Tag: ស្លាប់

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    8 . ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍

    អាហារគ្មានប្រយោជន៍ដែលថានេះ ក្រៅពីនឹងបំផ្លាញសុខភាពស្រ្តីមានគភ៌ហើយ អាហារខ្លះថែមទាំងបំផ្លាញខួរក្បាលទារកក្នុងគភ៌ទៀតផង។ អាហារទាំងនោះមានដូចជា ស្រា(ជាតិអាល់កុល) កាហ្វេអ៊ីន អាហារដែលមានរសជាតិផ្អែមខ្លាំង ខ្លាញ់ច្រើន ហឹរខ្លាំង ស្ទើរឆៅស្ទើរឆ្អិន អាហារជ្រក់ត្រាំ អាហារកំប៉ុង និងម្សៅប៊ីចេង។

    9 . ហាមធ្វើដំណើរឆ្ងាយពេលជិតដល់ថ្ងៃប្រសូត

    សម្រាប់ស្រ្តីមានគភ៌ក្នុងត្រីមាសចុងក្រោយ ជាពិសេសស្រ្តីដែលមានអាយុគភ៌ 32សប្ដាហ៍ឡើងទៅ គួរតម ឬផ្អាកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងអំឡុងពេលនេះ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ និងអាចប្រសូតមុនកាលកំណត់បានយ៉ាងងាយ។

    10 . ហាមញ៉ាំទឹកដោះច្រើនលើសពី 2កែវក្នុងមួយថ្ងៃ

    ស្រ្តីមានគភ៌ជាច្រើននាក់សម្រុកញ៉ាំទឹកដោះគោដើម្បីបំប៉នគភ៌តាំងពីពេលដឹងថា ខ្លួនមានគភ៌។ តាមគោលការណ៍ភោជនាហារ គួរចាប់ផ្ដើមញ៉ាំទឹកដោះគោបំប៉នគភ៌នៅពេលឈានចូលត្រីមាសទី2 នៃការតាំងគភ៌ព្រោះអំឡុងពេលនោះ ទារកបានទាញយកកាល់ស្យូមពីម្ដាយទៅប្រើច្រើនឡើង អាចធ្វើឱ្យខ្លួនស្រ្តីជាម្ដាយបាត់បង់ជាតិកាល់ស្យូមច្រើនជាងប្រក្រតី តែ…ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 1កែវ ឬទឹកសណ្ដែកលឿងមួយថ្ងៃ 2កែវ គឺល្មមគ្រប់គ្រាន់ហើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីមានគភ៌ដែលទឹកដោះគោច្រើនជ្រុលលើសភាពចាំបាច់ នឹងធ្វើឱ្យទារកមានភាពប្រថុយនឹងការកើតប្រតិកម្មចាញ់បានយ៉ាងងាយ ដូចជា ប្រតិកម្មប្រូតេអ៊ីនក្នុងទឹកដោះគោ ជាដើម។

    11 . ហាមស្លៀកសម្លៀកបំពាក់រឹបខ្លួនខ្លាំងជ្រុលពេក

    ស្រ្តីមានគភ៌គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាសចេញចូលស្រួល ដោយសារតែក្នុងអំឡុងពេលតាំងគភ៌មានការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយយ៉ាងខ្លាំង ជាពិសេសអ័រម៉ូនភេទ ធ្វើឱ្យស្រ្តីមានគភ៌មានក្លិនខ្លួន និងក្លិនអវយវៈភេទខ្លាំងជាងមុន។ ការស្លៀកសម្លៀកបំពាក់ដែលរឹតណែន ធ្វើឱ្យកាន់តែកើតមានក្លិនអាប់ខ្លាំងឡើង និងនៅធ្វើឱ្យប្រព័ន្ធឈាមរត់ដំណើរការមិនបានស្រួល ធ្វើឱ្យពិបាកដកដង្ហើម ងងឹតមុខ ឬខ្យល់គរបានទៀតផង។

    12 . ហាមលូកលាងរន្ធស្បូន និងប្រើថ្នាំកម្ចាត់ក្លិន

    ក្នុងអំឡុងពេលមានគភ៌ មានការប្រែប្រួលអ័រម៉ូនច្រើន ហុចផលឱ្យអវយវៈភេទមានក្លិនខ្លាំងឡើង ទើបស្រ្តីមានគភ៌ធ្វើការលូកលាងសម្អាតរន្ធស្បូន និងជ្រើសរើសប្រើផលិតផលកម្ចាត់ក្លិន។ ទង្វើនេះជាការនាំមកនូវមេរោគឱ្យចូលទៅក្នុងរន្ធស្បូនដោយផ្ទាល់ ព្រោះជាធម្មតា នៅបរិវេណនោះនឹងមានមេរោគល្អនៅប្រចាំការចាំស្ទាក់ចាប់មេរោគផ្សេងៗដែលចូលទៅក្នុងរន្ធស្បូន ដូច្នេះហើយទើបមនុស្សប្រក្រតីមិនកើតការឆ្លងមេរោគដោយងាយៗនោះទេ តែបើពេលណាមានការលូកលាងរន្ធស្បូន ឬប្រើទឹកថ្នាំ ឬសាប៊ូដែលមានកម្រិតខ្លាំងៗ នឹងធ្វើឱ្យស្លាប់មេរោគល្អទាំងនោះ ហើយធ្វើឱ្យមេរោគចង្រៃផ្សេងៗហូរចូលទៅក្នុងរន្ធស្បូនបាន ធ្វើឱ្យប្រអប់ស្បូនកើតការឆ្លងមេរោគទាំងម្ដាយ និងកូនយ៉ាងងាយស្រួល។

    13 . ហាមលើករបស់ធ្ងន់ៗ ឬតោងឡើងទីខ្ពស់ៗ

    នៅពេលលើករបស់ធ្ងន់ៗខ្លាំងពេក កម្លាំងប្រឹងនឹងធ្លាក់ទៅនៅត្រង់ស្បូន ព្រោះជាចំណុចកណ្ដាល។ កម្លាំងប្រឹងខណៈពេលខំលើករបស់ធ្ងន់ៗ ប្រថុយប្រថាននឹងការធ្វើឱ្យរលូតបុត្របាន។ ការលើករបស់ធ្ងន់ៗ ឬការតោងឡើងទីខ្ពស់ៗ ប្រថុយនឹងការបាត់បង់លំនឹង ធ្វើឱ្យដួលបោកនឹងដីបានដូចគ្នា។

    14 . ហាមស្វាមីមានក្នុង មានក្រៅ

    ចំណុចនេះត្រូវតែ Tag ឬ Coppy ឱ្យស្វាមីអានឱ្យបាន។ តាមរយៈរបាយការណ៍វេជ្ជសាស្រ្តបានរកឃើញថា ស្វាមីក្បត់ចិត្តភរិយាច្រើនបំផុតក្នុងអំឡុងពេលភរិយាតាំងគភ៌ មានតាំងពីជាមួយស្រ្តីបម្រើសេវាផ្លូវភេទ មានភេទសម្ព័ន្ធជាមួយស្រីផ្សេងជាច្រើននាក់។ ទង្វើនេះអាចហុចផលប៉ះពាល់ដល់ភរិយា និងកូនតូច ព្រោះប្រថុយប្រថាននឹងការឆ្លងរោគពីក្រៅ ដូចជារោគអេដស៍ ស្វាយប្រមេះជាដើម។ គ្រប់រោគដែលរៀបរាប់មកនេះអាចហុចផលធ្វើឱ្យទារកពិការ ឬប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។ ឯការការពារ ៈ ស្រ្តីមានគភ៌កុំព្រងើយកន្តើយក្នុងការផ្ដល់សេចក្ដីសុខជាមួយស្វាមី ព្រោះពេញមួយរយៈ 9ខែ ពេទ្យមិនបានហាម ឬកម្រិតការមានភេទសម្ព័ន្ធឡើយ អ្នកអាចប្រព្រឹត្តបានតាមប្រក្រតីក្នុងឥរិយាបទដែលមិនប្រថុយគ្រោះថ្នាក់ខ្លាំងពេកប៉ុណ្ណោះ។

