Tag: ហេតុផល

  • 5ហេតុផល ដែល​នារី​ខ្លះ​មិន​រៀបការ

    5ហេតុផល ដែល​នារី​ខ្លះ​មិន​រៀបការ

    មិនមែន​មនុស្ស​ស្រី​គ្រប់គ្នា​សុទ្ធតែ​ត្រូវការ​ ឬប្រាថ្នា​ក្នុង​ការ​និយាយ​ថា​ “ចាស​ យល់ព្រម​” នោះ​ទេ​… តើ​ព្រោះ​ហេតុ​អី​ទៅ​?

    1. ព្រោះ​ការ​មិន​រៀបការ​ មិនមែន​បានន័យ​ថា​ អ្នក​នឹង​ត្រូវ​នៅ​ម្នាក់ឯង​នោះ​ទេ​
    នៅពេល​រៀបការ​ យ៉ាងហោចណាស់​ក៏​អ្នក​នឹង​មាន​មនុស្សម្នាក់​នៅ​ក្បែរ​កាយ​ជានិច្ច​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ តឱ្យ​មិនបាន​រៀបការ​ ក៏​អ្នក​នៅតែ​មាន​មនុស្សម្នាក់​នៅ​ក្បែរ​កាយ​បាន​ដែរ​ មាន​មនុស្ស​ឱ្យ​ស្រឡាញ់​… ឱ្យ​ជឿ​ទុកចិត្ត​… ឱ្យ​សើច​ជាមួយគ្នា​… ឱ្យ​ឈ្លោះ​គ្នា​… ឱ្យ​នឹក​គ្នា​… រួម​ទាំង​ពឹងពាក់​គ្នា​ទៅវិញទៅមក​ទៀតផង​។ ដោយសារតែ​ការ​មិន​រៀបការ​មិនបាន​មានន័យថា​ អ្នក​ត្រូវតែ​នៅ​ម្នាក់ឯង​នោះ​ទេ​ តែ​អ្នក​នៅ​មាន​ពួកម៉ាក​ មិត្តភក្តិ​ មាន​មនុស្ស​ស្រឡាញ់​ បងប្អូន​ អ្នកជិតខាង​ និង​មិត្ត​រួមការ​ងារ​ គ្រាន់តែ​អ្នក​មិនបាន​នៅជា​មួយគូ​គ្រង​ប៉ុណ្ណោះ​ឯង​។ ជួនកាល​អ្នក​អាច​កំពុង​សេពគប់​មើលចិត្ត​មើល​ថ្លើម​គ្នា​ 2ឆ្នាំ​ ឬ5ឆ្នាំ​ ក៏​តាម​ហ្នឹង​ទៅ​ ឬអ្នក​អាច​មិនបាន​ត្រូវការ​គូស្នេហ៍​ អ្នក​និយម​ចូលចិត្ត​ក្នុង​ការ​សប្បាយរីករាយ​ជាមួយ​បណ្ដា​ពួក​មិត្តភក្តិ​ច្រើនជាង​ ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ និង​ជួប​មនុស្សម្នា​ថ្មី​ប្លែក​ៗ និង​ចូលចិត្ត​ធ្វើការងារ​ដើម្បី​ជួយ​សង្គម​ជាដើម​… ដូច្នេះ​ឃើញ​ហើយ​ឬនៅ​ថា​ អ្នក​មិន​ចាំបាច់​ត្រូវ​រៀបការ​ ក៏បាន​ដែរ​…។

    2. ព្រោះ​ស្នេហា​ គឺជា​ប្រស្នា​ដ៏​អាថ៌កំបាំង​មួយ​
    ការ​រៀបការ​ គឺជា​កិច្ចសន្យា​ដែល​មាន​ចំណង​រវាង​គ្នា​។ មាន​អត្ថ​ន័យ​សាមញ្ញ​ៗ ងាយ​ៗ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវការ​និយមន័យ​ស្នេហា​ក្នុង​ន័យ​របស់​ធុរកិច្ច​ ឬច្បាប់​ទម្លាប់​អ្វី​ៗទាំងអស់​។ ភាព​ស្រស់​ស្អាត​របស់​ស្នេហា​គ្មាន​និយមន័យ​មួយ​ដោយឡែក​តែឯង​នោះ​ទេ​ ហើយ​តែងតែ​ប្រែប្រួល​ជានិច្ច​ទៀតផង​។

    3. ព្រោះ​ភាព​ស្ថិតស្ថេរ​គង់វង្ស​ដ៏​ពិតប្រាកដ​ចេញ​មក​ពី​ការ​ដឹង​ថា​ ខ្លួនឯង​ជា​អ្នកណា​ និង​ត្រូវការ​អ្វី​?
    នៅពេល​អ្នកមាន​អារម្មណ៍​ខកបំណង​ជាមួយនឹង​រឿងរ៉ាវ​ផ្សេង​ៗដែល​កើតឡើង​នៅក្នុង​ជីវិត​ ចូរ​កុំ​គិតថា​ ការ​រៀបការ​នឹងអាច​បញ្ឈប់​អ្វី​ៗទាំងអស់​នោះ​បានឱ្យ​សោះ​។ ការ​មាន​មនុស្ស​ដែល​ស្រឡាញ់​ និង​បារម្ភ​អំពី​យើង​ ដូចជា​ ឪពុកម្ដាយ​ បងប្អូន​ សាច់​ញាត់​ មិត្ត​រួមការ​ងារ​ និង​មិត្តភក្តិ​ជិតស្និទ្ធ​ទៅវិញ​ទេ​ ដែល​ជា​ភាព​ស្ថិតស្ថេរ​គង់វង្ស​ដ៏​ធំធេង​បំផុត​លើស​អ្វី​ៗទាំងអស់​ ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​បាន​មក​ពី​គូ​អាពាហ៍​ពិពាហ៍​នោះ​ឡើយ​។

    4. ព្រោះ​អ្នក​អាច​លែងលះ​វិញ​បាន​…
    នាងខ្ញុំ​ និង​គូស្នេហ៍​ សេពគប់​គ្នា​មក10ឆ្នាំ​ហើយ​ ហើយ​នៅពេល​ណា​យើង​មាន​បញ្ហា​នឹងគ្នា​ (មិន​ខុសពី​គូស្នេហ៍​ដទៃ​ទេ​) យើង​ក៏​មាន​សេរីភាព​ក្នុង​ការ​បញ្ចប់​សម្ពន្ធភាព​បាន​គ្រប់ពេលវេលា​។ ក្នុងអំឡុងពេល​ដែល​អស់សង្ឃឹម​ និង​សោកសៅ​បំផុត​នោះ​ នាងខ្ញុំ​បែរជា​មាន​អារម្មណ៍​សប្បាយចិត្ត​ ដោយសារតែ​នាងខ្ញុំ​អាច​សម្រេចចិត្ត​គ្រប់យ៉ាង​ដើម្បី​ខ្លួនឯង​បាន​យ៉ាង​ពេញលេញ​។

    5. ព្រោះ​អ្នក​អាច​រៀបការ​នៅពេល​ណា​ក៏បាន​ មិន​ចាំបាច់​ត្រូវ​ប្រញាប់​ទេ​…
    នាងខ្ញុំ​មិនមែន​ជា​មនុស្ស​ពពួក​ប្រឆាំង​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ទេ​ ហើយរឿង​ហ្នឹង​ក៏​មិនមែន​ជា​បញ្ហា​ដែរ​… វា​គ្រាន់តែ​ជា​កម្មវិធី​មួយ​ប៉ុណ្ណោះ​។ ចំណុច​សំខាន់​គឺ​ យើង​នៅតែ​បើកចំហ​ទាំង​ក្នុង​រឿង​ការ​រៀបការ​ និង​សម្ពន្ធភាព​។ យើង​ត្រៀម​រួចរាល់​ជានិច្ច​ក្នុង​ការ​បើក​ទទួលយក​ផ្នត់គំនិត​ អារម្មណ៍​ និង​បទ​ពិ​សោ​ធផ្សេង​ៗ ទាំង​របស់​យើង​ និង​របស់​អ្នកដទៃ​។ មិន​សំខាន់​ថា​ អ្នក​ស្ថិតនៅ​ក្នុង​សម្ពន្ធភាព​រយៈពេល​វែង​ ឬសម្ពន្ធភាព​បញ្ចប់​បែប​ឈឺចាប់​ ឬទើប​ចាប់ផ្ដើម​ស្នេហា​ជាថ្មី​ ឬពេញចិត្ត​ក្នុង​ការ​នៅតែ​ម្នាក់ឯង​នោះ​ទេ​ គ្មាន​អ្នកណា​ដឹង​ឡើយ​ថា​ អា​នាគ​តនឹង​ទៅជា​យ៉ាងណា​? ដូច្នេះ​ ទុក​ឱ្យ​វា​ក្លាយជា​ការសម្រេច​ចិត្ត​របស់​យើង​ផ្ទាល់​ក្នុង​ការ​ឈានទៅមុខ​ឆ្ពោះទៅ​រក​ការផ្សងព្រេង​ជាថ្មី​ទៀត​៕

  • ហេតុផលល្អៗ10 យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ហេតុផលល្អៗ10 យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ការអប់រំ​កូន​ និង​បង្ហាត់បង្រៀន​កូន​ឱ្យ​ធំឡើង​ក្លាយជា​មនុស្ស​មាន​សីលធម៌​ល្អ​ មាន​សុជីវធម៌​ ចេះ​ជួយ​យកអាសា​អ្នកដទៃ​ និង​ចេះ​បែងចែក​រំលែក​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ អាណាព្យាបាល​ ឬឪពុកម្ដាយ​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការ​អាន​សៀវភៅរឿង​ព្រេង​ ឬរឿងនិទាន​អប់រំ​ឱ្យ​កូន​ស្ដាប់​ និង​ដឹង​ ដែ​លប​ច្ចុ​ប្ប​ន្្ន​នេះ​មាន​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​រឿងនិទាន​បែប​អប់រំ​របស់​បរទេស​ និង​របស់​ខ្មែរយើង​។ ខាងក្រោម​នេះ​គឺ​ ហេតុ​ផលល្អៗ​ 10យ៉ាងដែល​ក្មេង​ត្រូវតែ​ស្តាប់​ និង​អាន​រឿងព្រេង​និទាន​ ៖

    1. រឿងនិទាន​ជា​ថ្នាល​បណ្តុះ​សីលធម៌​នៅ​ក្នុង​ជីវិត​​ ក្នុង​គ្រប់​ជាតិសាសន៍​ គ្រប់​ភាសា​ ដូចជា​របស់​បរទេស​ ក៏​មានរឿង​និទាន​ អុី​សុប​(Aesop’s​ Fables​ រឿងនិទាន​បែប​អប់រំ​ប្រៀនប្រដៅ​) ដែល​កើតមានឡើង​ជាង​ 3ពាន់​ឆ្នាំ​មក​ហើយ​ ឯរបស់​ខ្មែរយើង​ក៏​មានរឿង​ព្រេង​និ​ទាន​ចាស់​ៗល្អ​ៗជាច្រើន​ផង​ដែរ​ ដូចជា​រឿង​ មា​យើង​ មហាសេដ្ឋី​ និង​អ្នកស្រែ​-ល- ដែល​សុទ្ធតែ​ប្រៀនប្រដៅ​ពី​សីល​ធម៌​ល្អ​ៗ និង​ការ​ចេះ​ជួយគ្នា​ទាំងអស់​។

    2. រឿងនិទាន​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា​ មិនមែន​ជា​ការ​បង្រៀន​ ដូចជា​រឿង​ រាជសីហ៍​ និង​សត្វ​កណ្តុរ​ ជាដើម​ គឺជា​ឧទាហរណ៍​យ៉ាង​ច្បាស់លាស់​ក្នុង​ការរស់នៅ​ ដែល​យើង​តែងតែ​ប្រដៅ​ក្មេង​ៗថា​ មនុស្ស​មាឌធំ​ត្រូវ​ចេះ​ជួយ​មនុស្ស​មាឌតូច​ អ្នកមាន​ត្រូវ​ចេះ​ជួយ​អ្នកក្រ​។ តែ​រឿង​នេះ​ក៏បាន​ប្រៀនប្រដៅ​ថា​ មនុស្ស​មាឌតូច​ក៏​ត្រូវ​ចេះ​ជួយ​យឹតយោង​មនុស្ស​មាឌធំ​ក្នុង​លក្ខខណ្ឌ​ដែល​អាច​ជួយ​បាន​ផង​ដែរ​។

    3. រឿងនិទាន​ គឺ​ជា​អ្វី​ៗច្រើនយ៉ាង​នៅ​ក្នុង​ជីវិត​ មិនមែន​គ្រាន់តែ​ជា​ការ​ស្រមៃ​មិនមែន​គ្រាន់តែ​ជា​ការ​នឹកឃើញ​ឡើយ​ តែ​ជា​រឿង​ពិត​ផ្ទាល់​របស់​ជីវិត​។ រឿងនិទាន​ គឺជា​ស្ពាន​មួយ​សំខាន់ណាស់​ និង​ល្អប្រពៃ​ណាស់​ ដែល​មនុស្ស​ធំ​តភ្ជាប់​ទៅដល់​កុមារ​ ធ្វើ​ឱ្យ​មនុស្ស​ធំ​អាច​ចូល​ទៅ​នៅក្នុង​ដួងចិត្ត​របស់​កុមារ​បាន​យ៉ាង​ប៉ិនប្រសប់​។

    4. រឿងនិទាន​បង្រៀន​ពិ​សីលធម៌​រស់នៅ​ រឿងនិទាន​ជាច្រើន​ បាន​និយាយ​អំពី​ភាពជា​មនុស្ស​ថា​ ត្រូវតែ​ធ្វើជា​មនុស្ស​រឹងប៉ឹង​ ត្រូវ​ធ្វើជា​អ្នកនាំ​មុខ​ក្នុង​ការដឹកនាំ​ជីវិត​ខ្លួនឯង​ និង​អ្នកឯទៀត​ឆ្ពោះទៅ​រក​ជីវិត​ដែល​ល្អ​ប្រសើរ​ឡើង​។ ដូចជា​រឿង​ “ខ្លាឃ្មុំ​ឈឺធ្មេញ​” បាន​បង្រៀន​យើង​ឱ្យ​ដឹង​ថាបើ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៏​នឹង​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ ឬដូចជា​រឿង​ “កូន​ដំរី​ចិត្តល្អ​” បាន​បង្រៀន​កុមារ​ៗឱ្យ​ដឹង​ថា​ បើ​យើង​ជា​ក្មេង​ខូចខិល​អាក្រក់​យើង​នឹង​គ្មាន​មិត្តភក្តិ​ឡើយ​។ សរុបទៅ​ រឿងនិទាន​ទាំងអស់​សុទ្ធតែ​បង្រៀន​អំពី​ សីលធម៌​ និង​ចរិយា​ធម៌​ទាំងអស់​។

    5. រឿងនិទាន​ខ្លះ​និយាយ​ពី​រឿង​វប្បធម៌​ និង​ការរស់នៅ​​ ជា​ការ​បើកចំហ​ពិភពលោក​នៃ​ការ​រៀន​យល់ដឹង​ដល់​កុមារ​ ធ្វើ​ឱ្យ​កុមារ​ដឹង​ថា​ នៅ​ទីណា​ មាន​វប្បធម៌​រស់នៅ​របៀប​ម៉េច​ជាដើម​។

    6. រឿងនិទាន​បង្រៀន​ពការ​រស់នៅ​ក្នុង​សង្គម​ ដូចជា​ឧទាហរណ៍​ក្នុង​រឿង​ “ទន្សាយ​ផ្អើល​ផ្លែ​ព្នៅ​” ជាដើម​៖ សង្គម​បច្ចុប្បន្ន​ ជា​សង្គម​ផ្អើល​ផ្លែ​ព្នៅ​ មិនបាន​ទៅ​មើល​ចំណុច​កើតហេតុ​ដោយ​ផ្ទាល់​ថា​ តើ​វា​មានរឿង​អ្វី​កើត​ឡើង​នោះ​ទេ​ តែ​រត់​តាម​គេ​តាម​ឯង​សិន​ផ្អើល​ទៅ​សិន​ រងគ្រោះ​ថ្នាក់​ទៅ​សិន​ រួច​បាន​មក​ប្រាប់​គ្នា​ជា​ក្រោយ​។ល។ រឿង​នេះ​វា​ស្ថិតនៅ​លើ​ថា​ តើ​អាណាព្យាបាល​អាចយ​កឧត្តមគតិ​របស់​រឿង​មក​ប្រៀន​ប្រដៅ​ក្មេង​ៗបាន​ឬក៏​អត់​?។

    7. រឿងនិទាន​សាង​សម្ព័ន្ធភាព​ក្នុង​ក្រុម​គ្រួសារ​​ ទោះជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​សាង​នូវ​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​ឪពុកម្ដាយ​ និង​កូន​ ឬបង​និង​ប្អូន​បាន​មួយ​កម្រិត​ហើយ​មែន​ក៏ដោយ​ តែ​បើ​យើ់ង​មានសាច់​រឿង​ដែល​ស្តាប់​ទៅ​ហើយ​មាន​អារម្មណ៍​រីករាយ​ មាន​ពាក្យសម្ដី​ពី​រោះ​ៗ នោះ​វា​នឹង​រឹតតែ​អូសទាញ​ចិ​ត្ត​កុមារ​ៗក្នុង​ការ​ស្តាប់​កាន់​តែ​ខ្លាំង​ឡើង​ទៀត​។

    8. ឧបមា​ថា​ អ្នកម្តាយ​ម្នាក់​មានរឿង​និ​ទាន​អុី​សុប​(Aesop’s​ Fables​)នៅក្នុង​ចិត្ត​ គាត់​នឹង​បង្រៀន​កូន​បាន​គ្រប់​រឿង​ថា​ នឹង​ត្រូវ​រស់នៅ​យ៉ាងម៉េច​? ត្រូវ​ធ្វើខ្លួន​យ៉ាងម៉េច​ឱ្យ​មាន​វិន័យ​? គឺ​អាច​និយាយ​រឿងនិទាន​បាន​ជា​រឿយ​ៗ មិន​ចាំបាច់​អង្គុយ​ប្រដៅ​ម្តង​មួយ​ដំណាក់កាល​ ឬម្ដង​មួយ​រឿង​ឡើយ​។

    9. ពេល​និយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់​ កូន​នឹង​នៅ​នែបនិត្យ​ជាមួយ​អ្នកម្តាយ​ មុន​ពេល​គេង​ គឺជា​អំឡុង​ពេល​ដ៏​អស្ចារ្យ​ណាស់​ ព្រោះ​ជា​ពេល​វេ​លា​សប្បាយ​ៗ អ្នកម្តាយ​បាន​និយាយ​ជាមួយ​កូន​ បាន​និទានរឿង​ បាន​ចាប់ដៃ​កូន​ អោប​កូន​ខណៈ​ពេល​និទានរឿង​ ហើយ​កូន​ក៏​នឹង​បានដឹង​ពី​សេចក្តី​ស្រឡាញ់​ដែល​ម្តាយ​ផ្តល់​ឱ្យ​នោះ​ទៀតផង​។

    10. ការ​និយាយ​រឿងនិទាន​ គឺជា​ការ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុម​គ្រួសារ​ ជា​ការ​ចំណាយ​ដើមទុន​តិច​បំផុត​ តែ​បាន​ទទួលផល​ប្រយោជន៍​ខាង​បញ្ញា​ច្រើន​បំផុត​ ដូច្នេះ​លោកឪពុក​ អ្នកម្តាយ​គួរ​ចំណាយពេល​និទានរឿង​ឱ្យ​កូន​ស្តាប់​ ព្រោះ​អ្វី​ដែល​ទទួល​បាន​នោះ​វា​ច្រើនលើស​លប់​អស្ចារ្យ​ណាស់​ (អ្នកគ្រូ​ ឆវី​ ក៏​ជឿ​ថា​ អុីចឹង​ដែរ​…)៕

  • ហេតុផល3យ៉ាង​ “ហាម​ដកស្កូវ​”

    ហេតុផល3យ៉ាង​ “ហាម​ដកស្កូវ​”

    តើ​អ្វី​នឹង​កើតឡើង​ បើសិន​នៅ​សុ​ខៗ​ស្រាប់តែ​ឃើញ​សរសៃសក់​ពណ៌ស​លេចធ្លោ​ឡើង​?… ប្រហែលជា​ទប់ចិត្ត​មិនបាន​ក្នុង​ការ​ដក​វា​ចេញ​ឡើយ​… តែ​មនុស្សជា​ច្រើន​អាច​នឹង​ត្រូវ​ថ្លឹងថ្លែង​ក្នុងចិត្ត​ខ្លះ​ដែរ​ ព្រោះ​ធ្លាប់​បានឮ​ពាក្យ​ចាស់​ៗនិយាយ​ថា​ ការ​ដកសក់ស្កូវ​ 1សរសៃ​ វា​នឹង​ដុះឡើង​ 1សរសៃ​(ដក​មិន​ចេះ​អស់​) តែ​ហ្នឹង​គ្រាន់តែ​ជា​ “ពាក្យ​និ​យា​យតៗ​គ្នា​” ដែល​គ្មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​មក​ធានា​ឡើយ​ ហើយ​អុីចឹង​ ចម្លើយ​ដែល​ពិតប្រាកដ​នោះ​គឺជា​អ្វី​?
    “រឿង​ពិត​” ដែល​នឹង​កើតឡើង​ពេល​អ្នក​ដកសក់ស្កូវ​៖

    ១. សក់​កំបុត​ : បើ​ដក​សរសៃសក់​ ឬសរសៃ​រោម​ណាមួយ​យ៉ាង​រហ័ស​ចេញពី​ស្បែក​មិនថា​នៅ​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​នោះ​ឡើយ​ គឺជា​ការ​រុកកួន​រំខាន​ស្បែក​ឱ្យ​បែក​ ឬអាច​ធ្វើ​ឱ្យ​សាច់​ភ្នាស​នៅ​ម្ដុំ​សរសៃសក់​នោះ​ខូចខាត​ និង​អាច​ហុច​ផល​ប៉ះពាល់​ដល់​ឫស​សក់​ទៀតផង​។ វេជ្ជបណ្ឌិត​ជំនាញ​ខាង​ស្បែក​ អធិប្បាយ​ថា​ ការ​រុកកួន​រំខាន​ស្បែក​បែប​នេះ​ មានផល​អាក្រក់​ច្រើនណាស់​ ជាពិសេស​បញ្ហា​ដែល​ជួបប្រទះ​ច្រើន​បំផុត​ក៏​គឺ​ រោម​កំបុត​ឬសក់​កំបុត​ ព្រោះ​បើ​សាច់​ភ្នាស​ស្បែក​ខូចខាត​នៅពេល​សរសៃសក់​ដុះឡើង​ថ្មី​ នឹង​មិន​អាច​ងើប​ចេញផុត​ពីក្រោម​ស្រទាប់​ស្បែក​បាន​ឡើយ​ ហើយនឹង​ដុះ​លូតលាស់​នៅ​ខាងក្នុង​នោះ​ ក្លាយជា​សរសៃសក់​កំបុត​នៅទីបំផុត​។
    រោម​ ឬសរសៃសក់​កំបុត​អាច​បង្ក​ឱ្យ​កើត​អាការ​ឈឺ​ក្រហាយ​ស្បែក​ ចំណែក​នៅ​លើ​អ្នក​ដែល​មាន​សរសៃ​រោម​ ឬសក់​រា​ងរឹងៗ​ អាច​នឹង​ធ្វើ​ឱ្យ​កើតមាន​អាការ​រលាក​ក្លាយជា​ពងបែក​ និង​ឈឺខ្លាំង​ទៀតផង​។

    ២. សក់ស្ដើង​ : ពេល​កញ្ឆក់​សរសៃសក់​ស្កូវ​ចេញ​ខ្លាំង​ៗ អាច​ហុច​ផល​ឱ្យ​ស្បែក​ក្បាល​ និង​ឫស​សក់​ខូចខាត​អស់​ខ្លះ​។ វេជ្ជបណ្ឌិត​ជំនាញ​ដដែល​បាន​រៀបរាប់​ថា​ វិនាទី​នៃ​ការឈឺចាប់​ដែល​ត្រូវ​កញ្ឆក់​ដកសក់ស្កូវ​នោះ​ អាច​ជា​ពេលវេលា​ដែល​សរសៃឈាមក្រហម​ពង្រីក​ខ្លួន​បញ្ចេញ​ប្រតិកម្ម​ជាមួយ​ភាព​ឈឺចាប់​ត្រឹមតែ​បន្តិចបន្តួច​ដែល​រាងកាយ​បាន​ទទួល​ និង​ហុច​ផល​ទៅដល់​ឫស​សក់​។
    ទោះជា​អ្វី​ដែល​អាច​កើតឡើង​តិច​បំផុត​មែន​តែបើ​លោកអ្នក​ដក​ ទាញ​ ឬកញ្ឆក់​សក់ស្កូវ​ជាប់​គ្នា​ខ្លាំង​ៗ ការឈឺចាប់​ដែល​កើតឡើង​ចំពោះ​ស្បែក​ក្បាល​នេះ​ក៏អាច​ធ្វើ​ឱ្យ​សក់​ដុះ​មក​ស្ដើង​ ក្រ​វែង​ ឬអាច​លែង​មាន​សក់​ស្កូវ​ថ្មី​ៗឡើង​មក​ទៀត​តែម្ដង​ក៏​មាន​។

    ៣. ខាតពេល​វេលា​(ដក​ទៅ​ ក៏​អត់ប្រយោជន៍​) : ការ​ដកសក់ស្កូវ​មិន​មាន​កើត​ប្រយោជន៍​អ្វី​ឡើយ​ ក្រៅតែ​ពី​កែ​បញ្ហា​បានតែ​ម្ដងម្កាល​ប៉ុណ្ណោះ​ ព្រោះ​ក្រោយពី​លោកអ្នក​ចាត់ការ​ទាញ​ដកសក់​ពណ៌ស​នោះ​ចេញ​ហើយ​ វដ្ត​របស់​ឫស​សក់​នឹង​ Reset​ ឡើងវិញ​ដោយខ្លួនឯង​ ហើយ​សរសៃសក់​ថ្មី​ក៏​នឹង​ដុះឡើង​មក​ជំនួស​នៅ​ទីតាំង​ចាស់​ ដោយ​នៅតែ​ជា​សក់​ពណ៌ស​ដដែល​ ដោយសារតែ​កោសិកា​ពណ៌​នៅក្នុង​ឫស​សក់​បាន​ងាប់​បាត់​ទៅ​ហើយ​ហ្នឹងឯង​ ទើប​សក់​ដែល​ដុះ​មក​ថ្មី​នោះ​ខ្វះ​ពណ៌​ ធ្វើ​ឱ្យ​ក្លាយជា​សក់​ស្កូវ​(ពណ៌ស​)ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​មក​ជា​សក់​ពណ៌ខ្មៅ​វិញ​ឡើយ​។
    វេជ្ជបណ្ឌិត​ជំនាញ​ដដែល​ថែមទាំង​បាន​បញ្ជាក់​ទៀត​ថា​ គឺជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​ណាស់​ ដែល​មិន​មានការ​រក​ឃើញថា​ តើមាន​អាហារ​ប្រភេទ​ពិសេស​ណា​ ឬអាហារ​បំប៉ន​ពិសេស​ប្រភេទ​ណា​ដែល​អាច​បំប៉ន​ដើម្បី​ពន្យារ​ ឬទប់ស្កាត់​ការ​កើត​សក់ស្កូវ​បាន​ឡើយ​។
    ដូច្នេះ​ វិធីការ​ពារ​កុំឱ្យ​សក់​ឡើង​ពណ៌ស​ ឬស្កូវ​មុន​អាយុ​ ឬពន្យារ​ការ​កើត​សក់ស្កូវ​នោះ​ គឺ​ការ​ចៀសវាង​ពី​បច្ច័យ​ដែល​ជាដើម​ហេតុ​ មិនថា​តែ​ការ​មិន​ជក់បារី​ ហើយ​បែរមក​យកចិត្ត​ទុកដាក់​លើ​អាហារ​ការ​ហូបចុក​ និង​គេងលក់​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ ថែទាំ​សភាព​ផ្លូវចិត្ត​ កុំឱ្យ​ភាព​ឆាប់​ខឹងមួម៉ៅ​ច្រើន​មក​កាត់បន្ថយ​ទាំង​សុខភាព​កាយ​ និង​ចិត្ត​៕

  • ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    នៅពេលដែលក្មេងធ្វើខុស ភាគច្រើនពួកគេ​តែងតែ​គេចវេស ឬ​តែងតែ​ភ័យខ្លាចខ្លាំងពីការដាក់ទោសរបស់​មនុស្សធំ។ ទម្លាប់បែបនេះបានធ្វើឱ្យ​ក្មេងតូច​ក្លាយជាមនុស្សដែលមិនមានការទទួលខុសត្រូវនៅថ្ងៃអនាគតហើយ​ថែមទាំងអាចធ្វើឱ្យ​ពួកគេក្លាយជាមនុស្សខុសម្តងហើយម្តងទៀតដដែលៗ។

    ទាក់ទងទៅនឹងបញ្ហានេះ មានអ្នកស្រាវជ្រាវមួយចំនួន ជាពិសេសអ្នកអប់រំបានផ្តល់ជាដំបូន្មានថាអាណាព្យាបាលគួរស្វែងរក​ដំណោះស្រាយ ឬផ្តល់ឱកាសសម្រាប់ការកែខ្លួន និង​លើកទឹកចិត្តចំពោះ​ការទទួលកំហុសរបស់ក្មេងៗ។

    1. កុមារ​នឹងមិនខ្លាចប្រសិនបើ​មនុស្សធំផ្តល់ឱកាសឱ្យ
    កុមារ​នឹងលែងក្លាយជាមនុស្សដែល​គេចវេសពីបញ្ហាទៀតហើយ ប្រសិន​បើ​មនុស្សធំផ្តល់ឱកាសឱ្យពួកគេដើម្បីកែខ្លួនព្រោះកុមារភាគច្រើនដែលចូលចិត្តការគេចវេសពីកំហុសដោយសារតែពួកគេភ័យខ្លាចការដាក់ទោស និងការប្រើកំហឹងព្រមានពួកគេពីសំណាក់មនុស្សធំ។ ម្យ៉ាងវិញទៀត ក្មេងក៏ដូចជាមនុស្សធំទូទៅដែរគ្មានអ្នកណាម្នាក់ចង់ធ្វើខុសនោះទេគ្រាន់តែពេលខ្លះក្មេងធ្វើខុសដោយសារមិនយល់ពីហេតុផល​នៃសកម្មភាព ឬដឹងមិនដល់នូវអ្វីដែលពួកគេកំពុងធ្វើថាអាចនឹងជះផលអវិជ្ជមានដល់ពួកគេឬអត់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សធំ ផ្តល់ឱកាសដល់ពួកគេ ក្មេងតូច​នឹងព្យាយាម​បង្ហាញយ៉ាងស្មោះត្រង់ថាគេពិតជាធ្វើនូវសកម្មភាពដែលខុសនោះមែន ដើម្បីទទួលបានឱកាសសម្រាប់ការកែខ្លួន។

    2. ក្មេងនឹង​ក្លាហានប្រសិនបើ​មានការលើកទឹកចិត្តនៅពេលដែលគេធ្វើត្រូវ
    កូនក្មេង​ គឺជាវ័យដែលចង់បានភាពសំខាន់ ហើយចង់ធ្វើអ្វីឱ្យមនុស្សធំសរសើរតែមនុស្សធំភាគច្រើនតែងតែ​មើលរំលងក្មេងៗត្រង់ចំណុចហ្នឹង។ នៅពេល​ដែលក្មេងធ្វើខុសមនុស្សធំ​ព្យាយាម​ចាប់កំហុស តែនៅពេលដែលគេធ្វើត្រូវ បែរជាមិនមានការយកចិត្តទុកដាក់ការកោតសរសើរ ឬការលើកទឹកចិត្តឱ្យក្មេងខំបន្តសកម្មភាពល្អៗនោះទៀត ឬ​លើកសរសើរចំពោះការកែកំហុសរបស់ក្មេងទៅវិញ។

    សកម្មភាព​បែបនេះអាចធ្វើឱ្យក្មេង​នៅតែព្យាយាមធ្វើខុសព្រោះគេយល់ថា​ទោះបីជាធ្វើត្រូវក៏គ្មានបានផលចំណេញអ្វីដល់គេដែរព្រោះពួកគេនៅតែគ្មានភាពសំខាន់ក្នុងភ្នែកមនុស្សធំ។ តែប្រសិនបើ​មនុស្សធំចេះលើកទឹកចិត្តវិញពួកគេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថា​​ ពួកគេជាមនុស្សល្អហើយមានសេចក្តីក្លាហានក្នុងការ​ប្រឈមជាមួយនឹងបញ្ហានានាទៀតផង៕