Tag: ស្ទះ

  • 8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    8 សំណួរសំខាន់ៗ របស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។

    1-បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?

    រឿងនេះមិនអីទេ…បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។

    2-ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី)នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ?

    អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី…តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។

    3-មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ?

    បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។

    4-ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?

    បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។

    5-កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី

    មិនដែលមានករណីបែបហ្នឹងទេ…ព្រោះទឹកដោះម្តាយងាយរំលាយណាស់ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូន​នឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួតទេ តែកូននឹងគេងលក់ស្រួល និងបៅទឹកដោះស្រួលទៀតផង។

    6-កូនខ្លួនឡើងពណ៌លឿង តើត្រូវតែបានទទួលទឹកដោះម្តាយភ្លាមឬ?

    ទារកភាគច្រើន ខ្លួននឹងឡើងពណ៌លឿង បណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់ដែលធ្វើការមិនទាន់បានល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាមៗ ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។

    7-ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅកូនបានតាមប្រក្រតី…លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអាការគ្រុនក្តៅបណ្ដាលពីមេរោគបាក់តេរី អាចធ្វើឱ្យកូនឈឺថ្កាត់បាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោរ ឬឈឺកនោះ អាចបំបៅទឹកដោះកូនតូចបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបដោយខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលប៉ះពាល់ដល់ទារកដែលបៅទឹកដោះម្តាយ។ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ មុនពេលទិញថ្នាំជានិច្ច។

    8-អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅទឹកដោះកូនបានដូចប្រក្រតី…តែនៅក្នុងអំឡុងពេលដែលដោះស្ទះ នឹងមានអារម្មណ៍ថា ថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។

    ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានដូចគ្នា៕

  • ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។

    អំឡុងអាយុ 1ដល់ 2ខែ

    ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។

    អំឡុងអាយុ 4-5ខែ

    ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។

    អំឡុងអាយុ 6ខែ

    ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃ-ជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។

    អំឡុងអាយុ 9ខែ

    ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។

    អំឡុងអាយុ 12ខែ

    ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។

    ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

  • ម៉េចបានពិបាកមានកូនម្ល៉េះ? ម៉េចបានមិនមានកូនសោះអ៊ីចឹង?

    ម៉េចបានពិបាកមានកូនម្ល៉េះ? ម៉េចបានមិនមានកូនសោះអ៊ីចឹង?

    មូលហេតុពិបាកមានកូន

    កំពុងជួបបញ្ហា មែនទេ? កំពុងតែមានអារម្មណ៍តានតឹង មែនទេ? ហេតុអីបានមិនមានកូនសោះអ៊ីចឹង ទាំងរៀបការមកយូរហើយ ជីវិតសិចក៏ទៀងទាត់ល្អ និងមិនបានពន្យារកំណើតទៀត តែក៏នៅតែមិនព្រមមានគភ៌សោះ…នេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងសភាវពិបាកមានបុត្រហើយ។ តើហេតុអីបានពិបាកមានបុត្រ? ថ្ងៃនេះ ឡារ៉ែននឹងជួយគូស្វាមីភរិយាគ្រប់រូបមកស្វែងរកពីមូលហេតុនេះ ដើម្បីបើកចំហបញ្ហាពិបាកមានបុត្រនេះដូចតទៅ…។

    ពិបាកមានកូនដោយសារនរណា? នរណាជាមូលហេតុនៃការពិបាកមានកូន?

    -មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងស្រី ៈ បណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រពេញអន្តោមញ្ច័ន ដូចជា ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាល ក្រពេញថៃរ៉យដ៍ រួមទាំងសាច់ភ្នាសប្រអប់ស្បូនរីកធំធាត់ខុសកន្លែង ដុះសាច់ក្នុងស្បូន បំពង់បញ្ជូនស៊ុតណែនស្ទះ មានបញ្ហាក្នុងការទម្លាក់ស៊ុត ធ្លាប់ឆ្លងកាត់ការវះកាត់ពន្យារកំណើតពីមុន រួមទាំងការជក់បារី ញៀនគ្រឿងញៀន សេពសុរាជាប្រចាំ ឬរោគធាត់ក៏អាចធ្វើឱ្យពិបាកមានបុត្រដែរ។

