Tag: ហាត់ប្រាណ

  • ធ្វើ​ម៉េច​ដើម្បី​ទទួល​បាន​ត្រគាក​ស្រឡូន​ស្អាត​?

    ធ្វើ​ម៉េច​ដើម្បី​ទទួល​បាន​ត្រគាក​ស្រឡូន​ស្អាត​?

    ជាតិ​ជា​ស្ត្រី​យើង​ស្ទើរតែ​អាច​និយាយ​ថា​មិន​មាន​អ្នកណា​ម្នាក់​ដែល​ថា​មិន​ចង់បាន​ដៃជើង​ ភ្លៅ​ ចង្កេះ​ និង​ត្រគាក​ដ៏​ស្រស់​ស្អាត​ សិច​ស៊ី​គួរ​ជាទី​ទាក់ភ្នែក​នៃ​អ្នកផង​ទាំងពួង​នោះ​ទេ​។ ចង្កេះ​ និង​ត្រគាក​ស្រឡូន​ស្អាត​កាន់តែ​ជួយ​ឱ្យ​រាងកាយ​ទាំងមូល​របស់​អ្នកមើល​ទៅ​សមសួន​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ទ្វេដង​។ ដើម្បី​ឱ្យ​មាន​ត្រគាក​ស្រស់​ស្អាត​ដូច​ប៉ងប្រាថ្នា​នោះ​អ្នក​គួរតែ​អនុវត្ត​តាម​ចំណុច​មួយចំនួន​ដូច​ខាងក្រោម​៖

    ម៉ាស្សា​ : ពេល​ដែល​អ្នក​ងូត​ទឹ​កម្តង​ៗអ្នក​គួរ​ចំណាយពេល​បន្តិច​ធ្វើការ​ម៉ាស្សា​ត្រង់​ចង្កេះ​ និង​ត្រគាក​ឱ្យ​បាន​ជាប្រចាំ​។ ប្រើ​ដៃ​របស់​អ្នក​ម៉ាស្សា​ពី​បរិវេណ​ចង្កេះ​ចុះ​មក​ត្រគាក​ទៅ​មកៗ​ ព្រោះ​ការ​ធ្វើបែប​នេះ​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់​ដែល​ផ្ទុក​នៅ​ម្តុំ​នោះ​ចេញ​បាន​ខ្លះ​។

    ហាត់ប្រាណ​ : រាល់ពេល​ដែល​អ្នក​ហាត់ប្រាណ​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល5ទៅ10នាទី​ដើម្បី​ធ្វើ​ចលនា​ត្រគាក​ និង​ភ្លៅ​។ គេង​ផ្អៀង​ ហើយ​លើកជើង​ចុះ​ឡើង​ៗ (យ៉ាងហោចណាស់15ដង​នៃ​ជើងម្ខាង​)។ វិធី​នេះ​ជួយ​កាត់បន្ថយ​ខ្លាញ់​ និង​រឹត​បន្តឹង​សាច់ដុំ​ភ្លៅ​ និង​ត្រគាក​ឱ្យ​មាន​ភាព​តឹងណែន​ល្អ​។ លំហាត់​ប្រាណ​បែបនេះ​គួរតែ​ធ្វើឡើង​រៀងរាល់​ពេលព្រឹក​។ ក្រៅពី​ជួយ​ឱ្យ​អ្នកទទួល​បានការ​សម្រក​ខ្លាញ់​ក្នុង​រាងកាយ​ហើយ​នោះ​ ការហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ក៏អាច​ជួយ​ឱ្យ​អ្នក​បញ្ចេញចោល​រាល់​សារធាតុពុល​ទាំងឡាយ​ក្នុង​រាងកាយ​ចេញ​មក​ក្រៅ​បាន​យ៉ាង​ល្អ​ទៀតផង​ ហើយ​ការ​បញ្ចេញ​ជាតិពុល​អស់ទាំង​នេះ​គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ និង​សម្រស់​របស់​អ្នក​។ បន្ទាប់ពី​ការហាត់ប្រាណ​បញ្ចេញ​ញើស​រួច​នោះ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ផង​ដែរ​។ បើ​ទោះជា​អ្នក​មិន​ចូលចិត្ត​ ឬមិន​ចង់​អនុវត្ត​វិធី​ហាត់ប្រាណ​តាម​បែប​ខាងលើ​ក៏​មិន​មាន​បញ្ហា​ដែរ​ ព្រោះ​ការពិត​ទៅ​ហាត់ប្រាណ​បែប​ណា​ក៏បាន​ប្រយោជន៍​ចំពោះ​សុខភាព​ និង​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​ សុំ​តែ​ម្យ៉ាង​គឺ​កុំ​ខ្ចិល​ទៅ​បាន​ហើយ​។

    អាហារ​ : ការហាត់ប្រាណ​ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ភ្លៅ​របស់​អ្នកមាន​ភាព​ស្រឡូន​ស្អាត​ជាង​មុន​ ប៉ុន្តែ​សូម​ចងចាំ​ចំណុច​មួយទៀត​ គឺ​ ការហាត់ប្រាណ​អាច​នឹង​មិន​មានប្រសិទ្ធភាព​នោះ​ទេ​ ប្រសិនបើ​របប​អាហារ​ដែល​អ្នកទទួល​ទាន​ចូល​ទៅ​មាន​ភាព​មិន​សមស្រប​។ មាន​ប្រភេទ​អាហារ​ជាច្រើន​ដែល​អាច​កាត់បន្ថយ​សារធាតុ​ខ្លាញ់​តាម​បរិវេណ​ចង្កេះ​ ភ្លៅ​ និង​ត្រគាក​បាន​។ ប្រភេទ​អាហារ​ទាំងនោះ​មាន​ដូចជា​ អង្ករ​សំរូប​ ត្រាវ​ ខ្លាញ់ត្រី​ និង​សណ្កែ​កជា​ដើម​។ ក្រៅពី​ទទួលទាន​អាហារ​មានប្រយោជន៍​ហើយ​នោះ​ ឡា​រ៉ែ​ន ក៏​ចង់ឱ្យ​អ្នកពោល​ពាក្យ​លា​ចំពោះ​អាហារ​មួយចំនួន​ដូចជា​ ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ អាហារ​មាន​រសជាតិ​ផ្អែម​ ប៊័រ​ កា​ហ្វេ​អុីន​ និង​អាហារ​ខ្លាញ់​ ចៀន​បំពង​ជាដើម​ ព្រោះ​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ខ្លាញ់​ផ្ទុក​នៅក្នុង​រាងកាយ​របស់​អ្នក​កាន់តែ​ច្រើន​៕

  • នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

    នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

    ចង់ឱ្យគ្រប់គ្នានៅក្នុងគ្រួសារមានសុខភាពល្អរាងស្អាតស្រស់សង្ហាទាំងអស់មែនទេ? ដូច្នេះហើយបានជាម្នាក់ៗ ជាពិសេស ស្ត្រីយើងតែម្តងតែងតែខិតខំចម្រាញ់យកតែអាហារណាដែល មានរសជាតិឆ្ងាញ់ មានប្រយោជន៍ចំពោះសុខភាព តែទន្ទឹមនឹងការហូបចុកល្អ មានអនាម័យហើយនោះលោកអ្នកក៏មិនត្រូវភ្លេចបបួលគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពដែរ ជាពិសេសគឺដើម្បីសម្រកខ្លាញ់ដែលលើសកំណត់នៅក្នុង រាងកាយចេញឱ្យអស់។ មានលំហាត់ប្រាណច្រើនយ៉ាងណាស់ដែលអាចឱ្យអ្នកធ្វើជុំគ្នាដើម្បីសម្រកខ្លាញ់ ហើយវិធីទាំងនោះមានដូចជា៖

    ជិះ​កង់ : មិន​ពិបាក​នោះទេ ឱ្យតែ​មាន​កង់ ចង់​ជិះ​ពេលណា​ក៏បាន ឌុប​គ្នា​ម្តងម្នាក់​ក៏​ចាត់ទុកថា​ជាការ​ហាត់ប្រាណ​ម្នាក់​ម្តង​ដែរ។ ជិះ​កង់​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ លេងៗរយៈពេល​កន្លះ​ម៉ោង​ក៏​កន្លងផុតទៅ​បាត់ទៅហើយ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​ពេលវេលា​នៃ​ការហាត់​ប្រាណ​ក៏​អាច​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ​សម្រាប់​ថ្ងៃនេះ។

