Tag: ស្វាយ

  • គ្រាន់តែ​បណ្តុះ​កូន​ស្វាយ​លក់​ ក៏អាច​រកបាន​ប្រាក់​ជាង​ 20លាន​រៀល​ដែរ​ក្នុង​ 1ឆ្នាំ​

    គ្រាន់តែ​បណ្តុះ​កូន​ស្វាយ​លក់​ ក៏អាច​រកបាន​ប្រាក់​ជាង​ 20លាន​រៀល​ដែរ​ក្នុង​ 1ឆ្នាំ​

    ថ្វី​ដ្បិតតែ​កម្ពុជា​បាន​អភិវឌ្ឍ​ និង​ជំរុញ​ឱ្យ​មាន​វិស័យ​ឧស្សាហកម្ម​ច្រើន​នៅ​ទូទាំង​ប្រទេស​ក៏ដោយ​ ក៏​វិស័យ​កសិកម្ម​នៅតែ​ដើរតួ​នាទី​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​ខ្មែរ​។ ដី​ដាំដំណាំ​នៅសល់​យ៉ាងច្រើន​តាម​តំបន់ជនបទ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​យើង​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទាញ​យក​ផលប្រយោជន៍​តាមរយៈ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ទៅតាម​លក្ខណៈ​ និង​សណ្ឋានដី​។

    នៅក្នុងចំណោម​ដំណាំ​ហូប​ផ្លែ​ទាំងអស់​ ស្វាយ​ ជា​ប្រភេទ​ដើមឈើ​ហូប​ផ្លែ​ដែលគេ​សង្កេតឃើញ​មាន​ច្រើនជាង​គេ​នៅក្នុង​ប្រទេស​យើង​ មិនថា​នៅ​តំបន់ជនបទ​ ឬនៅ​តាម​លំនៅឋាន​ក្នុង​បុរី​ ឬនៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​នោះ​ទេ​ ប្រជាជន​ខ្មែរយើង​តែង​និយម​ដាំ​ដើម​ស្វាយ​នៅក្នុង​ផ្នែក​ណាមួយ​ក្នុង​របង​ផ្ទះ​ ព្រោះ​វា​ងាយ​ថែទាំ​ ទទួល​បានផល​ច្រើន​ មាន​សោភណភាព​ល្អ​ មាន​ម្លប់ត្រជាក់​ និង​ជា​ប្រភេទ​ផ្លែឈើ​ដែល​អាច​ទទួលទាន​បាន​ទាំង​ខ្ចី​ និង​ទុំ​ ហើយ​បើសិន​សម្បូរ​ច្រើន​ហូប​មិន​អស់នោះ​ គេ​ថែមទាំង​អាច​កែច្នៃ​វា​ធ្វើជា​ដំណាប់​សម្រាប់​រក្សាទុក​ហូប​បាន​យូរ​ទៀតផង​។

    លោក​ សុធា​ កសិករ​រស់នៅ​ឃុំ​ព្រែករៃ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ក៏​ប្រកបរបរ​រកស៊ី​ពាក់ព័ន្ធ​នឹង​ដំណាំ​ហូប​ផ្លែ​ដ៏​មាន​ប្រជាប្រិយ​នេះ​ដែរ​ ដោយ​លោក​បានឱ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​របស់​លោក​បាន​ចាប់​យក​អាជីព​បណ្តុះ​កូន​ស្វាយ​លក់​ជាមុ​ខរ​បរ​បន្ថែម​អស់​រយៈពេល​ជាង​ 5ឆ្នាំ​មក​ហើយ​ ព្រោះ​មុខរបរ​នេះ​បាន​ជួយ​គ្រួសារ​លោក​ឱ្យ​រកបាន​ចំណូល​បន្ថែម​ច្រើន​គួរសម​ដែរ​សម្រាប់​ចិញ្ចឹមជីវិត​ក្នុង​ជីវភាព​មធ្យម​ ពោល​គឺ​មិន​មាន​ខ្លាំងពេក​ តែ​ក៏​មិន​លំបាក​ណាស់​ដែរ​ ព្រោះ​ស្វាយ​ជា​ផ្លែឈើ​ដែល​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​ ហេតុនេះ​ជាមធ្យម​ប្រសិនបើ​មាន​ទីផ្សារ​ថេរ​ល្អ​រហូត​ លោក​អាច​រកចំណូល​បាន​ប្រមាណ​ជាង​ 20លាន​រៀល​ដែរ​ក្នុង​ 1ឆ្នាំ​។

    កសិករ​អ្នកចាប់​យក​អាជីព​បណ្ដុះ​កូន​ស្វាយ​លក់​ខាងលើ​បានឱ្យ​ដឹងផង​ដែរ​ថា​ មុននឹង​បណ្តុះ​កូន​ស្វាយ​ យើង​ត្រូវ​ជ្រើសរើស​យក​ពូជ​ស្វាយ​ណា​ដែល​មាន​ផ្លែ​ធំៗ​ល្អ​ ដោយ​យក​គ្រាប់​របស់​វា​មក​ត្រាំ​ក្នុងទឹក​រយៈពេល​ 1យប់​។ បន្ទាប់មក​ទើប​យើង​យក​គ្រាប់ស្វាយ​នោះ​ទៅ​ដាក់​បណ្តុះ​នៅក្នុង​ដី​ដែល​យើង​បាន​រៀបចំ​ទុកជា​ស្រេច​ និង​មាន​ជីវជាតិ​គ្រប់គ្រាន់​។ ក្រោយពេល​កូន​ស្វាយ​ដុះឡើង​បាន​កម្ពស់​ប្រមាណ​ជា​ 20សង់ទីម៉ែត្រ​ យើង​អាចយ​កវា​ច្រកចូល​ក្នុង​កន្ទោង​ដែល​មាន​ដី​នៅ​ខាងក្នុង​ ដោយ​ដាក់​ឱ្យ​កូន​ស្វាយ​ដែល​ទើប​បណ្ដុះ​បាន​នោះ​នៅ​ផុត​ពី​ដី​ក្នុង​កន្ទោង​(គ្រាប់​នៅក្នុង​ដី​ក្នុង​កន្ទោង​) ហើយ​ត្រូវ​យក​ទៅ​ទុក​នៅក្នុង​កន្លែង​ដែល​កុំឱ្យ​ត្រូវ​ពន្លឺថ្ងៃ​ខ្លាំងពេក​។ ការ​រក្សាទុក​កូន​ស្វាយ​នៅក្នុង​កន្ទោង​នេះ​ គឺ​មាន​រយៈពេល​ 15ថ្ងៃ​ ដោយ​នៅក្នុង​ទីតាំង​នោះ​គួរ​ដាក់​ស្បៃ​នីឡុង​ខៀវ​បាំង​គ្រប​ពីលើ​ ហើយ​ត្រូវ​ស្រោចទឹក​ព្រឹក​-ល្ងាច​ឱ្យ​ជោក​ល្អ​ផង​។ ក្រោយពេល​វា​ដុះ​លូតលាស់​ធំ​ល្អ​ហើយ​ រយៈពេល​ 3ខែក្រោយ​យើង​អាច​លក់​ចេញ​បាន​ក្នុង1ដើម​តម្លៃ​ប្រមាណ​ 5,000រៀល​ ទៅ​ 6,000រៀល​។

    ចំពោះ​ថ្លៃ​ទូទាត់​លើ​ការ​ចំណាយ​វិញ​ ក្នុង​មួយ​ដើម​ៗចាប់តាំងពី​ពេល​ដាក់​បណ្ដុះ​រហូតដល់​ពេល​លក់​ចេញ​បាន​ យើង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា​ 3,000រៀល​ ដូច្នេះ​យើង​បាន​ចំណេញ​ប្រហែលជា​ 2,000រៀល​ដែរ​ក្នុង​មួយ​ដើម​។ ហើយ​ការ​ចំណេញ​បាន​តិច​ ឬបាន​ច្រើន​ គឺ​អាស្រ័យ​លើ​ចំនួន​កូន​ស្វាយ​ដែល​យើង​បណ្តុះ​បាន​ ព្រោះ​បើ​យើង​បណ្តុះ​កាន់តែ​ច្រើន​ ការ​ចំ​ណាយ​ផ្សេង​ៗនឹង​កាន់តែ​អាច​សន្សំសំចៃ​បាន​ច្រើន​(ចំណាយ​កាន់តែ​តិច​) ព្រោះ​បើ​យើង​ទិញ​ច្រើន​ តម្លៃនឹង​ធូរ​ជាង​ទិញ​តិចតួច​។

    ចំពោះ​ទីផ្សារ​វិញ​ លោក​ សុធា​ ប្រាប់​ថា​ មិន​លំបាក​ពេក​នោះ​ទេ​ ព្រោះ​ឥឡូវនេះ​អតិថិជន​បាន​ស្គាល់​ទីតាំង​របស់​លោក​ និង​មាន​អ្នកខ្លះ​បាន​ប្រាប់​តៗ​គ្នា​ ដែល​ធ្វើ​ឱ្យ​មាន​អ្នក​មក​ទិញ​ដល់​ផ្ទះ​អស់​ៗតែម្តង​ មិន​លំបាក​ដឹក​ដើរ​លក់​នោះ​ទេ​។

    យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តកណ្តាល​ បានឱ្យ​ដឹង​ថា​នៅ​ទូទាំង​ខេត្ត​ មាន​ដំណាំ​ស្វាយ​ប្រមាណ​ជាង​ 6,000ហិ​កតា​ហើយ​នៅ​ឆ្នាំនេះ​ការ​ដាំ​ដើម​ស្វាយ​មានការ​កើនឡើង​ប្រមាណ​ជា​ 1ពាន់​ហិ​កតា​ហើយ​។ ចំពោះ​ប្រភេទ​ស្វាយ​ដែល​ប្រជាជន​ចូលចិត្ត​ដាំ​ច្រើនជាង​គេ​ គឺ​ស្វាយកែវ​រមៀត​ ដោយ​ក្នុង​មួយ​ដើម​ ស្វាយ​ប្រភេទ​នេះ​អាច​ផ្តល់​ផល​ជាមធ្យម​បាន​ប្រមាណ​ជា​ 80គីឡូក្រាម​៕

  • តម្លៃស្វាយកែវរមៀតងើបឡើងវិញបន្តិច ខណៈរដូវប្រមូលផលជិតផុត

    តម្លៃស្វាយកែវរមៀតងើបឡើងវិញបន្តិច ខណៈរដូវប្រមូលផលជិតផុត

    ក្រោយពីធ្លាក់ថ្លៃយ៉ាងគំហុកកាលពីពាក់កណ្តាលរដូវ មកទល់ពេលនេះតម្លៃផ្លែស្វាយកែវរមៀតចាប់ផ្តើមងើបឡើងវិញបន្តិច ប៉ុន្តែយ៉ាងណានោះ វាហាក់ដូចជាហួសពេលទៅហើយដោយសារការប្រមូលផលជិតផុតរដូវកាល។

    កសិករម្នាក់ក្នុងចំណោមកសិករជាច្រើន ដែលដាំស្វាយនៅក្នុងភូមិលេខ5 ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល អ្នកស្រី ទោ ប៊ុនថា បានផ្តល់បទសម្ភាសថា តម្លៃស្វាយកាលពីដើមដៃ គឺប្រហាក់ប្រហែលគ្នានឹងឆ្នាំកន្លងទៅដែរ ប៉ុន្តែស្វាយបានធ្លាក់ថ្លៃយ៉ាងខ្លាំង កាលពីពាក់កណ្តាលដៃ បន្ទាប់ពីឈ្មួញវៀតណាមទទួលទិញស្វាយពីកម្ពុជាមានចំនួនកំណត់។ ប៉ុន្តែ ពេលនេះស្វាយហាក់ចាប់ផ្តើមមានហាងឆេងគ្រាន់បើបន្តិចវិញ ដោយឈ្មួញវៀតណាមបានចុះមកទិញដល់ចម្ការតែម្តង ហើយថែមទាំងបេះ និងដឹកជញ្ជូនដោយខ្លួនឯងទៀតផង ម្ចាស់ចាំតែថ្លឹង និងគិតរាប់ប្រាក់តែប៉ុណ្ណោះ។

    ម្ចាស់ចម្ការរូបនេះបានប្រាប់ថា ផ្លែស្វាយកែវរមៀតគេបែងចែកជា3ប្រភេទ ដែលកាលពីដើមដៃ ប្រភេទលេខ1 ក្នុង1គីឡូក្រាម តម្លៃ1,800រៀល លេខ2ក្នុង1គីឡូក្រាម 1,200ទៅ1,300រៀល និងប្រភេទលេខ3 បាន 800រៀលក្នុង 1គីឡូក្រាម ហើយជាង 90ភាគរយ ត្រូវបានឈ្មួញនាំទៅលក់បន្តនៅប្រទេសវៀតណាម។ លុះពាក់កណ្តាលដៃ ស្វាយស្រាប់តែធ្លាក់ថ្លៃហៅលែងឮតែម្តង ដោយ1គីឡូក្រាមបានត្រឹមតែជាង 200ទៅ 400រៀលប៉ុណ្ណោះ ហើយបេះយកទៅលក់ខ្លួនឯងទៀត ធ្វើឱ្យអ្នកដាំអស់សង្ឃឹមយ៉ាងខ្លាំងដោយសារការខាតបង់ ប៉ុន្តែមកដល់ចុងដៃនេះតម្លៃស្វាយបានឡើងថ្លៃគ្រាន់បើបន្តិចវិញ ដោយអាលេខ 1ក្នុង 1គីឡូក្រាមតម្លៃចន្លោះពី 1,200ទៅ 1,300រៀល និងលេខ2 បាន 600រៀលដែរក្នុង 1គីឡូក្រាម។

    អ្នកស្រីក៏បានបន្ថែមដែរថា គាត់មានចម្ការស្វាយចំនួន 2កន្លែង ហើយកាលពីឆ្នាំកន្លងទៅ សល់បាន 6ទៅ 7ពាន់ដុល្លារដែរក្នុង1ឆ្នាំ ប៉ុន្តែឆ្នាំនេះមិនបានដូចឆ្នាំមុនទេ ហើយបើកុំតែចុងដៃនេះឡើងថ្លៃបានបន្តិចវិញនោះ កុំអីប្រាកដជាខាតធ្ងន់ហើយ។ ម្ចាស់ចម្ការខាងលើប្រាប់ថា ស្វាយកែវរមៀតត្រូវចំណាយចាប់តាំងពីដាំ រហូតដល់បានផលត្រូវប្រើរយៈពេល3ឆ្នាំ ចំណែកឯការដាំវិញ គឺត្រូវជីករណ្តៅដាំឃ្លាតពីគ្នាចម្ងាយពី6ទៅ7ម៉ែត្រ និងដាក់ជីលាមកគោបន្តិច ហើយបើខែប្រាំងរាំងស្ងួត 1ខែទៅ2ខែត្រូវបូមទឹកស្រោចម្តង។ ចំពោះការបាញ់ថ្នាំវិញនោះ គឺមិនមែនបាញ់បង្ខំឱ្យផ្លែនោះទេ គឺបាញ់ដើម្បីសម្លាប់សត្វល្អិត ដង្កូវឌួង និងឱ្យកាន់ផ្កានៅពេលមានភ្លៀងប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ គេនិយមច្រកផ្លែស្វាយក្នុងថង់ក្រដាសដើម្បីឱ្យផ្លែវាពណ៌សល្អ ព្រោះលក់បានតម្លៃថ្លៃជាងស្វាយធម្មតា និងអាចការពារកុំឱ្យសត្វល្អិតទិចទៀតផង ហើយបើយើងថែវាល្អក្នុង1ឆ្នាំអាចទទួលផលបានដល់ទៅ3ដងឯណោះ។


    ចំណែកឯស្ត្រីជនជាតិវៀតណាមម្នាក់ដែលជាឈ្មួញចូលមកទិញស្វាយក្នុងចំណោមឈ្មួញដ៏ទៃទៀតក៏បានប្រាប់ដែរថា ទើបតែជាង20ថ្ងៃមកនេះទេដែលខាងវៀតណាមអនុញ្ញាតឱ្យស្វាយខ្មែរចូលដោយអនុញ្ញាតឱ្យដឹកឡានចូល (កាលពីកណ្តាលដៃអនុញ្ញាតឱ្យដឹកតែតាមម៉ូតូ) ទើបស្វាយបានថ្លៃឡើងវិញនេះ។ កាលពីមុនគេមិនឱ្យចូលទេដោយប្រាប់ថា ស្វាយខ្មែរមិនទាន់បានចុះបញ្ជីការត្រឹមត្រូវ ក្រោយមកឱ្យចូលដែរតែកំណត់ឱ្យដឹកតែតាមម៉ូតូប៉ុណ្ណោះ ជាហេតុធ្វើឱ្យស្វាយចុះថ្លៃ តែឥឡូវវៀតណាមអនុញ្ញាតវិញហើយ ទើបអ្នកស្រីអាចចូលមកទិញវិញបាន ដោយក្នុង1ថ្ងៃអាចប្រមូលទិញបានប្រមាណ30តោនដែរ ព្រោះតែស្វាយក៏ជិតផុតរដូវហើយដែរ និង1គីឡូក្រាមសម្រាប់ស្វាយលេខ1ទិញក្នុងតម្លៃ1,300រៀល និងលេខ2ថ្លៃ600រៀល និងដឹកចេញតាមច្រកព្រំដែនចក្រី ខេត្តព្រៃវែង។ ដែលក្នុង1ថ្ងៃៗ អ្នកស្រីត្រូវចំណាយលុយជាង2លានរៀលទៅលើកម្មករបេះស្វាយ និងដឹកជញ្ជូនឡើងពីចម្ការ ព្រមទាំងរើស និងរៀបស្វាយដាក់ចូលកេស៕

  • តម្លៃស្វាយធ្លាក់យ៉ាងគំហុកធ្វើឱ្យកសិករដេកថ្ងូរដូចព្រាប

    តម្លៃស្វាយធ្លាក់យ៉ាងគំហុកធ្វើឱ្យកសិករដេកថ្ងូរដូចព្រាប

    កសិករដាំស្វាយនៅខេត្តព្រៃវែង បាននាំគ្នារអ៊ូរទាំ ខណៈដល់រដូវប្រមូលផលឆ្នាំនេះ បែរជាផ្លែស្វាយធ្លាក់ថ្លៃចុះយ៉ាងគំហុក មិនធ្លាប់មាន មកនៅត្រឹម 200រៀលក្នុង មួយគីឡូក្រាម ខណៈកាលពីឆ្នាំទៅ ផ្លែស្វាយមានតម្លៃដល់ 2000រៀលក្នុងមួយគីឡូក្រាម។

    លោក យុង ឃួន កសិករដាំស្វាយនៅភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា មិនត្រឹមតែមិនបានផលចំណេញសម្រាប់ឆ្នាំនេះប៉ុណ្ណោះទេ តែគ្រួសារគាត់ខាតបង់លុយអស់ប្រមាណជា 2000ដុល្លារទៀត ក្នុងការចំណាយថ្លៃថែទាំ បាញ់ថ្នាំ ដាក់ជី និងចំណាយលើកម្លាំងពលកម្មផ្សេងៗ ដែលដាំនៅលើផ្ទៃដីទំហំត្រឹមតែកន្លះហិកតាប៉ុណ្ណោះ។

    លោកបន្តទៀតថា ការធ្លាក់ថ្លៃនេះបណ្តាលមកពីឈ្មួញនៅប្រទេសវៀតណាម និងប្រទេសថៃ មិនសូវមានតម្រូវការទិញដូចឆ្នាំមុនៗ ដែលធ្វើឲ្យកសិករនានាមិនថាតែគ្រួសារគាត់នោះទេដែលត្រូវខាតបង់ច្រើន អ្នកខ្លះចំណាយទុនដាំស្វាយលើផ្ទៃដី 10ហិកតា ទៅ 30ហិកតា គឺខាតលុយរាប់ម៉ឺនដុល្លារ ប្រឈមនឹងការធ្វើចំណាកស្រុក និងការជំពាក់បំណុលធនាគារដោះស្រាយមិនរួចទៀតផង។ មិនតែប៉ុណ្ណោះអ្នកដែលម៉ៅចម្ការពីគេយកចំណេញតគ្នា គឺរឹតតែខាតបង់ធ្ងន់ទៅទៀត ដោយសារត្រូវចំណាយទុនទ្វេដងដែលពួកគាត់សុទ្ធសឹងតែចងការប្រាក់ពីធនាគារយកមកចំណាយក្នុងអាជីវកម្មរបស់ខ្លួន។

    លោក ផុន ប៉ូច កសិករដាំស្វាយម្នាក់ទៀតបានត្អូញត្អែរដែរថា ឆ្នាំនេះកសិករដាំស្វាយខាតច្រើនព្រោះធ្លាក់ថ្លៃជាងឆ្នាំមុនខ្លាំង ហើយថាប្រសិនបើតម្លៃផ្លែស្វាយនៅថេរត្រឹម 700រៀលទៅ 1000រៀលក្នុងមួយគីឡូក្រាមនោះ ក៏អាចអាចទទួលបានប្រាក់ចំណេញខ្លះដែរ តែឆ្នាំនេះតម្លៃផ្លែស្វាយធ្លាក់ចុះពី 2000រៀល ដល់200រៀលក្នុងមួយគីឡូក្រាម ធ្វើឱ្យគ្រួសារគាត់ត្រូវខាតបង់ថវិកាធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា «ដើមស្វាយ បើយើងគ្រាន់តែដាក់ដាំពីតូចមកដល់ធំបានទទួលផលគឺរយៈពេលចាប់ពី 3ឆ្នាំទៅ 5ឆ្នាំ តាមសណ្ឋានដីមានជីវជាតិល្អ ឬមិនសូវល្អ ដោយគ្រាន់តែដាក់ដាំចោល និងធ្វើរបងកុំឲ្យសត្វគោក្របីចូលស៊ីជាការស្រេច។ តែយើងត្រូវចំណាយថែទាំ ពេលស្វាយដល់អាយុដោយត្រូវដាក់ជី បាញ់ថ្នាំជំរុញឱ្យឆាប់ផ្លែ បាញ់ថ្នាំការពារសត្វល្អិត និងចំណាយលើពលកម្មសរុបក្នុងដីមួយហិកតាចំណាយអស់ចាប់ពី 1500ដុល្លារ ទៅ2000ដុល្លារ» ។

    លោកថា ដើមស្វាយផ្តល់ផលក្នុងមួយហិកតាជាមធ្យមបានចន្លោះចាប់ពី 10តោន ទៅ15តោន តែស្វាយផ្លែខុសរដូវក្នុងអំឡុងខែកុម្ភៈ ឬមីនាលក់បានថ្លៃគួរសម តែបើផ្លែក្នុងខែមេសា និងឧសភាវិញ គឺតម្លៃស្វាយនឹងចុះថោក និងប្រឈមនឹងការគ្មានឈ្មួញមកទិញទៀតផង។

    លោក ប៊ុន ម៉ាញ មានទីលំនៅឃុំកំពង់ពពិល ស្រុកពារាំងដែលជាឈ្មួញទិញស្វាយបានឲ្យដឹងថា ខ្លួនបានទិញស្វាយជាប្រចាំជួនកាលយកទៅលក់នៅភ្នំពេញ ជួនកាលយកទៅលក់នៅវៀតណាមពោលគឺលក់ចល័ត តែពេលនេះមិនចង់ទិញស្វាយពីកសិករទេ ព្រោះយកទៅលក់បានថោក ហើយថៅកែវៀតណាមគេទិញតិចណាស់។ ដោយកាលពីមុនគេទិញពីឈ្មួញកណ្តាល ក្នុងមួយថ្ងៃចាប់ពី 30តោន ទៅ 40តោន តែឥឡូវមួយថ្ងៃគេទិញតែ 5តោន ទៅ10តោនប៉ុណ្ណោះ និងរើសយកតែផ្លែល្អៗទៀតផង។

    ជុំវិញការលើកឡើងខាងលើលោក នង សំហឿង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានផ្តល់សម្ភាសន៍ដល់អ្នកកាសែតយើងថា ផ្លែស្វាយធ្លាក់ថ្លៃ ដោយសារមកពីវៀតណាមមិនទទួលទិញហើយបើទិញក៏តិចតួចដែរ។ ចំណែកទីផ្សារប្រទេសថៃក៏ដូចវៀតណាមដែរ ជួនទិញជួនអត់ ហើយផ្លែស្វាយពេលវាជន់ម្ដងៗគឺធ្លាក់ថ្លៃបែបនេះហើយ។ លោកបញ្ជាក់ថាទាំងវៀតណាម និងថៃគឺទិញយកទៅប្រទេសចិនដូចគ្នា តែមិនយូទេស្វាយនឹងឡើងថ្លៃវិញហើយ ហេតុនេះសូមបងប្អូនកសិករយើងកុំបាក់ទឹកចិត្តក្នុងការដាំដុះ ឬប្រកបអាជីវកម្មរបស់ខ្លួនអី៕