    -មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងប្រុស ៈ ដោយសារតែភាពខុសប្រក្រតីរបស់ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាលធ្វើឱ្យមិនអាចសាងអ័រម៉ូនកូណាដូថ្រូពីន រីលីហ្ស៊ីងដែលគ្រប់គ្រងការធ្វើការរបស់ប្រព័ន្ធបន្តពូជក្នុងមនុស្សបាន។ ក្រៅពីនេះ ការឆ្លងរោគខ្ទុះខាងក្នុងបំពង់បញ្ជូនមេជីវិត ធ្វើឱ្យកើតការណែនស្ទះមិនអាចបញ្ជូនទឹកមេជីវិតបាន ឬឆ្លងមេរោគនៅបរិវេណសរសៃឈាមខ្មៅក្នុងពងស្វាស អាចហុចផលប៉ះពាល់ដល់ការផលិតទឹកមេជីវិត និងការដែលមេជីវិតមានរូបរាងខុសប្លែកពីប្រក្រតី ធ្វើចលនាយឺតយ៉ាវ មេជីវិតមានចំនួនតិច អវយវៈភេទមិនឡើងរឹង ជក់បារីច្រើនហួសហេតុ សេពសុរាជាប្រចាំ ញៀនគ្រឿងញៀនក៏ជាមូលហេតុធ្វើឱ្យពិបាកមានបុត្របានដែរ។

    ចង់កែខៃមូលហេតុពិបាកមានបុត្រត្រូវធ្វើយ៉ាងណា?

    ដំបូងបង្អស់ ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃការពិបាកមានបុត្រពិតប្រាកដ។

    ដឹងពីមូលហេតុពិបាកមានបុត្រហើយ បើចង់មានបុត្រ ត្រូវប្រើវិធីណា?

    នៅពេលដឹងពីមូលហេតុហើយថា ខ្លួនពិបាកក្នុងការមានបុត្រដោយសារអ្វី គ្រូពេទ្យជំនាញនឹងផ្ដល់ការប្រឹក្សាក្នុងការរៀបផែនការដើម្បីមានបុត្រ។ ជ្រើសរើសវិធីដែលស័ក្តិសម ដែលបច្ចុប្បន្នតិចណូឡូជីជួយបង្កើនពូជបានចូលមកមានតួនាទីខ្លាំងជាមួយអ្នកដែលពិបាកមានបុត្រ និងមានវិធីជាច្រើនដូចជា ៈ

    • ចាក់បញ្ចូលមេជីវិតផ្សំ
    • ធ្វើ GIFT
    • ធ្វើវិធីចិញ្ចឹមទារកក្នុងប្រអប់កែវ
    • ធ្វើ ICSI
    • ធ្វើ ZIFT
    • ស្វែងរកអ្នកពពោះជំនួសដោយត្រឹមត្រូវតាមច្បាប់

    មូលហេតុពិបាកមានបុត្រអាចកើតចំពោះទាំងស្រ្តី និងបុរស ការព្យាបាលត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាពិសេស ដើម្បីជ្រើសរើសវិធីដែលស័ក្តិសម។ វិធីខ្លះត្រូវប្រើការរៀបចំផែនការរយៈពេលយូរ​តាំងពីការត្រៀមសភាពរាងកាយ ថ្លៃចាយវាយក៏អាចខ្ពស់ខុសប្លែកគ្នាតាមវិធី និងទីកន្លែង តែបើចង់មានបុត្រពិតប្រាកដ អាចនិយាយបានថា ជាការវិនិយោគដែលមានតម្លៃបំផុត…

    ឡារ៉ែនសូមជួយជាកម្លាំងចិត្តគ្រប់គូស្វាមីភរិយា៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • បញ្ហា «ស្ទះបី» នៅតែជាប្រធានបទក្ដៅសម្រាប់ក្រុងភ្នំពេញ

    បញ្ហា «ស្ទះបី» នៅតែជាប្រធានបទក្ដៅសម្រាប់ក្រុងភ្នំពេញ

    បើទោះជាមានការប្រឹងប្រែងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញជាបន្ដបន្ទាប់យ៉ាងណាក៏ដោយ ក៏ការកកស្ទះតាមដងផ្លូវគ្រាដែលសាធារណជនធ្វើដំណើរនៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលគេកំពុងតែចាប់អារម្មណ៍ ក្នុងនោះក៏មានការលើកឡើងថា តើនៅពេលណាទើបរាជធានីភ្នំពេញអាចរំដោះខ្លួនចេញរួចពីការកកស្ទះទាំងនោះបាន?

