំណុចកើតហេតុដោយផ្ទាល់ថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់តាមគេតាមឯងសិន ផ្អើលទៅសិន រងគ្រោះថ្នាក់ទៅសិន រួចបានមកប្រាប់គ្នា​ជាក្រោយ។ល។ រឿងនេះវាស្ថិតនៅលើថា តើអាណាព្យាបាលអាចយកឧត្តមគតិរបស់រឿងមកប្រៀនប្រដៅក្មេងៗបានឬក៏អត់?។
    7. រឿងនិទានសាងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ៈ ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃ​បានសាងនូវសម្ព័ន្ធភាពដ៏ល្អរវាងឪពុកម្ដាយនឹងកូន ឬបងនឹងប្អូនបានមួយកម្រិតហើយមែនក៏ដោយ តែបើយើ់ងមានសាច់រឿងដែលស្តាប់ទៅហើយមានអារម្មណ៍រីករាយ មានពាក្យសម្ដីពីរោះៗ នោះវា​នឹងរឹតតែអូសទាញចិត្តកុមារៗក្នុងការស្តាប់កាន់តែខ្លាំងឡើងទៀត។
    8. ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទានអ៊ីសុប(Aesop’s Fables)នៅក្នុងចិត្ត គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា នឹងត្រូវរស់​នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ?។ គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅម្តងមួយ​ដំណាក់កាល ឬម្ដងមួយរឿងឡើយ។
    9. ពេលនិយាយរឿងនិទានឱ្យកូនស្ដាប់ កូននឹងនៅនែបនិត្យជាមួយអ្នកម្តាយ ៈ មុនពេលគេង គឺជាអំឡុងពេលដ៏​អស្ចារ្យ​ណាស់ ព្រោះជាពេលវេលាសប្បាយៗ អ្នកម្តាយបាននិយាយជាមួយកូន បាននិទានរឿង បានចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូនក៏នឹងបានដឹងពីសេចក្តីស្រឡាញ់ដែលម្តាយផ្តល់ឱ្យនោះទៀតផង។
    10. ការនិយាយរឿងនិទាន គឺជាការ​សាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ ជាការចំណាយដើមទុនតិចបំផុត តែបានទទួលផលប្រយោជន៍ខាងបញ្ញាច្រើនបំផុត ដូច្នេះលោកឪពុក អ្នកម្តាយគួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វី​ដែល​​​ទទួលបាននោះវាច្រើនលើសលប់អស្ចារ្យណាស់ (អ្នកគ្រូ ឆវី ក៏ជឿថា អ៊ីចឹងដែរ…)៕
  • រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។

    បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។

    ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។

    ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។

    ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិតៗ ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅ​ដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    កែវភ្នែក : តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍ (Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក ។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។

    ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែក​ពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗ​នៅ​​ក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើក​ឡើងមិនស្មើគ្នា ឬអាយុ 2-3​ ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម …បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។

    ច្រមុះ : ច្រមុះមានតួនាទីដកដង្ហើម និងហឹតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើនដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះនឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។

    ចំណុចគួរប្រយ័ត្ន ៖​​ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន ។ រឿង​ដែល​​​​ត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាគ្មានបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។

    ក្រចកដៃ : ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។​ ក្រចកដៃ-ជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1 – 2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។

    ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្រ្តៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូស​ក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រ​តីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុស​ប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រឹន ឬផ្សេងទៀត។ល។

    រន្ធផ្ជិត : ជាប្រក្រតី ចំណែករបស់ទងផ្ជិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏​ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃ​ការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។

    ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំក្លិន នោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត…អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2 – 3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។

    ស្បែក : ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញ​ខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។

    ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទ ជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពី​ទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕

  • ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

    ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

    ការមានសុខភាពដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអនាគតអ្នកម្តាយគ្រប់រូបចង់បាន…។

    ស្រ្តីមានគភ៌គ្រប់រូបអាចនឹងមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកកុំភ្លេចពីសុខភាពប្រអប់មាត់របស់ខ្លួនឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

    1. ការប្រែប្រួលរបស់អ័រម៉ូនក្នុងអំឡុងពេលមានគភ៌មានផលជំរុញធ្វើឱ្យកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងអំឡុងពេលប្រក្រតី។ ការមានកំណកកំបោរច្រើនអាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ និងមានចេញឈាមទៀតផង។
    2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនៅលើស្រ្តីមានគភ៌នោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត និងជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ដូច្នេះហើយទើបគេតែងប្រទះឃើញនៅលើស្រ្តីមានគភ៌ជិតគ្រប់ខែតែងមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច ។
    3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់កូនញឹកញាប់ ធ្វើឱ្យមានអាស៊ីតចេញពីក្រពះអាហារហូរបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន ។
    4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលប៉ះពាល់ធ្វើឱ្យធ្មេញសឹកពុកបានដែរ។
    5. ស្រ្តីមានគភ៌ច្រើនតែបរិភោគបានតិច តែច្រើនដង។ ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យកើតជំងឺពុកធ្មេញ។
    6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មាតាបាន 4-6 សប្តាហ៍។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