    ការមើលថែទាំសុខភាពគភ៌នេះសំខាន់ណាស់ ព្រោះមិនមែនសម្រាប់តែស្រ្តីមានគភ៌ខ្លួនឯងប៉ុណ្ណោះទេ ទារកដែលនៅក្នុងគភ៌ក៏ត្រូវតែមានសុខភាពល្អបរិបូរណ៍ដែរ ដូច្នេះបើមានហេតុខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់៕

  • មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

    មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

    មហាសេដ្ឋី Dmitry Bosov អាយុ​52​ឆ្នាំ ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ហាត់​ប្រាណ​​​នៅ​ឯភូមិ​គ្រឹះ​របស់​គាត់​ស្ថិត​នៅ​ជាយ​ក្រុង​ម៉ូស្គូ សង្ស័យ​ថា​ធ្វើ​អត្ត​ឃាត​។

    Dmitry Bosov ត្រូវ​បាន​ប្រពន្ធ​របស់​គាត់​គឺ​អ្នក​ស្រី Katerina ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជាប់​សោ​​កាល​ពី​ព្រឹក​ថ្ងៃទី​​6ឧសភា​កន្លង​ទៅ​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាំភ្លើង​ខ្លី Glock​ នៅ​ក្បែរ​សាក​សព​មហាសេដ្ឋី​រូប​នេះ​ ហើយ​នៅ​លើ​ដង​ខ្លួន​ក៏​មាន​ស្នាម​គ្រាប់​កាំភ្លើង​ជា​ច្រើន​ផងដែរ​។ Bosov មិន​បាន​បន្សល់​ទុក​លិខិត​អ្វី​មួយ​នោះ​ទេ​។

    គេហទំព័រ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី RBC បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ចំនួន​2​ដែល​ស្និទ្ធ​ជាមួយ​លោក Bosov បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត​។ លោក​ Bosov មិន​បាន​ទទួល​ទូរស័ព្ទ​ និង​សារ​​ចាប់​តាំង​ពី​ថ្ងៃទី5​ឧសភា​រហូត​ដល់​ថ្ងៃកើត​ហេតុ​។ Bosov បាន​យក​កាំភ្លើង​តាម​ខ្លួន​ជា​និច្ច​ ចាប់​តាំង​ពី​COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​នៅ​រុស្ស៊ី ដោយ​សារ​មានការបារម្ភ​​ខ្លាច​មាន​ចោរ​ចូល​ផ្ទះ​ក្នុង​អំឡុង​បម្រាម​គោចរ​។

    គណកម្មធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី បាន​ និង​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​។

    Bosov ជាមហាសេដ្ឋី​លំដាប់​ទី​86​ក្នុង​តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​របស់​រុស្ស៊ី​ដែល​ដាក់​ចំណាត់​ថ្នាក់​​​ដោយ​ ទស្សនាវដ្ដី​ Forbes ដោយលោក​​មាន​ទ្រព្យ​សរុប​1.1​ពាន់​លាន​ដុល្លារ​។ លោក​គឺជា​ភាគហ៊ុនិក​ធំជាងគេ​ និង​ជា​ប្រធាន​​ក្រុម​ហ៊ុន​ Alltech ដែល​មាន​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​រក​ស៊ី​ក្នុង​វិស័យអចលន​ទ្រព្យ​ និង​រ៉ែ​ធ្យូង​ថ្ម។ល។

    ប្រភព​ព័ត៌មាន​​ដែល​ជិត​ស្និទ្ធ​នឹង​​មហាសេដ្ឋី​ខាង​លើ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Bosov ថ្មី​ៗ​នេះ​ជួប​បញ្ហា​​ក្នុងការ​រក​ស៊ី​។ “ចាប់​ពី​ដើម​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ និង​ឱ្យ​បុគ្គលិក​សម្រាក​ពី​ការ​ងារ​។ ស្ថាន​ភាព​បាន​ប្រែ​ជា​អាក្រក់​ទៅ​ៗ​នៅ​ក្នុង​ខែ​ឧសភា ហើយ​អ្នក​រាល់​គ្នា​គិត​ថា គាត់​ត្រៀម​លក់​ទ្រព្យ​របស់​គាត់​”។

    មហាសេដ្ឋី Bosov ក៏​ថែម​ទាំង​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ដឹង​ចំនួន​2​ករណី​​ផងដែរ ដែល​ទាក់​ទិន​នឹង​បទ​​​បរិហា​កេរ្តិ៍​ និង​រំលោភ​កិច្ច​សន្យា​ក្នុង​ការ​រក​ស៊ី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    ប្រធានាធិបតី​សហរដ្ឋអាមរិក​ លោក Donald Trump បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិកាំង​ទប់ទល់នឹង​រោគ​រាត​ត្បាត​COVID-19 បាន​យ៉ាង​ល្អ និង​បាន​សង្ឃឹម​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​នឹង​ទាប​ជាងច្រើន​ ធៀប​នឹង​ការ​ព្យាករ​100,000​នាក់​ពី​សំណាក់​​ក្រុម​អ្នក​ជំនាញ​ការ​។

    គិត​ត្រឹម​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​COVID-19 សរុប​ឡើង​ដល់​ 52,092​នាក់ កើន​ជាង​1,800​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះមានជាង​3,700នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​923,612​នាក់​។

    ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ស្ដី​អំពី​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ជាង​50,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump បាន​ឆ្លើយ​ថា “ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​យ៉ាង​ល្អ​ហើយ”។ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ព្យាករ​​កន្លង​មក​របស់​ក្រុម​អ្នក​ជំនាញ​ដែល​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​មាន​​យ៉ាង​តិច​100,000​នាក់​។ លោក​ Trump ថ្លែង​ថា “យើង​សង្ឃឹម​ថា តួលេខ​ជាក់​ស្ដែង​នឹង​ទាប​ជាង​នេះ​”។

    លោក​ Trump បាន​ប្រកាស​ថា “ការ​រឹត​បន្តឹង​ការ​ដើរ​ហើរ” អាច​អូស​បន្លាយ​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​។ សភាជាន់​ទាប​អាមេរិកាំង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​អនុម័ត​យល់​ព្រម​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយសេដ្ឋ​កិច្ច​ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 480​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ មន្ទីរ​ពេទ្យ​ និង​ការ​ធ្វើ​តេស្ត​រកមេរោគ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធាន​សភា​អ៊ីរ៉ង់ បាន​ឆ្លង​វីរុស​COVID-19!

    ប្រធាន​សភា​អ៊ីរ៉ង់ បាន​ឆ្លង​វីរុស​COVID-19!

    លោក Ali Larijani អាយុ​62​ឆ្នាំ ជា​ប្រធាន​សភា​អ៊ីរ៉ង់ ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 ហើយ​លោក​កំពុង​ទទួល​ការ​ព្យាបាល​​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​។

    ស្ថានីយ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​កាល​ពី​ម្សិល​មិញ​បាន​ចេញ​ផ្សាយ​ថា ប្រធាន​សភា​អ៊ីរ៉ង់ លោក Ali Larijani ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 បន្ទាប់​ពី​មាន​រោគ​សញ្ញា​មួយ​ចំនួន​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត បាន​រកឃើញ​ថា​លោក​មាន​ផ្ទុក​មេរោគ​COVID-19 ហើយ​លោក​ក៏កំពុង​ទទួល​ការ​ព្យាបាល​។

