Tag: ស្ថិតស្ថេរ

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕

  • សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

    សំខាន់!! ឪពុក-ម្ដាយ 4ប្រភេទដែលអាចធ្វើឱ្យកូនមានទង្វើល្អ ឬច្រងេងច្រងាង…

    ទង្វើនៃការចិញ្ចឹមមើលថែកូនរបស់ឪពុក-ម្ដាយអាចហុចផលឱ្យកូនក្លាយជាក្មេងល្អ ឬក្មេងច្រងេងច្រងាងបាន ព្រោះចរិតនិស្ស័យរបស់កូនអាចសាងបានដោយសារឪពុក-ម្ដាយ។ ​តើលោកអ្នកជាឪពុក-ម្ដាយបែបណាដែរ នៅក្នុងឪពុក-ម្ដាយទាំង 4ប្រភេទខាងក្រោម?

    ឪពុក-ម្ដាយ 4ប្រភេទដែលហុចផលដល់ទង្វើ អាកប្បកិរិយា និងចរិតនិស្ស័យរបស់កូនតាំងពីអំឡុងវ័យនៅតូច រហូតដល់ធំ។ តើឪពុក-ម្ដាយបែបណាដែលធ្វើឱ្យកូនបានល្អ ឬធ្វើឱ្យកូនក្លាយជាក្មេងច្រងេងច្រងាង អាត្មានិយម រឹងរូស មិនស្ដាប់បង្គាប់? រឿងទាំងអស់នេះកើតចេញពីការចិញ្ចឹមមើលថែទាំរបស់ឪពុក-ម្ដាយ ឬអ្នកនៅជិតដិត ដូច្នេះតើឪពុក-ម្ដាយគួរចិញ្ចឹមមើលថែកូនបែបណាទើបកូនបានល្អ?

    1 . ឪពុក-ម្ដាយចិញ្ចឹមកូនយ៉ាងផ្ដាច់ការ

    ជាវិធីការអប់រំចិញ្ចឹមមើលថែដែលឪពុក-ម្ដាយមានភាពហ្មត់ចត់តឹងរ៉ឹងខ្ពស់ និងមិនឱ្យឥស្សរភាពដល់កូនឡើយ មិនថាតែ ៈ

    • ការគ្រប់គ្រង និងដាក់ច្បាប់វិន័យឱ្យកូនប្រតិបត្តិតាមយ៉ាងតឹងរ៉ឹង
    • មិនបណ្ដោយឱ្យកូនបានអធិប្បាយពីហេតុផល
    • កូនត្រូវតែទទួលយកនូវពាក្យសម្ដីរបស់ឪពុក-ម្ដាយថា ជារឿងត្រឹមត្រូវ និងសមរម្យជានិច្ច
    • ឪពុក-ម្ដាយប្រើអំណាចគ្រប់គ្រងដោយវិធីបញ្ជា និងដាក់ទោសនៅពេលកូនមិនធ្វើតាមដូចដែលខ្លួនឯងរំពឹងទុក
    • ឪពុក-ម្ដាយតែងតែនៅឆ្ងាយ និងបដិសេធក្នុងការស្ដាប់កូន
    • ឪពុក-ម្ដាយមិនដែលនឹកដល់អារម្មណ៍របស់កូន

    តើកូននឹងក្លាយជាមនុស្សយ៉ាងណា?

    1. គ្រប់គ្រងខ្លួនឯងបានខ្លាំង មានរបៀប ស្មោះត្រង់ តែនៅពេលដល់ចំណុចមួយ អាចនឹងផ្ទុះអារម្មណ៍ចេញមកបែបមិននឹកស្មានដល់ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។
    2. បង្កប់ភាពច្រងេងច្រងាង នៅផ្ទះមើលទៅសុភាពរៀបរយ តែអាចច្រងេងច្រងាងខ្លាំងក្លាពេលនៅខាងក្រៅ។
    3. ប៉ឹនខ្លាច និងអៀនច្រើន គ្មានភាពនឹងនរខាងអារម្មណ៍ ព្រោះត្រូវគ្រប់គ្រងឱ្យនៅក្នុងរបៀបវិន័យយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។
    4. ខ្វះភាពជឿជាក់លើខ្លួនឯង និងដោយសារតែមានមោទនភាពលើខ្លួនឯងទាប ធ្វើឱ្យមើលមិនឃើញកូណតម្លៃរបស់ខ្លួនឯង។
    5. ខ្វះជំនាញក្នុងការចូលសង្គម គ្មានបដិសម្ព័ន្ធជាមួយអ្នកដទៃ ខ្វះចំណេះដឹងតាមវ័យ។
    6. កែបញ្ហាលំបាកលំបិនក្នុងជីវិតមិនបាន ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ ព្រោះកន្លងមកឪពុក-ម្ដាយចាត់ការឱ្យទាំងអស់។

