Tag: ស្វាយចន្ទី

  • កម្ពុជា ​គឺជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទីឆៅ​ធំលំដាប់​ទីពីរ​របស់​ វៀតណាម

    កម្ពុជា ​គឺជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទីឆៅ​ធំលំដាប់​ទីពីរ​របស់​ វៀតណាម

    វៀតណាម​បាន និង​កំពុង​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​យ៉ាង​ច្រើន​ពី​ទីផ្សារ​ធំៗ​ចំនួន 5 រួម​មាន កូតឌឺវ័រ កម្ពុជា នីហ្សេរីយ៉ា ហ្គាណា និង​ តង់សានី​។

    គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ កម្ពុជា និង​ កូតឌឺវ័រ​ បាន​នាំ​ចូល​ទីផ្សារ​វៀតណាម គ្រប​ដណ្ដើប់​ប្រមាណ 57.5% ធៀប​នឹង​តម្លៃ​សរុប​នៃ​ការ​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទីរ​ឆៅ​របស់​ វៀតណាម នៅ​ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023។ ក៏ប៉ុន្តែ ការ​នាំ​ចូល​នេះ​មាន​ការ​ប្រែប្រួល​ ដោយ​សារ វៀតណាម កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​មួយ​មុខ​នេះ​ពី​ កម្ពុជា និង តង់សានី ហើយងាក​ទៅ​បង្កើន​ការ​នាំ​ចូល​ពី​ កូតឌឺវ័រ នីហ្សេរីយ៉ា និង​ ហ្គាណា​។

    ជាក់​ស្ដែង បរិមាណ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល វៀតណាម ​នាំ​ចូល​ពី កូតឌឺវ័រ​ គឺមាន​រហូត​ដល់​ 850 ពាន់​តោន ដែល​មាន​តម្លៃ​ 919.3 លាន​ដុល្លារ​អាម៉េរិក​ ដោយបរិមាណ​​កើន​ 86.6% និង​តម្លៃសរុប​កើន 56.7% បើ​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

    គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ វៀតណាម នាំ​ចូល​ពី​ កម្ពុជា ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ បាន​ថយ​ចុះ​នៅ​ត្រឹម​ 613.2 ពាន់​តោន​ ដែល​មាន​តម្លៃ​ 835.3 លាន​ដុល្លារ​អាម៉េរិក​ ពោល​គឺ​ បរិមាណ​បាន​ថយ​ចុះ 13.8% និង​តម្លៃសរុប​បាន​ថយ​ចុះ 23.3%​។ ទោះជា​យ៉ាង​នេះ​ក៏​ដោយ កម្ពុជា នៅ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ វៀតណាម បន្ទាប់​ពី កូតឌឺវ័រ​។

    លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា

    លោក ស៊ុយ កុកធាន អនុប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា បាន​ឱ្យ​ដឹង​ថា ទីផ្សារនាំ​ចេញ​​គ្រាប់ស្វាយ​ចន្ទី​មិន​ទាន់​កែ​ច្នៃ​ធំបំផុត​របស់​ កម្ពុជា គឺ​ វៀតណាម​ ដោយសារ​ទីផ្សារ​នេះ​បាន​​រួម​ចំណែក​ជាង 90%។ ចំណែក​ កម្ពុជា​ វិញ ក៏​ជា​អ្នក​ផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទី​ឆៅ​ធំជាង​គេ​បង្អស់​ របស់​ វៀតណាម​ ​ប្រចាំនៅ​អាស៊ី​អាគ្នេយ៍​​៕

  • ស្រ្តីមានផ្ទៃពោះឃ្លានញឹកញាប់ គួរញ៉ាំអ្វីក្រៅពីពេលបាយ?

    ស្រ្តីមានផ្ទៃពោះឃ្លានញឹកញាប់ គួរញ៉ាំអ្វីក្រៅពីពេលបាយ?

    អាហារក្រៅពីពេលបាយសម្រាប់ស្រ្តីមានផ្ទៃពោះ តើគួរទទួលទានអ្វីល្អដើម្បីជួយបំប៉នរាងកាយរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ? ខាងក្រោមនេះគឺ អាហារ 5យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន…។

    1 . នំឃុកគី ឬនំខ្រេកគើរ : សម្រាប់ស្រ្តីមានផ្ទៃពោះ នំឃុកគីដែលចង់ណែនាំគឺ នំពពួកស្រូវអូក ឬនំឃុកគីដែលលាយជាមួយធញ្ញជាតិផ្សេងៗ ដូចជា អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី ព្រោះស្រ្តីមានផ្ទៃពោះនឹងបានទទួលគុណប្រយោជន៍ខាងអាហារពីម្សៅនៅក្នុងអង្ករស្រូវអូក រួមទាំងប្រូតេអ៊ីនពីគ្រាប់សណ្ដែក ឬធញ្ញជាតិប្រភេទផ្សេងៗទៀតផង។

    2 . អាហារប្រភេទស៊ីរៀល : ស៊ីរៀលជាអាហារដែលផ្ដល់កម្លាំងថាមពល និងហ្វូលេតខ្ពស់ មានវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់ស្រ្តីមានគភ៌ ជាពិសេសក្នុងអំឡុងពេលចាញ់កូន ញ៉ាំអ្វីមិនសូវបាន។

    3 . យ៉ាអួ : ស្រ្តីមានគភ៌អាចជ្រើសរើសទទួលទានទឹកដោះគោជូរ ឬយ៉ាអួក្រៅពីពេលអាហារចម្បងៗបានពេលមានអារម្មណ៍ថាខ្លួនឯងឃ្លាន ដោយសារតែនៅក្នុងយ៉ាអួមានកាល់ស្យូមដែលជាផ្នែកសំខាន់ក្នុងការសាងឆ្អឹង និងធ្មេញឱ្យរឹងមាំទាំងសម្រាប់កូនតូចក្នុងផ្ទៃ និងអ្នកម្ដាយខ្លួនឯង។

    4 . បន្លែ និងផ្លែឈើ : បន្លែ និងផ្លែឈើ គឺជាអ្វីដែលស្រ្តីមានផ្ទៃពោះគួរទទួលទានយ៉ាងមិនអាចចៀសវាងបាន ជាពិសេសបំផុតផ្លែលម៉ើ ស្រកានាគ ផ្លែល្ហុងទុំ ផ្លែប៉ោម ម្នាស់ បន្លែពណ៌បៃតងចាស់ ប៉េងប៉ោះ-ល- ដើម្បីឱ្យរាងកាយបានទទួលវីតាមីន និងសារធាតុរ៉ែយ៉ាងគ្រប់គ្រាន់ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រឆាំងជំងឺឱ្យរឹងមាំឡើង៕

  • ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ថ្មី សម្រាប់​ផលិតកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី

    ក្រសួង​ជំរុញ​អនុវត្ត​គោលនយោបាយ​ថ្មី សម្រាប់​ផលិតកម្ម​នាំចេញ​គ្រាប់ស្វាយចន្ទី

    ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​បង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល និង​ការនាំចេញ​គ្រាប់ស្វាយចន្ទី ដោយលោក ចាន់ រ៉ាស៊ី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​អ្នកដឹកនាំ​ក្រុមការងារ​ដែល​ទើប​បង្កើត​ថ្មី​នេះ នឹងធ្វើ​ការសិក្សា ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ជាការ​បណ្តាក់ទុន​ខាង​វិស័យ​កសិកម្ម ។

    សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា៖ “ក្រុម​នេះ​មាន​សមាសភាព 13រូប មកពី​ក្រសួងពាណិជ្ជកម្ម និង​អង្គការ​សង្គម​ស៊ីវិល។ ក្រុមការងារ​បច្ចេកទេស នឹង​សម្របសម្រួល​ផែនការ សកម្មភាព កិច្ចប្រជុំ​ផ្តល់យោបល់​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី និង​សិក្ខាសាលា​ពិគ្រោះ​យោបល់ សិក្សា​ស្រាវជ្រាវ សែ្វ​ងរ​កដៃ​គូ និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គោលបំណង​បង្កើត​គោលនយោបាយ​គ្រាប់ស្វាយចន្ទី​កម្ពុជា”។

    យោងតាម​សេចក្តីថ្លែងការណ៍ ដែល​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី25 ខែកុម្ភៈ បានឱ្យដឹងថា ព័ត៌មាន​ប្រមូលបាន នឹង​ត្រូវបាន​បញ្ចូល​ស​ម្រា​ប់​ការរៀបចំ​គោលនយោបាយ សម្រាប់​ដំណាំ​នៅ​កម្ពុជា។ ក្រុមការងារ​ត្រូវបាន​ចាត់​ឱ្យធ្វើ​ការសិក្សា និង​ស្រាវជ្រាវ ដើម្បី​ប្រមូល​ព័ត៌មាន ទាក់ទង​នឹង​ខ្សែចង្វាក់​ផលិតកម្ម​គ្រាប់ស្វាយចន្ទី ស្វែងរក​ធាតុ​ចូលសម្រាប់ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ លើ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​ទៀតផង។

    បន្ទាប់ពី​ចងក្រង​ព័ត៌មាន​រួចហើយ សេចក្តីព្រាង​គោលនយោបាយ នឹងត្រូវ​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត មុនពេល​អនុវត្ត​ជា​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា។ ក្រុម​នេះ​ក៏​នឹង​រៀបចំ​សិក្ខាសាលា និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​ស្វាយចន្ទី និង​ឧស្សាហកម្ម​កសិកម្ម​ដទៃ​ទៀតផង​ដែរ។

    សេចក្តីព្រាង​គោលនយោបាយ​នេះ ត្រូវបាន​អនុវត្ត ពីព្រោះ​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ទោះយ៉ាងណា​ក្ដីដោយសារតែ​ការអភិវឌ្ឍ​ដំណាំ​កសិផល​នេះ កង្វះ​ដំណើរការ​ខាង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឆៅ​នៅក្នុង​ស្រុក ហើយ​គ្រាប់​ឆៅ​នេះ នៅតែ​សំខាន់​សម្រាប់​ការនាំចេញ និង​ត្រូវការ​បណ្តាក់ទុន​ឱ្យបាន​ពេញលេញ​ផងដែរ។

    ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា មន្ត្រី​មកពី​នាយកដ្ឋាន​នេះ នឹងចូលរួម​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ថ្មី។

    លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម​មានប្រសាសន៍​ថា៖“យើង​កំពុងធ្វើការ ដើម្បី​ជំរុញ​ការផលិត​គ្រាប់ស្វាយចន្ទី​នៅក្នុង​ប្រទេស ដូច្នេះ​ការធ្វើការងារ​ជាមួយ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​ក្រសួងកសិកម្ម​នឹងចូលរួម​ជាមួយ​ចំណេះដឹង​ខាង​បច្ចេកទេស”។

    លោក​បន្ថែមថា តម្លៃ​គ្រាប់ស្វាយចន្ទី បច្ចុប្បន្ន​គឺ 1.25 ទៅ 1.5ដុល្លារ​ក្នុង 1គីឡូក្រាម អាស្រ័យ​លើ​គុណភាព​នៃ​គ្រាប់ ដោយ​ការផលិត​គ្រាប់ស្វាយចន្ទី​នៅតែ​រំពឹងថា នឹងមាន​កំណើន​ល្អ នៅ​ឆ្នាំ2020។

    យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បានឱ្យដឹងថា ប្រទេស​កម្ពុជា បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន 202,318តោន​កាលពី​ឆ្នាំមុន ទៅកាន់​ទីផ្សារ​បរទេស​កើនឡើង ជិត 100% ពី​ចំនួន 101,973 តោន​ក្នុង​ឆ្នាំ2018។

    ដូច្នេះ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ បាន​ដល់​ទៅ​ជាង 20ម៉ឺន​តោន ពោលគឺ ច្រើនជាង​ការនាំចេញ​ឆ្នាំ2018 ដល់​ទៅ 2ដង។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    កាលពី​ឆ្នាំ2018 សមាគម​ស្វាយចន្ទី​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួងកសិកម្ម​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​របស់​កម្ពុជា ឱ្យបាន​ដល់ 1លាន​តោន​នៅ​ឆ្នាំ2028។ តាមរយៈ​អនុស្សរណៈ​នេះ គេ​ត្រូវមាន​ការវិនិយោគ​ធំ និង​ពន្លាត​ផ្ទៃដី​ដាំ​ដើម​ស្វាយចន្ទី នៅក្នុង​ប្រទេស​កម្ពុជា​ប​ន្ថែ​ម​ទៀត។

    សូមបញ្ជាក់ថា ពេល​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ចំនួន ប្រមាណ​តែ 10ម៉ឺន​ហិកតា ដែល​ផ្តល់​ទិន្នផល​បាន​ជាង 10ម៉ឺន​តោន។ ដូច្នេះ កម្ពុជា​ត្រូវ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ 1ជា5 ពោលគឺ 50ម៉ឺន​ហិកតា នៅ​ឆ្នាំ2022 និង​ត្រូវ​សហការ​ជាមួយ​អ្នកជំនាញ​វៀតណាម ដើម្បី​បង្កើន​ទិន្នផល។ នៅ​ប្រទេស​វៀតណាម ដើម​ស្វាយចន្ទី 1ហិកតា ផ្តល់​ផល​ប្រមាណ 2តោន ពោលគឺ​ច្រើនជាង​កម្ពុជា​ចំនួន 2ដង។

    វៀតណាម បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​កម្ពុជា​បង្កើន​ការដាំដុះ​ដើម​ស្វាយចន្ទី ដោយ​ផ្តល់​ជា​គ្រាប់ពូជ និង​បច្ចេកទេស​ដាំ​ដុះ។ ការធ្វើ​វិនិយោគ​នៅ​កម្ពុជា សម្រាប់​វៀតណាម​ជាការ​ងាយ ព្រោះ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អ្នកផ្គត់ផ្គង់​ដ៏​ជាក់លាក់​មួយ ហើយ​នៅ​ជិតគ្នា។ ផ្នែក​មធ្យោបាយ​ដឹកជញ្ជូន​ក៏​ជិត ចំណាយ​ក៏​តិច មិនបាច់​ស្តុក​ទុក​យូរ ដូច្នេះ គ្រាប់ស្វាយចន្ទី នឹង​រក្សា​គុណភាព​បាន​ខ្ពស់ ប្រសើរ​ជាង​គ្រាប់ស្វាយចន្ទី​ឆៅ នាំចូល​មកពី​អាហ្វ្រិក។

    លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖ “ខ្ញុំ​ធ្លាប់​ឃើញ​ក្រសួងកសិកម្ម​បាន​ទំនាក់ទំនង​ទីផ្សារ​ដែរ ហើយ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​វៀតណាម​ខាង​ផលិត​ស្វាយចន្ទី ដែល​មកជួប​រដ្ឋមន្ត្រី​កសិកម្ម​កន្លងមក ឱ្យជួយ​រក​ទីផ្សារ​គ្រាប់ស្វាយចន្ទី​របស់​កសិក​រ​ខ្មែរ។ ចំណែក​ក្រុមហ៊ុន គឺ​គាត់​ចង់ឱ្យ​កសិករ​ខ្មែរ​ដាំ​ស្វាយចន្ទី​ផ្គត់ផ្គង់​ឱ្យ​គាត់ ហើយ​ឱ្យ​តែមាន(គ្រាប់ស្វាយចន្ទី) ប៉ុន្មាន​ក៏​គាត់​ទិញយក​ទាំងអស់។ ព្រោះ​គាត់​ធ្លាប់​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រទេស​អាហ្វ្រិក​មានតម្លៃ​ថ្លៃ​ពេក”។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍ថា៖“ខ្ញុំ​គិតថា នេះ​ជា​ការរក​ទីផ្សារ​ដល់​កសិករ​យើង​សម្រាប់​ដំណាំ​ស្វាយចន្ទី នេះ​ជាការ​ល្អ តែ​ប្រសិនបើ​មាន​គោលនយោបាយ ដូចដែល​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​ឡើង​នេះ​ទៀត វារឹតតែ​ប្រសើរ​សម្រាប់​ដំណាំ​ស្វាយចន្ទី។ ខ្ញុំ​គាំទ្រ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​សិក្សា ដែលមាន​ភារកិច្ច​ស្រាវជ្រាវ និង​ចងក្រង​សេចក្តីព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្វាយចន្ទី​នៅ​កម្ពុជា នេះ​ជាការ​ល្អ”។

    លោក​ឧកញ៉ា លឹម ហេង បាន​បញ្ជាក់ថា៖ “គោលនយោបាយ​ស្វាយចន្ទី នឹង​ជួយ​លើកកម្ពស់​ចង្វាក់​ផ្គត់ផ្គង់ ខណៈ​កម្ពុជា​កង្វះ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី។ ខ្ញុំ​គិតថា ប្រសិនបើ​យើង​មាន​គោលនយោបាយ​ស្វាយចន្ទី គឺជា​សញ្ញា​ល្អ ដែល​វា​នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ដល់​កសិករ ហើយក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​នៅពេល​អនាគត​ផងដែរ។ ម្យ៉ាងទៀត ដើម្បី​កុំឱ្យ​ឈ្មួញ​កំណត់​តម្លៃ ឬ​ទម្លាក់​តម្លៃ ស្រេច​តែ​នឹង​ចិត្ត”។

    តាម​របាយការណ៍ របស់​ក្រសួងកសិកម្ម បានបង្ហាញ​តួលេខ​ថា ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី​មាន149,660 ហិកតា ទូទាំងប្រទេស។ ជិត 60% ត្រូវបាន​ប្រមូល​ផល ដែល​អាច​ផ្តល់​ទិន្នផល​បាន 116,343តោន​ កាលពី​ឆ្នាំមុន ហើយ​ដើម​ស្វាយចន្ទី​ជាង 500,000ហិកតា ត្រូវបាន​គ្រោង​នឹង​ដាំ។ ចំណែក​ទិសដៅសំខាន់ៗសម្រាប់​ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន មី​យ៉ាន់​ម៉ា ប៉េ​រូ ឥណ្ឌា អូស្ត្រាលី កោះ​តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត៕