Tag: ស្ពាន

  • ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    (ស្កុ​តឡែ​ន) – ស្រឡាង MV Glenachulish ត្រូវបាន​រចនា​ឡើង​តាមបែប​តុ​បង្វិល​ដោយ​ដៃ ដែល​មនុស្ស​ម្នាក់​ក៏​អាច​បង្វែរ​ទិស​របស់​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​ បាន​ដោយ​ងាយ។

    ស្រឡាង​នេះ​ធ្វើដំណើរ​ទៅមក​រវាង Glenelg នៃ​តំបន់ Maninald ប្រទេស​ស្កុ​តឡែ​ន និង Kylerhea នៅលើ​កោះ Skye។ នេះ​គឺ​ស្រឡាង​បែប​តុ​បង្វិល​តែមួយគត់​ដែល​នៅសល់​ក្នុង​ពិភពលោក។ ពុំមាន​យន្ត​ការដែល​ប្រើ​កម្លាំង​ទឹក ពុំមាន​ម៉ាស៊ីន​ស្មុគស្មាញអ្វី​​ទាំងអស់ មានតែ​ភាពសាមញ្ញ​ដ៏​ល្អប្រសើរ។ នេះ​បើតាម​អ្នកស្រី Jo Crawford ដែលជា​អ្នកគ្រប់គ្រង​ស្រឡាង​ MV Glenachulish​។

    ស្រឡាង​​នេះ ដំបូង​ឡើយ​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​នៅ Ballachulish មុនពេល​តំបន់​នេះ​មាន​ស្ពាន។ នោះ​គឺជា​បេតិកភណ្ឌ​រស់​នៅ​ក្នុង​​វិស័យ​នាវាចរណ៍ និង​ប្រវត្តិសាស្ត្រ​ស្កុ​តឡែ​ន។

    ស្រឡាង​ MV Glenachulish ​ត្រូវបាន​ផលិតឡើង​ដោយ​យោងតាម​ប្រព័ន្ធ​បង្វិល​ក្នុង​វិស័យ​ផ្លូវដែក ហើយ​វា​មាន​លំនឹង​រហូតដល់​ថ្នាក់​ ​មនុស្ស​ម្នាក់​ក៏​អាច​បង្វិល​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​បាន​ដោយ​ងាយ។ គ្រប់គ្នា​ក៏​មិនចាំ​បាច់​​បត់​ក្បាល​រថយន្ត​នៅ​ពេល​ឡើង​ចុះ​ពី​ស្រឡាង​នេះ។

    MV Glenachulish ​​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​បាន​គ្រប់ពេល មិន​ថា​ទឹកជោរ ឬ​នាច។ វា​ក៏​អាច​ចត​នៅ​បាតសមុទ្រ បើសិនជា​ត្រូវការ​ចាំបាច់។ ដូច្នេះ បើទោះជា​ត្រូវ​ជាប់គាំង វា​ក៏​មិនមាន​បញ្ហា​អ្វី​​ធំដុំ​ដែរ។

    ស្រឡាង​នេះ​ធ្វើ​សកម្មភាព​នៅ Glenelg តាំងពី​ឆ្នាំ 1982 ប៉ុន្តែ​ទីនេះ​មាន​ស្រឡាង​ទៅមក​រាប់រយឆ្នាំ​មកហើយ។

  • មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    គម្រោង​ស្ពាន​បង្ហូរទឹក​ពី​ទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe ដែលមាន​កម្មករ 20,000 នាក់ សាងសង់​ក្នុង​រយៈពេល 6 ឆ្នាំ នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ។

    «សួស្ដី​គ្រប់គ្នា ខ្ញុំ​ឈ្មោះ Wendy មកពី​ប្រទេស​គុយបា។ ដូចដែល​គ្រប់គ្នា​បានឃើញ មាន​ទន្លេ​មួយ​នៅក្បែរ​ខ្ញុំ ហើយ​នៅក្រោម​ជើង​ខ្ញុំ​ក៏មាន​ទន្លេ​មួយ​ដែរ ដែល​ដូច​ទៅនឹង​ស្ពាន​អាកាស​ឆ្លង​ផ្លូវទឹក» Wendy ដែលជា​និស្សិត​គុយបា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei (Hefei University of Technology) នៅ​​ប្រទេស​ចិន ណែនាំ​អំពី​មហា​គម្រោង​ស្ពាន​​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន។

    «ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​បង្កើតឡើង​ដោយ​ស្ពាន​នាំ​ទឹក​ដ៏​វែង​មួយ ហើយក៏​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ ស្ពាន​បង្ហូរទឹក​នេះ​មាន​ចន្លោះ​សសរ​វែង​បំផុត ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក និង​ដើរតួនាទី​សំខាន់​នៅក្នុង​គម្រោង​បង្ហូរទឹក ដែលមាន​គោលដៅ​ផ្លាស់​ទិស​របស់​លំហូរ​ទឹកទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe»។

    «គម្រោង​ប្ដូរ​ទិស​ទឹកទន្លេ​នេះ បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​កាលពី​ចុងឆ្នាំ​កន្លង បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល 6 ឆ្នាំ ដែល​ប្រើប្រាស់​កម្មករ​ជាង 20,000 នាក់»។

    ដោយមាន​ប្រវែង 723 គីឡូម៉ែត្រ គម្រោង​នេះ​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ចំនួន 15 នៅក្នុង​ខេត្ត Anhui ភាគ​ខាងកើត​ប្រទេស​ចិន និង​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន នាំមក​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ជាង 50 លាន​នាក់។

    ក្រៅពី​ការផ្គត់ផ្គង់​ទឹក និង​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន គម្រោង​នេះ​ក៏​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ និង​ជួយ​ស្ដារ​បរិស្ថាន​របស់​ទន្លេ Huaihe និង​បឹង Chaohu។

    យោងតាម​លោក Zhang Jianjin ដែលជា​វិស្វករ​នៃ​គម្រោង​ខាងលើ ស្ពានដែក​នេះ​គឺជា​ផ្លូវ​ផ្គត់ផ្គង់​ទឹក​សំខាន់​ជាងគេ​សម្រាប់​ទីក្រុង Hefei និង Lu’an ក្នុង​ខេត្ត Anhui។ ស្ពាន​នេះ​មាន​កម្ពស់​ជាង 30 ម៉ែត្រ ធៀប​ទៅនឹង​ព្រែក​របស់​មហា​គម្រោង​បង្ហូរទឹក​នេះ។ ចន្លោះ​រវាង​សសរ​ប្រវែង 110 ម៉ែត្រ​របស់​ស្ពាន​នេះ គឺ​វែង​ជាង 3.8 ម៉ែត្រ ធៀប​នឹង​ចន្លោះ​សសរ​របស់​ស្ពាន​ទឹក Magdeburg (Magdeburg Water Bridge) ទៅទៀត។ ស្ពាន​នេះ​មាន​ចន្លោះ​សសរ​វែង​ជាងគេ​បង្អស់​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក។

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    ស្ពាន​បង្ហូរ​ទឹក​ទន្លេ​ខាងលើ​​មាន​ស្ថានីយ​បូមទឹក​ធំជាងគេ​នៅ​អាស៊ី ដោយ​ធ្វើឱ្យ​ស្ពាន​ទឹក​នេះ​មាន​លំហូរ​សរុប 340 ម៉ែត្រគូប/វិនាទី។ ស្ពាន​នេះ​ក៏​យកចិត្តទុកដាក់​លើ​បរិស្ថាន​ដែល​ពាក់ព័ន្ធ​ផងដែរ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖

    1. រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ៈ ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អ៊ីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល-ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។
    2. រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើមគឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូចអ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
    3. រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
    4. រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀតឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង។ ដូចជារឿង “ខ្លាឃ្មុំឈឺធ្មេញ” បានបង្រៀនយើងឱ្យដឹងថា បើបរិភោគអាហារដែលមានប្រយោជន៏នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនកុមារៗឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់ យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅ រឿងនិទានទាំងអស់សុទ្ធតែបង្រៀនអំពី សីលធម៌ និងចរិយាធម៌ទាំងអស់។
    5. រឿងនិទានខ្លះនិយាយពីរឿងវប្បធម៌ និងការរស់នៅ ជាការបើកចំហពិភពលោកនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា មានវប្បធម៌រស់នៅរបៀបម៉េចជាដើម។
    6. ដូចជាឧទាហរណ៍ក្នុងរឿង “ទន្សាយផ្អើលផ្លែព្នៅ” ជាដើម៖ សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើល​ចំណុចកើតហេតុដោយផ្ទាល់ថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់តាមគេតាមឯងសិន ផ្អើលទៅសិន រងគ្រោះថ្នាក់ទៅសិន រួចបានមកប្រាប់គ្នា​ជាក្រោយ។ល។ រឿងនេះវាស្ថិតនៅលើថា តើអាណាព្យាបាលអាចយកឧត្តមគតិរបស់រឿងមកប្រៀនប្រដៅក្មេងៗបានឬក៏អត់?។
    7. រឿងនិទានសាងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ៈ ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃ​បានសាងនូវសម្ព័ន្ធភាពដ៏ល្អរវាងឪពុកម្ដាយនឹងកូន ឬបងនឹងប្អូនបានមួយកម្រិតហើយមែនក៏ដោយ តែបើយើ់ងមានសាច់រឿងដែលស្តាប់ទៅហើយមានអារម្មណ៍រីករាយ មានពាក្យសម្ដីពីរោះៗ នោះវា​នឹងរឹតតែអូសទាញចិត្តកុមារៗក្នុងការស្តាប់កាន់តែខ្លាំងឡើងទៀត។
    8. ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទានអ៊ីសុប(Aesop’s Fables)នៅក្នុងចិត្ត គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា នឹងត្រូវរស់​នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ?។ គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅម្តងមួយ​ដំណាក់កាល ឬម្ដងមួយរឿងឡើយ។
    9. ពេលនិយាយរឿងនិទានឱ្យកូនស្ដាប់ កូននឹងនៅនែបនិត្យជាមួយអ្នកម្តាយ ៈ មុនពេលគេង គឺជាអំឡុងពេលដ៏​អស្ចារ្យ​ណាស់ ព្រោះជាពេលវេលាសប្បាយៗ អ្នកម្តាយបាននិយាយជាមួយកូន បាននិទានរឿង បានចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូនក៏នឹងបានដឹងពីសេចក្តីស្រឡាញ់ដែលម្តាយផ្តល់ឱ្យនោះទៀតផង។
    10. ការនិយាយរឿងនិទាន គឺជាការ​សាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ ជាការចំណាយដើមទុនតិចបំផុត តែបានទទួលផលប្រយោជន៍ខាងបញ្ញាច្រើនបំផុត ដូច្នេះលោកឪពុក អ្នកម្តាយគួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វី​ដែល​​​ទទួលបាននោះវាច្រើនលើសលប់អស្ចារ្យណាស់ (អ្នកគ្រូ ឆវី ក៏ជឿថា អ៊ីចឹងដែរ…)៕
  • ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

    ស្ពានប្រវែងជិត5គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងពីបន្ទះ​ឫស្សីនេះ ស្ថិតនៅចំកណ្ដាលនៃតំបន់បឹង Poyang ក្នុងទីក្រុង Jiujiang ប្រទេសចិន។ តាមគម្រោង ស្ពាននេះនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែ​មិថុនា ឆ្នាំ​2020។

    ចំណុច​ក្រហម​គឺជា​តំបន់​របស់​ស្ពាន​ឫស្សី​នេះ​

    ក្រុមកម្មករបានសាងសង់ផ្លូវដើរជា​ស្ពាន​ដែលធ្វើអំពីឬស្សី វែង​ជាងគេបំផុតក្នុងពិភពលោក​រួច​រាល់​ហើយ​។ ស្ពាន​នេះ​មាន​ទីតាំង​​នៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi ដែលស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃ​ប្រទេសចិន។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់នៅចំកណ្ដាលតំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)។

    ផ្លូវ​ឆ្លង​កាត់​តំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីនេះមានប្រវែងជិត5គីឡូម៉ែត្រ និងទទឹង3ម៉ែត្រ។ ដើម្បីសាងសង់ស្ពាននេះ គេត្រូវប្រើប្រាស់បន្ទះឫស្សី​ចំនួនជាង 66,000បន្ទះ។ វត្ថុធាតុសម្រាប់សាងសង់ស្ពាន​នេះ សុទ្ធសឹងតែមានលក្ខណៈធម្មជាតិ ហើយធន់នឹងទឹកទៀតផង។

    ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូល​ទៅ​ទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំង​ឡាយ​នៅជុំវិញបឹង Poyang នេះផងដែរ។

    តំបន់​ទេសចរណ៍​​នៅ​​​ចំ​កណ្ដាល​បឹង​អភិរក្សធម្មជាតិ​ Poyang (Poyang Lake Natural Reserve)

    ស្ពានឫស្សីវែងជាងគេក្នុងពិភពលោកនេះ នឹងត្រូវបើកទ្វារទទួលអ្នកទេសចរចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ​2020​នេះតទៅ៕

    ប្រភព៖ CGTN