    ការណែនាំសម្រាប់ស្រ្តីមានគភ៌

    1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាតទាំង​ក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរៀងរាល់លើក ក្រោយពេលបរិភោគអាហាររួច។
    2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ផ្លួអរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញរយៈពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗនឹងធ្វើឱ្យធ្មេញឆាប់សឹកអស់(គួរខ្ពុរមាត់សិន មុននឹងដុសធ្មេញ)។
    3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយទារកនឹងបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
    4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារកុំឱ្យធ្មេញពុក។
    5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម ឬមានរលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

    មេរោគបាក់តេរីនៅក្នុងប្រអប់មាត់របស់ស្រ្តីមានគភ៌អាចបញ្ជូនតទៅដល់កូនក្នុងផ្ទៃបាន ដូច្នេះការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

  • វិធី 7យ៉ាង សាងភាពឆ្លាតវៃដល់កូនតាំងពីនៅក្នុងផ្ទៃ

    វិធី 7យ៉ាង សាងភាពឆ្លាតវៃដល់កូនតាំងពីនៅក្នុងផ្ទៃ

    វិធីមើលថែទាំខ្លួនក្នុងអំឡុងពេលមានគភ៌របស់អ្នកម្តាយហុចផលដល់ភាពឆ្លាតវាងវៃខាងសតិបញ្ញារបស់កូន​តូចនៅក្នុងគភ៌។ ខាងក្រោមនេះគឺវិធី 7យ៉ាងក្នុងការសាងភាពឆ្លាតវៃដល់កូនតូចដែលនៅក្នុងផ្ទៃ…តើមានអ្វីខ្លះនោះសូមតាមដានដូច​តទៅ។

    1 . ធ្វើអារម្មណ៍ឱ្យល្អស្រស់ស្រាយជានិច្ច : ដើម្បីឱ្យរាងកាយបានបញ្ចេញសារធាតុនៃសេចក្តីសុខចេញមក និងបញ្ជូនបន្ត​ទៅដល់កូន ធ្វើឱ្យកូនមានការវិវឌ្ឍដែលល្អទាំងខួរក្បាល(IQ) និងអារម្មណ៍(EQ) តែបើស្រ្តីមានគភ៌មានអារម្មណ៍មួម៉ៅធុញថប់ច្រើនវិញនោះ រាងកាយនឹងបញ្ចេញសារធាតុ អាឌ្រីណាលីន ជំនួសវិញ ដែលនឹងហុចផលដល់កូននៅពេលកើតមក ក្លាយជាក្មេងងង៉ក់យំរករឿងច្រើន ពិបាកចិញ្ចឹម និងមានវិវឌ្ឍនាការយឺត។

    2 . ទទួលទានអាហារឱ្យបានសមរម្យ : ជាពិសេសអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់មិនកក ដូចជា DHA , AA និងARA ដែលមានច្រើននៅក្នុងសាច់ត្រីសមុទ្រផ្សេងៗ ដែលជាអង្គប្រកបសំខាន់មួយរបស់សាច់ខួរក្បាលរបស់កូនដល់ទៅ 60% ។

    3 . ហាត់ប្រាណ : ពេលស្ត្រីមានគភ៌ហាត់ប្រាណ កូននៅក្នុងផ្ទៃក៏នឹងធ្វើចលនាតាមចង្វាក់ការហាត់ប្រាណរបស់អ្នកម្តាយដែរ ដែលការធ្វើចលនានេះនឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទរបស់កូនឱ្យវិវឌ្ឍបានល្អឡើង។

    4 . អង្អែលក្បាលពោះ : នឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលផ្នែកទទួលដឹងពីអារម្មណ៍របស់​កូន​ឱ្យ​មានការវិវឌ្ឍកាន់តែល្អឡើង។ ដោយទិចនិកងាយៗ គឺចូរអង្អែលក្បាលពោះខ្លួនឯងជារាងរង្វង់មូល ទៅ-មកពីខាងណា​មុនក៏បានដែរ។

    5 . និយាយលេងជាមួយកូនក្នុងគភ៌ឱ្យបានញឹកញាប់ : ប្រព័ន្ធប្រសាទការស្តាប់របស់កូននឹងចាប់ផ្តើមធ្វើការនៅពេលដែលគភ៌របស់អ្នកមានអាយុបានប្រមាណជា 5ខែ។ ការនិយាយលេងជាមួយកូនដោយសំឡេងដ៏ទន់ភ្លន់ ប្រយោគដដែលៗនឹងជួយឱ្យប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលដែលគ្រប់គ្រងការឮ នឹងវិវឌ្ឍល្អឡើង និងត្រៀមខ្លួនជាស្រេចសម្រាប់ការឮក្រោយពេល​ប្រសូតចេញមកហើយ។

    6 . ស្តាប់បទភ្លេងសប្បាយៗ : មិនថាស្ត្រីមានគភ៌ស្តាប់បទភ្លេងអ្វីក៏ដោយ កូនតូចក៏នឹងបានស្តាប់តាមនោះដែរ បើរឹតតែជាបទភ្លេងបែបសប្បាយៗ ឬបទភ្លេងក្លាស់ស៊ិកផងនោះ នឹងរឹតតែជួយជំរុញឱ្យបណ្តាញប្រព័ន្ធប្រសាទដែលធ្វើការពាក់ព័ន្ធនឹងការស្តាប់ឮរបស់កូនតូច វិវឌ្ឍកាន់តែល្អឡើង ហើយនៅពេលដែលកូនប្រសូតចេញមកនឹងមានសមត្ថភាពខាងការរៀងលំដាប់ការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងចងចាំរឿងរ៉ាវផ្សេងៗបានល្អទៀតផង។

    7 . បញ្ចាំងភ្លើងចំក្បាលពោះ : នៅពេលដែលគភ៌មានអាយុបាន 7ខែ កូនតូចអាចប្រិចភ្នែកបាន​ហើយ។ ការបញ្ចាំងភ្លើងចំក្បាលពោះខ្លួនឯង នឹងធ្វើឱ្យកោសិកាខួរក្បាល និងសរសៃប្រសាទផ្នែកទទួលរូបភាព និងការមើលឃើញរបស់កូនតូចមានការវិវឌ្ឍកាន់តែល្អឡើង និងត្រៀមខ្លួនជាស្រេចសម្រាប់ការមើលឃើញក្រោយពេលកើតចេញមក៕

  • បង្ហាត់ជំនាញចាំបាច់ខ្លះដល់កូន មុនចូលរៀន…

    បង្ហាត់ជំនាញចាំបាច់ខ្លះដល់កូន មុនចូលរៀន…

    បន្ទាប់ពីកូនតូចបានរៀនយល់ដឹងខ្លះៗជាបន្តបន្ទាប់ក្នុងអំឡុងពេល 1ឆ្នាំដំបូងហើយ ពេលឆ្លងចូលដល់ឆ្នាំទី 2-3 ​​យើងអាចនិយាយបានថា ជាអំឡុងពេលនៃការសន្សំចំណេះដឹងផ្សេងៗ និងរំលាយចំណេះដឹងទាំងនោះឱ្យចូលជាមួយនឹងសមត្ថភាព​របស់កុមារ និងបង្កឱ្យកើតជាជំនាញផ្សេងៗដែលចាំបាច់ត្រូវប្រើពេលចូលសាលារៀនលើកដំបូងបំផុតក្នុងជីវិតរបស់គេ។

    នៅក្នុងវ័យនេះ គឺជាអំឡុងពេលមួយសំខាន់ណាស់ដែលអ្នកម្តាយត្រូវបង្ហាត់បង្រៀនរឿងជាច្រើនដល់កូន ជាពិសេសបំផុតជំនាញផ្សេងៗដែលត្រូវប្រើពេលនៅក្នុងសាលា…តើមានអ្វីខ្លះនោះ? សូមតាមដានដូចតទៅ ៖

    • ការចែករំលែក ៈ ដើម្បីឱ្យកូនបានស្គាល់ពីភាពមានទឹកចិត្ត និងចេះចែករំលែកការលេងជាមួយមិត្តភក្តិយ៉ាងមានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។
    • ការចេះជួយខ្លួនឯង ៈ ដូចជាការចេះស្លៀកពាក់ខោអាវ ពាក់ស្រោមជើង ពាក់ស្បែកជើងដោយខ្លួនឯង ជាដើម។
    • ការធ្វើបានតាមបញ្ជាស្រួលៗរបស់អ្នកគ្រូ ៈ ដូចជាយកសៀវភៅទៅដាក់លើតុ ប្រមូលសៀវភៅដាក់ចូលកាបូប-ល- ។
    • ការហាត់ឆ្លើយតប ពេលមានសិស្សដទៃមកនិយាយជាមួយ។
    • បង្ហាត់ឱ្យចេះស្តាប់គ្រូ និងឆ្លើយតប។
    • អាចនៅជាមួយសាច់ញាតិ ឬអ្នកមើលថែបានដោយមិនស្រែកយំ ក្នុងអំឡុងពេលដែលម្តាយមិននៅ។
    • ចេះថែទាំ និងសម្អាតរាងកាយបានដោយខ្លួនឯង។
    • ចេះប្រាប់ ពេលចង់ចូលបន្ទប់ទឹក ឬចង់បត់ជើងធំ។
    • ចេះប្រាប់ឈ្មោះពិត និងឈ្មោះលេងរបស់ខ្លួនឯងបាន រួមទាំងស្គាល់ឈ្មោះរបស់ឪពុកម្តាយទៀតផង។
    • អាចអង្គុយធ្វើកិច្ចការរបស់សាលាយ៉ាងស្ងាត់ស្ងៀមបានច្រើននាទី។

    ជំនាញទាំងអស់ខាងលើនេះ គឺជាអ្វីដែលអ្នកម្តាយត្រូវបង្ហាត់ឱ្យកូនចេះ និងដឹងតាំងពីពេលនៅផ្ទះឱ្យហើយជាស្រេច ដោយត្រូវចាប់ផ្តើមបង្ហាត់ម្តងបន្តិចៗ ប្រមាណជា 3-4​ ខែមុនពេលដែលកូនត្រូវចូលសាលារៀនលើកដំបូង ដើម្បីពេលដល់ថ្ងៃកូន​ចូលរៀន​មែនទែន កូននឹងបានដើរចូលសាលាយ៉ាងពើងទ្រូង និងជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងថា ច្បាស់ជាគ្មានបញ្ហាអ្វីទាំងអស់ ហើយអ្នកម្ដាយខ្លួនឯងក៏សប្បាយចិត្ត និងមិនមានការបារម្ភ៕

