Tag: អាហ្វ្រិក

  • ចន្ទ្រគ្រាស​នៅ​យប់​ថ្ងៃទី 05 ឧសភា​នេះ នឹង​ងាយស្រួល​គយគន់​សម្រាប់​កម្ពុជា​ទាំងមូល

    ចន្ទ្រគ្រាស​នៅ​យប់​ថ្ងៃទី 05 ឧសភា​នេះ នឹង​ងាយស្រួល​គយគន់​សម្រាប់​កម្ពុជា​ទាំងមូល

    នៅ​យប់​នេះ ដែនដី​កម្ពុជា​ទាំងមូល​នឹង​ស្ថិតក្នុង​តំបន់​ដែល​អាច​មើលឃើញ​ទាំងស្រុង​នូវ​បាតុភូត​រាហូ​ចាប់​ចន្ទ ដែល​អូ​បន្លាយពេល​ជាង​ពីរ​ម៉ោង ធ្វើ​ឱ្យ​​​ព្រះ​ចន្ទ​​ប្រែជា​ងងឹត​ជាង​មុន ប៉ុន្តែ​មិនមាន​ពណ៌​ក្រហម​ខ្លាំង។

    ចន្ទ្រគ្រាស​ពាក់កណ្ដាល​វង់​នឹង​កើតឡើង​នៅវេលា​ម៉ោង 22 និង 15 នាទីយប់​នៃថ្ងៃទី 05 ឧសភា (ម៉ោង​នៅ​កម្ពុជា)។ ប្រជាជន​ស្ទើរតែ​ទាំងអស់​ដែល​រស់នៅក្នុង​តំបន់​នានា​របស់​ទ្វីបអាស៊ី អឺរ៉ុប អង់តាក់ទិក រុស្ស៊ី អូ​សេ​អា​នី អាហ្វ្រិក​ខាងកើត និង​អាហ្វ្រិក​កណ្ដាល សុទ្ធតែ​អាច​គយគន់​បាតុភូត​នេះ។

    អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ខុសពី​ចន្ទ្រគ្រាស​ទាំងស្រុង ឬមួយ​ចំណិត ចន្ទ្រគ្រាស​ពាក់កណ្ដាល​វង់ ឬ​ពាក់​កណ្ដាល​ងងឹត​មិន​ប្រែ​ពណ៌​ជា​ក្រហម​ខ្លាំង និង​ងងឹត​នោះទេ តែ​វា​គ្រាន់​តែមាន​ពណ៌​ក្រហម​ស្រាល និង​ងងឹត​ជាងបន្តិច​បើ​​ធៀប​នឹង​ចន្ទ​ពេញវង់​ធម្មតា​។

    បាតុភូត​រាហូ​ចាប់​ចន្ទ​លើក​នេះ​នឹងមាន​ភាពងាយស្រួល​សម្រាប់​ការ​ទស្សនារបស់​ប្រជាជន​កម្ពុជា ព្រោះថា វា​នឹង​កើតឡើង​នៅ​ជិត​ពាក់​កណ្ដាលយប់ ពេលដែល​ព្រះ​ចន្ទ​រះ​ឡើង​ខ្ពស់។

    បាតុភូតចន្ទ្រគ្រាសលើកនេះនឹងគ្រាន់តែមានពណ៌ក្រហមស្រាល និងងងឹតជាងបន្តិចបើធៀបនឹងចន្ទពេញវង់ធម្មតា

    ដូច​ទៅនឹង​ប្រភេទ​នៃ​បាតុភូត​រាហូ​ចាប់​ចន្ទ​ដទៃ ចន្ទ​គ្រាស​មួយ​ចំហៀង​កើតឡើង​ដោយសារ​ផែនដី​គោចរ​ឆ្លងកាត់​តំបន់​ចន្លោះ​រវាង​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។ ប្រការនេះ​ធ្វើឱ្យ​ពន្លឺ​ដែល​ព្រះអាទិត្យ​ជះ​ទៅលើ​ព្រះ​ចន្ទ​ត្រូវ​បាំងបិទ​ដោយ​ផែនដី គ្រា​ដែល​ស្រមោល​របស់​ផែនដី​ជះ​ទៅលើ​ព្រះ​ចន្ទ ហើយ​ជា​លទ្ធផល ព្រះ​ចន្ទ​ត្រូវ​ងងឹត​មួយផ្នែក មួយ​ចំហៀង ឬ​ងងឹត​ទាំងស្រុង​ទៅតាម​ទីតាំង​របស់​ផែនដី ព្រះ​ចន្ទ និង​ព្រះអាទិត្យ៕

  • បាតុភូត​ «រាហូចាប់​ចន្ទ​» ដំបូង​គេ​ក្នុង​ឆ្នាំ​នេះ ជិត​កើត​ឡើង​ហើយ

    បាតុភូត​ «រាហូចាប់​ចន្ទ​» ដំបូង​គេ​ក្នុង​ឆ្នាំ​នេះ ជិត​កើត​ឡើង​ហើយ

    ព្រះចន្ទ​នឹង​គោចរ​ចូលក្នុង​តំបន់​ងងឹត​ខាង​ក្រោយ​របស់​ផែនដី​នៅ​ថ្ងៃទី 05 ឧសភា ធ្វើ​ឱ្យ​ព្រះចន្ទ​អ័ព្ទ​រស្មី​ជាង​មុន  បង្កើត​បាន​ជា​បាតុភូត​រាហូ​​ចាប់​ចន្ទ្រ​ (ចន្ទ​គ្រាស) មួយ​ចំហៀង​។

    បាតុភូត​ចន្ទ​គ្រាស​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង 22 និង 15 នាទី នៃ​ថ្ងៃទី 05 ឧសភា (នៅកម្ពុជា) ហើយ​អាច​មើល​ឃើញ​ពី​គ្រប់​ទិស​ដែលមាន​​ព្រះ​ចន្ទ​ស្ថិត​នៅ​ឯ​នាយ​ជើង​មេឃ​ រួម​មាន​ទ្វីប​អង់តាក់ទិក ទ្វីប​អាស៊ី រុស្ស៊ី ទ្វីប​អូសេអានី តំបន់​អាហ្វ្រិក​ខាង​ត្បូង និងអាហ្វ្រិក​​កណ្ដាល​។

    ព្រឹត្តិការណ៍​នេះ​នឹង​ឈាន​ដល់​ចំណុច​កំពូល​នៅ​ម៉ោង​ 00 និង 24 នាទី ថ្ងៃ​ទី 06 ឧសភា ហើយ​បញ្ចប់​នៅ​ម៉ោង 02 និង 32 នាទី​ក្នុង​ថ្ងៃ​ដដែល​ នៅ​ពេល​ព្រះចន្ទ​គោចរ​ចេញ​ផុត​ពី​ស្រមោល​ផែនដី​។

    ដូច​ទៅ​នឹងប្រភេទ​នៃ​​បាតុភូត​រាហូ​​ចាប់​ចន្ទ​ដទៃ ចន្ទ​គ្រាស​មួយ​ចំហៀង​កើត​ឡើង​ដោយ​សារ​ផែនដី​គោចរ​ឆ្លង​កាត់​តំបន់​ចន្លោះ​រវាង​ព្រះចន្ទ និង​ព្រះអាទិត្យ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ពន្លឺ​ដែលព្រះអាទិត្យ​ជះទៅ​លើ​ព្រះចន្ទ​ត្រូវ​បាំង​បិទ​ដោយ​ផែនដី​ គ្រា​ដែល​​ស្រមោល​របស់​ផែនដី​ជះទៅ​លើ​ព្រះចន្ទ​ ហើយ​ជា​លទ្ធផល​ ព្រះ​ចន្ទ​ត្រូវ​ងងឹត​មួយ​ផ្នែក​ មួយ​ចំហៀង ឬងងឹត​​ទាំង​ស្រុង​ទៅ​តាម​ទីតាំង​របស់​ផែនដី ព្រះចន្ទ និង​ព្រះ​អាទិត្យ​។

    តំបន់​ងងឹត​គឺជា​ទី​ដែល​មាន​បាតុភូត​ចន្ទ​គ្រាស
    មូលហេតុ​នៃ​ការ​កើត​មាន​បាតុភូត​រាហូ​ចាប់​ចន្ទ​
  • ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    ករណី​ឆ្លង Covid-19 ក្នុង​លោក កើន​លើស 70លាន​នាក់! ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យ​ចែករំលែក​វ៉ាក់សាំង

    មនុស្ស​ជិត 1.6 លាន​នាក់​បាន​ស្លាប់ ក្នុងចំណោម​មនុស្ស​ជាង 70លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ឆ្លង​វីរុស Covid-19 នាំឱ្យ​ប្រទេស​អ្នកមាន​ជាច្រើន បាននិងកំពុង​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង​ក្នុង​បរិមាណ​លើសពី​តម្រូវការ​ជាក់ស្ដែង ជាហេតុ​ធ្វើឱ្យ​ទ្វីបអាហ្វ្រិក​អំពាវនាវ​ឱ្យមាន​ការចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​របស់​ទ្វីប​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 70,711,368នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 1,588,247នាក់ និង​អ្នក​កំពុង​ព្យាបាល 19,983,563នាក់។ នេះ​បើតាម Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​អំពី​តួលេខ Covid-19 បាន​លឿង​ជាងគេ​បង្អស់។

    ទាក់ទិន​នឹង​បញ្ហា​វ៉ាក់សាំង Covid-19 នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 10ធ្នូ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់​ទ្វីបអាហ្វ្រិក លោក John Nkengasong ថ្លែង ថា៖ «ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​លើសពី​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពួកគេ ពី 4 ទៅ 5 ដង​ឯណោះ»។ ក៏ប៉ុន្តែ លោក មិនបាន​បង្ហាញ​ឈ្មោះ​នៃ​ប្រទេស​ទាំង​នោះទេ។

    លោក John Nkengasong បញ្ជាក់ថា ទ្វីបអាហ្វ្រិក​ពិតជា​ពិបាក​ក្នុង​ការធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​បរិមាណ​វ៉ាក់សាំង​ដែល​ទ្វីប​នេះ​ត្រូវការ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល​ជា​លើក​ទី​ពីរ។ លោក​បន្តថា ភាគច្រើន​នៃ​ប្រទេស​នៅក្នុង​ទ្វីប​នេះ កំពុងតែ​រង់ចាំ​គម្រោង​បែងចែក​វ៉ាក់សាំង​ជា​សកល​ដែលមាន​ឈ្មោះថា COVAX ដែល​ជំរុញ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

    ករណីឆ្លង Covid-19 ក្នុងលោក កើនលើស 70លាននាក់! ទ្វីបអាហ្វ្រិកអំពាវនាវឱ្យចែករំលែកវ៉ាក់សាំង
    ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ទ្វីបអាហ្វ្រិក លោក John Nkengasong

    COVAX ត្រូវបាន​បង្កើតឡើង និង​ដំណើរការ​ដោយ​អង្គការ​ចំនួន 3 រួមមាន សម្ព័ន្ធ​ផ្លាស់ប្ដូរ​ត្រៀម​សម្រាប់​ការ​ទប់​ទល់នឹង​រោគរាតត្បាត (CEPI) អង្គការ​សុខភាព​ពិភពលោក (WHO) និង Gavi ដែលជា​សម្ព័ន្ធ​វ៉ាក់សាំង និង​ជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ផ្ដល់ជំនួយ​វ៉ាក់សាំង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    រហូតមកដល់​ដើមខែ​ធ្នូ 2020 នេះ COVAX បាន​បញ្ជា​ទិញ​ជាមុន​នូវ​វ៉ាក់សាំង Covid-19 ចំនួន​ជាង 700លាន​ដូ​ស។ តាម​ផែនការ អង្គការ​នេះ​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន 2 ពាន់​លាន​អំពូល​នៅក្នុង​ឆ្នាំ 2021 ដើម្បី​ជួយ​ដល់​ប្រជាជន​យ៉ាងតិច 20% នៅក្នុង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ។ បច្ចុប្បន្ន មាន​ប្រទេស​ជាង 198 ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយនឹង​អង្គការ COVAX ដោយ​រួមមាន​ទាំង​បណ្ដា​ប្រទេស​អ្នកមាន​ផងដែរ។