    2 . ឪពុក-ម្ដាយដែលចិញ្ចឹមកូនដោយការយកចិត្តទុកដាក់

    ពេលខ្លះគេហៅការចិញ្ចឹមមើលថែកូនបែបនេះថា “ប្រជាធិបតេយ្យ”។ វិធីការនេះគឺ ការដែលឪពុក-ម្ដាយ និងកូនគ្រប់គ្នាប្រើច្បាប់រួមគ្នា ប្រណិបត្តិដាក់គ្នាដោយក្ដីគោរព និងស្ដាប់ហេតុផលរវាងគ្នាទៅវិញទៅមក មានភាពបត់បែនដោយឪពុក-ម្ដាយនៅចាំផ្ដល់ការគាំទ្រកូនតាមវ័យរបស់ក្មេង អនុញ្ញាតឱ្យកូនមានឥស្សរភាព តែខណៈជាមួយគ្នាក៏នៅចាំកំណត់ព្រំដែននៃទង្វើរបស់កូនដូចតទៅនេះផងដែរ ៈ

    • កំណត់ឱ្យកូនស្ដាប់បង្គាប់ និងប្រតិបត្តិតាមគន្លងផ្លូវដែលឪពុក-ម្ដាយបានកំណត់ទុកយ៉ាងមានហេតុផល។
    • ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងយកចិត្តទុកដាក់កូនជានិច្ច។
    • បើកឱកាសឱ្យកូនធ្វើជាខ្លួនរបស់ខ្លួនឯង(មិនបង្ខំ)។
    • ស្ដាប់ហេតុផលអំពីកូន។
    • គាំទ្រឱ្យកូនមានចំណែករួមក្នុងការគិត និងសម្រេចចិត្តក្នុងរឿងផ្សេងៗរបស់គ្រួសារ។

    កូននឹងក្លាយជាមនុស្សបែបណា?

    1. កូននឹងមានសេចក្ដីសុខ និងធំឡើងជាមនុស្សធំដែលមានសេចក្ដីសុខ។
    2. ជាមនុស្សដែលមានចិត្តគំនិតល្អ សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន ព្រោះមានគ្រឹះអារម្មណ៍ដែលល្អ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។
    3. មានជំនាញខាងការចូលសង្គមល្អ ចេះសម្របសម្រួលខ្លួននឹងស្ថានការណ៍ផ្សេងៗបាន។
    4. ជឿជាក់លើខ្លួនឯង ព្រោះដឹងថាខ្លួនឯងមានគុណតម្លៃ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ មានគំនិតចេះច្នៃប្រឌិត។
    5. មានរបៀបវិន័យ មានភាពអត់ធន់ស៊ូទ្រាំ មានភាពទទួលខុសត្រូវ មានការចេះគិតពិចារណាខ្ពស់។

    3 . ឪពុកម្ដាយដែលចិញ្ចឹមកូនដោយការបណ្ដោយតាមចិត្តកូន(Permissive)

    ការចិញ្ចឹមកូនដោយការបណ្ដោយឱ្យកូនធ្វើនូវអ្វីផ្សេងៗតាមសេចក្ដីត្រូវការរបស់កូន ដោយគ្មានការកំណត់ព្រំដែន នឹងធ្វើឱ្យកូនអាចប្រើប្រាស់ឥស្សរៈសេរីភាពបានយ៉ាងពេញទំហឹង បញ្ចេញអារម្មណ៍ និងចេតនាបានយ៉ាងបើកចំហ ដោយឪពុកម្ដាយនឹង…ៈ

    • ដាក់ទោសកូនតិចបំផុត
    • មិនទាមទារ ឬគ្រប់គ្រងទង្វើរបស់កូនឡើយ
    • ឪពុកម្ដាយនឹងឱ្យដំបូន្មានដោយក្ដីទន់ភ្លន់ និងបន្ទន់តាមចិត្តកូន
    • ផ្ដល់នូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងតបស្នងតម្រូវការរបស់កូនជានិច្ច
    • ចៀសពីការឈ្លោះទាស់ទែង ព្រោះជឿថា ក្មេងៗនឹងរៀនយល់ដឹងតាមរយៈបទពិសោធរបស់ខ្លួនឯង និងព្យាយាមប្រើហេតុផលជាមួយកូនជានិច្ច។

    កូននឹងក្លាយជាមនុស្សបែបណា?

