Tag: អាស៊ីអាគ្នេយ៍

  • ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ បាន​អះអាងថា មិន​ព្រួយបារម្ភ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន​ជំនួយ​ពី​បច្ចេកវិទ្យា VAR នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ កាលពី​ល្ងាច​ថ្ងៃទី 28 មេសា ក្រុម U-22 ថៃ បានធ្វើការ​ហ្វឹកហាត់​ថ្ងៃទី​ពីរ​នៅឯ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា (EDC) នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Issara Sritaro ។

    នៅពេល​ត្រូវបាន​សួរ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល​នៅ​ស៊ី​ហ្គេម​លើក​នេះ គ្រូបង្វឹក Sritaro ឱ្យដឹងថា លោក​មិនមាន​ការព្រួយបារម្ភ​ចំពោះ​អាជ្ញាកណ្ដាល បើ​ទោះ​បច្ចេកវិទ្យា VAR ដែល​ជួយ​ផ្ដល់​ភាព​សុក្រឹត​ដល់​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល មិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023។

    គ្រូបង្វឹក​របស់ U-22 ថៃ និយាយថា «នោះ​គឺជា​កត្តា​ខាងក្រៅ។ យើង​មិនអាច​គ្រប់គ្រង​បាន ដូច្នេះ U-22 ថៃ នឹងមិន​ផ្ដោតអារម្មណ៍​ច្រើន​ទៅលើ​អាជ្ញាកណ្ដាល»។ លោក Sritaro បន្ថែមថា «យើង​មិន​ខ្លាច ហើយ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ … កីឡាករ​របស់​យើង​ក៏ត្រូវ​បាន​រម្លឹក​អំពី​បញ្ហា​មួយចំនួន មានដូចជា ការបង្ក​កំហុស​នៅក្នុង​តំបន់​គ្រោះថ្នាក់ និង​អក​ហ្សឺ​ជាដើម»។

    កីឡដ្ឋាន​ EDC កាលពីឆ្នាំ 2018

    ទន្ទឹមនឹង​បញ្ហា​ខាងលើ គ្រូបង្វឹក​អាយុ 43 ឆ្នាំ​របស់ U-22 ថៃ ក៏បាន​ឱ្យដឹងថា លោក​មិន​ពេញចិត្ត​ចំពោះ​ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​កម្ពុជា​ផ្ដល់ឱ្យ U-22 ថៃ។ ក្រុម​គ្រូបង្វឹក​ថៃ​ក៏បាន​សម្រេចចិត្ត​ស្វែងរក​ទីលាន​ហ្វឹកហាត់​ថ្មី​ដើម្បី​មាន​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់ U-22 ថៃ នៅ​ស៊ី​ហ្គេម។

    លោក Sritaro ពន្យល់ថា «ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​ផ្ដល់ជូន U-22 ថៃ ប្រើប្រាស់​ស្មៅ carpet ខុសពី​ស្មៅ bermuda នៅ​កីឡដ្ឋាន​ព្រី​នស៍…។ ផ្ទៃ​របស់​ទីលាន EDC រឹង​ខ្លាំងពេក ដូច្នេះ​ហានិភ័យ​រងរបួស​រប​ស់​កីឡាករ​ក៏មាន​កម្រិត​ខ្ពស់។ យើង​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ»។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 U-22 ថៃ ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) បានដាក់​គោលដៅ​ឱ្យ​ក្រុម U-22 ថៃ និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ប្រទេស​នេះ ត្រូវ​ដណ្ដើម​ឱ្យបាន​មេដាយមាសពី​​ស៊ី​ហ្គេម​នៅ​កម្ពុជា៕

  • ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍! តារាង​ស្ថិតិ​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​

    ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍! តារាង​ស្ថិតិ​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​

    បណ្ដា​ប្រទេស​នៅតំបន់​អាស៊ីភាគ​អាគ្នេយ៍​​ទាំង​11​ប្រទេស​ បាន​រកឃើញ​​​អ្នក​ជំងឺ​COVID-19 សរុប​យ៉ាង​តិច​ 59.748​នាក់ និង​អ្នក​ស្លាប់​សរុបយ៉ាង​តិច​​1.910​នាក់​។

    សិង្ហបុរី​ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​រាយ​ការណ៍​ថា មាន​អ្នកជំងឺ​ថ្មី​ចំនួន​451​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​របស់​ប្រទេស​នេះ​ឡើង​ដល់​23,822​នាក់​។ ចំណែក​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19​ នៅ​សិង្ហបុរី​បាន​កើន​ដល់​21​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​2,721​នាក់​។

    កំណើន​នៃ​អ្នក​ជំងឺ​​​COVID-19 ក្នុង​ប្រទេស​​ជិត​ពាក់កណ្ដាល​​នៅ​អាស៊ី​អាគ្នេយ៍​​ នៅ​តែ​បន្ត​កើន​ឡើង​ ខណៈ​ដែល​ប្រទេស​ប្រមាណ​ជាជិត​ពាក់កណ្ដាល​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ​ រួម​មាន​ កម្ពុជា​ វៀត​ណាម ទីម័រ​ខាង​កើត និង​ឡាវ ហាក់​កំពុង​ស្ងប់​ស្ងាត់​ ដោយ​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារវីរុស​COVID-19 ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ជា​ផ្លូវ​ការ​នៅឡើយ​។

    ខាងក្រោម​នេះ​គឺជា​តារាង​ដែល​បង្ហាញ​អំពី​តួលេខ​នៃ​អ្នក​ជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៖

    ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍! តារាង​ស្ថិតិ​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​នេះប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

    COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

    នៅ​អាស៊ីអាគ្នេយ៍​ តួលេខ​នៃ​អ្នក​ជំងឺ​ COVID-19 បាន​កើន​លើស​30,000​នាក់​។ សិង្ហបុរី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​8,014​នាក់ កើន​1,426​ករណី ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​11​នាក់​។

    ក្រសួង​សុខាភិបាល​សិង្ហបុរី​ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​ភាគ​ច្រើន​នៅ​ក្នុង​ជំរំ​ស្នាក់​នៅ​របស់​ពលករ​បរទេស​ ខណៈ​ដែល​16​ករណី​គឺជា​ជនជាតិ​សិង្ហបុរី​ និង​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​។ 90%​នៃ​អ្នក​ជំងឺ​សរុប​នៅ​សិង្ហបុរី​ គឺជាប់​ទាក់​ទង​ជាមួយ​​បុគ្គលិក​បរទេស​។

    ឥណ្ឌូនេស៊ី មាន​អ្នកជំងឺ​ថ្មី​185​នាក់ និង​អ្នក​ជំងឺសរុប​6,760​នាក់​ ខណៈ​អ្នកស្លាប់​ថ្មី​មាន​8​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​590​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​20​រូប​ផងដែរ​។

    ហ្វីលីពីន​៖ អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​428​នាក់ បន្ទាប់​ពី​មាន​ករណី​ស្លាប់​ថ្មី​19​នាក់​កាល​ពី​ម្សិល​មិញ​។ អ្នក​ជំងឺថ្មី​មាន​ចំនួន​200​នាក់ និង​អ្នក​ជំងឺ​សរុប​មាន 6,459​នាក់​។

    ម៉ាឡេស៊ី មាន​អ្នក​ជំងឺ​ថ្មី​36​នាក់ និង​អ្នក​ជំងឺសរុប​មាន 5,425​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​89​នាក់​។

    ប្រទេសថៃ​៖ ថ្ងៃ​នេះ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​27​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺសរុប​2,792​នាក់។ ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះមាន​47​នាក់​។

    ឡាវ និង​ទីម័រ​ខាង​កើត​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នកជំងឺCOVID-19 តិច​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ិអាគ្នេយ៍​ ដោយ​មាន​អ្នកជំងឺ​សរុប​ជា​បន្ត​បន្ទាប់​គឺ​19 និង​22​នាក់​។ វៀតណាម ឡាវ​ កម្ពុជា​ និង​ទីម័រ​ខាង​កើត​គឺជា​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​ COVID-19 នៅ​ឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សិង្ហបុរី ទប់លែងឈ្នះ! ឆ្លងមេរោគ 1ថ្ងៃ 728នាក់ ចំណែកឥណ្ឌូនេស៊ី និងហ្វីលីពីន នៅតែធ្ងន់ធ្ងរ…

    សិង្ហបុរី ទប់លែងឈ្នះ! ឆ្លងមេរោគ 1ថ្ងៃ 728នាក់ ចំណែកឥណ្ឌូនេស៊ី និងហ្វីលីពីន នៅតែធ្ងន់ធ្ងរ…

    ក្រសួងសាធារណៈសុខាភិបាល របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍(ទី16មេសា)ម្សិលមិញ បានអះអាងពីការរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បន្ថែមទៀតច្រើនដល់ទៅ 728នាក់ ដែលអាចនិយាយបានថា ជាស្ថិតិប្រចាំថ្ងៃដែលខ្ពស់បំផុត រាប់ចាប់តាំងពីមានការឆ្លងរាលដាលមក ខណៈដែលប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន រកឃើញអ្នកឆ្លងមេរោគថ្មីខ្ទង់រយដូចគ្នា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

    តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងសាធារណៈសុខាភិបាលសិង្ហបុរីនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបរបស់ប្រទេសមួយនេះ ស្ថិតក្នុងចំនួន 4,427នាក់ ដោយក្នុងចំណោមអ្នកឆ្លងមេរោគថ្មីទាំងនោះ មានច្រើនដល់ទៅ 654នាក់ ពាក់ព័ន្ធនឹងតំបន់ស្នាក់នៅរបស់ពលករចំណាកស្រុកបរទេស ចំណែកចំនួនដែលនៅសល់ ជាការឆ្លងរាលដាលក្នុងតំបន់។

    តួលេខអ្នកឆ្លងមេរោគថ្មីក្នុងថ្ងៃព្រហស្បតិ៍(ទី16មេសា) អាចរាប់បានថា កើនឡើងយ៉ាងច្រើន ជាងស្ថិតិប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃមុន 447នាក់ ដែលចំនួននេះទើបតែកើតឡើងកាលពីថ្ងៃពុធ(ទី15មេសា)កន្លងទៅប៉ុណ្ណោះ…តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃព្រហស្បតិ៍(ទី16មេសា) គ្មានរបាយការណ៍ពីអ្នកស្លាប់ឡើយ ដូច្នេះធ្វើឱ្យចំនួនអ្នកស្លាប់សរុបស្ថិតក្នុងតួលេខដដែលគឺ 10នាក់។

    កាលពីពេលមុននេះ ការព្យាយាមយ៉ាងខ្លាំងក្លារបស់អាជ្ញាធរ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ក្នុងក្រុមពលរដ្ឋសិង្ហបុរី ដោយការតាមដានអ្នកប៉ះពាល់ជិតស្និទ្ធយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់នាពេលកន្លងមក បានទទួលការកោតសរសើរពីអង្គការសុខភាពពិភពលោក។

    តែយ៉ាងណាក្ដី វីរុសកូរ៉ូណាប្រភេទថ្មី បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីប្រជុំជនពលករចំណាកស្រុកបរទេសខ្នាតធំមួយ បន្ថែមពីលើនូវអ្វីដែលពួកក្រុមសិទ្ធិមនុស្សបានបញ្ជាក់ថា ការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលរបស់ប្រទេសមួយនេះ មានការទំនាក់ទំនងគ្នាមិនសូវជាល្អប៉ុន្មានឡើយ។

    ព័ត៌មានចុងក្រោយបំផុតរបស់ប្រទេសសិង្ហបុរីនេះ បានធ្វើឱ្យពួកគេនៅតែស្ថិតជាប្រទេសមួយ ដែលរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ច្រើនបំផុតលំដាប់លេខ4 ក្នុងភូមិភាគអាស៊ីភាគអាគ្នេយ៍ ដោយលំដាប់លេខ1 ជារបស់ប្រទេសហ្វីលីពីន ដែលមានចំនួនអ្នកឆ្លងមេរោគសរុប 5,660នាក់ ក្រោយរកឃើញអ្នកឆ្លងមេរោគថ្មី 207នាក់ ខណៈដែលការរកឃើញអ្នកស្លាប់បន្ថែមមានចំនួន 13នាក់ សរុប 362នាក់។

    បន្ទាប់មកគឺ ប្រទេសឥណ្ឌូនេស៊ី ដែលស្ថានការណ៍នាពេលនេះ មើលទៅហាក់ដូចជាអាចវ៉ាប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ ដោយឥណ្ឌូនេស៊ី រកឃើញអ្នកឆ្លងមេរោគថ្មី 380នាក់ សរុប 5,516នាក់ ចំណែកអ្នកស្លាប់បន្ថែមមាន 27នាក់ សរុប 496នាក់។

    លំដាប់លេខ3 ជារបស់ប្រទេសម៉ាឡេស៊ី រកឃើញអ្នកឆ្លងមេរោគថ្មិ 10នាក់ សរុប 5,182នាក់ ឯអ្នកស្លាប់បន្ថែម មានតែ 1នាក់គត់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប មាន 84នាក់។ ចំណែកប្រទេសថៃ គ្រងលំដាប់លេខ5 ក្រោយរកឃើញអ្នកឆ្លងមេរោគថ្មីចំនួន 29នាក់ សរុប 2,672នាក់ និងមានអ្នកស្លាប់សរុប 46នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​

    ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​

    ឥណ្ឌូនេស៊ី បាន​លោត​រំលង​ម៉ាឡេស៊ី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ បន្ទាប់​ពី​ហ្វីលីពីន​ ដែល​ជា​ប្រទេស​មាន​អ្នកជំងឺ​ថ្មី​ជាង​1,000​នាក់​។

    ប្រទេស​ឥណ្ឌូនេស៊ី​ថ្ងៃ​នេះ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​380​នាក់ និង​អ្នក​ស្លាប់​ថ្មី​29​នាក់​ដោយ​សារ​វីរុស​COVID-19 នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​ កើន​ដល់​5,516​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​498​នាក់​។

    ​តួលេខនៃ​​អ្នក​ជំងឺ​COVID-19 របស់​ឥណ្ឌូនេស៊ី ក៏បាន​កើន​លើស​ម៉ាឡេស៊ី​ ហើយក្លាយ​ជា​​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ីអាគ្នេយ៍​។ ប្រទេស​នេះ​បាន​ប្រកាស​អាសន្ន​ចាប់​ពី​ចុង​ខែ​មីនា​ដើម្បី​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ផងដែរ​។

    ឥណ្ឌូនេស៊ី​បាន​ធ្វើ​តេស្ត​រក​មេរោគ​ជូន​ប្រជាជន​ជិត​40,000​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​កើន​ឡើង​ដល់​ជាង​11,800​នាក់​។ ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​ឥណ្ឌូនេស៊ី បាន​ឱ្យ​ដឹង​ថា​​ តួលេខ​នៃ​ករណី​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​នេះ​អាច​​ឡើង​ដល់​ចំណុច​កំពូល​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​។

    ចំណែក​ហ្វីលីពីន​វិញ នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​207​នាក់​ និង​អ្នក​ស្លាប់​ថ្មី​13​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​5,660​នាក់ និង​អ្នក​ស្លាប់​សរុប​362​នាក់​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ក្នុង​ប្រទេស​នេះ​ក៏បាន​កើន​ដល់​435​នាក់​។

    ម៉ាឡេស៊ីបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​110​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​កើន​ដល់​5,182​នាក់​ ខណៈ​អ្នក​ស្លាប់​បាន​ឡើង​ដល់​84​នាក់​ ដោយ​មាន​ករណី​ស្លាប់​ថ្មី​1​នាក់ក្នុង​ថ្ងៃ​នេះ​។

    ម៉ាឡេស៊ី​បាន​ចេញ​បញ្ជា​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​​ចាប់​ពី​ថ្ងៃទី​18​មីនា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​COVID-19។ ក្រៅ​ពី​បិទ​ព្រំដែន​ ប្រទេស​នេះ​ក៏​បាន​បិទសាលា​រៀន​ក្នុង​រយៈ​ពេល​2សប្ដាហ៍ និង​ហាម​ប្រារព្ធ​ពិធី​ជួប​ជុំ​ផ្សេងៗ​ផងដែរ​។ វិហារ​សាសនា និង​ហាង​លក់​ដូរ​ផ្សេង​ៗ លើក​លែង​តែ​ផ្សារ​ទំនើប​ និង​ធនាគារ ក៏ត្រូវ​បាន​ផ្អាក​ដំណើ​ការ​។

    សិង្ហបុរី​ ថ្ងៃនេះ​ក៏បាន​រកឃើញ​អ្នកជំងឺ​ថ្មី​447​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​3,699​នាក់​ ក្នុង​នោះ​មាន​10​នាក់​បាន​បាត់​បង់​ជីវិត​។

    នៅ​ក្នុង​ករណី​ឆ្លង​មេរោគ​ថ្មី មាន​404​ករណី​ជាប់ទាក់​ទិន​នឹង​តំបន់​ស្នាក់​នៅ​របស់​​ពលករ​បរទេស​ 5ករណី​គឺជា​ពលករ​ក្រៅ​ស្រុក​រស់នៅ​តំបន់​ផ្សេង និង​38​ករណី​គឺ​ឆ្លង​ពី​សហគមន៍។

    ខាងក្រោម​នេះ​គឺជា​តារាង​ស្ថិតិ​ថ្មី​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​អាស៊ីអាគ្នេយ៍៖

    ស្ថិតិ​ថ្មីនៅ​អាស៊ីអាគ្នេយ៍​៖ 5ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​1,000​នាក់​ប្រភព៖ សារ​ព័ត៌មានបរទេស

  • អាស៊ីអាគ្នេយ៍​ គិត​ដល់​ព្រលប់នេះ​ មាន​អ្នក​ជំងឺ​COVID-19​ សរុប​ជាង​22,000​នាក់​

    អាស៊ីអាគ្នេយ៍​ គិត​ដល់​ព្រលប់នេះ​ មាន​អ្នក​ជំងឺ​COVID-19​ សរុប​ជាង​22,000​នាក់​

    បណ្ដា​ប្រទេស​នៅ​តំប់ន​អាស៊ីអាគ្នេយ៍​​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​22,180​នាក់​ កើនជាង​​1,000​នាក់នៅ​​ក្នុង​ថ្ងៃ​នេះ ខណៈ​​អ្នក​ស្លាប់​សរុប បាន​ឡើង​ដល់​​958​នាក់​។

    បច្ចុប្បន្ន ប្រទេស​ហ្វីលីពីន​គឺជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ ក្រសួង​សុខាភិបាល​​ហ្វីលីពីន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​230​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ស្លាប់​ក៏បាន​កើន​14​នាក់​បន្ថែម​ទៀត​ដែរ​ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​5,453​នាក់ និង​អ្នក​ស្លាប់​កើន​ដល់​349​នាក់​។ ថ្ងៃ​នេះ ហ្វីលីពីន​ក៏​មាន​អ្នកជំងឺ​58​នាក់​បន្ថែម​ទៀត​ដែរ​ដែល​បាន​ជា​សះ​ស្បើយ​ ដូច្នេះ​​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​សរុប​ឡើង​ដល់​353​នាក់​។

    ខាងក្រោម​នេះ​គឺជា​តារាង​ស្ថិតិ​ថ្មី​ស្ដី​អំពី​ចំនួន​អ្នកជំងឺ​ថ្មី​ អ្នក​ជំងឺ​សរុប អ្នក​ស្លាប់​ថ្មី​ និង​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​៖

    ប្រភព៖ Reuters, CNN

  • COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​មាន​អ្នក​ជំងឺ​COVID-19សរុប​​20,001​នាក់​ កើន​769​ករណី​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ ចំនួន​844​នាក់​។

    ហ្វីលីពីន​​បាន​លោត​រំលង​ម៉ាឡេស៊ី និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​4,932​​នាក់​ និង​315​នាក់​បាន​បាត់​បង់​ជីវិត​។

    ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​សរុប​​4,817​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​77​នាក់​បាន​ស្លាប់​។ ប្រទេស​នេះ មាន​អ្នក​ជំងឺCOVID-19 ​ច្រើន​ជាង​គេ​​​លំដាប់​ទី​2​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,557​នាក់ និង​អ្នក​ស្លាប់​សរុប​ 399​នាក់។ អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​របស់​ប្រទេស​នេះ​ ឈរ​លំដាប់​ទី​2​នៅ​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    សិង្ហបុរី​ឈរ​លំដាប់​ទី​4​​ក្នុង​តំបន់​នេះ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2,918​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​9​នាក់​។

    ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​28​នាក់ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 ក្នុង​ប្រទេស​នេះឡើង​ដល់​2,579​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ភាគ​ច្រើន​គឺជា​អ្នក​រស់​នៅ​ក្នុង​រាជធានី​បាង​កក ក្នុង​នោះ​មាន​3​ករណី​ធ្លាប់​ទៅ​កាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូល​រួម​វិធី​បុណ្យ​សាសនា​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។

    វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​​265​នាក់ ភាគ​ច្រើន​គឺ​នៅ​រដ្ឋធានី​ហាណូយ​ និង​ទីក្រុង​សៃ​ហ្គន(ហូជីមិញ)។

    ប៊្រុយណេ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​136​នាក់ ក្នុង​នោះមាន​​អ្នកជំងឺ​ម្នាក់​បាន​បាត់​បង់ជីវិត​។

    កម្ពុជា​ គិត​មក​ដល់​ព្រឹក​នេះ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19 សរុប​​122​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ជា​សះ​ស្បើយ​ និង​31​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

    ប្រទេស​មីយ៉ានម៉ារ(ភូមា) មាន​អ្នក​ជំងឺ​សរុប​62​នាក់ ក្នុង​ចំណោម​នោះ​មាន​​4​នាក់​បាន​បាត់បង់​ជីវិត​។

    ប្រទេស​ឡាវ​គឺ​ជា​ដែន​ដី​ដែល​មាន​អ្នក​ជំងឺ​COVID-19 តិច​ជាង​គេ​បង្អស់​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដោយ​មាន​អ្នក​ជំងឺ​តែ​19​នាក់​ប៉ុណ្ណោះ​។

    ទីម័រ​ខាង​កើត​(Timor-Leste) ដែល​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរនោះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​4​នាក់​ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

    ទ្វីប​អាស៊ីទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​310,357​នាក់ និង​ស្លាប់​​11,356​នាក់​។

    ពិភពលោក​ទាំង​មូល​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​ជាង​1,924,600​នាក់​ និង​​អ្នក​ស្លាប់​ជាង​​119,600​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ជាង​445,000​នាក់​ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,764​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! ស្ថិតិ​សង្ខេប​ស្ដីអំពី​ករណី​ឆ្លង និង​ស្លាប់​នៅ​អាស៊ីអាគ្នេយ៍

    COVID-19! ស្ថិតិ​សង្ខេប​ស្ដីអំពី​ករណី​ឆ្លង និង​ស្លាប់​នៅ​អាស៊ីអាគ្នេយ៍

    តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រទេស​សរុប​ចំនួន​11 ក្នុង​នោះ​មាន​សមាជិក​ ASEAN ចំនួន​10​ប្រទេស​ និង​អ្នក​សង្កេត​ការណ៍​(ទីម័រ/Timor-Leste)1ប្រទេស​ សុទ្ធ​តែ​មាន​ករណី​ឆ្លង​វីរុស​COVID-19។

    ម៉ាឡេស៊ី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,683​នាក់ និង​អ្នក​ស្លាប់​សរុប​76​នាក់​។

    ហ្វីលីពីន​​ជា​សម្បុក​មេរោគ​​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,648​នាក់​ និង​ស្លាប់​​297​នាក់​។

    ឥណ្ឌូនេស៊ី​គឺជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​1​ និង​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​373​នាក់ កើន​46​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នកជំងឺ​សរុប​មាន​ចំនួន​4,241​នាក់​។

    ប្រទេស​ថៃ៖ អ្នក​ជំងឺ​សរុប​2,551​នាក់​ និង​ស្លាប់​សរុប​​38​នាក់​។

    សិង្ហ​បុរី​៖ អ្នក​ជំងឺថ្មី​ មាន​​233​នាក់ និង​អ្នក​ជំងឺ​សរុប​មាន​2,532​នាក់​ ក្នុង​នោះ​មាន​8​នាក់​បាន​បាត់​បង់ជីវិត​។

    វៀតណាម៖ អ្នកជំងឺ​សរុប​262​នាក់​ (មិន​ទាន់​មាន​អ្នក​ស្លាប់)។

    ប៊្រុយណេ៖ អ្នកជំងឺ​សរុប​136​នាក់ និង​អ្នក​ស្លាប់​សរុប​​1​នាក់​។

    កម្ពុជា​៖ អ្នកជំងឺ​សរុប​​122​នាក់​ ក្នុង​នោះ​មាន​77​នាក់​បាន​ជា​សះស្បើយ និង​45​នាក់​កំពុង​ព្យាបាល​។

    មីយ៉ានម៉ារ៖ អ្នកជំងឺ​សរុប​41​នាក់ និង​ស្លាប់​សរុប​​4​នាក់​។

    ប្រទេស​ឡាវ​៖ អ្នក​ជំងឺ​សរុប​19​នាក់។

    ទីម័រ​ខាង​កើត​(Timor-Leste)៖ អ្នកជំងឺស​រុប​2​​ករណី​ដដែល​។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ស្ថិតិ​ស្ដីពី​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​COVID-19នៅ​អាស៊ីអាគ្នេយ៍

    ស្ថិតិ​ស្ដីពី​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​COVID-19នៅ​អាស៊ីអាគ្នេយ៍

    នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​ម៉ាឡេស៊ីគឺជា​សម្បុក​មេរោគ​COVID-19ធំជាងលំដាប់​ទី​1​ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា “វាល​ពិឃាត” របស់​COVID-19 ធំជាង​គេ​លំដាប់​ទី​1ផងដែរ​ក្នុង​តំបន់​នេះ។

    ម៉ាឡេស៊ីបច្ចុប្បន្ន មាន​អ្នក​ជំងឺ​សរុប​4,530​នាក់ និង​អ្នក​ស្លាប់​សរុប​73​នាក់​។ អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​1,995​នាក់​ និង​កំពុង​ព្យាបាល​2,462​នាក់​។

    ហ្វីលីពីន៖ ​អ្នក​ជំងឺ​សរុប​4,428​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​247​នាក់​ និង​157​នាក់​បាន​ជា​សះ​ស្បើយ​។

    ឥណ្ឌូនេស៊ី៖ អ្នក​ជំងឺ​សរុប​3,842​នាក់ និង​អ្នក​ស្លាប់​សរុប​327​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​21​នាក់ និង​ជា​សះស្បើយ​286​នាក់​។

    ប្រទេស​ថៃ៖ អ្នក​ជំងឺ​សរុប​2,518​នាក់​ និង​ស្លាប់​សរុប​35​នាក់​។ អ្នក​ជំងឺបាន​ជាសះស្បើយ​មាន​1,135​នាក់​។

    សិង្ហបុរី​ទើប​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​121​នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​2,229​នាក់​។ អ្នក​ស្លាប់​សរុប​មាន​8​ករណី​ កើន​1ករណី​បើធៀប​នឹង​ម្សិល​មិញ​។

    វៀតណាម៖ អ្នក​ជំងឺសរុប​258​នាក់ ក្នុង​នោះ​មាន​144​នាក់​បាន​ជា​សះស្បើយ​។

    ប៊្រុយណេ៖ អ្នកជំងឺ​សរុប​136​នាក់ ក្នុង​នោះ​មាន​1នាក់​បាន​ស្លាប់​ និង​104​នាក់​បាន​ជា​សះស្បើយ​។

    កម្ពុជា​៖ អ្នក​ជំងឺ​សរុប​៖ 122​នាក់ ក្នុង​នោះ​មាន​77​នាក់​បាន​ជា​សះស្បើយ និង​45​នាក់​កំពុង​ព្យាបាល​។

    ប្រទេស​ភូមា​(មីយ៉ានម៉ារ)៖ អ្នក​ជំងឺសរុប​35​នាក់ ក្នុង​នោះ​មាន​3​នាក់​បាន​ស្លាប់​​ និង​2នាក់​ជា​សះស្បើយ​។

    ប្រទេស​ឡាវ៖ អ្នក​ជំងឺ​សរុប​18​នាក់​។

    ទីម័រ​ខាង​កើត​(Timor-Leste)៖ អ្នកជំងឺ​សរុប​2នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

    ពិភពលោក​បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​COVID-19សរុប​1,776,157​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ​​សរុប​108,702​​នាក់​​នៅ​ក្នុង​​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ដោយ​អ្នក​ផ្ទុក​មេរោគ​កើន​ជាង​76,136​នាក់​ និង​អ្នក​ស្លាប់​កើន​ជាង​6,145​នាក់ បើ​ធៀប​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​402,270​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ករណី​ស្លាប់​ និង​ឆ្លង​ COVID-19 នៅអាស៊ីអាគ្នេយ៍​ បន្ត​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​​បារម្ភ

    ករណី​ស្លាប់​ និង​ឆ្លង​ COVID-19 នៅអាស៊ីអាគ្នេយ៍​ បន្ត​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​​បារម្ភ

    ប្រទេស​ម៉ាឡេស៊ី​ថ្ងៃ​នេះបាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ចំនួន​217​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ករណី​ឆ្លង​មេរោគ​សរុប​កើន​លើស​ពី​3,300នាក់​ ខណៈ​ដែល​​ឥណ្ឌូនេស៊ី បាន​រកឃើញ​អ្នក​ផ្លុកមេរោគ​កូរ៉ូណា​ច្រើន​បំផុត​រាប់​ចាប់​ពី​មេរោគ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​នេះ​។

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ថ្ងៃ​នេះបាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយ​សារ​មេរោគ​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​ករណី​ស្លាប់​ដោយ​សារ​មេរោគ​នេះ​កើន​ដល់​53​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​3,333​នាក់​។ ម៉ាឡេស៊ីគឺជាសម្បុក​មេរោគ​កូរ៉ូណា​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។។

    “វាល​ពិឃាត” របស់​ COVID-19 ដែល​ធំជាង​គេ​លំដាប់​ទី​2​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ នោះ​គឺ​ប្រទេស​ហ្វីលីពីន​ ដោយមាន​អ្នក​ស្លាប់​សរុប​136​ករណី​ ក្នុង​នោះ​មាន​29​ករណី​ទើប​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​។ ប្រទេស​នេះ​ក៏​ទើប​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​385​នាក់​បន្ថែម​ទៀត​ដែរ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កើន​ដល់​3,018​នាក់​។

    ប្រទេស​ថៃ ថ្លៃ​នេះ​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​103​ករណី ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​1,978​នាក់។ ប្រទេស​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​19​នាក់​ ក្នុង​នោះ​មាន​4នាក់​ទើប​តែ​បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ​។

    ចំណែក​ប្រទេស​ឥណ្ឌូនេស៊ីវិញ ទើប​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​196​ករណី​បន្ថែម​ទៀត​ដែរ​ បណ្ដាល​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​ឡើង​ដោយ​1,986​នាក់​។ ​ឥណ្ឌូនេស៊ីជា​ “វាល​ពិឃាត” ធំ​បំផុត​របស់​ COVID-19 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​អ្នក​ស្លាប់​181​នាក់​។

    តួលេខ​នៃ​ចំនួន​អ្នកបាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេសសិង្ហបុរី បាន​ឡើង​ដល់​1,114ករណី ក្នុងនោះ​អ្នក​ស្លាប់​មាន​ចំនួន​5ករណី​ បើ​គិត​មក​ដល់​ពេលនេះ​។​

    ប្រទេស​វៀតណាម ថ្ងៃ​នេះ​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​10​ករណី​ ធ្វើ​ឱ្យ​ករណី​ឆ្លងមេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់​237​ករណី ក្នុង​នោះ​មាន​86​ករណី​បាន​ជា​សះស្បើយ។

    ប្រទេស​ប៊្រុយណេ មាន​អ្នក​ជំងឺ​សរុប​​134​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​មីយ៉ានម៉ារ បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​20​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​។

    ប្រទេស​ឡាវ មាន​អ្នកជំងឺ​សរុប​10​នាក់។ ប្រទេស​នេះ​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​។

    ទីម័រ​ខាង​កើត ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែរ​នោះ​ មាន​អ្នកជំងឺ​សរុប​1នាក់។

    នៅ​កម្ពុជា​ ម​ក​ដល់​បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​114​ករណី​ បន្ទាប់​ពី​បាន​រកឃើញ​4ករណី​ថ្មី​ក្នុង​ថ្ងៃ​នេះ​។ ក្នុង​ចំណោម​អ្នក​​បាន​ឆ្លង​មេរោគ​សរុប​ គឺមាន​79​ករណី​កំពុង​ទទួល​ការ​ព្យាបាល​ និង​35​ករណី​បាន​ជាសះស្បើយ​។

    COVID-19 បាន​បង្ហាញវត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​204​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​54,465​នាក់​បាន​ស្លាប់​ និង​38,405នាក់​​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ ខណៈ​ដែល​220,025​នាក់​បាន​ជា​សះស្បើយ​​ ក្នុង​ចំណោម​អ្នក​ជំងឺ​​សរុប​1,034,163​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​