    ហែល​ទឹក : ចាត់ទុកថា​ជា​កីឡា​ដែលមាន​ភាពទាន់សម័យ និង​ពេញនិយម​បំផុត​សម្រាប់ មនុស្ស​សម័យនេះ ហើយ​អ្វីដែល​សំខាន់​ជាង នេះទៀត​នោះ​គឺ កីឡា​ប្រភេទ​នេះ មិន​ធ្វើឱ្យ​អ្នក​បារម្ភ​ខ្លាច​ថា​មាន​ញើស​ដែលនាំឱ្យ​មាន​ក្លិន​មិនល្អ​ភាយ​ដាក់​អ្នកផ្សេង​នោះទេ ព្រោះ​នៅក្នុង​ទឹក​ត្រជាក់​ស្រួល​បំផុត​ហើយ។

    ដើរ : មិនចាំបាច់​ត្រូវ​ស្វែងរក​ឧបករណ៍​អី​នោះ ទេ ប្រើតែ​ជើង​ទាំងពីរ​របស់​អ្នក​ក៏​អាចធ្វើឱ្យ​អ្នក និង​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​ កម្ចាត់​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​រាងកាយ​បានដែរ។ នាំ​សមាជិក​នៅក្នុង​គ្រួសារ​របស់​អ្នក​ដើរទៅ​ជាមួយគ្នា​អ្នកនឹង​ទទួលបាន​ទាំង​ការសម្រក​ទម្ងន់ និង​ចំណង​សុភមង្គល ​នៅក្នុង​គ្រួសារ​ថែមទៀត​ផង។

    រត់ : វា​ខុសពី​ការដើរ​ត្រង់​ថា អ្នក​ត្រូវ​ចំណាយ​កម្លាំង​ច្រើនជាង ត្រូវ​មានការ​តាំងចិត្ត​ច្រើនជាង​ខុសពី​ការដើរ​ដែល​អ្នក​អាចធ្វើ​វាលេងៗក៏បាន ប៉ុន្តែ​យ៉ាងណា​លទ្ធផល​ដែល​អ្នកទទួលបាន​ក៏​វា​រហ័ស​ជាង​ការដើរលេងៗដែរ។

    ម៉ាស៊ីន​រត់​ហាត់ប្រាណ : អាច​សម្រក​ទម្ងន់ ដោយ​មិនចាំបាច់​ទៅណា​ឆ្ងាយ រត់​តែមួយ​កន្លែង​ក៏​អាច​ចេញ​ញើស មិនត្រូវ​ការ​រើស​ទីតាំង ឬ​ចំងាយ​ដែល​ត្រូវ​រត់​នោះទេ ទាំងអស់នេះ​គឺជា​ភាពងាយស្រួល​នៃ​ការ​សម្រក​ទម្ងន់​ដោយ​ការ រត់​លើ​ម៉ាស៊ីន។ ក្រៅពី​សកម្មភាព​ហាត់ប្រាណ​ទាំងនេះអ្នក​ក៏​អាច​ជ្រើសរើស​លេង​កីឡាផ្សេងៗដូចជា វាយ​សី លោតអន្ទាក់ និង​ធ្វើ​ការងារ​ក្នុង​សួន​ជាដើម សុទ្ធសឹងតែ​ជា​កីឡា និង​ការងារ​ដែល​អ្នក​អាច​លេង​ជាមួយ​សមាជិក​ក្នុង​គ្រួសារ ដើម្បី​ទទួល បាន​នូវ​ប្រយោជន៍​មួយ​ផ្សេងទៀត​គឺ ការ​សម្រក​ទម្ងន់៕

  • បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

    បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

    សាច់ដុំ​ក្បាលពោះ6កង់ (Six Packs) សាច់ដុំ​ទ្រូង ឬ​សាច់ដុំ​ស្មា​បើក​រីក​ធំ សុទ្ធសឹង​ជា​ក្ដី​ប្រាថ្នា​របស់​សុភាពបុរស​ទាំងឡាយ។ កន្លែង​សាច់ដុំ​ផ្នែក​នៃ​រាងកាយ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​បុរស​មាន​រូបរាង​សង្ហា និង​ទាក់ទាញ។ តើ​អ្នកមាន​បានដឹង​ទេ​ថា នៅពេលដែល​បុរស​និយម​ហាត់ប្រាណ​យក​សាច់ដុំ ធ្វើឱ្យ​បាត់បង់​សារធាតុ​រ៉ែ​នៅក្នុង​រាងកាយ? សារធាតុ​រ៉ែ គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព និង​អនុវត្ត​មុខងារ​ជាច្រើន​នៃ​រាងកាយ។ ដូច្នេះ ទង្វើ​នៃ​ការហាត់​ប្រាណ ធ្វើឱ្យ​សារធាតុ​រ៉ែ​មានការ​ថយចុះ ហើយ​ចុះ​អ្នកត្រូវការ​បំពេញ​សារធាតុ​រ៉ែ​អ្វីខ្លះ​ចំពោះ​រាងកាយ?

    1. កាល់ស្យូម
    តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​របស់​អ្នក គឺ​នៅ​ចន្លោះ800មី​លី្ល​ក្រាម​ទៅ1,300មី​លី្ល​ក្រាម។ ជាតិ​កាល់ស្យូម​មាន​សារៈសំខាន់ សម្រាប់​ការបង្កើត​ភ្នាស​កោសិកា។ អ្នកត្រូវការ​កោសិកា​ទាំងនេះ​សម្រាប់​ការសាងសង់​ឆ្អឹង សាច់ដុំ បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រោយ ឬ​មុនពេល​ហាត់ប្រាណ ត្រូវ​មាន​ទម្លាប់​ទទួលទាន​ទឹកដោះគោ​ស្រស់​មួយ​កែវជា​រៀងរាល់ថ្ងៃ។

    2. ប៉ូ​តា​ស្យូ​ម
    រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រមាណ​ពី2,500មី​លី្ល​ក្រាម​ទៅ4,700មី​លី្ល​ក្រាម​ក្នុង​របប​អាហារ​របស់​ពួកគេ។ ប៉ូ​តា​ស្យូ​ម ជួយ​ក្នុងការ​សាងសង់​សាច់ដុំ រក្សា​ការលូតលាស់​របស់​រាង​កាយ និង​កោសិកា។ សារធាតុ​ប៉ូ​តា​ស្យូ​ម​មាននៅ​ក្នុង​ផ្លែឈើ​ដូចជា ផ្លែ​ចេក ផ្លែ​ប៊័រ និង​ពពួក​សណ្តែក​ជាដើម។ ក្រោយពេល​ហាត់ប្រាណ​រួច អ្នក​អាច​ចម្អែត​ក្រពះ​ដោយ​អាហារ​ទាំងអស់នេះ ជំនួស​ចំណីអាហារ​ក៏បាន។

    3. ផូស្វ័រ
    អ្នកត្រូវការ​ជាតិ​រ៉ែ​ផូស្វ័រ​ប្រមាណ800មី​លី្ល​ក្រាម​ជា​រៀងរាល់ថ្ងៃ។ រ៉ែ​ប្រភេទ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការបង្កើត​ឆ្អឹង និង​ការផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង។ វា​មាននៅ​ក្នុង​អាហារ​ដូចជា គ្រាប់​ធញ្ញជាតិ សណ្ដែកសៀង ផ្លែ​ផា​សិន ល្ហុង និង​ផ្លែ​ស្រកានាគ។

    4. សូ​ដ្យូ​ម
    ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក រាងកាយ​អ្នកត្រូវការ​ជាតិ​សូ​ដ្យូ​ម​ប្រមាណ​ពី1,500មី​លី្ល​ក្រាម​ទៅ2,500មី​លី​ក្រាម។ សារធាតុ​សូ​ដ្យូ​ម ជួយ​ក្នុងការ​គ្រប់គ្រង​បរិមាណ​ជាតិ​ទឹក​សរុប និង​កម្រិត pH នៅក្នុង​រាងកាយ។ វា​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងារ​សរសៃប្រសាទ និង​ការ​កន្ត្រាក់​សាច់ដុំ។ សូ​ដ្យូ​ម មាននៅ​ក្នុង​ប្រភេទ​ទឹករ៉ែ និង​អំបិល។

    5. ម៉ាញ៉េ​ស្យូ​ម
    រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម​ប្រហែល350មី​លី្ល​ក្រាម​ទៅ420មី​ល្លី​ក្រាម នៅក្នុង​របប​អាហារ​របស់​អ្នក។ ជាតិ​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ភ្ញោ​ច​អង់​ហ្ស៊ី​ម និង​គ្រប់គ្រង​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​នៅក្នុង​រាងកាយ។ ម៉ាញ៉េ​ស្យូ​ម មាននៅ​ក្នុង​អាហារ និង​ផ្លែឈើ​ដូចជា ក្រូចឆ្មារ ទឹកដូង ផ្លែទៀប ផ្លែ​ពុទ្រា និង​ផ្លែ​ឈូក​ជាដើម៕

  • អា​ការខុស​ប្រក្រតី3 យ៉ាង​ដែល​អ្នក​មិនគួរ​ហាត់ប្រាណ

    អា​ការខុស​ប្រក្រតី3 យ៉ាង​ដែល​អ្នក​មិនគួរ​ហាត់ប្រាណ

    ការហាត់​ប្រាណ​មិនមែន​សុទ្ធតែជា​រឿង​ល្អ​ទាំងអស់​នោះទេ យើង​គួរតែ​ត្រូវ​ដឹង​អំពី​ស្ថានភាព​របស់​រាងកាយ កាលៈទេសៈ និង​វិធី​ដែល​សមស្រប​សម្រាប់​ការហាត់​ប្រាណ ព្រោះ​បើ​មិន​ដូច្នោះ​ទេ វា​អាច​ហុច​លទ្ធផល​មិនល្អ​ដល់​រាងកាយ​បាន ដូចជា ធ្វើឱ្យ​សាច់ដុំ​រងរបួស ឬ​ភ្លាត់​សន្លាក់ឆ្អឹង​ជាដើម ដូច្នេះហើយ​ទើប​ការហាត់​ប្រាណ​មាន​ចំណុច​គួរ​ប្រុងប្រយ័ត្ន3ចំណុច​ដូចខាងក្រោម ៖

    1/ សីតុណ្ហភាព​របស់​រាង​កាយ៖ ចូរ​សង្កេតមើល​ខ្លួនឯង បើ​មាន​អាការ​គ្រុន​ក្តៅខ្លួន មាន​អាការភាំងៗ និង​ឈឺក្បាល គួរតែ​ពន្យា​រពេល​ក្នុងការ​ហាត់ប្រាណ ព្រោះ​បើ​យើង​នៅតែ​ចេញទៅ​ហាត់ប្រាណ​ទៀត វា​ស្មើនឹង​ការបន្ថែម​កម្តៅដល់​រាងកាយ​ទ្វេដង​ឡើង​ទៀត អាចធ្វើឱ្យ​ខួរក្បាល​ទ្រាំលែងបាន នឹង​កើត​អាការ​ប្រកាច់ ឬ​ខ្យល់គ​ដួល​បាត់ស្មារតី​តែម្តង​ក៏មានដែរ។

    2/ ការ​បន្ទោបង់៖ បើ​មានការ​បត់ជើងធំ​លើសពី 3ដង​ឡើងទៅ ថ្ងៃនោះ​អ្នក​គួរតែ​ផ្អាក​ការហាត់​ប្រាណ​សិ​ន​ទៅ ដោយសារតែ​រាងកាយ​របស់​យើង​បាត់បង់​សារធាតុ Dietary mineral ច្រើនពេក អាចមាន​ផលប៉ះពាល់​ដល់​ការទទួល​ដឹង និង​ការបញ្ជា​របស់សាច់ដុំ​ខុស​ប្រក្រតី។

    3/ ការ​អត់ងងុយ៖ អ្នក​ដែលមាន​ទម្លាប់​ជាមួយ​ការចូល​គេង​ពេលយប់​ជ្រៅ នៅ​ម៉ោង 3-4ភ្លឺ ឬ​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់(អត់ងងុយ) ឬ​សេព​គ្រឿង​ស្រវឹង​ច្រើន ថ្ងៃនោះ​គួរតែ​ផ្អាក​ការហាត់​ប្រាណ​សិន។

    ប្រការ​ហាមឃាត់ផ្សេងៗទាំងនេះ គឺ​ហាម​ដើម្បី​មិនឱ្យ​រាងកាយ​រងរបួស​កាន់​តែ​ខ្លាំង​ឡើងព្រោះ​ផល​អាក្រក់​ដែល​កើត​មកពី​ការហាត់​ប្រាណពេលដែល​រាងកាយ​មា​នស​ភាពមិនប្រក្រតី​នោះ វា​អាក្រក់​ជាង​ការ​នៅ​ស្ងៀម​ទៅទៀត ហើយ​ទាំងអស់​ខាងលើនេះ​គឺជា​មូលហេតុ​មួយទៀត ​ដែល​មនុស្ស​ជាច្រើន​អាច​នឹង​ជួបប្រទះ​រួចមកហើយ​ថា ហេតុអ្វី​បានជា​ពេលខ្លះ យើង​ហាត់ប្រាណ​រួចហើយ​ក៏​នៅតែ​ទន់​ល្វើយ គ្មាន​កម្លាំងកំហែង ឬ​ក៏មាន​អារម្មណ៍​ថា​មិន​ស្រស់ស្រាយ​សោះ​ហ្នឹងឯង៕