Tag: សេដ្ឋកិច្ចកម្ពុជា

  • ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

    ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឱ្យ​ដឹង​ថា សន្ទុះនៃការលក់រថយន្តថ្មីក្នុងឆ្នាំ 2023 បាន​កើនឡើង ក្នុង​នោះ​កំណើននៃការលក់រថយន្តថ្មីគ្រប់គ្រងចំណែកទីផ្សាររថយន្ត​ប្រមាណ​ 45%។

    ទិន្នន័យនៃការលក់រថយន្តសរុបសម្រាប់ឆ្នាំ 2023 បង្ហាញ​ថា ក្នុង​ឆ្នាំ​កន្លង សន្ទុះ​នៃ​ការ​លក់​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពោល​គឺ​រួម​ចំណែក​ 45% នៅ​ក្នុង​ទីផ្សារ​រថយន្ត​ ខណៈ​ដែល​រថយន្តជជុះបានបន្តធ្លាក់ចុះ ដោយរក្សាបានត្រឹមតែ 55%។

    CAIF ព្យាករណ៍ថា ក្នុង​ឆ្នាំ​ 2024 នេះ ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត តាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកំណើននៃរោងចក្រផ្គុំដំឡើងក្នុងស្រុក ស្រប​ពេល​ដែល​រថយន្តជជុះនឹងមានកំណើនតិចតួចប៉ុណ្ណោះ។

    ស្ថាប័ន​នេះ​ពន្យល់​ថា កត្តាមួយចំនួនដែលជំរុញឱ្យ​មាន​ការផ្លាស់ប្តូរខាងលើ​នេះ មានជា​អាទិ៍ កំណើននៃចំណេះដឹងរបស់អ្នកប្រើប្រាស់ ការយល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី និង​ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ជជុះ​ ខណៈ​ដែល​តំលៃរថយន្ត​ថ្មី​ក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ព្រម​ទាំង​មាន​ការ​ធានាពីរោងចក្រ ជាមធ្យម 5 ឆ្នាំផងដែរ​៕

  • សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

    សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

    ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។

    ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។

    ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។

    «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។

    WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

    WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។

    កាលពីឆ្នាំ 2022 សេដ្ឋកិច្ចរបស់កម្ពុជាមាន​កំណើន 5.2% ខណៈ​ឆ្នាំ​ 2023 នេះ ​ត្រូវ​បាន WB ​ព្យាករថា​ នឹង​មាន​​កំណើន 5.4% ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ 5.5% ដែល​ត្រូវ​បាន​ព្យាករ​​កាល​ពីខែ​ឧសភា​។ WB ក៏​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងឡើងដល់​ 5.8% ក្នុង​ឆ្នាំ​ 2024 និង​ 6.1% ក្នុង​ឆ្នាំ​ 2025៕

  • WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។

    របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។

    របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។

    WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។

    លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បញ្ជាក់ដូច្នេះ​។

    លោក Manuela V Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយ​ថា កម្ពុជាត្រូវដោះស្រាយផលប៉ះពាល់ធ្ងន់​ធ្ងរ​នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច និង​ដាក់វិធានការតឹងរ៉ឹង​​ក្នុងការ​កាត់បន្ថយការបំភាយកាបូន។

    ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ដើម​ហេតុ​នៃ​គ្រោះ​ធម្មជាតិ​នានា​។ ឧទាហរណ៍ គិតពីឆ្នាំ 2019 មកនេះ​ កម្ពុជា​ បាន​ខាត​បង់គិតជាតម្លៃសេដ្ឋកិច្ចប្រហែល 100 លានដុល្លារក្នុងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអាកាស​ធាតុ El Nino។ ក្រៅ​ពី​នេះ ក្នុងខែកញ្ញា ឆ្នាំ 2022 ប្រទេសកម្ពុជា ក៏បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងអំឡុងបីឆ្នាំ ប៉ះពាល់ដល់គ្រួសាររាប់​ម៉ឺន​គ្រួ។

    ធនាគារពិភពលោក ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន បញ្ជូលវិធានការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ ទៅក្នុងការវិនិយោគ​ផងដែរ​៕

  • ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន​ព្យាករ​ថា ឥទ្ធិពល​នៃ​មេរោគ COVID-19 នឹង​អាច​នាំឱ្យ​កម្ពុជា​ខាតបង់​ថវិកា​យ៉ាងតិចណាស់​ជិត 350លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 នេះ ហើយ​ទំហំ​នៃ​ការខូចខាត​មកលើ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ អាច​នឹងមាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀតផង។

    ធនាគារ ADB បានលើកឡើង​បែបនេះ​នៅក្នុង​របាយការណ៍​សង្ខេប​របស់ខ្លួន ដែលមាន​ចំណងជើង​ថា “អ្វី​ជា​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ការរីក​រាលដាល​នៃ COVID-19 នៅ​អាស៊ី?” ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយបាន​ព្យាករ​ពី​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ដែល​បណ្ដាល​ពី​មេរោគ COVID-19 ហើយ​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផងដែរ។

    របាយការណ៍ បាន​លើកឡើងថា ការរីក​រាលដាល​នៃ COVID-19 កំពុង​ប៉ះពាល់​ដល់​ចិន និង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី រួមមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ​ក្នុងស្រុក ការថយចុះ​នៃ​សកម្មភាព​ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បង្អាក់​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

    បើតាម​របាយការណ៍រ​បស់ ADB បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP)របស់​កម្ពុជា អាច​នឹង​ខាតបង់​ប្រមាណ​ជាង 1.40% ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង 345,7លាន​ដុល្លារ ក្នុងករណី​ប្រសិនបើ​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​តិច​បំផុត។

    របាយការណ៍​បាន​ប៉ាន់ប្រមាណ​ទៀតថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ខាតបង់​កំណើន​ប្រមាណ​ជិត 2% ឬ​ស្មើនឹង​ជាង 473លាន​ដុល្លារ ក្នុងករណី​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​មធ្យម ហើយ​កំណើន​សេដ្ឋកិច្ចកម្ពុជា អាច​នឹង​បាត់បង់​ក្នុង​រង្វង់​ជិត 3.5% ក្នុងករណី​ផលប៉ះពាល់​មាន​កម្រិត​ខ្ពស់។

    ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​កត់សម្គាល់​ក្នុង​សេចក្តី​សង្ខេប​របស់ខ្លួន​ថា៖“របាយការណ៍​នេះ គឺធ្វើឡើង​ក្នុង​បំណង​ឱ្យ​អ្នករៀបចំ​គោលនយោបាយ​នៃ​បណ្ដា​ប្រទេសនីមួយៗ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​បង្ការ​ហានិភ័យ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា”។

    មន្ត្រី​នៃ​ក្រសួង​ការងារ បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​មកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែល​បណ្ដាលមកពី​ការផ្ទុះ​ឡើង និង​ការរីករាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​វាយប្រហារ​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​កាលពីពេល​កន្លងមក។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប33 ហើយ បានស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល 2សប្ដាហ៍ (ថ្ងៃទី4 ខែមីនា ឆ្នាំ2020)។

    ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ឱ្យដឹងថា កម្មករនិយោជិត​ចំនួន 17,096នាក់ នៃ​ចំនួន​កម្មករនិយោជិត​បម្រើ​ការងារ 62,087នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ទាំង33 នោះ នឹងត្រូវ​ផ្អាក​ការងារ ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម​ដែល​នាំចូល​ពី​ប្រទេស​ចិន ជាទី​ដែល​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះឡើង និង​រីក​រាលដាល​ទូទាំង​ពិភពលោក​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក។

    ប៉ុន្តែ កាលពីដើម​សប្ដាហ៍​កន្លងទៅ លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ព្រះសីហនុ បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា កាលពី​ថ្ងៃ​អង្គារ មាន​នាវា​ដឹក​កុងតឺន័រ​ចំនួន5 ដែល​បាន​ផ្ទុក​ដោយ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ។

    ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ខែ​មុន​ថា ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ កំពុងតែ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ដល់​ទៅ​ជាង 30% នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​ចូល​មកលេង​កម្ពុជា។

    តែ​ទោះជា​យ៉ាងណាក្ដី សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កាលពី​ថ្ងៃទី10 ខែមីនា កម្ពុជា​បាន​ត្រៀម​ថវិកា​ចន្លោះ​ពី 800លាន​ដុល្លារ​ទៅ 2,000លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា៖ “យើង​មាន​សេណារីយោ​ទប់ទល់​នឹង​កូ​វីដ-19នេះហើយ។ បើ​កូ​រ៉ូ​ណា​អូសបន្លាយ​រយៈពេល 6ខែ យើង​ត្រៀម 800លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ យើង​ក៏បាន​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​ធ្លាក់​កំណើន​ប៉ុនណា ផលប៉ះពាល់​ធំ​ប៉ុនណា? បើ​វា​កើត​ដល់1ឆ្នាំ យើង​ត្រូវ​ប៉ះប៉ូវ​នូវ​ទំហំ​ទឹកប្រាក់​ប៉ុនណា? អ៊ីចឹង វា​ស្ថិតនៅ​ចន្លោះ​ពី 800លាន​ទៅ 2,000លាន​ប៉ុណ្ណឹង បើ​វា​អូសបន្លាយ​ដល់ 1ឆ្នាំ។ ខ្ញុំ​គិតថា ពិភពលោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ”។

    អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជាលោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា បញ្ហា​មេរោគ​កូ​វីដ-19 នេះ ជា​បញ្ហា​របស់​សកលលោក ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​រួមគ្នា​ដោះស្រាយ។

    លោក​មានប្រសាសន៍ថា ជំងឺ​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ជំហាន​ដំបូង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា “រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ ចំពោះ​បញ្ហា​នេះ។ សំខាន់ រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ការចំណាយ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​កូ​វីដ-19នេះ។ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យទាន់​ពេលវេលា និង​ឱ្យទាន់​សភាពការណ៍”។

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក៏បាន​ឱ្យដឹង​ដែរ​ថា ទំហំ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច នឹង​អាស្រ័យ​លើ​របៀប​ដែល​ការផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 នៅតាម​បណ្ដា​ប្រទេសនីមួយ។ ADB បាន​បង្ហាញថាការផ្ទុះ COVID-19 នាំឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច ជា​សកល​មាន​ទំហំ​ពី 77ពាន់​លាន​ដុល្លារ​ទៅ 347ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង 0.1% ទៅ 0.4% នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល។

    ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់ថា នៅក្នុង​ការវិភាគ​ដែល​បាន​គូសបញ្ជាក់​ពី​សេណារីយោ​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​ថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.3% ស្មើនឹង 1.7% និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.2% ស្មើនឹង 0.5%។

    លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​មានប្រសាសន៍​នាពេល​កន្លងមក​ថា៖“ការរីក​រាលដាល​នៃ​វីរុស​នេះ បានធ្វើឱ្យ​បាត់​ក្តីសង្ឃឹម​សម្រាប់​កំណើនសេដ្ឋកិច្ច​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ ហើយនឹង​ធ្វើឱ្យ​ទិន្នផល​សកលលោក​ឆ្នាំ2020 ឈានដល់​ល្បឿន​យឺត​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ2008-2009 មក”។

    ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹង​ទៀតថា ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៅក្នុង​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរការ​អាជីវ​កម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ការរំខាន​ដល់​ការផ្គត់ផ្គង់ ការធ្វើឱ្យ​ប៉ះពាល់​ដល់​កំ​ណើ​ន​នៅ​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍។

    ធនាគារ ADB ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា ខ្លួន​កំពុងផ្តល់​ថវិកា​ចំនួន 12ពាន់​លាន​ដុល្លារ​ជាបន្ទាន់ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ កែលម្អ​សេវាកម្ម​សុខភាព ការឃ្លាំមើល​ជំងឺ ការទទួលបាន​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ដើមទុន​សម្រាប់​អាជីវកម្ម​ជាដើម៕

  • ធនាគារពិភពលោក៖ ត្រូវប្រយ័ត្នហានិភ័យក្នុងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា

    ធនាគារពិភពលោក៖ ត្រូវប្រយ័ត្នហានិភ័យក្នុងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា

    យោងតាមរបាយការណ៍អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងនៅតែបន្តបន្ថយល្បឿន និងមានហានិភ័យកើនឡើងនោះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានសភាពផ្ទុយពីនេះ ពោលគឺនៅតែបន្តកើនឡើង ដោយអត្រាកំណើនសេដ្ឋកិច្ចត្រូវបានព្យាករថា នឹងកើនឡើងបន្តិចបន្តួច ខ្ពស់ជាងឆ្នាំកន្លងទៅ គឺនឹងកើនឡើងដល់7.1% នៅក្នុងឆ្នាំ2018 ដែលកំណើននេះនាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ។

    បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចនៅឆមាសទី2 ក្នុងឆ្នាំ2017មក ការនាំ- ចេញរបស់កម្ពុជាបានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំ គឺតម្រូវការដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរតិចតួច។

    ដូច្នេះហើយទើបធនាគារពិភពលោកបានណែនាំអ្នកបង្កើតគោលនយោបាយកម្ពុជាឱ្យមានពេលវេលាបន្ថែមទៀតដើម្បីឱ្យប្រទេសនេះក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ដោយស្នើឱ្យរដ្ឋាភិបាលកំណត់គោលដៅទៅឆ្នាំ2035 ជំនួសឱ្យឆ្នាំ2030 ដើម្បីបញ្ចប់ពីស្ថានភាពរឿងប្រាក់ចំណូលបច្ចុប្បន្ន។

    ធនាគារពិភពលោកបានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួនថា ដើម្បីសម្រេចបានតាមគោលដៅឆ្នាំ2030 ការកើនឡើងនៃលក្ខខណ្ឌក្នុងមនុស្សម្នាក់ៗ នឹងមានចំនួនស្មើនឹង 9.3% ជាមធ្យមក្នុងអំឡុងពេល 13ឆ្នាំខាងមុខ ប៉ុន្តែកំណើននៅក្នុងមនុស្សម្នាក់ក្នុងរយៈពេលនេះត្រូវបានប៉ាន់ស្មានថាមានប្រមាណតែពី 5% ទៅ 6% ប៉ុណ្ណោះ។

    ក្នុងការចាប់ផ្តើមរបាយការណ៍អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា លោក Norman V. Loayza សេដ្ឋវិទូជាន់ខ្ពស់របស់ WB បានថ្លែងថា៖ “កម្ពុជាគួរតែពិចារណាពន្យារពេលគោលដៅពីឆ្នាំ2030 ក្នុងការមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ រហូតដល់ឆ្នាំ2035 ព្រោះគោលដៅ2030 មិនអាចនឹងសម្រេចបានទេព្រោះសេដ្ឋកិច្ចនៅប្រទេសអាស៊ីផ្សេងទៀតក៏បានខកខានគោលដៅបែបនេះដែរ នៅពេលពួកគេស្ថិតនៅក្នុងកម្រិតអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា”។

    លោក Loayza បានមានប្រសាសន៍ថា៖“ប្រសិនបើប្រទេសកម្ពុជាបន្តកើនឡើងក្នុងអត្រាការប្រាក់បច្ចុប្បន្ននៅតាមបន្ទាត់មូលដ្ឋានធម្មតានោះ ប្រទេសនេះនឹងអាចខកខានទាំងឋានៈប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឋានៈប្រាក់ចំណូលកម្រិតខ្ពស់”។ ព្រោះបន្ទាប់ពីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបរហូតដល់ឆ្នាំ2030 កម្ពុជាមានបំណងក្លាយទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ2050”។

    លោកស្រី អុីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួនក្នុងការទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ។ ការកៀរគរប្រាក់សន្សំក្នុងស្រុកឱ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេនៅអាស៊ីសម្រេចបាន”។

    លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ WB ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖“ដូចដែលបានបង្ហាញតាមរយៈការសិក្សារួចហើយ ប្រសិនបើយើងមិនផ្លាស់ប្តូរវិធីសាស្ត្រទេនោះយើងប្រហែលជាមិនអាចសម្រេចបានគោលដៅនោះទេ”។ សម្រាប់កម្ពុជា អាទិភាពមានច្រើន រួមមាន ការការពារវិស័យហិរញ្ញវត្ថុឱ្យបានល្អ កសាងធនធានបម្រុង ពង្រឹងភាពប្រកួតប្រជែង និងទប់ស្កាត់កំណើននៃអត្រាប្តូរប្រាក់ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃការនាំចូល។ ដូច្នេះប្រសិនបើយើងមិនផ្លាស់ប្តូរទេ វាមិនមានឱកាសច្រើនដើម្បីសម្រេចបានគោលដៅនោះដែរ។

    លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយករងនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានស្វាគមន៍អនុសាសន៍របស់WB ទាំងអស់នោះ ប៉ុន្តែលោកនៅតែចាត់ទុកថា គោលដៅរបស់រដ្ឋាភិបាលនៅឆ្នាំ2030 នៅតែអាចធ្វើទៅបាន។ លោកបណ្ឌិតបានថ្លែងថា៖ “ជារួមខ្ញុំយល់ស្របនឹងការសិក្សានេះ តែយើងនៅតែអាចសម្រេចគោលដៅរបស់យើងនៅឆ្នាំ2030”។

    លោកបណ្ឌិត វណ្ណារិទ្ធ បានពន្យល់ថា វិធីសាស្ត្រដែលត្រូវបានប្រើនៅក្នុងការសិក្សារបស់ធនាគារពិភពលោក គឺខុសគ្នាពីរបស់រដ្ឋាភិបាលដែលនាំទៅដល់លទ្ធផលខុសគ្នា។ នៅប្រទេសកម្ពុជាយើងបានបង្កើតយុទ្ធសាស្ត្រចតុកោណ ដែលជាគោលនយោបាយអភិវឌ្ឍន៍ជាតិរៀងរាល់ 5ឆ្នាំម្តង។ ឥឡូវយើងស្ថិតក្នុងដំណាក់កាលទី4 ហើយបន្ទាប់មកយើងនឹងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ដើម្បីជួយដល់គោលនយោបាយនេះឱ្យសម្រេចបាននូវគោលដៅ។

    យោងតាមរបាយការណ៍របស់ធនាគារពិភពលោក GDP ឆ្នាំនេះនឹងកើនឡើង7,1% ដែលខ្ពស់ជាងឆ្នាំ2017 បន្តិច ដោយសារតែការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ ទស្សនវិស័យកំណើននោះ ត្រូវបានព្យាករថា នឹងចុះថយបន្តិចមកនៅត្រឹម 6,8% ក្នុងរយៈពេល 2ឆ្នាំខាងមុខ។

    ទស្សនវិស័យរយៈពេលវែងអំណោយផលត្រូវបានជំរុញដោយការកើនឡើងនៃលំហូរចូល វិនិយោគផ្ទាល់ពីបរទេសទៅផលិតកម្ម និងកសិកម្ម និងការផ្សារភ្ជាប់រវាងខ្សែចង្វាក់ផ្គត់ផ្គង់រវាង FDI និងកម្ពុជា។

    ចំពោះហានិភ័យនានាដែលកើតឡើងនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដែលកំពុងបន្តកើនឡើង នោះវានឹងពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញ(EBA)សម្រាប់កម្ពុជា និងផលប៉ះពាល់ដែលមិនអាចព្យាករមុនបានដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

    WB បាននិយាយថា ប្រទេសកម្ពុជាត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិត-ភាព។ ដូចគ្នានេះដែរ ការវិនិយោគសាធារណៈចាំបាច់ត្រូវបង្កើនយ៉ាងហោចណាស់28,5% នៃផលិតផលក្នុងស្រុកសរុបត្រឹមឆ្នាំ2030 ខណៈពេលដែលអត្រាសន្សំប្រាក់ចាំបាច់ត្រូវកើនឡើងប្រហែល11% នៃផលិតផលក្នុងស្រុកសរុបGDP ដើម្បីផ្តល់មូលនិធិដល់ការវិនិយោគដែលត្រូវការ ដើម្បីសម្រេចបាននូវគោលដៅកំណើន និងកាត់បន្ថយការពឹងផ្អែកលើការសន្សំប្រាក់បរទេស។

    លោកអគ្គនាយកក្រុមហ៊ុនហ្វ័រតេក៏បានបញ្ជាក់អំពីការធ្វើសន្ទស្សន៍របស់ WB ថា ពិតជាមានមូលដ្ឋានគិតគូរច្បាស់លាស់។ ជាធម្មតាការគិតគូរ ឬការព្យាករតែងដាក់លក្ខខណ្ឌជាមុនថា ត្រូវតែបំពេញកត្តាអ្វីខ្លះ ឬចំណុចខ្វះខាត ដូចជា កត្តាវិស័យសំណង់ ជាទូទៅយើងឃើញថា នៅពេលណាមួយវានឹងមានការកែតម្រូវអំពីតម្រូវការ និងការផ្គត់ផ្គង់ ព្រោះដោយមើលឃើញតម្រូវការទីផ្សារកើន អ្នកផ្គត់ផ្គង់ត្រូវតែដាក់ចូលទីផ្សារច្រើនដែរ(បញ្ចេញលក់)ចុងក្រោយយើងនឹងឃើញការផ្គត់ផ្គង់វាធំជាងតម្រូវការ។

    លោក យក់ ចំរើនឬទ្ធិ បានបញ្ជាក់ថា៖ “នៅក្នុងដំណាក់កាលណាមួយ តម្រូវការនោះវានឹងបន្ថយល្បឿន បន្ទាប់មកវាក៏មានតម្រូវការឡើងវិញនៅពេលដែលការអភិវឌ្ឍបានកើតឡើងបន្ត ដែលនេះជាវដ្តនៃការវិលជុំដែលត្រូវតែកើតមាន”។ ដូច្នេះអ្វីៗដែល WB បានធ្វើការទស្សន៍ទាយនោះ គឺយើងបានដឹងដែរ ជារឿងធម្មតាដែលសេដ្ឋកិច្ចគ្រប់ប្រទេសតែងជួបបញ្ហាហ្នឹង។

    “ចំពោះផលិតភាពការងារ យើងទទួលស្គាល់ថា បើយើងមិនបានរៀបចំឱ្យស្រួលទេ វាអាចមានបញ្ហា ព្រោះប្រជាជនយើងនៅមានផលិតភាពការងារទាបជាងប្រទេសជិតខាង ឧទាហរណ៍សម្រាប់ប្រទេសយើងកិច្ចការមួយយើងធ្វើគ្នា 3នាក់តែនៅប្រទេសជិតខាងគេធ្វើតែ 2នាក់ ពោលគឺវាទាក់-ទងទៅនឹងធនធានមនុស្សដែលមានបទពិសោធ និងជំនាញបច្ចកទេស”។ នេះបើតាមលោក យក់ ចំរើនឬទ្ធិ បានបញ្ជាក់។

    លោកអគ្គនាយកបានបន្តថា “យើងមានការងារជាច្រើនដែលមានផលិតភាពទាប ដោយសារយើងខ្វះអ្នកចេះដឹង ខ្វះខាតអ្នកមានចំណេះដឹងផ្នែកវិជ្ជាជីវៈ បើយើងមានការបណ្តុះបណ្តាលបន្ថែមទៀត យើងនឹងមានផលិតភាពការងារដូចគេដូចឯង។ ផលិតភាពការងារ វាទាក់ទងទៅនឹងធនធានមនុស្ស និងជាកត្តាសម្រាប់កំណត់នូវជោគជ័យដែរ។ ដូច្នេះទើប WB ចាត់ទុកថា វាជាកត្តាហានិភ័យ ប្រសិនបើមិនបានបង្ហាត់បង្រៀន បណ្តុះបណ្តាលថ្នាលយុវជនយើងឱ្យបានខ្ពស់ទេ គោលដៅរបស់យើងនឹងមិនបានសម្រេចទេ ខ្ញុំជឿថា រាជរដ្ឋាភិបាលបានដឹងពីកិច្ចការហ្នឹង គាត់បានរៀបចំទប់ទល់ចំពោះហានិភ័យនេះហើយ។ ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចថេរយើងជឿថាកម្ពុជាអាចទៅរួច ដោយរដ្ឋាភិបាលគាត់មានយុទ្ធសាស្ត្រដឹកនាំពីដំណាក់កាលនីមួយ។ បើយើងមានការកសាងមូលដ្ឋាននៃផលិតភាពឱ្យខ្ពស់ យើងនឹងមិនមានបញ្ហាអ្វីនោះឡើយ ព្រោះប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចយើងនេះតែងជួបប្រទះនូវហានិភ័យសម្រាប់ខ្លួនជាធម្មតា”៕