    ឯកឧត្ដមប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើង ដោយទទួលស្គាល់ថាបើទោះជារាជធានីភ្នំពេញបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏បញ្ហាកកស្ទះនៅតែជាប្រធានបទក្ដៅដដែល។ ឯកឧត្ដមបន្ដថា ជាក់ស្ដែងបើទោះជាមានកិច្ចការជាច្រើនត្រូវបានធ្វើឱ្យកាន់តែល្អប្រសើរឡើងដូចអ្វីយើងបានឃើញក៏ពិតមែន តែរាជធានីភ្នំពេញក៏នៅតែត្រូវការការចូលរួមពីវិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍បន្ថែមទៀតដែរ។

    គួរបញ្ជាក់ថា កាលពីអតីតកាលទីក្រុងភ្នំពេញមានការរៀបចំប្លង់មេសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងរង្វង់តែពី 30-50 ម៉ឺននាក់ រីឯហេដ្ឋារចនាសម្ព័ន្ធរៀបចំសម្រាប់បម្រើឱ្យយានយន្ដប្រមាណតែ 1ម៉ឺនគ្រឿងប៉ុណ្ណោះ។ បច្ចុប្បន្នភ្នំពេញមានមនុស្សរស់នៅក្នុងរង្វង់៣លាននាក់ មានយានយន្ដ 47 ម៉ឺនគ្រឿង និងម៉ូតូជិត2លានគ្រឿង។ ដោយឡែកផ្លូវនៅក្នុងរាជធានីភ្នំពេញមានប្រមាណតែជាង1ពាន់គីឡូម៉ែត្រ(1800គីឡូម៉ែត្រ)តែប៉ុណ្ណោះ ឥឡូវចំងាយផ្លូវមាន2ពាន់គីឡូម៉ែត្រ និងបានពង្រីកផ្លូវធំជាងមុន ប៉ុន្ដែទីក្រុងនេះនៅតែមានបញ្ហាប្រឈមចំពោះការកកស្ទះដដែល។

    អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់បានលើកឡើងថា ៖ «ទីក្រុងយើងមានបញ្ហាស្ទះបី ស្ទះឡាន ស្ទះទឹក និងស្ទះសំរាម»។ ស្ទះបីនៅតែជាប្រធានបទក្ដៅសម្រាប់ទីក្រុងភ្នំពេញដែលសាលារាជធានីភ្នំពេញកំពុងតែយកចិត្ដទុកដាក់ខ្លាំងបំផុត «យើងបានដោះស្រាយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែប្រសើរឡើង ប៉ុន្ដែនៅមិនទាន់អាចឆ្លើយតបបានទាំងស្រុងថា ទីក្រុងមួយនេះនឹងរំដោះខ្លួនចេញផុតពីបញ្ហាស្ទះបីនេះឬយ៉ាងណានោះទេ»។

    ទោះជាយ៉ាងណាឯកឧត្ដមលើកឡើងថា៖ ”យើងនឹងខិតខំដើម្បីធ្វើឱ្យទីក្រុងរបស់យើងមួយនេះមានការប្រែប្រួលបន្ថែមទៀត យើងនឹងធ្វើឱ្យទីក្រុងយើងដោះស្រាយបាននូវបញ្ហាប្រឈមធំៗថែមទៀតដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការមានផែនការសកម្មភាពច្បាស់លាស់ រួមជាមួយការចូលរួមអំពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា យើងពិតជាអាចឆ្លងផុតបញ្ហានេះបាន”។

    តាមការប៉ាន់ស្មានរបស់វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បញ្ជាក់ថា ការកកស្ទះចរាចរណ៍បានធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ថវិកាផ្ទាល់ខ្លួនចំនួន 6 លានដុល្លារក្នុងមួយឆ្នាំ។ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា ការកកស្ទះចរាចរណ៍នេះ ក៏អាចបង្កឱ្យប៉ះពាល់ដល់បរិស្ថាន មានន័យថា ពេលយើងបញ្ឆេះម៉ាស៊ីនយានយន្តចោល វាធ្វើឱ្យឡើងកម្តៅ និងជាពិសេសប៉ះពាល់យ៉ាងខ្លាំងជាមួយនឹងសុខភាព និងបរិស្ថាន៕