    ក្រៅ COVAX ក្ដីសង្ឃឹម​មួយ​ផ្សេងទៀត​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក ក៏ដូចជា​នៅ​ពាសពេញ​ពិភពលោក​អាច​រង់​ចាំបាន នោះ​គឺ​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​អ្នកមាន​ដែល​ប្រើប្រាស់​វ៉ាក់សាំង​មិន​អស់។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ក្ដីសង្ឃឹម​នេះ ពិតជា​ស្ដួចស្ដើង​ខ្លាំងណាស់៕

    ប្រភព៖ Reuters, Worldometers, Nature

  • អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

    អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

    គូស្វាមីភរិយាខ្លះ នៅពេលរៀបការគ្នារួចរាល់ហើយក៏ធ្វើដំណើរមកដល់ដំណាក់កាលរៀបផែនការដើម្បីមានបុត្រជាមួយគ្នា តែប្រាកដណាស់ថា គ្រួសារខ្លះក៏ចង់មានកូនត្រឹមតែ 1នាក់ តែគ្រួសារខ្លះក៏រៀបផែនការចង់បានកូនច្រើនជាងហ្នឹង ដែលក្នុងនោះកូនភ្លោះអាចជាគោលដៅមួយដែលគូស្វាមីភរិយាជាច្រើនគូចង់បាន តែ…តើនឹងធ្វើយ៉ាងណាដើម្បីឱ្យសមបំណងក្នុងការមានកូនភ្លោះដើម្បីឱ្យពួកគេធំឡើងក្លាយជាមិត្តភក្តិផង ជាបងប្អូនផងក្នុងពេលតែមួយ? ថ្ងៃនេះ ឡារ៉ែនបានរួបរួមបច្ច័យជាច្រើនដែលនឹងជួយឱ្យគូស្វាមីភរិយារបស់អ្នកមានកូនភ្លោះបានកាន់តែងាយឡើងមកជម្រាបជូនដូចខាងក្រោម…។

    អ្វីខ្លះដែលបើសិនធ្វើទៅហើយ មានឱកាសបានកូនភ្លោះកាន់តែខ្លាំងឡើង?

    មើលទៅលើពូជអំបូរ : នេះគឺជាចំណុចសំខាន់ដំបូងគេរបស់ការមានកូនភ្លោះក៏អាចថាបានដែរ ទោះវាជាមិនមែនជាបច្ច័យទាំងអស់ក្ដី តែក៏វាមានចំណែកច្រើនគួរសមដែរ។ បើនៅក្នុងក្រុមគ្រួសាររបស់ទាំងពីរនាក់(ទាំងប្ដី និងប្រពន្ធ)មានប្រវត្ថិមានបងប្អូនភ្លោះ នោះឱកាសដែលគូស្វាមីភរិយារបស់អ្នកនឹងបានកូនភ្លោះក៏មានច្រើនទៅតាមនោះដែរយ៉ាងពិតប្រាកដ។

    ពូជសាសន៍ក៏សំខាន់ : ជាមធ្យម មនុស្សនៅក្នុងពូជសាសន៍អាហ្វ្រិកនឹងមានឱកាសមានកូនភ្លោះខ្លាំងជាងជនជាតិស្បែកស ឬជនជាតិស្បែកលឿង ដោយអត្រាការកើតបានកូនភ្លោះជាមធ្យមនៅលើមនុស្សស្បែកខ្មៅនឹងជួបប្រទះប្រមាណជា 1 – 4% មនុស្សស្បែកសប្រមាណ 0.7 – 1% និងនៅលើមនុស្សស្បែកលឿងប្រមាណជា 0.3ប៉ុណ្ណោះឯង។