    1. គ្មានវិន័យ គ្មានភាពទទួលខុសត្រូវ ព្រោះមិនដែលត្រូវបង្ហាត់។
    2. យកខ្លួនឯងធ្វើជាចំណុចកណ្ដាលនៃអ្វីៗគ្រប់យ៉ាង។
    3. មិនជឿជាក់លើខ្លួនឯង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានភាពស្ថិតស្ថេរក្នុងជីវិតទៀតផង ព្រោះព្រោះគ្មានគោលការណ៍ ឬរបៀបវិន័យឱ្យប្រកាន់យក ឬប្រតិបត្តិតាម ជាពិសេសពេលដែលមិនបាននៅជាមួយឪពុកម្ដាយ។
    4. ច្រងេងច្រងាង គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងមិនបាន មិនជឿ ឬស្ដាប់បង្គាប់អ្នកដទៃ ខ្វះចំណេះដឹង។
    5. ពិបាកសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗ។
    6. មើលឃើញគុណតម្លៃក្នុងខ្លួនឯងខ្ពស់ មានជំនាញការទំនាក់ទំនងនឹងអ្នកដទៃល្អ តែខ្វះជំនាញផ្សេងទៀតដែលត្រូវប្រើក្នុងការរស់នៅរួមគ្នាជាមួយអ្នកដទៃ ដូចជាការចែករំលែក ការយល់ចិត្តយល់ថ្លើមអ្នកដទៃ ជាដើម ដោយសារតែត្រូវបណ្ដោយតាមចិត្តរហូតធ្លាប់ខ្លួន។

    4 . ឪពុកម្ដាយដែលចិញ្ចឹមកូនយ៉ាងបណ្ដែតបណ្ដោយ( Uninvolved)

    ការចិញ្ចឹមកូនបែបនេះ អាចហៅបានមួយបែបទៀតថា ជាការចិញ្ចឹមកូនបែបបោះចោល អាចដោយសារតែឪពុកម្ដាយបដិសេធមិនចង់បានកូនតាំងពីដំបូង ឬវីវក់លង់តែក្នុងបញ្ហា និងសម្ពាធក្នុងជីវិតប្រចាំថ្ងៃ រហូតដល់គ្មានពេលវេលាមើលថែទាំយកចិត្តទុកដាក់កូន ធ្វើឱ្យកូនមិនបានទទួលការយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយឪពុកម្ដាយប្រភេទនេះនឹងប្រតិបត្តិដាក់កូនដូចខាងក្រោម…ៈ

    • ផ្ដល់ការមើលថែទាំយកចិត្តទុកដាក់ចំពោះកូនតិចបំផុត ឬព្រងើយកន្តើយនឹងកូន
    • ឪពុកម្ដាយស្ទើរតែមិនផ្ដល់ការចាប់អារម្មណ៍ ឬឆ្លើយតបតម្រូវការរបស់កូនសោះឡើយ
    • មិនទាមទារ ឬដាក់របៀបវិន័យអ្វីៗដល់កូនទាំងអស់
    • ឪពុកម្ដាយនឹងថែទាំកូនត្រឹមតែរឿងរាងកាយ ការហូបចុក និងតម្រូវការគោលៗប៉ុណ្ណោះ

    កូននឹងក្លាយទៅជាមនុស្សបែបណា?

    1. ចេះរស់ដោយខ្លួនឯង គឺក្មេងនឹងរៀនយល់ដឹងក្នុងការចេះរស់ដោយខ្លួនឯង មិនពឹងអ្នកដទៃ។
    2. ជាមនុស្សសម្លឹងមើលពិភពលោកក្នុងន័យអវិជ្ជមាន និងច្រើនតែតតាំងសង្គម។
    3. មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនឃើញគុណតម្លៃរបស់ខ្លួនឯង ខ្វះភាពជឿជាក់លើខ្លួនឯង។
    4. ពិបាកគ្រប់គ្រងអារម្មណ៍។
    5. មិនងាយជឿទុកចិត្តនរណាឡើយ មានអារម្មណ៍មិនជឿជាក់ ឬភ័យខ្លាចនៅពេលត្រូវពឹងពាក់អ្នកដទៃ។
    6. ខ្វះជំនាញចូលសង្គម សាងសម្ព័ន្ធភាពល្អៗជាមួយអ្នកដទៃមិនបាន ឬពិបាកធ្វើបាន។
    7. ធំឡើងនឹងក្លាយជាមនុស្សវ័យជំទង់ដែលច្រើនតែមានទង្វើបែបប្រថុយនឹងកំហុស ដូចជា ញៀនគ្រឿងញៀន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ជាដើម។

    ឪពុកម្ដាយដែលមើលថែទាំកូនយ៉ាងល្អដិតដល់ នឹងធ្វើឱ្យកូន(ជាពិសេស)ក្នុងអំឡុងវ័យជំទង់មានទង្វើ និងការសម្របខ្លួនបានល្អ តែផ្ទុយទៅវិញ បើឪពុកម្ដាយបណ្ដោយតាមចិត្តកូន ឬបណ្ដែតបណ្ដោយ មិនខ្វល់ អាចធ្វើឱ្យកូនក្នុងវ័យកុមារ និងវ័យជំទង់ប្រថុយប្រថាននឹងការប្រតិបត្តិខ្លួនដែលមិនល្អ៕

  • “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។

    – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ

    អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។

    – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ

    នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា ម៉ាក់ទៅចូលបន្ទប់ទឹក ទៅធ្វើម្ហូប ឬចេញទៅធ្វើការក្រៅផ្ទះ ជាដើមហ្នឹងឯង។

    – វាក់អ៊ើ! បង្ហាត់ពីការចងចាំ

    ខួរក្បាលរបស់ក្មេងតូចៗត្រៀមជាស្រេចក្នុងការរៀនយល់ដឹង និងធំធាត់គ្រប់ពេលវេលា ហើយនឹងរឹតតែអភិវឌ្ឍបានល្អឡើងតាមរយៈការលេងគ្រប់អំឡុងពេលដែលឪពុកម្ដាយលេងវាក់អ៊ើជាមួយកូន ដែលនឹងបង្ហាត់ខួរក្បាលរបស់កូនផ្នែកការចងចាំ។ សេចក្ដីសប្បាយនឹងកើតចេញពីការចងចាំថា ប៉ា និងម៉ាក់ធ្លាប់អើតមុខមកវិញនៅខាងណា? ពេលណា? ហើយនឹកស្មានទុកជាមុនថា លើកក្រោយប៉ា និងម៉ាក់នឹងបង្ហាញមុខចេញមកនៅខាងដដែលឬក៏អត់ហ្ន៎? ជាដើម។

    – វាក់អ៊ើ! ជួយអភិវឌ្ឍផ្នែកការទំនាក់ទំនង

    គ្រប់ស្នាមញញឹម និងសំឡេងសើចរបស់កូន មិនមែនជារឿងចៃដន្យដែលកើតឡើងមួយភ្លែតៗ និងកន្លងផុតទៅដោយគ្មានអត្ថន័យនោះទេ តែវាបង្ហាញអំពីវិវឌ្ឍនាការផ្នែកការទំនាក់ទំនងរបស់កូន។ សម្រាប់ក្មេងតូចក្នុងអំឡុងវ័យ 1 – 2 ឆ្នាំដំបូង ការទំនាក់ទំនងជាមួយពិភពខាងក្រៅនឹងត្រូវបញ្ជូនចេញមកតាមរយៈការញញឹម សើច យំ សម្លឹងមុខ ឬសូម្បីតែការកម្រើកដៃជើង ដូចគ្នានឹងបដិសម្ព័ន្ធដែលកើតឡើងខណៈដែលកូនលេងវាក់អ៊ើជាមួយឪពុកម្ដាយដែរ។ ស្នាមញញឹម និងសំឡេងសើចដែលកើតឡើងបង្ហាញឱ្យឃើញថា ការទំនាក់ទំនងរវាងគ្នានឹងគ្នាទទួលបានភាពជោគជ័យហើយណា៎។ ដូច្នេះហើយទើបការលេងវាក់អ៊ើ គឺជាការជំរុញវិវឌ្ឍនាការខាងការទំនាក់ទំនងរបស់កូនបានយ៉ាងល្អ។

    – វាក់អ៊ើ! សាងសម្ព័ន្ធភាព

    ការលេងវ៉ាក់អ៊ើ គឺជាអំឡុងពេលដែលមានកូនជាចំណុចកណ្ដាល ជាការលេងដែលសាងស្នាមញញឹម និងសំឡេងសើចដល់ក្រុមគ្រួសារតាមរយៈការមើលមុខ ធ្វើសំឡេងទាបខ្ពស់ឱ្យរំភើបចិត្ត។ ជាអំឡុងពេលនែសេចក្ដីសុខដែលជួយគ្នាត្បាញថ្ពក់ខ្សែសម្ព័ន្ធភាពរវាងក្រុមគ្រួសារឱ្យរឹងមាំ ហើយនឹងផ្ដិតចេញជាសម្ព័ន្ធភាពដ៏ស៊ីជម្រៅដែលដក់ជាប់នៅក្នុងបេះដូងរបស់កូនយូរអង្វែងតទៅទៀត។

    ឥឡូវជឿហើយឬនៅថា វាក់អ៊ើ នេះពិតជាល្អចំពោះវិវឌ្ឍនាការរបស់កូនតូចខ្លាំងណាស់ និងជាគំរូនៃការសាងពេលវេលាគុណភាពក្នុងគ្រួសារដែលបានពិសោធរួចហើយថា មិនមែនជារឿងលំបាក មិនអស់លុយកាក់ និងពេលវេលានោះឡើយ។ ជារឿងតូចមួយដែលអ្នកគ្រូឆវីគិតថា លោកឪពុកអ្នកម្ដាយគ្រប់រូបអាចធ្វើបានទាំងអស់គ្នា៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • 7 ប្រយោគ ដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង​

    7 ប្រយោគ ដែលធ្វើឱ្យស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង​

    រឿង​ប្រើ​ពាក្យសំដី​ជាមួយ​គូស្នេហ៍​គឺជា រឿង​សំខាន់​ខ្លាំងណាស់ ព្រោះ​គូ​ស្វាមីភរិយា​ដែល​ឈ្លោះ​គ្នា ច្រើនតែ​កើតចេញពី​ពាក្យសំដី​ហ្នឹងឯង តើ​វា​នឹង​ល្អ​ដែរ​ទេ បើសិនជា​យើង​មាន​ពាក្យសំដី​ដែល​ល្អពីរោះៗ ដែល​សាង​សម្ពន្ធភាព​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​នោះ? ចូរ​នាំគ្នា​ហ្វឹកហាត់​ឱ្យ​ធ្លាប់មាត់ នោះ​ជីវិត​ស្នេហ៍​របស់​អ្នកនឹង​មិនមាន​ថ្ងៃ​មាន​បញ្ហា​ដោយសារ​ពាក្យសំដី​ឡើយ។ ដូច្នេះ​សូម​សាក​ល្បងមើល​ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ដែល ឡា​រ៉ែ​ន លើក​យកមក​ណែនាំ​ក្នុង​លេខ​នេះ​ម្តង​មើល។

    1. បង / អូន នៅត្រង់​នេះ​ណា៎!
    ពាក្យសំដីធម្មតាៗដែល​អាច​បង្ហាញ​បាន​ថា​អ្នក​នឹងមិន​ព្រម​លែងដៃ​ពី​គេ(ឬ​នាង) យ៉ាងពិត​ប្រាកដ មិន​ថា​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ។ បើ​អ្នក​មិនដឹងថា​នឹង​និយាយ​អ្វី​នៅពេលដែល​គេ (ឬ​នាង) មាន​បញ្ហា​នឿយហត់​នោះ សុំឱ្យ​និយាយ​ពាក្យ​នេះ​សិន​ទៅ ធានាថា​អ្នក​ស្តាប់​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ​មិន​ខាន។

    2. បង / អូន មាន​អ្វីល្អៗជាង​បង / អូន ខ្លួនឯង​គិត​ទៅទៀត
    ពាក្យសំដី​ដែល​សាង​កម្លាំង​ចិត្តបាន​យ៉ាង​ល្អ គឺ​ការជឿជាក់​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់ បែប​នេះឯង​ត្រឹមតែ​ប៉ុណ្ណឹង​ក៏​នឹងធ្វើ​ឱ្យ​ផ្កា​រីក​ស្គុះស្គាយ​នៅក្នុង​ចិត្ត​អ្នក​ស្តាប់ និង​ត្រៀម​ជាស្រេច​ក្នុងការ​ក្រោក​ឡើង​ធ្វើ​អ្វី តាម​ក្តី​ស្រមៃ​របស់ខ្លួន​បាន​បាត់ទៅហើយ។

    3. សុំទោស​ណា៎!
    បើ​អ្នក​ដឹងខ្លួន​ថា​ខុស កុំ​បណ្តោយឱ្យ​បញ្ហា​វា​រលាយបាត់​ទៅដោយ​ខ្លួនឯង​ដោយ​គ្មាន​អ្នក ណា​និយាយ​ពាក្យ​ថា​សុំទោស​ឱ្យសោះ​ពាក្យខ្លីៗមួយ​នេះ​មាន​ថាមពល​ខ្លាំងក្លា​ខ្លាំងណាស់​អ្នកខ្លះ​គ្រាន់តែ​បានឮ​ពាក្យ​ថា​សុំទោស​ដួងចិត្ត​របស់គេ​ក៏​ទន់​ត្រជាក់​ភ្លាម​បាត់ទៅហើយ ដូច្នេះ​ចូរ​និយាយ​វា​ចេញមក​វា​គ្មាន​ទៅ​ខាតបង់​អ្វី​ទេ។

    4. បង / អូន បារម្ភ​ណា៎!
    បើ​សង្កេតឃើញថា គេ (ឬ​នាង) មាន​បញ្ហា​មានរឿង​ពិបាកចិត្ត​ឬ​កំពុង​ជួបនឹង​បញ្ហា​អ្វីមួយ​នោះ ប្រយោគ​ដែល​គួរ​និយាយ​ជាមួយ​គូស្នេហ៍​របស់​អ្នកនោះ​គឺ “បង / អូន​បារម្ភ​ណា” តែ​ប៉ុណ្ណឹង​នឹង​ធ្វើឱ្យ​គូស្នេហ៍ របស់​អ្នក​រំភើបចិត្ត​បាត់ទៅហើយ ដែល​សំខាន់​នោះ​វា​ថែមទាំង​ជា​ពាក្យសំដី​ដែល​ធ្វើឱ្យ​អ្នក​ស្តាប់​ចង់​ទម្លាយ​បញ្ហា​ប្រាប់​យើង​កាន់តែខ្លាំង​ឡើង​ទៀតផង។

    5. មាន​អ្វី​អាចឱ្យ​បង / អូន​ជួយ​បាន ទេ?
    កុំ​បណ្តោយឱ្យ​បញ្ហា​របស់​គូស្នេហ៍ ក្លាយជា​បញ្ហា​របស់គេ (ឬ​នាង) តែម្នាក់ឯង​អី គ្រាន់តែ​សួរ​គេ​យ៉ាងងាយៗថា​មាន​អ្វី​អាច​ឱ្យជួយ​បាន​ទ ប៉ុណ្ណឹង​ក៏​ប្រៀបដូចជា​ទឹក​ដ៏​ត្រជាក់​មក​ស្រោចស្រប់​លើ​បេះដូង​មនុស្ស​ដែល​កំពុង​តានតឹង​ក្នុង​អារម្មណ៍​ឱ្យ​ស្រស់ថ្លា​ឡើងវិញ​បាន​ទៅហើយ។

    6. ខឹង​តើ.. តែ​មិន​ចង់​បាត់បង់​បង / អូន​ទេ!
    ជាមួយ​សម្ពន្ធភាព​ស្នេហ៍ យ៉ាងណាៗក៏ត្រូវ​តែមាន​ថ្ងៃ​ដែល​អ្នក​ឈ្លោះ​គ្នា​ដែរ តែ​បើសិនជា​អ្នក​ប្រាប់​ទៅ​គេ (ឬ​នាង) ថា​អ្នក​ខឹង តែ​នៅតែ​ស្រឡាញ់ តែ​ប៉ុណ្ណឹង​ក៏​នឹង​ធ្វើឱ្យ​អ្នក​បានឮ​ធូរស្រាល​ក្នុង​ចិត្ត​ឬ​ត្រៀម​ជាស្រេច​ក្នុងការ​ចាប់ដៃ​កែខៃ​បញ្ហា​ជាមួយគ្នា​បាត់ទៅហើយ។

    7. មនុស្ស​យើង​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ទាំងអស់
    ដូចគ្នា​នោះដែរ បើ​គូស្នេហ៍​របស់​អ្នកមាន​អារម្មណ៍ តានតឹង​ធុញថប់​ពី​កំហុសឆ្គង​រឿង​ការងារ រឿងផ្សេងៗក្នុង​ជីវិត​ប្រចាំថ្ងៃ នោះ​អ្នក​ត្រូវតែ​និយាយ​ឱ្យ​អារម្មណ៍​គេ​ត្រជាក់​វិញ​និង​កែសម្រួល​ទស្សនៈ​របស់គេ (ឬ​នាង) ថា មនុស្ស​គ្រប់រូប​លើ​ពិភពលោក​នេះ​សុទ្ធតែ​ធ្លាប់ធ្វើ​ខុស​ទាំង​អស់ហ្នឹង ហើយ​អ្នក​ត្រៀម​ជាស្រេច​ក្នុងការ​អត់​ទោស​ឱ្យគេ (ឬ​នាង) ដូចគ្នា​នឹង​គេ(ឬ​នាង)ក៏​គួរតែ​អត់​ទោស​ឱ្យ​ខ្លួនឯង​ដែរ៕

     

  • រឿងងាយ 5រឿង ដើម្បី​ជីវិត​គូ​ស្ថិតស្ថេរ​យូរអង្វែង

    រឿងងាយ 5រឿង ដើម្បី​ជីវិត​គូ​ស្ថិតស្ថេរ​យូរអង្វែង

    បច្ចុប្បន្ន​ក្នុង​សភាវ​បរិស្ថាន​ដែល​ការរស់នៅ​លំបាកលំបិន​ជាង​កាលពី​អតីតកាល ជីវិត​គូ​ដែល​គង់វង្ស​ស្ថិតស្ថេរ កក់ក្តៅ​ពោរពេញ​ទៅដោយ​សេចក្តីស្រឡាញ់ និង​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា គឺជា​ប្រភព​នៃ​ថាមពល​កាយ និង​ចិត្ត​ដ៏​សំខាន់​ឱ្យ​យើង​តស៊ូ​រស់នៅ​បាន​យ៉ាង​មាន​សេចក្តីសុខ ដោយ​គោលការណ៍ងាយៗ 5យ៉ាង​គឺ លើកតម្កើង យល់ព្រម បត់បែនបែងចែក និង​តស៊ូ ដូចខាងក្រោម​នេះ។

    1/ លើកតម្កើង
    សម្រាប់​គូជីវិត ការសរសើរ លើកតម្កើង និង​ផ្តល់​កិត្តិយស​ដល់​គ្នា​ទៅវិញទៅមក​ជា​រឿង​មួយសំខាន់​ខ្លាំងណាស់ ការចេះ​លើកតម្កើង​គូជីវិត​លើ​មូលដ្ឋាន​នៃ​ការពិត​ទាំង​នៅ​ចំពោះមុខ និង​ពីក្រោយ​ខ្នង​នោះ នឹងធ្វើ​ឱ្យ​រស់នៅ​រួមគ្នា​បាន​យ៉ាង​រីករាយ​គ្មាន​បញ្ហា។ បើ​មិនដឹងថា នឹងត្រូវ​ប្រើ​វាចា​និយាយ​លើកតម្កើង​យ៉ាងណា​នោះ ដំបូង​គឺ​ត្រូវ​មិន​នាំយក​រឿង​ស្វាមី ឬ​ភរិយា​ទៅ​និយាយ​លេង​យ៉ាង​សប្បាយមាត់​នោះទេ ព្រោះ​បើសិនជា​អ្នកណា​បានឮ គេ​នឹង​យល់ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​មិនចេះ​ផ្តល់​កិត្តិយស​ឱ្យ​គ្នា​ទៅវិញទៅមក​ឡើយ។

    2/ យល់ព្រម
    ចេះ​យល់ព្រម អ៊ឺ​អើ តាមចិត្ត​ស្វាមី (ឬ​ភរិយា) ខ្លះផង ព្រោះ​មនុស្ស​ពីរ​នាក់​ដែល​មកពី​កន្លែង​ផ្សេងគ្នាហើយ​មក​រស់នៅ​ជាមួយគ្នា វា​ពិត​ជាមាន​ម្តង ឬ​ពីរដង​មិន​ខាន​ដែល​ទាំងពីរ​នាក់​មាន​ការយ​ល់​ឃើញ​មិន​ដូចគ្នា ក្នុងខណៈដែល​ការរស់នៅ​រួមគ្នា​នេះនៅមាន​រឿង​ជាច្រើន​ដែល​ទាំងពីរ​នាក់​ចាំបាច់ត្រូវ​សម្រេចចិត្ត​រួមគ្នា។ បើម្នាក់ៗប្រកាន់​យកតែហេតុផល​របស់​ខ្លួនឯង​ជាធំ គ្មាន​អ្នកណា​ចុះ​ញ៉មអ្នកណា គិតតែ​ពី​ចង់​ឈ្នះ​នោះ ជីវិត​គូ​បែបនេះ​ប្រហែលជា​រស់នៅ​ជាមួយ​មិនបាន​យូរអង្វែង​ឡើយ។

    3/ បត់បែន
    ក្នុងការ​រស់នៅ​ជីវិត​គូ រឹតតែ​នៅ​ជាមួយគ្នា​យូរ​ទៅរឹតតែ​ស្គាល់គ្នា​ខ្លាំង​ឡើង និង​មាន​រឿងរ៉ាវ ផ្សេងៗ ដើរ​ចូលមកក្នុង​ជីវិត​​របស់​គ្នា​​ទៅ​វិញទៅមកាន់តែច្រើន​ឡើង​ដែរ។ ពេល​រស់នៅ​ជាមួយគ្នាថ្មីៗក៏​ចេះតែ​អាច​ទ្រាំ​បាន​ហើយ តែ​ដល់យូរៗទៅ រឿង
    ​ដែលធ្លាប់​ទ្រាំ​បាន ក៏​ចាប់ផ្តើម​ទ្រាំលែងបាន ទទួលយក​លែង​បាន ព្រោះ​ជួបតែ​រឿងដដែលៗ តែ​ការពិត​វិញ ជីវិត​គូ​រឹតតែ​រស់នៅ​ជាមួយគ្នា​យូរ រឹតតែត្រូវមាន​ការបត់បែន បន្ទន់ឥរិយាបថ​ឱ្យ​គ្នា​ទៅវិញទៅមក​ខ្លាំង​ជាង​ពេល​ស្រឡាញ់គ្នាថ្មីៗ និង​ត្រូវតែចេះ​សម្របសម្រួល និង​បន្ធូរបន្ថយ​ដល់​គ្នា​ទៅវិញ​ទៅមក។

    4/ បែងចែក
    ការរស់នៅ​ទាំង​ក្នុង​ផ្នែក​ដែលជា​ជីវិត​ផ្ទាល់ខ្លួននិង​ជីវិត​គូ តែងតែមាន​រឿងរ៉ាវផ្សេងៗចូលមក​ឡូកឡំ​រហូត​បែងចែក​មិន​ដាច់។ បើជា​រឿង​បន្តិចបន្តួច តូចតាច​ឡូកឡំ​គ្នា ក៏​ល្មម​អាច​នឹង​មើលរំលង​បាន តែ​រឿង​ខ្លះ​ជា​រឿង​ដែល​មិនអាច​ឡូកឡំ​គ្នា​បាន ដូចជា រឿង​ការងារ​ជាមួយរឿង​ផ្ទាល់ខ្លួន​វិញ អ្នកខ្លះ​មួម៉ៅ​មកពី​កន្លែងធ្វើការមកដល់​ផ្ទះ​ក៏​មួម៉ៅ​រាលដាល​ដល់​ភរិយា​នៅផ្ទះឬ​មាន​បញ្ហា​នៅផ្ទះ ហើយ​ទៅ​ឡូឡា​ដាក់​មិត្តភក្តិ​រួមការ​ងារ ឬ​កូនចៅដែល​អាច​នឹង​ជាហេតុ​នាំឱ្យ​កើតមាន​បញ្ហា​បាន​ទាំង​នៅផ្ទះ និង​កន្លែងធ្វើការ។ ភរិយា​ខ្លះ​ទូរស័ព្ទតាមដាន​ស្វាមី​រហូត​ពេញ​មួយថ្ងៃ ដែល​វា​ក្លាយជាការ​រុកកួន​រំខាន​សមាធិ​ក្នុងការ​ធ្វើការ​របស់​ស្វាមី​ជំនួស​ឱ្យ​ការ​រំភើបចិត្ត​ទៅវិញ។ ការចេះ​បែងចែក​ឱ្យដាច់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន ការងារ និង​ក្រុមគ្រួសារគឺជា​រឿង​ដែល​ជីវិត​គូ​ចាំបាច់​ត្រូវតែមានដើម្បីសុភមង្គល និង​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍។

    5/ តស៊ូ
    មិន​ថា​នឹងមាន​បញ្ហា​ អ្វី​កើតឡើង​ក៏ដោយកម្លាំងចិត្ត​គឺជា​រឿង​សំខាន់បំផុត។ ក្តី​ប្រាថ្នា​ក្នុងជីវិតគូ​ត្រូវតែ​មានចិត្ត​អត់ទ្រាំ និង​តស៊ូ​ជាមួយគ្នា ទាំង​សុខទាំង​ទុក្ខ​ក៏​ត្រូវតែ​រួមគ្នា​ជម្នះ​ឱ្យបាន អ្នកណាម្នាក់​រួញរា អស់សង្ឃឹម ឬ​ដួលរលំ ក៏ត្រូវ​តែ​ខំ​ជួយ​ទាញ​លើកគ្នា​ឱ្យ​ក្រោកឈរ​ឡើងវិញ​ជាថ្មី​យ៉ាងរឹងមាំនិង​ស្ថិតស្ថេរ​ឱ្យបាន។ ព្រោះ​សម្ពន្ធភាព​ដ៏​អស្ចារ្យ​អាច​សាង​បាន​តាមរយៈ​សេចក្តីស្រឡាញ់ ក្តី​យល់ចិត្ត និង​ទុកចិត្ត​គ្នា​ទៅវិញទៅមក ទើប​ក្តី​ស្រឡាញ់​នោះ​នឹង​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង៕