ជំនាញអភិបាលកិច្ចជាមុខវិជ្ជាសំខាន់សម្រាប់សង្គម តែយុវជនមិនសូវដឹង
ការគ្រប់គ្រងប្រទេស ស្ថាប័ន តំបន់ ឬក្រុមហ៊ុន ចាំបាច់ត្រូវមានអភិបាលកិច្ចល្អ ហើយអភិបាលកិច្ចក៏ជាស្នូលនៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រទេសដែលមន្ត្រីរាជការកំពុងអនុវត្តនៅពេញផ្ទៃប្រទេស។ ការសិក្សាផ្នែកអភិបាលកិច្ច ជារឿងសំខាន់បំផុតមួយសម្រាប់យុវជន និងប្រជាជនកម្ពុជា តែជាក់ស្តែង មានយុវជនមិនច្រើនទេដែលស្គាល់សាលាអភិបាលកិច្ច ហើយយល់ច្បាស់ពីគោលការណ៍អភិបាលកិច្ចល្អនៅក្នុងសង្គម ដែលធ្វើឱ្យពួកគេមិនសូវបានចូលរួមឱ្យបានសកម្មក្នុងសកម្មភាពនៅក្នុងសង្គម។ សាលាអភិបាលកិច្ចត្រូវបានបង្កើតឡើងតាំងពីពាក់កណ្តាលឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា ដើម្បីបង្រៀនដល់មន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្សនិស្សិតលើជំនាញអភិបាលកិច្ចក្នុងវិស័យគ្រប់គ្រងសាធារណៈ។ កន្លងមក ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា សាលានេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាពីការគ្រប់គ្រងសេវាសាធារណៈឱ្យមានអភិបាលកិច្ចល្អ។ ឯកឧត្តមបានថ្លែងផងដែរថា ការបណ្តុះបណ្តាលជំនាញអភិបាលកិច្ចនឹងអាចធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែមានលក្ខណៈល្អប្រសើរឡើងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហើយលើសពីនេះទៅទៀត នៅពេលដែលមន្រ្តីរាជការ និងមនុស្សគ្រប់គ្នាបានយល់ព្រមអនុវត្តនូវគោលកាណ៍អភិបាលកិច្ចបានល្អ នោះនឹងអាចធ្វើឱ្យសង្គមរបស់យើងកាន់តែមានតម្លាភាព និងមានការអភិវឌ្ឍលឿន។ អភិបាលកិច្ច ជាដំណើរការគ្រប់គ្រង ឬវិធីសាស្រ្តដែលរដ្ឋាភិបាល ស្ថាប័ន ឬអង្គភាពផ្សេងៗប្រើដើម្បីគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍រួម។ តាមន័យរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានបង្ហាញថា អភិបាលកិច្ចជាការប្រើប្រាស់អំណាចនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ដើម្បីគ្រប់គ្រងការងាររបស់ជាតិ។ ប្រធានអង្គការតម្លាភាព លោក ព្រាប កុល ក៏បានលើកឡើងផងដែរថា សាលាអភិបាលកិច្ច ដែលបានបង្កើតមុខវិជ្ជាបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចនេះ … Read more