    បើជាការពពោះលើកទី2 ឡើងទៅ ឱកាសក៏នឹងមានច្រើនតាមនោះដែរ : ការមានកូនពីមុនមកហើយនឹងអាចជួយបង្កើនឱកាសក្នុងការមានកូនភ្លោះដល់អ្នកបានច្រើនណាស់ ព្រោះថា ស្រ្តីជាម្ដាយនឹងមានការទម្លាក់ស៊ុតកើនឡើងច្រើនហ្នឹងឯង។

    អាយុ : ដែលធ្លាប់បានឮមកទាំងអស់គ្នាថា រឹតតែស្រ្តីជាម្ដាយមានអាយុច្រើនឡើង ក៏នឹងរឹតតែប្រថុយប្រថាននឹងការមានកូនហើយជួបនឹងសភាវផ្សេងៗច្រើនឡើងតាមហ្នឹងដែរ តែវាផ្ទុយគ្នានឹងការមានកូនភ្លោះ ព្រោះរឹតតែអ្នកមានអាយុក្នុងអំឡុង 35 – 39ឆ្នាំ រឹតតែមានឱកាសដែលអ្នកនឹងមានកូនភ្លោះច្រើនឡើង។ មូលហេតុ ក៏ព្រោះតែរាងកាយមានស៊ុតនៅសល់ច្រើន ទើបត្រូវបានជំរុញច្រើនឡើងដែរ ធ្វើឱ្យរាងកាយរបស់ស្រ្តីបញ្ចេញអ័រម៉ូន FSH ចេញមកច្រើន ធ្វើឱ្យស៊ុតមានឱកាសធ្លាក់ម្ដងៗច្រើនជាង 1 ហ្នឹងឯង។

    ទម្ងន់ខ្លួន និងកម្ពស់  : ស្រ្តីដែលកើតរោគធាត់ ឬមានទម្ងន់ខ្លួនច្រើនជាប្រក្រតីបន្តិច រួមទាំងមានកម្ពស់ដែលខ្ពស់ល្មមសមរម្យនោះ មានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានច្រើនតាមនោះដែរ។

    ការទទួលទានកាល់ស្យូមអាចជួយអ្នកបាន : ស្រ្តីដែលញ៉ាំទឹកដោះគោជាប់ជាប្រចាំមានចំណែកធ្វើឱ្យតាំងគភ៌បានកូនភ្លោះច្រើនជាងដល់ទៅ 5ដងបើប្រៀបធៀបជាមួយអ្នកដែលមិនបរិភោគអាហារប្រភេទសាច់សត្វសោះ នេះគឺដោយសារតែប្រូតេអ៊ីនដែលហៅថា IGF ដែលមាននៅក្នុងទឹកដោះគោ និងផលិតផលពីសត្វផ្សេងៗនោះគឺជាប្រូតេអ៊ីនដែលនឹងជួយឱ្យសំបុកស៊ុតមានប្រតិកម្មរហ័សឡើង និងជួយបង្កើនចំនួនស៊ុតឱ្យច្រើនឡើងហ្នឹងឯង។

    ការបំបៅដោះកូន : នៅពេលស្រ្តីមានកូនដំបូងរួចហើយ ការបំបៅដោះកូនយ៉ាងទៀងទាត់រហូតដល់កំណត់ពេលដែលស័ក្តិសម គឺប្រមាណជា 12ខែនោះ មានចំណែកជួយឱ្យស្រ្តីនោះមានឱកាសតាំងគភ៌បន្ទាប់ទៅទៀតជាកូនភ្លោះបានកាន់ច្រើនឡើងទៀតផង។

    ធ្លាប់ញ៉ាំថ្នាំពន្យារកំណើតលើស 3ឆ្នាំ : ហេតុផលស្រដៀងៗនឹងការតាំងគភ៌នៅពេលអាយុ 35ឆ្នាំឡើងទៅដែរ ព្រោះស៊ុតនឹងបង្ខំទម្លាក់មកច្រើន ធ្វើឱ្យមានឱកាសដែលអាចធ្វើឱ្យស៊ុតនឹងធ្លាក់មកច្រើនជាង 1ហ្នឹងឯង។

    ចង់បានកូនភ្លោះ ត្រូវញ៉ាំឱ្យច្រើន : ការទទួលទានអាហារឱ្យច្រើនៗ​អាចនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់ស្រ្តីកើនឡើងពីប្រក្រតីខ្លះ តែនឹងធ្វើឱ្យរាងកាយរបស់ស្រ្តីមាំមួនឥតខ្ចោះ និងធ្វើឱ្យមានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានកាន់តែងាយឡើងទៅតាមនោះដែរ តែយ៉ាងណាក៏ដោយ គួរសង្កត់ធ្ងន់លើអាហារដែលមានប្រយោជន៍ មិនមែនចេះតែញ៉ាំអ្វីក៏បាននោះទេ ព្រោះអាចនឹងមានផលអវិជ្ជមានបាន។

    នេះគ្រាន់តែជាបច្ច័យដែលអាចនឹងជួយហុចផលឱ្យអ្នកមានកូនភ្លោះបានច្រើនឡើងប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ បើចង់បង្កើនឱកាសក្នុងការមានកូនភ្លោះនោះ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីដែលពិតប្រាកដច្បាស់លាស់ និងស័ក្តិសមជាមួយសុខភាពរបស់ទាំងស្វាមី និងភរិយា ទើបជាការប្រសើរបំផុត៕

  • Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

    Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

    Facebook ត្រៀម​កសាង​បណ្ដា​ខ្សែកាប់​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ដែល​មាន​ប្រវែង​សរុប​37,000​គីឡូម៉ែត្រ​ តភ្ជាប់​ប្រទេស​ចំនួន​23នៅ​ទ្វីប​អាហ្វ្រិក​ ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​ និង​មជ្ឈិម​បូពា៌​។

    តំណាង​របស់​ក្រុមហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា​ គម្រោង​ខាងលើ​នេះ​មាន​ឈ្មោះ​ថា 2Africa (ឈ្មោះ​ដំបូង​គឺ Simba)។ គម្រោង​នេះ​មាន​ការ​សហការគ្នា​ជាមួយ​ក្រុម​ហ៊ុន​អ៊ីនធើណិត​ជា​ច្រើន​ រួម​មាន​ China Mobile របស់​ចិន MTN របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ Orange និង​ Vodafone របស់​បារាំង​ ក៏ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​រក​ស៊ី​​ក្នុង​វិស័យ​ទូរគមនាគមន៍​ជា​ច្រើន​ទៀត​នៅ​ពាស​ពេញ​ទ្វីប​អាហ្វ្រិក​ ជា​កន្លែង​ដែល​ខ្សែ​កាប​អ៊ីនធើណិត​ទៅ​ដល់​។ ប្រព័ន្ធ​ខ្សែ​កាប​អ៊ីនធើណិត​​ក្រោម​សមុទ្រ​នេះ​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុន​ Nokia ហើយ​ក្រុម​ហ៊ុន​ Alcatel នឹង​ជា​អ្នក​សាង​សង់​។

    ជាមួយ​នឹង​ប្រវែង​37,000​គីឡូម៉ែត្រ​នេះ​ Facebook ប្រកាស​ថា វា​គឺជា​បណ្ដាញ​ខ្សែ​កាប់​អ៊ីនធើណិត​​ក្រោម​សមុទ្រ​ដែល​វែង​ជាង​គេបង្អស់​​មួយ​នៅ​ក្នុង​ពិភពលោក​ ពោល​គឺ​វា​ “ជិត​ស្មើ​នឹង​1ជុំ​ផែន​ដី​”។

    2Africa នឹង​ប្រើ​ប្រាស់​ខ្សែ​កាប​ដែល​សរសៃ​​ខាងក្នុង​របស់​វា​ធ្វើអំពី​អាលុយ​មីញ៉ូម​ ជំនួស​ឱ្យ​សរសៃ​​ធ្វើ​អំពី​ស្ពាន់​ ក្នុង​បំណង​ដើម្បី​បង្កើន​សមត្ថ​ភាព​នៃ​ការ​បញ្ជូន​អ៊ីនធើណិត​។ បន្ទាប់​ពី​កសាង​រួច​រាល់ បណ្ដាញ​ខ្សែ​កាប​នេះ​នឹង​អាច​ផ្គត់​ផ្គង់​អ៊ីនធើណិត​ល្បឿន​150​Terabit/វិនាទី (1Terabit=1,000Gigabit)​។ សមត្ថ​ភាព​នេះ​ខ្លាំង​ជាង​3​ដង​បើ​ធៀប​ជាមួយ​នឹង​បណ្ដាញ​ខ្សែកាប់​ទាំង​អស់​​ដែល​មាន​នៅទ្វីប​​អាហ្វ្រិក​នាបច្ចុប្បន្ន​ បូក​ចូល​គ្នា។

    Kevin Salvadori ដែល​ជា​នាយក​ផ្នែក​វិនិយោគ​លើ​អ៊ីនធើណិត​របស់​ Facebook បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយ​ដៃ​គូ​នានា​អំពី​គម្រោង​ 2Africa ចាប់​តាំង​ពីឆ្នាំ​2018។ គម្រោង​នេះ​នឹង​​ត្រូវ​​សាង​សង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​2023​ ឬ​ដើម​ឆ្នាំ​2024​ ហើយ​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ភ្លាម​ៗ​ ក្រោយ​ពី​កសាង​រួច​រាល់​​។

    Facebook សាង​សង់​បណ្ដាញ​ខ្សែកាប​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដីតំណាង​របស់​ Facebook បានបដិសេធ​មិន​ប្រាប់​អំពី​ខ្ទង់​ប្រាក់​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​គម្រោង​នេះ​ទេ​។ ប៉ុន្តែ Michael Ruddy ដែលជា​នាយក​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​អន្តរ​ជាតិ​នៃ​ក្រុម​ហ៊ុន​​វិភាគ​ទី​ផ្សារ​ Terabit Consulting Inc បាន​គន់​គូរ​ឃើញ​ថា បណ្ដាញ​ខ្សែ​កាបអ៊ីនធើណិត​​ខាងលើ​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​តិច​ 800​លាន​ដុល្លារ​អាមេរិក​។

    កន្លង​មក ក្រុម​ហ៊ុន​ Facebook ក៏ធ្លាប់​មាន​បំណង​ផ្គត់​ផ្គង់​ Wifi ទៅកាន់​តំបន់​ដាច់​ស្រយាល​​នានា​នៅ​ទូទាំង​ពិភពលោក​ ដែល​ក្នុង​នោះ​ក៏​មាន​តំបន់​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​ផងដែរ ដោយ​ប្រើ​ Aquila (គម្រោង​បាញ់​រលក​សញ្ញា​ Wifi តាម​រយៈ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​ព្រះអាទិត្យ​) ប៉ុន្តែ​គម្រោង​នេះ​​ត្រូវ​បាន​ផ្អាក​ចាប់​ពីឆ្នាំ​2018។

    ក្រៅ​ពី​ Facebook ក្រុម​ហ៊ុន​ Google ក៏កំពុង​ដំណើរ​ការ​គម្រោង​​សាង​សង់​ខ្សែ​កាប​អុប​ទិក​មួយ​​ទៀត​ដែ​ល​មាន​ឈ្មោះថា Equino ដែល​នឹង​តភ្ជាប់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​អឺរ៉ុប​។ Google ក៏​កំពុង​មាន​មហិច្ឆតា​ក្នុងការ​​បាញ់​រលក​សញ្ញា​អ៊ីនធើណិត​ 4G ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​ទូទាំង​ពិភពលោក​ ដោយ​គម្រោង Project Loon ដែល​ប្រើ​ប្រាស់​បាឡុង​ហោះ​​។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ធ្វើ​ការ​សាក​ល្បង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​ ក្នុង​នោះ​​ក៏មាន​ប្រទេស​ Mozambique ផងដែរ​។

    សារ​ព័ត៌មាន​ផ្នែក​បច្ចេក​វិទ្យា​ WSJ បាន​ឱ្យ​ដឹង​ថា នា​បច្ចុប្បន្ន​ ទ្វីប​អាហ្វ្រិក​មាន​ប្រជាជន​សរុប​ជាង​ 1.2​ពាន់​លាន​នាក់​កំពុង​រស់​នៅ​។​ ក៏ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​មិន​បាន​ប្រើ​ប្រាស់​អ៊ីនធើណិត​ ឬ​បាន​ប្រើ​ដែរ​ តែ​តាម​រយៈ​ឧបករណ៍​ 2G ប៉ុណ្ណោះ​៕

    ប្រភព​៖ សារ​ព័ត៌​បរទេស

  • ទ្វីប​អាហ្វ្រិកមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ករណី​ដំបូង​

    ទ្វីប​អាហ្វ្រិកមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ករណី​ដំបូង​

    ក្រសួង​សុខាភិបាល​អេហ្ស៊ីប កាល​ពី​ថ្ងៃទី 14កុម្ភៈ បាន​ប្រកាស​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី COVID-19 ​ករណី​ដំបូង​គេ​បង្អស់នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ ហើយ​នេះ​ក៏​ជា​ការណី​ទី​1​នៅ​ទ្វីប​អាហ្វ្រិកផងដែរ​ បន្ទាប់​ពី​វីរុស​នេះ បាន​រាត​ត្បាត​ស្ទើរតែពេញ​ពិភពលោក​។

    តាម​រយៈសេចក្ដី​ប្រកាស​កាលពី​ម្សិល​មិញ​នេះ ក្រសួង​សុខាភិបាល​អេហ្ស៊ីប ឱ្យ​ដឹង​ថា អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ (COVID-19) ដំបូង​នៅ​អាហ្វ្រិក​នេះ មិន​មែនជា​ជន​ជាតិ​អេហ្ស៊ីប​នោះ​ទេ​។ ប៉ុន្តែ សេចក្ដី​ប្រកាស​នេះ ក៏មិន​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​មក​ពី​ប្រទេស​ណា​នោះ​ដែរ។

    អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​អេហ្ស៊ីប លោក Khaled Megahed ថ្លែងថា​ ៖ “ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​តាម​ដាន​សុខ​ភាព​អ្នក​ជំងឺ​ជាប់​ជា​និច្ច​”។ លោក​បន្ត​ថា សុខ​ភាព​របស់​អ្នក​ជំងឺ​នេះ នៅ​ល្អ​ប្រសើរ​នៅ​ឡើយ។

    អេហ្ស៊ីប​ក៏បាន​រាយ​ការណ៍​ករណី​នេះ​ទៅ​កាន់​អង្គការ​សុខ​ភាព​ពិភពលោក (WHO) ចំណេកអ្នក​ជំងឺ​ក៏​បាន​បញ្ជូន​ទៅកាន់​បន្ទប់​ដាច់​ដោយ​ឡែក​ហើយ​ដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ SCMP។

    ទំនាក់​ទំនង​ពាណិជ្ជ​​កម្ម​ស៊ី​ជម្រៅ​របស់​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក ជាមួយ​នឹង​ប្រទេស​ចិន​ រួម​នឹង​ប្រព័ន្ធ​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​សមត្ថ​ភាព​នៃការ​ទប់​ទល់​នឹង​អាសន្នរោគ​កូរ៉ូណា​ COVID-19 បើ​សិន​វីរុស​នេះ​ឆ្លង​រាល​ដាល​ខ្លាំង។

    កាល​ពី​ដើម​ខែ​មករា អេហ្ស៊ីប​បាន​ផ្អាក​ការ​ហោះ​ហើរ​ទាំង​អស់​នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ ទៅ-មក​ប្រទេស​ចិន​។ ក្រៅ​ពី​នេះ អេហ្ស៊ីប​ក៏បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​301នាក់ ចេញពី​ទីក្រុង​ Wuhan ប្រទេស​ចិន​ ហើយ​អ្នក​ទាំង​នោះ​ក៏​កំពុង​ស្ថិត​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​​។

    គិត​មក​ដល់​ថ្ងៃទី​15កុម្ភៈ​នេះ វីរុស​កូរ៉ូណា COVID-19 បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង 67,100​​នាក់ និង​បាន​សម្លាប់​មនុស្ស​ 1,526នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស