Tag: ហើមពោះ

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • ប្រាប់តៗគ្នា !! ហើមពោះមិនបាត់ ទឹកខាត់ណាលាយម្រះព្រៅជួយបាន

    ប្រាប់តៗគ្នា !! ហើមពោះមិនបាត់ ទឹកខាត់ណាលាយម្រះព្រៅជួយបាន

    នេះជាវីធីស្រាស្រ្ដព្យាបាល អ្នកដែលមានអាការៈ ច្អល់ពោះ ហើមពោះ ជាច្រើនថ្ងៃមិនបាត់ ដោយលោកអ្នកអាចពិចារណាពិសាទឹក ខាត់ណាក្រឡុកលាយជាមួយស្លឹកម្រះព្រៅ ដែលជាឱសថបុរាណមានប្រសិទ្ធភាពបំផុត យើងមិនគួររំលងឡើយ ។

    គ្រឿងផ្សំ ៖
    ១. ស្លឹកម្រះព្រៅ ៥-៦ សន្លឹក
    ២.ស្លឹកខាត់ណា ១-២ សន្លឹក
    ៣.ទឹកស្ករ ២ ស្លាបព្រាបាយ
    ៤.ទឹកកក កន្លះកែវ
    ៥.ទឹកឆ្អិន កន្លះកែវ
    ៦.អំបិល ១/៤ ស្លាព្រាកាហ្វេ
    ៧.ទឹកក្រូចឆ្មា ២ ស្លាព្រាបាយ

    វីធីធ្វើ៖ គ្រាន់តែលាងស្លឹកម្រះព្រៅ និងស្លឹកខាត់ណាឲ្យស្អាត ហើយក្រឡុកជាមួយទឹកបន្ដិចឲ្យហ្មត់ បន្ទាប់មកច្រោះកាកចេញ។ បន្ទាប់ទៀតចាក់ចូលក្នុងម៉ាស៊ីនក្រឡុកដដែរ ហើយផ្សំជាមួយនឹង ទឹកឆ្អិន អំបិល ទឹកក្រូចឆ្មា និងទឹកស្ករ ហើយក្រឡុកឲ្យសព ។ ជាចុងក្រោយចាក់ទឹកកកចូលរួចក្រឡុកឲ្យហ្មត់ ជាការស្រេច ៕