    លោក Ali Larijani បាន​ក្លាយជា​មន្ត្រី​​ម្នាក់​ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​​របស់​អ៊ីរ៉ង់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​។ មុន​នេះ​ អនុប្រធានាធិបតី​ Masoumeh Ebtekar រួម​នឹង​ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​ និង​សន្តិសុខ​ជាតិ​​របស់​សភា​អ៊ីរ៉ង់ លោក Mojtaba Zolnour និង​តំណាង​រាស្ត្រ​ Mahmoud Sadeghi និង​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ Iraj Harirchi ក៏​បាន​ឆ្លង​វីរុស​COVID-19។

    លោក​ Hadi Khosroshahi ជា​បព្វ​ជិត​ម្នាក់​នៅ​ទី​ក្រុង Qom ដែលជា​អតីត​ឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង​ Vatican ក៏​បាន​ទទួល​មរណ​ភាព​ដោយ​សារ​ COVID-19។

    ប្រទេស​អ៊ីរ៉ង់​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​50,468​នាក់ និង​អ្នក​ស្លាប់​សរុប​3,160​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    លោក Patrick Devedjian អាយុ​75​ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្ត្រីម្នាក់​​របស់​ប្រទេស​បារាំង​ បាន​ក្លាយ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដំបូងបង្អស់​​របស់​ប្រទេស​នេះ បាន​ស្លាប់​ដោយ​សារ​ COVID-19។

    Patrick Devedjian​ គឺជា​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​របស់​ប្រទេស​បារាំង​ ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។ លោក​ក៏ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​អតីត​ប្រធានា​ធិបតី​បារាំង​ Nicolas Sarkozy ផងដែរ​។ អតីត​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ប្រកាស​ថា លោក​មាន​រោគ​សញ្ញា​ឆ្លង​ COVID-19 កាល​ពី​ថ្ងៃទី​25មិនា​។

    លោក Devedjian ធ្លាប់​បាន​កាន់​កាប់​តំណែង​ជា​ច្រើន​ តាំង​ពី​បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​1983។ លោក​ក៏ធ្លាប់​បាន​ធ្វើ​ជា​អភិបាល​ក្រុង​ Antony មុន​ពេល​ចូល​កាន់​តំណែង​ប្រធាន​តំបន់​​ Haut-de-Seine នៅ​ជាយ​ក្រុង​​ភាគ​ខាង​លិច​នៃរដ្ឋធានី​​បារីស​។

    គិតមក​ដល់​ពេលនេះ ប្រទេស​បារាំង​ បាន​រកឃើញ​អ្នកជំងឺ​ COVID-19 ចំនួន​38,105​នាក់​ ក្នុង​នោះ​មាន 2,317​​នាក់​បាន​​បាត់​បង់ជីវិត​ និង​ជិត​6,000​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • សែនរន្ធត់! វីរុស COVID-19 ប្រហារជីវិត “គ្រូពេទ្យចិន” អស់ 2នាក់ទៀតហើយ…

    សែនរន្ធត់! វីរុស COVID-19 ប្រហារជីវិត “គ្រូពេទ្យចិន” អស់ 2នាក់ទៀតហើយ…

    អ្នកស្រីវេជ្ជបណ្ឌិត សៀ ស៊ឺស៊ឺ អាយុ 29ឆ្នាំ ជំនាញផ្នែកប្រព័ន្ធរំលាយអាហារប្រចាំមន្ទីរពេទ្យក្នុងទីក្រុងវូហាន ដែលទទួលព្យាបាលអ្នកឆ្លងមេរោគ COVID-19 បានស្លាប់បាត់បង់ជីវិតដោយសារការឆ្លងមេរោគដ៏សាហាវនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។

    អ្នកស្រីវេជ្ជបណ្ឌិត សៀ បានឆ្លងមេរោគ COVID-19 ខណៈធ្វើការនៅក្នុងមន្ទីរពេទ្យ យូនៀន ចៀងពេយ ដោយអ្នកស្រីចាប់ផ្ដើមទទួលការព្យាបាលតាំងពីថ្ងៃទី19 មករា និងត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីពេទ្យ ចុងណាន របស់មហាវិទ្យាល័យវូហាននៅថ្ងៃទី7 ខែកុម្ភៈ។

    ប៉ុន្តែអាការជំងឺរបស់អ្នកស្រី សៀ បានធ្លាក់ដុនដាបខ្លាំង រហូតដល់បាត់បង់ជីវិតនៅព្រឹកថ្ងៃអាទិត្យទី23 កុម្ភៈម្សិលមិញ ទោះជាក្រុមគ្រូពេទ្យខំព្យាយាមជួយជីវិតអ្នកស្រីយ៉ាងអស់ពីសមត្ថភាពយ៉ាងណាក្ដី។ មន្ទីរពេទ្យ យូនៀន ចៀងពេយ បានសម្ដែងក្ដីអាឡោះអាល័យចំពោះការលាចាកពិភពលោក និងបានសម្ដែងការសោកស្ដាយចំពោះគ្រួសាររបស់អ្នកស្រី សៀ ផងដែរ។

    នៅក្នុងថ្ងៃជាមួយគ្នា របាយការណ៍របស់សារព័ត៌មានស៊ីនហួ ក៏បានរាយការណ៍បន្ថែមដែរថា លោកវេជ្ជបណ្ឌិត ទូ សៀនស៊ឹង វ័យ 55ឆ្នាំ បានស្លាប់ដោយសារមេរោគ COVID-19 ដូចគ្នា នៅក្នុងមន្ទីរពេទ្យប្រជាជន ក្នុងទីក្រុង ហៃខូ ទីក្រុងចម្បងរបស់មណ្ឌល ហៃណាន។

    លោក ទូ ជាវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យ យ៉ាងចៀង ក្នុងស្រុកឆៀងចុង លោកបានទទួលការវិនិច្ឆ័យរោគថា បានឆ្លងមេរោគវីរុស នៅខែមករា ខណៈប្រតិបត្តិភារកិច្ចក្នុងមន្ទីរពេទ្យ មុននឹងត្រូវបញ្ជូនទៅមន្ទីពេទ្យប្រជាជន នៅទីក្រុងហៃខូ ដើម្បីព្យាបាលបន្ត។ តែយ៉ាងណាក្ដី អាការរបស់លោក ទូ បានធ្លាក់ចុះទ្រុឌទ្រោមខ្លាំងនៅថ្ងៃទី26 ខែមករា និងបានស្លាប់នៅថ្ងៃទី23 កុម្ភៈ(ថ្ងៃអាទិត្យមិ្សលមិញ) ទោះបីជាក្រុមវេជ្ជបណ្ឌិតខំព្យាយាមជួយស្រោចស្រង់ជីវិតរបស់លោកយ៉ាងអស់ពីសមត្ថភាពហើយក៏ដោយ។

    ទាំងអស់នេះ អង្គភាពសាធារណៈសុខាភិបាលរបស់ចិន បានកំណត់ឱ្យអង្គភាពសាធារណៈសុខាភិបាលក្នុងតំបន់សហការជាមួយអង្គភាពកិច្ចការអតីតយោធា ដើម្បីធ្វើការប្រកាសគុណបំណាច់កិត្តិយសរបស់ធនធានបុគ្គលិកសុខាភិបាលដែលបានពលីជីវិត លើកទឹកចិត្ត និងជួយដល់ក្រុមគ្រួសាររបស់អ្នកស្លាប់៕

    ប្រភព៖ សារព័ត៌មានស៊ីនហួ