Tag: ស័ក្តិសិទ្ធិ

  • ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    ការឱ្យរង្វាន់កូន ពេលកូនធ្វើអំពើល្អ

    “ការទទួលស្គាល់របស់ឪពុក-ម្តាយ នឹងជួយឱ្យកូនកើតមានមោទនភាពចំពោះខ្លួនឯង និងធ្វើឱ្យគេអាចធ្វើរឿងផ្សេងៗបានល្អដូចគ្នាដែរ”

    នៅពេលកូនធ្វើអំពើល្អ ឬមានស្នាដៃក្នុងការធ្វើអ្វីមួយគួរជាទីពេញចិត្តនោះ ឪពុក-ម្តាយកុំភ្លេចពោលពាក្យសរសើរ ឬឱ្យរង្វាន់ជាការតបស្នងទៅវិញផង ព្រោះរូបកូនខ្លួនឯងក៏ត្រូវការការទទួលស្គាល់ចំពោះខ្លួនគេដែរថា គេអាចធ្វើបាន ដូច្នេះពាក្យរីករាយសរសើរ ឬរង្វាន់ ក៏ប្រៀបដូចជាកម្លាំងដឹកនាំចិត្តមួយដែរ។

    តែការឱ្យរង្វាន់ មិនមែនជាការសូកប៉ាន់កូននោះទេ មានជាច្រើនដងណាស់ដែលឪពុក-ម្តាយតែងប្រើរង្វាន់ធ្វើជា រឿងជន្លរចិត្តឱ្យកូនធ្វើនូវរឿងអ្វីម្យ៉ាងឱ្យបាន ឬបញ្ឈប់ទង្វើដែលមិនល្អ ដូចជា បើកូនញ៉ាំបាយអស់ពីចាន ម៉ាក់នឹងទិញសៀវភៅតុក្កតារឿងថ្មីមកឱ្យ ឬបើកូនឈប់យំ ម៉ាក់នឹងនាំទៅទិញនំញ៉ាំ ឬក៏ បើកូនប្រឡងបានលេខ1 ម៉ាក់នឹងទិញកង់ថ្មីឱ្យជាដើម។

    រឿងទាំងអស់នេះ នឹងហុចផលឱ្យកុមាររៀនយល់ដឹង និងជ្រួតជ្រាបថា ការនឹងធ្វើអ្វីក៏ដោយ តែងតែមានចំណុចដូរដោះគ្នា ឬផលតបស្នងដែលគេពេញចិត្តជានិច្ច បើគ្មានរង្វាន់ គេនឹងមិនធ្វើទេ ដូច្នេះយើងហៅទង្វើបែបហ្នឹងថា ការសូកប៉ាន់កូន។

    ការឱ្យរង្វាន់ មិនគួរឱ្យផ្ដេសផ្ដាស់ ឬមិនចាំបាច់ត្រូវតែជារបស់របរ វត្ថុ ឬលុយកាក់ជានិច្ចនោះទេ អាចជាការសរសើរដោយវាចាក៏បាន គួរឱ្យរង្វាន់នៅពេលដល់ពេលវេលាដែលស័ក្តិសម និងតាមភាពសមរម្យ។ គ្រប់ពេលដែលឱ្យ គួរប្រាប់ពីហេតុផលផងថា ដោយសារហេតុអីទើបកូនគួរតែបានទទួលរង្វាន់នេះ ដើម្បីឱ្យរង្វាន់នេះក្លាយជារង្វាន់ដែលមានតម្លៃ និងស័ក្តិសិទ្ធិ ត្រូវនឹងមនុស្សដែលស័ក្តិសមនឹងវាដូចគ្នា ដូចជា នៅពេលកូនបានជួយលើកមិត្តភ័ក្តិដែលជំពប់ជើងដួលរងរបួសនៅក្នុងទីលានក្មេងលេង ហើយក្រោកឡើងវិញមិនរួចជាដើមនោះ ឪពុក-ម្តាយគួរឱ្យរង្វាន់ដោយការនិយាយសរសើរ និងលើកតម្កើងនូវអ្វីដែលកូនបានធ្វើ ដែលវានឹងធ្វើឱ្យកូនមានមោទនភាពលើខ្លួនឯង និងរៀនយល់ដឹងក្នុងការធ្វើល្អតទៅទៀតដែរ៕

  • បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

    បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

    វិធីការដាក់ទោសដោយការ “វាយ” មិនថាតែវាយតិចៗស្រាលៗ វាយខ្លាំងៗ ឬវាយកំប៉េះគូទនោះទេ គឺសុទ្ធតែជាការប្រើអំពើហិង្សាដែលមិនបង្កឱ្យកើតមានការផ្លាស់ប្ដូរទង្វើរបស់កូនឡើយ តែបែរជារឹតតែធ្វើឱ្យកូនតតាំង និងអាចនឹងមានផលអាក្រក់ទៅលើទង្វើច្រងេងច្រងាងរបស់កូននាពេលអនាគតបានទៀតផង។ ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងមកជម្រាបជូនអ្នកម្ដាយទាំងឡាយថា បើកូនឌឺរឹងយ៉ាងគ្មានហេតុផល ឬមានទង្វើដែលមិនស័ក្តិសមណាមួយ តើឪពុកម្ដាយអាចដាក់ទោសកូនបែបណាបានខ្លះ ដើម្បីជាការបង្រៀនឱ្យគេដឹងថា អ្វីដែលគេកំពុងធ្វើហ្នឹង មិនមែនជារឿងដែលត្រឹមត្រូវទេ និងមិនចាំបាច់ត្រូវប្រើអំពើហិង្សាគ្រប់គ្រងទង្វើខុសៗបន្តិចបន្តួចរបស់កូនឡើយ។

    ក្មេងអាយុតិចជាង 1ឆ្នាំ គ្មានហេតុផលអ្វីដែលត្រូវដាក់ទោសកូនឡើយ

    គ្មានហេតុផលអ្វីសោះឡើយក្នុងការដាក់ទោសកូនដែលមានអាយុស្ថិតក្នុងអំឡុង 1-3ខួប ព្រោះកូនក្នុងវ័យតេះតះនេះមានឱកាសតិចណាស់ក្នុងការធ្វើរឿងអ្វីមួយដែលសមគួរទទួលយក ច្រើនជាងការដាក់ទោសត្រឹមតែបន្តិចបន្តួច ដូច្នេះបើឪពុកម្ដាយចង់ដាក់ទោសកូន ត្រូវតែនឹកឃើញជាប់ជានិច្ចថា ការដាក់ទោសនោះត្រូវតែជារឿងដែលចាំបាច់បំផុតប៉ុណ្ណោះ។

    • ដើម្បីឱ្យបានផលល្អ ៈ បើកូនមានទង្វើដែលមិនល្អ ការដាក់ទោសគួរតែធ្វើឡើងភ្លាមៗ កុំពន្យារពេល មិនដូច្នោះទេ ការតភ្ជាប់គ្នារវាងទង្វើមិនល្អ នឹងលទ្ធផលរបស់ទង្វើនោះនឹងរលប់បាត់ពីគំនិតរបស់ក្មេង ដែលនឹងធ្វើឱ្យក្មេងមិនយល់ថា តើគេធ្វើខុសអ្វី ហេតុអីបានដាក់ទោសគេ?។
    • ភាពធ្ងន់ធ្ងររបស់ទោស ៈ ត្រូវឱ្យសមល្មមនឹងទង្វើខុសនោះ។
    • កុំសម្លុតថានឹងបោះបង់កូនចោល ហើយដើរចេញជាដាច់ខាត ៈ មិនត្រឹមតែធ្វើឱ្យកូនតូចមានអារម្មណ៍តានតឹង មិនយល់ន័យនោះទេ តែនៅធ្វើឱ្យឪពុកម្ដាយធ្វើខុសនឹងពាក្យសម្ដីទៀតផង។

    វិធីការដាក់ទោសដោយមិនចាំបាច់ វាយ

    1.ឈប់បង្ហាញពីសេចក្ដីស្រឡាញ់ ៈ កូនត្រូវការសេចក្ដីស្រឡាញ់ និងការទទួលយកពីឪពុកម្ដាយខ្លាំងបំផុត ហើយដូចគ្នាដែរ កូននឹងគ្មានសេចក្ដីសុខឡើយ បើត្រូវឪពុកម្ដាយធ្វើព្រងើយដាក់។ លោកអ្នកអាចដាក់ទោសកូនដោយវិធីនេះបាន អាចនឹងក្នុងរយៈពេលខ្លីៗ 30 ឬ 60វិនាទី រួចពន្យល់យ៉ាងខ្លីៗឱ្យកូនបានដឹងថា អ្នកមិនសប្បាយចិត្តចំពោះទង្វើដែលមិនស័ក្តិសមរបស់កូន ដូចជា “យើងមិនវាយអ្នកដទៃ” ជាដើម។

    2.ដំឡើងសំឡេង ធ្វើសំឡេងមាំៗ ៈ តែមិនគួរប្រើវិធីនេះញឹកញាប់ពេកទេ និងគួរធ្វើនៅពេលណាដែលបន្ទាន់ៗប៉ុណ្ណោះ មិនដូច្នោះទេ សំឡេងមាំៗរបស់អ្នកដែលកូនធ្លាប់ស្ដាប់បង្គាប់នោះ នឹងត្រូវថយចុះភាពស័ក្តិសិទ្ធិ និងក្រោយពីធ្វើសំឡេងមាំៗហើយ ត្រូវព្យាយាមមិនខឹងយូរឡើយ ព្រោះធម្មជាតិរបស់ក្មេងតូច ផ្លូវចិត្តរបស់គេនឹងត្រឡប់ទៅរកសភាវប្រក្រតីវិញក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ។

    3.ទទួលបានសិទ្ធិពិសេស ឬរបស់លេង ៈ គួរប្រាប់កូនតូចជាមុនថា គេត្រូវតែបញ្ឈប់ទង្វើមិនល្អ និងត្រូវប្រាប់ថា នឹងដាក់ទោសគេយ៉ាងណា ដូចជា “បើកូនមិនឈប់គប់របស់លេងចោលទេ កូននឹងលែងបានរបស់លេងទៀត” ឬ “ព្រោះកូនមិនចេះចែករបស់លេងឱ្យគេលេងផង នឹងមិនបានលេងទាំងពីរនាក់”។ អ្វីដែលសំខាន់គឺ “ប្រាប់” ហើយ ឪពុកម្ដាយត្រូវរក្សាពាក្យសម្ដីផង មិនដូច្នោះទេ កូននឹងចងចាំថា លោកអ្នកមិនបានធ្វើមែនទែនទេ(គ្រាន់តែសម្លុត) ហើយលើកក្រោយគេនឹងធ្វើទៀត ឬមានទង្វើមិនល្អជាញឹកញាប់។

    **កុំព្យាយាមសម្លុតថានឹងដាក់ទោសកាន់តែធ្ងន់ឡើង ដូចជា “បើកូនមិនឈប់ កូននឹងមិនបានទៅលេងផ្សារអ៊ីអនទេថ្ងៃនេះ” បើកូននៅតែមិនឈប់ “ឈប់ភ្លាម! បើនៅតែមិនឈប់ទៀត នឹងលែងបានទៅលេងផ្សារអ៊ីអនមួយអាទិត្យតែម្ដង” បែបនេះ គឺជាការកំណត់កំហុសដែលធំជ្រុលពេកសម្រាប់ក្មេង។

    4.សុំពេលសម្រាក ៈ តិចនិកនេះបានផលល្អបំផុតជាមួយក្មេងអាយុ 2ខួប ចាប់ផ្ដើមពីការដាស់តឿនជាមុនថា តើមានទង្វើណាខ្លះដែលនឹងហុចផលដល់ “ពេលសម្រាក”។ នៅពេលកើតមានទង្វើនោះឡើង កូនត្រូវទៅអង្គុយនៅកៅអីក្មេងរពឹស ឬទៅក្នុងបន្ទប់របស់គេភ្លាមតែម្ដង។ ពេលវេលាសម្រាកគួរតែខ្លី និងពាក់ព័ន្ធនឹងកំហុស ដូចជា “កូននឹងត្រឡប់មកលេងវិញបាន នៅពេលស្រួលបួលឡើងវិញ”។

    ក្រៅពីនេះ ការវាយកំប៉េះគូទដើម្បីដាក់ទោស សម្រាប់ក្មេងតូចវិញ អ្នកជំនាញផ្នែកកុមារមិនណែនាំឱ្យធ្វើតទៅទៀតទេ ព្រោះបើសិនជាអាចជ្រើសរើសវិិធីផ្សេងបាន ក៏គួរតែចៀសវាងការដាក់ទោសដោយការវាយ ព្រោះទោះជាវាយគូទតិចៗ ក៏ជាការប្រើអំពើហិង្សាគ្រប់គ្រងកំហុសបន្តិចបន្តួចរបស់កូន ដែលមិនហុចផលល្អដល់កូនឡើយ និងថែមទាំងធ្វើឱ្យឪពុកម្ដាយខ្លួនឯងមានអារម្មណ៍ខុសទៀតផង ពេលដាក់ទោសកូនដោយការវាយ៕

  • កោះបាលី និង4ទីតាំងស័ក្តិសិទ្ធិពេលបានទៅហើយ មិនគួរខកខាន…

    កោះបាលី និង4ទីតាំងស័ក្តិសិទ្ធិពេលបានទៅហើយ មិនគួរខកខាន…

    ដំណើរ​ទេសចរណ៍​មួយទៀត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កម្ពុជា​ ប្រហែលជា​ប្រគល់​ទៅ​ឱ្យ​ដំណើរ​កម្សាន្ត​នៅ​កោះ​ បាលី​ ដែនដី​ស័ក្តិសិទ្ធិ​នៃ​ទ្វីបអាស៊ី​ កោះ​ស្ថានសួគ៌​ដែល​នរ​ណាៗ​ក៏​ត្រូវ​បាក់ចិត្ត​ស្រឡាញ់​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 5,634គីឡូម៉ែត្រ​ក្រឡា​ដែល​បាន​ទទួល​វប្បធម៌​ប្រពៃណី​ពី​ឥណ្ឌា​ជាគោល​ និង​នៅ​ទីនោះ​មនុស្ស​ភាគច្រើន​គោរព​សាសនា​ព្រាហ្មណ៍​-ហ៊ិ​នឌូ​។ នៅ​លើ​កោះ​ធម្មជាតិ​នោះ​ ហាយ​ឡាយ​ទេសចរណ៍​ដែល​មិន​គួរ​ខកខាន​គឺ​ ការ​ទៅ​សុំ​ពរ​សព្ទសាធុការ​ពីទី​តាំង​ស័ក្តិសិទ្ធិ​ 4កន្លែងនៅ​លើ​កោះ​បាលី​… តើមាន​អ្វីខ្លះ​នោះ​ តោះ​ យើង​ទៅ​ទាំងអស់គ្នា​!

    1. វត្ត​ អ៊ូ​ឡាន់​ ដានូ​ ប្រា​តាន់​(Pura​ Ulun​ Danu​ Bratan​)ចាប់ផ្ដើម​ដើរកម្សាន្ត​លើ​កោះ​ បាលី​ ត្រូវតែ​ទៅ​ទីកន្លែង​ស័ក្តិសិទ្ធិ​ វត្ត​អ៊ូ​ឡាន់​ ដានូ​ ប្រា​តាន់​ ជាវ​ត្ត​ល្បីឈ្មោះ​មួយ​ស្ថិតនៅ​ចំកណ្ដាល​កោះ​ ដែល​មាន​ភាព​ស្រស់​ស្អាត​នៅ​កណ្ដាល​ទឹក​ មាត់បឹង​ទន្លេសាប​ប្រា​តាន់​។ ឆាក​ខាង​ក្រោយ​ស្រស់​ស្អាត​ដោយ​ភ្នំភ្លើង​ ហាក់ដូចជា​ស្ថាន​សួគ៌ា​ និង​មាន​ចំណុច​លេចធ្លោ​ស្ថិតនៅ​លើ​ទេ​វល័យ​កម្ពស់​ 11ជាន់​ សាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ទេ​ពី​ដានូ​ អាទិទេព​នៃ​ខ្សែ​គង្គា​ អ្នកមើល​ថែទាំ​ភាព​ឧត្ដម​សម្បូរ​។ អ្នកទេសចរ​អាចម​កដើរលេង​កម្សាន្ត​នៅ​ទីនេះ​បាន​ពេញ​មួយឆ្នាំ​ តែ​ល្អ​បំផុត​គឺ​អំឡុង​ពី​ខែមីនា​ ដល់​ខែកក្កដា​ ព្រោះ​មិនសូវ​មាន​ភ្លៀង​ច្រើន​។

    2. វត្ត​ទឹក​ស័ក្តិសិទ្ធិ​ ឬវត្ត​ធី​រតា​ អេម​ភូល​(Tirta​ Empul​)
    បើ​ទៅ​លេង​ឥណ្ឌូ​នេ​ស៊ី​ នៅ​កោះ​បាលី​ជាមួយនឹង​កម្រិត​នៃ​ភាព​សទ្ធា​ជឿជាក់​មោះមុត​ ត្រូវតែ​ទៅ​វត្ត​ទឹក​ស័ក្តិសិទ្ធិ​ ឬវត្ត​ធី​រតា​ អេម​ភូល​ ដែល​មាន​ទឹកធម្មជាតិ​ផុស​ឡើង​មក​ពីក្រោម​ដី​ មាន​អាយុ​ច្រើនជាង​ 1,000ឆ្នាំ​ ដោយ​មនុស្សម្នា​ភាគច្រើន​និយម​មក​លាង​ជម្រះ​រាងកាយ​នៅក្នុង​ស្រះទឹក​មួយ​នេះ​ក្រោម​ជំនឿ​របស់​ជន​ជា​តិ​ហ៊ិ​នឌូ​ដែល​ថា​ នឹង​ធ្វើ​ឱ្យ​រឹងប៉ឹង​ ជួយ​បំបាត់​រោគា​ បង្កើន​សិរីមង្គល​ដល់​ជីវិត​។ អ្នក​មក​ទីនេះ​ត្រូវ​ស្លៀក​សារុង​ និង​កំណាត់​ដណ្ដប់​ពីលើ​រាងកាយ​មួយ​កំណាត់​ក្រោម​ និង​ហាម​ការ​ថត​រូបភាព​អ្នកស្រុក​បាលី​ខណៈ​ ដែល​ពួកគេ​កំពុង​ងូតទឹក​ជម្រះកាយ​ ព្រោះ​ជា​រឿង​ដែល​ត្រូវ​បាន​ហាមឃាត់​។

    3. វត្ត​បេ​សា​គីហ៍​(Pura​ Brsakih​)
    មាន​ព្រះវិហារ​ធំ​ដ៏​ទាក់ទាញ​កែវភ្នែក​ គឺ​វត្ត​បេ​សា​គីហ៍​ ជាទី​កន្លែង​មួយទៀត​ដែល​អ្នកស្រុក​បាលី​លើកតម្កើង​ជាវ​ត្ត​ហ្លួង​នៃ​សាស​នា​ហ៊ិ​នឌូ​ ដែល​នៅ​ទីនោះ​យើង​នឹង​បានឃើញ​អ្នកស្រុក​បាលី​ទូល​លី​វត្ថុ​បូជា​នៅ​លើ​ក្បាល​តាម​បែប​បុរាណ​។ នៅ​ទីនោះ​មាន​ ព្រះវិហារ​បូជា​ព្រះព្រហ្ម​ ព្រះនារាយណ៍​ និង​ព្រះសិវៈ​ អាទិទេព​នៃ​ហ៊ិ​នឌូ​ ដើម្បី​សុំ​ពរ​ដល់​គ្រប់​ៗគ្នា​ ហើយ​វត្ត​បេ​សា​គីហ៍​ ថែមទាំង​បាន​ទទួល​បានការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ ដោយ​អង្គការ​យូ​ណេស្កូ​តាំងពី​ឆ្នាំ1995​ ទៀតផង​។ សូម​ណែនាំ​ថា​ មុននឹង​ចូល​វត្ត​ កុំ​ភ្លេច​ស្លៀក​សារុង​ និង​កំណាត់​ដណ្ដប់​ជើង​ ដើម្បី​ភាព​សុភាព​រាបសា​។

    4. វត្ត​ថា​ម៉ាន់​ អាយុ​ន ថេម​ផល​(Taman​ Ayun​ Temple​)
    ឆ្អែត​ពេញដោយ​បុណ្យ​កុសល​ជា​បន្ត​ជាមួយនឹង​ទីកន្លែង​ដ៏​គួរ​ឱ្យ​រំភើបចិត្ត​ គឺ​វត្ត​ថា​ម៉ាន់​ អាយុ​ន ដែល​ជា​អតីត​ព្រះរាជវាំង​របស់​រាជវង្ស​ ម៉េ​ងវី​ ដែល​បច្ចុប្បន្ន​បាន​បើក​ឱ្យ​សាធារណជន​ចូល​ទៅ​ទស្សនា​ហើយ​។ វត្ត​ថា​ម៉ាន់​ អាយុ​ន នេះ​សាង​ឡើង​ ដើម្បី​ចម្លង​ចក្រវាល​តាម​ជំនឿ​របស់​សាស​នា​ហ៊ិ​នឌូ​ ដូចជា​ចេតិយ​ខ្ពស់​ គឺ​ភ្នំព្រះសុមេរុ​ និង​ស្រះទឹក​ព័ទ្ធជុំវិញ​ គឺ​មហាសមុទ្រ​ ដែល​ជា​កំពែង​នៃ​ភាព​នៅ​លើ​ផុត​កាល​វេលា​ហ្នឹងឯង​។

    បើ​នរណា​មានឱកាស​បាន​ទៅ​ទស្សនា​កោះ​បាលី​ សូម​ប្រាប់​ទៅចុះ​ថា​ ត្រូវ​កុំ​ខកខាន​ការ​ទៅ​សុំ​ព្រះពរ​ពីទី​កន្លែង​ស័ក្តិសិទ្ធិ​ទាំង4​ ដែល​ ឡា​រ៉ែ​ន បាន​រៀបរាប់​ខាងលើ​នោះ​ឱ្យ​សោះ​។ ទៅ​ទស្សនាចរណ៍​មណ្ឌល​ទេសចរណ៍​សំ​ខាន់​ៗ គឺជា​ការ​បើក​ពិភពលោក​ថ្មី​មួយ​ ព្រម​ជាមួយ​ការបាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា​ ធានា​ថា​ នឹង​បាន​ដើរលេង​កម្សាន្ត​យ៉ាង​ជក់ចិត្ត​រហូត​មិន​ចង់ឱ្យ​អស់​ថ្ងៃឈប់​សម្រាក​ឡើយ​៕