Tag: ហិរញ្ញវត្ថុ

  • 3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

    3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

    មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ទាល់តែ​បាន​សិក្សា​រៀនសូត្រ​នៅ​មហាវិទ្យាល័យ ទើប​មានចំណេះដឹង​ទាំងអស់នេះ ប៉ុន្តែ​វា​មិនមែន​ដូច​ការគិត​របស់​ពួកគេ​នោះទេ។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅទីនេះ ខុសប្លែក​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នករៀន​នៅ​សាលា។

    ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​អ្នកមានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ភាព​ឆ្លាត​វៃ​ក្នុងការ​ប្រើប្រាស់​លុយ​ឱ្យបាន​ល្អ៖

    1) ទិញ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន

    ការវិនិយោគ​លុយ​របស់​អ្នក​ទៅលើ​ការទិញ​សៀវភៅ​ដែល​ទាក់ទង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន នឹង​ជួយ​ឱ្យ​អ្នក​កាន់តែ​រីកចម្រើន។ អ្នក​អាច​ចំណាយលុយ​បន្តិច​បន្តូច​ក្នុង​ការទិញ​សៀវភៅ​ផ្នែក​នេះ​មក​អាន ប៉ុន្តែ​អ្នកនឹង​ចំណេញ​ច្រើន​ក្រោយពេល​អាន​រួច។

    2) អាន​អត្ថបទផ្សេងៗទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ

    ក្រៅពី​ការអាន​សៀវភៅ អ្នក​អាច​អាន​នូវ​អត្ថបទផ្សេងៗដែល​គេ​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដូចជា​កាសែត ទស្សនាវដ្ដី ជាដើម ដែល​អត្ថបទ​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​ចុះផ្សាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុថ្មីៗ ដែល​អ្នក​អាច​ស្វែងយល់​ពី​វា​បាន​បន្ថែមទៀត។

    3) ចូលរួម​សិក្ខា​សិលា​បណ្ដុះបណ្ដាល

    គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​ចូលរៀន​ក្នុង​វគ្គ​សិក្សា​ជាមួយ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក​នោះទេ ពីព្រោះ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក នឹង​អាច​ចែក​រំ​លេក​នូវ​ចំណង​ចំណូលចិត្ត រួមជាមួយ​បទពិសោធន៍ល្អ។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ ព្រោះថា​អ្នកធ្វើ​បទ​បង្ហាញ​ភាគច្រើន​ជា​មនុស្ស​មានបទពិសោធន៍ និង​មានចំណេះដឹង ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ស្គាល់​មនុស្សផ្សេង៕

  • រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    ហិរញ្ញវត្ថុ – វិនិយោគ បង្កើត​មហា​សេដ្ឋី​ជាង​ 420 នាក់​នៅលើពិភពលោក​ ក្នុងនោះ Warren Buffett ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Berkshire Hathaway គឺជា​អ្នក​មាន​ជាង​គេ​បង្អស់​។

    ដើម​ខែ​នេះ ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2024​។ ឆ្នាំ​នេះ​ ពិភពលោក​​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,781នាក់ ច្រើន​ជាង 141នាក់បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ ក្នុងនោះ ទ្រព្យ​របស់​មហាសេដ្ឋី​ទាំង​នេះ​ក៏​មាន​ច្រើន​ជាង​មុន ដោយ​មាន​រហូត​ដល់ 14,200 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ស្ថិតិ​របស់ Forbes មហាសេដ្ឋី​ភាគ​ច្រើន​រក​ស៊ី​ក្នុង​វិស័យ​ចំនួន​10 ដែល​មាន​ដូច​ខាង​ក្រោម​៖

    1/ ហិរញ្ញវត្ថុ-វិនិយោគ

    -ចំនួន​មហា​សេដ្ឋី​៖ 427នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 15%
    -អ្នក​មាន​ជាង​គេ​៖ Warren Buffett (អាម៉េរិក) (133ពាន់​លាន​ដុល្លារ​អាម៉េរិក)

    2/ បច្ចេកវិទ្យា

    -ចំនួន​មហា​សេដ្ឋី​៖ 342​នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Jeff Bezos (អាម៉េរិក) ( 194ពាន់​លាន​ដុល្លារ​អាម៉េរិក)

    3/ ផលិត

    -ចំនួន​មហា​សេដ្ឋី​៖ 328នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Reinhold Wuerth (អាល្លឺម៉ង់) (33.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    4/ សម្លៀកបំពាក់-លក់​រាយ

    -ចំនួន​មហា​សេដ្ឋី​៖ 285នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 10%
    -អ្នក​មាន​ជាង​គេ​៖ Bernard Arnault (បារាំង) (233​ពាន់​លាន​ដុល្លារ​អាម៉េរិក)

    5/ អាហារ – ភេសជ្ជៈ

    -ចំនួន​មហា​សេដ្ឋី​៖ 210នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 8%
    -អ្នក​មាន​ជាង​គេ​៖ Zhong Shanshan (ចិនដីគោក) (62.3ពាន់​លាន​ដុល្លារ​អាម៉េរិក)

    6/ ពហុវិស័យ

    -ចំនួន​មហា​សេដ្ឋី​៖ 201នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Mukesh Ambani (ឥណ្ឌា) (116ពាន់​លាន​ដុល្លារ​អាម៉េរិក)

    7/ សុខាភិបាល

    -ចំនួន​មហា​សេដ្ឋី​៖ 197នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Dilip Shanghvi (ឥណ្ឌា) (22.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    8/ អចលនាទ្រព្យ

    -ចំនួន​មហា​សេដ្ឋី​៖ 190នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Lee Shau Kee (ចិនហុងកុង) (27.7ពាន់​លាន​ដុល្លារ​អាម៉េរិក)

    9/ ប្រព័ន្ធផ្សព្វផ្សាយ – កម្សាន្ត

    -ចំនួន​មហា​សេដ្ឋី​៖ 104នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Rupert Murdoch (អាម៉េរិក​ដើម​កំណើត​អូស្ត្រាលី) (19.5 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    10/ ថាមពល

    -ចំនួន​មហា​សេដ្ឋី​៖ 98នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Harold Hamm (អាម៉េរិក) (18.5ពាន់​លាន​ដុល្លារ​អាម៉េរិក)។

  • ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។

    ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។

    ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។

    ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

  • ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

    ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

    យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។

    ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។

    ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។

    មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖

    • បំណុល
    • រនាំង​ពាណិជ្ជកម្ម
    • អស្ថិរភាព​គោលនយោបាយ
    • អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក
    • ការ​ប្រាក់​ខ្ពស់
    • ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន
    • ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​

    ដំណោះ​ស្រាយ​

    • ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ
    • ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន
    • បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​
    • លុបបំបាត់​រនាំង​ពាណិជ្ជកម្ម
    • កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​
    • កែទម្រង់​វិស័យ​អប់រំ

    ការសន្និដ្ឋាន​

    សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​ការ​ផលិត​។

  • អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

    អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

    រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក យល់​ថា ប្រទេស​ចិន​អាច​លក់​ផលិត​ផលអគ្គិសនី​​លើស​តម្រូវ​ការ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាម៉េរិក​។

    ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ លោកស្រី Yellen នឹង​ពិភាក្សា​បញ្ហា​ខាងលើ​ជាមួយ​នឹង​ក្រុមមន្ត្រី​ចិន​។ ប្រការ​នេះ​កើត​ឡើង​ក្នុង​គ្រា​ដែល​អាម៉េរិក​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ ប៉ុន្តែ​នៅ​តែ​តាម​មិន​ទាន់​ប្រទេស​ចិន​។

    ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​ បន្ត​ជា​ឧបសគ្គ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ បើ​ទោះជា​ប្រធានាធិបតី​ បៃដិន បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មេដឹក​នាំចិន​ លោក​ ស៊ី​ ជីនពីង កាល​ពី​ខែវិច្ឆិកា 2023 ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជាប់ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ចិន បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ​។

    រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក លោក​ស្រី Janet Yellen ជឿ​ថា ប្រទេស​ចិន​អាច​នាំ​ចេញ​​ផលិត​ផល​​ទាក់​ទង​នឹង​អគ្គិសនី​បៃតង​​ដែល​លើស​តម្រូវ​ការ​របស់​ខ្លួន ទៅកាន់​ប្រទេស​នានា​ ដោយ​លក់​​​ក្នុង​តម្លៃ​ទាបខ្លាំង។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេសលើពិភពលោក ​ពិបាក​ប្រកួត​ប្រជែង​ ហើយ​ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។

  • Bitcoin ឡើង​ថ្លៃ​រហូត​ដល់​ជាង 71,000 ដុល្លារ​អាម៉េរិក

    Bitcoin ឡើង​ថ្លៃ​រហូត​ដល់​ជាង 71,000 ដុល្លារ​អាម៉េរិក

    Bitcoin បន្ត​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ នៅ​ពេល​កើន​លើស​ពី​ 71,000 ដុល្លារ​អាម៉េរិក​/Bitcoin កាល​ពី​ល្ងាច​ថ្ងៃទី 11 មីនា។

    Bitcoin បាន​ឡើង​ថ្លៃ​ជិត 2.6% ក្នុង​រង្វង់ 24 ម៉ោង និង​លើស​ពី 10% គិត​ចាប់​ពី​ថ្ងៃទី 04 មីនា​។ តម្លៃ​មូលធន​ទីផ្សារ​របស់​ប្រាក់​ឌីជីថល់​គ្រីបស្តូ​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ បាន​កើន​លើស​ពី 1.4 លាន​លាន​ដុល្លារ​ (1,400,000,000,000.00) បន្ទាប់​ពីតម្លៃ​មួយ​ Bitcoin បាន​ឡើង​ផុត​ពី 71,000 ដុល្លារ​។

    តម្លៃ​របស់​ Bitcoin ត្រូវ​បាន​រុញ​ឡើង​ដោយ​ការ​ទទួល​យក​ និង​ការ​ទទួល​ស្គាល់​របស់​អ្នក​វិនិយោគ​​ និង​ស្ថាប័ន​​នានា ដែល​នាំ​មក​នូវ​រំហូរ​ប្រាក់​ដ៏​សម្បើម​សម្រាប់​ថ្នាល​វិនិយោគ​នេះ​។

    Michael Anderson ស្ថាបនិក​ក្រុម​ហ៊ុន​វិនិយោគ​ប្រាក់​ឌីជីថល់​គ្រីបស្តូ Framework Ventures អះអាង​ថា ការ​ឡើង​ថ្លៃ​លើក​នេះ​របស់ Bitcoin គឺ​ខុស​គ្នា​ឆ្ងាយ​ បើធៀប​នឹង​ឆ្នាំ 2021​។ «នេះ​ទំនង​ជា​វដ្ដ​មួយ​ដែល​នាំ​មុខ​ដោយ​បណ្ដា​ស្ថាប័ន​ហិរញ្ញវត្ថុ​»​ លោក Anderson និយាយ​ដូច្នេះ​។

    សារព័ត៌មាន New York Times ក៏​បាន​អះអាង​ដូច​លោក Anderson ដោយ​ផ្សាយ​ថា ភាព​ខុសគ្នា​​​នៃ​ការ​ឡើង​ថ្លៃ​របស់ Bitcoin បច្ចុប្បន្ន ធៀប​នឹង​ឆ្នាំ 2021 គឺ​នៅ​ត្រង់ថា លើក​នេះ​មាន​ការ​ចូល​រួម​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ ដែល​មាន​ដូច​ជា BlackRock និង Fidelity ជា​ដើម​។

    ក្រៅ​ពី Bitcoin ក៏​នៅ​មាន​រូបិយប័ណ្ណ​ឌីជីថល់​គ្រីបស្តូ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ជា​បន្ត​បន្ទាប់​។ ប្រាក់ Ethereum (ETH) ក៏​ឡើង​ថ្លៃ​លើស​ពី 4,000 ដុល្លារ​ ខណៈ​តម្លៃ​របស់​ Solana (SOL) ​ហក់​ឡើង​ជិត​ដល់ 150 ដុល្លារ​អាម៉េរិក​៕

  • គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

    គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

    អាជ្ញាធរ​ប្រទេសគុយបា នឹង​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500% ចាប់​ពី​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2024 យឺត​ជាង​មួយ​ខែ​បើ​ធៀប​នឹង​គម្រោង​ដំបូង​ ប៉ុន្តែ​តម្លៃ​សំបុត្រ​យាន​ជំនិះ​សាធារណៈ​នៅ​តែ​ដដែល​។

    រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​គុយបា Vladimir Regueiro កាល​ពី​ថ្ងៃទី 28 កុម្ភៈ ប្រកាស​ថា ទន្ទឹម​នឹង​ការ​ដំឡើង​តម្លៃ​​សាំង តម្លៃ​អគ្គិសនី​ក៏​នឹង​ត្រូវ​ដំឡើង​ 25% ធៀប​នឹង​ដំណាក់​កាល​ដូច​ដដែល ចំពោះ​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​។ ក៏ប៉ុន្តែ ថ្លៃ​ធ្វើដំឡើង​តាម​យាន​ជំនិះ​សាធារណៈ​នឹង​នៅ​តែ​រក្សា​ដូច​ដើម​ ហើយ​ការ​ដំឡើង​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​ត្រូវ​ពន្យារ​ពេល​។

    រដ្ឋាភិបាល​គុយបា ដែល​ជា​អ្នកផ្ដល់​ការ​ឧបត្ថម្ភ​ទំនិញ និង​សេវាកម្ម​សំខាន់​ៗ​​ស្ទើរ​តែ​ទាំង​អស់​ ប្រកាស​ដំឡើង​ថ្លៃ​សាំង​ខ្ពស់ជាង​មុន​ 5 ដង រាប់ចាប់​ពី​ថ្ងៃទី 01 ខែ​កុម្ភៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ឱនភាព​​ថវិកា​ជាតិ​។ តម្លៃ​សាំងធម្មតា​​មួយ​លីត្រ​​នឹង​កើន​ពី 25 ប៉េសូ (0.2 ដុល្លារ​អាម៉េរិក) ឡើង​ដល់ 132 ប៉េសូ ខណៈ​ដែល​សាំង​ល្អ​បំផុត​កើន​ពី 30 ប៉េសូ ឡើង​ដល់ 156 ប៉េសូ ខ្ពស់​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​ចាស់​។​ ទេសចរ​បរទេស​ដែល​មក​លេង​ប្រទេស​គុយបា នឹង​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ដោយ​រូបិយប័ណ្ណ​បរទេស​។

    ក៏ប៉ុន្តែ គម្រោង​ដំឡើង​តម្លៃ​សាំង​កាល​ពី​ខែ​មុន​ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​ «បញ្ហា​សន្តិសុខ​អ៊ីនធើណិត»​។ បញ្ហា​នេះបាន​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ Alejandro Gil​ បាត់​បង់​​តំណែង នៅ​​ពីរ​បី​ថ្ងៃ​ក្រោយ​មក។

    យោង​តាម​អ្នក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ Havana របស់​គុយបា សាំង​នៅ​ប្រទេស​នេះ​មាន​តម្លៃ​ទាប​ខ្លាំង​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​លើ​ពិភពលោក​ ប៉ុន្តែ​គឺ​ជា​តម្លៃ​ដែល​ខ្ពស់​ខ្លាំង​ បើ​ធៀប​នឹង​ប្រាក់​បៀវត្សរ៍​ក្នុង​ស្រុក​។ តម្លៃ​សាំង​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល​នៅ​គុយបា​។

    ប្រទេស​កោះ​ដែល​មាន​ប្រជាជន​ 11 លាន​នាក់​នេះ កំពុង​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ដោយ​សារ​តែ​វិបត្តិ​កូវីដ-19 និង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាម៉េរិក​។ តាម​ការ​ប៉ាន់​ស្មាន​ សេដ្ឋកិច្ច​គុយបា បាន​ធ្លាក់​ចុះ​ 2% ក្នុង​ឆ្នាំ 2023 ស្រប​ពេល​ដែល​អតិផរណា​កើន​ឡើង 30%​។

  • ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។

    យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។

    បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

  • ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    (ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

    យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

    ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