  • ជួយកូនឱ្យរៀនយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ

    ជួយកូនឱ្យរៀនយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ

    លោកឪពុកអ្នកម្តាយខ្លះអាចនឹងកើតអាការមិនត្រូវចិត្តភ្លាមៗតែម្ដង នៅពេលដែលកូនកំពុងធ្វើកិច្ចការផ្ទះហើយទាក់ ឬរអាក់រអួលក្នុងចំណុចដែលខ្លួនគិតថា “ងាយ”​ ឬជួនកាលកូនធ្វើខុសដោយសារតែគេមិនទាន់បានសង្កេតឃើញចំណុចអ្វីម៉្យាងនោះ ឪពុកម្ដាយក៏ស្រាប់តែបញ្ចេញអាការខឹងដាច់ក្បាល​ ដាច់​​​កន្ទុយ ធ្វើហាក់ដូចជាអ្វីៗលែងអាចកែខៃបានអ៊ីចឹង។ បណ្ដាលឱ្យបរិយាកាសក្នុងការធ្វើកិច្ចការផ្ទះរបស់កូន ប្រែទៅជាស្រងូតស្រងាត់ដូចគ្នា​នឹងបេះដូងរបស់កូនដែលត្រូវស្វិតទ្រោមអស់ដែរ។

    បើមិនចង់ឱ្យអំឡុងពេលនៃការធ្វើកិច្ចការផ្ទះក្លាយជាអំឡុងពេលដ៏អាក្រក់សម្រាប់ទាំងខ្លួនលោកអ្នក និងកូនសម្លាញ់របស់យើងនោះ ពេលនេះទស្សនាវដ្តី ឡារ៉ែនមានអត្តបទស្រាវជ្រាវវិភាគមួយដែលនឹងណែនាំអំពីវិធីធ្វើឱ្យម៉ោងធ្វើកិច្ចការផ្ទះរបស់កូនក្លាយជាម៉ោងនៃការរៀនយល់​​ដឹង​ដ៏ល្អមកជម្រាបជូន ព្រោះអ្នកវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយ “សម្លឹងមើលអ្វីជុំវិញខ្លួនក្នុងន័យល្អ ចិត្តត្រជាក់ៗ ផ្តល់នូវការគាំទ្រ និងផ្តល់នូវតម្លៃចំពោះការរៀនយល់ដឹង” នោះវានឹងក្លាយទៅជាជំនួយដ៏សំខាន់មួយដែលធ្វើឱ្យកុមារ “បានរៀនចេះដឹង” យ៉ាងពិតៗពីទម្រង់ហ្វឹកហាត់ទាំងអស់នោះ​។

    ផ្ទុយទៅវិញ ការដែលឪពុកម្តាយសម្លឹងឃើញកិច្ចការផ្ទះរបស់កូនគ្រាន់តែជាអ្វីមួយដែលត្រូវធ្វើឱ្យតែរួចៗពីដៃ ឬក៏ដាច់ខាតត្រូវតែធ្វើចេញមកឱ្យបានល្អស្អាតជ្រុលពេក លើសសមត្ថភាពរបស់ក្មេង(ដោយការបញ្ជាឱ្យសរសេតាម ឬឪពុក​ម្តាយ​ធ្វើជំនួស) ដើម្បីឱ្យបានពិន្ទុល្អៗពីលោកគ្រូនោះ ទាំងអស់នេះគឺជាការទាញកូនឱ្យធ្លាក់ក្នុងរង្វង់នៃការរៀនសូត្រដែលមិនត្រឹមត្រូវ​ទៅវិញទេ។

    ការវិភាគស្រាវជ្រាវមួយនេះបានសិក្សាពីការប្រព្រឹត្តរបស់កុមារថ្នាក់បឋមទី4​ ហើយនិងអាណាព្យាបាលចំនួន 135នាក់ ដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Bengurion ប្រទេស អ៊ីស្រាអែល ដែលលោកវេជ្ជបណ្ឌឹត Idit Kartz ជាម្ចាស់នៃការងារវិភាគស្រាវជ្រាវនេះបានរៀបរាប់ថា ៖

    “ឪពុកម្តាយអាចបង្កើតទំនោរចិត្តដល់កូនក្នុងការធ្វើកិច្ចការផ្ទះបានដោយការយល់ព្រមឱ្យកូនៗធ្វើកិច្ចការផ្ទះ​ដោយខ្លួនឯង មិនចូលទៅលូកលាន់ជ្រុលហួសពេក រួមទាំងមើលរំលងការខុសឆ្គងបន្តិចបន្តួចរបស់កូនខ្លះផង បើវាជាការធ្វើឱ្យកុមារ​សប្បាយ​​រីក​រាយក្នុងការធ្វើកិច្ចការផ្ទះរបស់គេនោះ”

    ក្រៅពីនោះ ការរៀបចំបរិយាកាសខាងក្នុងផ្ទះឱ្យមានភាពទាក់ទាញដល់ការចង់ធ្វើកិច្ចការផ្ទះរបស់កុមារ គឺជារឿងល្អ​​​​ប្រសើរមួយ​ ព្រោះ​​​បើ​បរិយាកាសល្អ មានឧបករណ៏សម្រាប់រៀនគ្រប់គ្រាន់ កុមារនឹងមានអារម្មណ៍ថា មាន​ចិត្តចង់រៀន ចង់ធ្វើជា​មិនខាន៕

  • ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    មិនគួរឲ្យជឿសោះ!!!

    កូននឹងរៀនពូកែ ប្រើប្រាស់ភាសានិងសំដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសំរបខ្លួនបាន​គ្រប់ស្ថានការណ៏ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេល​ល្ងាចនៅ​ក្នុង​​ផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពឹត​មែនឬ?

    ​ គឺជារឿងពឹត…លទ្ធផលនៃការសឹក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖

    1. កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។
    2. កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង ។
    3. កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគ​ធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។
    4. ពេលឈានចូលទៅរកវ័យត្រៀមជំទង់(ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសំរកទម្ងន់ដោយថ្នាំ(ចំពោះកូនស្រី) ពឹងបារី​បញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿង​បរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបាន​ទាន់​ពេល​​​​វេលា ។
    5. កុមារនឹងចេះសំរបខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នាកុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅ​តែ​​​មាន​ទំនាក់ទំនងនឹងគ្នា ហើយជិតដឹត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។

    ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…?

    កុមារអាចមានបញ្ហាក្នុងការរសនៅទាំងនៅផ្ទះ និងនៅសាលារៀន អាចចេះផឹកស្រាមុនអាយុ សេពគ្រឿងញៀន ឬអាចមានទង្វើខាងការបរិភោគដែលខុសពីប្រក្រតី ។ អ្នកស្រី បារ៏បារ៉ា ហ្វ៊ីស អ្នកវីភាគ និងជាសាស្ត្រាចារ្យមហាវិទ្យាល័យ អ៊ីលលីណយស៏ បានចង្អុលបង្ហាញថា ទោះជាមិនមានពេលវេលាទទួលទានអាហារជុំគ្នាបានរាល់ថ្ងៃក៏ដោយ តែយ៉ាងហោច​ណាស់គួររៀបចំឲ្យបាន 3ដងក្នុងមួយសប្តាហ៏ សុខភាពដ៏ល្អទាំងកាយ និងចិត្តរបស់កុមារក៏អាចកើតមានឡើងបានដែរ ៕

  • 3មាន និង 4មិន…គន្លឹះក្នុងការចិញ្ចឹមកូនប្រុស-ស្រី

    3មាន និង 4មិន…គន្លឹះក្នុងការចិញ្ចឹមកូនប្រុស-ស្រី

    ទោះជាប្រទេសកម្ពុជាយើងជាប្រទេសមួយដែលបើកទូលាយក្នុងការទទួលយកមនុស្សភេទទី3 ក៏ដោយ តែបេះដូងរបស់​មនុស្សដែលជាឪពុក និងម្តាយក៏នៅតែមិនចង់ឱ្យកូនក្លាយទៅជាមនុស្សភេទបែបនោះដែរ។ ថ្ងៃនេះ ឡារ៉ែន មានចំណុចប្រតិបត្តិដែលពាក់ព័ន្ធក្នុងរឿងនេះមក​ជម្រាបជូនលោកឪពុក និងអ្នកម្តាយ គឺ 3មាន និង 4មិន ដែលជាគន្លឹះក្នុងការចិញ្ចឹមកូនឱ្យត្រឹមត្រូវតាមភេទរបស់គេ។

    – 3មាន…តើអ្នកម្តាយមានឬទេ?

    1. ការយល់ដឹងដ៏ប្រពៃ : មនុស្សដែលជាឪពុក-ម្តាយ មានចំណែកធំធេងណាស់ក្នុងការកំណត់លក្ខណៈខាងភេទដល់កូនប្រុស កូនស្រីរបស់ខ្លួន។ ឪពុក និងម្តាយ និងមនុស្សជុំវិញខ្លួនគួរមានការយល់ដឹងក្នុងរឿងភេទរបស់កូន។ ពេលចង់ជជែកនិយាយ ចង់លេងសើច ឬចង់ធ្វើកិច្ចការងារណាមួយជាមួយកូន ត្រូវតែគិតដល់បែបបទខាងភេទរបស់កូនជាមុនជានិច្ច ដើម្បីឱ្យបានប្រតិបត្តិខ្លួនចំពោះកូនយ៉ាងត្រឹមត្រូវ និងស័ក្តិសម។
    2. ការសម្តែងចេញដ៏ប្រពៃ : ឪពុក និងម្តាយគួរមានការសម្តែងចេញចំពោះកូនយ៉ាងស័ក្តិសមតាមភេទ ដោយប្រតិបត្តិជាមួយកូនប្រុស កូនស្រីឱ្យខុសពីគ្នា។ បើកូនជាក្មេងប្រុស ពេលប្រឡែងលេងជាមួយកូន មានដូចជាហក់លោត តោងទាញ ឬសូម្បីតែឱ្យកូនរុញ-អូសវត្ថុធ្ងន់ៗ ដែលបង្ហាញឱ្យឃើញពីភាពរឹងមាំ ចំណែកកូនស្រីក៏លេងមួយបែបផ្សេងទៀត គឺលេងជាមួយកូនយ៉ាងទន់ភ្លន់ ថ្នមៗ ដូចជាឱ្យកូនលេងតុក្កតា លេងដេរប៉ះ ឬលេងដាំស្លបាយឡុកបាយឡជាដើម។
    3. មានអ្វីៗជុំវិញខ្លួនដែលប្រពៃ : ឪពុក-ម្តាយគួររៀបចំស្ថានភាពជុំវិញខ្លួនឱ្យស័ក្តិសមនឹងភេទរបស់កូន ដូចជា ពណ៌សម្លៀកបំពាក់ជាដើម ៈ កូនប្រុស ចូរឱ្យប្រើប្រាស់ពណ៌ផ្ទៃមេឃ កូនស្រីឱ្យជ្រើសរើសយកពណ៌ផ្កាឈូក ឬកូនប្រុសត្រូវឱ្យស្លៀកខោ និងកូនស្រីឱ្យស្លៀកសំពត់។ របស់លេងកូនប្រុស គឺតុក្កតាមនុស្សយន្ត កាំភ្លើង ឬឡាន ឯរបស់លេងកូនស្រីគឺ តុក្កតាកូនក្រមុំ ខ្សែកគ្រាប់អង្កាំ ឬចិញ្ចៀន ជាដើម ឯរបស់តុបតែងបន្ទប់វិញ កូនប្រុស គឺ​រូបភាព រថក្រោះ ឡានប្រណាំង រូបទាហាន ដែលបង្ហាញពីភាពជាកូនប្រុស ឯបន្ទប់កូនស្រីគួរមានរូបភាព នាងទេពអប្សរ ផ្កាកុលាប ដែលបង្ហាញពីភាពជាសុភាពនារី។

    – 4មិន…តើអ្នកម្តាយមានបានធ្វើទេ?

    1. មិនបានបង្រៀនកូនរឿងភេទ : កូនក្នុងវ័យនេះអាចរៀនយល់ដឹងបានហើយថា ខ្លួនឯងជាភេទអ្វី តាមរយៈការដែលឪពុក-ម្តាយហៅ និងកំណត់បែបបទឱ្យត្រូវតាមភេទរបស់កូន ទាំងការតុបតែងខ្លួន ការលេងរបស់លេង ការហៅឈ្មោះ ឬការហៅឈ្មោះលេង ជាដើម តែការមិនបានបង្រៀនកូនថា កូនជាស្រីត្រូវ​តែ​សុភាព​រាប​សា មិនមែនមកលោតហក់បែបនេះទេ ឬជាកូនប្រុសត្រូវតែម៉ឺងម៉ាត់ រឹងមាំ មកយំបែបនេះមិនល្អទេណា៎ និងមិនបានបង្រៀនឱ្យកូនដឹងថា កូនជាស្រី ឬជាកូន​ប្រុសតាំងពីតូចៗមកនោះ ក៏អាចនឹងធ្វើឱ្យកូនមិនកើតមានភាពយល់ដឹងដែលច្បាស់លាស់ក្នុងភេទខ្លួនឯងបានដូចគ្នា។
    2. មិនធ្វើជាគំរូដ៏ល្អ : ឪពុក-ម្តាយប្រតិបត្តិខ្លួនមិនស័ក្តិសមនឹងភេទរបស់ខ្លួនឯង ដូចជាម៉ាក់ជួសជុលផ្ទះ លាបជញ្ជាំងផ្ទះ ប៉ាដេរប៉ះខោអាវ រៀបចំផ្កាដាក់ក្នុងថូ ឪពុកគ្មានភាពជាអ្នកដឹកនាំ ធ្វើខ្លួនម្ញិកម្ញ៉ក់ តែម្តាយបែរជាកាចម៉ឺងម៉ាត់ហ្មត់ចត់ ជាអ្នកដឹកនាំគ្រួសារ។ ទាំងអស់នេះ​នឹងធ្វើឱ្យកូន​មាន​ការវិល​វល់យល់ច្រឡំក្នុងបែបបទខាងភេទបាន។
    3. មិននិយាយស្ដីខុសភេទ : និយាយជាមួយកូនមិនត្រឹមត្រូវ ដូចជានិយាយ “បាទ” ជាមួយកូនស្រី ឬនិយាយ “ចាស” ជាមួយកូនប្រុស ឬមិនបានបង្ហាត់ឱ្យកូន​ស្រីឆ្លើយ “ចាស” និងកូនប្រុសឆ្លើយ “បាទ” និងរួមទាំងពេលកូនប្រុសចេះជួយយកអាសាក្មេងស្រី ក៏មិនបាននិយាយសរសើរកូនថា ពូកែមែន! សុភាពបុរសគេត្រូវធ្វើអុីចឹង…ជាដើម។
    4. មិនជិតស្និទ្ធជាមួយកូន : ឪពុកមិនចូលមកលេងជិតស្និទ្ធជាមួយកូនប្រុស ម្តាយមិនចូលមកលេងជិតស្និទ្ធជាមួយកូនស្រី ធ្វើឱ្យកូនមិនអាចចម្លងយកបែបបទប្រចាំភេទរបស់ខ្លួនបាន ព្រោះការដែលឪពុក-ម្តាយចូលមកលេងជិតដិតស្និទ្ធស្នាលជាមួយកូនប្រុស-កូនស្រីនេះ គឺជាការជួយឱ្យកូនបានស្គាល់ពីបែបបទភេទរបស់ខ្លួនឯងបានយ៉ាងច្បាស់៕
  • អាការ 5យ៉ាងពេលកូនឈឺ ដែលឪពុក-ម្ដាយត្រូវឧស្សាហ៍សង្កេតមើល

    អាការ 5យ៉ាងពេលកូនឈឺ ដែលឪពុក-ម្ដាយត្រូវឧស្សាហ៍សង្កេតមើល

    ខណៈពេលកូននៅជាទារក មានរឿងមួយដែលឪពុក-ម្តាយមិនចង់ឱ្យកើតឡើងចំពោះកូនសោះនោះគឺ ការឈឺថ្កាត់ ព្រោះក្រៅពីធ្វើឱ្យកូនតូចយំរករឿងច្រើន ព្រោះមិនស្រួលនៅក្នុងខ្លួនហើយនោះ កូនថែមទាំងមិនអាចនិយាយប្រាប់ពីអាការរបស់គេឱ្យឪពុក-ម្ដាយដឹងថា ឈឺចាប់នៅត្រង់ណា ឬមាន​អារម្មណ៍ពិបាកយ៉ាងណាបានឡើយ ដូច្នេះមានវិធីតែមួយគត់ដែលឪពុក-ម្ដាយអាចដឹងបាន គឺការសង្កេតមើលហ្នឹងឯង។

    -ញ៉ាំតិច ឬមឹមទឹកដោះតិចជាងមុន

    ធ្លាប់តែពូកែញ៉ាំ មឹមបានច្រើន ស្រាប់តែញ៉ាំបានតិច ឬស្ទើរតែមិនញ៉ាំសោះទៅវិញ នេះគឺជាអាការចាប់ផ្តើមរបស់ការឈឺថ្កាត់ហើយ…ចូរព្យាយាមបញ្ចុកទឹកដោះ ឬទឹកឱ្យកូនមឹមឱ្យបានញឹកញាប់ (ចង់ឱ្យចឹបៗពីស្លាបព្រា ឬបឺតពីដបក៏បាន)។ ការឱ្យមឹមទឹកដោះ និងទឹកញឹកញាប់នេះនឹងជួយឱ្យរាងកាយរបស់កូនមិនបាត់បង់ជាតិទឹក។

    សង្កេតមើលបន្ថែម

    គួរសង្កេតមើលផងថា តើនៅខាងក្នុងមាត់កូនមានអ្វីខុសប្រក្រតីឬទេ? ដូចជា តើមានដំបៅលើអណ្តាត ឬសាច់ថ្ពាល់ខាងក្នុង ឬ​ក៏អត់? ព្រោះការមានដំបៅ ឬពងបែកនៅក្នុងមាត់ក៏ជាមូលហេតុមួយដែលធ្វើឱ្យកូនមិនព្រមបៅទឹកដោះ ឬញ៉ាំអាហារដែរ តែបើមិន​ប្រាកដក្នុងចិត្តចំពោះបញ្ហាដែលកើតឡើងនេះទេ គួរនាំកូនតូចទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមើលមូលហេតុ និងរក្សាព្យាបាលយ៉ាងត្រឹមត្រូវជាបន្ត។

    -ក្តៅខ្លួន

    សីតុណ្ហភាពក្នុងរាងកាយលើស 37អង្សាC គឺជាសញ្ញាដាស់តឿនថា រាងកាយកំពុងឈឺថ្កាត់ហើយ។ រាងកាយរបស់កូនផ្ទាល់ក៏មានភាព​ស៊ាំប្រឆាំង​នឹងជំងឺ ដែលមានតួនាទីប្រឆាំងមេរោគនៅក្នុងគ្រប់ផ្នែកនៃរាងកាយ និងបណ្តេញសារធាតុមិនល្អ ឬជាតិពុលរបស់មេរោគឱ្យ​ចេញ​ពីរាងកាយយ៉ាងឆាប់រហ័សដែរ ដូច្នេះនៅពេលអវយវៈគ្រប់ផ្នែករបស់រាងកាយរបស់កូនធ្វើការកាន់តែខ្លាំងឡើង នោះជាមូលហេតុដែលធ្វើឱ្យក្តៅខ្លួនហ្នឹងឯង។

    សង្កេតមើលបន្ថែម

    បើកម្ដៅខ្លួនឡើងខ្ពស់(លើស 38អង្សាC) ជាប់ៗគ្នារយៈពេល 24ម៉ោង អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះក្មេងតូចខ្លះអាចនឹង​ប្រកាច់បាន ជាពិសេសចំពោះឪពុក-ម្តាយណាដែលធ្លាប់មានប្រវត្តិប្រកាច់កាលពីនៅតូចៗ អាការនោះអាចនឹងកើតចំពោះកូនតូចរបស់យើងបាន។ ដូច្នេះពេលកូន​ចាប់ផ្តើមក្តៅខ្លួន ចូរបញ្ចុះកម្ដៅដោយការឧស្សាហ៍ជូតខ្លួនឱ្យកូនដោយកន្សែងត្រជាក់ និងកត់ត្រាសីតុណ្ហភាពចំណាំទុកផង។ បើកម្ដៅមិនថយចុះ ឬកាន់តែខ្ពស់ឡើង ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។

    -មានស្លេស្ម៍

    គឺជាអាការដែលកើតឡើងនៅពេលដែលរាងកាយឆ្លងមេរោគខាងប្រព័ន្ធដកដង្ហើម រហូតមានការជំរុញឱ្យសាច់ភ្នាសក្នុងប្រព័ន្ធដង្ហើមសាងស្លេស្ម៍ឡើង ហើយនឹងបាត់ទៅវិញបន្តិចម្តងៗ ដោយអាចកើតឡើងបានទាំងក្មេងតូច រហូតដល់ក្មេងធំ។ ស្លេស្ម៍ ឬសេម្ហៈនេះមិនមែនជាដើមហេតុរបស់ការកើតជំងឺទេ។ បើកើតក្នុងរយៈពេល 2 – 3ថ្ងៃ ហើយអាការល្អឡើងវិញជា​បណ្តើរៗនោះ ក៏អាចទុកចិត្តបានថា កូនតូចគ្រាន់តែផ្តាសាយធម្មតាទេ មិនបានឈឺធ្ងន់ធ្ងរអ្វីឡើយ។

    សង្កេតមើលបន្ថែម

    បើកូនតូចមានស្លេស្ម៍ព្រមជាមួយអាការផ្សេងទៀតដែរនោះ វាអាចជាកត្តាបញ្ជាក់ថា នឹងមានជំងឺដូចជា ដកដង្ហើមញាប់ ឆ្អឹងជំនី ឬដើម​ទ្រូងប៉ោងឡើងពេលដកដង្ហើម បាត់មាត់បាត់ក លែងសើចញញឹមស្រស់ស្រាយដូចមុន ស្រែកយំ រករឿង មិនព្រមបៅទឹកដោះ ឬមានក្អួតទៀតផងនោះ អ្នកម្តាយអាចសន្និដ្ឋានក្នុងរយៈដំបូងបានថា កូនអាចមិនមែនគ្រុនផ្តាសាយធម្មតាទេ ដូច្នេះត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បី​ពិនិត្យ និងព្យាបាលជាបន្ទាន់។

    -ក្អក

    អាការក្អក គឺជាការកម្ចាត់មេរោគ និងវត្ថុចម្លែកចេញពីរាងកាយ។ អាចជួបប្រទះនៅលើកូនតូច ដោយសារតែភាពស៊ាំនឹង​ជំងឺ​ដែលបានមកពីម្តាយថយចុះ ធ្វើឱ្យកូនមានឱកាសទទួលមេរោគកាន់តែងាយឡើង។ បើមានអាការក្អកជាប់ៗគ្នាច្រើនជាង 2 សប្តាហ៍ អាចក្លាយជាជំងឺក្អករ៉ាំរ៉ៃ ដែលជាមូលហេតុធ្វើឱ្យកូនតូចក្តៅខ្លួនបាន។

    សង្កេតមើលបន្ថែម

    នៅក្នុងវ័យ 1ខួបដំបូង រយៈពេលមានក្អកដំបូងមិនគួរប្រើថ្នាំបំបាត់អាការក្អកទេ តែគួរឱ្យកូនញ៉ាំទឹកក្តៅឧណ្ហៗឱ្យបានញឹកញាប់ វានឹងជួយឱ្យ​ស្លេស្ម៍មិនស្អិត និងបើកូនក្អក ហើយក្អែស្លេស្ម៍ចេញមកដែរនោះ អាការកូននឹងបានធូរស្រាលឡើង តែអ្វីដែលសំខាន់នោះ គឺគួរឱ្យកូនតូចគេងសម្រាក​ឱ្យ​បាន​​គ្រប់គ្រាន់ និងស្លៀកពាក់ខោអាវណាដែលផ្តល់នូវភាពកក់ក្តៅដល់រាងកាយផង។

    -សំឡេងដង្ហើម

    ការដែលកូនគេងដកដង្ហើមឮសូរខ្លាំង មូលហេតុភាគច្រើនគឺបណ្តាលមកពីការវិវឌ្ឍរបស់អវយវៈក្នុងប្រព័ន្ធដកដង្ហើម ដូចជាបំពង់ខ្យល់នៅមិនទាន់វិវឌ្ឍបានពេញលេញពេលកូនគេងផ្ងារ ឬក្មេងខ្លះដែលសន្ទះសាច់ខ្ចីនៅផ្នែកខាងមុខ​របស់ផ្លូវ​ដង្ហើម​នៅមិន​ទាន់​រឹងមាំ រួមទាំងក្រពេញទឹករងៃមួយប្រភេទឈ្មោះថា “ក្រពេញAdenoid” ដែលនៅក្នុងបរិវេណនោះធ្លាក់ចុះទៅ​បាំងផ្លូវ​ដង្ហើម ទើបធ្វើ​ឱ្យកូនដកដង្ហើមហើយឮសូរខ្លាំង តែនៅពេលសន្ទះសាច់ខាងមុខបំពង់ខ្យល់រឹងមាំឡើង រួមនឹងក្រពេញAdenoidក៏រួមតូចដែរនោះ សំឡេងដកដង្ហើមនោះក៏នឹងបាត់ទៅវិញដែរ។

    សង្កេតមើលបន្ថែម

    ក្នុងករណីដែលមានភាពខុសប្រក្រតី ដូចជា ដកដង្ហើមឮសូរខ្លាំង មានបបូរមាត់ពណ៌ខៀវជាំ ក្រចកឡើងពណ៌ស្វាយ នោះបញ្ជាក់ឱ្យដឹងថា កូនអាចមានបញ្ហារឿងការដកដង្ហើមមិនស្រួល ឬអាចមានអ្វីមួយមកជាប់ ឬឃាំងផ្លូវដង្ហើម អ្នកម្តាយគួរពិនិត្យមើលបំពង់ក និងច្រមុះ ហើយ​​​​បើមិនឃើញមានអ្វីខុសប្រក្រតី តែនៅតែមានអាការនោះដដែល ចូរប្រញាប់នាំកូនតូចទៅជួបគ្រូពេទ្យភ្លាមកុំបង្អង់យូរ ។

    អ្វីដែលអាចការពារមិនឱ្យបញ្ហារឿងសុខភាពរបស់កូនធ្លាក់ចុះធ្ងន់ធ្ងរ ក្លាយជាបញ្ហាធំបាននោះគឺ ការដែលអ្នកម្តាយចេះ​សង្កេតមើលហ្នឹងឯង៕