Tag: អូស្ត្រាលី

  • Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។

    រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។

    មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។

    Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

    «យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹង​ធ្វើឱ្យ​យន្តហោះ​ធ្ងន់ ខណៈដែល​ប្រើ​អ៊ីដ្រូសែន វា​នឹង​ស្រាល។ អ៊ីដ្រូសែន​ក៏មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ធៀប​នឹង​ឥន្ធនៈ​ប្រតិកម្ម​ធម្មតា» Martina Lofqvist ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Destinus អះអាង​ដូច្នេះ។

    គោលដៅ​យូរអង្វែង​របស់ Destinus គឺ​ការហោះហើរ​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន​ទាំងស្រុង និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ខ្លី Destinus នឹង​ប្រើប្រាស់​សាំង​យន្តហោះ​ធម្មតា ហើយ​ក្រោយមក​នឹង​ប្ដូរ​ទៅប្រើ​អ៊ីដ្រូសែន​សម្រាប់​ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។

    Destinus 3 នឹង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​អាច​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់​ឱ្យ​ដំណើរការ​យន្តហោះ​ដឹក​ភ្ញៀវ​ខ្នាតតូច​ដែល​អាចដាក់​អ្នកដំណើរ​បាន 25 នាក់ ផ្ដោតលើ​អតិថិជន​អ្នកមាន។ ឆ្នាំ 2040 កំណែ​ពេញ​លេញ​​នឹងត្រូវ​បាន​ចែកជា​ច្រើន​លំដាប់ ក្នុងនោះ​មាន​ទាំង​លំដាប់​សម្រាប់​អតិថិជន​ធម្មតា​ផងដែរ៕

  • អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ប្រភេទ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ “ការ​ស្រេកឃ្លាន​” នៅ​សហរដ្ឋ​អាមេរិក

    អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ប្រភេទ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ “ការ​ស្រេកឃ្លាន​” នៅ​សហរដ្ឋ​អាមេរិក

    រោង​ចក្រ​ចម្រាញ់​មាស​ធំជាង​គេ​របស់​ប្រទេស​អូស្ត្រាលី Perth Mint បាន​ចាប់​ផ្ដើម​បង្កើន​ផលិត​កម្ម​របស់​ខ្លួន ដោយ​ផ្ដោត​ទៅលើ​មាស​ប្រភេទ​បន្ទះ​ក្រាស់​ដែល​មាន​ទម្ងន់​1កីឡូក្រាម ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្គត់​ផ្គង់​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​។

    តាម​ធម្មតា យន្តហោះ​ដឹក​អ្នក​ដំណើរ តែង​តែ​ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ផលិត​ផល​ធ្វើ​អំពី​មាស ប៉ុន្តែការ​ដួល​រលំនៃ​វិស័យ​អាកាស​ចរណ៍​ និង​អាក់​ខាន​​ដោយ​សារ​វិបត្តិ​សុខភាព​​ COVID-19​ បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្គត់​ផ្គង់​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ដុំ​មាស​ប្រភេទ​ទម្ងន់​1គីឡូក្រាម​​ តែង​ត្រូវ​បាន​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​កិច្ចសន្យា​ ឬ​កិច្ច​ព្រម​ព្រៀងអនាគត​របស់​ Comex។

    COMEX គឺ​ជា​ទី​ផ្សារ​អនាគត​ ដែល​ជា​កន្លែង​ជួញដូរ​ផលិត​ផល​លោហធាតុ ដូចជា មាស ប្រាក់ ស្ពាន់​ និង​អាលុយ​មីញ៉ូម​។ កន្លង​មក COMEX ត្រូវ​បាន​គេ​ហៅ​ថា​ជា​ក្រុម​ហ៊ុន​ជួញ​ដូរ​ផលិត​ផល​ COMEX ក្រោយ​ពី​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន New York Mercantile Exchange នាឆ្នាំ​1994 ហើយ​ក៏បាន​ក្លាយជា​ផ្នែក​មួយដែល​ទទួល​បន្ទុក​ក្នុង​ការ​ជួញ​ដូរ​ផ្នែក​លោហ​ធាតុ​​មាន​តម្លៃ​។

    Richard Hayes ដែល​ជា​នាយក​ប្រតិបត្តិ​របស់ Perth Mint បាន​ឱ្យ​ដឹង​ថា “បច្ចុប្បន្ន យើង​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​ ឱ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន​។ យើង​ប្រហែល​ជា​អាច​ផលិត​បាន​7តោន​កន្លះ​ក្នុង​1សប្ដាហ៍​ ហើយ​យើង​នឹង​លក់​វា​ទាំង​អស់​ដោយ​ងាយ​នៅ​ក្នុង​ខែ​ឧសភា​​ខាង​មុខ​។ ភាគ​ច្រើន​លើស​លុប​នៃ​ផលិត​ផល​មាស​ដែល​នឹង​ត្រូវ​បាន​ផលិត​នេះ គឺ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ទីផ្សារ​ COMEX”។

    នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​នៃ​ខែ​មីនាដែល​ទីផ្សារ​មាស​ត្រូវ​ច្របូល​ច្របល់ ថ្លៃ​ឈ្នួល​​ធានា​រ៉ាប់​រង​អនាគត​មាស​របស់ New York ធៀប​នឹង​តម្លៃ​ផ្គត់​ផ្គង់​ភ្លាម​ៗ​នៅ​ទីក្រុង​ឡុងដ៍ បាន​កើន​លើស​70​ដុល្លារ​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​អំឡុង​4​ទសវត្សរ៍​កន្លង​មក​នេះ​។ បន្ទាប់​មក​ ការ​ឡើង​ថ្លៃ​នេះ​ក៏បាន​រាល​ដាល​ទៅក្នុង​ទី​ផ្សារ​ផ្សេង​ៗ ហើយ​ក្រោយ​មក​តម្លៃ​របស់​វា​ក៏បាន​​ចុះ​មក​នៅ​ត្រឹម​21​ដុល្លារ​។

    រោង​ចក្រផលិត​មាស​ Perth Mint ជាកន្លែង​ដែល​បាន​បើក​ដំណើរ​ការ​ចង្វាក់​ផលិត​កម្មមួយ​ផ្នែក​ឡើង​វិញ​​​ដើម្បីផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​សម្រាប់​ទប់​ទល់​នឹង​វិបត្តិនៃ​​ប្រភព​ផ្គត់​ផ្គង់ បាន​ព្យាករ​ថា តម្រូវ​ការ​មាស​បច្ចុប្បន្ន គ្រាន់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

    វិបត្តិ​សុខភាព​បច្ចុប្បន្ន បាន​នាំ​មក​នូវ​ការ​ងារ​ច្រើន​សម្រាប់​រោង​ចក្រ​ចម្រាញ់​មាស​ ក្នុង​ការ​ស្វែង​រក​ប្រភព​វត្ថុ​ធាតុ​ដើម​បន្ថែម​ពី​អ្នក​ផ្គត់ផ្គង់​នៅ​អូស្ត្រាលី​ និង​បណ្ដា​ប្រទេស​ជិត​ខាង​ ដែល​ក្នុងនោះ​ក៏មាន Papua New Guinea​ ផង​ដែរ​។

    Hayes បាន​ឱ្យ​ដឹង​ថា “ក្រុម​ហ៊ុន​ផលិត​មាស Perth Mint បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ​នឹង​បណ្ដា​ក្រុម​អ្នក​ផលិត និង​ធ្វើ​សកម្ម​ភាព​ទាក់​ទិន​នឹង​មាស​ក្នុង​រយៈ​ពេល​12​ខែ​កន្លង​មក ដើម្បី​ជួយ​ចាត់​ចែង​វត្ថុ​ធាតុ​ដែល​ពួក​គេ​រុករក​បាន​។ ចាប់​តាំង​ពី​បណ្ដាញ​ផ្គង់​ផ្គង់​បាន​អាក់ខានដោយ​សារ​ COVID-19 បណ្ដា​ក្រុម​ហ៊ុន​រុករករែ​ទូទាំង​ពិភពលោក បាន​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​បណ្ដា​រោង​ចាក់​ចម្រាញ់​មាស​​”។

    Hayes ថ្លែង​ថា បច្ចុប្បន្នតម្រូវ​ការ​ទិញ​ និង​លក់​រាយ​​ផ្នែក​លោហ​ធាតុ​មាន​តម្លៃ​នៅ​អាមេរិក​ និង​អឺរ៉ុប មានការ​កើន​ឡើង។ Hayes បន្ត​ថា “ចំពោះ​រាល់​លោហ​ធាតុ​ដែល​យើង​រក​បាន​ ដូច​ជា​មាស ឬ​ប្រាក់ យើង​អាច​លក់​បាន​យ៉ាង​ឆាប់​រហ័ស​។ ខ្ញុំ​យល់​ថា តម្រូវ​ការ​ខ្លាំង​ក្លា​នោះនឹង​អូស​បន្លាយ​យូរ​បន្តិច​ ព្រោះ​អ្នក​រាល់​គ្នា​ មាន​ការ​ភ័យ​ខ្លាច​ពេក​នៅចំពោះ​មុខ​សោក​នាដ​កម្ម​ COVID-19នេះ​”៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី ឆ្លង COVID-19 ខណៈ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ចំនួន​3នាក់

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី ឆ្លង COVID-19 ខណៈ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ចំនួន​3នាក់

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 និង​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​រដ្ឋ​ Queensland ដើម្បី​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យា​បាល​។

    “កាល​ពី​ព្រឹក​នេះ ខ្ញុំ​បាន​ក្រោក​ពី​គេង ស្រាប់​តែមាន​អារម្មណ៍​ថា​ក្ដៅខ្លួន និង​ឈឺបំពង់ក​។ ខ្ញុំក៏​បាន​ទាក់​ទងទៅ​កាន់​ក្រុម​គ្រូពេទ្យ ហើយ​ក៏​បាន​ធ្វើ​តេស្ត​រក​មេរោគ។ ក្រោយ​មក ពួកគេ​ឱ្យ​ដឹង​ថា ខ្ញុំ​បាន​ឆ្លងមេរោគ​ COVID-19” នេះ​ជា​ការ​ឱ្យ​ដឹង​របស់រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton។

    បច្ចុប្បន្ន លោក​រដ្ឋ​មន្ត្រី​ កំពុង​សម្រាក​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ។ លោក​បាន​ឱ្យ​ដឹង​ដែរ​ថា លោក​មាន​សុខភាព​ល្អប្រសើរ​នៅ​ឡើយ។ ​

    លោក Dutton គឺជា​អ្នកនយោបាយ​អូស្ត្រាលី​ទី​1ហើយ ដែល​បាន​ឆ្លង​វីរុស​ COVID-19។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​អូស្ត្រាលី​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាចំនួន 150​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន 3នាក់ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ដែលបាន​ឆ្លងមេរោគ​នេះ កើន​ឡើងដល់128,343នាក់ ក្នុង​នោះ​មាន 4,720​នាក់​ បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ហេតុ​អ្វី​អូស្ត្រាលី ត្រូវ​ “រំជើបរំជួល” ជាមួយ​នឹង​ក្រដាស់​អនាម័យ​ ក្នុង​គ្រា​ Covid-19 កំពុង​រាត​ត្បាត​ពិភពលោក?

    ហេតុ​អ្វី​អូស្ត្រាលី ត្រូវ​ “រំជើបរំជួល” ជាមួយ​នឹង​ក្រដាស់​អនាម័យ​ ក្នុង​គ្រា​ Covid-19 កំពុង​រាត​ត្បាត​ពិភពលោក?

    បន្ទាប់​ពី​ ហុង​កុង សិង្ហបុរី​ និង​ជប៉ុន ពេល​នេះ​ដល់​វេន​អូស្ត្រាលី​វិញ​ម្ដង​ ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​ក្រដាស​អនាម័យ​ក្នុង​ផ្សារ​ទំនើប​ ត្រូវ​បាន​គេ​ដណ្ដើម​គ្នា​ទិញ​អស់​ពី​ផ្សារ​ និង​ឃ្លាំង​ ហើយ​ថែម​ទាំង​មាន​ការ​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក​នៅ​លើ​ផ្សារ​អនឡាញ។

    ជំនួស​ឱ្យ​ល្បៀង​អាហារ​ ប្រជាជន​អូស្ត្រា​លី​បែរ​ជា​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ក្រដាស​អនាម័យ​ទៅ​វិញ​។ អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​សារ​រូប​ភាព​បង្ហាញ​អំពី​ការ​ប្រមូល​ទិញ​ក្រដាស​អនាម័យ​ និង​តម្លៃ​របស់​វា​លោត​ឡើង​ខ្ពស់​មិន​គួរ​ឱ្យ​ជឿ។

    Patrick Wright ដែល​ជា​អ្នក​យក​ព័ត៌មាន​របស់ ABC Life បាន​ថ្លែង​នៅ​ពេល​បាន​ឃើញ​ទិដ្ឋ​ភាព​នេះ​ថា “នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ ហើយ​សូម្បី​តែ​ខ្ញុំ​គិត​ថា ខ្លួន​ឯង​ជា​មនុស្ស​មាន​ហេតុ​ផល​ ក៏​វា​នៅ​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​”។

    អ្នក​ជំនួញ​លើ​ផ្សារ​អនឡាញ​មួយ​ចំនួន​ បាន​ព្យាយាម​ឆក់​យក​ឱកាស​នេះ​ដើម្បី​ស្វែង​រក​ចំណេញ​។ ទំព័រ News របស់​អូស្ត្រាលី​ បាន​ចេញផ្សាយ​ថា មាន​ករណី​ខ្លះ​បាន​ដាក់​លក់​ក្រដាស់​អនាម័យ​​ក្នុង​តម្លៃ​ខ្ពស់ ដូចជា​ 24ដុល្លារ​អូស្តាលី​សម្រាប់​1ប្រអប់​ដែលមាន​ក្រដាស​3ជាន់ចំនួន​24ដុំ​។ ជាង​នេះ នៅ​លើ​ Facebook គេ​ក៏បាន​ឃើញ​មាន​គេ​ដាក់​លក់​ក្រដាស​1ដុំ​ដែល​មាន​តម្លៃ​1,000​ដុល្លារ​អូស្ត្រាលី​ទៀត​ផង។

