Tag: សុខភាព

  • សមាជិកសភា​អឺរ៉ុប ឆ្លង​វីរុស COVID-19

    សមាជិកសភា​អឺរ៉ុប ឆ្លង​វីរុស COVID-19

    តំណាង​រាស្ត្រ​ប្រទស​ប៉ូឡូញ1រូប​ កាល​ពី​ម្សិល​មិញ បាន​ប្រកាស​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ដូច្នេះ គាត់​បាន​ក្លាយ​ជា​សមាជិក​ដំបូង​គេ​នៃ​សភា​អឺរ៉ុប ដែល​បាន​​ឆ្លង​រោគ​រាត​ត្បាត​នេះ​។

    “អ្នក​រាល់​គ្នា ខ្ញុំ​បាន​ធ្វើ​តេស្ត​រក​វីរុស COVID-19។ លទ្ធ​ផល​គឺ​វិជ្ជ​មាន​។ ខ្ញុំ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ និង​មាន​អារម្មណ៍​ថាមិន​អី​នោះ​ទេ​។ ខ្ញុំ​នឹង​ជា​ពី​ជំងឺ ហើយ​យើង​នឹង​ឆ្លង​ផុត​គ្រោះ​អាសន្ន​នេះ​។ យើង​ត្រូវ​តែ​រឹង​មាំឡើង​។ សូម​អរគុណ​គ្រូពេទ្យ អ្នក​ថែ​ទាំ និង​អ្នក​គាំទ្រ។ សូម​ចាំ​ថា ត្រូវ​តែ​នៅ​ក្នុង​ផ្ទះ។ សូម​ជូន​ពរ​អ្នក​រាល់​គ្នា​ សុខ​ភាព​ល្អ​” តំណាង​រាស្ត្រ​ប៉ូឡូញ​ដែល​បាន​ឆ្លង​ COVID-19 បង្ហោះ​សារ​បែប​នេះ​នៅ​លើ​ទំព័រ​ Twitter របស់​ខ្លួន កាល​ពី​ថ្ងៃទី​20មីនា​។

    លោក Adam Jarubas អាយុ​45​ឆ្នាំ គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​នយោបាយ​ប្រជា​ជន​អឺរ៉ុប(EPP) នៅ​ក្នុង​សភា​អឺរ៉ុប(EP) និង​ជា​អនុប្រធាន​នៃ​គណបក្ស​ប្រជា​ជន​ប៉ូឡូញ PSL។ លោក Adam Jarubas បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃទី 9-10មីនា ឆ្នាំ​2020 ក្រោយ​មក​ក៏បាន​ត្រឡប់​មក​កាន់​ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃទី​11មីនា​។ នេះ​បើ​តាម​សារ​ព័ត៌មានAFP។

    EP បាន​ឱ្យ​ដឹង​ថា នាយក​ដ្ឋាន​សុខាភិបាល​ បាន​ទទួល​ដំណឹង​នេះ និង​បាន​ទាក់​ទង​ទៅ​កាន់​លោក Adam Jarubas រួច​រាល់​ហើយ​ដែរ​។ លោក Jaume Duch អ្នក​នាំ​ពាក្យ​របស់​ EP បាន​ថ្លែង​ថា “EP មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ដែល​ទាក់​ទិន​នឹង​ករណី​ឆ្លង​ COVID-19 របស់​សមាជិក​ផ្សេង​ទៀត​នៅ​ឡើយ​”។

    ប្រទេស​ប៉ូឡូញ បាន​រក​ឃើញ​អ្នក​ផ្ទុក COVID-19 សរុប​378​ករណី​ កើន​23​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​មាន​6នាក់​បាន​ស្លាប់ និង​13​នាក់​បាន​ជា​សះស្បើយ​។

    វីរុស​បង្ក​ជំងឺ​រលាក​សួតប្រភេទ​​ថ្មី​ COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បច្ចុប្បន្ន​ វា​បាន​បង្ហាញ​​វត្តមាន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​​ជាង​170 នៅ​ទូទាំង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជិត​ 245,000​នាក់​បាន​កើត​ជំងឺ​ និង​ជាង​10,000​នាក់​បាន​បាត់បង់ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

    សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

    ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ថ្ងៃ​នេះបាន​ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​របស់​ខ្លួន​ នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​ COVID-19 ប៉ុន្តែ​ ទិដ្ឋាការ​ចាំបាច់​បន្ទាន់​នៅ​តែ​ត្រូវ​បាន​ពិចារណា​ដូច​មុន​។

    “ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ធំ​នៅ​លើពិភពលោក​ដែល​ទាក់​ទង​នឹង​រោគ​រាត​ត្បាត COVID-19 ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​នៅ​គ្រប់​ស្ថាន​ទូត​ និង​ស្ថាន​កុង​ស៊ុល​​​​ នៅ​ទូទាំង​ពិភពលោក។ ទិដ្ឋាការ​ប្រញាប់​បន្ទាន់​ នៅតែ​ត្រូវ​បាន​ទទួល​យក​មក​ពិចារណា​ បើ​សិន​បណ្ដា​ស្ថានទូត និង​ស្ថាន​កុងស៊ុល​សហ​រដ្ឋ​អាមេរិក មាន​បុគ្គលិក​គ្រប់​គ្រាន់​” នេះ​បើ​តាម​​អនុសាសន៍​ស្ដីអំពី​ការ​ធ្វើ​ដំណើរ​ ដែល​ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិកាំង​ប្រកាស​កាល​ពី​ថ្ងៃទី​20មីនា​កន្លង​ទៅ​។

    មុន​នេះ សហ​រដ្ឋ​អាមេរិក​ ក៏​បាន​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​នៅ​ឯ​ការិយាល័យ​តំណាង​ក្រសួង​ការ​បរទេស​​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​រួច​ទៅ​ហើយ​ដែរ​។ ពលរដ្ឋ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ដែល​ធ្លាប់​មាន​សិទ្ធិ​​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​។ ប៉ុន្តែ សហរដ្ឋអាមេរិក​ បាន​ចេញ​បទ​បញ្ជា​ថ្មី ហាម​ធ្វើ​ដំណើរ​ទៅ-មក​ ចំពោះ​ពល​រដ្ឋ​ចំនួន​28​ប្រទេស​នៅ​អឺរ៉ុប ដើម្បីទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19។

    មកដល់​ពេល​នេះ សហរដ្ឋអាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 16.058​នាក់ កើន​ជាង​650នាក់​ក្នុង​រយៈ​ពេល24​ម៉ោងចុង​ក្រោយនេះ​ ក្នុង​នោះ​មាន​ 219​នាក់​បាន​ស្លាប់​ និង​ជាង​125នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ឆ្លង​ COVID-19 នៅ​ម៉ាឡេស៊ី កើន​លើស​​1,000​នាក់​ហើយ!

