Tag: ស្រស់ស្រាយ

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • 3 កន្លែង​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​អាស៊ាន ដែល មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ

    3 កន្លែង​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​អាស៊ាន ដែល មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ

    ថ្ងៃ​ដែល​មាន​អាកាសធាតុ​ក្ដៅ​ ពន្លឺ​ព្រះអាទិត្យ​ជះ​កម្ដៅ​ខ្លាំង​ សីតុណ្ហភាព​ឡើង​ដល់​ 40​ អង្សា​រទៅ​ហើយ​ នរ​ណាៗ​ក៏​គិត​មិន​ខុសគ្នា​នោះ​ទេ​ គឺ​មិន​ចង់​ចាកចេញ​ពី​ក្នុង​ផ្ទះ​ឡើយ​។ តើ​អ្នក​បាន​ជ្រាប​ឫទេ​ថា​ ប្រទេស​ខ្លះ​នៅក្នុង​តំបន់​ប្រទេស​អាស៊ាន​យើង​ក៏​មាន​កន្លែង​តំបន់​ទេសចរណ៍​ ដែល​មាន​អាកា​ធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ​ដែរ​ បើ​ទោះបីជា​ស្ថិតនៅ​ក្នុង​រដូវក្ដៅ​ក៏ដោយ​។ តោះ​! ដើម្បី​កុំឱ្យ​រៀបរាប់​កាន់តែ​អូស​អន្លាយ​វែងឆ្ងាយ​ថែមទៀត​ តើ​អ្នក​ទាំងអស់គ្នា​បាន​រៀបចំ​វ៉ា​លី​សហើយ​ឬនៅ​? ថ្ងៃនេះ​ដំ​ណើរ​កម្សាន្ដ​របស់​ ឡា​រ៉ែ​ន សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​ស្គាល់​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ សប្បាយ​ៗដែល​នៅ​មិន​ឆ្ងាយ​ពី​ភ្នែក​របស់​លោកអ្នក​ប៉ុន្មាន​ឡើយ​។

    Pyin​ Oo​ Lwin​ ប្រទេស​មីយ៉ាន់ម៉ា​
    តំបន់​ទេសចរណ៍​ Pyin​ Oo​ Lwin​ ស្ថិតនៅ​ក្នុង​ទីក្រុង​ដែល​បាន​លាក់ខ្លួន​នៅ​កណ្ដាល​ជ្រលងភ្នំ​យក្ស​មួយ​ ដែល​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ​ស្តុក​ ហើយ​មាន​កម្ពស់​ខ្ពស់​ជាង​ទឹកទន្លេ​ដល់ទៅ1,000​ម៉ែត្រ​ ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឱ្យ​នៅ​ទីនោះ​មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ​តែម្តង​។ បរិយាកាស​ដ៏​សែ​នរ៉ូ​មែន​ទិ​ក បូក​ផ្សំ​ជាមួយ​រទេះសេះ​ដ៏​គួរ​ឱ្យ​ទាក់ភ្នែក​ និង​ស្ថាបត្យកម្ម​ផ្ទះ​រចនា​បទ​គុមុ​យនី​សបែប​ផ្ទះ​អង់គ្លេស​ទៀត​នោះ​ គឺ​កាន់​តែ​ធ្វើ​ឱ្យ​លោកអ្នក​ចង់​ស្នាក់នៅ​ទីនោះ​រយៈពេល​យូរ​បំផុត​នៅក្នុង​រដូវ​កាល​ឈប់​សម្រាក​ម្តង​ៗ។សា​ប៉ា​ ( SAPA​ ) ប្រទេស​វៀតណាម​
    តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​កន្លែង​ ដែល​កំពុងពេញនិយម​បំផុត​នៅ​ប្រទេស​វៀតណាម​នោះ​គឺ​ “សា​ប៉ា​” ដែល​មាន​អាកាសធាតុ​ត្រជាក់​ ខ្យល់​អា​កា​សវើ​តៗ​ សប្បាយ​ពេញ​មួយឆ្នាំ​។ សីតុណ្ហភាព​នៅ​ទី​នោះ​ប្រ​ម៉ា​ណត្រឹម​ 15​-16​ អង្សា​រតែប៉ុណ្ណោះ​ អម​ដោយ​ទស្សនីយភាព​នៃ​ភូមិ​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ ដែល​ភ្ញៀវ​ទេ​ចរ​អាច​ទស្សនា​វាលស្រែ​វែង​ដាច់​កន្ទុយភ្នែក​ដូចជា​កាំ​ជណ្ដើរ​ ទេសភាព​ទន្លេសាប​ ទឹកជ្រោះ​ ដែល​ជា​ទីឋាន​ដ៏​សែន​ស្រស់បំព្រង​ក្នុង​ក្ដី​ស្រមៃ​របស់​លោកអ្នក​។ ដោយសារតែ​កា​រស្វាម​គន៍​រាក់ទាក់​យ៉ាង​កក់ក្ដៅ​ចំពោះ​ភ្ញៀវ​ទេសចរ​ពីសំណាក់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នេះ​ ទើប​តំបន់​ទេសចរណ៍​ សា​ប៉ា​ បាន​ប្រែខ្លួន​ក្លាយជា​ទឹកដី​គោលដៅ​ទេសចរណ៍​ដាច់គេ​ក្នុង​ប្រទេស​វៀតណាម​។ដៀង​ផ្លា​តូ​ (Dieng​ Plateau​) ប្រទេស​ឥណ្ឌូ​នេ​ស៊ី​
    ដែនដី​ឃ្លាំង​ស្រូវ​ឃ្លាំង​ទឹក​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ អម​ដោយ​ផ្សែង​អ័ព្ទ​ព័ទ្ធ​ភ្នំ​យ៉ាង​ស្រស់​ត្រកាល​ បាន​សម្ញែងខ្លួន​នៅ​លើកំពូល​ភ្នំ​កម្ពស់2,093ម៉ែត្រ​ពី​កម្ពស់​ទឹកសមុទ្រ​។ អាកាសធាតុ​ត្រជាក់​ពេញ​មួយឆ្នាំ​នៅ​ក្នុង​តំបន់​ទេសចរណ៍​នេះ​ ដែល​ជា​កន្លែង​សំខាន់​គឺ​ ស្រះ​មរតក​ ( ស្រះទឹក​ប្រែ​ពណ៌​) និង​អាងទឹក​កំពូលភ្នំ​ភ្លើង​។ ក៏ប៉ុន្ដែ​ចំណុច​ពិសេស​របស់​ ដៀង​ផ្លា​តូ​ មួយទៀត​នោះ​គឺ​ ទេសភាព​មើលទៅ​ខាងក្រោម​ គឺ​មើល​ពីលើ​កំពូលភ្នំ​ចុះទៅ​ខាងក្រោម​ គឺ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​បណ្ដុំ​ផ្ទះ​តំ​រៀប​គ្នា​ដូច​កាំជណ្ដើរ​ ជាទី​ទាក់ភ្នែក​ជា​ខ្លាំង​ គឺជា​ទិដ្ឋភាព​ដែល​មិនធ្លាប់​បានឃើញ​នា​ពេល​កន្លងមក​នោះ​ទេ​។ដូច​ការ​រៀបរាប់​ពី​ខាងលើ​ និង​ទស្សនា​រូប​ភាព​ខ្លះ​ៗមួយចំនួន​ហើយ​នោះ​ តើ​អ្នក​សម្រេច​ចិត្ត​ចង់ទៅ​ទស្សនា​ប្រទេស​ណាមួយ​ដែរ​? តែ​កុំ​ភ្លេច​ថតរូប​សែល​ហ្វី​ស្អា​តៗ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ណា៎​។ ជួបគ្នា​ម្ដងទៀត​ សូម​រីករាយ​ជាមួយ​ដំ​ណើរ​កម្សាន្ដ​ដ៏​អស្ចារ្យ​របស់​អ្នក​ ជូនពរ​ឱ្យ​ការ​ធ្វើដំណើរ​របស់​អ្នក​ប្រកបដោយ​សេចក្តី​សុខ​ និង​មាន​សុវត្ថិភាព​៕