Tag: អង្ករ

  • តម្លៃ​មធ្យមភាគនៃ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​

    តម្លៃ​មធ្យមភាគនៃ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​

    តម្លៃ​មធ្យមភាគ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា 2023 នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ចាប់​ពី 1,250 រៀល​/គីឡូក្រាម​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា ឆ្នាំ 2023 ស្រូវ​សើម​នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​មធ្យម​ ចាប់​ពី 1,250 ដល់ 1,375 រៀល​​/គីឡូក្រាម​ អាស្រ័យទៅ​​លើ​ប្រភេទ​ស្រូវ​។

    ស្រូវ​រំដួល/សុម៉ាលីសើមនៅ​ក្នុង​ស្រុក​បរសេដ្ឋ និង​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ពោល​គឺ​ 1,375 រៀល​/គីឡូក្រាម​។ ចំណែក​ស្រូវ​រំដួល/សុម៉ាលីសើម​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​ (1,250 រៀល​/គីឡូក្រាម​) គឺ​នៅ​ក្នុង​ស្រុក​សំរោង និង​ស្រុក​ចុង​កាល ខេត្ត​ឧត្ដរមាន​ជ័យ។

    ដោយ​ឡែក ស្រូវអូអឹម​សើម​វិញ ​មាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ 1,260 រៀល​ក្នុង​មួយ​គីឡូក្រាម​ ខណៈ​ស្រូវ​ស្រងែ​មាន​តម្លៃ​ 1,250 រៀល​/គីឡូក្រាម​៕

  • កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

    កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 03 វិច្ឆិកា 2023 ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចូល​អង្ករ​មួយ​លាន​តោន​ពី​​ប្រទេស​​មួយ​ចំនួន​នៅ​អាស៊ី នៅក្នុង​គម្រោង​នាំចូល​អង្ករ​បន្ថែម​​ 1.5 លាន​តោន​របស់ប្រទេស​នេះ​។

    លោក Mokhamad Suyamto ប្រធាន​បណ្ដាញ​ផ្គត់ផ្គង់​ និង​សេវា​សាធារណៈ​របស់ Bulog ឱ្យ​ដឹង​ថា ការ​នាំ​ចូល​បន្ថែម​នេះ​​​ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​បរិមាណ​អង្ករ​ក្នុង​ឃ្លាំង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​រហូត​ដល់​ឆ្នាំ 2024​។

    «បច្ចុប្បន្ន យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំៗ រួម​មាន ថៃ វៀតណាម ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា​» លោក Suyamto ឱ្យ​ដឹង​ដូច្នេះ និង​បញ្ជាក់​ថា «យើង​ក៏​នឹង​ពិចារណា​ក្នុង​ការ​នាំចូល​អង្ករ​ពី​ ឥណ្ឌា កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ​ បើ​សិន​ពួក​គេ​អាច​ឆ្លើយ​តប​នឹងលក្ខខណ្ឌ​​តម្រូវ​ការ​»​។

    យោង​តាមលោក Suyamto បើ​ទោះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​អង្ករ​បន្ថែម​ 1.5 លាន​តោន​​ក៏ដោយ ប៉ុន្តែ​បរិមាណ​អង្ករ​នាំ​ចូល​​នេះ​នឹង​អាច​ត្រូវ​បាន​កែប្រែ​ទៅ​តាម​តម្រូវ​ការ​​ជាក់​ស្ដែង​​របស់​ទីផ្សារ​ក្នុង​ប្រទេស​។

    ក្នុង​ 7 ខែ​ដើម​ឆ្នាំ 2023 អង្ករ​សរុប​ដែល​ត្រូវ​បាន​ឥណ្ឌូណេស៊ី​​នាំ​ចូល​គឺ​​មាន​ 50% មក​ពី​ប្រទេស​ថៃ និង​ 47% មក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​៕

  • ហ្វ៊ីលីពីន​អាច​​បង្កើន​ការ​នាំ​ចូល​អង្ករ បន្ទាប់ពី​បាន​ដក​ពិតាន​នៃ​តម្លៃ​ក្នុង​ស្រុក​?

    ហ្វ៊ីលីពីន​អាច​​បង្កើន​ការ​នាំ​ចូល​អង្ករ បន្ទាប់ពី​បាន​ដក​ពិតាន​នៃ​តម្លៃ​ក្នុង​ស្រុក​?

    ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​របស់ពិភពលោក​ងើប​ឡើង​វិញ​។

    យោង​តាម​សារព័ត៌មាន​នៅ​ប្រទេស​ហ្វ៊ីលីពីន កាល​ពី​ថ្ងៃទី 04 តុលា 2023 ប្រធានាធិបតី​ហ្វ៊ីលីពីន Ferdinand Marcos Jr. បាន​ប្រកាស​ថា នឹង​ដក​ចោល​វិធានការ​គ្រប់​គ្រង​ពិតាន​នៃ​តម្លៃ​អង្ករ​សម្រិតធម្មតា និង​អង្ករ​សម្រិត​ពិសេស​។

    ដូចនេះ ពិតាននៃ​តម្លៃ​​អង្ករ​នៅ​ប្រទេស​ហ៊្វីលីពីន​ត្រូវ​បាន​ទម្លាក់​ចោល​បន្ទាប់​ពី​អនុវត្ត​បាន​មួយ​ខែ​។ ប្រការ​នេះ​​ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ​ផងដែរ ព្រោះ​ថា វា​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ពិសេស​គឺ​ចំពេល​ដែល​រដូវ​ប្រមូលផល​កំពុង​កើត​ឡើង​។

    មុន​នោះ តម្លៃ​ពិតាន​របស់​អង្ករ​ត្រូវ​បាន​ហ្វ៊ីលីពីន​ដាក់​ចេញក្នុង​បំណង​ទប់​ទល់​នឹង​បញ្ហា​អង្ករ​ឡើង​ថ្លៃ​ខ្ពស់ខ្លាំង​ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​។

    យោង​តាម​ក្រសួង​កសិកម្ម​អាម៉េរិក ឆ្នាំ​នេះ​ ប្រទេស​ហ្វ៊ីលីពីន និង​ចិន គឺជា​អ្នក​នាំ​ចូល​អង្ករ​ធំជាង​គេ​លើពិភពលោក​ ដោយ​ពួក​គេ​នឹង​ទិញ​ប្រហែល 3.5 លាន​តោន​ ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​ការ​ព្យាករ​ចាស់​ (3.8 លាន​តោន​)។

    គិតមក​ដល់បច្ចុប្បន្ន ហ្វ៊ីលីពីន​បាន​នាំចូល​អង្ករ​ 2.49 លាន​តោន​ ទាប​ជាង​ជិត 18%​ បើ​ធៀប​នឹង​ 3.03 លាន​តោន​ក្នុង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

    អ្នក​ជំនាញ​ និង​អ្នក​ជំនួញ​យល់​ថា ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ នឹង​អាច​​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​ងើប​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ខ្លាំង​នា​ពេល​កន្លង​៕

  • ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

    ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

    ​អង្ករ​នាំ​ចូល​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​ជា​សកល​ ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អង្ករ​ក្នុង​ស្រុកដែល​ត្រូវ​បាន​កំណត់​តម្លៃ​ពិតាន​ទាប​។

    ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ខ្នាត​តូច​នៅ​ម៉ាឡេស៊ី​កំពុង​ខ្វះ​អង្ករ​លក់ ព្រោះ​អង្ករ​ច្រក​ក្នុង​ការ៉ុង​ 5 និង 10 គីឡូក្រាម​​ត្រូវ​អតិថិជន​ទិញអស់​ភ្លាម​នៅ​ពេល​មាន​ទំនិញ​។ Ameer Ali Mydin អគ្គនាយក​របស់​បណ្ដាញ​ផ្សារ​ទំនើប​ Mydin ឱ្យ​ដឹង​ថា ស្ថានភាព​ខ្វះ​អង្ករ​កើ​ត​ឡើង​ដោយ​សារ​តែ​តម្លៃ​ខុស​គ្នា​ឆ្ងាយ​​រវាង​អង្ករ​ក្នុង​ស្រុក និង​អង្ករ​នាំ​ចូល​​។

    នៅ​ម៉ាឡេស៊ី អង្ករ​សម្រិត​ក្នុង​ស្រុក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​កំណត់​តម្លៃ​ពិតាន​ត្រឹម​ 26 រីងហ្គីត​ (5.54 ដុល្លារ​អាម៉េរិក)​ ក្នុង​ 10 គីឡូក្រាម​។ ក៏ប៉ុន្តែ វិស័យ​ផលិត​អង្ករ​របស់​ប្រទេស​នេះ​អាច​ផ្គត់​ផ្គង់​បាន​ត្រឹម​តែ​ 70% ប៉ុណ្ណោះ​ ធៀប​នឹង​តម្រូវ​ការ​។ ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​នាំចូល​អង្ករ​សម្រិត​ពី​បរទេស​ រួម​មាន​ ឥណ្ឌា ប៉ាគីស្ថាន ថៃ កម្ពុជា និង​វៀតណាម​។

    អង្ករ​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ក្នុង​ស្រុក​ចាប់តាំង​ពី​ពេល​អង្ករ​ពិភព​លោក​ឡើង​ថ្លៃ​នា​ពេល​ថ្មី​ៗ​នេះ​។ តម្លៃអង្ករ​កាន់​តែ​ខុស​គ្នា​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Padiberas Nasional សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​អង្ករ​នាំ​ចូល​ឡើង​ដល់ 36% ពី​ថ្ងៃទី 01 កញ្ញា​ ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​នឹង​តម្លៃ​សកល​។ បច្ចុប្បន្ន តម្លៃ​អង្ករ​សម្រិត​នាំចូល​​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី 30 ដល់ 70 រីងហ្គីត​ ដែល​ប្រហែល​ពី 6.37 ដល់ 14.87 ដុល្លារ​អាម៉េរិកសម្រាប់​ 10 គីឡូក្រាម​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​សន្តិសុខ​ស្បៀង​របស់​ម៉ាឡេស៊ី​ កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ព្យាករ​ថា ស្ថានភាព​ខ្វះ​អង្ករ​សម្រិត​ក្នុង​ស្រុក​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​​ នៅ​ពេល​រដូវ​ប្រមូល​ផលស្រូវ​នៅ​ក្នុង​រដ្ឋ Kedah បាន​ចាប់​ផ្ដើម​៕

  • ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំចេញ​របស់​ប្រទេស​ថៃ​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ 11 ខែកន្លង​

    ការ​នាំ​​ចេញ​ផលិតផល​​របស់​ប្រទេសថៃ​ក្នុង​ខែ​សីហា 2023 បាន​កើន​​ឡើង​ជា​លើក​ដំបូង​​ ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី 26 កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក Kirati Ratchano បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ក្នុង​ខែ​សីហា 2023 បាន​កើន​ 2.6% បើ​ធៀប​នឹង​ខែ​សីហា 2022 ដែលនេះ​គឺជា​សញ្ញា​បញ្ជាក់អំពី​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​។

    លោក Kirati បញ្ជាក់​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ក្នុង​ខែ​សីហា 2023 សម្រេច​បាន​ប្រហែល​ 8.25 ពាន់​លាន​បាត (242,796 លាន​ដុល្លារ​អាម៉េរិក)​។ ការ​នាំ​ចូល​ក្នុង​ដំណាក់​កាល​ដូច​គ្នា​នេះ​ថយ​ចុះ 12.8% មក​នៅ​ត្រឹម​ 8.23 ពាន់​លាន​បាត​។

    គិត​ជារួម​ ក្នុង​រយៈ​ពេល​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​នៃ​ការ​នាំចេញ​របស់ប្រទេស​ថៃ​សម្រេច​បាន​ជាង 6.3 ទ្រីលាន​បាត​ (187.6 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ថយ​ចុះ​ 4.5% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​របស់​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​ចូល​ថយ​ចុះ​ 5.7% មក​នៅ​​ប្រហែល​ 6.7 ទ្រីលាន​បាត​ នាំ​ឱ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​ជាង​ 300 ពាន់​លាន​បាត​។

    លោក Kirati ឱ្យ​ដឹង​ថា ការ​នាំចេញ​របស់​ប្រទេស​ថៃ​ងើប​ឡើងវិញ​ដោយ​សារ​ការ​នាំ​ចេញ​កសិផល​កើន 4.2% ដែល​ជា​ការ​កើន​ឡើង​ដំបូង​ក្រោយ​រយៈ​ពេល​ 4​ ខែ​។ ​ការ​នាំ​ចេញ​ផ្លែ​ឈើ​បង្កក​ និង​ក្រៀម​កើន 99.8%​, ការនាំចេញ​អង្ករ​កើន 10%, បន្លែ​ប្រអប់​ និង​កែច្នៃ​កើន​ 26.5%, ទឹក​ដោះ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​កើន​ 13.2%, បន្លែ​បង្កក​ និង​ក្រៀម​កើន 22.8%​។

    ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​ក្នុង​ខែសីហា​កើន 2.5% ក្នុង​នោះ​ ​រថយន្ត​ និង​គ្រឿង​បន្លាស់​កើន​ 5.2%​។

    ក្នុង​ខែ​សីហា 2023 ការ​នាំ​ចេញ​របស់ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​ធំៗ​កើន​ 2.3% ក្នុង​នោះ​ ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​កើន​ 21.7%, ជប៉ុន​កើន​ 15.7% និង​ប្រទេស​ចិន​កើន​ 1.9%​។

    ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ព្យាករ​ថា ការ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា និង​ត្រីមាស​ចុង​ក្រោយ​របស់​ឆ្នាំ​នេះ​នឹង​ងើប​ឡើង​វិញ​៕

  • ​បរិមាណ​​​អង្ករ​នាំ​ចេញ​​ក្នុង​ 8 ខែ​ដំបូង​របស់​វៀតណាម ច្រើន​ជាង​ 14 ដង​ ធៀប​នឹង​កម្ពុជា

    ​បរិមាណ​​​អង្ករ​នាំ​ចេញ​​ក្នុង​ 8 ខែ​ដំបូង​របស់​វៀតណាម ច្រើន​ជាង​ 14 ដង​ ធៀប​នឹង​កម្ពុជា

    8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​នាំ​ចេញ​អង្ករ​សរុប​ជាង 5.81 លាន​តោន​ ប្រហែល​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​អង្ករ​កើន​ 21,4% និង​ចំណូល​សរុប​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។

    យោង​តាម​ស្ថិតិ​បឋម​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ក្នុង​ខែ​សីហា 2023 វៀតណាម​នាំ​ចេញ​អង្ករ​បាន 921,443 តោន​ ដែល​ប្រហាក់​ប្រហែល​នឹង 546.41 លាន​ដុល្លារ​អាម៉េរិក ដោយ​គិត​ក្នុង​តម្លៃ​មធ្យម​ 593 ដុល្លារ​/តោន​។ តួលេខ​នេះ​កើន​ 39.5% បើ​គិត​អំពី​បរិមាណ,​ 50.7% បើ​គិត​អំពី​ប្រាក់​ចំណូល និង​តម្លៃ​កើន​ 8% បើ​ធៀប​នឹង​ខែកក្កដា 2023​។ ធៀប​នឹង​ខែ​សីហា 2022 បរិមាណ​អង្ករ​នាំ​ចេញ​របស់​វៀតណាម​​ក្នុង​ខែ​នេះ​ក៏​កើន​ 28.8%​, ប្រាក់​ចំណូល​សរុបក៏​កើន 61.7% និង​តម្លៃ​ក៏​កើន​ 25.5% ផងដែរ​។

    ជា​រួម ក្នុង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ 2023 បរិមាណ​អង្ករ​នាំ​ចេញ​សរុប​របស់​វៀតណាម​ សម្រេច​បាន​ជាង 5.81 លាន​តោន​ រក​ចំណូល​បាន​ជាង 3.16 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ បរិមាណ​កើន​ 21.4%, ចំណូល​កើន​ 35.7% ធៀប​នឹង​ 8 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​ ខណៈ​តម្លៃ​មធ្យម​ស្មើ​នឹង 543.9 ដុល្លារ​អាម៉េរិក​/តោន​ ដោយ​កើន​ 11.8%​។

    ទីផ្សារ​អង្ករ​ធំជាង​គេ​ទាំង​បី​​របស់​ប្រទេស​​វៀតណាម រួម​មាន​ ប្រទេស​ហ្វ៊ីលីពីន ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌូណេស៊ី​។

    ទាក់​ទង​នឹង​ការ​នាំ​ចេញ​អង្ករ​នេះដែរ សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CR​F​) ​បាន​រាយការណ៍​ថា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន 401,699 ​តោន​ទៅកាន់​ប្រទេស​ និង​ដែនដី​ចំនួន​ 56 ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំនេះ​។ ​ចំនួន​នេះ​ស្មើនឹង​ 58% ​នៃ​ផែន​ការនាំចេញ​ប្រចាំ​ឆ្នាំ​ 2023។ បរិមាណ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ក្នុង​អំឡុង​ 8 ខែ​ដំបូង​នៃឆ្នាំ​នេះ ទាប​ជាងលើស​ពី 14 ដង ​បើ​ធៀប​នឹង ​​5.81 លាន​តោន​របស់​វៀតណាម​៕

  • អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    (ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។

    ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។

    វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។

    ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ 90 ឆ្នាំ ប៉ុន្តែ​បេះដូង​នៅក្នុង​វ័យ 40 ឆ្នាំ។

    វិធី​ធ្វើ​ខ្ញី​ត្រាំ​ទឹកខ្មេះ​របស់​វេជ្ជបណ្ឌិត Lu មាន​ដូចតទៅ៖ យក​ខ្ញី​​ខ្ចី លាង​ឱ្យ​ស្អាត ទុកឱ្យ​ស្ងួត ចិត​ជា​ចំណិត រួច​រោយ​អំបិល​បន្តិច ហើយ​ផ្អាប់​ទុក 12 ម៉ោង។ បន្ទាប់មក យក​ចំណិត​ខ្ញី​ទាំងនេះ​ទៅក្នុង​ក្រឡ ចាក់ទឹក​ខ្មេះ​ពីលើ​បន្តិច រួច​គ្រប​ឱ្យ​ជិត ទុក​ពី 4 ទៅ 5 ថ្ងៃ មុនពេល​បរិភោគ។ គាត់​ថា ល្អ​បំផុត​គឺ​ប្រើប្រាស់​ទឹកខ្មេះ​ធ្វើ​ពី​អង្ករ និង​លាយ​ជាមួយ​ទឹក នៅក្នុង​ការ​ត្រាំ​ខ្ញី​នេះ។

    ការទទួល​ទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​ ឬ​ហៅ​ថា​ខ្ញី​ជ្រក់​ទឹក​ខ្មេះ​ ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជួយ​ព្យាបាល​ជំងឺ​លើស​ខ្លាញ់​អាក្រក់​ទៀតផង៕

  • ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

    ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

    តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។

    1.បន្លែស្លឹកបៃតង

    មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។

    2.គ្រាប់សណ្ដែក និងធញ្ញជាតិ

    ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។

    3.ស៊ុតមាន់

    ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។

    4.គ្រាប់ល្ងខ្មៅ

    គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ នឹងប្រាកដច្បាស់ក្នុងចិត្តតែម្ដងថា កូនតូចរបស់អ្នកនឹងសក់ក្បាលដែលស្អាត និងខ្មៅក្រិបច្រើនឡើងមិនខាន។ មិនមែនតែកូនតូចប៉ុណ្ណោះទេ អ្នកម្ដាយខ្លួនឯង ក៏មានសក់ក្បាលខ្មៅភ្លឺរលោងផងដែរ។

    5.ត្រីសាល់ម៉ុន

    មុខម្ហូបនេះ ប្រហែលជាត្រូវចិត្តស្ត្រីមានផ្ទៃពោះជាច្រើននាក់ដែលចូលចិត្តញ៉ាំសាច់ត្រីស្រាប់ហើយមិនខាន ដោយសារត្រីសាល់ម៉ុនមានសារធាតុអូមេហ្គា3 និងអាស៊ីតអាមីណូដែលមានប្រយោជន៍ជាច្រើន ដែលអាស៊ីតទាំងអស់នេះនឹងជួយក្នុងការរីកចម្រើនធំធាត់របស់កូនតូច និងរឿងសរសៃសក់ទៀតផង។ ដូច្នេះអ្នកណាចង់ឱ្យកូនតូចមានសក់ក្បាលក្រាស់ខ្មៅ ប្រហែលជាត្រូវទទួលទានត្រីសាល់ម៉ុនហើយ តែគួរចម្អិនឱ្យឆ្អិនជាមុនសិន ទើបជាការប្រសើរ។

    អាហារទាំង 5ប្រភេទនេះ អាចជួយឱ្យកូនតូចរបស់អ្នកមានសក់ក្បាលដែលខ្មៅក្រាស់ភ្លឺរលោងនៅពេលប្រសូតចេញមកយ៉ាងពិតប្រាកដ និងថែមទាំងមានប្រយោជន៍សម្រាប់អ្នកម្ដាយទៀតផង៕

  • 5វិធី ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈមានគភ៌

    5វិធី ឆ្ពោះទៅរកការមានសុខភាពល្អ ខណៈមានគភ៌

    រឿងរបស់ការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅពេលអ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើនធំធាត់ល្អតាមអាយុគភ៌របស់អ្នកម្តាយដែរ។ ដូច្នេះហើយទើបយើងតែងសង្កេតឃើញ​​ថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យអនាគតអ្នកម្តាយដែលកំពុងមានផ្ទៃពោះទាំងឡាយ ឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាពកាយ ទាំងរឿងផ្លូវចិត្ត និងការរស់នៅទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ តើយើងអាចធ្វើបានតាមវិធីណាខ្លះ?។

    1. ស្រ្តីមានគភ៌ គួរទទួលទានបន្លែ ផ្លែឈើ អាហារស៊ីរៀល(Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាក​សរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នក​ម្តាយ តែអាហារដែលមានជាតិកាកសរសៃច្រើនអាចជួយក្នុងរឿងនេះបានច្រើន។
    2. ស្ត្រីមានគភ៌ ត្រូវទទួលបានសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ក្នុង 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ទទួល​ទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយសារធាតុដែកដែលមាននៅក្នុងបន្លែនេះ ជាប្រភេទដែលមិនមែនជា អេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាបទេ។
    3. ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក ស្ត្រីមានគភ៌ត្រូវទទួលទានជាតិអាស៊ីតខ្លាញ់ អូមេហ្កា3 តែចូរចៀសវាងសត្វ​ក្នុង​ទឹកដែលមានសម្បក ប្រភេទ គ្រំ ងាវ ជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូនតូចនៅក្នុងផ្ទៃ​ ដែលអាច​នឹងឆ្លងមេរោគបាត់តេរី លីស្តេរីបាន។
    4. បើស្ត្រីមានគភ៌លំបាកវេទនាជាមួយអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោរ​បានប្រសើរ​ណាស់ ដោយហាន់មើមខ្ញីស្រស់ៗបែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកមកពិសា។
    5. ស្ត្រីមានគភ៌ត្រូវទទួលបានជាតិ ភ្លូអរ៉ាយដ៍ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការដុះលូតលាស់នៃធ្មេញរបស់ទារក៕
  • ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អខណៈពេលមានគភ៌

    ជម្រើស 5យ៉ាង ឆ្ពោះទៅរកការមានសុខភាពល្អខណៈពេលមានគភ៌

    ការមានសុខភាពល្អ ពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ ព្រោះវាមានន័យថា នៅពេលដែលអ្នក​​មានសុខភាពល្អរឹងមាំពេញលេញហើយនោះ ជីវិតដ៏តូចមួយដែលនៅក្នុងពោះអ្នកក៏នឹងមានវិវឌ្ឍនាការរីកចម្រើនធំធាត់តាមអាយុគភ៌ដ៏ល្អនោះដែរ ដូច្នេះគេអាចមើលឃើញបានថា គ្រូពេទ្យនឹងណែនាំអនាគតអ្នកម្តាយដែលកំពុងតាំងគភ៌ទាំងឡាយឱ្យឧស្សាហ៍មើលថែទាំខ្លួន ទាំងរឿងសុខភាពកាយ រួមទាំងជីវិតផ្លូវចិត្តផងដែរ។ ឥឡូវយើងមកមើលថា តើជម្រើសឆ្ពោះទៅរកការមានសុខភាពដ៏ល្អនោះ យើងអាចធ្វើយ៉ាងដូចម្តេចបានខ្លះ?។

    • ស្ត្រីមានគភ៌គួរទទួលទានបន្លែផ្លែឈើ អាហារCereal បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារដែលមានកាកសរសៃឱ្យបានច្រើនដើម្បីចៀសវាងអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួលនឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់ស្ត្រីមានគភ៌ ហើយអាហារដែលមានកាកសរសៃអាចជួយបានច្រើន។
    • ស្ត្រីមានគភ៌ត្រូវបានទទួលសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ញ៉ាំច្រើនទេតែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយនិងសារធាតុដែកដែលមាននៅក្នុងបន្លែ ជាប្រភេទដែលមិនមែន ហេម៉ូគ្លោប៊ីន ធ្វើឱ្យរាងកាយពិបាកក្នុងការបឺតជ្រាបនោះទេ។
    • ដើម្បីជួយបង្កើន និងពង្រឹងខួរក្បាលដល់កូនតូច ស្រ្តីមានគភ៌ត្រូវទទួលទានអាស៊ីតខ្លាញ់អូមេហ្កា3 តែចូរចៀសវាងសត្វក្នុងទឹកដែលមានសម្បករឹង ប្រភេទគ្រំ ងាវ លៀស ជាដើម ព្រោះអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ទាំងម្តាយ និងទារកក្នុងគភ៌ដែលនឹងអាចឆ្លងមេរោគបាក់តេរីលិស្តេរីបាន។
    • បើស្ត្រីមានគភ៌ពិបាកជាមួយនឹងអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះវាអាចព្យាបាលអាការក្អួតចង្អោរបានល្អ ដោយគ្រាន់តែហាន់មើម​ខ្ញីស្រស់ជាចំណិតស្ដើងៗ ដាក់ក្នុងទឹកក្តៅឧណ្ហៗខ្លាំង ហើយក្រេបម្តងបន្តិចៗឱ្យបានញឹកញាប់។
    • ស្ត្រីមានគភ៌ត្រូវបានទទួលបរិមាណ Fluoride ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការសាងធ្មេញរបស់កូនតូចក្នុងផ្ទៃ៕