    ចំនួន​អ្នក​ឆ្លង​ COVID-19 នៅ​ម៉ាឡេស៊ី កើន​លើស​​1,000​នាក់​ហើយ!

    ប្រទេស​ម៉ាឡេស៊ី បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី 130​ករណី​បន្ថែម​ទៀត​ នាំឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​ COVID-19 ក្នុង​ប្រទេស​នេះ កើន​ដល់​ 1,030​នាក់​ គឺ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​3ករណី​។

    ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​130នាក់ មាន​48នាក់​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​ដែល​មាន​សាសនិក​អ៊ីស្លាម​ប្រមាណជា​16,000​នាក់់​បាន​ចូល​រួម​ នៅ​ឯវិហារ Sri Petaling ជាយ​ក្រុង Kuala Lumpur កាល​ពី​ខែ​កុម្ភៈ។ ចំនួន​ករណី​ឆ្លង​ COVID-19 នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជាប់​ទាក់​ទិន​នឹង​ពិធី​សាសនា​គឺ​មាន​ 670​ករណី ដោយ​ឡែក​នៅ​ម៉ាឡេស៊ីគឺ​624​ករណី​។

    អាជ្ញាធរ​ម៉ាឡេស៊ីបាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​ទី​3​ដែល​បាន​ស្លាប់​ដោយ​សារ COVID-19 នៅ​ប្រទេស​នេះ គឺជា​បុរស​វ័យ​58​ឆ្នាំ​ម្នាក់ ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​ខាង​លើ​នេះដែរ​។ មនុស្ស​ប្រហែល​ 4,000​នាក់ ក្នុង​ចំណោម​សាសនិក​ 14,500​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សាសនា​ខាង​លើ ក៏ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​។

    គិត​ត្រឹម​យប់​នេះ(20មីនា) នៅ​ទូទាំង​ពិភពលោក មាន​​​ប្រទេស​ និង​ដែន​ដី​ចំនួន​182ហើយដែលបាន​រកឃើញ​ករណី​ឆ្លង​ COVID-19។ នៅ​ទូទាំង​ពិភពលោក មាន​មនុស្ស​​ចំនួន​​ 256.802​នាក់​បាន​ឆ្លងវីរុស​ COVID-19 ក្នុង​នោះ​មាន 10.540​នាក់បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ៊ីរ៉ង់៖ រៀង​រាល់​10នាទី COVID-19 សម្លាប់​បាន​មនុស្ស​ម្នាក់នៅ​ប្រទេស​នេះ

    អ៊ីរ៉ង់៖ រៀង​រាល់​10នាទី COVID-19 សម្លាប់​បាន​មនុស្ស​ម្នាក់នៅ​ប្រទេស​នេះ

    ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ឱ្យ​ដឹង​ថា រៀង​រាល់​10នាទី​ វីរុស​ COVID-19នេះ អាច​សម្លាប់​បាន​មនុស្ស​ម្នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នៅ​មជ្ឈិម​បូពា៌​មួយ​នេះ​ឡើង​ដល់ 1.433នាក់។

    ព័ត៌មាន​ខាងលើ​នេះ ត្រូវ​បានអ្នក​នាំពាក្យ​​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Kianush Jahanpur ​បង្ហោះ​នៅ​លើ​ទំព័រ Twitter កាល​ពី​ថ្ងៃទី​19មីនាកន្លង​ទៅ​។ លោក​បាន​ឱ្យ​ដឹង​ថា “មនុស្ស​ប្រមាណជា​ 50នាក់ ត្រូវ​ឆ្លង​មេរោគ បន្ទាប់​ពី​1ម៉ោង​កន្លង​ផុត​ទៅ​”។

    ប្រទេស​អ៊ីរ៉ង់ កាល​ពី​ម្សិល​មិញ បាន​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន 1,046​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​សរុប​ឡើង​ដល់ 19.644​នាក់ និង​149​នាក់​បាន​ស្លាប់​ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​មក​ដល់​ពេល​នេះ​ បាន​ឡើង​ដល់​ 1.433នាក់​។

    ប្រទេស​អ៊ីរ៉ង់ បច្ចុប្បន្ន​គឺជា​តំបន់​ដែល​ត្រូវ​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ដោយ​សារ​ការ​រាត​ត្បាត​នៃ​មេរោគ COVID-19 នៅ​មជ្ឈិម​បូព៌ា ប៉ុន្តែ អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Alireza Raisi បាន​ថ្លែង​ថា តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំ​ថ្ងៃ​ បាន​ថយ​ចុះ​ខ្លះ។ លោក​បញ្ជាក់​ថា ការ​ថយ​ចុះ​នេះ គឺដោយសារ​ពលរដ្ឋ​អ៊ីរ៉ង់ បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

    ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani កាលពី​ម្សិល​មិញ (19មីនា) បាន​ចេញ​បទ​បញ្ជា​ឱ្យ​បិទ​រាល់​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ និង​ផ្សារ​នានា លើក​លែង​តែ​ហាង​ទំនិញ​ចាំបាច់​ ដូច​ឱសថស្ថាន និង​ហាង​លក់​គ្រឿង​ទេស​ជា​ដើម ក្នុង​រយៈ​ពេល​15​ថ្ងៃ ចាប់​ពី​ថ្ងៃទី21​មីនា​តទៅ​។

    គិត​ត្រឹម​យប់​នេះ(20មីនា) COVID-19 បាន​រាល​ដាល​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​182 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​​ 255.943​នាក់បាន​ឆ្លង​រោគ ជាង​10.496​នាក់​បាន​ស្លាប់ និង​ជាង​89,910​នាក់បាន​ជា​សះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ឡានដឹកទំនិញជិត400គ្រឿងចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅ​វៀត​ណាម ដែល​ត្រូវ​ជាប់នៅច្រក​ព្រំដែន​ត្រពាំងផ្លុង ត្រូវ​បាន​ដោះ​ស្រាយ​បណ្ដើរ​ៗ​ហើយ

    ឡានដឹកទំនិញជិត400គ្រឿងចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅ​វៀត​ណាម ដែល​ត្រូវ​ជាប់នៅច្រក​ព្រំដែន​ត្រពាំងផ្លុង ត្រូវ​បាន​ដោះ​ស្រាយ​បណ្ដើរ​ៗ​ហើយ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា​​ បាន​លើកឡើងថា ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញទៅមករវាងកម្ពុជា និង​វៀតណាម តាមផ្លូវគោកទាំងអស់ នៅតែមាន​សកម្ម​ភាព​ជា​ធម្មតា ដោយ​មានបញ្ហាតិចតួចប៉ុណ្ណោះ​ នៅច្រកត្រពាំងផ្លុងនៃខេត្តត្បូងឃ្មុំ។

