Tag: អាមេរិកាំង

  • កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក បង្ហាញ​អាវុធ​វាយ​លុក​ទំនើប​បំផុត​របស់​ខ្លួន​

    កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក បង្ហាញ​អាវុធ​វាយ​លុក​ទំនើប​បំផុត​របស់​ខ្លួន​

    កង​ទ័ព​អវកាស​សហ​រដ្ឋ​អាមេរិក ចាប់​ផ្ដើម​បំពាក់​ប្រព័ន្ធ​រំខាន និង​ប្រឆាំង​ទៅ​នឹង​ទំនាក់​ទំនង​នៃ​ផ្កាយ​រណបរបស់​សត្រូវ​ ដែល​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កងទ័ព​អវកាស​កាន់​កាប់​អាវុធ​វាយ​លុក​ដ៏ទំនើប​។

    ពិធី​ប្រគល់​ និង​បំពាក់​ប្រព័ន្ធ​ប្រឆាំងនឹង​ប្រព័ន្ធ​ទំនាក់​ទំនង​ ដែល​ហៅ​កាត់​ថា CCS (Counter Communication System) ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​12មីនា​កន្លង​ទៅ​ នៅ​ក្នុង​បន្ទាយ​ទ័ព​អាកាស Peterson របស់​សហរដ្ឋ​អាមេរិក។ “CCS គឺជា​អាវុធ​វាយ​ប្រហារ​តែ​មួយ​គត់​ នៅ​ក្នុង​កងទ័ព​អវកាសសហរដ្ឋ​អាមេរិក​។ នេះ​គឺជា​កំណែ​បន្ថែម​ដ៏​សំខាន់​ ជាមួយ​នឹង​សមត្ថ​ភាព​ប្រយុទ្ធ​របស់​កង​ទ័ព​” នេះ​ជា​សម្ដី​របស់ Steve Brogan ប្រធាន​ការិយា​ល័យប្រព័ន្ធ​ប្រយុទ្ធ​នៃ​អង្គ​ភាព​គ្រប់​គ្រង​គម្រោង​ពិសេស​របស់កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ខាង​លើ​។

    CCS បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ទ័ព​អាកាស​អាមេរិកាំង ចាប់​ពី​ឆ្នាំ​2004។ កំណែ​ថ្មី​របស់​វា គឺ CCS Block 10.2 មាន​សមត្ថ​ភាពខ្ពស់​ក្នុង​ការ​​វាយ​ប្រហារ​ ទៅ​តាម​ការ​ចង់​បាន​​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​បន្ទាប់​មក ​វា​ក៏ត្រូវ​បាន​នាំ​យក​មក​ប្រើ​ប្រាស់​ក្នុង​ជួរ​កង​ទ័ព​អវកាស​។

    មុខ​ងារ​សំខាន់​របស់​ប្រព័ន្ធ​អាវុធ​ខាង​លើ​នេះ មិន​ត្រូវបាន​គេ​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ក៏ប៉ុន្តែ អាវុធ​នេះ ប្រហែល​ជា​អាច​បង្ក​ការ​រំខាន ឬ​រាំង​ខ្ទប់​សញ្ញា​ និង​ព័ត៌មាន​ដែល​បញ្ជូន​ចេញ​ពី​ផ្កាយ​រណប​របស់​សត្រូវ​។ កំណែ​មួយ​ចំនួន​របស់ CCS រួម​មាន​ប្រព័ន្ធ​ថាសអង់តែន​ និង​ឧបរកណ៍​ជំនួយ​បច្ចេក​ទេស​។

    កង​កម្លាំង​អវកាស​ គឺជាកងប្រដាប់​អាវុធ​ទី​6របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ទៅ​តាមបញ្ជា​របស់​ប្រធានា​ធិបតី​ Donald Trump។ CCS មាន​ភារ​កិច្ច​ការ​ពារ​ផ្កាយ​រណប ទប់​ស្កាត់ និង​ប្រឆាំង​ចំពោះ​ការ​គំរាម​កំហែង​ក្នុង​អវកាស​ និង​អះអាង​អំពី​អំណាច​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​គន្លង​គោចរ​នៃ​ពិភព​ផែន​ដី​។

    កង​កម្លាំង​ប្រដាប់​អាវុធ​ថ្មី​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក និង​មាន​បុគ្គលិក​ចំនួន ​16,000​នាក់​។ បញ្ជាការដ្ឋានកង​ទ័ព​អវកាស​ ទទួល​ខុស​ត្រូវ​លើ​សកម្ម​ភាព​​ប្រយុទ្ធក្នុង​ទី​អវកាស​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា​ ឆ្នាំ​2019។​

    ​រុស្ស៊ី​ក៏ជា​ប្រទេស​តែ​មួយ​គត់​ក្រៅ​ពី​សហរដ្ឋ​អាមេរិក ធ្លាប់​មាន​កង​ទ័ព​អវកាស​ដោយ​ឡែក​។ កង​ទ័ពអវកាស​​រស្ស៊ី ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1992 ក្រោយ​មក​ក៏​ត្រូវ​បាន​រម្សាយ និង​​ដាក់​បញ្ចូល​ទៅ​ក្នុងជួរ​កងទ័ព​ប្រភេទ​ផ្សេងជា​ច្រើន​លើក ហើយ​ក៏បាន​ក្លាយ​ជា​កងទ័ព​មួយប្រភេទ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​អាកាស​អវកាស​របស់​សហ​ព័ន្ធ​រុស្ស៊ី៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • សហរដ្ឋ​អាមេរិក​៖ ស្លាប់​25នាក់ និង​156​នាក់​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំណាច​ (រូបភាព)

    សហរដ្ឋ​អាមេរិក​៖ ស្លាប់​25នាក់ និង​156​នាក់​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​​ដោយ​ព្យុះ​កំណាច​ (រូបភាព)

    រដ្ឋ Tennessee របស់​អាមេរិក បាន​ទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ ដោយ​សារ​ព្យុះ​កំណាច​។ គ្រោះ​ធម្មជាតិ​នេះ បាន​សម្លាប់​មនុស្ស​25នាក់ ព្រម​ទាំង​បាន​កម្ទេច​​​សាលា​រៀន និង​ផ្ទះ​សំបែង​រាប់​រយ​ខ្នង​។

    សារ​ព័ត៌មាន​ CNN បាន​ឱ្យ​ដឹង​ថា ព្យុះ​កំណាច​នេះ​បាន​កើត​ឡើង​នៅវេលា​​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​3មីនា ក្នង​រដ្ឋ Tennessee បណ្ដាល​ឱ្យ​រដ្ឋ​នេះ ទទួល​រង​ការ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ និង​ជីវិត​មនុស្ស​យ៉ាង​ច្រើន​​។

    អភិបាល​រដ្ឋ Tennessee លោក Bill Lee បាន​ថ្លែង​ថា មនុស្ស​ 25នាក់​បាន​បាត់​បង់ជីវិត​​ ហើយ​ផ្ទះ​សំបែង​ជា​ច្រើន​រយ​ខ្នង​ត្រូវ​បាន​កម្ទេច​ដោយ​គ្រោះ​ធម្មជាតិ​មួយនេះ​។

    យោង​តាម​ស្ថិតិ​បឋម ព្យុះ​កំណាច​នេះ​បាន​បោក​បក់​កម្ទេច​ផ្ទះ​ចំនួន​140ខ្នង ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។ មនុស្ស​មួយ​ចំនួន​បាន​បាត់​បង់ជីវិត ទាំង​ដែល​ខ្លួន​មិន​ទាន់​ចុះ​ពី​លើ​គ្រែ​។

    ល្បឿន​បោក​បក់​របស់​ព្យុះ​នេះ គឺ​ប្រមាណជា​ 200គីឡូម៉ែត្រ​ក្នុង​ម៉ោង។ ព្យុះ​នេះ​ក៏បាន​ធ្វើ​ឱ្យ​យន្ត​ហោះ​មួយ​ចំនួន​ត្រូវ​ខូច​ខាត​ផងដែរ​។ ព្យុះ​កំណាច​នេះ​ក៏បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 156នាក់ រង​របួស​ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

    Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

    សហ​រដ្ឋ​អាមេរិក​ ដែល​ជា​មហា​អំណាច​ពិភពលោក​ ​មាន​ប្រព័ន្ធ​សុខា​ភិបាល​ល្អ​ ក៏​មិន​អាច​គេច​ផុត​ពី​អាសន្ន​រោគ​កូរ៉ូណា Covid-19 ខណៈ​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្លាប់​ចំនួន​6នាក់​ ដែល​អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​ក្នុង​រដ្ឋ​ Washington។

    5នាក់ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​6នាក់​នោះ សុទ្ធ​តែ​រស់​នៅ​ក្នុង​តំបន់​ King ដែល​ជា​ខណ្ឌ​មួយ​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​រដ្ឋ Washington វា​ជា​កន្លែង​ដែល​មាន​ទី​ក្រុង Seattle តាំង​នៅ និង​មាន​​ប្រជាជន​ចំនួន​700,000​នាក់​កំពុង​រស់​នៅ​ទី​នោះ​។ ចំណែក​អ្នក​ស្លាប់​ទី​6 គឺ​ពល​រដ្ឋ​មក​ពី​តំបន់ Snohomish។

    រដ្ឋ​ Washington បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​4ករណី នាំ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​កើន​ដល់​18នាក់​ ក្នុង​នោះមាន​3ករណី​នៅ​​ក្នុង​មន្ទីរ​ថែ​ទាំ​ចាស់​ជរាមួយ​កន្លែង​ក្នុង​រដ្ឋ​នេះ​​។

    បុគ្គលិក​សុខា​ភិបាល​នៅ​តំបន់ King ឈ្មោះ Jeff Duchin បាន​ឱ្យ​ដឹង​ថា “ហានិភ័យ​នៃការ​ឆ្លង​មេរោគ​នេះ​គឺ​កាន់​តែ​មាន​ច្រើន​ៗ”។

    បច្ចុប្បន្ន អាមេរិក​មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 សរុប​ចំនួន​99នាក់ ក្នុង​នោះ​ ប្រមាណជា​50% គឺជា​អ្នក​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ចិន​ និង​មកពី​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​ប្រទេស​ជប៉ុន​។ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​ មាន​ជាប់​ទាក់​ទិន​នឹង​អ៊ីរ៉ង់ និង​អ៊ីតាលី ដែល​ជា​ប្រទេស​កំពុង​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​អាសន្ន​រោគ​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • Covid-19៖ ប្រទេស​ថៃ​មាន​ករណី​ស្លាប់​ដំបូង​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​

    Covid-19៖ ប្រទេស​ថៃ​មាន​ករណី​ស្លាប់​ដំបូង​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​

    បុគ្គលិក​ផ្នែក​លក់​ម្នាក់​ មាន​អាយុ​35ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ ក្លាយ​ជា​អ្នក​ស្លាប់​ដំបូង​គេ​បង្អស់ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណ Covid-19 ​នៅ​​ប្រទេស​ថៃ​​។

    Suwanchai Wattanayingcharoen ប្រធាន​មន្ទីរ​គ្រប់​គ្រង​រោគ​ឆ្លង​ប្រទេស​ថៃ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​មួយ​នៅ​ទីក្រុង​បាងកកថ្ងៃ​នេះថាបាន​ឱ្យ​ដឹងថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​ដោយ​សារ​វីរុស​ Covid-19 នេះ ក៏​មាន​ជំងឺ​គ្រុន​ឈាម​ផងដែរ​។

    នេះ​គឺជា​មនុស្ស​ដំបូង​ដែលបាន​ស្លាប់​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​ជំងឺ​កូរ៉ូណា​ទាំង​42​នាក់​នៅ​ប្រទេស​ថៃ ចាប់​ពី​អាសន្ន​រោគ​កូរ៉ូណា​ បាន​លេច​មុខ​ក្នុង​ប្រទេស​នេះ​កាល​ពីខែ​មករា​។ មនុស្ស​30នាក់​បាន​ជា​សះស្បើយ​ និង​11​នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​។

    ក្រសួង​សុខាភិបាល​ថៃ​ថ្ងៃ​នេះ​ក៏បាន​ប្រកាស​ថា Covid-19 គឺជា​ជំងឺ​ឆ្លង​ដ៏គ្រោះ​ថ្នាក់​បំផុត​ ដែល​​អនុញ្ញាត​ឱ្យអាជ្ញា​ធរ​មាន​សិទ្ធិ​ច្រើន​ជាង​មុន​ដើម្បី​ធ្វើ​សកម្ម​ភាព​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​អាសន្ន​រោគ​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

    Covid-19៖ សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី មាន​អ្នក​ស្លាប់​ដំបូងគេដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ហើយ

    អ្នក​ជំងឺ​​ម្នាក់​​នៅ​ក្នុងរដ្ឋ Washington បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅសហ​រដ្ឋ​​អាមេរិក​ ដែល​បាន​បាត់​បង់ជីវិត​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 ខណៈអូស្ត្រាលីក៏មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​មេរោគ​នេះ​ដែរ។

    “អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​គឺជា​បុរស​ម្នាក់​មាន​អាយុ​ជាង​50ឆ្នាំ​ ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ​” នេះបើ​តាម​មន្ត្រី​សុខា​ភិបាល​ទីក្រុង Seattle រដ្ឋ​ Washington។ ប្រធានា​ធិបតី​អាមេរិកាំង លោក Donald Trump និង​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​មុន​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ បាន​​ឱ្យ​ដឹង​ថា អ្នកជំងឺ​ដែល​បាន​ស្លាប់​នោះ​គឺ​ជា​ស្រ្តីភេទ បើ​ទោះ​បី​ជា​អភិបាល​រដ្ឋ​ Washington លោក Jay Inslee បាន​បញ្ជាក់​ថា​អ្នក​ជំងឺ​គឺ​ជា​បុរស​ក៏ដោយ​។

    មជ្ឈមណ្ឌល​សុខាភិបាល​ដែល​មាន​អ្នក​ស្លាប់​ដំបូង​គេ​ដោយ​សារ​អាសន្នរោគ​កូរ៉ូណា Covid-19

    វេជ្ជបណ្ឌិត Robert Redfield អគ្គ​នាយក​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​នៃសហ​រដ្ឋ​អាមេរិក បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​ថា មិន​ទាន់​មាន​ភ័ស្ដុងណា​មួយ​បង្ហាញ​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នេះ​ ធ្លាប់​នៅ​ក្បែរ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ឬ​ធ្លាប់​ទៅ​កាន់​តំបន់​សម្បុក​មេរោគ​នេះ​នោះ​ដែរ​ នា​ពេល​ថ្មី​ៗ​នេះ​។ លោក បន្ត​ថា អ្នក​ជំងឺនេះ​ ប្រហែល​ជា​បាន​ឆ្លង​រោគ​នៅ​ពេល​គាត់​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​នៅ​ទី​សាធារណៈ។

    អាសន្ន​រោគ​កូរ៉ូណា​ Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019។ មក​ដល់​ពេល​នេះ អាសន្ន​រោគ​នេះ​បាន​ឆ្លង​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 64នៅ​ទូទាំង​ពិភព​លោក​ ហើយ​វា​បាន​សម្លាប់​មនុស្ស​ជិត​ 3,000នាក់ និង​មនុស្ស​ជាង​ 86,000​នាក់​ បានឆ្លង​មេរោគ​នេះ​។

    ចំណែក​អូស្ត្រាលី ក៏មាន​អ្នក​ស្លាប់​ដំបូង​គេ​បង្អស់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ Covid-19។ បុរស​អ្នក​ជំងឺ​កូរ៉ូណា​​នេះរស់នៅ​ឯ​តំបន់ Perth ហើយគាត់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ Sir Charles Gairdner ខណៈកំពុង​ទទួល​ការ​ព្យាបាល​។ ប្រទេស​អូស្ត្រាលី ក៏មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​25នាក់​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump ថា អាមេរិកកំពុង​គ្រប់​គ្រង​​អាសន្ន​រោគ​កូរ៉ូណា​បាន​ល្អ​ ខណៈ​អ្នក​ជំងឺ​ថ្មី​កើន​ឡើង​55%

    លោក​ Trump ថា អាមេរិកកំពុង​គ្រប់​គ្រង​​អាសន្ន​រោគ​កូរ៉ូណា​បាន​ល្អ​ ខណៈ​អ្នក​ជំងឺ​ថ្មី​កើន​ឡើង​55%

    ប្រធានា​ធិប​តី​អាមេរិក លោក​ Donald Trump បាន​អះអាង​ថា ទីក្រុង​ Washington កំពុង​គ្រប់​គ្រង​លើ​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 បាន​យ៉ាង​ល្អ ខណៈ​ដែល​តួលេខ​​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើន​ឡើង​។

    “វីរុស​កូរ៉ូណា​ កំពុង​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ល្អ​នៅ​អាមេរិក​។ យើង​កំពុង​រក្សា​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ និង​ភាគី​ពាក់​ព័ន្ធ​។ មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​អាមេរិក​ (CDC) រួម​ជាមួយ​នឹង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​មាន​ភាព​ឆ្លាត​វៃ​។ ទីផ្សារ​មូល​បត្រ​ចាប់​ផ្ដើម​មាន​សញ្ញា​ល្អ​វិញ​ហើយ” នេះ​បើ​តាម​ការ​រៀប​រាប់​​របស់​លោក​ Donald Trump នៅ​លើ​ទំព័រ​ Twitter កាល​ពី​​ម្សិល​មិញ​។

    ការ​អះអាង​ខាង​លើ​របស់​ប្រធានាធិបតី​អាមេរិក ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ទី​ផ្សារ​មូល​បត្រ​ពិភពលោក​​ កំពុង​បាត់​បង់​ស្ថេរ​ភាព​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អាសន្នរោគ​កូរ៉ូណា COVID-19 ខណៈ​ដែល​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​ឆ្លង​រាល​ដាល​ទៅដល់​​ប្រទេស​ និង​ដែន​ដី​ចំនួន​37​​ក្នុង​ពិភពលោក​។

    សារ​ព័ត៌មាន​ Washington Post របស់​អាមេរិក កាល​ពី​ម្សិល​មិញ​បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ សេត​វិមាន​អាច​នឹង​ស្នើ​សុំ​សភា​ដើម្បី​ចំណាយ​ប្រាក់​ជិត​1ពាន់​លាន​ដុល្លារ​ សម្រាប់​បង្កើន​សមត្ថ​ភាព​ទប់​ស្កាត់​អាសន្ន​រោគ​ COVID-19 ដែល​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​​2,699​នាក់​និង​ 80,146​នាក់​​ បាន​ផ្ទុក​មេរោគ​នេះ​។

    Hogan Gedley ដែល​ជាអ្នក​នាំ​ពាក្យ​របស់​សេត​វិមាន​បាន​អះអាង​ថា​ រដ្ឋា​ភិបាល​ត្រូវ​ការ​ថវិកា​ដើម្បី​ “ការ​ពារ​ពល​រដ្ឋ​អាមេរិកាំង​​ទាំង​មូល​” ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹក​ប្រាក់​1ពាន់​លាន​ដុល្លារ​ដែល​សារ​ព័ត៌មាន​បាន​លើក​ឡើង​នោះ​ទេ​។ លោក​ស្រី Hogan Gedley បាន​បន្ត​ថា “ខ្ញុំ​មិន​ទាន់​ទទួល​បាន​ឯក​សារ​ទាក់​ទិន​នឹង​ចំនួន​ទឹក​ប្រាក់​នៅ​ឡើយ ប៉ុន្តែ យើង​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​”។

    កាល​ពី​ម្សិល​មិញ(25កុម្ភៈ) ស្ថាប័ន​ CDC បាន​ឱ្យ​ដឹង​ថា សហ​រដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​53​នាក់​ ដោយ​​បូក​រួម​ទាំង​អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះ និង​ពលរដ្ឋ​ដែល​បាន​ត្រឡប់​មក​ពី​ទីក្រុង​ Wuhan និង​នាវា​ទេស​ចរណ៍ Diamond Princess។ តួលេខ​ស្ដីអំពី​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ កើន​ឡើង​55% បើ​ធៀប​នឹង​តួលេខ​កាល​ពី​ថ្ងៃទី​22កុម្ភៈ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អាមេរិកាំង​ថាចិន​យល់​ព្រម​ឱ្យ​អ្នក​វេជ្ជ​សាស្ត្រ​អាមេរិកាំងចូល​ជួយ​ បន្ទាប់​ពី​ចិន​ចោទ​​អាមេរិកាំង​ថា​ មិន​បាន​​ជួយ​អ្វី​សោះ

    អាមេរិកាំង​ថាចិន​យល់​ព្រម​ឱ្យ​អ្នក​វេជ្ជ​សាស្ត្រ​អាមេរិកាំងចូល​ជួយ​ បន្ទាប់​ពី​ចិន​ចោទ​​អាមេរិកាំង​ថា​ មិន​បាន​​ជួយ​អ្វី​សោះ

    រដ្ឋាភិបាលប្រទេសចិនបានយល់ព្រមឱ្យអ្នកវេជ្ជសាស្ត្រអាមេរិកាំង ចូលមកកាន់ប្រទេសចិនដើម្បីជួយទប់ទល់នឹងមេរោគរលាកសួតកូរ៉ូណាប្រភេទថ្មី(nCoV2019). នេះបើតាមការឱ្យដឹងពីសេតវិមាន។

    អ្នកនាំពាក្យរបស់សេតវិមាន លោក Judd Deere កាលពីថ្ងៃទី2 កុម្ភៈ) បានឱ្យដឹងថា៖ “ចិនបានយល់ព្រមឱ្យអាមេរិកាំងបញ្ចូលអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន ទៅក្នុងគណៈប្រតិភូនៃអង្គការសុខភាពពិភពលោក (WHO) នៅប្រទេសចិន ដើម្បីស្វែងយល់បន្ថែម និងស្វែងរកវិធីថ្មីទប់ទល់នឹងមេរោគរលាកសួតប្រភេទថ្មី Corona”។

    ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការចាក់វ៉ាក់សាំង និងជំងឺផ្លូវដង្ហើមរបស់អាមេរិកាំង NCIRD (National Center for Immunization and Respiratory Diseases) បាននិយាយថា វត្តមានរបស់ក្រុមអ្នកឯកទេសនៃមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងអាមេរិកាំង CDC (Centers for Disease Control and Prevention) នឹងមានប្រយោជន៍ច្រើន ព្រោះពួកគេសុទ្ធតែជា “អ្នកវិទ្យាសាស្ដ្រដែលមានបទពិសោធ បច្ចេកទេសទាក់ទិននឹងប្រភេទជំងឺប្រហាក់ប្រហែលនេះ”។

    ការប្រកាសរបស់សេតវិមាន ត្រូវបានធ្វើឡើង ក្រោយពីអ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានចោទប្រកាន់អាមេរិកថា មិនបានជួយអ្វីសោះ ក្រៅតែពីបង្កើនភាពភ័យខ្លាចចំពោះអាសន្នរោគរលាកសួត Corona (nCoV) ដែលរួមទាំងបទបញ្ជាហាមមិនឱ្យអ្នកទេសចរចិនចូលទឹកដីអាមេរិក និងបានដើរផ្ទុយពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ។

    ប៉ុន្តែ បន្ទាប់មកលោកស្រីបណ្ឌិត Nancy Messonnier ប្រធានមជ្ឈមណ្ឌលជាតិការពារជំងឺឆ្លង និងជំងឺផ្លូវដង្ហើមអាមេរិកាំង បានឆ្លើយតបវិញថា វិធានការទាំងឡាយរបស់ទីក្រុងវ៉ាស៊ីនតោន គឺយោងទៅលើមូលដ្ឋាននៃវិទ្យាសាស្ត្រ ហើយពួកគេកំពុងការពារសុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកាំងទាំងមូល។

    សហរដ្ឋអាមេរិកដែលកំពុងមានអ្នកឆ្លងមេរោគ Corona ចំនួន 11ករណី កាលពីសប្ដាហ៍មុនបានប្រកាសភាពអាសន្នស្ដីអំពីសុខភាពសាធារណៈ និងបានចេញបញ្ជាហាមមិនឱ្យជនបរទេសទាំងឡាយណាដែលធ្លាប់បានទៅកាន់ប្រទេសចិនដីគោកក្នុងអំឡុង 2សប្ដាហ៍មុន ចូលស្រុកអាមេរិក។ អាមេរិកាំងក៏បានចេញអនុសាសន៍កម្រិត4 សម្រាប់វិស័យទេសចរណ៍ ដែលជាកម្រិតខ្ពស់បំផុត ដើម្បីព្រមានពលរដ្ឋអាមេរិកាំង កុំឱ្យទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍ស្ទើរតែទាំងអស់របស់អាមេរិកាំង បានលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។

    គិត​មក​ត្រឹម​ព្រឹក​នេះ (4កុម្ភៈ) នៅ​ទូទាំង​ពិភព​លោក មាន​អ្នក​ស្លាប់ដោយ​សារ​មេរោគ​កូរ៉ូណា​ ឡើង​ដល់​ 427នាក់ ក្នុង​នោះ​មាន 425នាក់​ស្លាប់​នៅ​ឯប្រទេស​ចិន​ដីគោក និង​ម្នាក់​ស្លាប់​នៅ​ហ្វីលីពីន ម្នាក់​ទៀត​ទើប​តែ​បាត់​បង់​ជីវិត​នៅ​ឯក្រុង​ហុង​កុង​។ ចំណែក​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ 20,604 នៅ​ទូទាំង​ពិភព​លោក​៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនស្ដីបន្ទោសអាមេរិកថា មិនបានជួយ ហើយ​ថែម​ទាំងបន្ថែមក្ដីភ័យខ្លាចលើវីរុសវូហានទៀត…

    ចិនស្ដីបន្ទោសអាមេរិកថា មិនបានជួយ ហើយ​ថែម​ទាំងបន្ថែមក្ដីភ័យខ្លាចលើវីរុសវូហានទៀត…

    កាលពីថ្ងៃទី3 មករា ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន AFP និង រ៉យទ័រ បានរាយការណ៍ថា ចិនបានចេញ​មក​ចោទ​ប្រកាន់សហរដ្ឋអាមេរិកថា មិនត្រឹមតែមិនបានផ្ដល់ការជួយសង្រ្គោះអ្វីដែលសំខាន់ៗក្នុងការទប់ទល់នឹងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះប៉ុណ្ណោះទេ តែសហរដ្ឋអាមេរិកបែរជាថែមទាំងបន្ថែមភ្លើងនៃការភ័យខ្លាចក្នុងការតបស្នងទប់ទល់នឹងការឆ្លងរាលដាលរបស់វីរុសកំណាចនេះរបស់ចិនកាន់តែខ្លាំងដៃឡើងទៅទៀតដោយវិធានការដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលរួមមានការជម្លៀសពលរដ្ឋរបស់ខ្លួនត្រឡប់ទៅប្រទេសវិញមុនប្រទេសណាៗទាំងអស់ និងថែមទាំងហាមមិនឱ្យអ្នកធ្វើដំណើរមកពីចិន ចូលទៅក្នុងប្រទេសរបស់ខ្លួនទៀត។

    “សហរដ្ឋអាមេរិក មិនបានផ្ដល់នូវការជួយសង្គ្រោះសំខាន់ៗអ្វីទាំងអស់ មានតែសាងនូវក្ដីភ័យភ្ញាក់ផ្អើល​ឱ្យ​ចិន​តែប៉ុណ្ណោះ” លោកស្រី ហួ ឈុន អ៊ិង អ្នកនាំពាក្យនៃក្រសួងការបរទេសចិននៅបានអះអាងពីការណែនាំរបស់អង្គការសុខភាពពិភពលោកដែលបានចេញមកប្រកាសដាស់តឿនថា ការហាម ឬការកំណត់ការធ្វើដំណើរ មិន​មែនជាវិធានការចាំបាច់ក្នុងការតស៊ូជាមួយការឆ្លងរាលដាលរបស់មេរោគទេ។

    “ប្រទេសអភិវឌ្ឍន៍ជាច្រើនប្រទេស ដូចជាសហរដ្ឋអាមេរិក ដែលមានសមត្ថភាព និងមានឧបករណ៍ជួយផ្ដល់ភាពងាយស្រួលក្នុងការការពារការឆ្លងរាលដាលដ៏មាំមួន បានប្រើវិធានការគ្រប់គ្រងហួសពីភាពចាំបាច់ ដែលផ្ទុយនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក”។ លោកស្រីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានបន្ថែមទៀតថា៖ “ប្រទេសទាំងអស់នេះ គួរពិចារណាការសម្រេចចិត្តលើមូលដ្ឋាននៃហេតុផល ភាពសុភាពនឹងនរ និងប្រកាន់យកគោលការណ៍ខាងវិទ្យាសាស្ត្រ”

    ឥរិយាបថឆ្លើយតបរបស់ចិននេះបានធ្វើឡើង បន្ទាប់ពីប្រទេសសហរដ្ឋអាមេរិកបានប្រកាសស្ថានការណ៍អាសន្នខាងសាធារណសុខាភិបាលនៅក្នុងប្រទេសអាមេរិកកាលពីថ្ងៃសុក្រ ទី31 មករា កន្លងមក ក្រោយកើតការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាវូហាននៅក្នុងប្រទេសចិន និងរាលដាលទៅប្រទេសជាច្រើនទូទាំងពិភពលោក និងថែមទាំងហាមជនបរទេសដែលធ្លាប់បានធ្វើដំណើរទៅប្រទេសចិនក្នុងអំឡុង 2សប្ដាហ៍កន្លង​មក មិនឱ្យចូលប្រទេសអាមេរិក និងឱ្យជនជាតិអាមេរិកដែលធ្វើដំណើរមកពីវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការចម្លងរាលដាលរបស់វីរុសមរណៈមួយនេះ ស្ថិតក្នុងការដាក់បង្ខាំងឱ្យនៅដោយឡែកដើម្បីការពារមេរោគរយៈពេល 14ថ្ងៃទៀតផង។

    ក្រៅពីនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងទៀតថា អ្វីដែលចិនមានតម្រូវការយ៉ាងបន្ទាន់បំផុតគឺ ឧបករណ៍ការពារខាងវេជ្ជសាស្ត្រ ទាំងម៉ាស់ការពារ ឈុតស្លៀកការពារ និងវ៉ែនតាការពារការឆ្លងមេរោគ តែយ៉ាងណាក៏ដោយ មានប្រទេសជាច្រើន ដែលរួមទាំងប្រទេសកូរ៉េខាងត្បូង ជប៉ុន កាហ្សាក់ស្ថាន និងហុងគ្រី បានបរិច្ចាគជួយឧបត្ថម្ភគ្រឿងវេជ្ជភណ្ឌដល់ចិនមួយចំណែកហើយ។

    ខណៈដែលក្រសួងឧស្សាហកម្មរបស់ចិនបានបង្ហើបឱ្យដឹងថា រោងចក្រនៅក្នុងប្រទេសចិនដែលកំពុងដំណើរការផលិតយ៉ាងពេញទំហឹងនោះ អាចផលិតម៉ាស់អនាម័យបាន 1ថ្ងៃត្រឹមតែ 20លានសន្លឹកប៉ុណ្ណោះ ដោយមន្ត្រីក្នុងក្រសួងនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលកំពុងបន្ថែមកូតាការនាំចូលម៉ាស់ការពារនេះពីអឺរ៉ុប ជប៉ុន និងអាមេរិកថែមទៀត៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • បុរសអាមេរិកាំងម្នាក់ឆ្លងមេរោគវីរុស corona ទាំងមិនបានទៅប្រទេសចិនសោះ…

    បុរសអាមេរិកាំងម្នាក់ឆ្លងមេរោគវីរុស corona ទាំងមិនបានទៅប្រទេសចិនសោះ…

    មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគអាមេរិក Centers for Disease Control and Prevention (CDC) កាល​ពី​​ថ្ងៃទី30 មករា បានឱ្យដឹងថា ករណីឆ្លងមេរោគ corona ថ្មីបំផុតនៅប្រទេសនេះ គឺ​មាន​ជាប់​ទាក់​ទិន​នឹងប្ដី​ប្រពន្ធ​ 1គូនៅក្រុង Chicago រដ្ឋ Illinois។

    បុរសដែលបានឆ្លងមេរោគនេះ មិនដែលធ្លាប់បានទៅប្រទេសចិនម្ដងណាឡើយ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​គេ​រកឃើញថា មានផ្ទុកមេរោគនេះ បន្ទាប់នាងពីត្រឡប់មកពីក្រុង Wuhan នៃប្រទេសចិនដែលជា “សម្បុក​មេរោគ” corona។

    នេះគឺជាករណីឆ្លងមេរោគវិរុស corona ពីមនុស្សទៅមនុស្សដំបូងគេនៅសហរដ្ឋអាមេរិក និង​ជា​ករណី​ដែល​អ្នក​ចម្លងមិនទាន់បង្ហាញអាការរោគអ្វីទាំងអស់ តែអាចចម្លងទៅអ្នកជិតខាងបាន។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​អាមេរិក​នៅតែអះអាងថា ចំពោះមុខ ហានិភ័យនៃការឆ្លងមេរោគនេះនៅអាមេរិក គឺនៅទាបនៅឡើយ។

    យ៉ាងនេះក្ដី អគ្គនាយកនៃ CDC លោក Robert Redfield បានថ្លែងថា នឹង​មាន​ការ​ឆ្លង​មេរោគ​នេះ​ពី​មនុស្ស​ទៅ​មនុស្សជាច្រើនករណីបន្ថែមទៀតនៅអាមេរិក។

    បច្ចុប្បន្ន អាមេរិកមានអ្នកផ្ទុកមេរោគវីរុស corona សរុបចំនួន 6នាក់។ ក្រៅ​ពី​ករណី​ថ្មី​បំផុត​ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស គឺមាន 5ករណី ដែលសុទ្ធតែជាអ្នកទើបត្រឡប់មកពីប្រទេសចិនទាំងអស់៕

    ប្រភព៖ សារព័ត៌មានបរទេស