Tag: ឡាយ

  • អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

    មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។

    លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។

    អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖

    .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។

    ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។

    .អាការថប់ៗដង្ហើម ដកដង្ហើមមិនស្រួល និងវិលមុខ : ស្រ្តីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើមលឿន ហើយវែង ខណៈពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចម្រើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួត និងក្បាំងខ្យល់របស់អ្នកមានផ្ទៃពោះ ធ្វើឱ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហ្ស៊ែននៅសល់តិច ធ្វើឱ្យពេលខ្លះអ្នកមានគភ៌មាន​អារម្មណ៍ថា ដកដង្ហើមមិនស្រួលបាន។

    ការមើលថែទាំខ្លួនឯង : នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល ចូរអង្គុយសម្រាក ហើយដកដង្ហើមចេញចូលយឺតៗ មួយៗ។ បើមានអារម្មណ៍ថា រកកល់ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ ចូរអង្គុយចុះ ហើយ​ឱន​​​​ក្បាលចុះនៅត្រង់ចន្លោះក្បាលជង្គង់ទាំងសងខាង ដើម្បីជួយឱ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឱ្យបានកាន់តែលឿនឡើង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ស្រួលឡើងវិញ។ អាការនេះកើតឡើងដោយសារតែកម្រិតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះពេលមានផ្ទៃពោះចូរឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឱ្យបានញឹកញាប់ ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។

    .អាការតឹងឆ្អល់ក្នុងពោះ : អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌ ហុចផលឱ្យសាច់ដុំបន្ទះបង្រួញខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងកើតអាការឆ្អល់ណែន​ក្នុង​ពោះ រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ។

    ការមើលថែទាំខ្លួនឯង : អ្នកមានផ្ទៃពោះគួរទទួលទានអាហារដែលមានកាកសរសៃឱ្យបានច្រើន ដូចជា បន្លែ និងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ពិសាទឹកឱ្យបានច្រើន ហើយបើសិនជាអាការណែនឆ្អល់ពោះនោះមានកម្រិតខ្លាំង ស្ត្រីមានគភ៌គួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលពិនិត្យគភ៌ ព្រោះគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹម​ត្រូវអំពីអាការនេះ ។

    .អាការប្រគ្រីវកាច់ជើង : អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវិលរបស់ឈាម។

    ការមើលថែទាំខ្លួនឯង : ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ ចូរចាប់ក្តោបចុងជើងឱ្យជាប់ ហើយ​ទាញវាមករកស្មងជើងឱ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើងឱ្យត្រង់ឡើងវិញ។ មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់​ទៅ​ខាងមុខឡើយ ព្រោះនឹងរឺតតែធ្វើឱ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ ហើយនៅពេលគេងពេលយប់អ្នកមានផ្ទៃពោះគួរតែពាក់ស្រោមជើង ដើម្បីឱ្យចុងជើងកក់ក្តៅ វាអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់បាន។

    .អាការឈឺខ្នង : ស្រ្តីភាគច្រើនតែងតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡុងពេលតាំងគភ៌។ ទាំងអស់នេះ​ មានមួយចំណែកបណ្តាលមកពីទំហំរបស់គភ៌ដែលចេះតែរីកធំឡើង និងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ដែលទៅបង្កើន​កម្លាំង​សង្កត់លើឆ្អឹងកងខ្នង ហុចផលឱ្យរាងកាយមិនកើតមានតុល្យភាពខាងទម្ងន់។

    ការមើលថែខ្លួនឯង : ដើម្បីឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍កាន់តែសប្បាយស្រួលខ្លួន រួចផុតពីការឈឺខ្នងនេះ ពេលអង្គុយ គួរតែមានខ្នើយមួយកល់នៅត្រង់ចង្កេះផ្នែកខាងក្រោម លើកជើងដាក់លើកូនកៅអីសំរាប់ទ្រជើង ជាដើម។ ពេលឈរ គួរដាក់​ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើង ម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឱ្យអាការឈឺខ្នងបានធូរស្រាលឡើង៕

  • អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    មួយម៉ាត់ដំបូងរបស់កូន គឺជាអ្វីដែលម្ដាយៗផ្ដល់ភាពសំខាន់ និងហាក់ដូចជាពិបាកចិត្ត ដោយបញ្ហាដែលជួបប្រទះញឹកញាប់ក៏គឺ ម្ដាយថ្មោងថ្មីជាច្រើនមិនបានដឹងថា តើនឹងចាប់ផ្ដើមពេលបំបៅទឹកដោះលើកដំបូងយ៉ាងណា? ដូចគ្នានឹងការមិនដឹងថា តើគួរចាប់ផ្ដើមអាហារបន្ថែមដល់កូនតូចនៅពេលណាល្អ?

    ជាធម្មជាតិ ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់របស់ទារកនឹងត្រៀមរួចជាស្រេចសម្រាប់ការញ៉ាំអាហារប្រភេទផ្សេងទៀតក្រៅពីទឹកដោះ។ អ្នកម្ដាយអាចចាប់ផ្ដើម មួយម៉ាត់ដំបូងរបស់កូនបាន នៅពេលកូនតូចអាយុឈានចូលខែទី6 ឬរាងកាយបញ្ជូនសញ្ញាឡើងថា ត្រៀមរួចរាល់ហើយ ដូចតទៅនេះ៖

    -បញ្ឈរបំពង់កឡើងត្រង់បាន ៈ ការដែលកូនតូចសម្លាញ់មានសាច់ដុំករឹងមាំ អាចដកកបញ្ឈរត្រង់បានដោយខ្លួនឯង ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការស្លាក់អាហារដែលមានភាពរឹងជាងទឹកដោះបានច្រើនជាងក្មេងតូចដែលសាច់ដុំកនៅមិនទាន់រឹងមាំ។

    -បង្ហាញអាការថា ចង់ម៉ាំៗអាហាររបស់ប៉ាម៉ាក់ ៈ ពេលខ្លះកូនអាចនឹងធ្វើមាត់ចឹបៗ ជញ្ជក់អណ្ដាតជុបៗ ពេលឃើញមនុស្សធំញ៉ាំអាហារ។ ចូរសាកល្បងយកកូនស្លាបព្រាតូចៗដួសអាហាររាវ ឬមានសាច់ទន់ៗផុយៗបញ្ចុកឱ្យញ៉ាំ ហើយគ្នាការរុញអាហារចេញមកវិញ។

    -ទម្ងន់ខ្លួនកើនឡើង 2ដងនៃទម្ងន់ខ្លួនពេលកើតដំបូង និងមានអាការឃ្លានម៉ាំញឹកញាប់ ស្រែកទារបៅទឹកដោះញឹកញាប់ឡើង នោះបង្ហាញថា រាងកាយត្រូវការអាហារច្រើនឡើងហើយ។

