Tag: សុភមង្គល

  • ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

    ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។

    ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។

    ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។

    ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China Daily។

    តាម​ជំនឿ​បុរាណ ​​កូនក្រមុំ​ជន​ជាតិ​ Tujia នៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ​នោះ​ទេ តែ​ក៏​ត្រូវ​ជេរ​ «មេ​អណ្ដើក​​» ថែម​ទៀត​ផង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

  • ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

    កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។

    មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។

    ផែន​ទី​ផ្លូវ 9 ខ្សែ (Nine-dash line) នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕

  • ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

    ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

    ក្រោយពី​បាន​បញ្ជាក់ថា​នឹង​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami តារាបាល់ទាត់​ពិភពលោក Lionel Messi ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ទទួលបាន​សុភមង្គល​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ដែល​លេង​ឱ្យ Paris Saint-Germain។

    Messi ចាក​ចេញពី PSG ក្នុងនាម​ជា​កីឡាករ​សេរី​ក្នុងស្ថានភាព​ភាគី​ទាំងពីរ​សុទ្ធតែ​មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។ ពេលវេលា​នៅ​ជាមួយគ្នា​រវាង M10 និង PSG បានបញ្ចប់​ក្នុង​រយៈពេល​ពីរ​ម៉ោង នៅ​ពេល​ Messi ត្រូវបាន «ព្យួរ​ជើង​ក្នុង​ក្រុម» ព្រោះតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្លឹប។ ចាប់ពីពេលនោះ​មក Messi បាន​យល់ព្រម​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami បើ​ទោះ​ចិត្ត​ចង់​ទាត់​ឱ្យ Barcelona នៅ​អេ​ស្ប៉ា​ញ។

    «ពីរ​ឆ្នាំ​កន្លង​នៅ PSG គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុភមង្គល។ ខ្ញុំ​មិនអាច​ទទួលបាន​ជីវ​ភាពជា​របស់​ខ្លួនឯង។ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​គ្រួសារ​ខ្ញុំ។ ពីរ​ឆ្នាំ​កន្លង ខ្ញុំ​ពិតជា​បាន​បាត់បង់​ពេលវេលា​ជា​ច្រើន​ដែល​អាច​​នៅ​ជាមួយកូនៗ…» Messi បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​អេ​ស្ប៉ា​ញ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។

    Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី M10 ចាកចេញ និង​ក្រោយពី​កិច្ច​សម្ភាស​ខាងលើ។ ចំណែក​អ្នកគាំទ្រ​របស់ Barcelona វិញ​ក៏​កំពុង​អន់ចិត្ត​ព្រោះតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​នេះ​មិន​អនុញ្ញាតឱ្យ​នាំយក Messi មក​ចូល​ជា​សមាជិក​ជាថ្មី។

    រឿងរ៉ាវ​ម្ចាស់​ជើងឯក World Cup 2022 សម្រេចចិត្ត​ទាត់​ឱ្យ​ក្លឹប Inter Miami ត្រូវបាន​បញ្ជាក់​រួចហើយ។ បើតាម​គម្រោង M10 នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​នេះ​ចាប់ពី​ខែកក្កដា​ខាងមុខ៕

  • ៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

    ៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

    3 “ប” ដែល​ថា​នេះ​គឺ​ “បន្ថយ​ បញ្ចៀស​ បញ្ឈប់​”។ ទាំងអស់​នេះ​ គឺជា​ពាក្យ​ដែល​យើង​តែង​បានឮ​ជា​ញឹកញាប់​ ដែល​ពេលខ្លះ​យើង​គួរតែ​ បន្ថយ​ បញ្ចៀស​ និង​បញ្ឈប់​ទង្វើ​មួយចំនួន​ ដើម្បី​សេចក្តី​ស្នេហា​ និង​សុភមង្គល​ដ៏​ល្អ​ប្រសើរ​របស់​យើង​។

    បន្ថយ​ទិដ្ឋិ​ (ឬមានះ​) ជា​រឿង​របស់​កិត្តិយស​ និង​ទិដ្ឋិ​ដែល​មាននៅ​ក្នុង​មនុស្ស​គ្រប់រូប​។ ហេតុ​ និង​ផល​របស់​មនុស្ស​ម្នា​ក់ៗ​មិន​ដូចគ្នា​ទេ​ គំនិត​ដែល​អ្នក​គិតថា​ត្រឹមត្រូវ​ អាច​ជា​ភាព​ត្រឹមត្រូវ​ដែល​អ្នក​យល់ឃើញ​តែម្នាក់ឯង​ ក៏អាច​ថា​បាន​ដែរ​។ នៅក្នុង​រឿង​របស់​សេចក្តី​ស្នេហា​វិញ​ ការកាត់បន្ថយ​ទិដ្ឋិ​ និង​ការ​ទទួលយក​គំនិត​របស់​គូស្នេហ៍​របស់​អ្នក​គឺជា​រឿង​សំខាន់​ រឹតតែ​ពេល​ឈ្លោះប្រកែក​តវ៉ា​គ្នា​ផង​នោះ​ សេចក្តី​ក្រេវក្រោធ​នឹង​ធ្វើ​ឱ្យ​រឿង​រ៉ា​វល្អៗ​ ឬអា​រម្ម​ណ៍​ល្អ​ៗរវាង​អ្នក​ទាំងពីរ​បាត់បង់​អស់​ ហើយ​ទិដ្ឋិ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​អាក្រក់​ឡើង​ ដោយសារតែ​ម្នា​ក់ៗ​មិនព្រម​ចុះញ៉ម​គ្នា​។

    បញ្ចៀស​ភាព​ឆាប់​ខឹងឆេវ​ឆាវ​ ចូលចិត្ត​ស្រែក​ឡូឡា​ មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​មាន​ភាព​អត្មា​និយម​ទាំងអស់​ គ្រាន់តែ​វា​ស្ថិតនៅ​ត្រង់ថា​ តើ​នឹង​ត្រូវ​បញ្ចេញ​មក​ច្រើន​តិច​ប៉ុនណា​ និង​អាច​គ្រប់គ្រង​វា​បាន​ល្អ​ប៉ុនណា​តែប៉ុណ្ណោះ​។ បើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​ឆាប់​ខឹងឆេវ​ឆាវ​ ពេល​កើត​អាការ​មិន​ពេញចិត្ត​នឹង​រឿង​អ្វីមួយ​ ឬនឹងនរ​ណា​ម្នាក់​នោះ​ អ្នក​នឹង​បញ្ចេញ​អភិនីហារ​ ស្រែក​ជេរ​ឡូឡា​ រហូតដល់​គ្មាន​នរណា​ហ៊ាន​ចូល​ក្បែរ​។ ទង្វើ​ទាំងនេះ​ បើ​ប្រើជា​មួយ​អ្នក​ដែលគេ​កេងប្រវ័ញ្ច​យក​ប្រៀប​លើ​រូប​អ្នកនោះ​ មើលទៅ​វា​មិន​គួរ​ឱ្យ​ស្អប់ខ្ពើម​អី​ប៉ុន្មាន​ទេ​ តែ​សម្រាប់​គូស្នេហ៍​ ស្វាមី​ ឬភរិយា​របស់​ខ្លួន​វិញ​ អាការ​ទាំងនេះ​ គឺជា​អាការ​ដែល​អ្នក​គួរតែ​បញ្ចៀស​វា​ចោល​ជាដាច់ខាត​ ព្រោះ​គ្មាន​អ្នកណា​អាច​ទ្រាំ​នឹង​ភាព​ឆាប់​មួម៉ៅ​ក្រេវក្រោធ​របស់​អ្នក​បាន​យូរ​ឡើយ​។

    បញ្ឈប់​ភាព​ខិលខូច​ផិតក្បត់​ (មិនថា​ស្រ្តី​ ឬបុរស​ឡើយ​) អាការ​ខិលខូច​ផិតក្បត់​ពេល​ដែល​លោកអ្នក​នៅ​លីវ​ វា​មិន​អី​ទេ​ ល្មម​អាច​ទទួលយក​បាន​ខ្លះ​ តែ​នៅពេល​មាន​គូស្នេហ៍​ មាន​ស្វាមី​ ឬភរិយា​ហើយ​នោះ​ បញ្ហា​នឹង​កើតមានឡើង​ជាមិនខាន​។ តឱ្យ​អ្នកណា​ក៏ដោយ​ដែល​និយាយ​ថា​ ចូលចិត្ត​តែ​អ្ន​កខិល​ៗក៏ដោយ​ ទីបំផុត​ គ្មាន​ឃើញ​នរណា​ម្នាក់​ទ្រាំ​បាន​សោះ​។ ភាព​ខិលខូច​ផិតក្បត់​ គឺជា​ទង្វើ​ដែល​គួរតែ​បញ្ឈប់​នៅពេល​លោកអ្នក​មានគូគ្រង​ច្បាស់លាស់​ហើយ​ ព្រោះ​ភាព​ស្មោះត្រង់​ គឺជា​គុណសម្បត្តិ​សំខាន់​មួយ​របស់​សេចក្តី​ស្នេហា​ ឯភាព​ខូចខិល​ផិតក្បត់​វិញ​ គឺជា​ភាព​រលំរលាយ​របស់​ជីវិត​អពាហ៍​ពិពាហ៍​៕

  • 10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

    10ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

    ឆាក​អាពាហ៍​ពិពាហ៍​អាច​ជា​ឆាក​បញ្ចប់​ដ៏​សែន​មហា​ Happy​ តែ​សម្រាប់​ជីវិត​ពិត​វិញ​ ការ​រៀបការ​ ឬការយល់ព្រម​រួមរស់​នៅជា​មួយ​គ្នា​ជា​ជីវិត​គូ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​សាង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​។ មនុស្សជា​ច្រើន​ ពេល​នៅជា​គូស្នេហ៍​ ស្រឡាញ់​គ្នា​ស្ទើរ​បាត់មុខ​មិនបាន​ តែ​ពេល​រៀបការ​ និង​រស់នៅ​ជាមួយគ្នា​ហើយ​ បែរជា​ជួប​បញ្ហា​ និង​រឿងរ៉ាវ​ដ៏​ច្រើន​ រហូតដល់​ពេលខ្លះ​អាច​ធ្វើ​ឱ្យ​ជីវិត​គូ​បាក់បែក​ដួល​រលំ​ក៏​មាន​។ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​រួបរួម​យក​ចំណុច​គួរ​រិះ​គិ​តល្អ​ៗដែល​មនុស្ស​គ្រប់រូប​អាច​នាំ​យក​ទៅ​ប្រើ​ក្នុង​ជីវិត​ជា​ស្វាមី​-ភរិយា​របស់​ខ្លួន​ ដើម្បី​ឱ្យ​គ្រួសារ​មាន​សេចក្ដីសុខ​សុភមង្គល​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​។

    1. រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​
    នៅពេល​យើង​គិតថា​ នឹង​រស់នៅ​ជា​ជីវិត​គូ​ជា​មួយ​នឹងនរ​ណា​ម្នាក់​ហើយ​ កុំ​នឹក​សង្ឃឹម​ត្រឹមតែ​ឱ្យ​គេ​មក​ស្រឡាញ់​ និង​ធ្វើអ្វី​ដើម្បី​យើង​តែ​ម្យ៉ាង​នោះ​តែ​យើង​គួរ​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើជា​អ្នក​លះបង់​ឱ្យ​គេ​ខ្លះ​ផង​ ធ្វើ​ឱ្យ​គេ​មាន​សេចក្ដីសុខ​ យកចិត្តយកថ្លើម​ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ ផ្លាស់​គ្នា​ធ្វើជា​អ្នក​ឱ្យ​ និង​អ្នកទទួល​ វា​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ​ទាំងពីរ​នាក់​ មិនមែន​ឱ្យ​នរណា​ម្នាក់​ព្យាយាម​លះបង់​តែ​ម្ខាង​នោះ​ទេ​។

    2. ស្មោះត្រង់​នឹងគ្នា​ និង​ទុកចិត្ត​គ្នា​
    សម្រាប់​ជីវិត​គូ​ ភាព​ស្មោះត្រង់​ គឺជា​រឿង​ធំជាង​គេ​បំផុត​ និង​ក្រៅពី​យើង​ស្មោះត្រង់​ចំពោះ​គ្នា​ហើយ​គួរ​មាន​ភាព​ជឿ​ទុកចិត្ត​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់​ផង​។ បើ​មានការ​មិន​ជឿ​ទុកចិត្ត​ ឬប្រចែប្រចណ្ឌ​ហួងហែង​គ្នា​ខ្លាំង​ជ្រុល​ពេក​ វា​នឹង​ធ្វើ​ឱ្យ​ជីវិត​គូ​មានតែ​បញ្ហា​។

    3. រៀន​យល់ដឹង​ ទទួលស្គាល់​ និង​កែសម្រួល​ពី​ខ្លួនឯង​ជាមុន​
    ទន្ទេញ​ទុក​ជាប់​ជានិច្ច​ថា​ យើង​មិន​អាច​ផ្លាស់ប្ដូរ​អ្នកដទៃ​បានទេ​ តែ​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន​ ដូច្នេះ​កុំ​សង្ឃឹមថា​ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​កែ​សម្រួល​ខ្លួន​គេ​ដើម្បី​យើង​ ឬត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ៗដើម្បី​ឱ្យ​ដូច​តាមចិត្ត​យើង​នោះ​ តែ​ចូរ​យល់ដឹង​ពី​អ្វី​ដែល​ជា​រូបគេ​ និង​បើ​រក​ឃើញ​ភាព​ផ្សេងគ្នា​ដែល​ច្រើន​ជ្រុល​ពេក​នោះ​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ខ្លួន​យើង​ជាមុន​សិន​។ បើ​ទាំងសងខាង​ជួយគ្នា​កែសម្រួល​ខ្លួន​ចូល​រកគ្នា​ទៅវិញទៅមក​ នោះ​ប្រាកដជា​នឹងអាច​រស់នៅ​រួមគ្នា​បាន​យ៉ាង​រលូន​មិនខាន​។

    4. ផ្ដល់​កិត្តិយស​ចំពោះ​គ្នា​ទៅវិញទៅមក​ជានិច្ច
    ​មិនថា​ស្រឡាញ់​គ្នា​ខ្លាំង​ប៉ុនណា​ ឬស្រឡាញ់​គ្នា​មក​យូរ​ប៉ុនណា​ក៏ដោយ​ មនុស្ស​គ្រប់រូប​នៅតែ​ត្រូវការ​ទីតាំង​ផ្ទាល់ខ្លួន​ និង​ចង់បាន​ការ​ផ្ដល់​កិត្តិយស​ជានិច្ច​។ ទោះជា​ស្វាមី​-ភរិយា​នឹងគ្នា​ក៏​ដោយ​ ក៏​គួរតែ​ទុកចន្លោះ​ទំនេរ​មួយ​ឱ្យ​គ្នា​ទៅវិញទៅមក​ដែរ​ កុំ​សង្កត់​ ឬជិះជាន់​មនុស្ស​ដែល​យើង​ស្រឡាញ់​ ទោះជា​គេ​មាន​ឥរិយាបថ​ថា​ ចុះញ៉ម​ហើយក៏​ដោយ​ និង​កុំ​លូកលាន់​កកូរកកាយ​គេ​គ្រប់តែ​រឿង​នោះ​ ព្រោះ​វា​នឹង​នាំមក​នូវ​ភាព​ទើសទាល់​ធុញថប់​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​។

    5. កុំ​ភ្លេច​នឹកដល់​ពាក្យ​ថា​ “ចិត្ត​យើង​ ចិត្ត​គេ​”
    ទោះជា​ចង់​ធ្វើអ្វី​ ឬប្រុង​និយាយ​អ្វី​ចេញទៅ​ក៏​ដោយ​ ចូរ​នឹកគិត​ជាប់​ជានិច្ច​ថា​ បើសិនជា​រូបយើង​វិញ​ នឹង​មាន​អារម្មណ៍​យ៉ាងណា​? នោះ​យើង​នឹង​ដឹង​ភ្លាម​ថា​ តើ​គួរ​ធ្វើបែប​នោះ​ឬទេ​?

    6. នៅ​ក្បែរ​ជានិច្ច​ តែ​មិន​កាន់ជើង​
    គូស្នេហ៍​ដែល​ល្អ​ គឺ​អ្នក​ដែល​នៅ​ក្បែរ​គ្នា​ជានិច្ច​ ទោះជា​ពេល​មាន​បញ្ហា​ក៏ដោយ​ នៅ​ផ្ដល់​កម្លាំងចិត្ត​ មិន​បន្ទោស​បន្ថែម​ តែ​ខណៈ​ពេល​ជាមួយគ្នា​ ក៏​ត្រូវ​ចេះ​ដាស់តឿន​ នៅពេល​មើលឃើញ​ថា​ខុស​ និង​មិន​ត្រឹមត្រូវ​ មិន​សមគួរ​។ មិនមែន​ថា​គេ​ជាគូ​ស្នេហ៍​យើង​ហើយ​ ត្រូវតែ​កាន់ជើង​គេ​គ្រប់​រឿង​ គេ​ធ្វើអ្វី​ក៏​ត្រូវ​ទាំងអស់​នោះ​ទេ​ ហើយ​ការដាស់តឿន​នោះ​ទៀតសោត​ គួរ​ធ្វើឡើង​តែ​ពីរ​នា​ក់​ស្ងាត់​ៗកុំ​បំបាក់មុខ​គូស្នេហ៍​ដោយ​ការ​ស្រែក​ជេរ​បញ្ចោរ​គេ​នៅមុខ​អ្នកដទៃ​ជាដាច់ខាត​។

    7. កុំ​ប្រៀបធៀប​គូស្នេហ៍​របស់​យើង​ជាមួយ​គូស្នេហ៍​អ្នកដទៃ
    ​ប្រាកដ​ណាស់​ថា​ គ្មាន​អ្នកណា​ឥត​ខ្ចោះ​គ្រប់យ៉ាង​នោះ​ទេ​ ខ្លួន​យើង​ក៏​ដូចគ្នា​ដែរ​ ដូច្នេះ​កុំ​យក​គូស្នេហ៍​របស់​យើង​ទៅ​ប្រៀបធៀប​ជាមួយ​គូស្នេហ៍​របស់​អ្នកដទៃ​ កុំ​សរសើរ​ថា​ ប្ដី​(ឬប្រពន្ធ​)របស់​គេ​ម្នាក់​នោះ​ល្អ​អុី​ចេះ​ ល្អ​អុី​ចុះ​ ព្រោះ​វា​នឹង​ក្លាយជា​ការ​បំបាក់​អារម្មណ៍​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ខ្លាំង​ណាស់​។

    8. ពេល​គេ​ជា​ភ្លើង​ ចូរ​យើង​ធ្វើជា​ទឹក​
    ប្រហែលជា​គ្មាន​គូស្នេហ៍​មួយគូ​ណា​ដែល​មិនធ្លាប់​ឈ្លោះ​គ្នា​នោះ​ទេ​ តែ​ធ្វើ​យ៉ាងណា​ កុំឱ្យ​ការ​ឈ្លោះ​នោះ​ក្លាយជា​បញ្ហា​រីកធំឡើង​។ នៅពេល​ឃើញថា​ គេ​កំពុងតែ​ក្ដៅ​ដូច​ភ្លើង​ហើយ​នោះ​ យើង​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ និង​ស្ងប់​នឹង​ជាងគេ​ឱ្យ​បាន​ព្រោះ​បើសិនជា​រឹតតែ​ក្ដៅ​ដាក់គ្នា​ នឹង​រឹតតែ​នាំមក​នូវ​បញ្ហា​ថែម​ឡើង​ប៉ុណ្ណោះ​។

    9. ឧស្សាហ៍​បន្ថែម​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​គូ
    ​នៅពេល​រស់នៅ​ជាមួយ​គ្នា​យូរ​ៗទៅ​ គូ​ខ្លះ​ក៏​ភ្លេច​ភាព​ផ្អែមល្ហែម​ រ៉ូមែ​នទិ​កដែល​ធ្លាប់​មាន​ឱ្យ​គ្នា​កាល​ស្នេហ៍​គ្រាដំបូង​អស់​ ដូច្នេះ​គួរតែ​មាន​ពេលវេលា​ក្នុង​ការ​ទៅ​ធ្វើ​អ្វី​ៗជាមួយគ្នា​ ដូចជា​ ទៅដើរ​លេង​ជាមួយគ្នា​ ឬមាន​កាដូ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ឱកាស​ពិ​សេស​ៗខ្លះ​ផង​។ បបួល​ជជែក​ពី​រឿង​កាល​ដែល​ស្រឡាញ់​គ្នា​ថ្មី​ៗ ឬនាំគ្នា​ទៅ​រំឭក​អនុស្សាវរីយ៍​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗដែល​ធ្លាប់​បាន​ទៅ​ នឹង​ធ្វើ​ឱ្យ​សេចក្ដីស្នេហា​រីក​ស្រស់​ឡើងវិញ​។

    10. បញ្ឈប់​ការ​នឹករំពឹង​ ហើយ​ស្រឡាញ់​គ្នា​យ៉ាង​ល្អ​បំផុត​
    ការ​នឹករំពឹង​ មិនដែល​ធ្វើ​ឱ្យ​ជីវិត​អ្នកណា​មាន​សេចក្ដីសុខ​យ៉ាង​ពិតប្រាកដ​នោះ​ទេ​ សម្រាប់​សេចក្ដី​ស្នេហា​ក៏​ដូចគ្នា​ដែរ​ យើង​មិន​គួរ​នឹករំពឹង​អ្វី​ជាមួយ​គូស្នេហ៍​របស់​យើង​ខ្លាំង​ជ្រុល​ពេក​ទេ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​គេ​ទើសទាល់​ ហើយ​ខ្លួន​យើង​ក៏​នឹង​មានទុក្ខ​បើសិនជា​មិនបាន​ដូច​ការ​នឹករំពឹង​។ “ជីវិត​មនុស្ស​យើង​គ្រប់​ៗគ្នា​សុទ្ធតែ​រាប់​ពេលវេលា​ថយក្រោយ​ដូចគ្នា​រាល់ថ្ងៃ​ ដូច្នេះ​ ចូរ​ស្រឡាញ់​គ្នា​ឱ្យ​បាន​ល្អ​បំផុត​រៀងរាល់ថ្ងៃ​”៕

  • សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

    សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

    ការមើល​ថែរក្សា​គ្រប់គ្នា​នៅក្នុង​គ្រួសារ ជាពិសេសកូនៗឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺជា​តួនាទី និង​ជា​បំណងប្រាថ្នា​របស់លោក​ឪពុក​អ្នក​ម្តាយគ្រប់ៗរូប។ ការចេះ​ជួយ​សហការគ្នា​រវាង​គ្រប់គ្នា​ដែល​រស់នៅ​ក្នុងផ្ទះ​គឺជា​ការចូលរួម​ថែរក្សា​សុខភាព​ដ៏​ល្អប្រសើរ​បំផុត។ បើទោះជា​យ៉ាងនេះ​ក្តី អ្នក​ម្តាយ​នៅតែ​ដើរ​តួជា​មនុស្ស​ម្នាក់​ដែលសំខាន់​បំផុត​នៅក្នុង​សាច់រឿង​មួយ​នេះ។ ការថែរក្សា​សុខភាព​គ្រប់គ្នា​ក្នុង​គ្រួសារ ត្រូវ​គិតគូរ​គ្រប់បែបយ៉ាង តាំងពី​អាហារ​ហូបចុក អនាម័យ ការការពារ និង​ការថែរក្សា ព្រមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត។

    អាហារ​ហូបចុក : ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដែលជា​ប្រភព​នៃ​ប្រូ​តេ​អី​ុ​ន គឺជា​រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​គិតដល់ ប៉ុន្តែ​សូមកុំ​ភ្លេច​ឱ្យសោះ​ថា ការ​ចម្អិន​អាហារ​ទាំងនោះ​តែ​ម្យ៉ាង​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ មានន័យថា លោកអ្នក​ក៏ត្រូវ​គិតដល់​ប្រភព​នៃ​វត្ថុធាតុដើម​ដែល​អ្នក​បាន​យកមក​ធ្វើការ​ចម្អិន​ផងដែរ។ វា​ជាការ​ពិបាក​បន្តិច​ក្នុង​ការប្រគល់​សេចក្តីទុកចិត្ត​ទាំងស្រុង​ទៅលើ​អ្នកលក់ និង​បន្លែ​ផ្លែឈើ​ដែល​អ្នក​ត្រូវ​យកមក​ធ្វើជា​អាហារ ព្រោះថា​បច្ចុប្បន្ននេះ​ការចង់បាន​ប្រភព​អាហារ​ដែល​គ្មាន​ជាតិពុល​គឺជា​រឿង​ដែល​ពិបាក​បន្តិច​ហើយ។ បើ​ដូច្នេះ​តើ​យើង​គួរតែ​ធ្វើ​ដូចម្តេច ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នេះ​ឱ្យមក​នៅ​ទាប​បំផុត? បន្លែ​ដែល​ដាំ​ដោយ​ខ្លួនឯង (ប្រសិនបើ​អាច) បន្លែ​ដែល​មានការ​ធានាថា​ពិតជា​គ្មាន​សារធាតុ​គីមី ឬ​បន្លែ​ដែល​បាន​លាង​សម្អាត​យ៉ាង​ត្រឹមត្រូវ… ជា​ផ្នែក​មួយ​ដែល​អ្នក​គួរតែ​ធ្វើ ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​សុខភាព​បាន​មួយ​ភាគ​ដែរ។

    ទទួលទាន​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ : អ្នក​ម្តាយ​ត្រូវមាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​អាហារ​ល្អ​ស​ម្រ​ប់​សមាជិក​ក្នុង​គ្រួសារ។ នៅពេល​សមាជិក​ម្នាក់ ឬ​ច្រើន​នៅក្នុង​គ្រួសារ​មាន​បញ្ហា​សុខភាព​នោះ លោកអ្នក​ក៏ត្រូវ​នឹក​គិតដល់​អាហារ​ជំនួយ​ផងដែរ។ ប្រសិនបើ​លោកអ្នក​កំពុងតែ​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ទទួលទាន​ផ្លែឈើ​ដែល​អាចជួយ​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​នោះ សូមកុំ​ភ្លេច​ផ្លែឈើ​មួយចំនួន​ដូចជា ល្ហុង ប៉ោម ម្នាស់ ឪឡឹក ទំពាំងបាយជូរ​ជាដើម ព្រោះថា​ផ្លែឈើ​ប្រភេទ​នេះ​អាចជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ពោះវៀន បាន​យ៉ាង​ប្រសើរ។ សម្រាប់​លោកអ្នក​ដែល​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ជា​មនុស្ស​ដែល​ពេញ​ទៅដោយ​ថាមពល​វិញ​នោះ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ដាក់បញ្ចូល​អាហារ​មួយចំនួន​ដែលជា​អាហារ​ថាមពល​នៅក្នុង​មឺ​នុយ​អាហារ​របស់​អ្នក (ទាំង​អាហារ​ក្រៅ​ពេល និង​អាហារ​ចម្បង) ដូចជា ទឹកឃ្មុំ ផ្លែ​ប៉ោម ស៊ុត ដំឡូងជ្វា សាច់​ត្រី​សាល​ម៉ុ​ន ក្រូច ចេក ស្រូវ​អូក សណ្តែក ស្ពៃ (spinach) យ៉ា​អួរ និងគ្រាប់​អាល់​ម៉ុ​ន​ជាដើម។

    គ្រូពេទ្យ​ក្នុងផ្ទះ : ក្រៅពី​គ្រូពេទ្យ​នៅ​ខាងក្រៅ លោកអ្នក​ក៏​អាច​ដើរតួនាទី​ជា​គ្រូពេទ្យ​ក្នុងផ្ទះ​បានដែរ។ ដូចដែល​អ្នក​បានដឹង​ស្រាប់​ហើយ​ថាក្មេងតូចៗងាយ​នឹង​ទទួលរង​ការកើត ឬ​ការឆ្លង​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់ ជាពិសេស​គឺ​ក្នុង​ខែ​ដែលមាន​ខ្យល់​ធ្លាក់ និង​ការផ្លាស់ប្តូរ​នៃ​អាកាសធាតុ។ ការព្យាបាល​ជំងឺ​ផ្តាសាយ​ឱ្យ​ជា​ក្នុង​រយៈពេលភ្លាមៗគឺជា​រឿង​ដែល​ស្ទើរតែ​មិនអាច​ធ្វើបាន ប៉ុន្តែ​អ្នក​ម្តាយ​លោកឪពុក​ឆ្លាត​វៃ​នៅតែ​អាចជួយ​ធ្វើឱ្យ​សភាព​ជំងឺ​មួយ​នេះ​មាន​ភាព​ធូរស្រាល​ជាង​មុន​បាន ដោយ​ការ​អនុវត្តតាម​វិធី​មួយចំនួន​ដូចជា ការ​ត្រាំ​ជើង​ដោយ​ទឹក​ក្តៅឧណ្ហៗ ឆ្អ​ង់​ចំហាយ​ទឹក ឬ​ងូតទឹក​ក្តៅ​ជាដើម។ គួរ​ចៀសវាង​ការទទួល​ទាន​ទឹក​ត្រជាក់​ខ្លាំង ហើយ​ងាក​មក​ទទួលទាន​ទឹកក្តៅៗ ឬ​ទឹកតែ​ខ្ញី និង​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកឃ្មុំ​វិញ។ ទទួលទាន​ផ្លែឈើ​មួយចំនួន​ដូចជា ប៉ោម ល្ហុង ក្រូច ចេក ប៊ឺ​រី ត្របែក និង​ផ្លែឈើផ្សេងៗទៀត ដែល​សម្បូរ​ទៅដោយ​វីតាមីន​។ នៅពេលដែល​អ្នកណាម្នាក់​មាន​ជំងឺ​ត្រូវ​ប្រើប្រាស់​ឱសថ​អ្នក​ត្រូវ​ចាំ​ចំណុច​សំខាន់​មួយចំនួន​ដូចជា កុំ​លេបថ្នាំ​ដោយ​ទឹក​ត្រជាក់​ខ្លាំង កុំ​គេងភ្លាមៗក្រោយ​លេបថ្នាំ​រួច មិន​ថា​វា​ជា​ថ្នាំ​ដែល​ត្រូវ​លេប​មុន ឬ​ក្រោយ​អាហារ​នោះទេ អ្នក​មិនគួរ​លេប​វាភ្លាមៗទេ គួរ​ទុកចន្លោះ​ពេលមុន ឬ​ក្រោយ​អាហារ ប្រមាណ​ជា10នាទី​សិន។

    ការនាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ​ជា​លក្ខណៈ​គ្រួសារ : ការនាំគ្នា​ដើរ​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស មិន​ត្រឹមតែ​ជួយ​ឱ្យ​សុខភាព​របស់លោក​អ្នក​មាន​ភាពរឹងមាំ​នោះទេ តែ​វា​ថែមទាំង​ជួយ​បង្កើន​ភាព​រីករាយ សេចក្តី​គោរព​ស្រឡាញ់ និង​សុភមង្គល​ក្នុង​គ្រួសារ​ផងដែរ។

    អនាម័យ : គ្រប់គ្នា​នៅក្នុង​គ្រួសារ​គួរតែ​សហការគ្នា ដើម្បីឱ្យ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ប្រកបដោយ​អនាម័យ។ មនុស្ស​ធំ​នៅក្នុង​គ្រួសារ​អាច​បង្រៀនកូនតូចៗឱ្យធ្វើជា​មនុស្ស​ដែលមាន​អនាម័យ តាមរយៈ​ការនិយាយ​ប្រាប់​ណែនាំ និង​ការធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ។ ជា​ការពិត​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប​តែង​ប្រាថ្នា​ចង់ឱ្យកូនៗរស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​កាត់បន្ថយ និង​ជួយ​ការពារ​ពួកគេ​ពី​ការឆ្លង​ជំងឺ​នានា។

    ប្តូរ​ទម្លាប់​មិនល្អ : ប្រសិនបើ​សមាជិក​ក្នុង​គ្រួសារ ជាពិសេសកូនៗរបស់​អ្នកមាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ នោះ​អ្នក​គួរតែ​ព្យាយាម​ធ្វើយ៉ាងណា​កែប្រែ​ទម្លាប់​នេះ​ចេញ។ ដូចដែល​អ្នកដឹង​ហើយ​ថា ការ​គេង​បាន​តិច ឬ​ការចូល​គេង​យប់​ជ្រៅ​ពេក មិនមែនជា​រឿង​ល្អ​ទេ វា​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់ខ្លះៗចំពោះ​ការវិវឌ្ឍ​នៃ​ខួរក្បាល​ក្មេង​តូច អាចធ្វើឱ្យ​ការទទួលបាន​ភាព​ស្កប់ស្កល់​ក្នុងការ​គេង​មាន​តិច បើ​ប្រៀបធៀប​ទៅនឹង​ការដែល​ឆាប់​ចូល​គេង (ការចូល​គេង​ម៉ោង9យប់​ជា​ពេលវេលា​ដំណេក​ដ៏​ល្អ​បំផុត)។ ជឿជាក់ថាលោកអ្នក​ពិតជា​បានដឹង​ច្បាស់​ណាស់​ថា អាហារបែប​នំ​កញ្ចប់ អាហារ​ដែលមាន​ជាតិ​ស្ករ អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ជាដើម មិនមែនជា​អាហារ​ដែល​ផ្តល់នូវ​គុណប្រយោជន៍​ដល់​រាងកាយ​នោះទេ ដូច្នេះ​បើ​ចៀសវាង​បាន​អ្នក​គួរតែ​ចៀសវាង។ នៅមាន​ទម្លាប់​មួយចំនួនទៀត​ដែល​ត្រូវបាន​ទុក​ថា​ជា​ទម្លាប់​មិនល្អ ហើយ​អ្នក​គួរតែ​ប្តូរ​ចេញ​ដូចជា ទទួលទាន​អាហារ​រួច​គេង​ភ្លាម ទទួលទាន​អាហារ​រួច បញ្ចេញ​សកម្មភាពខ្លាំងៗ និង​ទទួលទាន​អាហារ​ច្រើនពេក​នាពេល​ល្ងាច​ជាដើម។

    ទាំងអស់នេះ​សុទ្ធសឹង​ជា​សារ​មួយ​ដែល​អាចឱ្យ​គ្រប់គ្នា​ដឹងថា អ្នក​ពិតជា​ស្រឡាញ់ និង​យកចិត្តទុកដាក់​ក្នុងការ​មើលថែ​គ្នា​ជាពិសេស​បំផុត ព្រោះថា​គ្មាន​សេចក្តី​ណា​ដែលមាន​ទំហំធំធេង​ជាង​ការដែល​បានរស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ប្រកបដោយ​សុភមង្គល​នោះទេ៕

  • ក្តី​ស្រមៃ​ធំ​មួយ​របស់​អាណាព្យាបាល គឺ​កូនទទួលបាន​ការសិក្សា​ល្អ និង​សុភមង្គល

    ក្តី​ស្រមៃ​ធំ​មួយ​របស់​អាណាព្យាបាល គឺ​កូនទទួលបាន​ការសិក្សា​ល្អ និង​សុភមង្គល

    គ្រប់​អាណាព្យាបាល​ទាំងអស់ សុទ្ធតែ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អនាគត​របស់កូនៗ ហើយ​គាត់​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បីឱ្យ​កូន​ទទួលបាន​ការអប់រំ​ល្អ មាន​សុភមង្គល និង​ក្លាយជា​មនុស្ស​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ តែ​ជាទូទៅ ពួកគាត់​គិតថា ការបញ្ជូន​កូន​ឱ្យទៅ​រៀន​ជា​វិធី​គ្រប់គ្រាន់​ហើយ​សម្រាប់​ពួកគេ ខណៈ​ស្ថានភាព​ជាក់ស្តែង​ដែលនាំឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​នោះ​ក៏ត្រូវ​ការចាំបាច់​នូវ​បរិស្ថាន​ក្នុងការ​រស់នៅ​ល្អ ឬ​គ្រួសារ​មួយ​ដែលមាន​សុភមង្គល​ផងដែរ ទើប​ពួកគេ​អាច​អភិវឌ្ឍ​សក្តានុពល​ប្រកបដោយ​ថាមពល​វិជ្ជមាន​បាន។

    លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា ដើម្បី​ជំរុញ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​បាន ពួកគេ​ចាំបាច់​ត្រូវ​ទទួលបាន​ការអប់រំ​ល្អ​ពី​សាលា​ដែលមាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ និងរស់នៅ​ក្នុងសង្គម​គ្រួសារ​មួយ​ដែលមាន​ភាពកក់ក្តៅ​សម្រាប់​ពួកគេ។ ហេតុនេះ​អាណាព្យាបាល​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​តុល្យភាព​ជីវិត មាន​ទាំង​កម្រិតជីវភាព​ល្អ និង​មាន​សុភមង្គល​ផ្ទាល់ខ្លួន​ផងដែរ​ដើម្បីឱ្យ​កូន​បានរស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​រីករាយ ដែលអនុញ្ញាតឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន​ពី​រឿង​គ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើ​កូន​រៀន​នៅ​សាលា​ល្អ​ហើយ តែ​អាណាព្យាបាល​តែងតែមាន​បញ្ហា​ក្នុង​គ្រួសារ កូន​នោះ​ក៏​នឹងមិន​អាច​រៀន​ពូកែ​បានដែរ ហើយ​ថែមទាំង​អាច​ប៉ះពាល់​អវិជ្ជមាន​សម្រាប់​ការគិត​របស់​ពួកគេ​ថែម​ទៀតផង។

    លោក គង់ សំនៀង បាន​មានប្រសាសន៍ថា៖ “ក្នុងការ​រស់នៅ​របស់​មនុស្ស​យើងម្នាក់ៗ អ្នកណា​ក៏មាន​បញ្ហា​ដែរ ដូចជា​បញ្ហា​គ្រួសារ បញ្ហា​ការងារបញ្ហា​អាជីវកម្ម ឬ​បញ្ហាផ្សេងៗទៀត​ដែល​មិនអាច​ចៀសផុត។ តែ​ស្របពេល​ជាមួយគ្នានេះ យើង​ក៏មាន​កាតព្វកិច្ច​យ៉ាងសំខាន់​មួយទៀត គឺ​ដើរតួនាទី​ជា​ឪពុកម្តាយ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់។ហេតុនេះ​ដើម្បី​បំពេញ​តួនាទី​យ៉ាង​មានតម្លៃ​នេះ​បានល្អ អាណាព្យាបាល​ចាំបាច់​ត្រូវតែ​សិក្សា​ឱ្យបាន​ច្រើន​ដើម្បី​អភិវឌ្ឍ​ជីវិត​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​ជា​គំរូ​ដល់​កូន និងកសាងសុភមង្គលគ្រួសារទាំងមូល”។

    លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបនឹងបញ្ហានេះ សាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ដែលផ្តល់ឱកាសឱ្យអាណាព្យាបាលបានសិក្សាពីវិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ កសាងទំនុកចិត្តលើខ្លួនឯងសម្រាប់បុត្រធីតា បង្កើនជំនាញ និងសមិទ្ធផលក្នុងការសិក្សា ព្រមទាំងកាត់បន្ថយបញ្ហាផ្សេងៗដែលបុត្រធីតាត្រូវប្រឈមមុខនាថ្ងៃអនាគតថែមទៀតផង។ កម្មវិធីនេះក៏នឹងផ្តល់ជូនឱ្យអាណាព្យាបាលនូវគំនិតសម្រាប់អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាអាជីវម្ម និងមុខរបររបស់អាណាព្យាបាលសិស្សតាមរយៈកម្មវិធីអប់រំមួយចំនួនដូចជា ទម្លាប់ 7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារ កម្មវិធីអភិវឌ្ឍន៍អាជីពការងារ និងភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មជាដើម។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីទទួលបាននូវប្រភពពុទ្ធិដ៏មានតម្លៃទាំងអស់នេះអាណាព្យាបាលគ្រាន់តែចុះឈ្មោះកូនរបស់គាត់នៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប ក្នុងបវេសនកាលថ្មីខាងមុខនេះ គាត់នឹងអាចមានឱកាសសិក្សាពីមេរៀនសំខាន់ៗដើម្បីអភិវឌ្ឍជីវិតស្របពេលដែលកូនរបស់ពួកគាត់ទទួលបានការសិក្សាពីចំណេះជំនាញប្រកបដោយគុណភាពខ្ពស់។

    អ្នកស្រី សូ សុភក្តិ ជាម្ចាស់អាជីវកម្ម និងជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថាអ្នកស្រីមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានដឹងពីកម្មវិធី ចុះឈ្មោះសិក្សាកូនបានទាំងគ្រួសារនេះ ព្រោះអ្នកស្រីជាអ្នករកស៊ីផង និងជាអ្នកគ្រប់គ្រងលើកូនៗផង។ អ្នកស្រីសង្កត់ធ្ងន់ថាពេលខ្លះ យើងម្នាក់ៗរវល់តែគិតរឿងរកស៊ី ភ្លេចគិតពីកូន ហើយពេលខ្លះគិតតែពីគ្រួសារភ្លេចគិតពីមុខរបរ ខណៈពេលខ្លះទៀតមានបញ្ហាប្រឈមច្រើនក្នុងពេលជាមួយគ្នា ដែលបណ្តាលឱ្យខ្វល់ខ្វាយច្រើន និងប៉ះពាល់ដល់ការរស់នៅ។ ប្រសិនបើកូនរបស់គាត់បានសិក្សាក្នុងសាលាល្អមួយ ហើយថែមទាំងមានកន្លែងប្រឹក្សាយោបល់ និងបន្ថែមគំនិតល្អៗដល់គាត់បន្ថែមទៀតនោះ អ្នកស្រីនឹងមិនរារែកក្នុងការចុះឈ្មោះសម្រាប់កូននោះទេ។

    អ្នកស្រី សូ សុភក្តិ បាននិយាយថា៖ “អាណាព្យាបាលមួយចំនួន រួមទាំងរូបខ្ញុំផង ពេលខ្លះពិតជាចង់ទទួលបានចំណេះដឹងបន្ថែមពីការពង្រីកមុខរបរ ការដឹកនាំការងារ និងគ្រួសារឱ្យកាន់តែល្អ តែនិយាយត្រង់ខ្ញុំលំបាកស្វែងរកកន្លែងរៀន និងមិនដាច់ចិត្តទៅរៀន។ ប្រសិនបើសាលារបស់កូនៗមានបន្ថែមវគ្គទាំងអស់នេះសម្រាប់ឪពុកម្តាយ ខ្ញុំអាចរីករាយនឹងធ្វើការសាកល្បង ហើយក៏អាចយកឈ្នះភាពរារែករបស់ខ្លួនឯងបានដែរ”។

    អ្នកស្រី សុភក្តិ បានបន្ថែមផងដែរថា ប្រសិនបើជីវភាពរស់នៅក្នុងគ្រួសារមានសុភមង្គល និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះ កូនៗក៏នឹងទទួលបាននូវឱកាស រួមទាំងភាពកក់ក្តៅច្រើនពីគ្រួសារ។ នៅពេលនោះហើយដែលជាពេលមានសេចក្តីសុខជាងគេសម្រាប់ឪពុកម្តាយ ព្រោះគាត់នឹងអាចចំណាយពេលវេលាច្រើនក្នុងការផ្តល់ក្តីស្រឡាញ់កាន់តែច្រើនដល់កូនៗ ស្របពេលដែលគាត់មានទីប្រឹក្សាល្អដែលស្ថិតនៅកន្លែងសិក្សារបស់កូនៗផ្ទាល់តែម្តង៕

  • កុំវេចបង្វេចស្វែងរកសុភមង្គល តែសូមបង្កើតវានៅពេលនេះ

    កុំវេចបង្វេចស្វែងរកសុភមង្គល តែសូមបង្កើតវានៅពេលនេះ

    សុភមង្គលមានន័យយ៉ាងណា? សុភមង្គលនៅទីណា?សុភមង្គលមានរូបរាងដូចម្តេច? មិនទាន់មានអ្នកណាកំណត់ឱ្យបានច្បាស់លាស់នៅឡើយហើយក៏គ្មានអ្នកប្រាជ្ញណាម្នាក់អាចធានាថានឹងបង្កើតសុភមង្គលដែលមានលក្ខណៈអមតៈគ្រប់សម័យកាលបាននោះដែរ។

    ចំពោះបញ្ហាអត្ថន័យនៃសុភមង្គលបើទោះបីជាមនុស្សជាច្រើនរួមទាំងអ្នកប្រាជ្ញមួយចំនួនផងបានឱ្យនិយមន័យទៅតាមការយល់ឃើញខុសៗគ្នាច្រើនបែបយ៉ាងក៏ដោយក៏ជាទូទៅពួកគេបានយល់ស្របលើចំណុចរួមគ្នាមួយថាសុភមង្គលគឺជាសេចក្តីសុខសប្បាយ (សុខកាយសប្បាយចិត្ត)ក្នុងផ្លូវត្រូវឬការរីកចម្រើនក្នុងផ្លូវដ៏សមប្រកបដែលពោរពេញទៅដោយសេចក្តីស្កប់ស្កល់ក្នុងតម្រូវការទាំងឡាយដូចជាមានទ្រព្យសម្បត្តិគ្រប់គ្រាន់ មានចំណេះដឹង (ចំណេះទាំងក្រៅនិងក្នុងសាលា)គ្រប់គ្រាន់ដែលសមនឹងទទួលបាននូវជីវភាពថ្លៃថ្នូរមួយក្នុងសង្គមឬមានសេចក្តីស្រឡាញ់ដ៏សមប្រកប និងច្បាស់លាស់មួយជាដើម។

    សុភមង្គលពិតជាមានអត្ថន័យល្អគួរឱ្យប្រាថ្នាសម្រាប់ជីវិតហើយមនុស្សគ្រប់គ្នាក៏តែងតែចង់បាននិងធ្វើការស្វែងរកសុភមង្គលនេះផងដែរ។មានអ្នកខ្លះវេចបង្វេចស្វែងរកសុភមង្គលរាប់ឆ្នាំជាអកុសលពួកគេមិនអាចរកឃើញសុភមង្គលនោះទេផ្ទុយទៅវិញពួកគេតែងតែត្អូញត្អែរថាគេមានអំណាចមានប្រាក់មានគ្រួសារតែពួកគេនៅតែមិនមានសុភមង្គលព្រោះអ្វីដែលពួកគេមានគឺសម្បកសុភមង្គល។សម្បកសុភមង្គលនេះបានធ្វើឱ្យគេត្រូវទទួលរងនូវទារុណកម្មជីវិតយ៉ាងធ្ងន់ធ្ងរដោយការសម្តែងធ្វើជាមានសុភមង្គលទាំងបង្ខំចិត្តទាំងខ្លួនមិនដែលស្គាល់សុភមង្គលម្តងណាសោះ។

    មានមនុស្សខ្លះរៀបការដើម្បីតែទ្រព្យសម្បត្តិដើម្បីតែមុខមាត់ដើម្បីតែអំណាចដើម្បីតែមហិច្ឆតានិងសេចក្តីលោភលន់ដោយឥតលក្ខខណ្ឌរបស់ពួកគេទាំងជំនឿយ៉ាងងងឹតងងល់ថាមានតែវត្ថុក្រៅខ្លួនទាំងអស់នោះទេដែលនាំឱ្យពួកគេមានសុភមង្គលពិតប្រាកដ។ផ្ទុយទៅវិញក្រោយពេលដែលពួកគេរៀបការហើយទទួលបាននូវអ្វីដែលពួកគេតែងតែស្រមៃចង់បានក្នុងមហិច្ឆតាដែលពោរពេញទៅដោយជំនឿមិនត្រឹមត្រូវទាំងនោះពួកគេបែរជាស្រងាកចិត្តហើយស្តាយក្រោយទៅវិញ។អ្វីដែលពួកគេគិតថាអស្ចារ្យកាលពីមុនបានប្រែក្លាយទៅជារឿងរាក់កំភែលព្រោះតែមហិច្ឆតាមិនសមស្របបានធ្វើឱ្យពួកអ្នកវេចបង្វិចស្វែងរកសុភមង្គលទាំងនោះលង់ខ្លួនជ្រៅទៅៗរហូតស្ទើរតែមិនអាចខិតទៅជិតសុភមង្គលសោះក្នុងជីវិត។អំណាចដែលពួកគេចង់បានក៏ប្រែក្លាយទៅជាច្រវាក់ចងជើងគេជាប់មិនឱ្យរើខ្លួនរួចហើយស្នាមញញឹមដែលពួកគេញញឹមគឺជាស្នាមញញឹមដែលខ្វះសន្តិភាពព្រោះពួកគេតែងតែភិតភ័យគ្រប់វិនាទីពីការយាយីទាំងឡាយណាដែលអាចប៉ះពាល់ដល់អំណាចរបស់គេ។

    ចំណែកឯសេចក្តីស្រឡាញ់ដែលពួកគេមានក្នុងចំណងអាពាហ៍ពិពាហ៍វិញគឺជាសេចក្តីស្រឡាញ់ចំពោះអំណាចតែប៉ុណ្ណោះមិនមែនសេចក្តីស្រឡាញ់ចំពោះគូរស្រករនោះឡើយ។ក្រៅពីនេះអាពាហ៍ពិពាហ៍ដែលរៀបចំឡើងដើម្បីតែទ្រព្យសម្បត្តិនោះក៏អាចធ្វើឱ្យមនុស្សងាយក្នុងការបែកបាក់បានដែរការបែកបាក់នោះប្រាកដជាក្លាយទៅជាស្នាមខ្មៅមួយក្នុងជីវិតដែលខ្វះសុភមង្គលព្រោះអ្វីដែលគេស្រឡាញ់បំផុតមិនមែនជាប្តីឬប្រពន្ធរបស់គេនោះទេតែអ្វីដែលគេយកចិត្តទុកដាក់នោះគឺទ្រព្យសម្បត្តិ។ទ្រព្យសម្បត្តិបានធ្វើឱ្យពួកគេរកចំណុចឆ្អែតឆ្អន់មិនឃើញហើយដើម្បីតែទទួលបានទ្រព្យសម្បត្តិប្តីឬប្រពន្ធអាចនឹងក្បត់គ្នាឬរស់នៅក្នុងភាពលាក់បាំងមិនចុះសម្រុងរហូតដល់ចំណុចបញ្ចប់។

    សុភមង្គលពិតប្រាកដគឺជាសុភមង្គលដែលកើតចេញពីចិត្តនិងការដែលចេះឱ្យតម្លៃគ្នាក្នុងការរស់នៅដែលពោរពេញទៅដោយសេចក្តីស្រឡាញ់។ភាពប្រាកដនិយមនៃមនុស្សដែលយល់ពីវត្ថុបំណងនៃជីវិតបានធ្វើឱ្យមនុស្សអាចបង្កើតសុភមង្គលដោយខ្លួនឯងមិនចាំបាច់វេចបង្វេចស្វែងរកនោះឡើយ។ការរៀបការដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ពិតប្រាកដមិនមែនសំដៅតែលើអំណាចទ្រព្យសម្បត្តិឬបុណ្យស័ក្តិច្បាស់ជាអាចធ្វើឱ្យពួកគេអាចរស់នៅក្នុងជីវភាពគ្រួសារមួយដែលពោរពេញទៅដោយស្នាមញញឹម។ពួកគេស្រឡាញ់គ្នាយោគយល់គ្នាតស៊ូជាមួយគ្នាដោយចាប់ផ្តើមពីនាទីដំបូងរហូតដល់ចំណុចកំពូលនៃជីវិតនឹងបង្កើតបានជាអនុស្សាវរីយ៍ល្អៗជាច្រើនដែលធ្វើឱ្យពួកគេមិនអាចបំភ្លេចគ្នាបានហើយសេចក្តីស្រឡាញ់ក៏នឹងជ្រាលជ្រៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

    ចំពោះបញ្ហាទ្រព្យសម្បត្តិវិញក៏ប្រាកដជាអាចរកបានទៅតាមសេចក្តីត្រូវការនៃជីវភាពរស់នៅបើពួកគេមានចំណេះដឹងល្មមសម្រាប់ការកសាងនូវកិត្តិយសនិងទ្រព្យសម្បត្តិរួមគ្នាក្នុងសង្គមដែលមានទំនាក់ទំនង។ ម្យ៉ាងទៀតបើពួកគេបានអភិវឌ្ឍនូវអ្វីដែលពួកគេមានទៅតាមសុចរិតភាពនិងលទ្ធភាពដែលកើតចេញពីការតស៊ូខិតខំប្រឹងប្រែងប្រកបទៅដោយទឹកចិត្តស្រឡាញ់ពួកគេប្រាកដជាអាចរស់នៅក្នុងសុភមង្គលពិតដែលមានទាំងកេរ្តិ៍ឈ្មោះល្អក្នុងសង្គមមានទាំងទ្រព្យសម្បត្តិសមល្មមក្នុងជីវភាពរស់នៅនិងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលអាចកំដរគ្នាដើលើវិថីនៃអាពាហ៍ពិពាហ៍រហូតដល់ចំណុចបញ្ចប់នៃជីវិត៕

  • ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

    ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

    មានច្រើនដងណាស់ដែលគេសង្កេតឃើញថា រឿងតូចតាចច្រើនតែក្លាយជារឿងដែលសំខាន់សម្រាប់ជីវិតជានិច្ច ជាពិសេស នៅពេលឈានចូលទៅរកសម្ព័ន្ធភាពបែបគូស្នេហ៍ដែលធ្លាប់ប្រមូលសន្សំអារម្មណ៍ល្អៗជាបណ្តើរៗ បន្តិចម្តងៗរហូត ក្លាយជាសម្ព័ន្ធស្នេហ៍ដ៏ធំធេង ដែលទំរាំនឹងឈានមកដល់ពេលបច្ចុប្បន្ន វាមិនមែនជារឿងងាយៗឡើយ ហើយម្នាក់ៗក៏ប្រហែលជាគិតដូចៗគ្នាថា ប្រហែលជាល្អមិនស្ទើរទេ បើសិនជាបានរស់នៅជាគូគ្រងនឹងគ្នារហូតដល់នាទីចុងក្រោយនៃជីវិតនោះ ដូច្នេះយើងនាំគ្នាមកមើលថា តើពាក្យសំខាន់ៗ ៥ ម៉ាត់សម្រាប់ស្នេហានោះមានអ្វីខ្លះ ដើម្បីពន្យឺតអាយុស្នេហា និងសុភមង្គលឲ្យកាន់យូរអង្វែងឡើង ។

    ១. ពាក្យថា «អរគុណ»
    ជាទង្វើតូចមួយដែលមនុស្សជាច្រើនគិតថា មិនចាំបាច់និយាយក៏បានដែរ ព្រោះអីពេលនេះអ្នកទាំងពីរក៏ស្និទ្ធស្នាល
    នឹងគ្នាហើយនោះ តែការពិតវិញ ការពោលពាក្យអរគុណចំពោះគូស្នេហ៍ គឺជាទង្វើមួយដែលសំខាន់ចំពោះសម្ព័ន្ធភាពស្នេហ៍
    របស់អ្នកខ្លាំងណាស់ ដោយសារតែការនិយាយពាក្យថា អរគុណនេះ វាសម្តែងឲ្យឃើញថា ទង្វើគ្រប់យ៉ាងដែលអ្នកទាំង២
    ផ្តល់ឲ្យគ្នាទៅវិញទៅមកនោះមានភាពសំខាន់ខ្លាំងណាស់ ហើយអ្នកក៏មានអារម្មណ៍រីករាយណាស់ដែរដែលបានទទួលវានោះ និងថែមទាំងអាចជួយឲ្យចំណងស្នេហ៍របស់អ្នកកាន់តែរឹងមាំ និងស្ថិតស្ថេរទៀតផង ។

    ២. ពាក្យថា «សុំទោស»
    ក្រៅពីគួរនិយាយពាក្យថាអរគុណដល់គូស្នេហ៍រហូតក្លាយជាទម្លាប់ហើយនោះ ការនិយាយពាក្យថា “សុំទោស” ក៏
    មានភាពសំខាន់សម្រាប់ចំណងស្នេហ៍មិនអន់ជាងគ្នាប៉ុន្មានដែរ ព្រោះគ្រប់ពេលដែលពោលពាក្យថា សុំទោសនោះ វាមានន័យ
    ថា អ្នកយល់ព្រមទទួលកំហុសដែលអ្នកជាអ្នកធ្វើ និងត្រូវការបន្តដំណើរជាមួយគ្នាតទៅទៀត តែអ្វីដែលសំខាន់នោះគឺ ការ
    និយាយពាក្យថា សុំទោសនោះគួរតែចេញមកពីក្នុងបេះដូងរបស់អ្នកយ៉ាងពិតៗ មិនមែនសុំទោសបែបឲ្យតែរួចៗពីមាត់ដើម្បីឲ្យចប់រឿង ឬសុំទោសដើម្បីចង់បញ្ជួសបន្សោកនោះទេ។

    ៣. ពាក្យថា «ស្រឡាញ់»
    គូស្នេហ៍ជាច្រើនដែលស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាមកយូរហើយនោះ ពួកគេមិនសូវនិយាយពាក្យថា ស្រឡាញ់គ្នាដូចកាលពីគ្រាដំបូងៗឡើយ ទើបអាចធ្វើឲ្យសេចក្តីស្នហាមើលទៅដូចជាសាបទៅៗប្រៀបដូចជាមនុស្សលែងស្រឡាញ់គ្នាហើយអញ្ចឹង ដូច្នេះហើយម្នាក់ៗគួរតែនិយាយពាក្យថា ស្រឡាញ់គ្នាខ្លះផង ដើម្បីជាការបញ្ជាក់ប្រាប់ពីសេចក្តីស្នេហារបស់អ្នក ហើយខណ:ពេលជាមួយគ្នា ការនិយាយពាក្យថា ស្រឡាញ់ក៏ជាការធ្វើឲ្យស្នេហារបស់អ្នកស្ថិតស្ថេរគង់វង្ស និងមានសុភមង្គលជាងមុនទៀតផង។

    ៤. ពាក្យសម្តែងពីក្តីកង្វល់បារម្ភ
    បើសិនជាអ្នកមានអារម្មណ៍អៀនខ្មាស់ មិនអាចនឹងដើរចូលទៅប្រាប់គូស្នេហ៍ដោយពាក្យថា “បារម្ភ” ពីគេ ឬពាក្យផ្សេងៗដែលបង្ហាញពីក្តីបារម្ភទេនោះ អ្នកអាចប្តូរមកជាការបង្ហាញក្តីកង្វល់បារម្ភតាមរយ:ការ យកអាវធំមកពាក់ឲ្យគូស្នេហ៍មុនពេលគេចេញទៅធ្វើការ ត្រៀម និងរៀបចំរបស់របរទុកឱ្យពេលគេត្រូវចេញទៅធ្វើការនៅទីឆ្ងាយ ឬធ្វើម្ហូបអាហារដែលគេចូលចិត្តញ៉ាំទុកសម្រាប់ស្វាគមន៍ពេលគេត្រឡប់មកផ្ទះវិញជាដើម ។

    ៥. កុំភ្លេចពាក្យថា «នឹក»
    សេចក្តីស្នហារបស់អ្នកនឹងកាន់តែផ្អែមល្ហែមខ្លាំងឡើង បើសិនជាអ្នកមានឱកាសបានប្រាប់គ្នាទៅវិញទៅមកនូវពាក្យថា នឹកឲ្យបានញឹកញាប់ឡើង នៅពេលណាដែលគេទៅធ្វើការនៅទីឆ្ងាយម្តងម្កាលនោះ៕