Tag: អង្គរ

  • U-22 កម្ពុជា​កំពុង​មាន​ប្រៀប​នៅ​មុន​ការ​ប្រកួត​​ទីពីរ​ដែល​ត្រូវ​បះ​ហ្វ៊ីលីពីន​នៅ​ស៊ីហ្គេម

    U-22 កម្ពុជា​កំពុង​មាន​ប្រៀប​នៅ​មុន​ការ​ប្រកួត​​ទីពីរ​ដែល​ត្រូវ​បះ​ហ្វ៊ីលីពីន​នៅ​ស៊ីហ្គេម

    ក្រុម​​កីឡាករបាល់​ទាត់​បុរស​អាយុ​ក្រោម​ 22 ឆ្នាំ (U-22) របស់​កម្ពុជា​ កំពុង​តែ​មាន​ប្រៀប​ច្រើន​លើ​ហ្វ៊ីលីពីន ​ដែល​អាច​នាំ​ទៅ​រក​ជ័យ​ជម្នះ​ទីពីរ​នៅ​ស៊ីហ្គេម​លើក​ទី 32​ ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង 19 ថ្ងៃទី 02 ខែ​ឧសភា ឆ្នាំ 2023។

    U-22 កម្ពុជា​កំពុង​មាន​ប្រភព​ជំរុញ​កម្លាំង​ដ៏​ធំ​សម្រាប់​ការ​ប្រកួត​ជើង​ទីពីរ​របស់​ខ្លួន​នៅ​ពូល​ A។ U-22 កម្ពុជា​ទើប​តែ​បាន​ឈ្នះ​ទីម័រ​ខាង​កើត​ 4-0​។ យុទ្ធ​សាស្ត្រ​ប្រកួត​របស់​ «ឆ្មាំ​អង្គរ» ក៏​កាន់​តែ​ល្អដែល​គេ​មើល​ឃើញ​កាន់​តែ​​ច្បាស់​ឡើង​ៗ​។ បច្ចុប្បន្ន នៅ​លើ​តារាង​ចំណាត់​ថ្នាក់ កម្ពុជា​ក៏​កំពុង​តែ​នាំមុខ​គេ​ជា​បណ្ដោះ​អាសន្ន​ដោយ​មាន​បី​ពិន្ទុ ខណៈ​ដែល​គ្រាប់​បាល់​ចំណេញ​ធំជាង​ U-22 ឥណ្ឌូណេស៊ី​ទៅ​ទៀត​​នៅ​ក្នុង​ពូល​។

    ទន្ទឹម​នឹង​នេះ ការ​ទាត់​លើ​ទឹក​ដី​របស់​ខ្លួន បូក​រួម​នឹង​ការផ្ដល់​កម្លាំង​ចិត្ត​​​ពី​អ្នក​​គាំទ្រ​កម្ពុជា​ គេ​ជឿ​ថា​ U-22 កម្ពុជា នឹង​ដណ្ដើម​បាន​ជ័យ​ជម្នះ​លើក​ទី​ពីរ​នៅ​ថ្ងៃទី 02 ឧសភា 2023 វេលា​ម៉ោង 19 ហើយ​អាច​បង្កើន​កម្លាំង​សម្រាប់​ការ​ដណ្ដើម​សំបុត្រ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​ផ្ដាច់​ព្រ័ត្រ​។

    ដោយ​ឡែក ក្រុម​ U-22 ហ្វ៊ីលីពីន​វិញ បច្ចុប្បន្ន​កំពុង​កាន់​កាប់​​លទ្ធផល​មិន​ល្អ​។ ពួក​គេ​ទើប​តែ​បាន​ចាញ់​ U-22 ឥណ្ឌូណេស៊ី​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​។ ទន្ទឹម​នឹង​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​ ហ្វ៊ីលីពីនក៏​មិន​មាន​ក្រុម​កីឡាករ​ល្អ​បំផុត​នោះ​ដែរ​។ ទោះជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន U-22 ហ្វ៊ីលីពីន​ក៏​បាន​ធ្វើ​ឱ្យ​ U-22 ឥណ្ឌូណេស៊ី​ «បែក​ញើស​» មិន​តិច​ឡើយ ដោយ​សារ​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ​៕

  • រដ្ឋមន្រ្តីទេសចរណ៍ 21ប្រទេស នឹងជួបប្រជុំគ្នានៅក្រុងសៀមរាបអង្គរ

    រដ្ឋមន្រ្តីទេសចរណ៍ 21ប្រទេស នឹងជួបប្រជុំគ្នានៅក្រុងសៀមរាបអង្គរ

    បន្ទាប់ពីអង្គវត្តជាប់ចំណាត់ថ្នាក់លេខ1 ជាតំបន់ទាក់ទាញទេសចរណ៍ខ្លាំងបំផុត លើពិភពលោកសម្រាប់ឆ្នាំ 2017នេះ រដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់មកពី 21ប្រទេស នឹងមកជួបជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី2 និងសន្និសីទអន្តរជាតិលើកទី1 ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាបចាប់ពីថ្ងៃទី11-16 មិថុនា ឆ្នាំ2017 ដើម្បីពិភាក្សាអំពីគំរូថ្មីៗនៃភាពជាដៃគូ និងតួនាទីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការពារ ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទីក្រុងបេតិកភណ្ឌ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង កាលពីរសៀលថ្ងៃទី06 ខែមិថុនា ឆ្នាំ2017 ថា វេទិកានេះនឹងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់ពិពិធកម្មផលិតផលទេសចរណ៍ និងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ផ្សារភ្ជាប់ទៅនឹងទស្សនទាននៃការកសាងភាពជាដៃគូសហប្រតិបត្តិការថ្មីនៃទេសចរណ៍ និងវប្បធម៌ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការរួមមួយនៅសៀមរាបនៅក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ កាលពីអំឡុងខែកញ្ញា ឆ្នាំ2015 នៅកម្ពុជាកន្លងមក។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ទស្សនទាននៃកិច្ចប្រជុំនេះក៏ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសូត្ររបស់ចិន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវកម្ពុជា-ចិន ដោយបានចុះហត្ថលេខាលើផែនការអនុវត្តសកម្មភាពការងារ សម្រាប់អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2017 បន្ទាប់ពីកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវសូត្រនៅទីក្រុងប៉េកាំង ដោយផ្តោតសំខាន់លើការសិក្សារៀបចំ បង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុងជ្រោយមួយសម្រាប់តំបន់សៀមរាបផ្តោតលើបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរវត្ត។

    គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី1 ត្រូវបានរៀបចំឡើងក្នុងឆ្នាំ2016 នៅទីក្រុង Tabriz សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ហើយដែលពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី2នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 ខាងមុខនេះនៅទីក្រុងសៀមរាបអង្គរ៕