    នៅ​ពេល​បញ្ហា​ខាងលើ​បាន​កើត​ឡើង មនុស្ស​ជា​ច្រើន​បាន​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​ត្រូវ​សម្រុក​ទិញ​ក្រដាស​អនាម័យ​​ខណៈ​ដែល​អាហារ​វា​សំខាន់​ជាង​ ក្នុង​រដូវ​ Covid-19?

    Gary Mortimer ដែលជា​អ្នក​ជំនាញ​ខាង​លក់​រាយ​ និង​ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យា​ល័យ​បច្ចេកវិទ្យា​ Queensland (QUT) បាន​ឱ្យ​ដឹង​ថា “មូលហេតុ​ដែល​នាំ​ឱ្យ​ផ្សារ​នានា​ “លក់​ដាច់អស់​” ក្រដាស់​អនាម័យ​ គឺ​ដោយ​សារ​ផលិត​ផល​នេះ​មិន​សូវ​មាន​ច្រើនក្នុង​ឃ្លាំង​របស់​ផ្សារ​ទាំង​នោះ។

    មូលហេតុ​ដែល​ផ្សារ​នានា​មិន​ស្តុក​ទុក​ក្រដាស​អនាម័យ​ច្រើន​ ព្រោះ​តែ​វា​ស្រាល​ និង​មាន​សំពីង​សំពោងពេក ពិបាក​រក​កន្លែង​ដាក់​។ នេះ​មាន​ន័យ​ថា ពួកគេ​អាច​ដាក់​បាន​ត្រឹម​តែ​ពី​​100-250​ដុំ​ប៉ុណ្ណោះ នៅ​លើ​ធ្នើ​រទំនិញ​។ ពួក​គេ​ស្តុក​ទំនិញ​នេះ​តិច​តួច​ប៉ុណ្ណោះនៅ​ក្នុង​ឃ្លាំង​ ព្រោះ​ដើម្បី​មាន​កន្លែង​ច្រើន​សម្រាប់​ដាក់​ទំនិញ​ផ្សេង​។

    បណ្ឌិត Mortimer ថ្លែង​ថា “ជា​ធម្មតាមាន​អ្នក​ទិញ​តិច​តួច​ ហើយ​ស្រាប់​តែ​មាន​អ្នក​ទិញ​ច្រើន​ក្នុង​ពេល​ដ៏ខ្លី​បែប​នេះ គឺគេ​ពិបាក​នឹង​ធ្វើ​ឱ្យ​ធ្នើរ​ដាក់​ក្រដាស​អនាម័យ​នៅ​ពេញ​ជា​និច្ច​ខ្លាំង​ណាស់”។

    សាស្ត្រាចារ្យ Jana Bowden មក​ពី​មហាវិទ្យា​ល័យ Macquarie​ បាន​ថ្លែង​ថា​ “អារម្មណ៍​ភ័យខ្លាច​នៅ​ពេល​បាន​ស្ដាប់​ព័ត៌មាន​ដែល​និយាយ​អំពី​ការ​ខ្វះខាតទំនិញ​ក្រដាស់​អនាម័យ​នៅ​សិង្ហបុរី ហុងកុង និង​ជប៉ុន ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ៗនាំ​គ្នា​ទៅ​រក​ទិញ​ទំនិញ​នេះ​”។

    11 ក្នុង​ចំណោម​យីហោ​ក្រដាស​អនាម័យ​ធំបំផុត​ទាំង​ 14​ របស់​អូស្ត្រាលី គឺ​ត្រូវ​បាន​ផលិត​ក្នុង​ស្រុក​។ វត្ថុធាតុ​ដើម ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ៗ​ ដូចជា​ប្រេស៊ីល​ជា​ដើម​។

    សាស្ត្រាចារ្យ Bowden បន្ថែម​ថា “ក្រដាស​អនាម័យ​ស្ទើរ​តែទាំង​អស់​របស់​អូស្ត្រាលី សុទ្ធ​តែ​ត្រូវ​បាន​ផលិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ហើយបើ​សិន​មិន​មែន​ទិញ​ដើម្បី​ស្តុក​ទុក​ក្នុង​ឃ្លាំង​នោះ​ទេ យើង​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ​ ទាក់​ទិន​នឹង​ការ​ផលិត​ក្រដាសអនាម័យនេះ​”​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស