Tag: អាកាសចរណ៍

  • យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

    យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

    យន្តហោះ SKY Magnetar ដែលមាន​រូបរាង​ស្រដៀង​យានអវកាស អាច​ដឹក​អ្នកដំណើរ​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ។

    អ្នក​រចនា Oscar Vinals មកពី​អេ​ស្ប៉ា​ញ បានបង្ហាញ​យន្តហោះ SKY Magnetar ដែល​អាច​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ​/ម៉ោង លឿន​ជាង​បី​ដង​ធៀប​នឹង​យន្តហោះ Concorde។ យន្តហោះ​នេះ​អាច​ដឹក​អ្នកដំណើរ​ពី​ក្រុង​ឡុង​ដ៍ របស់​ចក្រភព​អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយពេល​តែ 50 នាទី លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណត់ត្រា 2 ម៉ោង នឹង 52 នាទី មុន​នោះ។ នេះ​បើតាម​ទំព័រ Sun ចុះផ្សាយ​កាលពី​ថ្ងៃទី 13 ឧសភា។

    យាន​ដែល​ពាក់កណ្ដាល​ជា​យន្តហោះ ពាក់កណ្ដាល​ជា​រ៉ុក្កែត​នេះ មាន​បណ្ដោយ 112 ម៉ែត្រ និង​អាចដាក់​អ្នកដំណើរ​បាន 120 នាក់។ យន្តហោះ​នេះ​នឹងត្រូវ​បាន​បើកបរ​ដោយ​ពី​ឡុ​ត​ពីរ​នាក់ រួម​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។ SKY Magnetar អាច​ហោះ​បាន​ចម្ងាយ 11,999 គីឡូម៉ែត្រ ដែល​អាច​ហោះ​ទៅដល់​គ្រប់​ទីកន្លែង​ដោយ​ប្រើពេល​តែ​ពីរ​ម៉ោង។

    SKY Magnetar នឹង​ជា​យន្តហោះ​ដែល​ល្អ​សម្រាប់​បរិស្ថាន ដោយសារ​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​ជា​ថាមពល​សម្រាប់​ម៉ាស៊ីន។

    យន្តហោះ Concorde

    ទោះជា​យ៉ាងនេះ​ក៏ដោយ មកដល់​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន ឬ​អង្គការ​ណាមួយ​បញ្ជាក់ថា​នឹង​ផលិត ក៏ដូចជា​សាកល្បង​រចនា​យន្តហោះ​ SKY Magnetar នៅឡើយ ខណៈដែល​លោក Oscar ​ជឿថា យន្តហោះ​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ល្បឿន​លឿន​ជាង​សំឡេង​នៅ​ពាសពេញ​ពិភពលោក។

    Boeing 747-8i

    យន្តហោះ Concorde ដែល​សហការ​អភិវឌ្ឍ និង​ផលិត​ដោយ​ចក្រភព​អង់គ្លេស និង​បារាំង បាន​ឈប់​ដំណើរការ​កាល​ពី​ឆ្នាំ 2003​ ដោយសារ​តែមាន​សំឡេង​រំខាន​ខ្លាំង ការចំណាយ​ក៏​ខ្ពស់ និង​សមត្ថភាព​ផ្ទុក​មិនបាន​ច្រើន​។ បច្ចុប្បន្ន យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក​ ​គឺ Boeing 747-8i ដែល​ហោះ​បាន 1,062 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង ½ នៃ​ល្បឿន​របស់​យន្តហោះ Concorde និង 1/6 នៃ​ល្បឿន​របស់​យន្តហោះ SKY Magnetar៕

  • រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    (សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។

    Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។

    ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​របស់ Radiant Industries ​អាចដាក់​នៅក្នុង​កុងតឺន័រ

    យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

  • តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។

    អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។

    ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ

    1. ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។
    2. សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។
    3. ញ៉ាំទឹកឱ្យបានច្រើន។
    4. ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។
    5. គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។
    6. ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។

    ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។

    មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ ទើបមិនមែនជារឿង​ប្លែក​ឡើយដែលស្រ្តីជាច្រើនឆ្លៀតឱកាសនេះធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ តែយ៉ាងណាក៏ដោយអ្នកគួរប្រយ័ត្នរឿងប្រព័ន្ធឈាមរត់ផង។ យើងមានពាក្យណែនាំដើម្បីជួយឱ្យលំហូរវិលរបស់លោហិតរបស់ស្រ្តីមានគភ៌ដំណើរការយ៉ាងប្រក្រតី ដូចខាងក្រោម ៖

    • គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងសប្បាយស្រួលខ្លួន។
    • គួរពាក់ស្រោមជើងបារ៍ដែលមានភាពរឹប ដើម្បីជួយបង្កើនការហូរវិលរបស់ឈាមពីកជើងទៅរកបេះដូង និងសួតរបស់អ្នក។
    • ចៀសវាងការអង្គុយគងអន្ទាក់ខ្លា។
    • ញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាភាពស្រស់ថ្លាក្នុងរាងកាយ។

    រឿងមួយទៀតដែលជួយរក្សាលំហូរវិលរបស់លោហិតបានច្រើននោះ គឺការធ្វើចលនារាងកាយដោយការក្រោកឡើងដើរនៅតាម​ផ្លូវ​ដើរ​ក្នុងយន្តហោះ សណ្តូកជើង និងពង្រឹងសាច់ដុំជើងរៀងរាល់កន្លះម៉ោងម្ដង បង្វិលកជើងទៅមក និងកម្រើកម្រាមជើង។ អ្វីទាំងអស់នេះ គឺជាឧទាហរណ៍តូចៗដែលស្រ្តីមានគភ៌អាចធ្វើបាននៅនឹងកន្លែងដែលខ្លួនអង្គុយដោយមិនរំខានអ្នកធ្វើដំណើរដែលអង្គុយក្បែរឡើយ៕

  • ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

    អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

    អំឡុងពេល

    ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

    ប្រវត្តិ/ធានាសុខភាព

    ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

    ជ្រើសរើសកៅអីអង្គុយ

    កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

    ការពារអាការខ្វះជាតិទឹក

    អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

    ការពារប្រគ្រីវកាច់ / ហើមជើង

    ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

  • ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

    ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

    ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន 29ក្រុមហ៊ុន បានផ្អាក លុបចោល ឬពន្យាពេលជើងហោះហើរទៅ-មកប្រទេសចិន ដោយសារបារម្ភអំពីអាសន្នរោគក្នុងប្រទេសនេះ។

    ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ដែលបានផ្អាក ឬប្រកាសផ្អាកការហោះហើរទៅ-មកប្រទេសចិន មានដូចជាក្រុមហ៊ុនរបស់អាមេរិក បារាំង ឥណ្ឌា កាណាដា កូរ៉េខាងត្បូង អង់គ្លេស និងវៀតណាម។

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 30មករាកន្លងទៅ បានប្រកាសអាសន្ននៅទូទាំងពិភព​លោកចំពោះអាសន្នរោគនេះ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ បង្កើនការការពារ និងប្រយុទ្ធប្រឆាំងអាសន្នរោគនេះ។

    ឆ្លើយតបទៅនឹងការប្រកាសអាសន្នខាងលើ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Cathay Pacific Airways, Singapore Airlines និង Turkish Airlines បានចេញសេចក្ដីប្រកាសលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។ Air Tanzania ក៏បានប្រកាសពន្យាពេលជើងហោះហើរដំបូងក្នុងខែកុម្ភៈទៅកាន់ប្រទេស​ចិន។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឱ្យដឹងថា នឹងលុបចោលជើងហោះហើរចំនួន 332 រវាងទីក្រុងមួយចំនួននៅអាមេរិក និងក្រុងប៉េកាំង សៀងហៃ និងហុងកុងផងដែរ។ ចំណែកក្រុមហ៊ុន Vietnam Airlines ក៏ប្រកាសដែរថា នឹងផ្អាកជើងហោះហើរទៅ-មកក្រុងប៉េកាំង សៀងហៃ ខ្វាងចូវ និងក្រុងសិនជិន ចាប់ពីថ្ងៃទី6កុម្ភៈខាងមុខ និងក្រុងចេងឌូ ចាប់ពីថ្ងៃទី5កុម្ភៈ និងក្រុងម៉ាកាវ ចាប់ផ្ដើមផ្អាកការ​ហោះ​ហើរ​ពីថ្ងៃទី6កុម្ភៈ ឆ្នាំ2020។ ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតរបស់វៀតណាមគឺ Vietjet ក៏​នឹងផ្អាក​ជើង​ហោះ​ហើរ​ទាំងអស់របស់ខ្លួន ដែលហោះហើរទៅ-មកប្រទេសចិន ចាប់ពីថ្ងៃទី1កុម្ភៈនេះ។


    បណ្ដាក្រុមហ៊ុនអាកាសចរណ៍ដែលផ្អាកការហោះហើរ​ទៅកាន់ប្រទេសចិន រួមមាន ៖

    ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air Canada, Air France, Air India, Air Seoul, American Airlines, Austrian Airlines, British Airways, Delta Air Lines, Egyptair, El Al Israel Airlines, Etihad Airways, Finnair, Kenya Airways, Lion Air, LOT, Lufthansa, NordStar, Royal Air Maroc, RwandAir, S7 Airlines, SAS, Scoot, Shanghai Airlines, Swiss, Ural Airlines, Vietjet, Vietnam Airlines, Virgin Atlantic និងក្រុមហ៊ុន Yakutia Airlines។

    សូមរំឭកថា អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគ Corona គឺមានខ្ពស់ណាស់ នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ កត្តានេះក៏ជាមូលហេតុដែលនាំឱ្យការឆ្លង​រាល​ដាលនៃមេរោគនេះ កើនឡើងដល់ 11,791នាក់ និងអ្នកស្លាប់កើនដល់ 259នាក់ គិតមកត្រឹមព្រឹកនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស