Tag: អាស៊ីអាគ្នេយ៍

  • ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

    ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD (Build Your Dream) កំពុង​តែ​ស្ដែង​ឱ្យ​ឃើញ​ជោគ​ជ័យ​មួយ​កម្រិត​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ ដោយ​បានយក​ឈ្នះ​លើ Tesla ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​​រថយន្ត​អគ្គិសនី​ជាង​ ¼ ដែល​បាន​លក់​ចេញ​នៅក្នុង​តំបន់​នេះ។

    ទន្ទឹម​នឹង​តម្លៃ​ដ៏ទាក់​ទាញ ជោគ​ជ័យ​ដំបូង​ៗ​របស់ BYD ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ចេញ​ពី​រូបមន្ត​សហការ​ចែក​ចាយ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនចិន​មួយ​នេះ​អាច​​ពង្រីក​​ទីផ្សារ​ ដឹង​អំពី​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លង​ផុត​ការ​កំណត់​នានា​របស់​បណ្ដា​រដ្ឋាភិបាល​។ នេះ​បើ​តាម​ដៃគូ​សហការ​ ក៏ដូច​ជា​អ្នក​ចែកចាយ​របស់ BYD។

    រូបមន្ត​ដែល​ BYD អនុវត្ត​គឺ​ដូច​ទៅ​នឹង​វិធី​ដែល​បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​ធ្លាប់​បាន​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​។ យុទ្ធ​សាស្ត្រ​ខាងលើ​បាន​ និង​កំពុង​ជួយ​ឱ្យ​ BYD ដណ្ដើម​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​ ខុស​ពី​រូបមន្ត​ចែកចាយ​ផ្ដាច់​មុខ​របស់​ Tesla ថ្វី​បើ​មាន​ចំណុច​អវិជ្ជមាន​ខ្លះ​។

    «បច្ចុប្បន្ន​ BYD យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ពាណិជ្ជសញ្ញា​ជា​ជាង​អត្រា​ចំណេញ» Soumen Mandal អ្នក​វិភាគ​ជាន់​ខ្ពស់​របស់ Counterpoint Research ឱ្យ​ដឹង​ដូច្នេះ និង​បន្ត​ថា «តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​ដល់​តំណាង​ចែក​ចាយ​នៅ​តាម​បណ្ដា​ប្រទេស​ BYD អាច​ចិញ្ចឹម​ទំនុក​ចិត្ត និង​ភាពស្មោះ​ត្រង់​ បើក​ផ្លូវ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​»។

    យោង​តាម Counterpoint ក្រុម​ហ៊ុន BYD កាន់​កាប់​ចំណែក​ទីផ្សារ​រថយន្ត​ខ្នាត​តូច​ប្រមាណ 26% ប៉ុន្តែ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​អាស៊ី​អាគ្នេយ៍​ ​ក្នុង​ត្រីមាស​ទីពីរ​ ឆ្នាំ 2023​។

    រថយន្ត​អគ្គិសនី​មាន​ 6.4% ក្នុង​ចំណោម​រថយន្ត​ទេសចរណ៍​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ត្រីមាស​ទីពីរ​ កើន​ឡើង​បើ​ធៀប​នឹង​ 3.8% ក្នុង​ត្រីមាស​មុន​នោះ​។ អាស៊ី​អាគ្នេយ៍​អាច​ក្លាយ​ជា​តំបន់​សំខាន់​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ កាល​ពី​សប្ដាហ៍​កន្លង​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​ស៊ើប​អង្កេត​មួយ​ទាក់​ទិន​នឹង​ការ​ឧបត្ថម្ភ​ដល់​រថយន្ត​អគ្គិសនី​របស់ចិន​៕

  • ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

    ក្នុង​ 6 ខែ​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ជាង 2.3 លាន​គ្រឿង​ ច្រើន​ជាង​ជប៉ុន និង​ក្លាយ​ជា​ប្រទេស​​​ដែល​នាំ​ចេញ​រថយន្ត​​ច្រើន​ជាង​គេ​បង្អស់​លើពិភពលោក​។

    ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នាំ​ចេញ​រថយន្ត​ សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​នៅ​ប្រទេស​ចិន​ បាន​ដក​ស្រង់​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​របស់​​ប្រទេស​នេះ​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល 6 ខែ​ដើម​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន 2.34 លាន​គ្រឿង​ កើន​ 76.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ដោយ​ឡែក យោង​តាម​ទិន្នន័យ​ដែល​បាន​ប្រកាស​ដោយ​សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​ជប៉ុន​ តួលេខ​រថយន្ត​ដែល​បាន​នាំ​ចេញ​​របស់​ប្រទេស​នេះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2023 មាន​ 2.02 លាន​គ្រឿង​ កើន​ 17% បើ​ធៀប​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​ 2022​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​​តួលេខ​នៃការ​នាំ​ចេញ​រថយន្ត​ក្នុង 6 ខែ​ដើម​ឆ្នាំ 2023 របស់​ប្រទេស​ចិន​ មាន​ចំនួន​ច្រើន​ជាង​ជប៉ុន និង​ឈរ​លំដាប់​ទី​មួយ​លើ​ពិភពលោក​។

    ទិន្នន័យ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​រថយន្ត​របស់​ប្រទេស​ចិន​កើន​ឡើងខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ​នេះ នោះគឺ​ចំនួន​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី​បាន​កើន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​នេះ រថយន្ត​អគ្គិសនី​ក៏​ត្រូវ​បាន​នាំ​ចេញ​​​​ទៅ​កាន់​​​​ទីផ្សារ​អឺរ៉ុប​ និង​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍​ កាន់​តែ​ច្រើន​៕

  • ក្រុម​បាល់ទាត់ U23 កម្ពុជា អាច​ផ្ដួល​​ក្រុម​ថៃ​នៅ​ព្រលប់​នេះ​ ឬអត់?

    ក្រុម​បាល់ទាត់ U23 កម្ពុជា អាច​ផ្ដួល​​ក្រុម​ថៃ​នៅ​ព្រលប់​នេះ​ ឬអត់?

    បើសិន​ផ្ដួល​ U23 របស់​ថៃ​ បាន​សម្រេច ក្រុម​បាល់​ទាត់បុរស​ជម្រើស​ជាតិ​​​វ័យ​ក្រោម​ 23 ឆ្នាំ (U23) ​របស់​កម្ពុជា នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​បាល់ទាត់​ U23 អាស៊ីអាគ្នយ៍​ឆ្នាំ 2023​។

    ការ​ប្រកួត​រវាង​ U23 កម្ពុជា និង​ U23 ថៃ នៅ​ជើង​ទីបី​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់​ពាន​រង្វាន់​បាល់ទាត់​ U23 អាស៊ីអាគ្នយ៍​ឆ្នាំ 2023 (2023 AFF U-23 Championship) នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ 20 ថ្ងៃ​ទី 21 សីហា​នេះ នៅ​ឯកីឡដ្ឋាន Rayong ប្រទេស​ថៃ​។

    កន្លង​មក អ្នក​គាំទ្រ​ជា​ច្រើន ​មាន​ការ​បារម្ភ​ជំនួស​ U23 ថៃ និង​ត្រេកអរ​ចំពោះ​ U23 កម្ពុជា នៅពេល​ក្រុម​ម្ចាស់​ផ្ទះ​បញ្ចប់​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ពូល A ត្រឹម​ចំណាត់​ថ្នាក់​លេខ​ពីរ​ប្រចាំ​ពូល​។ U23 ថៃ​បាន​ឈ្នះ​​ មីយ៉ាន់ម៉ា 3-0 គ្រា​ដែល​កម្ពុជា​ឈ្នះ​ព្រុយណេ 5-0​។ ក៏ប៉ុន្តែ ចូល​ដល់​ជើង​ទីពីរ ថៃ​បាន​លោត​ឡើង​កំពូល​តារាង​ ដោយ​បាន​ឈ្នះ​ព្រុយណេ 3-0​ ហើយ​មាន​ 6 ពិន្ទុ​ក្នុង​ដៃ។ U23 ថៃ ត្រូវ​ការ​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​​ក្នុង​ការ​ប្រកួត​ជាមួយ​កម្ពុជា ក៏​អាច​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

    ចំណែក​កម្ពុជា​វិញ ថ្វី​បើ​បាន​ធ្វើ​ឱ្យ​ U23 ថៃ​ព្រួយ​បារម្ភ បន្ទាប់​ពី​បាន​ផ្ដួល​ព្រុយណេដោយ​លទ្ធផល 5-0 ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ខក​ចិត្ត​នៅ​ពេល​បណ្ដោយ​ឱ្យ​មីយ៉ាន់ម៉ា​យក​ស្មើ​ក្នុង​ការ​ប្រកួត​ជើង​ទីពីរ។ ពេល​នេះ កម្ពុជា​ត្រូវ​តែ​ឈ្នះ​ថៃ ដើម្បី​បាន​បន្ត​ទៅ​វគ្គ​បន្ទាប់​។ បើ​គ្រាន់​តែ​ស្មើ និង​ឈរ​លំដាប់​ទីពីរ​ក្នុង​ពូល​ U23 កម្ពុជា​ប្រាកដ​ជា​​នឹង​មិន​អាច​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ ដើម្បី​​ក្លាយ​ជា​ក្រុម​លំដាប់​ទីពីរ​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

    ពាន់រង្វាន់​ជើងឯក​បាល់ទាត់​បុរស​អាយុ​ក្រោម 23 ឆ្នាំ (U23) អាស៊ីអាគ្នេយ៍ ធ្វើឡើង​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី 17 ដល់ 26 សីហា 2023។ ក្នុង​លើក​ទី​បួន ពានរង្វាន់​នេះ​មាន​ក្រុមបាល់ទាត់​ចូលរួម​ប្រកួត​សរុប​ចំនួន 10 ក្រុម និង​ត្រូវបាន​ចែកជា 3 ពូ​ល។ ពូ​ល A រួមមាន កម្ពុជា ថៃ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ។ ​ពូ​ល B រួមមាន ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​ពូ​ល C មាន វៀតណាម ហ្វ៊ី​លី​ពី​ន និង​ឡាវ។

    កាលពី​ឆ្នាំ​កន្លង ពានរង្វាន់​បាល់ទាត់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កម្ពុជា ក្នុងនោះ ថៃ និង​វៀតណាម​បាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​វៀតណាម​បាន​ក្លាយជា​ជើងឯក ​ដោយបាន​យកឈ្នះ​លើ​ថៃ 1-0៕

  • តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់ U23 អាស៊ីអាគ្នេយ៍ 2023 សម្រាប់​ថ្ងៃទី 18 សីហា

    តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់ U23 អាស៊ីអាគ្នេយ៍ 2023 សម្រាប់​ថ្ងៃទី 18 សីហា

    ពាន់រង្វាន់​ជើងឯក​បាល់ទាត់​បុរស​អាយុ​ក្រោម 23 ឆ្នាំ (U23) អាស៊ីអាគ្នេយ៍ ធ្វើឡើង​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី 17 ដល់ 26 សីហា 2023។ ក្នុង​លើក​ទី​បួន ពានរង្វាន់​នេះ​មាន​ក្រុមបាល់ទាត់​ចូលរួម​ប្រកួត​សរុប​ចំនួន 10 ក្រុម និង​ត្រូវបាន​ចែកជា 3 ពូ​ល។ ពូ​ល A រួមមាន កម្ពុជា ថៃ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ។

    ចំណែក​ពូ​ល B វិញ រួមមាន ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​ពូ​ល C មាន វៀតណាម ហ្វ៊ី​លី​ពី​ន និង​ឡាវ។

    កាលពី​ឆ្នាំ​កន្លង ពានរង្វាន់​បាល់ទាត់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កម្ពុជា ក្នុងនោះ ថៃ និង​វៀតណាម​បាន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​វៀតណាម​បាន​ក្លាយជា​ជើងឯក​ដោយបាន​យកឈ្នះ​លើ​ថៃ 1-0។

    នៅក្នុង​ការប្រកួត​បើកឆាក​របស់​ពាន់រង្វាន់​ជើងឯក​បាល់ទាត់​អាស៊ីអាគ្នេយ៍ U23 ឆ្នាំ 2023 ក្រុមបាល់ទាត់​បុរស​អា​យុ​ក្រោម 23 ឆ្នាំ​របស់​កម្ពុជា ដែល​ស្ថិតក្នុង​ពូ​ល A បាន​យកឈ្នះ U23 របស់​ព្រុយ​ណេ 5-0 កាលពី​ម្សិលមិញ៕

    ពូល A

    លរក្រុមចំនួនប្រកួតឈ្នះស្មើចាញ់គ្រាប់​បាល់ចំណេញពិន្ទុ
    1U23 កម្ពុជា110053
    2U23 ថៃ110033
    3U23 មីយ៉ាន់ម៉ា1001-30
    4U23 ព្រុយណេ1001-50

     

    ពូល B

    លរក្រុម​ចំនួនប្រកួតឈ្នះស្មើចាញ់គ្រាប់​បាល់​ចំណេញពិន្ទុ
    1U23 ទីម័រខាងកើត000000
    2U23 ម៉ាឡេស៊ី000000
    3U23 ឥណ្ឌូណេស៊ី000000

     

    ពូល C

    លរក្រុមចំនួនប្រកួតឈ្នះស្មើចាញ់គ្រាប់​បាល់​ចំណេញពិន្ទុ
    1U23 វៀតណាម000000
    2U23 ហ្វ៊ីលីពីន000000
    3U23 ឡាវ000000

     

  • ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    Honda Motor នឹង​បង្ហាញ​ម៉ូ​ដែល​នានា​របស់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ចាត់ទុកថា អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​ម៉ូតូ​អគ្គិសនី។

    ម៉ូតូ​អគ្គិសនី​ប្រភេទ scooter ដែលមាន​ឈ្មោះថា EM1 e: របស់​ Honda ដែល​គ្រោង​នឹងត្រូវ​បានដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​សីហា​ខាងមុខ ក៏​ជា​ម៉ូតូ​អគ្គិសនី​ដំបូង​ដែល Honda ផលិតឡើង​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី។ ម៉ូតូ​ដែល​អាចឱ្យ​ធ្វើដំណើរ​បាន 53 គីឡូម៉ែត្រ​នេះ នឹងមាន​តម្លៃ​ប្រហែល 300,000 យេន (2,100 ដុល្លារ​អាម៉េរិក) នៅ​ប្រទេស​ជប៉ុន។

    បើ​ទោះ​ព័ត៌មាន​លម្អិត​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់ EM1 e: មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង ប៉ុន្តែ តំណាង​របស់ Honda បាន​ហៅ​ម៉ូតូ​អគ្គិសនី​នេះ​ថា​ ជា​ម៉ូ​ដែល​មហាជន​ដំបូង​របស់​ខ្លួន។

    ក្រុមហ៊ុន Honda មាន​គម្រោង​បញ្ចេញ​ម៉ូតូ​អគ្គិសនី​ចំនួន 7 ម៉ូ​ដែល និង​លក់​ឱ្យបាន 3.5 លាន​គ្រឿង ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2030 ហើយ​គ្រោង​នឹង​ផលិត​តែ​ម៉ូតូ​អគ្គិសនី​សុទ្ធ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ 2040៕

  • ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

    ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

    ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។

    នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។

    ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។

    ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។

    បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ FIFA បាន​ចែងថា បណ្ដា​ក្រុមបាល់ទាត់​ដែល​ចូលរួម​ប្រកួត​នឹង​បានទទួល​ប្រាក់រង្វាន់ 1.56 លាន​ដុល្លារ​អាម៉េរិក ខណៈដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល​ប្រាក់រង្វាន់ 30,000 ដុល្លារ​អាម៉េរិក​បន្ថែម​ទៀត។

    ខ្ទង់​ប្រាក់រង្វាន់​ខាងលើ​នឹង​កើនឡើង​ នៅពេល​ឡើងដល់​ដំណាក់កាល​ខ្ពស់ជាង​នេះ។ សម្រាប់​ហ្វ៊ី​លី​ពី​ន បើសិន​បាន​ឡើងដល់​វគ្គ 1/8 ក្រុម​នេះ​នឹង​បានទទួល​ប្រាក់រង្វាន់ 1.87 លាន​ដុល្លារ​អាម៉េរិក គ្រា​ដែល​កីឡាការិនីម្នាក់ៗនឹង​បានទទួល 60,000 ដុល្លារ ខ្ពស់ជាង​ពីរដង​ធៀប​នឹង​វគ្គ​ចែក​ពូ​ល។ ប្រាក់រង្វាន់​នេះ​កើនឡើង​ថែមទៀត បើសិន​ពួកគេ​បាន​ឡើងដល់​វគ្គ​ខ្ពស់ជាង​នេះ។

    FIFA បាន​បង្កើន​ប្រាក់រង្វាន់​របស់ World Cup នារី​ឆ្នាំ 2023 ឡើងដល់ 110 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង 3 ដង បើ​ធៀប​នឹង​ឆ្នាំ 2019 ហើយ​ស្មើ​​នឹង 1/3 នៃ World Cup 2022 នៅ​កាតា។

    បើសិនជា​បានឈ្នះ​ន័​រ​វែ​ស ហ្វ៊ី​លី​ពី​ន​នឹង​បាន​ឡើងទៅ​វគ្គ​បន្ទាប់។ ក្នុងករណី​ស្មើ តំណាង​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នឹងមាន 4 ពិន្ទុ និង​គ្រាប់​បាល់​ចំណេញស្មើ​នឹង​ -1។ ពេលនោះ ហ្វ៊ី​លី​ពី​ន​នឹងត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម​ស្វ៊ី​ស និង​នូ​វែ​ល​សេ​ឡង់។

    កាលពី​អតីតកាល ក្រុម​នារី​ថៃ​គឺជា​ក្រុម​ដំបូងគេ​​របស់​អាស៊ីអាគ្នេយ៍​ដែល​បាន​ឡើងទៅ​ប្រកួត​នៅ World Cup ហើយក៏​បានឈ្នះ​មួយ​ប្រកួត។ ក្រុម​នេះ​បានឈ្នះ​កូត​ឌឺ​វ័រ​ក្នុង​លទ្ធផល 3-2 នៅ World Cup 2015។ ក៏ប៉ុន្តែ ក្រុម​នារី​ថៃ​ពេលនោះ​ត្រូវ​ឈរ​លំដាប់​ទី​បី​នៅក្នុង​ពូ​ល​របស់ខ្លួន និង​មិនអាច​ឡើងទៅ​វគ្គ​ជម្រុះ​ផ្ទាល់៕

  • ប៉ូលិស​យន្ត​នឹងត្រូវ​បានដាក់​ពង្រាយ​ក្នុងប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ឆាប់ៗនេះ

    ប៉ូលិស​យន្ត​នឹងត្រូវ​បានដាក់​ពង្រាយ​ក្នុងប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ឆាប់ៗនេះ

    ក្រោយ​ការសាកល្បង​ទទួលបាន​ជោគជ័យ សិង្ហ​បុរី​កំពុងតែ​ត្រៀម​សម្រាប់​ការដាក់​ពង្រាយ​ប៉ូលិស​យន្ត​នៅ​ទូទាំងប្រទេស។

    ប៉ូលិស​រ៉ូ​បូត​ទាំងនេះ​ត្រូវបាន​បំពាក់​កាមេរ៉ា អង្គ​ញាណ និង​មុខងារ​ទំនាក់ទំនង ព្រម​ទាំង​មាន​សមត្ថភាព​បង្កើត​តំបន់ហាមឃាត់ និង​ចេញ​ការព្រមាន​នៅក្នុង​ហេតុការណ៍ផ្សេងៗ។ ពីរ​ក្នុងចំណោម​រ៉ូ​បូត​ទាំងនេះ​ត្រូវបាន​ដាក់ពង្រាយ​នៅឯ​ស្ថានីយ T4 របស់​អាកាសយានដ្ឋាន Changi តាំងពី​ខែមេសា 2023 ដោយមាន​ភារកិច្ច​ជា​អ្នកយាម​ល្បាត និង​ព្រមាន​នៅលើ​ដី។

    ដៃ​របស់​ប៉ូលិស​យន្ត​អាច​ពន្លូត​វែង និង​ពង្រួម​​ចូល ហើយក៏​បំពាក់​កាមេរ៉ា​ដែល​អាច​មើលឃើញ 360 អង្សា។ រ៉ូ​បូត​នេះ​ក៏​បំពាក់​ប្រព័ន្ធ​ទំនាក់ទំនង​ដែល​អនុញ្ញាតឱ្យ​មន្ត្រីប៉ូលិស​និយាយ​គ្នា​បាន​ជាមួយនឹង​ប្រជាជន។

    កម្លាំង​ប៉ូលិស​សិង្ហ​បុរី (SPF) ឱ្យដឹងថា រ៉ូ​បូត​ល្បាត​នេះ​គឺជា​ឧបករណ៍​​ថ្មី​បំផុត​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​​ឃ្លាំង​បច្ចេកវិទ្យា​របស់ SPF។

    ដោយ​ប្រើប្រាស់​ភ្លើង​សញ្ញា សា​រ៉ែ​ន និង​ឧបករណ៍​បំពង​សំឡេង រ៉ូ​បូត​ទាំងនេះ​អាចធ្វើ​ជា​របង ឬ​ព្រមាន​ដល់​អ្នកដំណើរ​នៅក្នុង​ហេតុការណ៍​បន្ទាន់​នានា នៅ​មុនពេល​សមត្ថកិច្ច​មកដល់៕

  • ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។

    ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។

    ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។

    គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Aion ដែលជា​យីហោ​មួយ​របស់ GAC (Guangzhou Automobile Corporation) បាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​ថៃ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់​ចិន​ដែល​ធ្វើ​ដូច្នេះ។

    កាលពី​ថ្ងៃទី 28 មិថុនា GAC Aion បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​កិច្ចសហការ​ជាមួយ​តំណាង​ចែកចាយ​នៅ​ប្រទេស​ថៃ ដើម្បីនាំ​រថយន្ត​អគ្គិសនី​​ចូលមក​ទីផ្សារ​នេះ​ជា​ផ្លូវការ បើកផ្លូវ​ឱ្យ Aion ចាប់​ផ្ដើម​ធ្វើ​អន្តរ​ជាតូបនីយកម្ម​យីហោ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​នឹង​បើក​ទីស្នាក់ការ​កណ្ដាល​នៅ​អាស៊ីអាគ្នេយ៍​លើ​ទឹកដី​ថៃ​ក្នុងឆ្នាំនេះ។

    GAC Aion ឱ្យដឹងថា ការផលិត​បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ថៃ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មមា​ញឹក។ ក្នុង​អនាគត ក្រុមហ៊ុន​នេះ​ក៏​នឹង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ផងដែរ។

    អំពី​ការលក់​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន GAC Aion ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី BYD។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន (CPCA)។

  • Ronaldo បង្ក​ការភ្ញាក់ផ្អើល​នៅ​អាស៊ីអាគ្នេយ៍ ក្រោយ​ចាក​ចេញពី​ក្លឹប Al Nassr

    Ronaldo បង្ក​ការភ្ញាក់ផ្អើល​នៅ​អាស៊ីអាគ្នេយ៍ ក្រោយ​ចាក​ចេញពី​ក្លឹប Al Nassr

    បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចាក​ចេញពី Al Nassr នៅមុន​អស់​រដូវ​កាល Cristiano Ronaldo បានធ្វើ​ដំណើរ​មកកាន់​ប្រទេសមួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​បានបង្ក​ការ​​​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ទីនេះ។

    ថ្មីៗនេះ Ronaldo ត្រូវបាន​គ្រូបង្វឹក​អនុញ្ញាតឱ្យ​ចាកចេញ​ពី​ក្លឹប Al Nassr ប៉ុន្តែ​មិនមែន​ដើម្បី​ទាត់​​ជុំ​ចុងក្រោយ​នៅ Saudi Pro League (SPL) ឡើយ ព្រោះថា នេះ​គ្រាន់តែ​ជាការ​ប្រកួត «បំពេញបែបបទ» ប៉ុណ្ណោះ ដោយសារតែ​ក្លឹប​នេះ​បាន​អស់​ឱកាស​ប្រកួតប្រជែង ហើយ​ត្រូវ​ឈរ​មើល Al Ittihad លើក​ពាន។

    បើទោះជា​សូម​​ឈប់ និង​ចាក​ចេញពី Al Nassr មុន​ការបញ្ចប់​រដូវ​កាល ប៉ុន្តែ Ronaldo មិនបាន​ត្រលប់​ទៅ​ព័រទុយហ្កាល់​ដើម្បី​សម្រាក​នោះ​ទេ។ ជំនួស​មកវិញ កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ​រូបនេះ​បែរជា​ធ្វើដំណើរ​មក​សិង្ហ​បុរី​ទៅវិញ កាលពី​ថ្ងៃទី 02 មិថុនា 2023។

     

    តប​តាម​ការអញ្ជើញ​របស់ Peter Lim ដែលជា​អ្នកជំនួញ​ជនជាតិ​សិង្ហ​បុរី Ronaldo ក៏​ចូលរួម​ព្រឹត្តិការណ៍​ចែក​អាហារូបករណ៍​ដល់​កុមារ​នៅ​ប្រទេស​នេះ និង​ធ្វើជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​យុវជន យុវនារី​ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក។

    វត្តមាន​របស់ Ronaldo នៅ​សិង្ហ​បុរី ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង។ ទោះជា​បង្ហាញខ្លួន​ប្រហែល 15 នាទី​នៅ​ឧទ្យាន Singapore Botanic Gardens ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​ស្គាល់ និង​ដេញតាម​ពីក្រោយ​រថយន្ត​របស់ CR7 ដើម្បី​រក​ឱកាស​បាន​ថតរូប​ជាមួយ ឬ​ចង់ឃើញ​ផ្ទាល់​នឹង​ភ្នែក។

    ក្រោយពី​បញ្ចប់​សកម្មភាព​នៅ​សិង្ហ​បុរី ទើប Ronaldo ត្រលប់​ទៅ​ស្រុកកំណើត​ដើម្បី​សម្រាក និង​ត្រៀមខ្លួន​សម្រាប់​​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ វគ្គ​ជម្រុះ Euro 2024 នាពេលខាងមុខ។ តាម​កាលវិភាគ នៅ​ថ្ងៃទី 18 និង 21 ខែ​នេះ ព័រទុយហ្កាល់​នឹង​ប្រកួត​បន្តបន្ទាប់​ជាមួយ​បូ​ស្នី និង​អ៊ី​ស្លង់៕