Tag: សុខភាព

  • អង្គ​រសង្ក្រាន្ត​ឆ្នាំ​នេះនឹង​ត្រូវ​បាន​ផ្អាក ខណៈ​ Covid-19 ចាប់​ផ្ដើមបង្កការ​ភ័យ​ខ្លាច​នៅ​ខេត្ត​សៀម​រាប

    អង្គ​រសង្ក្រាន្ត​ឆ្នាំ​នេះនឹង​ត្រូវ​បាន​ផ្អាក ខណៈ​ Covid-19 ចាប់​ផ្ដើមបង្កការ​ភ័យ​ខ្លាច​នៅ​ខេត្ត​សៀម​រាប

    នៅ​រសៀល​ថ្ងៃ​នេះ (7មីនា) កម្ពុជា​បានប្រកាស​ថា បាន​​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ម្នាក់​បន្ថែម​ទៀត​ បន្ទាប់​​ពី​បាន​ដាក់​មនុស្ស​ចំនួន​ជាង​ 40នាក់​ ឱ្យ​នៅ​ក្រោម​ការ​តាម​ដាន​ពិសេស នៅ​ឯខេត្ត​សៀម​រាប​។

    លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ទី​2នេះ បានធ្វើ​ឱ្យ​​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ចិត្ត​ចេញ​បញ្ជាឱ្យ​បិទ​សាលា​រៀន​នៅ​ក្នុង​​ទីរួម​ខេត្ត​សៀម​រាបជា​បណ្ដោះ​អាសន្ន​​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​។

    លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា

    ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ថ្មី​ ទី2នេះ ក៏នឹង​ធ្វើ​ឱ្យ​ព្រឹត្តិ​ការ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ខេត្ត​សៀម​រាប​ត្រូវ​បាន​ផ្អាក។

    លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​នៅ​ឯទី​ស្ដីការ​ក្រសួង​សុខាភិបាល​ថា នា​ល្ងាច​នេះថា ជាមួយ​នឹង​ការ​បិទ​សាលា​រៀន​ក្នុង​ទីរួម​ខេត្ត​សៀម​រាប​ជា​បណ្ដោះ​អាសន្ន​ ព្រឹត្តិ​ការ​​អង្គរ​សង្ក្រាន្ត​​ដែល​គ្រោង​​នឹង​​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​ក៏នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ​។

    ព្រឹត្តិ​ការ​​អង្គរ​សង្ក្រាន្ត​​ដែល​គ្រោង​​នឹង​​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​ក៏នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ

    ​គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Covid-19 ចំនួន​2នាក់ និង​ជាង​40នាក់​កំពុង​ស្ថិត​ក្នុង​ការ​តាម​​​ដាន​​សុខ​ភាព​។ ចំណែកនៅទូទាំង​ពិភពលោកឯណោះ​វិញ ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​ Covid-19 បាន​កើន​ឡើង​ដល់​ 102,471​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជិត​ 3,500នាក់៕

  • Covid-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ទី2 បន្ទាប់​ពី​ដាក់​មនុស្ស​ជាង​40នាក់​ក្រោម​ការ​តាម​ដាន​សុខ​ភាព​ពិសេស​ នៅ​សៀម​រាប

    Covid-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ទី2 បន្ទាប់​ពី​ដាក់​មនុស្ស​ជាង​40នាក់​ក្រោម​ការ​តាម​ដាន​សុខ​ភាព​ពិសេស​ នៅ​សៀម​រាប

    លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលកម្ពុជា​ នៅ​ល្ងាច​នេះ បានប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​តេស្តលើ​ពល​រដ្ឋ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ម្នាក់​នៅ​ខេត្ត​សៀម​រាប​។ អ្នក​ជំងឺ​នេះ មាន​អាយុ​38ឆ្នាំ ជា​​ពលរដ្ឋ​ខ្មែរ​​ដំបូង​បង្អស់​ដែល​​បាន​ឆ្លង​មេរោគ​នេះ​។ ​អ្នក​ជំងឺ​នេះ​ ក៏បាន​ក្លាយ​ជា​មនុស្ស​​​ទី2 ដែល​ត្រូវ​បាន​​រក​ឃើញ​ថា​មាន​​ផ្ទុក​មេរោគ​កូរ៉ូណានៅ​កម្ពុជា​ បន្ទាប់​ពី​ករណី​ទី​1នៅ​ឯខេត្ត​ព្រះសីហនុ​។

    កម្ពុជា​ កាល​ពី​ចុង​ខែ​មករា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ជា​ជនជាតិ​ចិន​ម្នាក់ មក​ពី​ទី​ក្រុង​ Wuhan ប្រទេស​ចិន​។ អ្នក​ជំងឺ​នោះ​ ត្រូវ​បាន​ព្យា​បាល​ជា​សះ​ស្បើយ​ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ទៅ​កាន់​ប្រទេស​កំណើត​៕

  • 21នាក់​បាន​ឆ្លង​មេរោគ Covid-19 នៅ​លើ​នាវា​ទេសចរណ៍​អាមេរិក

    21នាក់​បាន​ឆ្លង​មេរោគ Covid-19 នៅ​លើ​នាវា​ទេសចរណ៍​អាមេរិក

    បុគ្គលិក​នាវា​ចំនួន​19នាក់ និង​អ្នក​ទេស​ចរ​ 2នាក់​នៅ​លើ​នាវា​ទេសចរណ៍ Grand Princess របស់​អាមេរិក ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​​ Covid-19 នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អនុប្រធានា​ធិបតី​អាមេរិក​ កាល​ពី​ម្សិល​មិញ​។

    ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃទី​6មីនា លោក​ Mike Pence ដែល​ជា​អនុប្រធានា​ធិបតី​អាមេរិក បាន​ឱ្យ​ដឹង​ថា “វត្ថុ​វិភាគ​ចំនួន​ 21 ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញថា​​មាន​វីរុស​ Covid-19 ចំណែក​វត្ថុ​វិភាគ​ចំនួន 24ផ្សេង​ទៀត​​មិន​មាន​មេរោគ។ វត្ថុ​វិភាគ​ក្រៅ​ពី​នេះ មិន​ទាន់​ចេញ​លទ្ធ​ផលនៃ​ការ​ធ្វើ​តេស្ត​​នៅឡើយ​។ វត្ថុ​វិភាគ​ដែល​មាន​វីរុស​គឺជា​របស់​នាវិក​19នាក់ និង​អ្នក​ទេសចរ​ចំនួន​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    អនុប្រធានា​ធិបតី​អាមេរិក ​បាន​បន្ត​ថា “នាវា​ Grand Princess នឹង​ត្រូវ​នាំ​ទៅ​កាន់កំពង់​ផែ និងតម្រូវ​ឱ្យ​​ផ្អាកធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​​នៅ​ចុង​សប្ដាហ៍​នេះ​ ហើយ​អ្នក​ទេសចរ និង​ក្រុម​នាវិក​សរុប 3,533​នាក់ ដែល​នៅ​លើ​នាវា​នេះ​ក៏​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​”។

    សូម​បញ្ជាក់​ថា នាវា​ Grand Princess ត្រូវ​បាន​ដាក់​ឱ្យ​ចត​នៅ​ដាច់​ដោយ​ឡែក​​លើ​លម្ហ​សមុទ្រ​ San Francisco កាល​ពី​ថ្ងៃទី​5មីនា បន្ទាប់​ពី​អ្នក​ទេស​ចរ​3នាក់​បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​ មាន​អ្នក​ទេស​ចរ​វ័យ​71ឆ្នាំ​ម្នាក់ បាន​បាត់​បង់​ជីវិត​។ នាវា​នេះ បាន​ធ្វើ​ដំណើរ​ចេញ​ពី San Francisco ទៅកាន់​ Mexico កាល​ពី​ខែ​មុន​។

    គិត​មក​ដល់​ព្រឹក​នេះ សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​មេរោគ​ Covid-19 ចំនួន 330​នាក់ និង​អ្នក​ស្លាប់​ចំនួន​ 14នាក់​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា Covid-19 ឡើង​ដល់​ 3,491​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

    ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

    ក្រុម​មន្ត្រី​សុខាភិបាល​ខេត្ត Gansu នៃ​ប្រទេស​ចិន បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះបាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 បន្ថែម​ 17ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ង់ កើនឡើង​ដល់​ 28នាក់​។

    អ្នក​ផ្ទុក​មេរោគ​ 17នាក់​​ខាង​លើ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ 283​នាក់​ដែល​កំពុង​ត្រូវ​បាន​បង្ខាំង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ នា​ទី​ក្រុង ​Lanzhou នៃ​ខេត្ត​ Gansu ប្រទេស​ចិន។ អ្នក​ទាំង​ 283នាក់​នេះ មក​កាន់​ទីក្រុង​ Lanzhou តាម​យន្ត​ហោះ​ ចាប់​ពី​ថ្ងៃទី​ 2-5 ​ខែ​មីនា​ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្ម​ការ​សុខាភិបាល​ទីក្រុង​ Lanzhou កាល​ពី​ថ្ងៃទី​6 ខែ​មីនា។

    ប្រទេស​ចិន បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ឆ្លងមេរោគ Covid-19 បញ្ច្រាស​​ត្រឡប់​ចូល​​ប្រទេស​ចិន​​វិញ​ ពី​ប្រទេស​ផ្សេង​ៗក្នុង​ពិភពលោក នៅ​ពេល​ដែល​ស្ថាន​ភាព​រោគរាត​ត្បាត​នៅ​​ប្រទេស​ចិន មាន​ភាព​ធូរស្រាល​។ ខេត្ត​ Zhejiang កាល​ពី​ថ្ងៃទី​2 និង​ទី​3 ខែ​មីនា បានរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2ករណី​ ដែលពួក​គេ​​សុទ្ធ​តែជា​​អ្នក​ត្រឡប់​មក​ពីសង្កាត់​ Bergamo ក្នុង​តំបន់ Lombardy ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​​នៅ​​ប្រទេស​អ៊ីតាលី។

    Gansu គឺជា​ខេត្ត​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​បាន​ទម្លាក់​ការ​ប្រកាស​អាសន្ន​មក​នៅ​ត្រឹម​កម្រិត​ទី​3​ក្នុង​ចំណោម​4កម្រិត​នៃ​ការប្រកាស​អាសន្ន​ កាល​ពី​ខែ​កុម្ភៈ ដោយ​សារ​តែ​តំបន់​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាថ្មី​ មាន​កម្រិត​​ទាប​។ មុន​ពេល​រក​ឃើញ​​អ្នក​ផ្ទុក​មេរោគ​ Covid-19 មក​ពី​ប្រទេស​អ៊ីរ៉ង់ ខេត្ត​ Gansu ក៏​ធ្លាប់​មាន​អ្នក​ផ្ទុក​មេរោគ​ ​នេះ​ចំនួន 91នាក់ និង​អ្នក​ស្លាប់​ 2នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជាង​ 102,000​នាក់ បាន​ឆ្លង​ និង​ស្លាប់​ដោយ​សារ​មេរោគ Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន 57,376នាក់

    មនុស្ស​ជាង​ 102,000​នាក់ បាន​ឆ្លង​ និង​ស្លាប់​ដោយ​សារ​មេរោគ Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន 57,376នាក់

    រោគ​រាតត្បាត Covid-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​ជិត​100 នៅ​ជុំវិញ​ពិភព លោក​ បណ្ដាល​ឱ្យ​មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ ចំនួន​ជាង 102,050នាក់​ ក្នុង​នោះ​មាន​ 3,466នាក់ បាន​បាត់បង់​ជីវិត​។

    ចំនួន​ករណី​ឆ្លង​មេរោគ Covid-19 នៅ​ប្រទេស​អ៊ីតាលី​ និង​អ៊ីរ៉ង់ កំពុង​តែ​បន្ត​កើន​ឡើង​យ៉ាង​លឿន​។ ប្រទេស​អ៊ីតាលី​បាន​រក​ឃើញ​អ្នកផ្ទុក​មេរោគ​នេះ​បន្ថែម​ 778​ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​សរុប​កើន​ដល់​ 4,636​​នាក់ ខណៈ​​ដែល​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នៅ​អ៊ីរ៉ង់​ កើន​ដល់ 4,747នាក់។

    អ៊ីតាលី​ គឺជា​ប្រទេស​ដែល​មាន​ករណី​ស្លាប់​ដោយ​សារ​ Covid-19 ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​ 197នាក់ កើន​ 49ករណី​ បើ​ធៀប​នឹង​1ថ្ងៃ​មុន​។

    ប្រទេស​ចិន​ បាន​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 បន្ថែម​ 99ករណី និង​អ្នក​ស្លាប់​ចំនួន​​28នាក់ នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លងមេរោគ​នេះកើនដល់ 80,651នាក់ និងអ្នក​ស្លាប់​ កើន​ដល់ ​3,070នាក់​។

    កូរ៉េខាងត្បូង​បន្ត​ក្លាយ​ជា​សម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​លំដាប់​ទី​2 បន្ទាប់​ពី​ប្រទេស​ចិន​ នៅ​ពេល​មាន​អ្នក​ឆ្លង​មេរោគ​ចំនួន 6,593​នាក់ កើន​ 309នាក់ បើ​ធៀប​នឹង​1ថ្ងៃ​មុន​។ ប្រទេស​នេះ មាន​អ្នក​ស្លាប់​សរុប 43នាក់​។

    ប្រទេស​អាល្លឺម៉ង់ មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ ចំនួន​670នាក់ ខណៈ​ដែល​ប្រទេសបារាំង​មានចំនួន​ 653នាក់​។

    គិត​មក​ដល់​ពេល​នេះ (7មីនា) ពិភពលោក​ទាំង​មូល​ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ ចំនួន​ជាង 102,050នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 3,494​នាក់ និង​អ្នក​បាន​ជា​សះស្បើយ​ 57,611នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Facebook បិទ​ការិយាល័យ​​ប្រចាំ​ទីក្រុង​ឡុងដ៍​ បុគ្គលិក​3,000នាក់ ត្រូវ​ធ្វើ​ការ​នៅ​ឯផ្ទះ ព្រោះ​តែ​បុគ្គលិក​ម្នាក់​បាន​ឆ្លង​ Covid-19

    Facebook បិទ​ការិយាល័យ​​ប្រចាំ​ទីក្រុង​ឡុងដ៍​ បុគ្គលិក​3,000នាក់ ត្រូវ​ធ្វើ​ការ​នៅ​ឯផ្ទះ ព្រោះ​តែ​បុគ្គលិក​ម្នាក់​បាន​ឆ្លង​ Covid-19

    ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook បាន​ប្រកាស​ថា បុគ្គលិកដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​​ដែល​ធ្វើ​ការ​នៅ​សិង្ហ​បុរី ធ្លាប់​បាន​ទៅ​កាន់​ការិយា​ល័យ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ កាល​ពី​ខែ​មុន​។ ដូច្នេះ Facebook ត្រូវ​បង្ខំ​ចិត្ត​ បិទ​ការិយា​ល័យ​ទាំង​នេះ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។

    ក្រុម​ហ៊ុន​ Facebook នឹង​បិទ​ការិយា​ល័យចំនួន​3 ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ រហូត​ដល់​ថ្ងៃចន្ទ បន្ទាប់​ពី​បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​ បាន​ឆ្លង​មេរោគ​ Covid-19 និង​ធ្លាប់​បាន​ទៅ​កាន់​ការិយា​ល័យ​ Facebook ទាំង​នោះ​ ចាប់​ពី​ថ្ងៃទី​24-26កុម្ភៈ​កន្លង​ទៅ​។

    ចំណែក​បុគ្គលិកផ្សេង​ៗ​ទៀត​នៅ​ទីក្រុង​ឡុងដ៍ Facebook បានតម្រូវ​ឱ្យពួកគេ​​ធ្វើ​ការ​ងារ​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស​ Facebook មាន​បុគ្គលិក​ចំនួន​ 3,000​នាក់ កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​។

    គេ​មិន​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​បាន​ប៉ះពាល់​ ឬ​នៅ​ក្បែរ​បុគ្គលិក​ដែល​មាន​ផ្ទុក​ Covid-19នេះ​ ប៉ុន្តែ Facebook បាន​ឱ្យ​ដឹង​ថា ក្រុ​មហ៊ុន​នេះ​កំពុង​ខិត​ខំ​ស្រាវ​ជ្រាវ​លើ​រឿង​នេះ​។ បុគ្គលិក​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ឯទីក្រុង​ឡុងដ៍ ត្រូវ​បា​ន​ស្នើ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រសិនបើ​​ពួកគេ​មាន​រោគ​សញ្ញា​ចម្លែក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19 ឆ្លង​ពេញ​ពិភពលោក អ្នក​ស្រុក​ Wuhan ដែល​ជាប់​នៅ​ខាង​ក្រៅ​​​ នាំ​គ្នា​ត្រឡប់​មក​សម្បុក​មេរោគ​វិញ

    Covid-19 ឆ្លង​ពេញ​ពិភពលោក អ្នក​ស្រុក​ Wuhan ដែល​ជាប់​នៅ​ខាង​ក្រៅ​​​ នាំ​គ្នា​ត្រឡប់​មក​សម្បុក​មេរោគ​វិញ

    នៅ​ពេល​រោគរាត​ត្បាត Covid-19 បាន​ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភពលោក ព្រម​ទាំង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​​ អ្នកស្រុក​ Wuhan ដែល​បាន​ជាប់​នៅ​ខាង​ក្រៅ​តំបន់​នេះ​ ក៏នាំ​គ្នា​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​ដែល​ជា​សម្បុក​មេរោគ​ដំបូង​នៃ​ Covid-19​។

    តំបន់ Wuhan នៃ​ខេត្ត Hubei ហាក់​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ពិភពលោក​ខាង​ក្រៅ​​ ចាប់​តាំង​ពី​ថ្ងៃទី​ 23មករា ឆ្នាំ​2020 បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ បាន​អនុវត្ត​វិធាន​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​ បិទ​ការ​ចេញ​-ចូល​ខេត្ត Hubei ដើម្បី​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​រោគរាត​ត្បាត​ Covid-19។

    នៅ​ពេល​ស្ថាន​ភាព​ Covid-19 នៅ​ប្រទេស​ចិន​ ចាប់​ផ្ដើម​ត្រូវ​បាន​គ្រប់​គ្រង​បន្តិច​ម្ដងៗ ប្រជាជន​មួយ​ចំនួន​ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត Hubei ដែល​បាន​ជាប់​នៅ​ខាង​ក្រៅ​ខេត្ត​នេះ ព្រោះ​តែ​បម្រាម​គោចរ​ ពេល​នេះ អាច​ត្រឡប់​មក​ស្រុក​វិញ ដោយ​ពួកគេ​ជឿ​ថា ផ្ទះ​គឺនៅ​តែ​ជា​កន្លែង​សុវត្ថិ​ភាព​បំផុត​។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

    ស្ត្រី​ម្នាក់​ឈ្មោះ Zhao មាន​អាយុ​ 30ឆ្នាំ​ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ឯទីក្រុង​ Wuhan ជាមួយ​ស្វាមីនាង​ឈ្មោះ​ Gao​ បាន​ឱ្យ​ដឹង​ថា “មនុស្ស​ដែល​មក​ពី​បរទេស​ មក​កាន់​ប្រទេស​ចិន អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ Covid-19 ជា​ថ្មី​ម្ដង​ទៀត​ ដូច្នេះ នៅ​ក្នុង​ទីក្រុង Wuhan អាច​ជា​កន្លែង​មាន​សុវត្ថិភាព​នៅ​ពេល​នេះ​”។

    Zhao បាន​ប្រាប់​ថា ពួកគេ​បាន​ដឹង​ថា នៅ​ឯស្រុក​កំណើត​នា​ទី​ក្រុង​ Wuhan ត្រូវ​បាន​គេ​បិទ​ការ​ចេញ​-ចូល នៅ​ពេល​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Changchun នៃ​ខេត្ត Jilin។ នៅ​ទី​នេះ​ ពួកគេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​ដែលកំពុង​​នៅ​ក្នុង​ទី​ក្រុង​ Wuhan ហើយ​ពេល​ខ្លះ​ ពួកគេ​ត្រូវអ្នក​ស្រុក​ផ្សេង​​រើស​អើង​ ព្រោះ​តែ​មក​ពី​ពួកគេ​មក​ពី​ Wuhan។

    ពេល​បាន​មក​ដល់​ Wuhan ដែល​ជា​ស្រុក​កំណើត ពួក​គេ​ (Zhao និង​ Gao) មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។ ក៏ប៉ុន្តែ ពួកគេ​មិន​ទាន់​បាន​ជួប​ជុំ​គ្រួសារ​ម្ដង​ណា​ឡើយ​ ដោយ​សារ​ត្រូវ​អាជ្ញា​ធរដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​ 14​ថ្ងៃ​ដើម្បី​តាម​ដាន​សុខ​ភាព​។​

    Gao និយាយ​ថា ឪពុក​ម្ដាយ​របស់​គាត់ សំណាង​ណាស់​ដែល​នៅ​មាន​សុខ​ភាព​ល្អ ប៉ុន្តែ មិត្ត​ភក្ដិ​មួយ​ចំនួន​របស់​គាត់ បាន​ឆ្លង​មេរោគ​ Covid-19 នេះ​។​ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រុក​ Wuhan បាន​ចាប់​ផ្ដើម​នាំ​គ្នា​ត្រឡ​ប់​មក​ស្រុក​កំណើត​វិញ។ Zhao និយាយ​ថា “ដំណាក់​កាល​គួរ​ឱ្យ​ខ្លាច​បំផុត​បាន​កន្លង​ផុត​ទៅ​ហើយ​”។

    ទោះជាយ៉ាង​ណា​ក៏ដោយ ទីក្រុង​ Wuhan​ ក្នុង​ខេត្ត Hubei នៃ​ប្រទេស​ចិន នៅ​តែ​ស្ងប់​ស្ងាត់នៅ​ឡើយ​

    បើ​ទោះ​ជា​បម្រាម​គោចរ​របស់​អាជ្ញា​ធរ បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ខេត្ត Hubei ពិសេស​គឺ​ទីក្រុង​ Wuhan ក៏​ប៉ុន្តែ រថភ្លើង​ល្បឿន​លឿន នៅ​តែ​ធ្វើ​ដំណើរ​កាត់​តាម​ខេត្ត​នេះ និង​តែង​ឈប់​នៅ​ស្ថានីយមួយ​កន្លែង​​​ក្នុង​ទីក្រុង Wuhan។ ដូច្នេះ ការ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ គឺ​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ វា​នៅ​មាន​ការ​លំបាក​ខ្លាំង​នៅ​ឡើយ​។

    គិត​មក​ដល់​ថ្ងៃទី​ 6មីនា​នេះ ប្រទេស​ចិន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 សរុប​ចំនួន 80,556​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ 3,042​នាក់​ ខណៈ​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​សរុប 100,330​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ចំនួន 3,408​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ​អ្នក​​ឆ្លង​​ Covid-19 បាន​កើន​ដល់​​ជាង 100,330​នាក់នៅ​ទូទាំង​ពិភពលោក ខណៈ​កម្ពុជា​មាន​មនុស្ស​ចំនួន​ជាង​…

    ​អ្នក​​ឆ្លង​​ Covid-19 បាន​កើន​ដល់​​ជាង 100,330​នាក់នៅ​ទូទាំង​ពិភពលោក ខណៈ​កម្ពុជា​មាន​មនុស្ស​ចំនួន​ជាង​…

    គិត​មក​ដល់​ម៉ោង​ជិត​10យប់ ថ្ងៃទី​6 ខែមីនា​ ឆ្នាំ​2020 តួលេខ​នៃ​អ្នក​បាន​ឆ្លង​មេរោគ Covid-19 នៅ​ទូទាំង​ពិភព​លោក បាន​កើន​ឡើង​ដល់​ 100,330នាក់​ហើយ​ ក្នុង​នោះ​គេ​ឃើញ​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បន្ថែម​នៅ​ប្រទេស​ចិន បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។

    ​ទន្ទឺម​នឹង​ការ​ថយចុះ​នៃ​​ចំនួនអ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​នៅ​ប្រទេស​ចិន​ គេ​​ឃើញ​ថា តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​នៅ​តាម​បណ្ដា​ប្រទេស​ក្រៅ​ពី​ប្រទេស​ចិន បែរ​ជា​កើន​ឡើង​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ ប្រទេស​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ​បង្អស់​ក្នុងពិភព​​លោក​ក្រៅ​ពី​ប្រទេស​ចិន មាន​ដូច​ជាកូរ៉េខាង​ត្បូង​មាន​អ្នក​ឆ្លង​រោគ​ឡើង​ដល់​6,593​នាក់​ ប្រទេស​អ៊ីរ៉ង់​4,747នាក់​ ប្រទេស​អ៊ីតាលី3,858នាក់ ប្រទេស​អាល្លឺម៉ង់​577នាក់ បារាំង​432នាក់ ជប៉ុន381​នាក់ អេស្ប៉ាញ360​នាក់ និង​អាមេរិក​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន​233នាក់​ រួម​នឹង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

    ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគកូរ៉ូណា​ច្រើន​ជាង​គេ​បង្អស់​ គេ​ឃើញ​ថា​ប្រទេស​អ៊ីតាលី​បាន​ឈរ​លំដាប់់​លេខ​2 បន្ទាប់​ពី​ប្រទេស​ចិន ដោយ​មាន​អ្នក​ស្លាប់​សរុប​ចំនួន​148​នាក់​។ ឈរ​លេខ​3 ​គឺ​ប្រទេស​អ៊ីរ៉ង់​ ដោយ​មាន​អ្នក​ស្លាប់​​124នាក់​ និង​កូរ៉េខាង​ត្បូង​មានអ្នក​ស្លាប់​ចំនួន​42នាក់​។

    នៅ​ប្រទេស​កម្ពុជា​វិញ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​អំពី​ករណី​បាត់​បង់​ជីវិត​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​ឡើយ​។ ប៉ុន្តែ កម្ពុជា​មាន​មនុស្ស​ចំនួន​44នាក់​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រោម​ការ​តាម​ដានសុខ​ភាព​​ពី​សំណាក់​ក្រសួង​សុខាភិបាល​នៅ​ឯខេត្ត​សៀម​រាប ក្នុង​នោះ​មាន​4នាក់​ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​សង្ស័យ​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​ពី​បុរស​​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បច្ចុប្បន្ន​ជនជាតិ​ជប៉ុន​ម្នាក់​នោះ កំពុង​ទទួល​ការ​ព្យា​បាល​នៅឯ​ប្រទេស​ជប៉ុន​៕

  • Covid-19៖ មនុស្ស4នាក់​ដែល​ត្រូវ​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​ ​មិនទាន់មានរោគសញ្ញាអ្វី​ឡើយ

    Covid-19៖ មនុស្ស4នាក់​ដែល​ត្រូវ​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​ ​មិនទាន់មានរោគសញ្ញាអ្វី​ឡើយ

    រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ថា មនុស្សទាំង4នាក់ (ស្រី2នាក់ ប្រុស2នាក់) ដែល​ត្រូវបានដាក់នៅក្នុងបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ​ នៅមានសុខភាពល្អធម្មតា និងមិនទាន់​មានរោគសញ្ញាអ្វីគួរឱ្យចាប់​អារម្មណ៍នោះទេ គិត​ត្រឹម​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​6មីនា​នេះ​។

    មនុស្ស​ទាំង4នាក់​ខាង​លើ ក៏​បាន​ប្រាប់​អ្នក​តំណាង​ក្រសួង​សុខាភិបាល​ដែរថា នៅ​កន្លែង​ធ្វើ​ការ​​របស់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​​ពួក​គេ​ធ្វើ​ការ​ជាមួយ​នោះ បាន​អនុវត្ត​វិធានការ​ការ​ពារ​សុខ​ភាព​បាន​ល្អ​ណាស់។ ពួកគេ​បាន​និយាយ​ថា ជនជាតិ​ជប៉ុន​ម្នាក់​នោះ​ តែង​ឱ្យ​ពួកគេ​ឈរ​ចម្ងាយ​1ម៉ែត្រ​ពី​គាត់​ នៅ​ពេល​និយាយ​គ្នា​ បន្ទាប់​ពី​គាត់​ដឹង​ថា ខ្លួន​គាត់​​មិនសូវ​ស្រួល​ខ្លួន។ នេះ​បើ​តាម​សារ​ព័ត៌មាន​ AKP។

    ជនជាតិ​ជប៉ុនម្នាក់​​ខាង​លើនេះ ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មុន​នឹង​បាន​ត្រឡប់​​មក​កាន់​កម្ពុជា រួច​ចាក​ចេញពី​ខេត្ត​សៀម​រាប​ទៅ​កាន់​ប្រទេស​ជប៉ុន​។

    គិត​មក​ដល់​ពេល​នេះ រោគ​រាតត្បាត Covid-19 បាន​រាល​ដាល​ដល់ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ក្នុង​នោះ មាន​ប្រទេសមួយ​ចំនួន​​ដែល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​ក្រៅ​ពី​ប្រទេស​ចិន ដូច​ជា​ ​ប្រទេស​កូរ៉េខាង​ត្បូង (​មាន​អ្នក​ជំងឺ 6,593នាក់) ប្រទេស​អីតាលី (មានអ្នក​ជំងឺ 3,858​នាក់) ប្រទេស​អ៊ីរ៉ង់ (មាន​អ្នក​ជំងឺ 3,513នាក់) រួម​នឹង​​ប្រទេសជា​ច្រើន​ផ្សេង​ទៀត៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ក្រសួង​នឹង​រក​​អគារ​មួយ​សម្រាប់​ដាក់​មនុស្ស​ទាំង​40នាក់​ដែល​​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ដោយ​ប្រយោល​ពី​ជនជាតិ​ជប៉ុន​ម្នាក់​នៅ​ខេត្ត​សៀ​មរាប​

    ក្រសួង​នឹង​រក​​អគារ​មួយ​សម្រាប់​ដាក់​មនុស្ស​ទាំង​40នាក់​ដែល​​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ដោយ​ប្រយោល​ពី​ជនជាតិ​ជប៉ុន​ម្នាក់​នៅ​ខេត្ត​សៀ​មរាប​

    មួយ​ផ្នែក​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ក្លាយ​កន្លែង​សម្រាប់​ដាក់​មនុស្ស​ចំនួន​4នាក់​ ដែលកំពុង​​ត្រូវ​បាន​​សង្ស័យ​ថា​បាន​ឆ្លង​​មេ​រោគ​កូរ៉ូណា​ Covid-19​ ដោយ​ផ្ទាល់​​ពី​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។

    មក​ដល់ពេល​នេះ ក្រសួង​សុខាភិបាល​ បាន​បង្កើត​ទី​តាំង​មួយ​សម្រាប់​ដាក់​មនុស្ស​ទាំង​4នាក់​ខាង​លើ​នេះ​ហើយ ដោយ​យក​បន្ទប់​ធំ​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​ធ្វើ​ជា​កន្លែង​ព្យាបាល​ដាច់​ដោយ​ឡែក​ ឬ​ហៅ​ថា ចត្តាឡីស័ក​។

    ចំណែក​មនុស្ស​ចំនួន​40នាក់​ដែល​ធ្លាប់​បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​នឹង​អ្នក​ជំងឺ​ជនជាតិ​ជប៉ុន​នោះ ក្រសួង​ក៏នឹង​រៀប​ចំ​អគារ​មួយ​សម្រាប់​តាម​ដាន​សុខ​ភាព​របស់​ពួកគេ​ផង​ដែរ។ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌី​ន គឺ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​ខាង​លើ​នេះ​។

    សូម​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​វិធាន​ការ​ខាង​លើ​ គឺ​កើត​ឡើង​បន្ទាប់ពី​ជន​ជាតិ​ជប៉ុន​ម្នាក់​នៅខេត្ត​សៀម​រាប​ ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ Covid-19 ក្រោយ​ពី​បុរស​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​មួយ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀត​ណាម ចេញ​ចំណើរ​ពី​ខេត្ត​សៀម​រាប ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ដោយ​បាន​ចុះ​ចត​ និង​ប្ដូរ​យន្ត​ហោះ​​ក្នុង​ប្រទេស​វៀតណាម​ ហើយ​បាន​​បន្ត​ដើម្បី​ទៅ​កាន់​ប្រទេស​ជប៉ុន​។

    ជនជាតិ​ជប៉ុនម្នាក់​​ខាង​លើនេះ ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ មុន​នឹង​ត្រឡប់​មក​កាន់​កម្ពុជា និង​ចាក​ចេញពី​ខេត្ត​សៀម​រាប​ទៅ​កាន់​ប្រទេស​ជប៉ុន​៕