ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។ ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។ ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។ អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ … Read more

សិស្សថ្នាក់ទី1 ឆ្នាំ2014 មានឱកាសត្រឹម 31% ប៉ុណ្ណោះដើម្បីបញ្ចប់អនុវិទ្យាល័យ

ការសិក្សាជាផ្នែកដ៏ចម្បងមួយលើកិច្ចអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យអប់រំ ក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការបណ្តុះធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំបានក្លាយជាចំណុចសំខាន់ដែលទាមទារឱ្យមានការដោះស្រាយពីគ្រប់សមាសភាព ជាពិសេសគឺការបោះបង់ចោលការសិក្សារបស់សិស្សនៅជនបទ។ យោងតាមការវិភាគរបស់អង្គការ UNICEF នៅកម្ពុជាបានបង្ហាញឱ្យឃើញថាកុមារដែលបានចូលរៀននៅថ្នាក់ទី1 ក្នុងឆ្នាំសិក្សា 2014 – 2015 មានឱកាសត្រឹមតែ 31% ប៉ុណ្ណោះក្នុងការបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ ការវិភាគនេះគឺផ្តោតលើកត្តារារាំងមួយចំនួនដែលជាឧបសគ្គក្នុងការសិក្សារបស់សិស្ស ហើយហិរញ្ញវត្ថុគឺជាបញ្ហាធំមួយក្នុងចំណោមបញ្ហាប្រឈមទាំងអស់នោះ។ UNICEF បានបង្ហាញផងដែរអំពីស្ថានភាពរបស់សិស្សក្រីក្រមួយចំនួននៅកម្ពុជា ដែលកំពុងខ្វះឯកសណ្ឋាន និងសម្ភារសិក្សាជាច្រើនឆ្នាំមកហើយ ខណៈគ្រួសារត្រូវស្ថិតក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។ បញ្ហានេះបានជំរុញឱ្យអង្គការមួយនេះសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ បង្កើតកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា ដោយក្រសួងអប់រំមានតួនាទីចម្បងបំផុតក្នុងការអនុវត្តកម្មវិធីនេះ។ អាហារូបករណ៍នេះក៏ជាផ្នែកមួយនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំផងដែរ (CDPF) ដែលវាជួយបង្កើនសមត្ថភាពដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគ្រប់គ្រងកម្មវិធីអាហារូបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រអាចបន្តការសិក្សាបាន។ គួរបញ្ជាក់ថា នៅឆ្នាំសិក្សាឆ្នាំ2015-2016 មានសិស្សានុសិស្សប្រមាណ 160,000នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទូទាំងប្រទេសបានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាល៕