Tag: អ៊ីរ៉ង់

  • ឧត្តម​សេនី​យ៍ជាន់​ខ្ពស់របស់​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិតហើយ​ ដោយ​សារ​តែ​ COVID-19

    ឧត្តម​សេនី​យ៍ជាន់​ខ្ពស់របស់​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិតហើយ​ ដោយ​សារ​តែ​ COVID-19

    លោក Nasser Shabani ដែល​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិត ក្រោយ​ពី​បាន​ឆ្លង​មេរោគ​រលាក​សួត​ថ្មី COVID-19។

    ការ​ស្លាប់​របស់​មេបញ្ជាការ​ Shabani ត្រូវ​បាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ FARS បញ្ជាក់​នៅ​ក្នុង​ថ្ងៃ​ទី14មីនានេះ​។ លោក Shabani គឺជា​មេបញ្ជា​ការ​ជាន់​ខ្ពស់​បំផុត​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC)។ លោកបាន​បាត់​បង់​ជីវិត​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19។

    សារ​ព័ត៌មាន​ FARS មិន​បាន​រាយ​ការណ៍​អំពីមូលហេតុ​ដែល​លោក​ Shabani បាន​ឆ្លង​មេរោគ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​អាយុ​របស់​លោក​នោះ​ដែរ។ ក៏ប៉ុន្តែ លោក Shabani បាន​ចូល​រួម​បម្រើ​កង​ទ័ព​ចាប់​ពី​ឆ្នាំ​1982 នៅ​ក្នុង​សម័យ​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់។

    នៅប្រទេស​​អ៊ីរ៉ង់ មេរោគ​កូរ៉ូណា បាន​ឆ្លង​ទៅ​មនុស្ស​​ចំនួន 12,729​នាក់ ក្នុង​នោះ​មាន​ 611នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន 148,306​នាក់ ក្នុង​នោះ​មាន​ 5,539​នាក់​ស្លាប់ និង​ 71,718​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​…

    ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​…

    លោក Ali Akbar Velayati អាយុ74ឆ្នាំ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​អន្តរជាតិ​ រ​បស់​មេដឹក​នាំ​អ៊ីរ៉ង់ Ali Khamenei ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19។

    “Ali Akbar Velayati ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ​ Masih Daneshvari នៅ​ក្នុង​ទី​ក្រុង Tehran ផងដែរ​នោះ ធ្លាប់​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ពេល​នេះ លោក​ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា ហើយ​កំពុង​ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ផងដែរ​” នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Tasnim របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​12កន្លង​ទៅ​។

    លោក Ali Akbar Velayati ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អ៊ីរ៉ង់ ចាប់​ពី​ឆ្នាំ 1981-1997 មុន​ពេល​លោក​ក្លាយ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​​របស់​មេដឹក​នាំ​ Ali Khamenei។

    ប្រទេស​អ៊ីរ៉ង់​ ថ្ងៃ​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 ចំនួន​ 1,289នាក់ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ផ្ទុក​មេរោគ​នេះ កើន​ដល់ 11,364នាក់​។ ថ្ងៃ​នេះ អ៊ីរ៉ង់​ក៏បាន​បាត់​បង់​ពល​រដ្ឋ​ចំនួន​85នាក់​បន្ថែម​ទៀត​ដែរ​ ដោយ​សារ​តែ​មេរោគ​កូរ៉ូណា​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 514នាក់​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianoush Jahanpour៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • អនុប្រធានាធិបតី1រូប និង​រដ្ឋមន្ត្រី2រូប​របស់​អ៊ីរ៉ង់ បានឆ្លង​វីរុស COVID-19 ខណៈ​អ្នក​ស្លាប់​នៅ​ប្រទេស​នេះ​កើន​ដល់​345នាក់

    អនុប្រធានាធិបតី1រូប និង​រដ្ឋមន្ត្រី2រូប​របស់​អ៊ីរ៉ង់ បានឆ្លង​វីរុស COVID-19 ខណៈ​អ្នក​ស្លាប់​នៅ​ប្រទេស​នេះ​កើន​ដល់​345នាក់

    អនុប្រធានាធិបតីទី1របស់​ប្រទេស​អ៊ីរ៉ង់ Eshaq Jahangiri និង រដ្ឋមន្ត្រី​2រូប របស់​ប្រទេស​នេះ ត្រូវបាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស COVID-19 នេះ​បើ​តាម​សារព័ត៌មាន Fars។

    សារ​ព័ត៌មាន Fars ដកស្រង់​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​មួយ កាល​ពី​ថ្ងៃ​ទី11មីនា ឱ្យដឹងថា អនុប្រធានាធីបតី​​អ៊ីរ៉ង់ Eshaq Jahangiri បាន​ឆ្លងវីរុស COVID-19។ ព័ត៌មាន​នេះ ត្រូវ​បាន​លើក​ឡើង​ ក្រោយ​ពី​មាន​ដំណឹង​ចចាម​អារ៉ាម​អំពីស្ថាន​ភាព​សុខ​ភាព​របស់​លោក Eshaq Jahangiri ដោយ​សារ​តែ​លោក​មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំកំពូល​នានា​ក្នុង​ពេល​ថ្មី​ៗ​របស់​ប្រទេស​អ៊ីរ៉ង់។ បច្ចុប្បន្ន គេ​មិន​ទាន់​ដឹង​ថា លោក Eshaq Jahangiri ធ្លាប់​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani ក្នុង​ពេល​​ថ្មី​ៗ​នេះ​ដែរ ឬ​អត់​នោះ​ទេ​។

    សារ​ព័ត៌មាន Fars ក៏បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន អនុប្រធានាធិបតី​អ៊ីរ៉ង់ លោក Eshaq កំពុង​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពីគេ ហើយ​ស្ថាន​ភាព​សុខភាព​របស់​គាត់​នៅ​ល្អ​នៅ​ឡើយ។

    ក្រៅ​ពី​អនុប្រធានាធិតី​ Eshaq Jahangiri រដ្ឋ​មន្ត្រី​2រូប​ផ្សេង​ទៀត​របស់​ប្រទេស​អ៊ីរ៉ង់ ក៏ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញថា​មាន​ផ្ទុក​មេរោគ​ COVID-19 រួម​មាន​ រដ្ឋមន្ត្រី​ក្រសួងបេតិកភណ្ឌវប្បធម៌ និង​ទេសចរណ៍ Ali Asghar Mounesan និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​អាជីវកម្ម​ Reza Rahmani។

    បច្ចុប្បន្ន សារ​ព័ត៌មាន​របស់​រដ្ឋ​អ៊ីរ៉ង់ មិន​ទាន់​បាន​ចេញ​ប្រកាសជា​ផ្លូវ​ការ​អំពី​ករណី​ថ្មី​ទាំង​នេះ​នៅ​ឡើយ​។ បើ​សិន​ជា​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ នោះ​ករណី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​មន្ត្រី​កំពូល​ៗ​នៅ​អ៊ីរ៉ង់​ កាន់​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លងវីរុស​កូរ៉ូណា​នេះ​​ខ្ពស់​បំផុត​។ នេះ​បើ​តាម​សារ​ព័ត៌មាន Aljazeera។

    មុនករណី​នេះ អនុប្រធានាធិបតី​ទទួល​បន្ទុក​កិច្ច​ការ​នារី លោក​ស្រី Masoumeh Ebtekar និង​អនុរដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ លោក Iraj Harirchi រួម​នឹង​តំណាង​រាស្ត្រ​រាប់​សិប​នាក់​ផ្សេង​ទៀត​របស់​អ៊ីរ៉ង់ ក៏ត្រូវ​បាន​​បញ្ជាក់​ថា បាន​ឆ្លង​វីរុស​ COVID-19 ផងដែរ​។

    បច្ចុប្បន្ន អ៊ីរ៉ង់ គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​1 របស់​ពិភពលោក។ គិត​មក​ដល់​ពេល​នេះ ប្រទេស​អ៊ីរ៉ង់ មាន​អ្នក​ឆ្លងមេរោគ​នេះ​សរុប 9,000​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដល់​ទៅ 354នាក់​។

    នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​បាន​កើន​ដល់​ 125,865​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន 4,615​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ៊ីរ៉ង់កំពុងដុនដាបហើយ…មន្ត្រីលំដាប់ខ្ពស់នាំគ្នាឈឺដោយសារ COVID-19 បន្តបន្ទាប់គ្នា ឯស្ថិតិ 1ថ្ងៃស្លាប់ 11នាក់ ឆ្លងមេរោគ 835នាក់

    អ៊ីរ៉ង់កំពុងដុនដាបហើយ…មន្ត្រីលំដាប់ខ្ពស់នាំគ្នាឈឺដោយសារ COVID-19 បន្តបន្ទាប់គ្នា ឯស្ថិតិ 1ថ្ងៃស្លាប់ 11នាក់ ឆ្លងមេរោគ 835នាក់

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានប្រហារជីវិតបន្ថែមទៀត 77នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ អាជ្ញាធរបានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារ(ទី3មីនា) ខណៈដែលអគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានក្លាយជាមន្ត្រីលំដាប់ខ្ពស់ក្រោយគេបំផុតដែលឆ្លងមេរោគមរណៈមួយនេះ។ នេះបើតាមរបាយការណ៍ព័ត៌មានរបស់AFP។

    អ៊ីរ៉ង់កំពុងប្រវេប្រវាក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ដោយបានកំណត់វិធានការផ្សេងៗជាច្រើន ទាំងបិទសាលារៀន និងមហាវិទ្យាល័យ រួមទាំងផ្អាករាល់កិច្ចការងារខាងផ្នែកវប្បធម៌ និងកីឡាសំខាន់ៗ ព្រមទាំងកែសម្រួលម៉ោងពេលធ្វើការទៀតផង។

    នៅថ្ងៃអង្គារ(ទី3មីនា) អ៊ីរ៉ង់បានថ្លែងអំពីការរកឃើញអ្នកស្លាប់បន្ថែមទៀត 11នាក់ និងរកឃើញអ្នកឆ្លងមេរោគថ្មីទៀត 835នាក់ ដែលអាចរាប់បានថា ជាថ្ងៃដែលកើនឡើងច្រើនបំផុត រាប់ចាប់ពីមេរោគចាប់ផ្ដើមឆ្លងរាលដាលចូលមកក្នុងប្រទេសមួយនេះកាលពីជិត 2សប្ដាហ៍មុន។

    “តាមរយៈព័ត៌មានចុងក្រោយបំផុត មានអ្នកជំងឺថ្មីកើនឡើង 835នាក់” លោក អាលីរេហ្សា រ៉ៃហ្ស៊ី រដ្ឋមន្ត្រីស្ដីទីក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់ថ្លែង “ជាគ្រោះដ៏សែនអាក្រក់ យើងមានអ្នកស្លាប់កើនឡើង 11នាក់ និងដោយចំនួននេះ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគរបស់យើងកើនឡើងដល់ 2,336នាក់ និងស្លាប់សរុប 77នាក់”។

    អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានបង្ហើបឱ្យដឹងថា លោក ភីហស់ហ្សេន ខូលីវ៉ាន់ អគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ ដែលជាមន្ត្រីលំដាប់ខ្ពស់ គឺជាអ្នកឆ្លងមេរោគ COVID-19 ថ្មីបំផុតនៅក្នុងប្រទេស។

    ការអះអាងនេះ បានកើតឡើង 1ថ្ងៃក្រោយពីទីភ្នាក់ងារព័ត៌មាន ថាស្នីម នីវស៍ បានរាយការណ៍ថា វីរុសបានប្រហារជីវិតលោក ម៉ូហាម៉ាដ មីម៉ូហាំម៉ាឌី សមាជិកសភាអ្នកសម្រេចកិច្ចការ ដែលជាទីប្រឹក្សារបស់មេដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់។

    មូលហេតុនៃការស្លាប់នេះ មិនទាន់កើតមានឡើងទេ បន្ទាប់ពីលោក ម៉ាហ្ស៊ូមេ អេបតេការ អនុប្រធានាធិបតីផ្នែកកិច្ចការស្ត្រី និងគ្រួសារ និងលោក អ៊ិរ៉ាច ហារីឈី អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានរកឃើញថា ឆ្លងមេរោគ COVID-19។

    អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ថា វិធានការបិទសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃសៅរ៍(ទី29កុម្ភៈ) ដោយសារតែការឆ្លងរាលដាលរបស់វីរុស នឹងត្រូវពង្រីកពេលវេលាចេញទៅរហូតដល់ចុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតនៅក្រៅប្រទេសចិនដែលជាចំណុចចាប់ផ្ដើមនែការឆ្លងរាតត្បាត៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​​ Covid-19 នៅ​អ៊ីរ៉ង់​ កើន​ដល់​​34នាក់​ ខណៈ​អ្នក​បាន​ឆ្លង​មេរោគ​ថ្មី​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​

    អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​​ Covid-19 នៅ​អ៊ីរ៉ង់​ កើន​ដល់​​34នាក់​ ខណៈ​អ្នក​បាន​ឆ្លង​មេរោគ​ថ្មី​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​

    នៅ​ប្រទេស​អ៊ីរ៉ង់ អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​សម្លាប់​មនុស្ស​បន្ថែម​​8នាក់ និង​បាន​​ឆ្លង​ទៅ​មនុស្ស​ចំនួន​134​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះនៅ​អ៊ីរ៉ង់ កើន​ឡើង​ដល់​388​នាក់។

    “388នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ Covid-19 និង​មនុស្ស​ចំនួន​34នាក់​បាន​បាត់​បង់​ជីវិត បើគិតមក​ដល់​ថ្ងៃទី​28កុម្ភៈ​នេះ។ ​អ្នក​ឆ្លង​មេរោគ​ថ្មីចំនួន64ករណី​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋធានី​ Tehran។ ខេត្ត​ចំនួន​64របស់​អ៊ីរ៉ង់ ត្រូវ​បាន​រាយ​ការណ៍​ថាមាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19” នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianooush Jahanpour ដែល​បាន​ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​ថ្ងៃ​នេះ​។

    បច្ចុប្បន្ន​ អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា Covid-19 ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​។

    មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ជា​ច្រើន​រូប​បាន​ឆ្លង​មេរោគ​ដ៏កាច​សាហាវ​ Covid-19 នេះ ក្នុង​នោះ​មានអនុប្រធានា​ធិបតី​​អ៊ីរ៉ង់ លោក​ស្រី Masoumeh Ebtekar ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ និង​សន្តិ​សុខ​ជាតិ​របស់​សភាអ៊ីរ៉ង់ លោក​ Mojtaba Zolnour អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល លោក​​ Iraj Harirchi និង​សមាជិក​សភាអ៊ីរ៉ង់ លោក Mahmoud Sadeghi។

    សូម​រំឭកថា អាសន្ន​រោគ​កូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ដំបូង​កាល​ពី​ចុង​ឆ្នាំ​2019នៅ​ប្រទេស​ចិន។ គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 ចំនួន 83,774​នាក់ និង​មាន​អ្នក​ស្លាប់ចំនួន​​2,867​នាក់​ ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​នេះ​៕

    ប្រភព៖ សារ​ព័ត៌​មាន​បរទេស

  • អនុប្រធានាធិបតី​អ៊ីរ៉ង់​ទទួល​បន្ទុក​កិច្ច​ការ​នា​រី​ និង​គ្រួសារ​ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19

    អនុប្រធានាធិបតី​អ៊ីរ៉ង់​ទទួល​បន្ទុក​កិច្ច​ការ​នា​រី​ និង​គ្រួសារ​ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19

    ក្នុង​រយៈ​ពេល​មិន​ដល់​2ថ្ងៃ​ បន្ទាប់​ពី​អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ និង​សមាជិក​សភា​មួយ​រូប​ទៀត​​បាន​ឆ្លង​វីរុស​កូរ៉ូណា ពេល​នេះ ក៏មាន​មន្ត្រី​ធំ​ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ Covid-19។

    កាល​ពី​ថ្ងៃទី​24​កុម្ភៈ អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ ហើយ​លោក​បាន​ថ្លែង​ថា ពុំ​មាន​ករណី​ស្លាប់​ចំនួន​50នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​នេះ ដូច​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​នានា​នោះ​ទេ​។ ប៉ុន្តែ ក្រោយ​មក លោក​អនុរដ្ឋ​មន្ត្រី​រូប​នេះ​ក៏​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ Covid-19។

    ចំណែក​ពេល​នេះ មានមន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​ផ្សេង​ទៀត​របស់​អ៊ីរ៉ង់ បាន​ឆ្លង​មេរោគ​កូរ៉ូណា នោះគឺ​អនុ​អនុប្រធានា​ធិបតី​អ៊ីរ៉ង់ ទទួល​បន្ទុក​​កិច្ច​ការ​នារី​ និង​គ្រួសារ​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មានមួយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​រាយ​ការណ៍​ថា លោក​ស្រី Masoumeh បាន​ឆ្លង​វីរុស​កូរ៉ូណា​ ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ថា លោក​ស្រី​បាន​ឆ្លង​​មេរោគ​នេះ​នៅ​ពេល​ណា​ និង​កន្លែង​ណា​នោះ​ទេ​។

    ​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា លោក​ស្រី Masoumeh ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រធានា​ធិប​តីអ៊ីរ៉ង់​ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ នៅ​មុន​ពេល​លោក​ស្រី​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​​មេរោគ​កូរ៉ូណា​។

    ក្រៅ​ពី​អនុប្រធានាធិបតី​អ៊ីរ៉ង់ លោក​ស្រី Masoumeh ក៏​មាន​មេដឹក​នាំ​គណៈកម្ម​ការ​សន្តិ​សុខ​ និង​កិច្ច​បរទេស​របស់​រដ្ឋ​សភា​អ៊ីរ៉ង់ផងដែរ​ ដែល​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19​។

    គិត​មក​ដល់​ព្រឹក​នេះ អ៊ីរ៉ង់​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​26នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​មាន​ចំនួន​245នាក់​ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មានអ្នក​ស្លាប់​ឡើង​ដល់​2,858​នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ ឡើង​ដល់​83,342នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អនុរដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់ មាន​រោគសញ្ញានៃ​ជំងឺកូរ៉ូណា COVID-19​ មុន​ពេល​ដឹង​ថាបាន​ឆ្លង​វីរុសនេះ(វីដេអូ)

    អនុរដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់ មាន​រោគសញ្ញានៃ​ជំងឺកូរ៉ូណា COVID-19​ មុន​ពេល​ដឹង​ថាបាន​ឆ្លង​វីរុសនេះ(វីដេអូ)

    ឃ្លីបវីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ បាន​ឱ្យ​​ឃើញ​ថា អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក​​ Iraj Harirchi មាន​អាការ​មិន​ធម្មតា​ទាក់​ទិន​នឹង​សុខ​ភាព​​ នៅ​មុន​ពេល​គាត់​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ់ូណា​ COVID-19។

    កាល​ពី​ថ្ងៃទី​25កុម្ភៈ សារ​ព័ត៌មាន​របស់​រដ្ឋ​អ៊ីរ៉ង់​ បាន​ចេញ្​ផ្សាយ​ថា អនុរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អ៊ីរ៉ង់់​ លោក Harirchi បាន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី COVID-19។ មុន​នោះ លោក​ Harirchi បាន​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ជាមួយ​នឹង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី24កុម្ភៈ ដើម្បី​ប្រកាស​អំពី​ប្រតិ​កម្ម​របស់​ប្រទេស​នេះ​ទៅ​នឹង​អាសន្ន​រោគ​កូរ៉ូណា។

    រូប​ភាព​ពី​ឃ្លីបវីដេអូ​បាន​បង្ហាញថា អនុរដ្ឋ​មន្ត្រី​សុខាភិបាល​រូប​នេះ បាន​យក​កន្សែង​ជូត​ថ្ងាស និងជូត​ច្រមុះ​ជា​បន្ត​បន្ទាប់​។ កាល​ណោះ លោក Harirchi ហាក់មាន​បញ្ហា​សុខ​ភាពទៅ​ហើយ​ ខណៈ​លោក​តែង​តែ​បែក​ញើស​​តាំង​ពីសន្និ​សីទ​កាសែត​បាន​​ចាប់​ផ្ដើម​ រហូត​ដល់​បាន​បញ្ចប់​។

    នៅ​ក្នុង​សន្និ​សីទ​កាសែត​នោះ អនុរដ្ឋ​មន្ត្រី​រូប​នេះ​ បាន​ទាត់​ចោល​រាល់​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ចំនួន​50នាក់​ នៅឯទីក្រុង​ Qom។ លោក​ថែម​ទាំង​បាន​និយាយ​ថា​ នឹង​លាឈប់​ពី​តំណែង​ប្រសិន​បើ​ព័ត៌មាន​នោះ​គឺជា​ការ​ពិត​។

    ក្រៅ​ពី​សន្និសីទ​កាសែត​ខាង​លើ លោក​ Harirchi ក៏​មាន​កិច្ច​សម្ភាស​មួយ​ជាមួយ​​អ្នក​យក​ព័ត៌មាន​នៃ​ទូរទស្សន៍​អ៊ីរ៉ង់​ផងដែរ​។ ក្នុង​កិច្ច​សម្ភាស លោក​មាន​អាការ​ក្អក​ជា​ច្រើន​ដង និង​តែង​យក​ដៃ​ជូត​ច្រមុះ។ នេះ​បើ​តាម​សារព័ត៌មាន​ RT។

    នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍ទាំង​ពីរ​ខាងលើ លោក​អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ មិន​បាន​ពាក់​ម៉ាស់​នោះ​ទេ​។ បន្ទាប់​ពី​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា លោក​ Harirchi ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ចម្លង​មេរោគ​នេះ​ទៅ​​មនុស្ស​ជា​ច្រើន​​នាក់​ដែល​ធ្លាប់​នៅ​ក្បែរ​គាត់​។

    ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី25កុម្ភៈ បាន​ឱ្យ​ដឹង​ថា ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​16នាក់ ខណៈ​អ្នក​មាន​ផ្ទុកមេរោគ​នេះ ចំនួន​95នាក់ និង​900នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​គេ​សង្ស័យ​ថា​បាន​ឆ្លង​មេរោគ​នេះ​។ អ៊ីរ៉ង់ បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​។

    គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ ឡើង​ដល់ 2,762 នាក់​ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន​81,005​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អនុរដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ មាន​ផ្ទុក​មេរោគ​កូរ៉ូណា បន្ទាប់​ពី​ធ្វើ​តេស្ត​

    អនុរដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ មាន​ផ្ទុក​មេរោគ​កូរ៉ូណា បន្ទាប់​ពី​ធ្វើ​តេស្ត​

    អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Iraj Harirchi ​ត្រូវ​បាន​គេ​រកឃើញថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ក្រោយ​ការ​ធ្វើ​តេស្ត​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋអ៊ីរ៉ង់​។

    Iraj Harirchi គឺជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​នៃ​​ប្រទេស​នេះ​។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាស​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​នៅ​ក្នុង​ថ្ងៃនេះ​ថា លោក​ Iraj Harirchi បាន​ឆ្លង​មេរោគ​ និង​កំពុង​ទទួល​ការ​ព្យាបាល​។

    សារ​ព័ត៌មាន​អ៊ីរ៉ង់​ ILNA ដក​ស្រង់​សម្ដី​របស់​ក្រុម​មន្ត្រី​ពី​ទីក្រុង​ Qom បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ចំនួន​50នាក់​ហើយ​នៅ​តំបន់នោះ​។

    ក៏ប៉ុន្តែ លោក​អនុរដ្ឋ​មន្ត្រី​ Harirchi បាន​ច្រាន​ចោល​ព័ត៌មាន​ចចាម​អារ៉ាម​ខាង​លើ​។ លោក​ថា លោក​នឹង​លា​លែង​ពី​តំណែង​បើ​សិន​ជា​មាន​អ្នក​ស្លាប់​ចំនួន​ត្រឹម​ពាក់​កណ្ដាល​នៃ​ចំនួន​ដែល​គេ​បាន​ចុះ​ផ្សាយ​។

    ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​ក្នុង​ថ្ងៃទី25កុម្ភៈ​នេះ បាន​ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​16នាក់​ហើយ​។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianoush Jahanpour ​ក៏​បាន​បញ្ជាក់​​ដែរ​ថា មក​ដល់​ថ្ងៃនេះ អ៊ីរ៉ង់​មាន​អ្នកផ្ទុកមេរោគ​កូរ៉ូណា​ COVID-19 សរុប​ចំនួន​95នាក់​។

    ទីក្រុង​ Tehran បច្ចុប្បន្ន មិន​ទាន់​បញ្ជាក់​ថា មាន​អ្នក​ជំងឺកូរ៉ូណា​ចំនួន​​ប៉ុន្មាន​នាក់​កំពុង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​​ឡែក​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាល​ដាល​នោះ​ទេ​ ប៉ុន្តែ​សារ​ព័ត៌មាន MEHR បាន​ចុះផ្សាយ​ថា មាន​អ្នក​ជំងឺ​320​នាក់​កំពុង​ត្រូវ​បាន​ព្យា​បាលក្នុង​មន្ទីរពេទ្យ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស