Tag: ស្ត្រី

  • តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    បច្ចុប្បន្នកុំព្យូទ័រមានតួនាទីជាមួយជីវិតរបស់មនុស្សស្ទើរតែគ្រប់ផ្នែក និងប្រាកដណាស់ស្រ្តីមានគភ៌ជាច្រើននាក់ត្រូវធ្វើការងារដោយមានកុំព្យូទ័រជាឧបករណ៍ប្រើការក្បែរកាយ និងត្រូវនៅជាមួយវត្ថុមួយនេះជាច្រើនម៉ោងជាប់ៗគ្នាក្នុងមួយថ្ងៃ។

    ស្រ្តីមានគភ៌មួយចំនួនចាប់ផ្ដើមនឹកបារម្ភក្នុងចិត្តថា តើកុំព្យូទ័រដែលកំពុងប្រើការនេះនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ? ដែលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវមកជាយូររបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យសម្ភពមកពីគ្រប់ទិសទីក្នុងពិភពលោកបានផ្ដល់នូវចម្លើយដែលធ្វើឱ្យស្រ្តីមានគភ៌ទាំងឡាយបានសប្បាយចិត្តថា កុំព្យូទ័រមិនមានបង្កគ្រោះថ្នាក់អ្វីដល់កូនតូចក្នុងផ្ទៃឡើយ…តែការអង្គុយធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរៗទៅវិញទេដែលមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីមានគភ៌ ដែលរឹតតែត្រូវអង្គុយធ្វើការយូរប៉ុនណា ប្រព័ន្ធឈាមរត់នឹងហូរបញ្រ្ចាស់ត្រឡប់ឡើងទៅផ្នែកខាងលើ ធ្វើឱ្យឈាមហូរទៅចិញ្ចឹមរាងកាយយឺតយ៉ាវ ដែលអាចធ្វើឱ្យហើមជើង ងាយវិលមុខ ឆាប់ហត់ និងឈាមដែលហូរត្រឡប់ចូលបេះដូងទៅចិញ្ចឹមកូនតូចក៏នឹងថយចុះ។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវអង្គុយធ្វើការនៅមុខកុំព្យូទ័រគួរមើលថែទាំខ្លួនឯងដូចតទៅនេះ…ៈ

    ការអង្គុយ

    ស្ត្រីមានគភ៌គួរអង្គុយឱ្យត្រូវតាមវិធី ដោយឥរិយាបទអង្គុយដែលត្រឹមត្រូវបំផុតក៏គឺ អង្គុយចូលទៅក្នុងឱ្យពេញកៅអី និងខ្នងពឹងនឹងបង្អែកកៅអី ចន្លោះរវាងភ្លៅ និងកៅអីគួរនៅសល់ចន្លោះប៉ុនម្រាមដៃអាចស៊កចូលទៅបាន ដើម្បីកាត់បន្ថយសង្កត់ និងឱ្យឈាមហូរវិលបានស្រួលឡើង។ បើស្ត្រីមានគភ៌ស្ថិតក្នុងអំឡុងត្រីមាសចុងក្រោយ ទំហំក្បាលពោះដែលធំខ្លាំងនោះនឹងធ្វើឱ្យផ្ទៃពោះហុចលយមកខាងមុខ ស្រ្តីមានគភ៌អាចប្រើខ្នើយមកដាក់កល់ខ្នង ក៏អាចជួយកាត់បន្ថយភាពតឹងរបស់សាច់ដុំបានដែរ។

    ថែទាំកែវភ្នែក

    ស្រ្តីមានគភ៌គួរសម្រួលរយៈចម្ងាយ និងកម្ពស់របស់អេក្រង់កុំព្យូទ័រឱ្យស័ក្តិសមល្មមនឹងកម្រិតកម្ពស់ខ្សែភ្នែករបស់អ្នកផង។ គួរឱ្យអេក្រង់កុំព្យូទ័រស្ថិតក្នុងកម្ពស់ទាបជាងកម្រិតខ្សែភ្នែកប្រមាណជា 10 – 20អង្សា សម្រួលភាពភ្លឺរបស់អេក្រង់ឱ្យសមល្មម នឹងជួយឱ្យស្រ្តីមានគភ៌មិនឈឺភ្នែក អានអក្សរបានកាន់តែងាយស្រួលឡើង។ មិនគួរសម្លឹងមើលអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ និងគួរសាកល្បងសម្រាកខ្សែភ្នែកប្រមាណជា 10នាទីក្នុងរយៈពេល 1ម៉ោងនៃការធ្វើការ នឹងកាត់បន្ថយអាការឈឺកែវភ្នែករបស់ស្រ្តីមានគភ៌បានច្រើន។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះ កុំភ្លេចផ្លាស់ប្ដូរឥរិយាបថឱ្យបានញឹកញាប់ កុំសម្លឹងអេក្រង់កុំព្យូទ័រយូរៗពេក គួរងាក ឬបែរទៅមើលអ្វីផ្សេងខ្លះផង និងមិនគួរអង្គុយក្នុងឥរិយាបថដដែលយូរពេកឡើយ គួរក្រោកដើរទៅនេះទៅនោះឱ្យយឺតសរសៃសរសូងរៀងរាល់ម៉ោងខ្លះផងទើបជាការប្រសើរបំផុត៕

  • តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    មានសារធាតុអាហារជាច្រើនដែលចាំបាច់ និងមានប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់ស្រ្តីដែលកំពុងតាំងគភ៌។ ការពិតទៅ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍តាំងពីមុនពេលតាំងគភ៌ ក៏រឹតតែមានផលល្អចំពោះសុខភាពច្រើនដែរ ព្រោះការដែលរាងកាយបានទទួលសារធាតុអាហារល្អៗ ច្បាស់ជាហុចផលល្អដល់សុខភាពទាំងម្ដាយ និងទារកក្នុងគភ៌មិនខាន តែនៅមានរឿងមួយទៀតដែលមានផលយ៉ាងច្រើនដល់ការចម្រើនធំធាត់របស់រាងកាយ នោះគឺការបានទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម ព្រោះកាល់ស្យូមនឹងជួយសាងបន្ថែមលើផ្នែកដែលសឹករេចរឹល រួមទាំងជួយសាងបណ្ដុំឆ្អឹង និងធ្មេញឱ្យមានការរីចម្រើនធំធាត់យ៉ាងរឹងមាំ។

    កាល់ស្យូមមានប្រយោជន៍ចំពោះសុខភាព និងជាសារធាតុរ៉ែដែលចាំបាច់ត្រូវមានច្រើនបំផុតក្នុងរាងកាយ កាល់ស្យូមភាគច្រើនស្ថិតនៅក្នុងឆ្អឹង និងធ្មេញ កាល់ស្យូមមានភាពចាំបាច់ដល់ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ការបង្រួញខ្លួនរបស់សាច់ដុំ-ល- ក្រៅពីនេះកាល់ស្យូមនៅមានប្រយោជន៍ដល់ការបង្កកខ្លួនរបស់ឈាមនៅពេលកើតមានស្នាមរបួសលើរាងកាយទៀតផង។

    កាល់ស្យូម និងស្រ្តីមានគភ៌

    ប្រហែលជាបានដឹងរួចហើយថា នៅលើស្រ្តីដែលកំពុងតាំងគភ៌ ការបានទទួលកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងជួយធ្វើឱ្យកម្មវិធីការធ្វើការងាររបស់គ្រប់ប្រព័ន្ធក្នុងរាងកាយដំណើរការទៅយ៉ាងល្អពេញលេញ ព្រោះមកដល់អំឡុងពេលមួយរបស់ការតាំងគភ៌ កាល់ស្យូមនឹងត្រូវបឺតយកទៅប្រើប្រាស់ក្នុងការសាងសាច់ សាងតួខ្លួន សាងឆ្អឹង និងធ្មេញរបស់ទារកក្នុងគភ៌ ដូច្នេះហើយទើបយើងបានឃើញថា ស្ត្រីដែលមានគភ៌ច្រើនតែមានអាការពុកធ្មេញកើតឡើង រួមទាំងរោគឆ្អឹងពុកផងដែរដោយសារតែកង្វះជាតិកាល់ស្យូមហ្នឹងឯង។ ដូច្នេះក្នុងមួយថ្ងៃៗនៃការទទួលទានអាហារ ស្រ្តីមានគភ៌គួរតែសង្កត់ធ្ងន់លើអាហារដែលមានជាតិកាល់ស្យូមរួមជាមួយផង ព្រោះវានឹងជួយឱ្យបរិមាណកាល់ស្យូមក្នុងរាងកាយមានគ្រប់គ្រាន់នឹងតម្រូវការរបស់ទាំងម្ដាយ និងកូនរបស់អ្នកផងដែរ។

    ស្រ្តីមានគភ៌ និងការខ្វះជាតិកាល់ស្យូម

    – ការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ កម្មវិធីមេតាបូលីហ្ស៊ឹមរបស់កោសិកា នឹងធ្វើការខុសប្រក្រតី។

    – ឆ្អឹងនឹងស្ដើង និងផុយស្រួយ។

    – ចំពោះស្រ្តីមានគភ៌ដែលមានការខ្វះជាតិកាល់ស្យូមគ្រប់ពេលវេលា និងខ្វះក្នុងរយៈពេលយូរជាប់ៗគ្នា រឿងដែលនឹងកើតឡើងនោះគឺ នឹងធ្វើឱ្យកើតអាការសឹកពុកឆ្អឹងជានិរន្តរ៍។

    – លុះដល់អំឡុងពេលមួយរបស់វ័យ នៅលើស្រ្តីមានគភ៌ ឬអ្នកដែលខ្វះជាតិកាល់ស្យូម នឹងធ្វើឱ្យកម្ពស់ថយចុះ។

    – ភាពរឹងមាំ ឬកម្លាំងពលំក្នុងការប្រឹងប្រសូតបុត្រនឹងថយចុះ ឬនៅលើស្រ្តីមួយចំនួនគ្មានកម្លាំងប្រឹងសោះតែម្ដង។

    ប្រភពអាហារដែលសម្បូរជាតិកាល់ស្យូម

    ប្រភពអាហារដែលមានជាតិកាល់ស្យូម មានច្រើនប្រភេទណាស់ មិនថាតែកាល់ស្យូមដែលមាននៅក្នុងទឹកដោះដែលស្រ្តីមានគភ៌គួរតែទទួលទានជាមធ្យម 1 – 2កែវក្នុងមួយថ្ងៃ ព្រោះស្រ្តីមានគភ៌ត្រូវការកាល់ស្យូមច្រើនក្នុងមួយថ្ងៃៗដល់ទៅ 1,200មីល្លីក្រាមឯណោះ ដូច្នេះហើយទើបចាំបាច់ត្រូវបានទទួលពីអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ សម្រាប់អាហារផ្សេងទៀតដែលជាប្រភពដ៏ល្អរបស់កាល់ស្យូមដែរនោះ មានដូចជាត្រីចង្វាមូល ត្រីតូចៗដែលញ៉ាំបានទាំងឆ្អឹងបន្លែស្លឹកបៃតង ដូចជាបន្លែខាត់ណា ប្រូខូលី គ្រាប់ល្ង ឬតៅហ៊ូដុំ ជាដើម។ល៕

  • ស្ត្រីមានផ្ទៃពោះ​ ឃ្លាន​ញឹកញាប់​ គួរ​ញ៉ាំ​អ្វី​ក្រៅពី​ពេលបាយ​?

    ស្ត្រីមានផ្ទៃពោះ​ ឃ្លាន​ញឹកញាប់​ គួរ​ញ៉ាំ​អ្វី​ក្រៅពី​ពេលបាយ​?

    អាហារ​ក្រៅពី​ពេលបាយ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ តើ​គួរ​ទទួលទាន​អ្វី​ល្អ​ដើម្បី​ជួយ​បំប៉ន​រាង​-កាយ​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​? ខាងក្រោម​នេះ​គឺ​ អាហារ4យ៉ាងដែល​ស្រ្តី​មានផ្ទៃពោះ​គួរ​ទទួល​ទាន​…។

    1. នំ​ឃុក​គី​ ឬនំ​ក្រេក​គើរ​
    សម្រាប់​ស្ត្រីមានផ្ទៃពោះ​ នំ​ឃុក​គី​ដែល​ចង់​ណែនាំ​គឺ​ នំ​ពពួក​ស្រូវ​អូក​ ឬនំ​ឃុក​គី​ដែល​លាយ​ជាមួយ​ធញ្ញ​ជា​តិ​ផ្សេង​ៗ ដូចជា​ អាល់​ម៉ុន​ ឬគ្រាប់ស្វាយ​ចន្ទី​ ព្រោះស្ត្រីមានផ្ទៃពោះ​នឹង​បាន​ទទួលគុណ​ប្រយោជន៍​ខាង​អាហារ​ពី​ម្សៅ​នៅក្នុង​អង្ករ​ស្រូវ​អូក​ រួម​ទាំង​ប្រូ​តេ​អុី​នពី​គ្រាប់សណ្ដែក​ ឬធញ្ញជាតិ​ប្រភេទ​ផ្សេង​ៗទៀតផង​។

    2. អាហារ​ប្រភេទ​ស៊ី​រៀល​
    ស៊ី​រៀល​ជា​អាហារ​ដែល​ផ្ដល់​កម្លាំងថាមពល​ និង​ហ្វូ​លេ​តខ្ពស់​ មាន​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​ស្ត្រីមានគភ៌​ ជាពិសេស​ក្នុងអំឡុងពេល​ចាញ់កូន​ ញ៉ាំ​អ្វី​មិនសូវ​បាន​។

    3. យ៉ា​អួ​
    ស្ត្រីមានគភ៌​អាច​ជ្រើសរើស​ទទួលទានទឹក​ដោះ​គោ​ជូរ​ ឬយ៉ា​អួ​ក្រៅពី​ពេល​អា​ហារ​ចម្បង​ៗបាន​ ពេល​មាន​អារម្មណ៍​ថា​ខ្លួនឯង​ឃ្លាន​ ដោយសារតែ​នៅក្នុង​យ៉ា​អួ​មាន​កាល់ស្យូម​ដែល​ជាផ្នែក​សំខាន់​ក្នុង​ការ​សាង​ឆ្អឹង​ និង​ធ្មេញ​ឱ្យ​រឹងមាំ​ទាំង​សម្រាប់​កូនតូច​ក្នុង​ផ្ទៃ​ និង​អ្នកម្ដាយ​ខ្លួនឯង​ផង​ ក្រៅពី​នេះ​ យ៉ា​អួ​នៅ​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​ស្រ្តី​មានគភ៌​ធ្វើការ​បាន​ល្អ​ឡើង​ទៀតផង​។

    4. បន្លែ​ និង​ផ្លែឈើ​
    បន្លែ​ និង​ផ្លែឈើ​ គឺជា​អ្វី​ដែល​ស្ត្រីមានផ្ទៃពោះ​គួរ​ទទួលទាន​យ៉ាង​មិន​អាច​ចៀសវាង​បាន​ ជាពិសេស​បំផុត​ផ្លែ​លម៉ើ​ ស្រកានាគ​ ផ្លែ​ល្ហុង​ទុំ​ ផ្លែ​ប៉ោម​ ម្នាស់​ បន្លែ​ពណ៌បៃតង​ចាស់​ ប៉េងប៉ោះ​-ល- ដើម្បី​ឱ្យ​រាងកាយ​បាន​ទទួល​វីតាមីន​ និង​សារធាតុ​រ៉ែ​យ៉ាង​គ្រប់គ្រាន់​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ឱ្យ​រឹងមាំ​ឡើង​៕

  • អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

    អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

    អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ជានិច្ច អ្នកណាៗក៏​ដឹង​ដែរ ទើប​ថ្ងៃនេះ​យើង​មាន​អាហារ​សុខភាព 5យ៉ាង​មក​ផ្ញើនារីៗ ជា​អាហារ​ដ៏​ល្អដែល​មិនអាច​ខ្វះ​បាន ដើម្បី​មើលថែទាំ​សុខភាព និង​ការពារ​រោគ​ដែល​តែង​កើត​ច្រើន​នៅក្នុង​ក្រុមនារីៗយើង​ពេល​អាយុ​កាន់តែ​ច្រើនឡើង ដូច្នេះ​យើង​នាំគ្នា​ទៅ​មើលថា តើ​មាន​អ្វីខ្លះ?

    1/ យ៉ា​អួ​ជាតិ​ខ្លាញ់​តិច រសជាតិ​ធម្មជាតិ ជួយ​កាត់បន្ថយ​ការកើត​មហារីក​សុដន់ និង​ការឆ្លង​មេរោគ​ក្នុង​រន្ធ​ស្បូន ក្រៅពីនេះ​នៅមាន​កាល់ស្យូម​ខ្ពស់ ការពារ​បញ្ហា​ពុក​ឆ្អឹង​បាន​ទៀតផង។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

    2/ ត្រី​ដែលមាន​ខ្លាញ់ ដូចជា ត្រី​សាល​ម៉ុ​ន ត្រី​មែក​ឃើ​រេល និង​ត្រី​សា​ឌី​ន មាន​ជាតិ​អាស៊ីត​អូ​មេ​ហ្កា 3 ជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រូ​ម៉ា​តយ​ដ៍ ជំងឺ​អេស​អឹ​លអី​ុ ដែល​កើត​ច្រើន​នៅលើ​ស្ត្រី​ច្រើនជាង​បុរស។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

    3/ សណ្តែក ទាំង​សណ្តែក​ដែល​ទទួលទាន​បាន​ទាំង​កួ ដូចជា ព​ពាយ សណ្តែកកួ សណ្តែក​ហោ​ឡាន់​តៅ សណ្តែកអង្គុយ សណ្តែកក្រហម និង​សណ្តែកខ្មៅ ដែលមាន​ហ្វៃ​ប៊ើ​រ​ខ្ពស់ មាន​សារធាតុ​ដែលមាន​ឬ​ទ្ធិ​ទប់ស្កាត់​អង់​ហ្ស៊ី​ម​ប្រូ​ទិ​អេស ដែល​ជួយ​ការពារ និង​កាត់បន្ថយ​ការ​បំបែក​ខ្លួន​របស់​កោសិកា​មហារីក ជួយ​ការពារ​មហារីក​សុដន់ ហើយ​ដែល​សំខាន់​គឺ ហុច​ផល​ល្អ​ដល់​អ័រម៉ូន​ភេទ​ស្រី។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

    4/ ផ្លែ​ប៉េងប៉ោះ និង​ឪឡឹក មាន​សារធាតុ​ឡៃ​ខូ​ពី​ន ជួយ​ការពារ​មហារីក​សុដន់ មាន​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ដេ​ន​ត៍ ធ្វើឱ្យ​មើលទៅ​ឃើញ​នៅ​ក្មេង​វ័យ ព្រោះ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ត្រូវ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​បំផ្លាញ។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

    5/ ប៊ីរី ដូចជា ប្លូ​៊​ប៊ីរី ស្ត្រ​ប៊ីរី រ៉ា​ស​ប៊ីរី មាន​អ៊ែន​ថូ​សៃ​អ៊ែន​ស៍ (Anthocyans) ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ជួសជុល​កោសិកា​ក្នុង​រាងកាយ​របស់​យើង ក្រៅពីនេះ​នៅមាន​ការងារ​ស្រាវជ្រាវ​មួយ​ដែល​អះអាងថា វា​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក​បាន​ច្រើន​ប្រភេទ ដូចជា មហារីក​សុដន់ មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម។
    កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-4ដង។

    ចង់​ក្លាយជា​នារី​រូប​ស្អាត​សុខភាព​ល្អ ចូរ​កុំ​ខកខាន​អាហារ​ទាំង 5ប្រភេទ​ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ព្រមទាំង​ត្រូវ​នាំគ្នា​មើលថែទាំ​ខ្លួន​តាំងពី​ថ្ងៃនេះ​តទៅ៕

  • អ្នកណាខ្លះដឹងថា ស្រ្តីមានចំណង់រួមរ័កនៅពេលណា?

    អ្នកណាខ្លះដឹងថា ស្រ្តីមានចំណង់រួមរ័កនៅពេលណា?

    បើទោះបីស្ត្រី មិនស្តែងឱ្យឃើញពីតម្រូវការផ្នែកផ្លូវភេទច្បាស់ដូច បុរសក្តី ប៉ុន្តែពេលខ្លះអារម្មណ៍សិចរបស់ស្ត្រី កើនខ្លាំងជាងបុរសទៅទៀត។ ជាពិសេសនៅក្នុង អំឡុងពេលមួយចំនួនដែលមាននៅខាងក្រោមនេះតែម្ដង ដែលភាគគេបានកត់សម្គាល់ឃើញថា ស្រ្តីតែងកើតមានអារម្មណ៍ចង់រួមរ័ក។

    – ត្រូវស្រាកម្តៅអារម្មណ៍៖ អំឡុងពេលស្ថិតនៅតែ២នាក់ជាមួយបុរសកំពូលស្នេហ៍ ស្ត្រីអាចចាប់ផ្តើមសាងភាពក្លាហានខ្លួនឯង ដោយក្រេបនូវរសជាតិដ៏ជាប់ចិត្តនៃសុរាពិសេសប្រភេទស្រាណាដែលដៃគូរបស់នាងចូលចិត្តដើម្បីជំរុញអារម្មណ៍នៃសេចក្តីសុខរួមគ្នាឱ្យកើតមានឡើង។

    – ក្រោយថ្ងៃមានរដូវ៖ ក្រោយថ្ងៃមានរដូវបានកន្លងផុតទៅគឺជាអំឡុងពេលដែលកម្រិតអ័រម៉ូនក្នុងរាងកាយស្ត្រីកើនឡើង ព្រោះជាដំណាក់កាលដែលរាងកាយផលិតពង (អូវុល) ដើម្បីរង់ចាំទទួលការបន្តពូជតាមបែបធម្មជាតិ។ ពីរសប្តាហ៍រាប់ចាប់ពីថ្ងៃអស់រដូវចុងក្រោយ គឺជាចន្លោះពេលមួយសមស្របបំផុតក្នុងការបង្កាត់ភ្លើងស្នេហ៍កាមទេព និងជាពេលដែលស្ត្រីមានតម្រូវការផ្លូវ ភេទខ្លាំងដោយពុំចាំបាច់ឱ្យបុរសជាដៃគូជួយបបោសអង្អែលដាស់អារម្មណ៍សិចយូរៗដូចមុននោះឡើយ។

    – មើលវីដេអូដាស់អារម្មណ៍៖ ស្ត្រីភាគច្រើនមានអារម្មណ៍ខ្លាចរអាមិនហ៊ានមើលវីដេអូសិចដោយមូលហេតុច្រើនយ៉ាង ពិសេស ខ្លាចបុរសគូស្នេហ៍យល់ថា នាងជាស្ត្រីល្មោភតណ្ហា។ ប៉ុន្តែបើជាសាច់រឿងស្នេហាមានឈុតឆាកឱបថើបបឺតមាត់ ស្ទាបបបោសអង្អែលសម្តែងដោយតួឯកប្រុសសង្ហាអាចធ្វើឱ្យឈាមរបស់ស្ត្រីពុះពោរឡើង ឯអារម្មណ៍ក៏កើតមានទៅតាមនោះដែរ រហូតទ្រាំលែងបាន ពេលនោះចៀសមិនផុតពីដឹកដៃគ្នាឡើងឋានសួគ៌ឡើយ ។

    – ពេលនៅបែកគ្នា៖ អឡុងពេលរស់នៅបែកគ្នាបណ្តោះអាសន្នសម្ព័ន្ធស្នេហ៍របស់ស្ត្រី និងគូស្នេហ៍នឹងកាន់តែវេញត្របាញ់បញ្ចូលគ្នាយ៉ាងស្អិតល្មូតទ្វេឡើងនៅពេលបានជួបគ្នាម្តងៗ។ នេះដោយសារក្តីនឹករលឹកភាពស្រងេះស្រងោចដក់ជាប់ក្នុងចិត្ត ដែលចេះតែកើនឡើងដោយក្តីបារម្ភ និងទន្ទឹងរង់ចាំផ្លូវ។ ពេលបានជួបគ្នាវិញ ត្រូវទូទាត់នូវក្តីនឹងរឮកដោយយកសិចមកជំនួស។

    – ពេលតប់ប្រមល់៖ ភាពធុញថប់តប់ប្រមល់របស់ស្ត្រីដែលយើងមិនច្បាស់ក្នុងចិត្តថា ជាអ្នកជំរុញកម្តៅខ្លួនឱ្យពុះពោរឡើងដូចកំហឹងនិងមិនអាចបង្កើតនូវសេចក្តីត្រូវការផ្នែកផ្លូវភេទឱ្យកើនឡើងខ្លាំង ដូចការខឹងក្រេវក្រោធនោះ បើភាគីបុរសជូយដោះស្រាយបញ្ហារកច្រកចេញឱ្យស្ត្រីធូរស្បើយ ក្នុងអារម្មណ៍គឺជារឿងល្អ។ ភាពតប់ប្រមល់នាំឱ្យឈឺក្បាល និងរោលរាលទៅដល់ចិត្ត។ ដូចនេះ សិចអាចធ្វើឱ្យការធុញថប់អារម្មណ៍ ធូរស្បើយបាន ហើយជួនកាលជួយកាត់បន្ថយ អាការឈឺក្បាលបានទៀតផង។

    – អត់យូរ ជូរមាត់៖ ពេលដាច់របបសិចយូរ តម្រូវការផ្លូវភេទបានប្រមូលផ្តុំនៅក្នុងសារពាង្គកាយដោយពុំដឹងខ្លួន។ ការមិនបានរួមរ័កយូរមកហើយនេះ ធ្វើឱ្យអារម្មណ៍សិចរបស់ស្ត្រីកើនឡើងយ៉ាងខ្លាំង និងរង់ចាំការរួមភេទជាមួយដៃគូយ៉ាងអន្ទះសា។ នេះជាក្រឹត្យក្រមធម្មជាតិរបស់មនុស្ស ក្នុងវ័យបន្តពូជ ដែលនៅមានចំណង់ផ្លូវភេទអត់យូរតែងតែជូរមាត់ពិតជាពិបាកទប់អារម្មណ៍ណាស់….៕