Tag: អាសន្នរោគ

  • កូរ៉េខាងត្បូងបង្ខាំងទាហានជិត8,000នាក់ឱ្យនៅដាច់ដោយឡែក ខណៈសមាជិកអង្គការ​សាសនា​ជាង​9,000​នាក់ ត្រូវបានស្នើឱ្យនៅតែក្នុងផ្ទះ

    កូរ៉េខាងត្បូងបង្ខាំងទាហានជិត8,000នាក់ឱ្យនៅដាច់ដោយឡែក ខណៈសមាជិកអង្គការ​សាសនា​ជាង​9,000​នាក់ ត្រូវបានស្នើឱ្យនៅតែក្នុងផ្ទះ

    ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងបង្ខាំងទាហាន7,700នាក់ ក្នុងបន្ទាយ ក្រោយពីបានរកឃើញទាហាន​11នាក់មានផ្ទុកមេរោគកូរ៉ូណា COVID-19។

    ក្រសួងការពារជាតិកូរ៉េខាងត្បូងព្រឹកនេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញទាហាន11នាក់ បានឆ្លងមេរោគកូរ៉ូណា ក្នុងនោះ មាន8នាក់នៅក្នុងជួរកងទ័ពជើងគោក និង3នាក់ទៀតនៅក្នុងជួរកងទ័ពប្រភេទផ្សេង។ តួលេខនេះបានកើន​ឡើង​បន្ថែម​4​ករណី ​បើ​ធៀបនឹងថ្ងៃមុនៗ។

    ទាហានទាំង4រូបដែលជាអ្នកជំងឺថ្មីនេះ ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសដោយសារនៅក្បែរអ្នកជំងឺកូរ៉ូណាក្នុងមន្ទាយ។ កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងអំពីទាហានដែលបានឆ្លងមេរោគនេះដំបូងគេកាលពីថ្ងៃ​ទី​21កុម្ភៈ។

    នៅមុនពេលរកឃើញមានករណីឆ្លងជាបន្តបន្ទាប់ដែលទាក់ទិននឹងក្រុមអ្នកកាន់សាសនាមួយនៅទីក្រុង Daegu និងនៅតាមមន្ទីរពេទ្យនានាក្នុងតំបន់ Cheongdo ដែលនៅក្បែរនោះ ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បាននិងកំពុងស្រាវជ្រាវស្វែងរកទាហានទាំងឡាយណាដែលធ្លាប់បានទៅកាន់តំបន់មួយចំនួនខាងលើ ឬធ្លាប់បាននៅក្បែរអ្នកជំងឺកូរ៉ូណា។ កងទ័ពកូរ៉េខាងត្បូង បច្ចុប្បន្ន កំពុងបង្ខាំងទាហានប្រមាណជា7,700នាក់ ឱ្យនៅដាច់ដោយឡែកនៅក្នុងបន្ទាយនានារបស់ពួកគេ។

    មកដល់ព្រឹកនេះ(24កុម្ភៈ) កូរ៉េខាងត្បូង មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន608នាក់ ក្នុងនោះមាន6នាក់បានបាត់បង់ជីវិត។ ក្រុមអ្នកកាន់សាសនានៅវិហារ Shincheonji ក្នុងតំបន់ Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី4របស់កូរ៉េខាងត្បូង បានក្លាយជាទីចាប់អារម្មណ៍ជាងគេក្នុងការរាលដាលនៃជំងឺរលាក សួតប្រភេទថ្មី COVID-19 បន្ទាប់ពីស្ត្រីវ័យ61ឆ្នាំដែលជាសមាជិកនៃវិហារ Shincheonji បានចម្លងមេរោគទៅឱ្យសមាជិករាប់សិបនាក់ផ្សេងទៀត។ សមាជិកប្រមាណជា9,300នាក់នៃក្រុមសាសនាខាងលើនេះ ត្រូវបានអាជ្ញាធរស្នើឱ្យនៅដាច់ដោយឡែកពីគេឯង ឬក៏មិនត្រូវចេញក្រៅផ្ទះ។

    ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីម្សិលមិញ បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតចំពោះអាសន្នរោគកូរ៉ូណា COVID-19 ដោយយោងទៅតាមយោបល់របស់ក្រុមអ្នកជំនាញ។ លោកក៏បានស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់វិធានការខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាង​ត្បូង​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត ខណៈ​អ្នក​ឆ្លង​រោគ​ឡើង​ដល់602នាក់

    កូរ៉េខាង​ត្បូង​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត ខណៈ​អ្នក​ឆ្លង​រោគ​ឡើង​ដល់602នាក់

    ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in បាន​ប្រកាស​អាសន្ន​ “កម្រិត​ខ្ពស់​បំផុត​” ចំពោះ​អាសន្ន​រោគ​កូរ៉ូណា​ ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ COVID-19 យ៉ាង​ឆាប់​រហ័ស។

    “អាសន្នរោគ​ COVID-19 កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នឹងក្លាយ​​ជា​ដំណាក់​កាល​ដ៏សំខាន់។ រដ្ឋា​ភិបាល​​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត​គឺ “កម្រិត​ធ្ងន់​ធ្ងរ” ដោយ​យោង​ទៅ​តាម​យោបល់​របស់​ក្រុម​អ្នក​ជំនាញ ហើយ​ទន្ទឹម​នឹង​នេះ យើង​នឹង​កែ​លម្អស៊ីជម្រៅ​ទៅ​លើ​ប្រព័ន្ធ​ប្រតិកម្ម​របស់​យើង​”។ នេះ​គឺជា​ប្រសាសន៍​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នាកិច្ច​ប្រជុំ​មួយ​របស់​រដ្ឋា​ភិបាល​។

    លោក​ Moon Jae-in ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ប្រើប្រាស់​វិធាន​ការ​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​គ្រប់គ្រង​ស្ថាន​ការណ៍​នៃ​អាសន្ន​រោគ​នេះ​។

    ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​នេះ ​គឺជាការ​ប្រកាស​​លើក​ដំបូង​ហើយ​ ក្នុង​អំឡុង​11ឆ្នាំ​មកនេះ ចាប់​តាំង​ពី​អាសន្នរោគ​ផ្ដាសាយ A H1N1 ដែល​បាន​កើ​តឡើង​កាល​ពី​ឆ្នាំ​2009។

    គិត​មក​ដល់​ម៉ោង​5ល្ងាច​នេះ កូរ៉េខាង​ត្បូង មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ថ្មី​​ចំនួន​169នាក់បន្ថែម​ទៀត ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ក្នុង​ប្រទេស​នេះ ឡើង​ដល់​602នាក់​ ក្នុង​នោះ​មាន​5នាក់​បាន​បាត់​បង់​ជីវិត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង​556នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 គិត​មក​ដល់​ល្ងាច​នេះ

    ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង​556នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 គិត​មក​ដល់​ល្ងាច​នេះ

    កូរ៉េខាង​ត្បូងថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 បន្ថែម​123នាក់ ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ឡើង​ដល់​556នាក់ ក្នុង​នោះ​មាន​4នាក់​បាន​បាត់​បង់ជីវិត។

    ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ គិត​ត្រឹម​តែ​ក្នុង​ថ្ងៃ​ទី​22កុម្ភៈ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន។​ អ្នក​បាន​ឆ្លង​មេរោគ​នេះ ​ស្ទើរ​តែ​ទាំង​អស់ មាន​ជាប់​ទាក់​ទិន​នឹង​វិហារ​សាសនា​មួយ​ដែល​មាន​ឈ្មោះថា Shincheonji មាន​ទី​តាំង​នៅ​ក្នុងតំបន់​ Daegu ដែល​ជា​ទី​ក្រុងទំបំផុត​លំដាប់​ទី​4​នៅ​កូរ៉េខាង​ត្បូង។

    កាល​ពី​ថ្ងៃទី​21កុម្ភៈ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា ទីក្រុង​ Daegu និង​ស្រុក​ Cheongdo គឺជា​ “តំបន់​ដែល​ត្រូវ​តាម​ដាន​ជា​ពិសេស”។

    បច្ចុប្បន្ន អាសន្ន​រោគ​កូរ៉ូណា COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​33 នៅ​ក្នុង​ពិភព​លោក បន្ទាប់​ពី​បាន​ផ្ទុះ​ឆ្លង​រាលដាល​ចេញ​ពី​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ មក​ដល់​ល្ងាច​​ថ្ងៃទី​23កុម្ភៈ​នេះ មេរោគ​កូរ៉ូណា បាន​សម្លាប់​មនុស្ស​សរុបជាង 2,459នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​ 78.000​នាក់នៅ​ទូទាំង​ពិភព​លោក។ ចំនួន​អ្នក​ស្លាប់​​នៅ​ខាង​ក្រៅ​ប្រទេស​ចិន(ចិនដីគោក) សរុប​​ចំនួន​​20នាក់ រួម​មាន​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង បារាំង ហ្វីលីពីន តៃវ៉ាន់ ហុង​កុង អ៊ីរ៉ង់ និង​អ៊ីតាលី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​ COVID-19 នៅ​ខេត្ត​ Hubei កើន​ឡើង​ដល់​2,346នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក កើន​ដល់​…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​ COVID-19 នៅ​ខេត្ត​ Hubei កើន​ឡើង​ដល់​2,346នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក កើន​ដល់​…

    មក​ដល់​ពេល​នេះ ខេត្ត​ Hubei មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​96នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា គឺ​កើន4,2% បើធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក ឡើង​ដល់​2,459នាក់​។

    គណៈកម្ម​ការ​សុខាភិបាល​ខេត្ត Hubei ប្រទេស​ចិន ព្រឹក​នេះ​បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះមាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​96នាក់ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​ខេត្ត​នេះ កើន​ដល់ 2,346នាក់។ ខេត្ត Hubei ក៏​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​បន្ថែម630នាក់ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​សរុប​ក្នុងខេត្ត​នេះ ឡើងដល់​64,084នាក់​។

    នៅ​ទូទាំង​ពិភពលោក មក​ដល់​ព្រឹក​នេះ មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​2,459នាក់ និង​អ្នក​ផ្ទុក​មេរោគ​មាន​ចំនួន​78,633នាក់ រីឯ​អ្នក​បាន​ជាសះស្បើយ​មាន​ចំនួន​22,939នាក់។

  • ល្ងាច​នេះកូរ៉េខាងត្បូងរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ថ្មី​87នាក់ទៀត​ហើយ

    ល្ងាច​នេះកូរ៉េខាងត្បូងរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ថ្មី​87នាក់ទៀត​ហើយ

    កូរ៉េខាង​ត្បូង បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន87នាក់​ទៀតនៅ​ល្ងាច​នេះ នាំ​ឱ្យចំនួន​អ្នក​​ផ្ទុក​មេរោគ​រលាក​សួត​ថ្មី​នេះ​ឡើង​ដល់​433នាក់​។

    មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​អាសន្ន​រោគ​នៃ​ប្រទេសកូរ៉េខាងត្បូង​ (KCDC) បាន​ប្រកាស​កាល​ពី​ព្រឹក​នេះ​ថា ប្រទេស​នេះ មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា COVID-19 ចំនួន​142នាក់។ ​ការ​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​ថ្មី​ចំនួន​87នាក់នៅ​​ល្ងាច​នេះ​ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ថ្មី​សរុប​ក្នុង​ថ្ងៃនេះ ឡើង​ដល់​229នាក់​។

    នៅ​ក្នុង​ចំណោម​ករណីឆ្លង​ថ្មី​ចំនួន​229នាក់​ក្នុង​ថ្ងៃនេះ មាន​95ករណី​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ទីរពេទ្យ​ Daenam នៅ​ក្នុង​តំបន់ Cheongdo ខេត្ត Gyeongsang ខាង​ជើង ដែល​ជា​កន្លែង​មាន​ករណី​ស្លាប់​ដំបូង​គេបង្អស់ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​កូរ៉េខាង​ត្បូង​។ កាល​ពី​ម្សិល​មិញ អ្នក​ជំងឺ​ម្នាក់​ក៏បាន​បាត់​បង់ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​ Busan ក្រោយ​ពី​បាន​បញ្ជូន​មកពី​មន្ទីរពេទ្យ​ Daenam។

    ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​ថ្មី​ មាន​អ្នក​ជំងឺ​ចំនួន​62នាក់ មាន​ជាប់​ទាក់​ទិន​នឹង​វិហារ​ Shincheonji។ ស្ត្រី​អាយុ​61​ឆ្នាំ​ម្នាក់​​ជា​សមាជិក​នៃ​វិហារ​នេះ ត្រូ​វ​បាន​គេ​ជឿ​ថា បាន​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​អ្នក​ឯទៀត​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង​​មួយ​នៅក្នុង​វិហារ​មួយ​នៅ​ឯ Daegu។

    នៅ​ឯមន្ទីរពេទ្យ​ Daenam មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​111នាក់ ដោយ​រួម​មាន​ទាំង​បុគ្គលិក​សុខា​ភិបាល​ចំនួន​9នាក់ផង​ដែរ ក្រៅ​ពី​នេះ​គឺជា​អ្នក​ជំងឺ​។ មន្ទីរពេទ្យ​នេះ ត្រូវ​បាន​បិទ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ត​។ ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ទាំង​231នាក់ សុទ្ធ​តែ​ជាប់​ទាក់​ទិន​នឹង​ពិធី​បួង​សួង​នៅ​វិហារ​ Shincheonji ក្នុង​តំបន់ Daegu។ KCDC បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ស្នើ​ឱ្យ​សមាជិក​ចំនួន​9,336នាក់​នៃ​វិហារ​ Shincheonji នេះ ត្រូវ​តែ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។ ក្នុង​ចំណោម​នោះ មាន​544នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថាមាន​ផ្ទុក​មេរោគកូរ៉ូណា និង​កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​។

    ក្រុម​មន្ត្រី​សុខា​ភិបាល​កូរ៉េខាង​ត្បូង កំពុង​ស្រាវ​ជ្រាវ​ទៅ​លើ​ទំនាក់​ទំនង​រវាង​មន្ទីរពេទ្យ​ Daenam និង​វិហារ​សាសនា Shincheonji ។ កាល​ពី​ដើម​ខែ​នេះ ពិធីបុណ្យ​សព​បង​ប្រុស​របស់​អ្នក​បង្កើន​វិហារ​ Shincheonji ​ត្រូវ​បាន​ប្រារព្ធ​ឡើ​ងនៅ​ឯមន្ទីរពេទ្យ Daenam​។

    កូរ៉េ​ខាង​ត្បូង​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ ដូចជា​ខេត្ត Jeju ខេត្ត Chungcheong ខេត្ត​ Jeolla ខាងជើង និង​ខេត្ត Gyeonggi។ អ្នក​ផ្ទុក​មេរោគ​4នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់ Busan ជា​ទី​ក្រុង​ធំទី2នៅ​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​ប្រជាជន​3,4លាន​នាក់កំពុង​រស់​នៅ​។ ក្នុង​ថ្ងៃ​នេះ ក្រុម​ហ៊ុន Samsung Electronics ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញបុគ្គលិក​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​ក្នុង​រោង​ចក្រ​ផលិត​ឧបករណ៍​អេឡិច​ត្រូនិក​នៅ​ក្នុង​ទី​ក្រុង Gumi ភាគអាគ្នេយ៍​កូរ៉េខាង​ត្បូង។ Samsung គ្រោង​នឹង​ផ្អាក​ដំណើរ​ការ​រោង​ចក្រ​របស់​ខ្លួន​រហូត​ដល់​ព្រឹក​ថ្ងៃទី​24កុម្ភៈ​។

    អ្នក​ជំងឺ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង​ស្ទើរ​តែ​ទាំង​អស់ នៅមាន​សុខ​ភាព​ល្អ​នៅ​ឡើយ ប៉ុន្តែ អ្នក​ជំងឺ​ប្រហែល​9នាក់ ហាក់​មាន​សភាព​ធ្ងន់​ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ចំណែក​អ្នក​ជំងឺ​ 18នាក់ បានជា​សះស្បើយ​ពី​ជំងឺ​។

    គិត​មក​ដល់​ម៉ោង​10យប់​នេះ នៅទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា ឡើង​ដល់ 2,361​នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ 77,918​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

    សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

    “អ្នក​ទេសចរ​ទាំង​អស់​នៅ​​មក​ពី​នាវា​ Westerdam ដែល​បាន​ចូល​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗនេះ​ មិន​មាន​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណានោះ​ទេ”​ នេះ​បើ​តាម​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃមជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​​ជំងឺឆ្លង​​សហរដ្ឋអាមេរិក (CDC)។

    អ្នក​ទេស​ចរ​វ័យ​83ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវ​បាន​ម៉ាឡេស៊ី​ពិនិត្យ​ និង​រក​ឃើញ​​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19​ រួម​នឹង​អ្នក​ដំណើរ​ផ្សេង​ទៀត ត្រូវ​បាន​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (CDC) លោក​ Richard Quartarone បញ្ជាក់​ថា អ្នក​ទេស​ចរ​ទាំង​នោះ មិនមាន​ផ្ទុក​មេរោគ​កូរ៉ូណា​តាំង​ពី​ដើម​មក​ម៉្លេះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា អាមេរិកបាន​ទទួល​លទ្ធ​ផល​នៃការ​ធ្វើ​តេស្តទៅ​លើ​អ្នក​ដំណើរ​ខាង​លើ​ កាល​ពី​ថ្ងៃទី​20កុម្ភៈកន្លង​ទៅ​។

    លោក​ Rechard បាន​ឱ្យ​ដឹង​ថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ ដែល​ត្រូវ​បាន​ម៉ាឡេស៊ីបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ អាច​មាន​ជំងឺ​ផ្លូវ​ដង្ហើម​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មែនជា​វីរុស​កូរ៉ូណា​នោះទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាននៃ​សហរដ្ឋ​អាមេរិក។

    គួរ​រំឭកថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ រួមនឹង​ភ្ញៀវ​ចំនួន 145នាក់​ផ្សេង​ទៀត មក​ពី​នាវា​ទេស​ចរណ៍​ MS Westerdam បាន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ពិសេស​មួយ​ ទៅ​កាន់ទី​​ក្រុង​ Kuala Lumpur បន្ទាប់​ពី​បាន​ឡើង​គោក។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ត​ហោះ​នោះ គឺ​មាន​ស្ត្រី​វ័យ83ឆ្នាំ​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ីអះអាងថា មាន​ផ្ទុកមេរោគ​កូរ៉ូណា​។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការសង្ស័យ និង​បាន​តវ៉ះទៅកាន់​ទីក្រុង Kuala Lumpur ដោយ​ស្នើ​ឱ្យ​ប្រទេស​នេះ ធ្វើ​តេស្ត​ឡើង​វិញ។ បន្ទាប់​ទីក្រុង Kuala Lumpur ក៏បាន​ធ្វើ​តាម​សំណូមពរ ហើយ​ប្រទេស​ម៉ាឡេស៊ីនៅ​តែ​អះអាង​ថា ស្ត្រីខាង​លើ មាន​ផ្ទុក​មេរោគ​ពិត​មែន។ ក៏ប៉ុន្តែ កាល​ពី​ម្សិល​មិញ​នេះ ទីក្រុង Kuala Lumpur បាន​ប្រកាស​ថា ស្ត្រី​រូប​នេះ បាន​ជាសះស្បើយ​វិញ​ហើយ។ ប្រការ​ក៏នាំ​ឱ្យ​កម្ពុជា​កាន់​តែ​មិន​ជឿ​ថា ស្រ្តី​វ័យ83ឆ្នាំ​ខាងលើ​នេះ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើនឡើង​ដល់​2,360នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើនឡើង​ដល់​2,360នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន…

    នៅ​ក្នុង​ខេត្ត​ Hubei ករណី​​ស្លាប់​បន្ថែម​ដោយ​សារមេរោគ​កូរ៉ូណា​ COVID-19 មាន​ចំនួន​106នាក់ កើន​4,9% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក ឡើង​ដល់ 2,360នាក់​។

    នៅ​ទូទាំង​ប្រទេស​ចិន​ (ចិន​ដីគោក) មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​109នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់​2,345នាក់។ ចិន​ក៏​បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​397នាក់ នាំ​ឱ្យ​អ្នក​ផ្ទុក​មេរោគ​នេះ​ សរុប​ឡើង​ដល់​76,288នាក់ ក្នុង​នោះ​មាន​11,477នាក់ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។

    ដូច្នេះ នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​នេះកើន​ឡើង​ដល់​2,360នាក់ និង​អ្នក​ផ្ទុក​មេរោគ ចំនួន​77,672នាក់។ អ្នក​ជំងឺ​12,071នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ និង​20,895នាក់ បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រដ្ឋមន្ត្រី​អ៊ុយ​ក្រែន ស្ម័គ្រ​ចិត្ត​ចូល​រស់​នៅ​ជា​មួយ​ជនភៀស​ខ្លួន​​​មក​ពី​អ៊ូហាន ខណៈមាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​តំបន់

    រដ្ឋមន្ត្រី​អ៊ុយ​ក្រែន ស្ម័គ្រ​ចិត្ត​ចូល​រស់​នៅ​ជា​មួយ​ជនភៀស​ខ្លួន​​​មក​ពី​អ៊ូហាន ខណៈមាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​តំបន់

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ុយ​ក្រែន Zoryana Skaletska បាន​ប្រកាស​ថា លោក​ស្រី​នឹង​ចំណាយ​ពេល​2សប្ដាហ៍ ចូល​ទៅ​រស់​នៅ​ក្នុង​តំបន់​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក ជាមួយ​នឹង​អ្នក​ដែលបាន​ជម្លៀស​មក​ពី​ “សម្បុក​មេរោគ​កូរ៉ូណា​” អ៊ូហាន​ នៃខេត្ត​ហ៊ូប៉ី ប្រទេស​ចិន។

    ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា លោក​ស្រី Zoryana Skaletska បាន​ចេញ​សេចក្ដី​ប្រកាសខាង​លើ​ បន្ទាប់​​ពី​បាតុករ​អ៊ុយ​ក្រែន​បាន​ប៉ះទង្គិច​​ជាមួយ​ក្រុម​នគរ​បាល​ ដោយ​ក្រុម​បាតុករ​បាន​​គប់​ដុំ​ថ្មទៅ​លើ​រថយន្ត​ដឹកពល​រដ្ឋ​​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​អ៊ូហាន​ ត្រឡប់​មក​ប្រទេស​វិញ។

    ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃទី 20កុម្ភៈ​កន្លង​ទៅ បាន​នាំ​ពលរដ្ឋ​​ចំនួន​45នាក់នៃ​ប្រទេស​នេះ និង​ជន​បរទេស​​37​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​អាមេរិកខាង​ត្បូង ​មក​ពី​ទីក្រុង​អ៊ូហាន ទៅស្រុក Novi Sanzhary ក្នុង​តំបន់​ Poltava ដើម្បី​ធ្វើ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ​។ ក៏ប៉ុន្តែ ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​នេះ មិន​យល់​ស្រប​ជាមួយ​នឹងវិធាន​ការ​របស់​រដ្ឋា​ភិបាល​ ហើយ​ពួកគេ​ក៏​បាន​ស្កាត់ផ្លូវ​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​ដឹក​ជន​ភៀស​ខ្លួន​ទាំង​នោះ​។ ក្នុង​ហេតុ​ការណ៍​នោះ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​3គ្រឿង​ត្រូវ​​រង​ការ​ខួច​ខាត ដោយ​សារ​តែ​បាតុ​ករ​។

    នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ពល​រដ្ឋ​ លោក​ស្រី​ Skaletska បាន​និយាយ​ថា “ខ្ញុំ​នឹង​ចំណាយ​ពេល​14ថ្ងៃ​ ដើម្បី​ទៅ​រស់​នៅ​ជាមួយ​ពួកគេ​ នៅ​ក្នុង​តំបន់​តែ​មួយ​ និងក្នុង​​ស្ថាន​ភាព​តែ​មួយ​”។

    លោក​ស្រី​សរសេរ​នៅ​លើ​ Facebook ថា “ពួកគេ​ទាំង​នោះគឺជា​អ្នក​ស្រុក​របស់​យើង​។ យើង​រស់​នៅ​ក្នុងប្រទេស​តែ​មួយ​ និង​ត្រូវ​តែ​ថែ​រក្សា​សុខ​ភាព​ និង​សុវត្ថិ​ភាព​របស់​ពួកគេ​”។

    ក្រុម​មន្ត្រី​៊អ៊ុយ​ក្រែន​ រួម​ទាំង​ប្រធានា​ធិបតី​ Volodymyr Zelensky បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ប៉ុន្តែ អ្នក​ស្រុក​បាន​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ Arsen Avakov ក៏បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ។ ចំណែក​នាយក​រដ្ឋ​មន្ត្រី Oleksiy Goncharuk កាល​ពី​ថ្ងៃ​ទី​20 ក៏​បាន​ទៅ​កាន់​តំបន់ Novi Sanzhary ផង​ដែរ​។

    លោកប្រធានាធិបតី​អ៊ុយ​ក្រែន Zelensky បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បង្ហាញ​អំពី​សាមគ្គី​ភាព​ និង​ត្រូវ​ចង​ចាំ​ថា “យើង​គឺ​សុទ្ធ​តែ​ជា​មនុស្ស​”។

    អាជ្ញា​ធរ​អ៊ុយ​ក្រែន បាន​បង្កើន​ការ​ការពារ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ដែល​មាន​ពល​រដ្ឋ​10,000នាក់​កំពុង​រស់​នៅ​នេះ ដោយ​ការ​ដាក់​ពង្រាយ​​រថយន្ត​ពាស​​ដែក​ជា​ច្រើន​គ្រឿង​ រួមនឹង​​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់។

    បច្ចុប្បន្ន ប្រទេស​អ៊ុយ​ក្រែន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19 ណាមួយ​នៅ​ឡើយ។ អាសន្នរោគ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច2,252 និង​អ្នក​បាន​ឆ្លង​មេរោគ​នេះកើន​ឡើង​ដល់ 76,844​នាក់ នៅ​ទូទាំង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រក​ឃើញ “សម្បុក​មេរោគ”​ កូរ៉ូណាទី2 នៅ​ឯ​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

    រក​ឃើញ “សម្បុក​មេរោគ”​ កូរ៉ូណាទី2 នៅ​ឯ​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

    មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​តំបន់ Cheongdo នៃ​ប្រទេស​កូរ៉េខាង​ត្បូង អាច​ជា​សម្បុក​មេរោគ​កូរ៉ូណាទី2​ នៅ​កូរ៉េខាង​ត្បូង ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​ជំងឺ​សរុប​15នាក់ មាន​ផ្ទុក​មេរោគ​បង្ក​រលាក​សួត​ប្រភេទ​ថ្មី COVID-19 នៅ​ទី​នេះ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​បាត់​បង់​ជីវិត​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នោះ មាន​អាយុ​ប្រហែល​60​ឆ្នាំ ធ្លាប់​បាន​ទទួល​ការ​ព្យា​បាល​នៅ​ឯមន្ទីរ​ពេទ្យ​ Cheongdo Daenam ខេត្ត​ Gyeongsang ខាង​ជើង អស់​រយៈ​ពេល​យ៉ាង​យូរ។ អ្នក​ជំងឺ​នេះ ទើប​តែ​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​19កុម្ភៈកន្លង​ទៅ​។

    “យើង​ស្នើ​ឱ្យ​អ្នក​ជំងឺ​ដែល​ធ្លាប់​បាន​មក​ព្យា​បាល​នៅ​ឯមន្ទីរពេទ្យ (Cheongdo Daenam)នេះ នា​ពេល​​​ថ្មី​ៗ​នេះ ត្រូវ​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង” នេះ​ជា​ការ​ណែនាំ​របស់​ Jung Eun-kyeong ដែល​ជា​ប្រធាន​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​អាសន្ន​រោគរបស់​​កូរ៉េខាង​ត្បូង (KCDC)។

    ក្នុង​ថ្ងៃ​ទី​20កុម្ភៈ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 នៅ​កូរ៉េខាង​ត្បូង​​ បាន​កើន​​53ករណី ដែល​តួលេខ​នេះ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេស​នេះឡើង​ដល់​104នាក់​​ ក្នុង​នោះ​ នៅ​ឯមន្ទីរពេទ្យ​ Cheongdo មាន​អ្នក​ឆ្លង​មេរោគ​13នាក់​បន្ថែម​ទៀត​ បន្ទាប់​ពី​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​2នាក់​​មុន​នោះ​មួយ​ថ្ងៃ​។

    អ្នក​ជំងឺ​ដំបូង​2នាក់​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណានៅ​ឯមន្ទីរពេទ្យ​ Cheongdo Daenam ដំបូង​ឡើយ​ត្រូវ​បាន​ឱ្យ​សម្រាក​ព្យា​បាល​នៅ​ឯមន្ទីរ​ឯក​ទេស​ផ្នែក​សរសៃ​ប្រសាទរយៈ​ពេល​1ខែ​ពេញ​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​​ថា អ្នក​ជំងឺ​នេះ​ប្រហែល​ជា​បាន​ចម្លង​មេរោគ​ទៅកាន់​អ្នក​ជំងឺ​ដទៃ​​ជា​ច្រើន​នាក់​ទៀត​ នៅ​ក្នុង​មន្ទីរពេទ្យ​ខាង​លើ​នេះ​ដែរ​​។

    ក្រុម​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​ កំពុង​ស្វែង​យល់​អំពី​ទំនាក់​ទំនង​រវាង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នៅ​ឯមន្ទីរពេទ្យ​ Cheongdo Daenam ជាមួយ​នឹង​ករណី​ឆ្លង​វីរុស​នៅ​ឯទី​ក្រុង Daegu ។

    នៅ​ក្នុង​ទី​ក្រុង​ Daegu ស្ត្រី​មាន​អាយុ​61ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ចម្លង​មេរោគ COVID-19 ទៅ​ឱ្យ​មនុស្ស​យ៉ាង​តិច​37នាក់ នៅក្នុង​ពិធី​បួង​សួង​មួយ​ក្នុង​វិហារ​ Shincheonji។ ស្ត្រី​រូប​នេះ​ ទៅ​កាន់​មន្ទីរពេទ្យ​ Cheongdo Daenam កាល​ពី​ដើម​ខែ​នេះ​។ ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ បាន​ឱ្យ​ដឹង​ថា ក្រុម​មនុស្ស​ដែល​​បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង​ខាង​លើ ក៏ធ្លាប់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ Cheongdo Daenam ជា​ញឹក​ញាប់ផង​​ដែរ​​ដើម្បី​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​កិច្ច​ការ​មនុស្ស​ធម៌​មួយ​ចំនួន​។

    តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​នោះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទី​ក្រុង​ Daegu។ បច្ចុប្បន្ន កូរ៉េខាង​ត្បូង បាន​ក្លាយ​ជា​ប្រទេស​​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ច្រើន​ជាង​គេ​បង្អស់​លំដាប់​ទី​3​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

    អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

    អ្នក​ទេសចរ​ចុង​ក្រោយ​ចំនួន​233នាក់មក​ពី​​នាវា​ Westerdam បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​​ភ្នំ​ពេញ​​កាល​ពី​ល្ងាច​ថ្ងៃទី​19កុម្ភៈ និង​ត្រៀម​ខ្លួន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​រៀង​ៗខ្លួន​ បន្ទាប់​ពី​បាន​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​។

    អ្នក​ទេសចរ​ខាង​លើ​នេះ បាន​ចាក​ចេញពី​នាវា​ Westerdam ដែល​កំពុង​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ជូន​ដំណើរ​ និង​ទទួល​ស្វាគមន៍​ ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនកម្ពុជា​ ឯក​ឧត្តម ស៊ុន ចាន់​ថុ​ល និង​ អ្នក​គ្រប់​គ្រង​នាវា Westerdam លោក Orlando Ashford រួម​នឹង​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខា​ភិបាល​ ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​។ល។

    ក្រុម​អ្នក​ទេសចរ​ 233នាក់មក​ពី​​នាវា​ Westerdam នេះ បាន​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ សុខា​ភ្នំ​ពេញ និង​បាន​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ទស្សនីយភាព​សិល្បៈបុរាណ​ខ្មែរ​នៅ​ទី​នោះ​ផងដែរ​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ ឯក​ឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

    នៅ​ឯខេត្ត​ព្រះ​សីហនុវិញ នាវា​ទេសចរណ៍ Westerdam ក៏​នឹង​ត្រូវ​ចាក​ចេញ​ពី​កំពង់​ផែ​ ដោយ​នាំ​យក​បុគ្គលិក​នាវា​ចំនួន 747នាក់ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

    នាវា​ទេសចរណ៍​របស់​​អា​មេ​រិ​ក​ Westerdam នេះ បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃ​ទី​13​កុម្ភៈ ឆ្នាំ​2020 បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពីកម្ពុជា​ ក្រោយពីធ្វើ​ដំណើរ​គ្មាន​ទីដៅ​​រយៈ​ពេល​2សប្ដាហ៍នៅ​លើ​សមុទ្រ​ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​ មិន​អនុញ្ញាត​ឱ្យ​ចូល​ចត ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា និងដោយ​សារ​​តែ​​នាវា​នេះ​ធ្លាប់​ស្ថិត​នៅ​ក្នុងកំពង់​ផែ​ទីក្រុង​ហុង​កុង​ដែល​ជា​តំបន់​អាច​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19៕