    កាលពី​ព្រឹកថ្ងៃទី20 ខែមីនា ក្រោយចេញពីកិច្ចប្រជុំស្តីពីការត្រៀមវិធានការបន្ទាន់ សម្រាប់ទប់ស្កាត់ការឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 សម្ដេច​ ស ខេង បានថ្លែង​​ប្រាប់​អ្នកយក​ព័ត៌មានថា រថយន្ត​ដឹក​ទំនិញ​ជិត​400​​គ្រឿង​ កំពុង​កក​ស្ទះ​នៅ​ច្រក​ព្រំដែនត្រពាំងផ្លុង។

    បញ្ហា​កកស្ទះ​រថយន្ត​​នេះ កើត​ឡើង​ដោយ​សារ​ភាគីខាង​វៀត​ណាម បិទច្រកមិនឱ្យ​រថយន្តដឹកនំនិញពីកម្ពុជា ចូលទៅប្រទេស​វៀត​ណាម ដោយ​សារ​តែ​ភាគី​ខាង​វៀត​ណាម​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បង្ខាំង​ចំពោះពល​រដ្ឋ​ទាំង​ឡាយ​​ដែល​ធ្វើដំណើរ​ចូល​ប្រទេស​នេះ ដើម្បី​រួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​។​ ប្រទេស​វៀត​ណាម ​តម្រូវ​ឱ្យ​អ្នក​ដំណើរ​​ពី​កម្ពុជា​ ត្រូវ​យល់​ព្រម​ធ្វើ​តាម​វិធាន​ការ​បង្ខាំង​ឱ្យ​​នៅ​ដាច់​ដោយ​ឡែក និង​តាម​ដាន​សុខភាពក្នុង​​រយៈពេល​14ថ្ងៃ នៅ​ព្រំ​ដែន​។

    បញ្ហា​ខាងលើ​នេះ​ហើយ បាន​នាំ​ឱ្យ​ឡាន​ដឹក​ទំនិញ​រាប់​រយ​គ្រឿង​ចេញពី​កម្ពុជា​ ត្រូវ​ស្ទះ​នៅ​ព្រំ​ដែន​វៀត​ណាម​។ ក៏ប៉ុន្តែ សម្ដេច ស ខេង បានមាន​ប្រសាសន៍​ថា បញ្ហា​ស្ទះ​ឡាន​ទំនិញ​នេះ ត្រូវ​បាន​ដោះ​ស្រាយ​ជា​បណ្ដើរ​ៗ​ហើយ​។

    ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី​18មីនាកន្លង​ទៅ​ បាន​ចេញ​បទ​បញ្ជា​បិទ​ច្រក​ព្រំ​ដែន​កម្ពុជា​វៀត​ណាម រួម​មាន​ទាំង​ដែន​​គោក ដែន​ទឹក​ និង​ដែន​អាកាស ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ COVID-19។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី19 ខែមីនា ម្សិលមិញ កម្ពុជានិងវៀតណាម បានជួបពិភាក្សាគ្នា ហើយក៏បានសម្រេចថា ការដឹកជញ្ជូនទំនិញចូលប្រទេសទាំងពីរ នៅតែបន្ត​សកម្ម​ភាព​ជា​ធម្មតា លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​ចេញ​-ចូល​របស់​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​

    កិច្ចប្រជុំ​ទ្វេភាគី​នេះ បាន​ឯកភាព​គ្នា សម្រេច​អនុវត្ត​ដំណោះស្រាយ​ចំពោះ​មុខ ចំនួន 04ចំណុច រួមមានដូច​ខាង​ក្រោម​៖

    ទី1. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្លាស់ប្តូរ​អ្នក​បើកបរ។

    ទី2. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ប្តូរ​ក្បាល​ឡាន​សណ្ដោង។

    ទី3. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្ទេរ​ទំនិញ ឬ​លើក​ផ្ទេរ​កុងតឺន័រ ពី​រថយន្ដ​ភាគី​ម្ខាង ទៅ​ដាក់​លើ​រថយន្ដ​ភាគី​ម្ខាង​ទៀត។

    ទី4. អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ពី​ភាគី​វៀតណាម ចូល​ដល់​ផែ​ស្ងួត​ណា​មួយ នៅ​ក្បែរ​ព្រំដែន រួច​ផ្ទេរ​ទំនិញ​ចេញ និង​អាច​ផ្ទុក​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ពី​កម្ពុជា​ទៅវិញ ដោយ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​សុវត្ថិភាព​ការពារ Virus ដែល​អនុញ្ញាត​ដោយ​ចត្ដាឡីស័ក និង​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​កម្ពុជា​ជួយ​សហការ​ធានា​ថា អ្នក​បើកបរ​មិន​បាន​​ទៅ​ណា​ខុស​ពី​តម្រុយ​ផ្លូវ និង​ទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង៕

  • នៅ​តំបន់​អាស៊ីអាគ្នេយ៍ តើប្រទេស​ណា​ខ្លះដែល​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស COVID-19?

    នៅ​តំបន់​អាស៊ីអាគ្នេយ៍ តើប្រទេស​ណា​ខ្លះដែល​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស COVID-19?

    ទិន្ន​ន័យ​ផ្លូវ​ការ​​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ប្រទេស​ឡាវ​ មីយ៉ាន​ម៉ា និង​ទីម័រ​ខាង​កើត បាន​ឱ្យ​ដឹង​ថា​ ប្រទេស​ទាំង​នេះ មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា COVID-19 នៅ​ឡើយ ប៉ុន្តែ ប្រទេស​ខ្លះ​ក៏​បាន​រកឃើញ​អ្នក​ដែល​សង្ស័យ​ថា​ អាច​មាន​ផ្ទុក​វីរុស​កូរ៉ូណា ខណៈ​ប្រទេស​ខ្លះ​ទៀត​​ មាន​ការ​សង្ស័យ​ថា អ្នក​ដែល​បាន​ស្លាប់​ គឺ​មាន​ជាប់​ទាក់​ទិន​នឹង​មេរោគ​រលាកសួត​ប្រភេទ​ថ្មី​ COVID-19 ប៉ុន្តែ រដ្ឋាភិបាល​បាន​បដិសេធ។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​ប្រទេស​ដែល​មិន​ទាន់​មាន​របាយ​ការណ៍ផ្លូវ​ការ​ ​ស្ដីអំពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19៖

    ប្រទេស​ឡាវ

    ក្នុង​ចំណោម​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​សរុប​មាន​11​ប្រទេស​ (រួម​មាន​ប្រទេស​កម្ពុជា ប្រុ៊យណេ ទីម័រខាង​កើត ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន​ម៉ា ហ្វីលីពីន សិង្ហបុរី​ ថៃ និង​វៀត​ណាម) គឺ​មាន​តែ​ប្រទេស​ឡាវ​ និង​ប្រទេស​2​ផ្សេង​ទៀត​ ​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19។

    នៅ​តំបន់​អាស៊ីអាគ្នេយ៍ តើប្រទេស​ណា​ខ្លះមិន​ទាន់​មាន​ករណី​ឆ្លង​វីរុស COVID-19?
    មន្ត្រី​នៃ​ប្រទេស​ឡាវ ធ្លាប់​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ អនុវត្ត​រាល់​វិធាន​ការ​ដែល​ណែនាំ​ដោយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក

    មន្ត្រី​នៃ​ប្រទេស​ឡាវ ធ្លាប់​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ អនុវត្ត​រាល់​វិធាន​ការ​ដែល​ណែនាំ​ដោយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ក្នុង​នោះវិធាន​ការ​បង្ខាំង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​នេះ យក​ចិត្ត​ទុក​ដាក់​ខ្លាំង​។

    ទោះជា​យ៉ាង​នេះក្ដី ប្រទេស​ឡាវ​ក៏​មាន​ករណី​សង្ស័យ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ផងដែរ​។ កាល​ពី​ថ្ងៃទី​18​មីនា ទិន្ន​ន័យ​ផ្លូវ​ការ​​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ប្រទេស​ឡាវ​ បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មាន​មនុស្ស​ចំនួន​ 65​នាក់ ត្រូវ​បាន​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​ COVID-19 ក៏ប៉ុន្តែ មិន​មាន​អ្នក​ណា​ម្នាក់​វិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ​នោះ​ទេ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​។

    ប្រទេស​មីយ៉ានម៉ា (ភូមា)

    លោក​ស្រី​ អ៊ុងសានស៊ូជី (Aung San Suu Kyi) ទី​ប្រឹក្សា​រដ្ឋ​ ដែល​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដោយ​ប្រយោល បាន​អះអាង​កាល​ពី​ថ្ងៃទី​16​មីនា​ថា ប្រទេស​នេះ​ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ COVID-19 នៅ​ឡើយ។

    នៅ​តំបន់​អាស៊ីអាគ្នេយ៍ តើប្រទេស​ណា​ខ្លះមិន​ទាន់​មាន​ករណី​ឆ្លង​វីរុស COVID-19?
    លោក​ស្រី​ អ៊ុងសានស៊ូជី (Aung San Suu Kyi) ដែល​ទី​ប្រឹក្សា​ផ្ទាល់​នៃ​ប្រធានាធិបតី​ប្រទេស​មីយ៉ានម៉ា គឺ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដោយ​ប្រយោល

    ប្រទេស​នេះ បាន​ធ្វើ​តេស្ត​រក​មេរោគ ទៅ​លើ​មនុស្ស​ប្រមាណ​ជា​ជាង 100​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជា​ជន​សរុប​ជាង 53​លាន​នាក់​។ មនុស្ស​ជាង​100​នេះ មិន​មាន​ផ្ទុក​ COVID-19 នោះ​ទេ​។ កាលពី​ថ្ងៃទី​17មីនា អ្នក​ជំងឺ​ចំនួន​3នាក់ បាន​ស្លាប់​ ដែល​ត្រូវ​បាន​សង្ស័យ​ថា ដោយ​សារ​ឆ្លង​មេរោគកូរ៉ូណា ប៉ុន្តែ ខាងអាជ្ញាធរ​ថា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ COVID-19​ នោះ​ទេ។

    មន្ត្រី​រដ្ឋាភិបាល​1រូប​ថ្លែង​ថា អវត្ត​មាន​នៃ​ករណី​ឆ្លង​ COVID-19 នៅ​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ ​បញ្ជាក់​ថា រោគ​រាត​ត្បាត​កូរ៉ូណានេះ មិន​ទាន់​មក​ដល់​ប្រទេស​នេះ​នៅឡើយ​។

    ប្រទេស​ទីម័រ​ខាង​កើត (Timor Leste)

    រដ្ឋាភិបាល​នៃ​ប្រទេស​ទីម័រ​ខាង​កើត​ (East Timor) បាន​គាំទ្រ​ចំពោះ​ការ​បិទ​ច្រក​ព្រំដែន​នៃ​ខេត្ត East Nusa Tenggara’s របស់​ឥណ្ឌូនេស៊ី ដែលជាប់​ជាមួយ​ប្រទេស​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​។

    ទីម័រ​ខាង​កើត ក៏ជា​ប្រទេស​មួយដែល​មិន​ទាន់​បាន​រកឃើញ​អ្នក​ផ្ទុក​ COVID-19 នៅ​ឡើយ​ដែរ​។ ប៉ុន្តែ មន្ត្រី​ការ​ទូត​របស់​ទីម័រ​ខាង​កើត​ ប្រចាំ​នៅ​ទីក្រុង​ Kupang ប្រទេស​ឥណ្ឌូនេស៊ី លោក Jesuino Dos Reis Matas C បាន​និយាយ​ថា រដ្ឋាភិបាល​ទីម័រ​កំពុង​ចាត់វិធាន​ការ​លើ​បញ្ហា​ទប់ស្កាត់​ការ​ឆ្លង​រោគ​នេះ​ហើយ។

    ទីម័រ​ខាង​កើត ក៏ជា​ប្រទេស​មួយដែល​មិន​ទាន់​បាន​រកឃើញ​អ្នក​ផ្ទុក​ COVID-19 នៅ​ឡើយ​ដែរ​។
    ទីម័រ​ខាង​កើត ក៏ជា​ប្រទេស​មួយដែល​មិន​ទាន់​បាន​រកឃើញ​អ្នក​ផ្ទុក​ COVID-19 នៅ​ឡើយ​ដែរ​។

    អគ្គលេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ លោក Antonio Guterres បាន​ព្រមានកាល​ពី​ថ្ងៃទី​19​មីនា​ថា “បើសិនជា​យើង​បណ្ដោយ​ឱ្យ​វីរុស​ ឆ្លង​រាល​ដាល​ដូចភ្លើង​ឆេះ​ព្រៃ ពិសេស​គឺ​នៅតំបន់​ដែល​ងាយ​រង​គ្រោះ​បំផុត​ក្នុង​ពិភព​លោក វា (COVID-19) នឹង​សម្លាប់​មនុស្ស​រាប់​លាន​នាក់​”។

    គិត​មក​ដល់​ពេល​នេះ ពិភពលោក មាន​អ្នក​ឆ្លង​ជំងឺកូរ៉ូណា COVID-19 ចំនួន 245.913​​ករណី និង​អ្នក​ស្លាប់​ចំនួន 10.048​​ករណី​ រួម​នឹង​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ចំនួន 88.465​ករណី។ បណ្ដា​ប្រទេស​ និង​ដែន​ដី​ដែល​ទើប​មាន​ករណី​ឆ្លង​ COVID-19 ដំបូង គឺ​មាន​ប្រទេស Chad, El Salvador, Fiji, Nicaragua, Niger និង Isle of Man៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​10,000​នាក់បាន​ស្លាប់​ ​ដោយ​សារ​ឆ្លងវីរុស COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈ​ចំនួន​ករណី​ឆ្លង​រោគ បាន​កើន​ដល់​​ជាង​ 244,000​នាក់

    ជាង​10,000​នាក់បាន​ស្លាប់​ ​ដោយ​សារ​ឆ្លងវីរុស COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈ​ចំនួន​ករណី​ឆ្លង​រោគ បាន​កើន​ដល់​​ជាង​ 244,000​នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ COVID-19 នៅ​អឺរ៉ុប​ បាន​កើន​ឡើង​រហ័ស​បំផុត ធ្វើ​ឱ្យ​ចំនួន​​ករណី​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់ 10,015​នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ដល់ 244,615​នាក់ នៅ​ទូទាំង​ពិភពលោក។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​179​ នៅ​ក្នុង​ពិភព​លោក ក្នុងពេល​​ដែល​ក្រុម​មេដឹក​នាំ​ពិភពលោក​ ត្រូវ​សម្រេច​ចិត្ត​ចំណាយ​ថវិកា​ជិត​​1លាន​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​សេដ្ឋ​កិច្ច​ពិភពលោក​។ មហា​រោគ​រាត​ត្បាត COVID-19 ហាក់​កំពុង​ដក​ខ្លួន​ចេញ​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក។

    ប្រទេស​អ៊ីតាលី នៅ​តែ​​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​នៅ​អឺរ៉ុប និង​ធំ​ជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​អ៊ីតាលីបាន​រកឃើញ​ករណី​ផ្ទុក​មេរោគ​ថ្មី​ចំនួន​5,322​នាក់​ និង​អ្នក​ស្លាប់​ចំនួន 427​នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​ឡើង​ដល់ 41,035​នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប​ 3,405​នាក់​។ អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​អ៊ីតាលី គឺ 8.3% ខ្ពស់​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​អត្រា​មធ្យម​ 4.1%​ របស់​ពិភពលោក​។ អត្រា​នៃ​ការ​ស្លាប់​ខ្ពស់​បែប​នេះ ត្រូវ​បាន​គេ​ជឿ​ថា បណ្ដាល​មក​ពី​ប្រទេស​អ៊ីតាលី មាន​មនុស្ស​ចាស់​ច្រើន​​បំផុត​នៅ​អឺរ៉ុប​។

    ក្រៅ​ពី​នេះ មធ្យោ​បាយ​ធ្វើ​ដំណើរ​សាធារណៈ​​ នៅ​ប្រទេស​នេះ នៅ​តែ​ដំណើរ​ការ​ធម្មតា ប្រជាជន​ក៏​នៅ​តែ​ធ្វើ​ដំណើរ​ទៅមក​ ពិធីជប់លៀង​ ការ​ចូល​ហាង​ហូប​ចុក​នៅ​ពេល​យប់​ ក៏​នៅ​តែ​មាន​។ មួយ​វិញទៀត មនុស្ស​មួយ​ចំនួន​ ក៏មិន​បាន​ពាក់​ម៉ាស់​ទៀត​ផង។ ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ចិន ដែល​ចូល​ទៅ​ជួយ​ប្រទេស​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ COVID-19 មិន​ទាន់​បាន​ខ្លាំង​ក្លា​នៅ​ឡើយ។

    ប្រទេស​អេស្ប៉ាញ គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​ទី​2​ ប្រចាំ​ទ្វីប​អឺរ៉ុប ដោយ​ទើប​តែ​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី 3,308​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​សរុប 18,077​នាក់​។ ប្រទេស​នេះ​ក៏ទើប​តែ​មាន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​ចំនួន​193​ករណី​បន្ថែម​ទៀត ដូច្នេះ អ្នក​ស្លាប់​សរុប​នៅ​អេស្ប៉ាញ បាន​ឡើង​ដល់​ 831​នាក់​។

    អាល្លឺម៉ង់ និង​បារាំង បាន​រក​ឃើញ​អ្នក​ឆ្លង​រោគ​ថ្មី 2,993 និង 1,861​ករណី​បន្ថែម​ទៀត​ ធ្វើឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​នៃ​ប្រទេស​អាល្លឺម៉ង់ គឺមាន​ 15,320​នាក់ និង​បារាំង​គឺមាន 10,995​នាក់​។ អាល្លឺម៉ង់ មាន​អ្នក​ស្លាប់សរុប​ 193នាក់ ចំណែក​បារាំង​វិញ មាន​108​នាក់​។

    អ៊ីរ៉ង់នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំទី2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​ថ្មី 1,046នាក់ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់ 18,407នាក់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ 1,284នាក់​។

    សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី 4,412​នាក់​បន្ថែម​ទៀត ដូច្នេះ ចំនួន​អ្ន​ក​ឆ្លង​រោគ​កូរ៉ូណា​នៅ​ប្រទេស​នេះ កើន​ដល់ 13,671​នាក់​ ក្នុង​នោះ​មាន​ 191​នាក់​បាន​ស្លាប់​។

    ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ម្សិល​មិញ បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី 152​នាក់​បន្ថែម​ទៀត ដែល​នេះគឺជា​ការ​កើន​ឡើង​ថ្មី​មក​វិញ​ បន្ទាប់​ពី​បាន​ថយ​ចុះ​មួយ​រយៈ​ពេល​កន្លងមក​ ដូច្នេះ ចំនួនអ្នកបាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់ 8,565​នាក់​ ក្នុង​នោះ​មាន​ 91​នាក់​បាន​ស្លាប់​។

    ប្រទេស​ចិន​កាល​ពី​ម្សិល​មិញ​ ក៏បាន​ប្រកាស​ថា មិន​មាន​ករណី​ឆ្លងមេរោគ​ COVID-19 ថ្មីណា​មួយ​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​ ប៉ុន្តែ ប្រទេស​នេះ​ក៏បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា ដែល​មាន​ប្រភព​ពី​ខាង​ក្រៅ​ប្រទេស​ចំនួន 34​ករណី​បន្ថែម​ទៀត​។

    គិត​មក​ដល់​ពេល​នេះ ពិភពលោក មាន​អ្នក​ឆ្លង​ជំងឺកូរ៉ូណា COVID-19 ចំនួន 244,615​ករណី និង​អ្នក​ស្លាប់​ចំនួន10,015​ករណី​ រួម​នឹង​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ចំនួន 87,407​ករណី។ បណ្ដា​ប្រទេស​ និង​ដែន​ដី​ដែល​ទើប​តែ​មាន​​ករណី​​ឆ្លង​​វីរុស​ ​COVID-19 ​ដំបូង គឺ​មាន​ដូច​ជា Chad, El Salvador, Fiji, Nicaragua, Niger និង Isle of Man៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ថ្មីៗជុំវិញពិភពលោក៖ លោក​ខាង​លិច​ ប្រកាស​សង្គ្រាម​បង្ក្រាបកូវីដ-19, អ៊ីតាលីស្លាប់ថែមទៀត 475នាក់, គ្មានអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេសចិន…

    ថ្មីៗជុំវិញពិភពលោក៖ លោក​ខាង​លិច​ ប្រកាស​សង្គ្រាម​បង្ក្រាបកូវីដ-19, អ៊ីតាលីស្លាប់ថែមទៀត 475នាក់, គ្មានអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេសចិន…

    មហាអំណាចលោកខាងលិច បានប្រកាសសង្គ្រាមជាមួយកូវីដ-19 និងត្រៀមខ្លួនជាស្រេចក្នុងការដាក់ចេញវិធានការការពារសេដ្ឋកិច្ចពិភពលោក ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីក្នុង 1ថ្ងៃ ស្ទុះឡើងខ្ពស់ ផ្ទុយពីស្ថានការណ៍នៅចិនដែលលែងរកឃើញអ្នកឆ្លងមេរោគថ្មីនៅក្នុងប្រទេសជាលើកដំបូង រាប់ចាប់ពីពេលដែលមេរោគចង្រៃនេះ ចាប់ផ្ដើមឡើងនៅក្នុងទីក្រុងវូហាន កាលពីខែធ្នូ ឆ្នាំមុន តែនៅមានអ្នកឆ្លងមេរោគមកពីក្រៅប្រទេស…។

    ស្ថានការណ៍ការឆ្លងរាលដាលនៅក្នុងប្រទេសភាគច្រើនទូទាំងពិភពលោក កាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ចំនួនអ្នកឆ្លងមេរោគកាលពីថ្ងៃពុធ កើនឡើងជាង 20,000នាក់ សរុបជិត 219,000នាក់ និងស្លាប់ក្បែរៗ 9,000នាក់។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងកាលពីថ្ងៃពុធ(ទី18 មីនា)ថា មានអារម្មណ៍ដូចខ្លួនឯង ជាមេបញ្ជាការនៅក្នុងអំឡុងពេលសង្គ្រាម…ត្រៀមបញ្ជាឱ្យមន្ទីរពេទ្យបណ្ដែតទឹករបស់កងទ័ព ចេញមកជួយសង្គ្រោះអ្នកជំងឺអាមេរិកាំង ដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស។

    លោកស្រីនាយករដ្ឋមន្ត្រី អ៊ែងជើឡា មើរកែល របស់ប្រទេសអាល្លឺម៉ង់ ថ្លែងថា ចាប់តាំងពីសង្គ្រាមលោកលើកទី2 មក អាល្លឺម៉ង់មិនដែលប្រឈមមុខនឹងភាពសាកល្បងដែលត្រូវពឹងពាក់លើភាពសាមគ្គីរបស់ប្រជាជនខ្លាំងស្មើនឹងពេលនេះឡើយ។ សេចក្ដីថ្លែងការណ៍នេះ បានឆ្លុះបញ្ចាំងពីគោលជំហររបស់លោកប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រុង របស់ប្រទេសបារាំង កាលពីដើមសប្ដាហ៍ ដែលបានប្រៀបធៀបថា ប្រទេសជាតិកំពុងធ្វើសង្គ្រាមជាមួយវីរុស និងចេញបញ្ជាឱ្យប្រជាជន ផ្អាកចេញពីគេហដ្ឋានដោយមិនចាំបាច់។

    ក្នុងថ្ងៃជាមួយគ្នា ប្រទេសអ៊ីតាលីបានរាយការណ៍ពីចំនួនអ្នកស្លាប់កើនឡើង 475នាក់ ដែលជាស្ថិតិខ្ពស់បំផុត ដែលធ្វើឱ្យចំនួនរួម កើនឡើងដល់ជិត 3,000នាក់ ឬ 1ភាគ3 នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក ទោះជារដ្ឋាភិបាលប្រកាសបិទ និងបញ្ឈប់ការជួបជំនុំខ្នាតធំទូទាំងប្រទេស ជាវិធានការដែលប្រទេសជាច្រើនទូទាំងពិភពលោកខ្ចីពីចិនមកប្រើក៏ដោយ។ ខណៈដែលលោក ស៊ីលវីអូ ប្រ៊ូសាហ្វ៊ើរ៉ូ អគ្គនាយកស្ថាប័នសុខភាពរបស់ប្រទេសអ៊ីតាលី បញ្ជាក់ថា រឿងសំខាន់គឺ កុំចុះចាញ់ឱ្យសោះ!។

    និងខណៈដែលប្រទេសជាច្រើនក្លាយជាជនពិការដោយសារជំងឺរាតត្បាតដ៏អាក្រក់ និងផ្សារហ៊ុនដាំក្បាលចុះឥតឈប់ឈរនោះ សប្ដាហ៍នេះ បណ្ដាអ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច បាននាំគ្នាប្រកាសពីវិធានការសង្គ្រោះសេដ្ឋកិច្ចពិភពលោក ដោយកាលពីថ្ងៃពុធ ធនាគារកណ្ដាលអឺរ៉ុប បានប្រកាសផែនការទិញត្រឡប់មកវិញនូវរូបិយប័ណ្ណសរុបតម្លៃ 817,000លានដុល្លារ ក្រោយពីបានដាក់ចេញវិធានការជំរុញដ៏ធំមួយកាលពីមិនប៉ុន្មានថ្ងៃមុន តែ នៅតែមិនអាចសម្រាលក្ដីកង្វល់ក្នុងទីផ្សារបាន។

    ចំណែកឯលោក ត្រាំ វិញ បានចុះហត្ថលេខាលើវិធានការជួយសង្គ្រោះបន្ទាន់ តម្លៃ 100,000លានដុល្លារ ដែលបានឆ្លងកាត់ការឯកភាពពីរដ្ឋសភាយ៉ាងងាយស្រួល ដើម្បីឱ្យប្រជាជនអាមេរិកអាចពិនិត្យរកមេរោគកូវីដ-19 ហ្វ្រ៊ី និងផ្ដល់ប្រាក់សំណងលើការសុំច្បាប់សម្រាកឈឺ និងសុំច្បាប់ដើម្បីមើលថែទាំគ្រួសារ។

    លោក ត្រាំ ថែមទាំងបានដាក់បញ្ជាឱ្យប្រើច្បាប់ក្នុងអំឡុងពេលសង្គ្រាមកូរ៉េ ដើម្បីឱ្យរដ្ឋាភិបាលអាចបញ្ជាឱ្យផ្នែកខាងធុរកិច្ចបានចុះហត្ថលេខាលើកិច្ចសន្យាបន្ថែម បង្កើនការផលិតផលិតផលដែលចាំបាច់ ដូចជាម៉ាស់អនាម័យការពារមេរោគ ជាដើមទៀតផង។

    ធនាគារកណ្ដាលនៃប្រទេសអូស្ត្រាលី បានបញ្ចុះអត្រាការប្រាក់ដល់អត្រាទាបបំផុតជាប្រវត្តិសាស្ត្រ ដែលទោះជាយ៉ាងនេះក្ដី ក៏វិធានការខាងហិរញ្ញវត្ថុ និងវិធានការជំរុញសេដ្ឋកិច្ចបន្ទាន់របស់អន្តរជាតិក្នុងអំឡុងពេលនេះ មិនអាចសម្រាលក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញាធ្លាក់ចុះនៃសេដ្ឋកិច្ចបានដែរ។

    ផ្សារហ៊ុនអាស៊ី កាលពីអំឡុងព្រឹកថ្ងៃព្រហស្បតិ៍(ទី19 មីនា) នៅតែជាប់គាំងនៅក្នុងតំបន់លេខដក ដោយផ្សារហ៊ុនក្រុងម៉ានីល ក្នុងអំឡុងពេលដំបូង បានដាំក្បាលចុះជិត 25% បន្ទាប់ពីបិទដំណើរការមកបាន 2ថ្ងៃ។

    ប្រទេសជាច្រើន បានលើកកម្ពស់វិធានការទប់ស្កាត់វីរុសកូវីដ-19 ដោយនៅថ្ងៃព្រហស្បតិ៍
    អូស្ត្រាលីបានហាមជនបរទេស ធ្វើដំណើរចូលប្រទេស ហើយមុនហ្នឹង 1ថ្ងៃ ប្រទេសកាណាដា និងអាមេរិក បានប្រកាសបិទព្រំដែនទៅវិញទៅមក ដែលអាចរាប់ថា ជាព្រំដែនដែលវែងបំផុតក្នុងពិភពលោក និងហាមការធ្វើដំណើរដែលមិនចាំបាច់រយៈពេល 30ថ្ងៃ។

    នៅប្រទេសអង់គ្លេស លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន បានផ្លាស់ប្ដូរផែនការទប់ទល់វីរុសកូវីដ-19 ដោយការបិទសាលារៀនទូទាំងប្រទេស ចាប់ពីថ្ងៃសុក្រ(ទី20 មីនា)នេះ ក្រោយពីចំនួនអ្នកស្លាប់បានកើនឡើងដល់ 100នាក់។

    សប្ដាហ៍នេះ សហភាពអឺរ៉ុប បានផ្អាកទទួលអ្នកធ្វើដំណើរមកពីក្រៅប្រទេសរយៈពេល 30ថ្ងៃ ហើយប្រទេសជាសមាជិកមួយចំនួនបានបិទព្រំដែន ខណៈដែលរង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញភាគច្រើន បានបិទសេវាកម្ម រហូតទាល់តែមានបញ្ជាជាថ្មី ចំណែកការប្រកួតច្រៀង យូរ៉ូ វីហ្សិន និងការប្រកួតបាល់ទាត់ ក៏ត្រូវបានផ្អាកទាំងអស់ដូចគ្នា។

    យ៉ាងណាក្ដី ពិភពលោក បានចាប់ផ្ដើមមានសង្ឃឹមឡើងវិញបន្តិច ពីការដែលស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន បានស្ងប់ស្ងាត់ដោយបរិយាយ…ចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លែងរកឃើញអ្នកឆ្លងមេរោគទៀតហើយ នៅក្នុងប្រទេសជាថ្ងៃដំបូង ចាប់តាំងពីមានការរកឃើញវីរុសនេះកាលពីខែមករាកន្លងមក។ ទាំងអស់នេះ ដោយសារតែប្រជាជនប្រមាណ 56លាននាក់ក្នុងមណ្ឌលហ៊ូពេយ ដែលមានទីក្រុងចម្បងគឺ វូហាន ត្រូវបានបង្ខាំងដាក់ឱ្យនៅដាច់ដោយឡែកចាប់តាំងពីចុងខែមករាមក។

    បច្ចុប្បន្ន រដ្ឋបាលចិនចាប់ផ្ដើមបន្ធូរបន្ថយការកម្រិតលើការធ្វើដំណើរនៅក្នុងមណ្ឌលមួយនេះ ដោយអនុញ្ញាតឱ្យប្រជាជនដែលធ្វើការក្នុងមណ្ឌលផ្សេងទៀត អាចធ្វើដំណើរចេញពីហ៊ូពេយបាន តែទោះជាដូច្នេះក្ដី ចិននៅតែរកឃើញអ្នកឆ្លងមេរោគថ្មី ដែលធ្វើដំណើរមកពីក្រៅប្រទេសចំនួន 34នាក់ ជាចំនួនខ្ពស់បំផុត ក្នុងរយៈពេល 2សប្ដាហ៍កន្លងទៅ។ ដោយហេតុនេះហើយ ទើបមានការចេញច្បាប់ឱ្យអ្នកដែលធ្វើដំណើរមកពីបរទេស ត្រូវតែបង្ខាំងខ្លួនឯងនៅក្នុងសណ្ឋាគារដែលបានកំណត់ឱ្យ រយៈពេល 14ថ្ងៃ។ ចំណែកប្រទេសជប៉ុន កោះហុកកៃដូ បានលើកលែងស្ថានការណ៍គ្រាអាសន្ន ដែលបានប្រកាសកាលពីខែកន្លងទៅ ដោយសារតែមានសញ្ញាថា ការឆ្លងរាលដាល បានស្រាកស្រាន្តចុះខ្លះហើយ…។

    តែយ៉ាងណាក៏ដោយ កោះតូចមួយ ដែលជាកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានរកឃើញអ្នកឆ្លងមេរោគដំបូងគេ ខណៈដែលសាប់-សាហារ៉ា អាហ្វ្រិក បានអះអាងថា មានអ្នកស្លាប់ដំបូងគេ គឺ អនុប្រធានសភាទី1 របស់ប្រទេសប៊ើគីណាហ្វាសូ ដែលការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការតស៊ូជាមួយវីរុសកូវីដ-19 នៅក្នុងតំបន់មួយចំនួនក្នុងពិភពលោក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។

    ខណៈនេះ ប្រទេសជាច្រើននៅក្នុងតំបន់អាមេរិកឡាទីន បានហាមប្រជាជនចេញក្រៅផ្ទះ ក្នុងពេលរាត្រី ខណៈដែលប្រទេសឈីលី បានប្រកាសសភាវមហន្តភ័យ ឯប្រទេសគុយបា និងកូស្តារីកា បានរកឃើញអ្នកស្លាប់ទី1។

    លោក ថេដ្រូស កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសទូទាំងពិភពលោក សហការគ្នា ប្រយុទ្ធតស៊ូនឹង “សត្រូវរបស់មនុស្សជាតិ” និងបានដាស់តឿនប្រទេសក្នុងតំបន់អាហ្វ្រិក ឱ្យភ្ញាក់ខ្លួនឡើង និងត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់បំផុតដែលនឹងកើតឡើងនាពេលឆាប់ៗនេះ…៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • ដូចឆាកនៅក្នុងខ្សែភាពយន្តសង្គ្រាមៈ រថយន្តយោធា ដឹកសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ-19 យកទៅធ្វើពិធី រាប់សិបសាកសព

    ដូចឆាកនៅក្នុងខ្សែភាពយន្តសង្គ្រាមៈ រថយន្តយោធា ដឹកសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ-19 យកទៅធ្វើពិធី រាប់សិបសាកសព

    អ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសអ៊ីតាលី បានបង្ហាញឃ្លីបគួរឱ្យអាណោចអាធម្ម និងសោកសៅយ៉ាងខ្លាំង នៅពេលឃើញរថយន្តយោធា 15គ្រឿងបើកជាជួរវែង ដឹកសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ-19 យកទៅធ្វើពិធីតាមសាសនា នៅក្នុងទីក្រុង ប៊ែរកាណូ ស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងនៃទីក្រុង មីឡាន របស់អ៊ីតាលី។

    https://www.youtube.com/watch?v=9sxrYYDpYoU

    ជនជាតិអ៊ីតាលីម្នាក់ដែលបានឃើញទិដ្ឋភាពនេះ បាននិយាយថា ជាទិដ្ឋភាពគួរសោកសៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស ខណៈដែលម្នាក់ទៀត និយាយថា វាគឺជាសង្គ្រាម…។

    សារព័ត៌មានអ៊ីតាលីបានបញ្ជាក់ថា មានការដឹកជញ្ជូនក្ដារមឈូសដែលផ្ទុកសាកសពប្រមាណជា 70 យកទៅធ្វើបុណ្យតាមសាសនាកាលពីយប់ថ្ងៃពុធ(ទី18 មីនា)។

    លោក ជីអាខូម៉ូ អាន់កេឡូនី មន្ត្រីក្នុងតំបន់ដែលទទួលខុសត្រូវកន្លែងបញ្ចុះសព ក្នុងទីក្រុង ប៊ែរកាណូ បាននិយាយថា ព្រះវិហារដែលត្រូវប្រារព្ធពិធី ត្រូវរើយកកៅអីវែងៗចេញមកក្រៅទាំងអស់ ដើម្បីឱ្យមានទីកន្លែងសម្រាប់តម្កល់ក្ដារមឈូស ដែលមានចូលមកថែមជារៀងរាល់ថ្ងៃ។

    វិបត្តិសាកសពមានច្រើនលើសលប់ បានបង្ហាញឱ្យយើងមើលឃើញថា តើមន្ទីរពេទ្យនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ត្រូវទទួលរងសម្ពាធធ្ងន់ធ្ងរប៉ុនណា ក្នុងស្ថានការណ៍រោគរាតត្បាតបែបនេះ?

    អភិបាលមណ្ឌល ឡមបារឌី ដែលទីក្រុងប៊ែរកាណូស្ថិតនៅក្នុងនោះដែរ បាននិយាយថា គ្រូពេទ្យ និងគិលានុបដ្ឋាកក្នុងតំបន់ ជិតនឹងទប់ទល់លែងរួចហើយ…ហើយបើសិនជាថ្ងៃណា បុគ្គលិកពេទ្យទាំងនោះ អស់ទាំងកម្លាំងកាយ និងចិត្ត ថ្ងៃនោះហើយ គឺជាមហាគ្រោះថ្នាក់ និងភយន្តរាយសម្រាប់ប្រទេសអ៊ីតាលីយ៉ាងពិតប្រាកដ…។

    លោកនាយករដ្ឋមន្ត្រី ជូសិបប៉េ ខន់តេ បានប្រកាសបង្ខាំងប្រជាជនទូទាំងប្រទេស ដើម្បីគ្រប់គ្រងមេរោគ តែអ៊ីតាលីនៅតែមានចំនួនអ្នកឆ្លង និងស្លាប់កើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ចុងក្រោយបំផុត មានអ្នកឆ្លងមេរោគចំនួន 41.035នាក់ និងស្លាប់ 3,405នាក់(វ៉ាដាច់ចិនទៅហើយ)។

    អាជ្ញាធរ បានថ្លែងថា នៅមានប្រជាជនចំនួនច្រើនណាស់ ដែលមិនធ្វើតាមបញ្ជាឱ្យនៅតែក្នុងផ្ទះ និងបានទាមទារឱ្យរដ្ឋរឹតបន្តឹងជាងនេះទៀត៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • ចំនួន​ករណី​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី កើន​លើស​ប្រទេស​ចិន​!

    ចំនួន​ករណី​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី កើន​លើស​ប្រទេស​ចិន​!

    ប្រទេស​អ៊ីតាលី​ បាន​រក​ឃើញ​អ្នក​ជំងឺសរុប 41,035​ករណី និង​ករណី​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន ​3,405​នាក់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន (ចិន​ដីគោក) មាន​ចំនួន​ 3,245​នាក់​។

    មជ្ឈមណ្ឌល​ការ​ពារ​ជនស៊ីវិល​អ៊ីតាលី កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​5,322​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​នេះ ឡើង​ដល់ 41,035​នាក់​។ ចំនួន​ករណី​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ក្នុង​ប្រទេស​នេះ មាន​ចំនួន3,405នាក់​ គឺ​កើន​427​ករណី បើ​ធៀប​នឹង​មុន​នោះ​មួយ​ថ្ងៃ​។ ប្រការ​នេះ ធ្វើ​ឱ្យ​អ៊ីតាលី ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស COVID-19 ច្រើន​បំផុត​ក្នុង​ពិភពលោក​។

    អត្រា​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​អ៊ីតាលី គឺ 8.3% ខ្ពស់​ជាង​ទ្វេ​ដង​ បើធៀប​នឹង​អត្រា​មធ្យម​ទូទាំង​ពិភពលោក​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​នៃ​ប្រទេស​ចិន ដែល​មកជួយ​អ៊ីតាលី បាន​និយាយ​ថា វិធាន​ការ​នានា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់​ទល់​នឹង​ COVID-19 នៅ​ប្រទេស​អ៊ីតាលី មិន​ទាន់​មាន​ភាព​ខ្លាំង​ក្លា​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន 176 នៅ​ទូទាំង​ពិភព​លោក ធ្វើ​ឱ្យ​មនុស្ស​ជាង 227,000​នាក់​បាន​ឆ្លង​រោគ និង​ជាង 9,300​នាក់​បាន​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស