Tag: អាសន្នរោគ

  • រៀនពិនិត្យមើលអាការពេលឆ្លងមេរោគកូវីដ-19 ដោយខ្លួនឯង

    រៀនពិនិត្យមើលអាការពេលឆ្លងមេរោគកូវីដ-19 ដោយខ្លួនឯង

    វិនាទីនេះ ប្រហែលជាគ្មាននរណាម្នាក់ចង់ឱ្យជំងឺដែលបណ្ដាលមកពីវីរុសមួយនេះកើតឡើងចំពោះខ្លួនឯងឡើយ និងអ្នកដែលធ្វើការនៅក្នុងតំបន់ប្រថុយប្រថាន ក៏រឹតតែមានសំណួរចំពោះខ្លួនឯងដែរថា “ថ្ងៃនេះ តិចលោខ្ញុំឆ្លងមេរោគកូវីដទៅ?!”។ ចំពោះបញ្ហានេះ គ្រូពេទ្យជំនាញចិនបានណែនាំពីវិធីពិនិត្យមើលអាការមេរោគវីរុសក្នុងរយៈដំបូងដោយខ្លួនឯង ដើម្បីឱ្យយើងទាំងអស់គ្នាបានធូរស្រាលកង្វល់ និងត្រៀមខ្លួនទប់ទល់យ៉ាងមានសតិស្មារតី។

    ក្នុងការបង្ហាញអាការរបស់ជំងឺដែលបណ្ដាលមកពីមេរោគវីរុសកូវីដ-19 បែប 1ថ្ងៃ ទល់ 1ថ្ងៃរបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ តែមានទិដ្ឋភាពរួមដែលដូចគ្នា 3យ៉ាងគឺ រយៈដំបូង នឹងគ្រុនក្ដៅខ្លួនខ្លាំង មានហៀរសម្បោរ និងអំឡុងពេលចុងក្រោយ នឹងមានលក្ខណៈរបស់ការឆ្លងមេរោគនៅក្នុងប្រព័ន្ធដង្ហើម បណ្ដាលឱ្យក្អក ឬកណ្ដាស់ ដោយអាការនៃជំងឺកូវីដ-19 រយៈដំបូង ស្រដៀងគ្នានឹងជំងឺគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំដែរ ដូច្នេះចាំបាច់ត្រូវតែពិនិត្យដោយវិធីការអះអាងលទ្ធផលពីបន្ទប់ប្រតិបត្តិការតែប៉ុណ្ណោះ ហើយយើងអាចសង្កេតមើលលក្ខណៈការប្រែប្រួលរបស់ជំងឺបែប 1ថ្ងៃ ទល់ 1ថ្ងៃបាន តាមរយៈស្ថិតិដែលមន្ទីរពេទ្យ Zhongnan របស់Wuhan University ដែលបានវិភាគរកឃើញ និងបោះពុម្ពផ្សាយនៅក្នុង American Medical Association ដូចតទៅ…៖

    រៀនពិនិត្យមើលអាការពេលឆ្លងមេរោគកូវីដ-19 ដោយខ្លួនឯងថ្ងៃទី1
    តាមរយៈការស្រាវជ្រាវលើក្រុមមនុស្សគំរូ 138នាក់ បានរកឃើញថា៖
    -99% នៃអ្នកជំងឺ មានអាការគ្រុនក្ដៅខ្លួនខ្លាំង
    -70% មានអាការនឿយល្វើយខ្លាំង
    -59% មានអាការក្អកស្ងួត
    -35% មានអាការឈឺចុករួយសាច់ដុំ
    -31% ពិបាកដកដង្ហើម

    ថ្ងៃទី5
    តាមរយៈការសិក្សាស្រាវជ្រាវរបស់Wuhan University រកឃើញថា អ្នកជំងឺក្នុង 5ថ្ងៃដំបូង នឹងមានអាការពិបាកពិបាកដកដង្ហើម

    ថ្ងៃទី7
    តាមរយៈការសិក្សាស្រាវជ្រាវ បានរកឃើញថា អ្នកជំងឺនឹងមានអាការពិបាកដកដង្ហើមស៊ីពេល 12-13ថ្ងៃ(មេរោគ​ចាប់​ផ្ដើម​វាយ​លុកសួត)

    ថ្ងៃទី8
    អ្នកជំងឺ នឹងមានអាការចូលឆ្ពោះទៅរកជំងឺខាងផ្លូវដង្ហើមទាន់ហន់(ARDS)ធ្វើឱ្យសួតទទួលបានអុកស៊ីហ្ស៊ែនមិន​គ្រប់គ្រាន់

    ថ្ងៃទី10
    អ្នកជំងឺ នឹងបង្ហាញអាការរោគខាងផ្លូវដង្ហើមទាន់ហន់(ARDS) (មានការសិក្សាស្រាវជ្រាវថា អ្នកជំងឺដែលបង្ហាញអាការនេះនៅថ្ងៃទី10 នឹងមានឱកាសរស់ជីវិត ច្រើនជាងអ្នកដែលបង្ហាញអាការនេះនៅថ្ងៃទី12)

    ថ្ងៃទី12
    អ្នកខ្លះមានគ្រុនក្ដៅខ្លួនស៊ីពេលយូរដល់ទៅ 12ថ្ងៃ និងមានអាការក្អកដល់ទៅ 19ថ្ងៃ

    ថ្ងៃទី22
    អ្នកជំងឺបណ្ដាលមកពីឆ្លងមេរោគកូវីដ-19 ច្រើនតែជាសះស្បើយក្នុងរយៈពេល 19-22ថ្ងៃ ក្រោយពេលបង្ហាញអាការ​ក្នុងថ្ងៃដំបូង(បើ​ទទួល​បាន​ការ​ព្យាបាល) ហើយគ្រូពេទ្យនឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបាន។

    សរុបអាការកូវីដ-19 រយៈដំបូង មានលក្ខណៈយ៉ាងណា?

    តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ប្រទេសចិន បានរកឃើញថា មានអ្នកជំងឺដែលគ្មានបង្ហាញអាការមានចំនួន 1.2ភាគរយ និង 80.9ភាគរយ បង្ហាញអាការមិនធ្ងន់ធ្ងរ ហើយអាការ​កូវីដ-19 រយៈដំបូងមាន 5លក្ខណៈ ដូចជា គ្រុនក្ដៅខ្លួន នឿយល្វើយ ក្អក ឈឺចុករួយ ពិបាកដកដង្ហើម ដែលបើសិនជាគ្រប់ទាំង 5លក្ខណៈនេះហើយ ត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! ឥណ្ឌា​ដាក់​ទណ្ឌកម្ម​​អ្នក​រំលោភ​បទបញ្ជា​បម្រាម​គោចរ ដោយ​វាយ​នឹង​ដំបង

    COVID-19! ឥណ្ឌា​ដាក់​ទណ្ឌកម្ម​​អ្នក​រំលោភ​បទបញ្ជា​បម្រាម​គោចរ ដោយ​វាយ​នឹង​ដំបង

    អាជ្ញា​ធរ​ឥណ្ឌា​ ធ្វើ​ការ​​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អ្នកទាំង​ឡាយ​ណា​​ដែល​បាន​រំលោភ​លើ​បទ​បញ្ជា​បម្រាម​គោចរ​ ខណៈ​​ដែល​ប្រជា​ជន​ប្រមាណជា​1.3​ពាន់​លាន​នាក់ ​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19។

    យោង​តាម​បទបញ្ជា​របស់លោក Narendra Modi ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា ប្រទេស​ដែល​មាន​ប្រជា​ជន​​ប្រមាណជា​1.3​ពាន់លាន​នាក់​នេះ នឹង​ត្រូវ​បាន​បិទ​ការ​ដើរ​ហើរ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​21​ថ្ងៃ ដើម្បី​រារាំង​ពលរដ្ឋមិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​។

    នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ មាន​ប្រសាសន៍​ថា ការ​ដាក់​បម្រាម​គោចរ​គឺជា​វិធី​តែមួយ​​គត់​ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​COVID-19​បន្ថែម​ទៀត​ និង​កាត់​បន្ថយ​ទំហំ​នៃ​ការ​រីក​រាល​ដាល​របស់​មេរោគនេះ​​។

    សេវា​កម្ម​ចាំបាច់​មួយ​ចំនួន​ដូច​ជា អគ្គិសនី ទឹក​​ ការ​ថែ​ទាំសុខភាព​ ពន្លត់​អគ្គិភ័យ និង​ហាង​លក់​គ្រឿងទេសជា​ដើម​​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​សកម្ម​ភាព​។ ក្រៅ​ពី​នេះ សុទ្ធ​តែ​ត្រូវ​បាន​បិទ​ សូម្បី​តែ​រថយន្ត​ក្រុង​ និង​រថភ្លើងក្រោម​ដី​ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​។

    បម្រាម​គោចរ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទ្រង់ទ្រាយ​ធំ​ជាង​ប្រទេស​ចិន​ដែល​មនុស្ស​​ប្រមាណជា​750​លាន​នាក់ប៉ុណ្ណោះ ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​។

    នៅ​ប្រទេស​ឥណ្ឌា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បទបញ្ជា​បម្រាម​គោចរនេះ​។ មនុស្ស​ជា​ច្រើន​យល់​ថា បទ​បញ្ជា​នេះ​អាច​ធ្វើ​ឱ្យ​វីរុស​COVID-19 ឆ្លង​រាល​ដាល​ដល់​ជនបទ​ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ព្រោះ​ខ្លាច​ជាប់​​នៅ​ក្នុង​ទី​ក្រុង​។

    សមត្ថ​កិច្ច​ឥណ្ឌា​ កំពុង​ប្រើ​ប្រាស់​វិធាន​ការ​ពិន័យ​ច្រើន​រូប​ភាព​ ចំពោះ​អ្នក​ដែល​បាន​រំលោភលើ​បទបញ្ជា​បម្រាម​គោចរ​របស់​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ដូច​ជា​ ការ​ពិន័យ​ដោយការ​​វាយ​នឹង​ដំបង​ ឬ​ចាប់​ឱ្យ​អង្គុយ​តាម​កាយ​វិការពិបាក​ទ្រាំ​ជា​ច្រើន​របៀប​។ល។

    ប្រទេស​ឥណ្ឌា​ គិត​ត្រឹម​ល្ងាច​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​COVID-19 តែ​665​នាក់ និង​ស្លាប់​ចំនួន​13​នាក់​ប៉ុណ្ណោះ​ ដែល​តួលេខ​នេះ​ នៅ​ទាប​ជាង​ប្រទេស​ចិន សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​នៅឡើយ។ ក៏ប៉ុន្តែ កត្តា​ជីវ​ភាព​រស់​នៅ អនាម័យ​នៅ​មាន​កម្រិត រួម​នឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​ របស់ប្រទេស​ឥណ្ឌា​ អាច​ធ្វើ​ឱ្យ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 កើន​ឡើង​ខ្លាំង​ មិន​អាច​គ្រប់​គ្រង​បាន​។

    នាយក​រដ្ឋមន្ត្រី​ Modi បាន​ប្រកាស​​ចំណាយ​ថវិកា​​​ចំនួន​150​ពាន់​លាន​ rupee (ជិត​2ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ដល់​ការ​ធ្វើ​តេស្ត​រក​មេរោគ ការ​បន្ថែម​គ្រែ​ក្នុង​មន្ទីរពេទ្យ ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម។ល។ លោក Modi ក៏បាន​បង្កើត​​ក្រុម​ការ​ងារ​ពិសេស​មួយ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ដែល​កើត​ឡើង​ដោយ​សារ​វិបត្តិ​សុខ​ភាព​នេះ៕

    ប្រភព៖ Reuters, AFP, PTI,indiatimes

  • អភិបាលក្រុងនៅអ៊ីតាលី សារភាព៖ ​មន្ទីរ​ពេទ្យ​ជួយ​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ​-​19​គ្រប់​គ្នា​លែង​រួចហើយ មានច្រើន​ណាស់​ត្រូវ​ស្លាប់នៅផ្ទះ…

    អភិបាលក្រុងនៅអ៊ីតាលី សារភាព៖ ​មន្ទីរ​ពេទ្យ​ជួយ​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ​-​19​គ្រប់​គ្នា​លែង​រួចហើយ មានច្រើន​ណាស់​ត្រូវ​ស្លាប់នៅផ្ទះ…

    ដោយសារតែមន្ទីរពេទ្យទាំងអស់ គ្មានទីកន្លែង និងធនធានមនុស្សច្រើនគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះឱ្យបានគ្រប់គ្នា នោះវាមានន័យថា នឹងមានអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ចំនួនដ៏ច្រើនត្រូវដេកស្លាប់នៅក្នុងផ្ទះ…នេះបើយោងតាមពាក្យដាស់តឿនរបស់លោក ចចជិអូ ហ្គូរី អភិបាលទីក្រុងប៊ែហ្គាម៉ូ ក្នុងមណ្ឌល​ឡំបាឌី ភាគខាងជើងនៃប្រទេសអ៊ីតាលី ជាតំបន់ដែលទទួលរងផលប៉ះពាល់ពីវីរុសមរណៈនេះខ្លាំងក្លាជាងគេបំផុត។

    លោក ហ្គូរី បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានក្នុងតំបន់មួយកាលពីថ្ងៃពុធ(ទី25មីនា)ម្សិលមិញថា ប្រព័ន្ធសាធារណសុខាភិបាលទាំងអស់របស់ទីក្រុង បានធ្លាក់ក្នុងសភាវណែនណាន់តាន់តាប់ ដោយសារតែការឆ្លងរាតត្បាតនៃវីរុសកូវីដ-19 ហើយគ្រប់គ្នា “ធ្វើការយ៉ាងវីវក់ តាំងពីម៉ោង 8.00 រហូតមកដល់ពេលដែលយើងត្រូវប្រះខ្លួនដេកដោយក្ដីនឿយហត់នៅពេលព្រលប់”។

    “មនុស្សចំនួនដ៏ច្រើន បាននាំគ្នាមកមន្ទីរពេទ្យយឺតពេលជ្រុលពេក និងមកដល់ក្នុងស្ថានភាពធ្ងន់ធ្ងរបាត់ទៅហើយ ចាំបាច់ត្រូតែដាក់បំពង់ដកដង្ហើមនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់” លោក ហ្គូរីបន្តប្រាប់ ព្រមទាំងបញ្ជាក់ថា កាលពីសប្ដាហ៍មុន មានអ្នកស្លាប់នៅក្នុងប៊ែហ្គាម៉ូ ក្នុងមណ្ឌលតែមួយ ក៏ច្រើនជាង 300នាក់បាត់ទៅហើយ។

    លោកបានថ្លែងថា “មានចំនួនច្រើនទៀតណាស់ ដែលមកមិនដល់មន្ទីរពេទ្យ បានស្លាប់នៅតាមផ្លូវ និងនៅក្នុងផ្ទះ សឹងតែទាំងអស់ ជាមនុស្សចាស់ជរាដែលមានអាការរលាកសួត និងមានករណីឆ្លងវីរុសកូវីដ-19ជាច្រើនទៀត បានរបូតផុតពីការឃ្លាំមើលរបស់យើង។ វាជារឿងពិបាកណាស់ ក្នុងការទប់ស្កាត់អ្នកឆ្លងមេរោគឱ្យបានទាន់ពេលវេលា ហើយយើងថែមទាំងគ្មានបន្ទប់នៅក្នុងមន្ទីរពេទ្យសម្រាប់គ្រប់គ្នាទៀតផង”

    មណ្ឌលឡំបាឌី គឺជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសអ៊ីតាលី ដោយកាលពីថ្ងៃពុធ(ទី25មីនា)ម្សិលមិញ មានអ្នកឆ្លងមេរោគទូទាំងប្រទេសរួចហើយចំនួន 69,176នាក់ ខ្ពស់បំផុតលំដាប់លេខ2 របស់ពិភពលោកបន្ទាប់ពីចិន និងមានចំនួនអ្នកស្លាប់សរុប 6,820នាក់ វ៉ាដាច់ប្រទេសចិន ឡើងជាលំដាប់លេខ1 របស់ពិភពលោកទៅហើយ៕

    ប្រភព៖ Mgronline

  • ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

    ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

    ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេសប្រចាំ​នៅ​​ប្រទេស​ហុង​គ្រី លោក Steven Dick អាយុ​37​ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19។

    យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អង់គ្លេស​ ឯកអគ្គ​រាជ​ទូត​អង់គ្លេស​ លោក Steven Dick បាន​ស្លាប់​នៅក្នុង​ប្រទេស​ហុង​គ្រី កាល​ពី​ថ្ងៃទី​24​មីនា​កន្លង​ទៅ​។ “ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ ចំពោះ​ការ​ស្លាប់​​របស់​លោក​ Steven” នេះ​ជា​ប្រសាសន៍​របស់លោក Dominic Raab ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​អង់គ្លេស​។

    Dominic Raab ថ្លែង​ថា “Steven គឺ​ជា​អ្នក​ការ​ទូត​ដែល​ចេះ​ស៊ូទ្រាំ​នឹង​ការងារ​ និង​តំណាង​ឱ្យ​ប្រទេស​ទាំង​មូល​ ដោយ​មាន​សមត្ថ​ភាព​ និង​ស្រឡាញ់​ការ​ងារ​យ៉ាង​អស្ចារ្យ​មួយ​រូប​”។ លោក​ Dick បាន​ទទួល​តំណែង​ជា​ឯកអគ្គ​រាជ​ទូត​រង​​ចាប់​ពី​ខែធ្នូ ឆ្នាំ​2019។

    ការ​បាត់​បង់​ជីវិត​របស់​ឯកអគ្គរាជ​ទូត​រង​អង់គ្លេស​នៅរដ្ឋធានី​​ Budapest បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ហុង​គ្រី​ សរុបឡើង​ដល់​10​នាក់​។ នេះ​បើ​តាមទិន្ន​ន័យ​ផ្លូវ​ការ​របស់​ប្រទេស​ហុង​គ្រី​កាល​ពី​ថ្ងៃដែល​លោក Dick បាន​ស្លាប់​។ ក៏ប៉ុន្តែ ភាគី​ខាង​​ប្រទេស​ហុង​គ្រី​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​អង់គ្លេស​តែ​ម្នាក់​គត់​ ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​។ បច្ចុប្បន្ន មិន​ទាន់​ដឹង​ថា​លោក Dick​ មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ក្រៅ​ពី​ COVID-19 ដែរ​ឬអត់​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​198​ នៅ​ទូទាំង​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ប្រទេស​ចិនកាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា 471,468​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​21,295​នាក់​បាន​ស្លាប់ និង​ជាង​14,790​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។ ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​114,640​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • “វីរុស ឆ្លងគ្មានព្រំដែនទេ ដូច្នេះត្រូវរួមដៃគ្នា ទើបឆ្លងផុតឧបសគ្គនេះបាន” លោក ស៊ី ជីនភីង ទូរស័ព្ទពិភាក្សាជាមួយមេដឹកនាំទូទាំងពិភពលោក

    “វីរុស ឆ្លងគ្មានព្រំដែនទេ ដូច្នេះត្រូវរួមដៃគ្នា ទើបឆ្លងផុតឧបសគ្គនេះបាន” លោក ស៊ី ជីនភីង ទូរស័ព្ទពិភាក្សាជាមួយមេដឹកនាំទូទាំងពិភពលោក

    មេរោគវីរុស បានបង្ហាញឱ្យពិភពលោកដឹងថា គ្មានព្រំដែន ឬបែងចែកជាតិសាសន៍ណាមួយឡើយ ហើយមានតែការធ្វើការរួមគ្នាប៉ុណ្ណោះ ទើបមនុស្សជាតិ អាចយកឈ្នះក្នុងការប្រយុទ្ធនឹងមេរោគវីរុសដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនេះបាន។

    ចិនរួមដៃជាមួយអង់គ្លេស

    លោក ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន បានថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន កាលពីថ្ងៃចន្ទ កន្លងទៅថា ចិនត្រៀមជាស្រេចក្នុងការគាំទ្រ និងជួយសហរាជអាណាចក្រ។ លោកប្រធានាធិបតី ស៊ី បានបន្ថែមថា លោកជឿជាក់ថា អង់គ្លេសនឹងទទួលបានជោគជ័យលើការឆ្លងរាតត្បាតរបស់មេរោគ ក្រោមការដឹកនាំរបស់លោក ចនសុន។

    ចំណែកលោកនាយករដ្ឋមន្ត្រី ចនសុន បានស្វាគមន៍ និងអបអរសាទរចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ចំពោះភាពជោគជ័យក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាត ដែលបានប្រើការព្យាយាមយ៉ាងខ្លាំងក្លា និងការលះបង់យ៉ាងមហាសាល។

    នាពេលបច្ចុប្បន្ន ស្ថានការណ៍COVID-19 នៅក្នុងសហរាជអាណាចក្រ បានក្លាយជារឿងដែលគួរឱ្យវិតក្កកង្វល់យ៉ាង​ខ្លាំង។ លោកបន្ថែមថា៖ “សហរាជអាណាចក្រ កំពុងសិក្សា និងរៀនយល់ដឹងពីបទពិសោធដ៏មានប្រយោជន៍របស់ចិន និងប្រើវិធានការការពារ និងគ្រប់គ្រងខាងវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព”។

    លោក ចនសុន បានបន្តថា៖ “យល់ស្របយ៉ាងខ្លាំងបំផុតជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង ថា គ្មានប្រទេសមួយណាតែម្នាក់ឯង អាចការពារខ្លួនឯងពីរោគរាតត្បាតនេះបាន ដោយមិនពង្រឹងការសហការគ្នាជាមួយប្រទេសផ្សេងទៀតនោះទេ” លោក ចនសុនបានបន្ថែមថា “អង់គ្លេសគាំទ្រWHO ក្នុងការមានតួនាទីសំខាន់ និងសង្ឃឹម​ថា គ្រប់គ្នានឹងពង្រឹងការសហការដែលពាក់ព័ន្ធនៅក្នុងប្រទេស G20 និងក្នុងកម្រិតពហុភាគីឱ្យកាន់តែស៊ីជម្រៅខ្លាំងឡើង”។

    ចិនសហការជាមួយបារាំង

    លោក ស៊ី ជីនភីង នៅបានទូរស័ព្ទទៅពិភាក្សាជាមួយលោក អេម៉ានូអែល ម៉ាខ្រុង ប្រធានាធិបតីនៃប្រទេសបារាំងផងដែរថា ប្រទេសចិនត្រៀមខ្លួនជានិច្ចក្នុងការធ្វើការរួមជាមួយប្រទេសបារាំង ដើម្បីការសហការដ៏ជិតស្និទ្ធខ្លាំងឡើងក្រោមកម្រិតពហុភាគី និងការគ្រប់គ្រងថែទាំផ្នែកសុខភាពដែលកាន់តែល្អឡើងទូទាំងពិភពលោក។

    កាលពីពេលមុននេះ មេដឹកនាំបារាំង បានទូរស័ព្ទពិភាក្សាជាមួយលោក ស៊ី ជីនភីង តាំងពីខែមករា ដោយបានសម្ដែងឱ្យឃើញអំពីភាពជឿជាក់រវាងគ្នា និងគ្នា រវាងប្រធានាធិបតីទាំង2(បារាំង-ចិន)ក្នុងកម្រិតខ្ពស់មួយ។

    លោក ម៉ាខ្រុង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហានរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ក្នុងការប្រើវិធានការដាច់ខាត និងមានប្រសិទ្ធភាពក្នុងរយៈពេលដ៏ខ្លី។

    ចិនសហការជាមួយអេហ្ស៊ីប

    លោក ស៊ី ជីនភីង បានទូរស័ព្ទជជែកជាមួយលោក អាប់ឌែល ហ្វាថា អាល់ស៊ីស៊ី មេដឹកនាំនៃប្រទេសអេហ្ស៊ីបថា ចិនគាំទ្រការព្យាយាមក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាតរបស់អេហ្ស៊ីប និងអះអាងពីគោលជំហររបស់ចិនក្នុងការធ្វើការរួមជាមួយប្រទេសផ្សេងៗ ដើម្បីលើកកម្ពស់ការសហការរវាងប្រទេសក្នុងការការពារ និងគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគ រួមគ្នាចាត់ការទៅលើមហន្តភ័យឈ្លានពាននេះ។

    វេជ្ជភណ្ឌ ដែលចិនបញ្ជូនទៅឱ្យប្រទេសបារាំង បានទៅដល់ព្រលានយន្តហោះ Roissy-Charles de Gaulle ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី18 មីនា ឆ្នាំ2020

    មេដឹកនាំនៃប្រទេសអេហ្ស៊ីប បានថ្លែងដោយសម្ដែងពីអារម្មណ៍អរគុណដែលបានទទួលការគាំទ្រ និងការជួយ សង្គ្រោះអំពីចិន និងជឿជាក់ក្នុងចិត្តថា ជាមួយនឹងការតស៊ូប្រយុទ្ធនឹងគ្រោះភ័យនេះ មិត្តភាពរវាងប្រទេសទាំង2 នឹងបានទទួលការតភ្ជាប់ជាបន្ត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលីកើន​ដល់​​ 7,503​នាក់ ចំណែក​នៅ​ទូទាំង​ពិភពលោកកើន​​លើស​ 21,000​នាក់​

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលីកើន​ដល់​​ 7,503​នាក់ ចំណែក​នៅ​ទូទាំង​ពិភពលោកកើន​​លើស​ 21,000​នាក់​

    ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​ 860​នាក់​បន្ថែម​ទៀត​នៅក្នុង​អំឡុង​24​ម៉ោង​កន្លង​ នាំ​ឱ្យ​ចំនួនអ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​7,503នាក់​។

    នាយកដ្ឋាន​ការ​ពារ​ពលរដ្ឋ​អ៊ីតាលី​ (Protezione Civile) កាល​ពី​ថ្ងៃទី​25​មីនាបាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ចំនួន​680​នាក់​បន្ថែម​ទៀត បាន​បាត់​បង់ជីវិត។ ចំនួន​អ្នក​ឆ្លង​មេរោគ COVID-19 ​សរុប​នៅ​ប្រទេស​នេះ មាន​ 74,386​នាក់ ក្នុង​នោះ​មាន​7,503​នាក់​បាន​បាត់​បង់ជីវិត​។

    ប្រធាន​នាយក​ដ្ឋាន​ការ​ពារ​ពលរដ្ឋ​អ៊ីតាលី លោក Angelo Borrelli មិន​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃទី​ 25មីនា​ដូច​សព្វ​មួយ​ដង​នោះ​ទេ​ ព្រោះ​លោក​មាន​អាការ​គ្រុន​ក្ដៅ និង​បាន​ធ្វើ​តេស្តរកមេរោគ​ COVIVD-19 រួច​ហើយ​ដែរ​។ លោក Angelo Borrelli ធ្លាប់​បាន​ថ្លែង​កាល​ពី​​ថ្ងៃទី​24មីនា​ថា តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​មេរោគ​ COVID-19 អាច​ខ្ពស់​ជាង​10ដង បើ​ធៀប​នឹង​តួលេខ​ដែល​បាន​ប្រកាស​ ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា នៅ​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​តែ​អ្នក​ដែល​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​តែ​ប៉ុណ្ណោះ​។

    តំបន់ Lombardy ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី គឺជា​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពីរោគ​រាត​ត្បាត​កូរ៉ូណា។

    ប្រទេស​អ៊ីតាលី​គឺជា​សម្បុក​មេរោគ​ COVID-19​ ធំជាង​គេ​ក្នុង​ពិភពលោក។ បើ​ធៀប​នឹងប្រទេស​ចិនដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស COVID-19 ចំនួន 3,287នាក់ ប្រទេស​អ៊ីតាលី​មាន​ច្រើន​ជាង​នេះ​ទ្វេ​ដង​។ អត្រា​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី​ គឺ​ប្រមាណជា​ 9.5% ពោល​គឺខ្ពស់ជាង​ទ្វេ​ដងបើធៀប​នឹង​មធ្យម​ភាគ​ទូទាំង​ពិភពលោក​។

    បទបញ្ជា​ហាម​ធ្វើ​ដំណើរ​នៅ​ប្រទេស​អ៊ីតាលី បាន​អូសបន្លាយ​2សប្ដាហ៍​មក​ហើយ ដោយ​បទ​បញ្ជា​នេះ មិន​អនុញ្ញា​ត​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ​ លើក​លែង​តែ​ត្រូវ​ទៅ​ទិញ​របស់​របរ​ចាំបាច់​ប៉ុណ្ណោះ​។ នាយក​រដ្ឋមន្ត្រី Giuseppe Conte ក៏បាន​បង្កើន​កម្រិត​នៃ​ការ​ពិន័យ​ទៅ​លើ​អ្នក​ដែល​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ ពី​206​ EUR (ជាង 220 USD) ឡើង​ដល់ 3,000​ EUR (ជាង​ 3,200​ USD)។

    នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង​វីរុស​ COVID-19 សរុប បាន​កើន​ដល់​ 468,644​នាក់​ ក្នុង​នោះ​មាន​21,191​នាក់​បាត់​បង់ជីវិត និង​14,733​នាក់កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ចំណែក​ករណី​​ជា​សះស្បើយ បាន​កើន​ដល់​​ជាង 114,210​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • តើ “ម៉ាស់ក្រណាត់” និង “ម៉ាស់មានតម្រង” ការពារមេរោគវីរុសបានល្អទេ? ពេទ្យតៃវ៉ាន់ ឱ្យប្រយ័ត្ន 3ចំណុច…

    តើ “ម៉ាស់ក្រណាត់” និង “ម៉ាស់មានតម្រង” ការពារមេរោគវីរុសបានល្អទេ? ពេទ្យតៃវ៉ាន់ ឱ្យប្រយ័ត្ន 3ចំណុច…

    ម៉ាស់​ក្រណាត់ អាច​ការពារ​លម្អងទឹកតូចៗបានល្អ សម្រាប់​ប្រជាជន​ដែលមាន​សុខភាព​រឹងមាំ ការ​ស្នាក់​នៅក្នុង​សភាព​បរិស្ថាន​ដែលមាន​ខ្យល់អាកាស​បក់​ចេញ-ចូល ឬ​កន្លែងស្រឡះៗ និង​ការរក្សា​រយៈ​ចម្ងាយ​ពីគ្នា​ចាប់ពី 1ម៉ែត្រ​ឡើងទៅ ក៏​អាច​ការពារ​ការឆ្លង​មេរោគ​វីរុស​កំណាច​នេះ​បានដែរ។

    ខណៈដែល “ម៉ាស់​ក្រណាត់” និង “ម៉ាស់​មាន​តម្រង” មាន​ដាក់លក់​ពេញទី​ផ្សារ​នៅក្នុង​ប្រទេស​តែ​វ៉ាន់ ជាពិសេស​ម៉ាស់​ធ្វើ​ពី​សាច់​ក្រណាត់ តើ​ប្រជាជន​គួរ​ជ្រើសរើស​យ៉ាងណា​ល្អ?

    “ម៉ាស់​ក្រណាត់” អាច​ការពារ​ការឆ្លង​មេរោគ​តាមរយៈ​លម្អង​ទឹកល្អិតៗ និង​ការប៉ះពាល់​បានល្អ

    លោក​វេជ្ជបណ្ឌិត ស៊ូ អ៊ី​ហ្វឹ​ង ប្រចាំ​ផ្នែក​វេជ្ជសាស្ត្រ​ដើមទ្រូង នៃ​មន្ទីរពេទ្យ​ប្រចាំ​ទីក្រុង​តៃប៉ិ បាន​និយាយថា ក្នុង​លក្ខខណ្ឌ​ដែល​មេរោគ​វីរុស​កូ​វីដ-19 ចម្លង​សាយភាយ​ទៅរក​មនុស្ស​តាមរយៈ​ការប៉ះពាល់​ជិតស្និទ្ធ​ខាង​រាងកាយ និង​លម្អង​ទឹកល្អិតៗជា​ចម្បង​នោះ ការពាក់​ម៉ាស់​ក្រណាត់ គឺជា​វិធី​ការពារ​ការឆ្លង​មេរោគ​បានល្អ បើ​នៅ​មិនទាន់មាន​ការអះអាង​ច្បាស់លាស់​ថា វីរុស​កូ​វី​ដដែល​ចម្លង​តាមរយៈ​លម្អង​ទឹកល្អិតៗ ឬ​អនុភាគ​ខ្នាតតូច​ជាង 5មី​ក្រុង​ដែល​អណ្ដែត​នៅក្នុង​អាកាសធាតុ​នោះ។

    លោក​វេជ្ជបណ្ឌិត ស៊ូ អ៊ី​ហ្វឹ​ង បាន​ថ្លែងថា លម្អង​ទឹកល្អិតៗទូទៅ​មាន​ទំហំ 100មី​ក្រុង នៅពេល​ត្រូវ​ព្រួស​ចេញមក វា​នឹង​ធ្លាក់​ចុះទៅ​ក្រោម ក្នុង​រូប​បែប​ជា​រាង​ខ្សែកោង​រង្វង់(Parabora) ដូច្នេះ ការរក្សា​ចម្ងាយ​ពីគ្នា 1-2ម៉ែត្រ គឺមាន​សុវត្ថិភាព​ហើយ។ លម្អង​ទឹកល្អិតៗ នឹង​អណ្ដែត​មករក​ផ្ទៃមុខ​ដោយ​ត្រង់ តែ​ការពិត​វិញ ឱកាស​ដែល​មេរោគ​នឹង​មក​ប្រឡាក់ប្រឡូស​នៅលើ​ម៉ាស់ មាន​ទាប​បំផុត វា​ច្រើនតែ​ប្រឡាក់ប្រឡូស​នៅលើ​ខោអាវ ដៃ និង​វត្ថុផ្សេងៗ ធ្វើឱ្យ​កើតការ​ឆ្លង​មេរោគ​តាមរយៈ​ការប៉ះពាល់ មាន​ភាព​អាចទៅរួច​ខ្ពស់។ ដូច្នេះ ទើប​សុំ​អំពាវនាវ​ដាស់តឿន​ថា ក្រៅពី​ការលាង​ដៃ​ហើយ គួរ​ឧស្សាហ៍​ផ្លាស់ប្ដូ​សម្លៀកបំពាក់​ឱ្យបាន​ញឹកញាប់​ផង ក្នុង 1ថ្ងៃ ដែល​នេះ​អា​ចរាប់ថា ជាការ​ការពារ​ដែល​សំខាន់​មួយ​ដែរ។

    ក្រៅពីនេះ​លោក​វេជ្ជបណ្ឌិត ស៊ូ អ៊ី​ហ្វឹ​ង បាន​បន្ថែមទៀតថា នៅពេល​លម្អង​ទឹកល្អិតៗត្រូវ​ព្រួស​ចេញមក រន្ធ(Aperture) របស់​វីរុស​នឹង​បង្រួញ​ខ្លួន​តូច​ខ្លាំង(តូច​ប្រមាណ​ជា 1មី​ក្រុង) ហើយ​បើសិន​នៅពេល​អនាគត មានការ​ពិសោធ​អះអាងថា វីរុស​កូ​វីដ អាច​ចម្លង​សាយភាយ​មេរោគ​តាមរយៈ​អាកាសធាតុ​បាន​នោះ ប្រសិទ្ធភាព​ក្នុងការ​ការពារ​មេរោគ​របស់​ម៉ាស់​ក្រណាត់​ក៏​នឹង​ថយចុះ​ដែរ។

    ម៉ាស​អនាម័យ​មាន​តម្រង

    ម៉ាស់​បែបនេះ យ៉ាងតិច​ត្រូវមាន 3ជាន់ ជិត​ណែន និង​ត្រង​មេរោគ​បាក់តេរី​បាន​ភាពខុសគ្នា​រវាង “ម៉ាស់​ក្រណាត់” នឹង “ម៉ាស់​មាន​តម្រង” ស្ថិតនៅ​ត្រង់ណា?

    ម៉ាស់​ក្រណាត់ ដែលមាន​ដាក់លក់​នៅក្នុង​ទីផ្សារ មាន​ច្រើន​រូប​បែប ភាគច្រើន​អាច​បោកគក់ និង​យកមកប្រើ​សា​ឡើងវិញ​បាន។ បើ​សម្លឹងមើល​ក្នុងន័យ​ការការពារ​មេរោគ​វិញ ភាពខុសប្លែក​គ្នា គឺ​ស្ថិតនៅលើ​ប្រភេទ​របស់​ក្រណាត់ និង​ការច្នៃ​ម៉ូដ ដោយ “ម៉ាស់​មាន​តម្រង” នឹង​ប្រើ​ក្រណាត់ 2បន្ទះ ដេរ​ភ្ជាប់​ផ្នែក​ខាងលើ និង​ខាងក្រោម​ជាប់​គ្នា ត្រង់​ចន្លោះ​កណ្ដាល មាន​ដាក់​បន្ទះ​តម្រង(ផ្លាស់ប្ដូរ​បាន) ដែល​នឹង​ជួយ​ពន្យារ​អាយុ​ការប្រើ​ការ​របស់​ម៉ាស់។

    ក្រៅពី​ការពាក់​ម៉ាស់​អនាម័យ​ការពារ​មេរោគ​ហើយ អ្នកជំនាញការ​បាន​ដាស់តឿន​ពី​ការមើល​ថែទាំ និង​ការពារ​ក្នុងការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូចខាងក្រោម​នេះ៖

    1-បោកគក់​សម្អាត​រាល់ថ្ងៃ…ពេទ្យ​តៃវ៉ាន់​បាន​ណែនាំ​ការ​បោកគក់​សម្លៀកបំពាក់ ដោយ​ការ​ចំហុយ​ស្ងួត ហាល​ស​ម្ងួ​ត ឬ​បើ​មានការ​បារម្ភ ចូរ​ញែក​បោកគក់​ម៉ាស់​ការពារ​ដោយឡែក និង​ប្រើ​សីតុណ្ហភាព​យ៉ាង​ទាប​បំផុត 60អង្សា​C។

    2-បន្ទះ​តម្រង​ម៉ាស់ គួរ​ផ្លាស់ប្ដូរ​ឱ្យបាន​ញឹកញាប់។ បើ​ធាតុអាកាស​ក្ដៅ ឬ​អ្នក​ដែលមាន​ញើស​ចេញ​ច្រើន គួរ​ផ្លាស់ប្ដូរ​បន្ទះ​តម្រង​ឱ្យបាន​រឹតតែ​ញឹកញាប់​ឡើង។

    3-ពេល​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​ដែលមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការឆ្លង​មេរោគ​ខ្ពស់ គួរ​ពាក់​ម៉ាស់​អនាម័យ​ការពារ​ឱ្យបាន​ជាប់​ជានិច្ច៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • COVID-19! ក្រសួង​សុខាភិបាល​កម្ពុជា បង្កើត​​គេហទំព័រ​សម្រាប់​ឱ្យពលរដ្ឋ​តាម​ដាន​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា…

    COVID-19! ក្រសួង​សុខាភិបាល​កម្ពុជា បង្កើត​​គេហទំព័រ​សម្រាប់​ឱ្យពលរដ្ឋ​តាម​ដាន​តួលេខ​នៃ​អ្នក​ជំងឺ​កូរ៉ូណា…

    ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​ព័ត៌មាន​ទាក់​ទិន​នឹង​ទិន្ន​ន័យ​នៃ​ករណី​ឆ្លង​ បាត់​បង់ជីវិត​ជា​ដើម ដោយ​សារ​វីរុស COVID-19 ក្រសួង​សុខាភិបាល​​ បាន​បន្ថែម​ទំព័រ​ថ្មី​​មួយ​នៅ​លើ​គេហទំព័រ​​នៃ​ក្រសួង​នេះ​។

    នៅ​ពេល​ដែល​ស្ថាន​ភាព​នៃ​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី (COVID-19) តម្រូវ​ការ​នៃ​ការ​តាម​ដាន​ព័ត៌មាន​ទាក់ទិន​នឹង​បញ្ហា​​រោគ​រាតត្បាត​នេះ ក៏​កាន់​តែ​កើន​ឡើង​ ពិសេស​គឺ​ដំណឹង​ស្ដី​អំពី​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ អ្នក​ស្លាប់​ និង​អ្នក​បាន​ជា​សះស្បើយ។

    ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាង​លើ​នេះ ក្រសួង​សុខាភិបាល​ក៏បាន​បន្ថែម​ទំព័រ​ថ្មី​មួយ​ទៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​។ នៅ​ពេល​ចូល​ទៅកាន់​​គេហទំព័រ​ http://cdcmoh.gov.kh របស់​ក្រសួង​សុខាភិបាល លោក​អ្នក​នឹង​បាន​ឃើញ​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់​ទិន​នឹង​មេរោគកូរ៉ូណា COVID-19 ក្នុង​នោះ​មាន​ទាំង​តួលេខ​នានា​ស្ដីអំពី​ចំនួន​អ្នក​ឆ្លង​មេរោគ អ្នក​ស្លាប់​។ល។

    ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ខាងលើ សូម​ចុច​ទីនេះ ឬ​ចុច http://cdcmoh.gov.kh។ នៅ​លើ​ទំព័រ​ http://cdcmoh.gov.kh​ នេះ លោក​អ្នក​នឹង​ឃើញ​ប្រអប់​អក្សរ​​មួយ​ដែល​មាន​ឈ្មោះ​ថា “COVID-19 documents”។ សូម​ផ្លាស់​ទី​រូប​សញ្ញាព្រួញ​​​ (Mouse cursor icon) ដាក់​ទៅលើ​ប្រអប់ ​”COVID-19 documents” នោះ រួច​ចុច​ទៅ​លើ​ប្រអប់​ថ្មី មាន​ឈ្មោះ​ថា​ “COVID-19 Maps” ដែល​លេច​ឡើង​នៅ​ខាងក្រោម​ប្រអប់​នោះផ្ទាល់​ ពេល​នោះ​លោក​អ្នក​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទំព័រ​មួយ​ទៀត​ដែល​មាន​តំណភ្ជាប់ https://covid19-map.cdcmoh.gov.kh/។ នេះ​ហើយ​គឺជា​ទំព័រ​ថ្មី​នៃ​​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​៕

  • ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន

    ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន

    ក្រសួងទេសចរណ៍ នៅថ្ងៃទី25 ខែមីនា ឆ្នាំ2020នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី25 ខែមីនា ឆ្នាំ2020តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជា។

    ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ-19 បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន 93នាក់។

    សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម៕

    ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖

  • អ្នក​វិទ្យា​សាស្ត្រ​ថត​បាន​រូប​ភាពវីរុស​ COVID-19 ដ៏​ស្រស់​ស្អាត កំពុង​ចោម​រោម​ “សម្លាប់​” កោសិកា​របស់​មនុស្ស​

    អ្នក​វិទ្យា​សាស្ត្រ​ថត​បាន​រូប​ភាពវីរុស​ COVID-19 ដ៏​ស្រស់​ស្អាត កំពុង​ចោម​រោម​ “សម្លាប់​” កោសិកា​របស់​មនុស្ស​

    វិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនៃ​សហរដ្ឋ​អាមេរិក​ National Institute of Allergy and Infectious Diseases​(NIAID) បាន​បញ្ចេញ​រូប​ថតថ្មី​បំផុត​​ជា​ច្រើន​សន្លឹក​ ស្ដីអំពី​ COVID-19 ដែលត្រូវ​បាន​​ថត​ដោយ​កែវ​ពង្រីក​មីក្រូទស្សន៍​អេឡិក​ត្រុងប្រទេស​ស្កេន (Scanning electron microscope)។

    រូប​ដែល​ត្រូវ​បាន​បន្ថែម​ពណ៌​ទាំង​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា មាន​វីរុស​រាន់​រយ​ក្បាល​កំពុង​តោង​ជាប់​នៅលើ​កោសិកា​របស់​មនុស្ស​ ដែល​យក​ពី​អ្នកជំងឺ​ COVID-19ម្នាក់​នៅ​សហរដ្ឋ​អាមរិក បន្ទាប់​ពី​វា​ (កោសិកាមនុស្ស) បាន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​ងាប់​ និង​ជ្រុះ​។ មេរោគ​កូរ៉ូណា​ទាំង​នេះ ត្រូវ​បាន​ថត​នៅ​ក្នុង​មន្ទីរ​ពិសោធន៍របស់​ NIAID​ ដែលមាន​ទី​តាំង​​នៅ​ក្នុង​តំបន់​ Fort Detrick នៃ​រដ្ឋ​ Maryland។

    រូប​ភាព​ខាង​លើ​នេះ​ បង្ហាញអំពី​កោសិកា​​ងាប់​ចំនួន​1របស់​មនុស្ស (ពណ៌​ខៀវ) កំពុង​ត្រូវ​មេរោគ COVID-19 រាប់​រយ​ក្បាល​ចោម​រោម​វាយ​ប្រហារ​។

    វីរុស​កូរ៉ូណា​ COVID-19 មាន​រូប​រាង​ដូច​ទៅ​នឹង​កូន​បាល់​ល្អិនៗ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ដុំ​នៃ​ ARN (ARN គឺ​ជា​ទម្រង់​​ចម្លង​ពី​ DNA 1កំណាត់ (ស្មើ​នឹង​ហ្សែន​ចំនួន​1) ហើយ​នៅ​លើ​ប្រភេទ​វីរុស​មួយ​ចំនួន ARN គឺជា​សារ​ជាតិ​បន្ត​ពូជ) ដែល​ស្ថិត​ក្នុង​ស្រទាប់​​ខ្លាញ់ និង​ប្រូតេអ៊ីន។ ​វីរុស​ COVID-19 មាន​ទំហំ​ចាប់​ពី​ ​120-160 ណាណូម៉ែត្រ​ (1​ពាន់លាន​ណាណូ​​ម៉ែត្រ/nanometer ស្មើ​នឹង​​1ម៉ែត្រ​) គឺ​តូច​រហូត​ដល់​ថ្នាក់​មើល​មិន​​ឃើញ​សូម្បី​តែ​ប្រើ​កែវ​ពង្រីក​មីក្រូទស្សន៍​អុបទិក។ គេ​ត្រូវ​ប្រើ​កែវ​ពង្រីក​មីក្រូទស្សន៍​អេឡិក​ត្រុងប្រទេស​ស្កេន​ ទើប​អាច​មើល​ឃើញ​វា​។ នេះ​បើ​តាម IFL Science។

    រូប​ភាពខាងលើ​បង្ហាញ​អំពី​វីរុស COVID-19 (ពណ៌​ស្វាយ)​ តោង​ជាប់​ស្អេក​ស្កះ​នៅ​លើ​កោសិកា​ (ពណ៌បៃតង)​អ្នកជំងឺ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក។

    បើ​ទោះ​បី​ជា​មាន​រូប​រាង​​មហាតូច​ក៏ដោយ ប៉ុន្តែ​ COVID-19 នៅ​តែបង្ក​​របួស​ និង​អាច​សម្លាប់​​កោសិកា​មនុស្ស​បាន​ដែរ​។ ដើម្បី​ឆ្លង​ទៅ​មនុស្ស COVID-19 នឹង​ប្រើ​ប្រាស់​ប្រូតេអ៊ីន​បន្លា​របស់​វា​ ​តភ្ជាប់​ជា​មួយ​ស្រទាប់​កោសិកា​ ពោល​គឺ​ដូច​ទៅ​នឹង​កូនសោ និង​មេសោ។ នៅ​ពេល​រុក​ចូល​ទៅ​ដល់​ខាង​ក្នុង​ វីរុស​ COVID-19នេះ​ នឹង​ដណ្ដើម​ “អំណាច” គ្រប់​គ្រង​កោសិកា​ដែល​ជា​ “ម្ចាស់​ផ្ទះ” ដើម្បី​ចម្លង​ និង​បង្កើត​ COVID-19 ចំនួនរាប់​ពាន់​​បន្ថែម​ទៀត​។ ចុងក្រោយ COVID-19 នឹង​សម្លាប់​កោសិកា​ “ម្ចាស់​ផ្ទះ” រួច​ហើយ​ពួក​វា​ឆ្លង​​​​ចូល​ទៅ​ក្នុង​កោសិកា​ផ្សេង​ទៀត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស