Tag: ឡេង ណាវ៉ាត់ត្រា

  • ព្រះមហាក្សត្រ ព្រះរាជប្រទានងារ ឧកញ៉ា ជូន លោក ឡេង ណាវ៉ាត់ត្រា

    ព្រះមហាក្សត្រ ព្រះរាជប្រទានងារ ឧកញ៉ា ជូន លោក ឡេង ណាវ៉ាត់ត្រា

    លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ឱ្យដឹងថា លោក ឡេង ណាវ៉ាត់ត្រា គឺជាអតីតពលករនៅប្រទេសកូរ៉េ ហើយបានមកចូលរួមក្នុងវិស័យសិល្បៈនៅកម្ពុជា និងបានរួមចំណែក ក្នុងកម្មវិធីមនុស្សធម៌ ក្នុងវិស័យអភិវឌ្ឍន៍សង្គមជាច្រើន ក្នុងនោះបានជួយដល់កាកបាតក្រហមកម្ពុជា ជួយដល់ជនក្រីក្រ និងបានជួយដល់ពលរដ្ឋដែលជួបគ្រោះមហន្តរាយផងដែរ ។

    លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញឱ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ ទទួលបានងារជាឧកញ៉ា កាលពីថ្ងៃទី6 ខែកក្កដា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ត្រូវបាន សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ហៅលោក ឡេង ណាវ៉ាត់ត្រា ជាឧកញ៉ា យោងតាមសេចក្តី ក្រាបបង្គំ ទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

  • លោក ឡេង ណាវ៉ាត់ត្រា អាណិតសិល្បៈករខ្មែរ គ្មានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចតារាថៃ

    លោក ឡេង ណាវ៉ាត់ត្រា អាណិតសិល្បៈករខ្មែរ គ្មានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចតារាថៃ

    បន្ទាប់ពីបានឃើញវីដេអូដែលអ្នកគាំទ្រខ្មែរ បានទៅស្វាគមន៍តារាសិល្បៈករថៃ យ៉ាងប្រជ្រៀតគ្នាណែនណាន់តាន់តាប់ហើយនោះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរមួយចំនួនបានលើកឡើងថា តារាសិល្បៈករថៃ ត្រូវបានអ្នកគាំទ្រឱ្យតម្លៃខ្លាំងជាង តារាសិល្បៈករក្នុងស្រុក។ មិនតែប៉ុណ្ណោះទេ នៅក្នុងនោះ លោកឧកញ៉ាវ័យក្មេង និងជាសិល្បៈករសម្ដែងច្រៀង គឺលោក ឡេង ណាវ៉ាត់ត្រា ក៏បានបញ្ចេញមតិចំពោះបញ្ហានោះផងដែរ។

    លោក ណាវ៉ាត់ត្រា បានយល់ឃើញថា « ខ្ញុំ ឡេង ណាវ៉ាត់ត្រា សូមទោសផង បងប្អូនអើយ ហេតុអ្វីទៅតារាថៃ គេមានតំលៃម្លេះ​ Fanច្រើនណាស់ តារាខ្មែវិញស្លាប់ហើយ អត់មានបង Fan ទៅច្រើនអីចឹងសោះ ខ្ញុំអត់ហ៊ានថាម៉េចទេ សូមបងប្អូនចែកក្ដីស្រលាញ់ ឱ្យសិល្បះខ្មែរខ្លះផង បងប្អូនអើយគ្មាននរណាស្រលាញ់យើងជាងគ្រួសារជនជាតិយើងទេ ខ្ញុំសូមអង្វរបងប្អូនតើបានទេ ខ្ញុំឈឺចាប់ណាស់ ជនជាតិគេមិនដែល យកភ្នែកមើលយើងផង អាណិតអ្នកសិល្បៈខ្មែរផងបងប្អូន ពេលគាត់មានបានពួកគាត់តែងតែជួយបងប្អូនយើងខ្វះខាតជារឿយៗតើ »។ ការលើកឡើងបែបនេះ មិនមែនត្រឹមតែលោកម្នាក់នោះទេ នៅមានតារាសិល្បៈខ្មែរមួយចំនួនទៀត ក៏បានត្អូញត្អែ និងអំពាវនាវសុំសេចក្ដីស្រឡាញ់ពីអ្នកគាំទ្រដូចគ្នា។

    គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីណេះៗ ដោយមានវីដេអូបង្ហាញពីសកម្មភាពមហាជននៅកម្ពុជាគាំទ្រតារាថៃដ៏ខ្លាំងក្លាបែបសឹងតែមិនជឿនោះ  អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ លោក អ៊ាម វន្នី ជាតារាចម្រៀង និងអ្នកនិពន្ធឯករាជ្យ ក៏បានធ្វើការចែករំលែក និងបញ្ចេញយោបល់យ៉ាងខ្លីនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា« នៅពេលដែលយើងភ្លេចអោយតម្លៃគ្នាឯង នោះអ្នកដ៏ទៃគឺមានតម្លៃជាងហើយ។ គេមិនមានអ្វីខុសទេ នេះជាការដើរទៅមុខមួយជំហ៊ានមុនយើងវិញម្តងតែប៉ុណ្ណោះ។ ខ្ញុំជឿថាខ្មែរយើងមិនចិត្តអាក្រក់នោះទេ»។ នេះក៏ជាសារមួយ នៃការអង្វរកឱ្យអ្នកគាំទ្រខ្មែរ ផ្ដល់តម្លៃជូនសិល្បករខ្មែរខ្លួនឯង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ ?៕

  • រំភើបចិត្តណាស់!! សម្ដេច ហ៊ុន សែន សរសើរពីប្រវត្តិតស៊ូរបស់សិល្បករ ឡេង ណាវ៉ាត់ត្រា

    រំភើបចិត្តណាស់!! សម្ដេច ហ៊ុន សែន សរសើរពីប្រវត្តិតស៊ូរបស់សិល្បករ ឡេង ណាវ៉ាត់ត្រា

    មិនគួរឱ្យជឿឡើយថា នៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូប្រមាណជាង 3ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រកាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានលើកយកឈ្មោះលោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងម្ចាស់ផលិតកម្ម Galaxy ដែលបានក្លាយជាម្ចាស់បុរី មកសរសើរជាសាធារណៈ។

    នេះចាត់ទុកថាជារឿងកម្រមួយដែលប្រមុខរដ្ឋាភិបាលលើកឈ្មោះអ្នកសិល្បៈជោគជ័យមួយរូប យកមកសរសើរនៅក្នុងវេទិកាសាធារណៈបែបនេះ។ តាមរយៈវីដេអូនៅលើគណនីផ្លូវការរបស់សម្ដេច  ហ៊ុន សែន ត្រូវបានគេមើលឃើញពីការលើកឡើងនូវឈ្មោះតារាចម្រៀងដែលទើបវិវឌ្ឍខ្លួនក្លាយជាឧកញ៉ាវ័យក្មេងដ៏លេចធ្លោ។ ខណៈពេលនោះសម្ដេចក៏បានសួររកលោក ឡេង ណាវ៉ាត់ត្រា ហើយក៏បានប្រកាសឡើង រហូតដល់មន្ត្រីក្រោមឱវាទស្រែកបន្ទរឡើងថា«ឡេង ណាវ៉ាត់ត្រាៗ!!»។

    តាមរយៈវីដេអូដែលបានផ្សាយផ្ទាល់ពីជំនួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូក្នុងរាជធានីភ្នំពេញនៅក្នុងសាលមហោស្រពកោះពេជ្រ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពោលសរសើរ លោកឡេង ណាវ៉ាត់ត្រា ម្ដងហើយម្ដងទៀតនៅក្នុងឱកាសនោះ ដោយបានទាំងអះអាងថា សម្ដេចបានទូរស័ព្ទទៅលោក ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់នៅពេលដឹងថា លោក ណាវ៉ាត់ត្រាមានបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានោះសម្ដេចតេជោក៏បានសម្ដែងនូវការរំភើបចិត្តចំពោះតារាចម្រៀងរូបនេះ ដោយបានបញ្ជាក់ថា អ្នកដែលមានការតស៊ូ និងមានគំនិតបែបនេះ គឺត្រូវតែជួយបំផុស និងលើកទឹកចិត្ត។

    ចំណែកឯលោកឡេង ណាវ៉ាត់ត្រា វិញបានប្រាប់អ្នកសារព័ត៌មានទាំងអស់វិញថា លោកមានក្ដីរំភើបចិត្តយ៉ាងខ្លាំងដែលការតស៊ូរបស់លោកត្រូវបានប្រមុខដឹកនាំកំពូល គឺសម្ដេចនាយករដ្ឋមន្ត្រីទទួលស្គាល់ និងបានលើកយកឈ្មោះរបស់លោកមកប្រកាសនៅក្នុងពិធី នេះគឺជាមោទនភាពរបស់លោកយ៉ាងខ្លាំង ចាប់់តាំងពីលោកបានបញ្ចប់ការងារជាពលករនៅក្នុងប្រទេសកូរ៉េ ហើយបានត្រឡប់មករស់នៅប្រទេសកំណើតវិញ។ លោកបន្ដថា «ការលើកសរសើររបស់សម្ដេចគឺជាកម្លាំងចិត្តដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរួមចំណែកក្នុងការវិនិយោគលើគម្រោងបុរី និងជួយដល់សង្គមឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ និងចែករំលែកបទពិសោធតស៊ូដល់ក្រុមពលករជាច្រើនផ្សេងទៀត»។

    គួរបញ្ជាក់ថាមកទល់ពេលបច្ចុប្បន្ននេះ តារាចម្រៀង តារាសម្ដែង និងជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងទីផ្សារលក់គម្រោងសង់បុរី ដោយបានពង្រីកទីតាំងពីមួយទៅមួយនារយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ លោកក៏បានបញ្ជាក់ប្រាប់ដែរថា លោកមិនអាចដកខ្លួនចេញពីសិល្បៈ និងការងារសង្គមបានទេ ទើបលោកនៅតែបន្តផលិតចម្រៀងក្នុងផលិតកម្ម Galaxy និងរួមចំណែកជួយសង្គមឱ្យបានច្រើនតទៅទៀត រួមទាំងបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

  • អាចារ្យធំ ពន្លះលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” ដាក់រូបក្របល្ខោនខោល

    អាចារ្យធំ ពន្លះលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” ដាក់រូបក្របល្ខោនខោល

    អាចារ្យធំ ដែលត្រូវបានមហាជនជាច្រើនស្គាល់រូបលោកថា ជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីឱ្យបងប្អូនងាកមកចូលរួមថែរក្សាកេរដំណែលពីដូនតាបន្សល់ទុកឱ្យទៀតផង។

    ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បទចម្រៀង «រាំបិទគូទ» ដែលទើបតែបង្ហោះថ្មីៗរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវបានលោកអាចារ្យធំរិះគន់យ៉ាងចាស់ដៃ និងបញ្ចេញប្រតិកម្មចំពោះការធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ ខណៈបទនោះ លោកបានដាក់រូបក្របវីដេអូ ( Cover ) មានលាយឡំជាមួយរូបល្ខោនខោល និងល្ខោនស្បែកធំ ដែលចំណងជើងបទចម្រៀង និងរូបភាពអាចបង្កឱ្យមានការភាន់ច្រឡំគ្នាពីទម្រង់នៃសិល្បៈបុរាណខ្មែរ។

    នៅក្នុងនោះដែរ លោក អាចារ្យធំ បានបញ្ចេញមតិប្រតិកម្មយ៉ាងចំៗថា «ខ្ញុំអាចារ្យធំ សូមប្រកាសជម្រាបដល់លោក ឡេង​ ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” (ដែលជាសិល្បករ និងមានគោរមងារជាឧកញ៉ាផងនោះ) សូមលោកមេត្តាជួយបំភ្លឺ រឿងបទថ្មីរបស់លោកមួយបទដែលមានចំណងជើងថា “រាំបិទគូទ” ដែលទើបបានបង្ហោះនៅក្នុង Page របស់លោក LengNavatraឡេង ណាវ៉ាត្រាផ្ទាល់ ជាបទញាក់កន្ត្រាក់សរសៃ (ឬក្មេងៗហៅថាបទបែកស្លុយ)នោះផងថា ហេតុអ្វីទើបមានការយករូបភាពទម្រង់សិល្បៈបុរាណខ្មែរ (ល្ខោនខោល-ល្ខោនស្បែក) មកកាត់តដាក់លាយឡំគ្នាក្នុង Background បទនេះទៅវិញ?! ដែលអាចនាំឱ្យមានការភាន់ច្រឡំដល់មហាជនអំពីទម្រង់សិល្បៈបុរាណដើមរបស់ខ្មែរ និងបទបែបបរទេសមួយនេះ»។

    អ្នកគាំទ្រសិល្បៈបុរាណ និងល្ខោនខោលខ្មែររូបនេះក៏បានបញ្ជាក់បន្ថែមដែរថា «ខ្ញុំសង្ឃឹមថា លោកនឹងយល់អំពីប្រតិកម្មរបស់ខ្ញុំ ហើយផ្ដល់ការបកស្រាយតាមការគួរ ដើម្បីរួមថែរក្សា អភិរក្ស ការពារ កេរមរតកជាតិទាំងអស់គ្នា ក្រោមឈ្មោះជាមនុស្សខ្មែរដែលរស់ជ្រកក្រោមដំបូលមេឃនៃវប្បធម៌ដូនតាខ្មែរតែមួយ។ សូមអរគុណ!»៕់

     

  • ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    នៅដើមសប្ដាហ៍ទីពីរ ខែកក្កដា ខាងមុខនេះអ្នកដែលគាំទ្រOriginal Song  របស់ផលិតកម្ម Galaxy ពិសេសអ្នកនិយមបទ«ឱ្យតែគិត ចេះតែចង់យំ» នឹងបានទស្សនាMV បទនេះ​យ៉ាងរីករាយ​ហើយ​    ខណៈបទនេះត្រូវបានចំណាយទុនពីម្ចាស់ផលិតកម្មអស់ 7 ពាន់ដុល្លារអាមេរិក។

    លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មGalaxyបានលើកឡើងថា បន្ទាប់ពីចំណាយ​ពេល​វេលា និងថវិកាដ៏ច្រើនក្នុងការផលិតបទចម្រៀងសំណព្វចិត្ដខ្លួនហើយ លោកគ្រោងនឹងចេញបទនេះ នៅដើមសប្ដាហ៍ទីពីរ ខែកក្កដាខាងមុខ។ លោកបន្ដថា មុននឹងចេញMVបទ«ឱ្យតែគិត ចេះតែចង់​យំ»​នេះលោកបាន​ធ្វើការយ៉ាងសម្រិតសម្រាំងជាមួយ​ក្រុម​ការងារ  ពិសេសពិនិត្យលើSound ដើម្បីទទួល​បានការគាំទ្រពីសាធារណជន។

    ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា មូលហេតុបទនេះត្រូវ​ចំណាយថវិកា​ច្រើន​ក្នុងការ​ផលិត ព្រោះលោក​ចង់បានផលិតផលល្អដែល​ធ្វើឡើងដោយការសម្រិតសម្រាំងទាំងការ​ចាប់យក​រូបភាពល្អៗ និងការប្រើសម្ភារទំនើបៗ។ ក្នុងបទនេះក៏បានផ្ដិត​យករូបភាពពីតំបន់ពិសេស​នៅក្នុងទី​ក្រុង​ភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបន្ដ​ថា៖«ខ្ញុំធ្វើបែប​នេះគ្មាន​គោលបំណងចង់បានប្រាក់ចំណេញទេ គឺខ្ញុំគ្រាន់តែចង់សាកល្បងថា តើគុណភាពដែលខ្ញុំធ្វើ​ចេញទៅ​អាច​តម្រូវទៅតាមទីផ្សារបរទេសបានដែរឬទេ? ព្រោះខ្ញុំបានចាត់ទុកថាMVបទនេះថា គ្រាន់តែជា​គ្រឹះ​ក្នុងការចាប់ផ្ដើមការផលិតភាពយន្ដរបស់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើមានការគាំទ្រពីទីផ្សារ​បរទេស​ខ្ញុំនឹង​អនុវត្តតាមស្ដង់ដារនេះតែម្តង»។

     

    តារាចម្រៀងនៅក្នុងបទនេះបានបញ្ជាក់ទៀតថា កន្លងមកយើងសង្កេតឃើញថា គុណភាព​ខ្សែ​ភាពយន្ដរបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ ពុំទាន់អាចយកទៅប​ញ្ជ្រាបចូល​ទីផ្សារបរទេស​បាន​ទេ​។ ប្រសិនបើយកទៅលក់បានក៏ពុំសូវមានការគាំទ្រដែរ។ យើងអាចនិយាយបានថា គុណភាព​នៃ​ភាពយន្ដរបស់យើងនៅដើរក្រោយគេច្រើនឆ្នាំណាស់។ ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា៖ «អ៊ីចឹង​ហើយ​ទើប​ខ្ញុំចង់ធ្វើឱ្យភាពយន្ដក្រោយៗប្រកបដោយគុណភាពល្អ ប្រសិនបើទៅអនាគតខ្ញុំមានលុយច្រើន ខ្ញុំនឹង​ដកយក20%ពីអ្វីដែលខ្ញុំមានមកវិនិយោគលើឧស្សហកម្មភាពយន្ដ ធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដ​របស់​យើង​​មានគុណភាពល្អ»៕

  • ឡេង ណាវ៉ាត់ត្រា ផលិតចម្រៀងសំណព្វចិត្តមួយបទតម្លៃ 7ពាន់ដុល្លារ

    ឡេង ណាវ៉ាត់ត្រា ផលិតចម្រៀងសំណព្វចិត្តមួយបទតម្លៃ 7ពាន់ដុល្លារ

    បន្ទាប់ពីលោក ឡេង ណាវ៉ាត់ត្រា ជាចាងហ្វាងផលិតកម្ម Galaxy បានសម្រេចចាប់ដៃគូជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ច្រៀងបទរួមគ្នាមួយដែលមានចំណងជើងថា “ឲ្យតែគិត ចេះតែចង់យំ” ដែលជាស្នាដៃដំបូងរបស់ពួកគេ ហើយឃើញថា បទនេះកំពុងតែមានភាពទាក់ទាញក្នុងទីផ្សារ និងទទួលបានការចាប់អារម្មណ៍ខ្លាំង។

    នៅក្នុងនោះលោក ឡេង ណាវ៉ាត់ត្រា បានរំលេចចេញនូវសារអំពីបទចម្រៀងនោះថា ”បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ ខ្ញុំចង់និយាយថា រឿងអតីតកាលជារឿងដែលដិតដាមក្នុងជីវិត ជារឿងដែលសោកស្រណោះ និងស្រងេះស្រងោចបំផុតនៅពេលយើងបរាជ័យក្នុងរឿងណាមួយ ពេលនឹកឃើញរឿងអតីតកាល តើបងប្អូនមានចិត្ត គិតចង់យំដែរឬទេ?”។

    លោកណាវ៉ាត់ត្រា បានប្រាប់ថា បទ “អោយតែគិត ចេះតែចង់យំ” បង្ហាញឱ្យឃើញនូវរឿងរ៉ាវអតីតកាលរបស់ខ្លួនដែលធ្លាប់ទទួលរងការឈឺចាប់ដោយសាររឿងស្នេហា ទើបធ្វើឱ្យលោកគិតថា អត្ថន័យក្នុងបទចម្រៀងដែលលោកផលិតវាឡើងមកនេះនឹងអាចទាក់ទាញដល់អារម្មណ៍មហាជន ពិសេសយុវវ័យឱ្យលង់លក់ក្នុងខ្លឹមសារទាំងនោះ។

    លោកបញ្ជាក់ថា៖”មូលហេតុដែលខ្ញុំផលិតបទនេះឡើង គឺដើម្បីទុកលួងលោមខ្លួនឯង ព្រោះមនុស្សយើងមិនមែនចេះតែមានថ្ងៃសប្បាយចិត្ដរហូតនោះទេ វាគង់តែមានថ្ងៃខ្លះដែលត្រូវពិបាកចិត្ដដែរ ហើយពេលដែលពិបាកចិត្ដខ្ញុំតែងតែមានអារម្មណ៍ស្រងះស្រងោចនឹកឃើញរឿងវែងឆ្ងាយក្នុងជីវិត”។

    លោកបន្ដថា នេះជាស្នាដៃដំបូងដែលលោក និងតារាចម្រៀងម៉ារ៉ា ប៊ុណ្ណា បានបង្កើតវាឡើងក្រោមការនិពន្ធទំនុកច្រៀងដោយលោកផ្ទាល់ និងនិពន្ធទំនុកភ្លេងដោយលោក ណាំ ប៊ុណ្ណារ័ត្ន។ ពាក់ព័ន្ធនឹងបទចម្រៀងនេះលោកនឹងចេញជាខារ៉ាអូខេនៅចុងខែមិថុនាខាងមុខ។

    ពាក់ព័ន្ធនឹងការចំណាយថវិកាលើការថតខារ៉ាអូខេក្នុងចម្រៀងមួយបទនេះ លោកបានចំណាយប្រាក់ 7ពាន់ដុល្លារក្នុងការផលិត។ លោកណាវ៉ាត់ត្រាបានបញ្ជាក់ថា៖”ការផលិតខារ៉ាអូខេបទនេះ ខ្ញុំអត់ទទួលបានផលចំណេញអ្វីទេ ប៉ុន្ដែខ្ញុំត្រូវតែចំណាយវាដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ខ្ញុំអត់ចង់ផលិតយកតែបរិមាណទេ តែខ្ញុំចង់បានគុណភាព។ ម្យ៉ាងវាជាបទសំណព្វចិត្ដរបស់ខ្ញុំផង”។

    គួរបញ្ជាក់ថា ចម្រៀងមួយបទនេះបានជ្រើសរើសយកតារាល្បីៗមកសម្ដែង ដែលមានដូចជា លោកប៉ែន ចំរ៉ុង កញ្ញា សាធ រស្មី លោកសេវិន ហ្វីលីព ជាដើម ព្រមទាំងថតដោយកាមេរ៉ា 4k ទៀតផង៕