    មួយម៉ាត់ដំបូងរបស់កូន កំណត់សុខភាពពេញមួយជីវិត

    តើអ្នកម្ដាយទាំងឡាយដឹងទេថា អាហារដែលក្មេងៗញ៉ាំក្នុងអំឡុងរាងកាយកំពុងចម្រើនធំធាត់ ហុចផលដល់សុខភាពទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង មិនថាតែរឿងរបស់គ្រោងសាងរាងកាយ ការតភ្ជាប់គ្រោងបណ្ដាញសរសៃប្រសាទ និងខួរក្បាល រហូតដល់ការបណ្ដុះចរិតនិស្ស័យខាងសុខភាពល្អៗក្នុងការញ៉ាំ ដែលនឹងនៅដិតជាប់ខ្លួនរហូតដល់ធំ។ ដូច្នេះការជ្រើសរើសអាហារពេលដំបូងឱ្យកូនសម្លាញ់ ម្ដាយៗគួរផ្ដល់ភាពសំខាន់ជាមួយសារធាតុអាហារដែលរាងកាយកូនក្នុងវ័យ 6ខែឡើងទៅត្រូវការ ដែលមានដូចជា ប្រូតេអ៊ីន អូមេហ្គា(3 និង6) កាល់ស្យូម សារធាតុដែក កាកសរសៃអាហារ វីតាមីនA និងវីតាមីន C មុនគេបង្អស់ ដោយមានតិចនិកការចាប់ផ្ដើមអាហារបន្ថែមដូចខាងក្រោម ៈ

    1. ចាប់ផ្ដើមម្ដងបន្តិច ៈ ឱ្យកូនតូចញ៉ាំម្ដងបន្តិច ពី 1ស្លាបព្រាកាហ្វេ 1ស្លាបព្រាបាយ 1ថ្ងៃ1ពេល គួបផ្សំនឹងការបៅទឹកដោះម្ដាយ។
    2. ម៉ាំៗម្ដងមួយយ៉ាង ៈ ចាប់ផ្ដើមពីបន្លែ ឬផ្លែឈើ ដើម្បីឱ្យកូនស៊ាំធ្លាប់ជាមួយរសជាតិរបស់បន្លែផ្លែឈើតាំងពីក្មេង និងចាំសង្កេតមើលថា តើកូនមានប្រតិកម្មចាញ់អាហារប្រភេទនោះដែរឬទេ? មុននឹងប្ដូរសន្សឹមៗទៅជាអាហារប្រភេទផ្សេងៗតទៅទៀត។
    3. ចៀសវាងការបន្ថែមរសជាតិ ៈ ដើម្បីការពារកុំឱ្យកូនញៀនរសជាតិផ្អែម ប្រៃ ខ្លាញ់ពីការបន្ថែមរសជាតិ។
    4. ថ្មី ស្អាត មានសុវត្ថិភាព ៈ ព្រោះក្មេងៗនៅទន់ខ្សោយចំពោះការប៉ះពាល់មេរោគបាត់តេរីផ្សេងៗ។ បើជាទឹក ឬសាច់របស់បន្លែផ្លែឈើស្រស់ គួរឱ្យកូនម៉ាំក្នុងរយៈពេល 15នាទី ចំណែកអាហារដែលត្រូវឆ្លងកាត់កម្ដៅ គួរកម្ដៅឱ្យក្ដៅសិនមុននឹងបញ្ចុកគ្រប់ពេល។

    ព្រោះម្ដាយដឹងថា ធម្មជាតិ គឺ អាហារដែលល្អបំផុត

    សារធាតុអាហារពីធម្មជាតិ ជាពិសេស បន្លែ ផ្លែឈើ និងធញ្ញជាតិ ជាសារធាតុអាហារដែលមានភាពបរិសុទ្ធ រឹតតែជារុក្ខជាតិដែលដាំបែបគ្មានសារធាតុពុលផងនោះ រឹតតែល្អចំពោះសុខភាពក្នុងរយៈពេលវែង ព្រោះមានសុវត្ថិភាពពីសារធាតុគីមីផ្សេងៗ ក្រៅពីនេះសារធាតុអាហារពីរុក្ខជាតិនៅមានកាកសរសៃខ្ពស់ដែលល្អចំពោះប្រព័ន្ធបន្ទោបង់របស់កូនតូច ថែមទាំងគ្មានកូលេស្តេរ៉ូល មានសារធាតុអ៊ែនទីអុកស៊ីឌែនត៍ខ្ពស់ និងមានជាតិខ្លាញ់បង្កកខ្លួនទាប។ សារធាតុអាហារដែលគ្រប់គ្រឿងទាំងនេះ នឹងជួយបង្កើនភាពរឹងមាំរបស់រាងកាយ អភិវឌ្ឍប្រព័ន្ធប្រសាទ និងខួរក្បាល៕

  • ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការនឿយល្វើយទុរន់ទុរា ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន។

    ការពិតទៅ មិនទាន់មានការសិក្សាដែលបង្ហាញច្បាស់លាស់ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតលោកឪពុកទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុនដែរថា បើសិនកើតមានអាការបែបហ្នឹងនោះ អនាគតលោកឪពុកគួរតែងាកមកថែទាំសុខភាពខ្លួនឯងឱ្យបានខ្លាំងឡើង គួរប្រយ័ត្នប្រយែងរឿងទម្ងន់ខ្លួនដែលអាចនឹងកើនឡើងតាមភរិយាដែលកំពុងតាំងគភ៌នោះដែរ។

    ហើយសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត?

    ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង(វាត្រូវហើយ មនុស្សភេទខុសគ្នាតើ!)។

    បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា?

    ដូចដែលប្រាប់ពីខាងដើមហើយថា រឿងនេះមិនមែនជារឿងធំដុំអ្វីទេ តែបើកើតមានអាការខ្លាំងក្លាដល់ថ្នាក់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំសម្រាលអាការទាំងនោះ ដែលមើលទៅវាដូចជាអាការខាងផ្លូវចិត្តខ្លាំងជាង(ព្រោះគ្រូពេទ្យអាចគិតថា វាបណ្ដាលមកពីក្ដីវិតក្កកង្វល់ និងបារម្ភពីភរិយាជ្រុលហួសហេតុពេកក៏អាចថាបាន) ដូច្នេះទើបចង់ណែនាំដល់អនាគតឪពុកគេឱ្យធ្វើចិត្តសប្បាយៗ ទទួលយករឿងល្អៗដែលនឹងកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នក បណ្ដោយឱ្យគ្រប់យ៉ាងដំណើរការទៅតាមច្បាប់ធម្មជាតិវាប្រសើរជាង ឬបើមើលឃើញថាភរិយាចាញ់កូនខ្លាំងពេក លោកប្ដីក៏មិនចាំបាច់ទៅពិបាកចិត្តតាមដែរ គ្រាន់តែជួយផ្ដល់ជាកម្លាំងចិត្ត និងរកកិច្ចការងារល្អៗមកធ្វើក្នុងអំឡុងពេលភរិយាតាំងគភ៌ដើម្បីឱ្យមានសម្ព័ន្ធភាពល្អៗចំពោះគ្នា រួមទាំងបានជាការសាងអនុស្សាវរីយ៍ដែលគួរឱ្យពេញចិត្តវិញប្រសើរជាង៕

  • តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    ពេលចិញ្ចឹមកូនប្រុស មានអ្នកម្ដាយជាច្រើននាក់គិតតែពី “កង្វល់រឿងអនាគតរបស់កូន…” ដោយមិនបាននឹកទៅដល់ភាពច្រងេងច្រងាង ឬអំពើហិង្សា ឬពេលធ្វើការងារអ្វីមួយជាក្រុម ដែលយើងប្រហែលជាមិនចង់ឱ្យកូនប្រុសក្លាយជា “ក្មេងឆេវឆាវ” ពេលមានអ្វីមួយមិនត្រូវចិត្ត ក៏ប្រើកម្លាំងបាយទៅលើមិត្តភក្តិ ឬស្រែកឡូឡានោះឡើយ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីចិញ្ចឹមកូនឱ្យក្លាយជា “ក្មេងដែលមិនងាយខឹង”? ថ្ងៃនេះ ឡារ៉ែននឹងបង្ហាញជូននូវរឿងសំខាន់ 3ចំណុចក្នុងការចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនងាយខឹង” នាពេលអនាគត។

    ចំណុចទី1 ៈ ឱ្យនិយាយឱ្យបានច្រើន

    ពេលមានរឿងដែលមិនត្រូវចិត្ត ឬមិនដូចនឹងអ្វីដែលខ្លួនឯងគិត ក៏ទ្រគោះបោះបោក ឬគប់គ្រវែងវត្ថុរបស់របរ ស្រែកឡូឡាផងក៏មាន។ ដូចយើងដឹងហើយថា ទង្វើ “ខឹងក្រេវក្រោធ” ជាប្រភពកំណើតនៃការខ្វះភាពខាំមាត់អត់ទ្រាំសង្កត់ចិត្ត។ អាចនិយាយបានថា ក្មេងៗជាមនុស្សដែលមិនមានភាពខាំមាត់អត់ទ្រាំ ហើយពិសេសក្មេងប្រុសច្រើនតែច្រងេងច្រងាង ឬប្រើអំពើហិង្សាជាធម្មតា ដូច្នេះចាប់តាំងពីអាយុបាន 2ឆ្នាំឡើងទៅ គេនឹងយល់ដឹងពីភាសា និងចាប់ផ្ដើមចេះនិយាយបានហើយ អ្នកម្ដាយគួរហ្វឹកហាត់ឱ្យកូនតូចចេះគ្រប់គ្រងសតិស្មារតីរបស់ខ្លួនឯងឱ្យបាន ដែលកូនសោក្នុងការបណ្ដុះភាពខាំមាត់អត់ទ្រាំនេះ ការពិតទៅក៏គឺ “ពាក្យសំដី” ហ្នឹងឯង។

    មនុស្សយើងអាចបញ្ចេញពីតម្រូវការរបស់ខ្លួនបានមួយខណៈពេល តាមរយៈការនិយាយនូវអ្វីដែលខ្លួនឯងគិត។ បើបាននិយាយអ្វីដែលខ្លួនឯងកង្វល់ ឬដក់ជាប់ក្នុងចិត្តប្រាប់ទៅនរណាម្នាក់ហើយ ផ្លូវចិត្តក៏នឹងភ្លឺស្រឡះឡើង ក្មេងៗក៏ដូចគ្នាដែរ។ បើកូនចេះនិយាយបានហើយ ចូរឱ្យគេនិយាយឱ្យបានច្រើន ឱ្យហាត់និយាយប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមក។ ជាទូទៅក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស និងពូកែនិយាយ(និយាយច្រើន) ដែលអាចនិយាយបានថា ការដែលក្មេងស្រីមានភាពអត់ទ្រាំខ្លាំងជាងក្មេងប្រុសនោះ គឺដោយសារតែការ “និយាយច្រើន” ហ្នឹងឯង។

    ចំណុចទី2 ៈ “ដាក់សំណួរ” មិនស្ដីបន្ទោសដោយមិនសួរពីហេតុផល

    នៅពេលកូនឆេវឆាវមួម៉ៅប្រើកម្លាំងបាយ សូមកុំអាលជេរស្ដីបន្ទោសដោយមិនសួរពីហេតុផលឱ្យសោះ សូមឱ្យអង្គុយចុះបែរមុខរកគ្នា ហើយសួរកូនថា “ហេតុអីបានជាអម្បាញ់មិញនេះកូនគប់របស់របរអ៊ីចឹង?” និងឱ្យគេហ្វឹកហាត់និយាយពីអ្វីដែលគេកំពុងគិតនៅក្នុងចិត្ត និងគិតថា នឹងមានរឿងដែលកូនចង់និយាយចេញមកច្រើន ដូចជា “មិនចូលចិត្តត្រូវគេដណ្ដើមរបស់លេង” ឬ “ចង់ញ៉ាំទឹកផ្លែឈើទៀត” ជាដើម។

    មុនដំបូង ចូរទទួលស្ដាប់ពាក្យសំដីរបស់កូនសិន ហើយណែនាំថា “លើកក្រោយ សាកល្បងប្រាប់ម៉ាក់សិនមក មុននឹងគប់គ្រវែងរបស់របរ ល្អទេកូន?” បើបង្ហាត់របៀបនេះយ៉ាងជាប់លាប់ជារឿយៗ កូនតូចនឹងមានភាពខាំមាត់អត់ទ្រាំសង្កត់ចិត្តបានច្រើនឡើងមិនខាន។

    ចំណុចទី3 ៈ ឪពុកម្ដាយត្រូវធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”

    កូនៗច្រើនតែមើលពីឥរិយាបថរបស់ឪពុកម្ដាយ។ បើចង់ឱ្យកូនក្លាយជាក្មេងដែលមិនឆាប់ខឹងឆេវឆាវ លោកឪពុកអ្នកម្ដាយខ្លួនឯងត្រូវតែធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”។ ការចិញ្ចឹមកូនប្រុស តាមរយៈការរពឹសរបស់គេ ពេលខ្លះអាណាព្យាបាលអាចនឹងខឹងតូងឡើងក៏មាន តែសូមឱ្យរម្ងាប់អារម្មណ៍នោះឱ្យបាន។ មុននឹងស្រែកជេរស្ដីបន្ទោសកូនដោយសំឡេងខ្លាំងៗ ចូរដកដង្ហើមចូលវែងៗឱ្យបានមួយដង ហើយព្យាយាមនិយាយយ៉ាងចិត្តត្រជាក់។

    កូនប្រុសច្រើនតែចង់ធ្វើតាមអាកប្បកិរិយារបស់ឪពុកខ្លាំងជាងរបស់ម្ដាយ ដូច្នេះហើយទើបចង់សុំអង្វរលោកឪពុកទាំងឡាយសូមព្យាយាមកុំស្រែកស្ដីបន្ទោសកូនដោយមិនសួរពីហេតុផលមុនឱ្យសោះ។ ការដែលក្មេងប្រុសនិយាយគំរោះគំរើយ ប្រើហិង្សា មួយចំណែកក៏មកពីសញ្ជាតិញាណដែរ ទើបវាជារឿងមួយដែលមិនអាចជួយបាន តែភាពខាំមាត់សង្កត់ចិត្តអត់ទ្រាំ យើងអាចបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលបាន អាស្រ័យលើវិធីការប្រតិបត្តិរបស់ឪពុកម្ដាយ ព្រោះការអប់រំប្រៀនប្រដៅត្រូវប្រើពេលវេលា ត្រូវប្រតិបត្តិយូរជាបន្តបន្ទាប់ ដូច្នេះទើបចង់ឱ្យលោកឪពុកអ្នកម្ដាយព្យាយាមធ្វើចិត្តឱ្យត្រជាក់ៗ និងប្រើពេលវេលា មិនមែនចិត្តក្ដៅចង់ឃើញលទ្ធផលភ្លាមៗនោះទេ៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ គួរតែរីកចម្រើនយ៉ាងណាខ្លះ លោកឪពុកអ្នកម្ដាយត្រូវតែដឹង…ដូច្នេះពេលនេះ យើងនាំគ្នាមកតាមដានមើលពីវិវឌ្ឍនាការរបស់ក្មេងពេលចូលមកដល់វ័យ 17ខែអំពីអ្វីដែលគេគួរតែធ្វើបានក្នុងវិវឌ្ឍនាការលើផ្នែកនីមួយជាមួយឡារ៉ែនទាំងអស់គ្នាជាបន្តដូចតទៅ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា

    ក្មេងមកដល់វ័យនេះ ចាប់ផ្ដើមដើរបានយ៉ាងចំណាប់ហើយ ចាប់ផ្ដើមចេះតោងឡើងទៅកាន់ទីកាន់តែខ្ពស់ឡើង ដូចជាចូលចិត្តតោងឡើងគ្រែ ឡើងកៅអី និងកាំជណ្ដើរជាដើម។ ពេលអ្នកម្ដាយបើកបទភ្លេងឱ្យគេស្ដាប់ គេនឹងចូលចិត្តរាំតាមចង្វាក់ភ្លេង និងរឿងដែលគេចូលចិត្តបំផុតនោះ គឺមួលកុងតាក់ផ្សេងៗរបស់វិទ្យុ ទូរទស្សន៍ចុះឡើងតាមដែលគេអាចមួលបាន ជាពិសេសបណ្ដាកុងតាក់ទាំងឡាយណាដែលពេលមួលហើយ នឹងមានសំឡេង ឬរូបភាពផ្លាស់ប្ដូរឱ្យគេឃើញ។ ដោយសារតែអំឡុងពេលនេះ សាច់ដុំចង្កោមតូចៗរបស់ក្មេងមានការវិវឌ្ឍដ៏ល្អ ធ្វើឱ្យគេអាចចាប់ កាន់ ឬសង្កត់ ចុចវត្ថុដែលមានទំហំតូចៗបាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    កូនតូចក្នុងវ័យនេះ ពេលបង្ហាត់បង្រៀនអ្វី គេនឹងធ្វើបានទាំងអស់ ដូចជា បង្រៀនឱ្យចេះស្លៀកខោ បង្រៀនឱ្យចេះប្រមូលរបស់លេងទុកដាក់ក្នុងកន្រ្តក ជាដើម។ កូនចាប់ផ្ដើមចេះប្រើពាក្យខ្លីៗដើម្បីចង់ប្រាប់ថា គេត្រូវការអ្វី ដូចជាប្រើពាក្យថា “ម៉ាំ” ឬ “ញ៉ាំ” ដើម្បីប្រាប់ឱ្យឪពុកម្ដាយបានដឹងថា គេឃ្លានហើយ ជាដើម។ល។ ក្មេងវ័យនេះ ជាវ័យដែលកំពុងរៀនយល់ដឹង ចូលចិត្តក្នុងការស្ទាប ឬប៉ះពាល់របស់ ឬវត្ថុផ្សេងៗជុំវិញខ្លួន ដូច្នេះឪពុកម្ដាយគួរប្រើឱកាសនេះក្នុងការជំរុញ បង្កើនវិវឌ្ឍនាការល្អៗដល់កូន ដោយបបួលកូនចាប់កាន់ និងពិនិត្យមើលវត្ថុរបស់របរផ្សេងៗដែលមាននៅក្នុងផ្ទះ ដើម្បីឱ្យកូនបានរៀនយល់ដឹង និងស្គាល់ភាពខុសគ្នាម្នាក់មួយបែបនៃរបស់ទាំងនោះ និងអ្វីដែលសំខាន់ ក្មេងវ័យនេះ នៅតែចូលចិត្តធ្វើត្រាប់តាមកាយវិការរបស់មនុស្សធំ មិនថាតែឥរិយាបថអង្គុយញាំអាហារ ការនិយាយទូរស័ព្ទ ជាដើម ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវតែធ្វើជាគំរូដ៏ល្អដល់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ឆ្នាំ ខាងផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងវ័យនេះនឹងចេះនិយាយពាក្យផ្សេងៗបានល្អច្រើនជាងមុនហើយ និងចាប់ផ្ដើមចេះរួមពាក្យឱ្យក្លាយជាប្រយោគងាយៗ ខ្លីៗ ដូចជា “អត់ទៅ” “ដើរលេង” ឬ”ចាប់ចាប” ជាដើម។ ឪពុកម្ដាយត្រូវនិយាយជាមួយកូនឱ្យបានច្រើន នាំកូននិយាយពាក្យផ្សេងៗ ថ្មីៗ ដោយចាប់ផ្ដើមពីពាក្យ 2ព្យាង្គ បន្ថែមឡើងជារឿយៗ។ ការហៅឈ្មោះកូនឱ្យបានញឹកញាប់ ក៏ជាការជំរុញ និងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសាដ៏ល្អយ៉ាងគ្រប់ផ្នែករបស់កូនតូចដែរ។

    លោកឪពុក អ្នកម្ដាយកុំភ្លេចបំពេញបន្ថែមបទពិសោធថ្មីៗទៅកូន ដើម្បីឱ្យកូនបានរៀនយល់ដឹង និងប្រមូលសន្សំបទពិសោធ ដើម្បីវិវឌ្ឍនាការដ៏ល្អគ្រប់ផ្នែករបស់កូនតូច៕

  • គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។

    បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។

    ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។

    មានផ្ទៃពោះកូនភ្លោះ

    ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង ដែលរាប់ថា ផ្ទៃពោះនៅខ្ចីនោះ នឹងមិនទាន់មានបញ្ហាអ្វីទេ ព្រោះតួកំណើត ឬកូនជីវិតដែលស្លាប់នោះនឹងរលាយបាត់ទៅវិញតាមធម្មជាតិ មិនហុចផលប៉ះពាល់ ឬមានផលអាក្រក់ចំពោះទារកដែលនៅមានជីវិតរស់នោះឡើយ។

    តែបើកូនភ្លោះមួយណាស្លាប់ក្រោយអាយុគភ៌ 20សប្ដាហ៍ ដែលគេច្រើនជួបប្រទះប្រមាណជា 5ភាគរយនៃចំនួនស្រ្តីមានគភ៌កូនភ្លោះទាំងអស់នោះ អាចកើតបញ្ហាប៉ះពាល់ដល់ទារកដែលនៅមានជីវិត ព្រោះទារកដែលស្លាប់ទៅនោះប្រៀបដូចជាវត្ថុចម្លែកនៅក្នុងរាងកាយម្ដាយ និងជាកត្តាអាក្រក់ក្នុងការសាងសារធាតុដែលធ្វើឱ្យកើតការបង្កកខ្លួនរបស់ឈាមដែលខុសប្រក្រតី ហុចផលឱ្យស្រ្តីមានគភ៌អាចមានហូរឈាមខុសប្រក្រតី ធ្វើឱ្យកើតការឈឺពោះប្រសូតមុនកំណត់របស់ទារកដែលនៅរស់នោះបាន។

    ភាពខុសប្លែកនៃការស្លាប់របស់ទារកភ្លោះក្នុងគភ៌ មានដូចខាងក្រោម ៈ

    . តាំងគភ៌ភ្លោះក្នុងស៊ុតតែមួយជាមួយគ្នា ទារកភ្លោះនឹងស្ថិតនៅក្នុងថង់ទឹកតែមួយជាមួយគ្នា ការស្លាប់របស់ទារកភ្លោះមួយ នឹងធ្វើឱ្យទារកភ្លោះដែលនៅរស់បាត់បង់លោហិត ស្លេកស្លាំង មានសម្ពាធឈាមទាប និងមានឱកាសស្លាប់ខ្ពស់ដល់ទៅ 15ភាគរយ។

    . ផ្ទៃពោះកូនភ្លោះតាមរយៈស៊ុត 2គ្រាប់ ដែលទារកនឹងស្ថិតនៅក្នុងថង់ទឹកម្នាក់មួយផ្សេងគ្នា ទោះជាទារកដែលនៅរស់អាចកើតគ្រោះថ្នាក់ដល់ស្លាប់ដោយសារការបាត់បង់លោហិត ឬការឆ្លងមេរោគក្ដី តែឱកាសស្លាប់មានតិចជាង គឺត្រឹមតែ 3ភាគរយប៉ុណ្ណោះ។

    ការប្រតិបត្តិរបស់ស្រ្តីមានផ្ទៃពោះកូនភ្លោះដែលបាត់បង់កូនមួយ

    ការណែនាំពីគ្រូពេទ្យសម្រាប់ស្រ្តីដែលមានគភ៌កូនភ្លោះដែលទារកម្នាក់បានស្លាប់ ត្រូវប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯង និងទារកដែលនៅមានជីវិត ដោយគ្រូពេទ្យនឹងនៅតាមដានមើលថែទាំជាពិសេស។ ចំណែកឯចំណុចសង្កេតដែលសំខាន់សម្រាប់ទារកភ្លោះដែលនៅមានជីវិតនោះគឺ ៈ

    1 . សង្កេតការកម្រើក ឬរាប់ការរើរបស់ទារក ៈ បើទារកមិនសូវរើ ឬរើកាន់តែតិចទៅ ឬរើខុសប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ ស្រ្តីមានគភ៌ខ្លះអាចត្រូវគេងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យតាមដានយ៉ាងប្រយ័ត្នប្រយែងពីអាការជ្រៀតជ្រែកផ្សេងៗដែលអាចកើតឡើង ដើម្បសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងកូនក្នុងផ្ទៃ។

    2 . ពិនិត្យដោយការឆ្លុះអេកូសាស្រ្ត ដើម្បីពិនិត្យមើលសុក ទឹកភ្លោះ និងពិនិត្យសុខភាពរបស់ទារកក្នុងគភ៌ ដោយគ្រូពេទ្យនឹងណាត់ឱ្យមកពិនិត្យគភ៌ញឹកញាប់ឡើង។

    3 . បើពិនិត្យឃើញមានភាពខុសប្រក្រតី គ្រូពេទ្យអាចពិចារណាឱ្យប្រសូតភ្លាមៗ។ សម្រាប់វិធីការប្រសូត ស្រ្តីមានគភ៌អាចប្រសូតដោយខ្លួនឯងតាមធម្មជាតិ បើសិនគ្មានសញ្ញាណាមួយបង្ហាញថា ត្រូវតែវះកាត់ប្រសូតទេនោះ៕

  • ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ?

    1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។

    2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។

    3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ ទីបំផុត កូននឹងលែងមានភាពជឿជាក់ក្នុងចិត្ត និងលែងចង់បង្ហាញសមត្ថភាពដែលខ្លួនឯងមាន ដែលអាចនឹងធ្វើឱ្យកូនបាត់បង់សក្ដានុពលដែលមាននោះបាន។

    ឪពុកម្ដាយត្រូវយល់ដឹងជាមុនសិន មុននឹងចង់ប្រៀបធៀបកូនជាមួយអ្នកដទៃ

    1 . ក្មេងម្នាក់ៗមានគំនិត និងសមត្ថភាពផ្សេងៗពីគ្នា ៈ ឪពុកម្ដាយត្រូវព្យាយាមស្ដាប់កូនខ្លះ ត្រូវយល់ពីគំនិត ចំណូលចិត្ត និងឯកលក្ខណៈរបស់កូនម្នាក់ៗ។ ឪពុកម្ដាយត្រូវទុកឱកាសឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯង ដោយយើងគ្រាន់តែធ្វើជាអ្នកនៅចាំណែនាំ និងផ្ដល់ការប្រឹក្សាប៉ុណ្ណោះ។

    2 . កូនមិនមែនជាគ្រឿងតុបតែងលម្អរបស់ឪពុកម្ដាយទេ ៈ ឪពុកម្ដាយខ្លះអាចគិតថា កូនគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ ឪពុកម្ដាយចង់ធ្វើអ្វីជាមួយកូនក៏បាន និងគិតថាកូន គឺជាមុខមាត់កិត្តិយសរបស់ឪពុកម្ដាយនៅក្នុងបរិស្ថានសង្គម ក្នុងសាច់ញាតិ ឬសូម្បីតែក្នុងចំណោមមិត្តភក្តិទៀតផង។ គំនិតទាំងនេះប្រៀបដូចជាការយកប្រៀបលើកូនរបស់លោកអ្នកដូច្នោះដែរ ព្រោះគំនិតបែបនេះអាចបំផ្លាញជីវិតកូនក៏អាចថាបានដែរ។

    3 . ការសិក្សាជារឿងដែលល្អ តែគួរមានរឿងផ្សេងៗផង ៈ ការរៀនសូត្រលើរឿងដែលល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឱ្យកូនបាន ធ្វើឱ្យឪពុកម្ដាយជាច្រើនសុខចិត្តអស់លុយអស់កាក់លើថ្លៃរៀនសូត្រដ៏ថ្លៃរបស់កូន ដើម្បីឱ្យកូនទទួលបាននូវអ្វីដែលល្អបំផុត

    តែឪពុកម្ដាយក៏កុំភ្លេចបង្ហាត់បង្រៀនកូនឱ្យស្គាល់ និងចេះទទួលខុសត្រូវ រួមទាំងការពឹងលើខ្លួនឯងផង ដែលគុណសម្បត្តិទាំងនេះនឹងជួយឱ្យកូនអាចធ្វើការងារបានយ៉ាងរលូនល្អនាពេលអនាគត។

    តើឪពុកម្ដាយគួរជំរុញកូនយ៉ាងណាឱ្យធ្វើតាមក្ដីនឹករំពឹង?

    1 . គាំទ្រកូនចំពោះអ្វីដែលកូនកំពុងធ្វើ ៈ បើឪពុកម្ដាយមើលឃើញថា កូនចាប់អារម្មណ៍លើអ្វីមួយនោះ ឪពុកម្ដាយអាចក្នុងការជួយជំរុញឱ្យកូនទៅតាមផ្លូវដែលកូនចូលចិត្តបាន ដោយផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ដែលមានទាំងអស់ដល់កូន ព្រោះរឹតតែក្មេងអាចស្វែងរកខ្លួនឯងឃើញបានកាន់តែឆាប់ប៉ុនណា រឹតតែធ្វើឱ្យក្មេងមានឱកាសក្នុងការទទួលជោគជ័យខ្លាំងជាងអ្នកដទៃប៉ុននោះដែរ។

    2 . យល់ពីកូនឱ្យបានច្រើន ៈ ឪពុកម្ដាយកុំតាំងសេចក្ដីសង្ឃឹមខ្ពស់ហួសការពិតខ្លាំងពេក ត្រូវព្យាយាមស្វែងយល់អំពីកូនថា តើពេលនេះកូនរបស់លោកអ្នកមានសក្ដានុពល និងសមត្ថភាពប៉ុនណា? និងត្រូវព្យាយាមរុញច្រានក្នុងរឿងដែលគេចាប់អារម្មណ៍នោះឱ្យខ្លាំងទើបជាការប្រសើរ។

    3 . កោតសរសើរកូនក្នុងរឿងដែលគេពូកែ ៈ ពេលកូនបានធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត ឬមានជំនាញ(ដែលម្នាក់ៗប្រាកដជាថ្នឹក ឬជំនាញមិនដូចគ្នាស្រាប់ទៅហើយ) ឪពុកម្ដាយគួរតែកោតសរសើរកូនយ៉ាងពេញទំហឹង ព្រោះនឹងធ្វើឱ្យកូនកើតមានភាពជឿជាក់លើខ្លួនឯង និងចង់ធ្វើវាឱ្យរឹតតែល្អខ្លាំងឡើងទៀតផង។

    4 . បង្រៀនកូនឱ្យខំប្រឹងយកឈ្នះលើអ្វីដែលគេមិនសូវពូកែ ៈ មនុស្សគ្រប់រូបមានទាំងរឿងដែលខ្លួនឯងពូកែ និងមិនពូកែ ហើយមនុស្សជាច្រើនតែងតែជ្រើសរើសបោះបង់ចោលនូវអ្វីដែលខ្លួនមិនពូកែ ដោយសារតែគិតថា ធ្វើតទៅទៀតក៏មិនបានល្អដែរ…ដូច្នេះបើឪពុកម្ដាយដឹងថា កូនមានចំណុចខ្សោយត្រង់ណា ឬរឿងណាដែលមិនពូកែ ឪពុកម្ដាយគួរព្យាយាមបង្រៀនឱ្យកូនយកឈ្នះលើរឿងនោះឱ្យបាន ទោះជាលំបាកប៉ុនណាក៏ដោយ ព្រោះវាមិនប្រាកដដែរ ផ្ដើមពីចំណុចខ្សោយដែលកូនមានអារម្មណ៍ថាអន់នោះ វាអាចក្លាយជារឿងដែលកូនចូលចិត្តនាពេលអនាគត ក៏អាចថាបានដែរ៕

  • ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។

    1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន

    ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។

    2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។

    ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ តែបើស្រ្តីមានគភ៌ចេះធ្វើការងារដោយក្ដីប្រយ័ត្នប្រយែង ចេះមើលថែទាំខ្លួនបានល្អ ក៏ប្រហែលជាគ្មានបញ្ហាអ្វីដែរ។

    3 . អ្នកមានផ្ទៃពោះ ហាមទៅបុណ្យសព ៈ មានការដាស់តឿនសម្រាប់ស្រ្តីមានផ្ទៃពោះថា ហាមទៅចូលរួមពិធីបុណ្យសព ព្រោះបុរាណគេប្រកាន់ តែអ្នកខ្លះក៏អាចនឹងជឿដោយមិនបានស្វែងរកការពិតនៃពាក្យថា “ប្រកាន់” នេះ ចង់សំដៅលើអ្វីដែរ ព្រោះមានអ្នកខ្លះក៏ធ្លាប់បានឮរឿងទំនងដែលថា ខ្លាចខ្មោចចូល ជាដើមដែរ។

    ការពិត ៈ បុណ្យសព គឺជាពិធីដែលសោកសង្រេង អ្នកចូលរួមពិធីក៏ច្រើនតែស្រងេះស្រងោចពីការបាត់បង់ញាតិមិត្តបងប្អូន ដូច្នេះបើអ្នកមានផ្ទៃពោះទៅចូលរួម ក៏អាចនឹងមានអារម្មណ៍សោកសៅ យំស្រែក និងតានតឹងអារម្មណ៍ទៅជាមួយដែរ ព្រោះក្នុងអំឡុងពេលតាំងគភ៌នេះ ស្រ្តីមានគភ៌គួរតែមានផ្លូវចិត្តដែលស្រស់ថ្លា រីករាយ ដូច្នេះហើយទើបចាស់ៗមិនចង់ឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍ពិបាកចិត្ត ធុញថប់តានតឹង ឬសោកសង្រេងហ្នឹងឯង។

    4 . អ្នកមានផ្ទៃពោះ ហាមអង្គុយឃាំងមាត់ជណ្ដើរ ៈ ស្រ្តីមានគភ៌ហាមអង្គុយឃាំងមាត់ជណ្ដើរ មិនដូច្នោះទេ នឹងពិបាកប្រសូតបុត្រ។ ស្រ្តីមានគភ៌ណាបានឮហើយ តែងតែខ្លាចជាធម្មតា ព្រោះថា ការពិបាកប្រសូត មានន័យពីការឈឺពោះយូរ និងអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ជាពិសេសសម័យមុន ខាងវេជ្ជសាស្រ្តនៅមិនទាន់រីកចម្រើន។

    ការពិត ៈ ផ្ទះខ្មែរក្នុងសម័យមុន ច្រើនតែជាផ្ទះមួយជាន់មានសសរខ្ពស់ៗ និងមានជណ្ដើរឡើងផ្ទះរាងចោត បើសិនទៅអង្គុយឃាំងមាត់ជណ្ដើរ ក៏អាចនឹងធ្លាក់ចុះទៅក្រោមនាំឱ្យមានគ្រោះថ្នាក់បានដោយងាយ ជាពិសេសស្រ្តីដែលមានគភ៌ធំៗដែលការទប់លំនឹងខ្លួនមិនសូវជាបានល្អផងនោះ រឹតតែមិនគួរទៅអង្គុយនៅទីនោះឡើយ ដែលនេះជាការហាមឃាត់មួយដែលគួរតែធ្វើតាម ឯហេតុផលដែលនិយាយថា អាចនឹងធ្វើឱ្យពិបាកប្រសូត ឬឈឺពោះយូរនោះ មិនមែនជាការពិតទេ។

    5 . ហាមត្រៀមរបស់ប្រើប្រាស់របស់ទារកទុកមុន ៈ ជំនឿមួយនេះនៅតែមានអ្នកប្រតិបត្តិតាមនៅឡើយ ព្រោះនៅក្នុងជំនឿនេះបានឱ្យហេតុផលថា វាជាប្រផ្នូលមិនល្អ ដែលទោះជាអ្នកម្ដាយសម័យថ្មីហើយក៏ដោយ ក៏នៅតែមានអារម្មណ៍ថា ជឿៗទៅ វាប្រសើរជាង ព្រោះមិនចង់ឱ្យមានរឿងអ្វីមិនល្អកើតឡើងចំពោះកូនសម្លាញ់…។

    ការពិត ៈ បើគិតតាមគោលការណ៍ហេតុ និងផលវិញនោះ ឃើញថាវាគ្មានពាក់ព័ន្ធគ្នាអីរវាងការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារក ជាមួយនឹងសុខភាព ឬឧប្បត្តិហេតុអ្វីដែលអាចនឹងកើតឡើងក្នុងអំឡុងពេលប្រសូតនោះឡើយ តែជំនឿនេះប្រហែលជាបណ្ដាលមកពីការប្រសូតបុត្រកាលពីសម័យមុនដែលមានភាពប្រថុយប្រថានខ្លាំង ទើបចាស់ៗមិនចង់ឱ្យត្រៀមរបស់ប្រើប្រាស់សម្រាប់ក្មេងទុកឱ្យហើយប៉ុន្មានឡើយ ឬឪពុកម្ដាយអាចនឹងត្រេកអរនឹងកូនក្នុងផ្ទៃខ្លាំងពេក ធ្វើឱ្យត្រៀមរបស់របរសម្រាប់កូនច្រើនជ្រុលពេក លើសតម្រូវការ ដែលរបស់ខ្លះ ពេលកូនប្រសូតចេញមកហើយ អាចមិនទាំងបានប្រើផងក៏មាន ដូច្នេះហើយដើម្បីភាពសប្បាយចិត្ត ទើបចាស់ៗឱ្យត្រៀមតែរបស់ណាដែលត្រូវប្រើប្រាស់ចាំបាច់ ដែលទារកកើតមកភ្លាមត្រូវប្រើមែនទែន ដូចជា ក្រណាត់កន្ទប ខោអាវទារក ជាដើម ចំណែករបស់ផ្សេងៗទៀត ចាំគិតពេលកូនប្រសូតចេញមកហើយ ក៏អាចទៅរកទិញមកប្រើទាន់ដែរ។

    6 . ខ្ទាស់ម្ជុលខ្ទាស់នៅអាវត្រង់កន្លែងក្បាលពោះ ការពារធ្លាក់កូន និងមិនឱ្យវិញ្ញាណកំណាចចូលមកធ្វើបាបកូន

    ការពិត ៈ ខ្ទាស់ឱ្យជាប់ដើម្បីឱ្យស្រ្តីមានគភ៌ប្រយ័ត្នខ្លួនឯងពេលដើរទៅណាមកណា កុំឱ្យដើរទៅបុកនេះបុកនោះ និងឱ្យអ្នកដទៃមើលឃើញបានច្បាស់ថា ខ្លួនកំពុងមានផ្ទៃពោះ មិនមែនកំពុងធាត់ទេ កុំដើរមកបុក… ជាដើម។

    ជំនឿ និងពិធីការផ្សេងៗពាក់ព័ន្ធនឹងការមានផ្ទៃពោះ និងការឆ្លងទន្លេរបស់មនុស្សសម័យមុន មានច្រើនយ៉ាង ដូច្នេះពេលបានឮមកហើយ ស្វាមី និងភរិយាដែលកំពុងមានគភ៌គួរតែពិចារណាជាមុនសិន មុននឹងប្រតិបត្តិតាម ដើម្បីការពារគ្រោះថ្នាក់ដែលអាចនឹងកើតឡើងចំពោះម្ដាយ និងកូនតូច ព្រោះជំនឿ និងការហាមឃាត់ពីបុរាណសម្រាប់អ្នកមានផ្ទៃពោះ រឿងមួយចំនួនដែលចាស់បុរាណបង្ហាត់បង្រៀនមក ជួនកាលក៏មានប្រយោជន៍ មានហេតុផលត្រឹមត្រូវអាចយកមកច្នៃប្រើបាន តែរឿងខ្លះក៏មិនអាចជឿបាន ឬមិនអាចពិសោធបានថាត្រូវ ឬមិនត្រូវនោះក៏មាន៕

  • តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    បច្ចុប្បន្នកុំព្យូទ័រមានតួនាទីជាមួយជីវិតរបស់មនុស្សស្ទើរតែគ្រប់ផ្នែក និងប្រាកដណាស់ស្រ្តីមានគភ៌ជាច្រើននាក់ត្រូវធ្វើការងារដោយមានកុំព្យូទ័រជាឧបករណ៍ប្រើការក្បែរកាយ និងត្រូវនៅជាមួយវត្ថុមួយនេះជាច្រើនម៉ោងជាប់ៗគ្នាក្នុងមួយថ្ងៃ។

    ស្រ្តីមានគភ៌មួយចំនួនចាប់ផ្ដើមនឹកបារម្ភក្នុងចិត្តថា តើកុំព្យូទ័រដែលកំពុងប្រើការនេះនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ? ដែលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវមកជាយូររបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យសម្ភពមកពីគ្រប់ទិសទីក្នុងពិភពលោកបានផ្ដល់នូវចម្លើយដែលធ្វើឱ្យស្រ្តីមានគភ៌ទាំងឡាយបានសប្បាយចិត្តថា កុំព្យូទ័រមិនមានបង្កគ្រោះថ្នាក់អ្វីដល់កូនតូចក្នុងផ្ទៃឡើយ…តែការអង្គុយធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរៗទៅវិញទេដែលមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីមានគភ៌ ដែលរឹតតែត្រូវអង្គុយធ្វើការយូរប៉ុនណា ប្រព័ន្ធឈាមរត់នឹងហូរបញ្រ្ចាស់ត្រឡប់ឡើងទៅផ្នែកខាងលើ ធ្វើឱ្យឈាមហូរទៅចិញ្ចឹមរាងកាយយឺតយ៉ាវ ដែលអាចធ្វើឱ្យហើមជើង ងាយវិលមុខ ឆាប់ហត់ និងឈាមដែលហូរត្រឡប់ចូលបេះដូងទៅចិញ្ចឹមកូនតូចក៏នឹងថយចុះ។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវអង្គុយធ្វើការនៅមុខកុំព្យូទ័រគួរមើលថែទាំខ្លួនឯងដូចតទៅនេះ…ៈ

    ការអង្គុយ

    ស្ត្រីមានគភ៌គួរអង្គុយឱ្យត្រូវតាមវិធី ដោយឥរិយាបទអង្គុយដែលត្រឹមត្រូវបំផុតក៏គឺ អង្គុយចូលទៅក្នុងឱ្យពេញកៅអី និងខ្នងពឹងនឹងបង្អែកកៅអី ចន្លោះរវាងភ្លៅ និងកៅអីគួរនៅសល់ចន្លោះប៉ុនម្រាមដៃអាចស៊កចូលទៅបាន ដើម្បីកាត់បន្ថយសង្កត់ និងឱ្យឈាមហូរវិលបានស្រួលឡើង។ បើស្ត្រីមានគភ៌ស្ថិតក្នុងអំឡុងត្រីមាសចុងក្រោយ ទំហំក្បាលពោះដែលធំខ្លាំងនោះនឹងធ្វើឱ្យផ្ទៃពោះហុចលយមកខាងមុខ ស្រ្តីមានគភ៌អាចប្រើខ្នើយមកដាក់កល់ខ្នង ក៏អាចជួយកាត់បន្ថយភាពតឹងរបស់សាច់ដុំបានដែរ។

    ថែទាំកែវភ្នែក

    ស្រ្តីមានគភ៌គួរសម្រួលរយៈចម្ងាយ និងកម្ពស់របស់អេក្រង់កុំព្យូទ័រឱ្យស័ក្តិសមល្មមនឹងកម្រិតកម្ពស់ខ្សែភ្នែករបស់អ្នកផង។ គួរឱ្យអេក្រង់កុំព្យូទ័រស្ថិតក្នុងកម្ពស់ទាបជាងកម្រិតខ្សែភ្នែកប្រមាណជា 10 – 20អង្សា សម្រួលភាពភ្លឺរបស់អេក្រង់ឱ្យសមល្មម នឹងជួយឱ្យស្រ្តីមានគភ៌មិនឈឺភ្នែក អានអក្សរបានកាន់តែងាយស្រួលឡើង។ មិនគួរសម្លឹងមើលអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ និងគួរសាកល្បងសម្រាកខ្សែភ្នែកប្រមាណជា 10នាទីក្នុងរយៈពេល 1ម៉ោងនៃការធ្វើការ នឹងកាត់បន្ថយអាការឈឺកែវភ្នែករបស់ស្រ្តីមានគភ៌បានច្រើន។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះ កុំភ្លេចផ្លាស់ប្ដូរឥរិយាបថឱ្យបានញឹកញាប់ កុំសម្លឹងអេក្រង់កុំព្យូទ័រយូរៗពេក គួរងាក ឬបែរទៅមើលអ្វីផ្សេងខ្លះផង និងមិនគួរអង្គុយក្នុងឥរិយាបថដដែលយូរពេកឡើយ គួរក្រោកដើរទៅនេះទៅនោះឱ្យយឺតសរសៃសរសូងរៀងរាល់ម៉ោងខ្លះផងទើបជាការប្រសើរបំផុត៕

  • ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ម្ដាយ នឹងបញ្ជាក់ប្រាប់ថា តើកូននៅក្នុងផ្ទៃម្ដាយនោះបរិបូរណ៍ឥតខ្ចោះប៉ុនណា? និងគួរបន្ថែមការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងគភ៌មានទម្ងន់ខ្លួនដែលល្អបរិបូរណ៍ត្រូវតាមក្បួន។ ដូច្នេះទើបរឿងទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ គឺជារឿងសំខាន់មួយដែលស្រ្តីមានគភ៌ទាំងឡាយគួរតែជ្រាប…។

    ត្រីមាសដំបូង ៈ ចាប់ផ្ដើមតាំងពី 8សប្ដាហ៍ – 12សប្ដាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ប្រមាណជា 1 – 15ក្រាម ហើយទម្ងន់របស់ទារកនឹងចាប់ផ្ដើមកើនឡើងជារឿយៗរហូតដល់សប្ដាហ៍ទី16។

    ត្រីមាសទី2 ៈ  ចាប់ពីអំឡុងសប្ដាហ៍ទី17 – 20 ទម្ងន់របស់ទារកនឹងកើនឡើងម្ដងៗ 50ក្រាម និងនៅពេលចប់ត្រីមាសនេះ ទារកនឹងមានទម្ងន់ប្រមាណជា 600ក្រាម។

    ត្រីមាសទី3 ៈ ក្នុងអំឡុងពេលចុងក្រោយនៃការតាំងគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្ដើមកើនឡើងច្រើនគឺ 6ដងពីត្រីមាសទី2 ដោយទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្ដាហ៍ 200ក្រាម និងកើនឡើងជារឿយៗរហូតដល់ប្រមាណជា 3,400 – 3,700ក្រាម នៅពេលគ្រប់កំណត់ប្រសូត។

    ទម្ងន់ខ្លួនទារកច្រើន ឬតិចជ្រុលពេក អាចបញ្ជាក់ប្រាប់ពីភាពខុសប្រក្រតីរបស់ទារកបានដូចខាងក្រោមនេះ ៈ

    ទម្ងន់ខ្លួនរបស់ទារកតិចជ្រុលពេក ៈ អាចបណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម ឬទងសុកមានបញ្ហា ឬអាចកើតពីទារកខ្លួនឯង អាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារទៅឱ្យទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នឹងតម្រូវការ ជាហេតុបណ្ដាលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់តិច ដែលចំណុចនេះបើមិនបានទទួលការរក្សាព្យាបាលយ៉ាងត្រូវវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាត់បង់ជីវិតបាន តែបើបណ្ដាលពីខ្លួនអ្នកម្ដាយវិញ អាចដោយសារតែអ្នកម្ដាយមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន។

    ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៈ បញ្ហាច្រើនតែបណ្ដាលមកពីការដែលស្រ្តីមានគភ៌ញ៉ាំច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងគភ៌មានទម្ងន់ខ្លួនច្រើន ហើយស្រ្តីមានគភ៌ថែមទាំងប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមខណៈពេលតាំងគភ៌ទៀតផង។ ក្រៅពីនេះពេលដល់វេលាប្រសូតអាចធ្វើឱ្យពិបាកប្រសូត អាចនឹងត្រូវប្រើឧបករណ៍ខាងវេជ្ជសាស្រ្តជួយសម្រាល ឬបើទារកមានខ្លួនធំជ្រុលពេកអាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការវះកាត់សម្រាលបុត្រ។ ក្មេងដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីពេលប្រសូតនឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ព្រោះកោសិកាខ្លាញ់ក្នុងរាងកាយមានខ្នាតធំតាំងពីពេលប្រសូតដំបូងហ្នឹងឯង៕