អតីតកីឡាករខ្សែបម្រើជម្រើសជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេប្រកាសថា បានឆ្លងវីរុស COVID-19 នៅឯប្រទេសចិន ជាកន្លែងដែលកីឡាកររូបនេះកំពុងប្រកបអាជីព។
លទ្ធផលតេស្ត មុនការចាប់ផ្តើមប្រកួតលីកកំពូលចិនវិញ នៅ 2សប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យកីឡាកររបស់ក្លិប Shandong Lunen រូបនេះ ក្លាយជាកីឡាករដំបូងនៅក្នុងលីកកំពូលរបស់ចិន ដែលឆ្លងជំងឺប្រភេទថ្មីនេះ។
ចំណែកសារព័ត៌មានចិនវិញ ក៏បានរាយការណ៍ដែរថា Fellaini ស្ថិតនៅកន្លែងដាច់ដោយឡែកមួយក្នុងមន្ទីរពេទ្យ Jinan ដែលជាមន្ទីរពេទ្យជំនាញខាងឯកទេសជំងឺឆ្លង៕
Tag: សុខភាព

Fellaini កើត COVID-19 នៅ Chinese Super League

ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ មីនា បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងជួយកម្ពុជា យកឈ្នះជំងឺរាតត្បាតCOVID-19។
ដោយឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មាន ជុំវិញការបញ្ជូនសម្ភារបរិក្ខាពេទ្យ និងក្រុមអ្នកជំនាញសុខាភិបាល៧នាក់មកកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះកម្ពុជាកំពុងប្រឈមមុខនឹងការទប់ស្កាត់វីរុសCOVID-19 ដ៏កាចសាហាវ ។ ដូច្នេះវាមិនត្រឹមតែអាចនិយាយបានថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយកម្ពុជាទេ ហើយក៏មិនគ្រាន់តែជាតំណាងនៃទំនាក់ទំនងទ្វេភាគីពិសេសដែរ ប៉ុន្តែវាពិតជាសាកសមណាស់ សម្រាប់មិត្តភាពដែកថែប នៅក្នុងសហគមន៍វាសនារួមគ្នាតែមួយ។ ចិននឹងបន្តធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីយកឈ្នះលើការរាតត្បាតនៃវីរុសCOID-19នេះ ជាពិសេសរួមចំណែកដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ទៀតផង»។
កាលពីថ្ងៃទី23 មីនា ឆ្នាំ 2020 រដ្ឋាភិបាលចិន បានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ7នាក់ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងជំងឺCOVID-19 ក្រៅពីនេះចិនក៏បានផ្តល់ជំនួយដល់កម្ពុជានូវសម្ភារពេទ្យមួយចំនួនរួមមាន ឧបករណ៍ធ្វើតេស្តិ៍, ឧបករណ៍ដកដង្ហើម N95(ម៉ាស់), របាំងវះកាត់, ឯកសណ្ឋានដែលធន់នឹងអង្គធាតុរាវ និងអាវធំសម្រាប់វះកាត់ជាដើម។
គិតត្រឹមព្រឹកថ្ងៃទី24 មីនា ឆ្នាំ2020នេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID ចំនួន87នាក់ ក្នុងនោះជាសះស្បើយ2នាក់ គឺស្ត្រីជនជាតិអង់គ្លេសវ័យ65ឆ្នាំ និងបុរសជនជាតិចិនវ័យ60ឆ្នាំ។
បុគ្គលិកពេទ្យជិត 4,000នាក់ បានឆ្លងវីរុស COVID-19 នៅអេស្ប៉ាញ!
ក្រុមមន្ត្រីអេស្ប៉ាញបានបញ្ជាក់ថា បុគ្គលិកពេទ្យចំនួន 3,910នាក់ បានឆ្លងមេរោគកូរ៉ូណា COVID-19 ពោលគឺស្មើនឹង12% នៃចំនួនអ្នកជំងឺកូរ៉ូណាសរុបក្នុងប្រទេសនេះ។
នាយកមជ្ឈមណ្ឌលសម្របសម្រួលករណីបន្ទាន់របស់ក្រសួងសុខាភិបាលអេស្ប៉ាញ លោក Fernando Simon បានថ្លែងកាលពីថ្ងៃទី23មីនាថា “យើងមានទិន្នន័យមួយដ៏គួរឱ្យព្រួយចិត្ត និងត្រូវតែគ្រប់គ្រងវាឱ្យបាន។ បុគ្គលិកពេទ្យចំនួន 3,910នាក់ បានឆ្លងវីរុស COVID-19″។
ដូចទៅនឹងប្រទេសផ្សេងៗទៀតដែរ ក្រុមគ្រូពេទ្យនៅអេស្ប៉ាញក៏បានឱ្យដឹងថា ពួកគេធ្វើការក្នុងភាពភ័យខ្លាច ព្រោះតែខ្វះឧបករណ៍ការពារខ្លួន ថ្វីបើអាជ្ញាធរ និងបណ្ដាក្រុមហ៊ុន បាន និងកំពុងតែជំរុញផលិតភាព ក៏ដូចជាបញ្ជាទិញពីខាងក្រៅបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការក៏ដោយ។
លោក Fernando Simon បានថ្លែងបន្តថា បទបញ្ជាបិទការធ្វើដំណើរទូទាំងប្រទេស នឹងត្រូវសភាអនុម័តពន្យារសុពលភាពនៅថ្ងៃទី25មីនា។ លោកសង្កត់ធ្ងន់ថា នេះមិនមែនជាពេលដែលអ្នករាល់គ្នាលម្ហែកាយនោះទេ តែត្រូវគោរពបទបញ្ជាដែលហាមមិនឱ្យចេញក្រៅផ្ទះ លើកលែងតែទៅបំពេញភារកិច្ច ឬទិញរបស់របរចាំបាច់ និងទិញថ្នាំពេទ្យ។
រាជរដ្ឋាភិបាលប្រទេសអេស្ប៉ាញ កាលពីម្សិលម៉្ងៃ បានប្រកាសថា ឧបនាយករដ្ឋមន្ត្រី Carmen Calvo បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទៅតាមការស្នើរបស់ក្រុមវេជ្ជបណ្ឌិត បន្ទាប់ពីបានធ្វើតេស្តរកមេរោគឃើញថា លោកស្រីមានផ្ទុកមេរោគផ្លូវដង្ហើម តែមិនមែនជា COVID-19។ លទ្ធផលនៃការធ្វើតេស្តរកវីរុស COVID-19 នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
មុននេះ រដ្ឋមន្ត្រីចំនួន2រូប រួមនឹងភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ក៏ត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកវីរុស COVID-19នេះផងដែរ។
មេរោគ COVID-19 បានឆ្លងរាលដាលនៅប្រទេសចិន ចាប់ពីខែធ្នូ ឆ្នាំ2019 ហើយមកដល់បច្ចុប្បន្ន វាបានបណ្ដាលឱ្យមនុស្សជាង 381,760នាក់កើតរោគ ក្នុងនោះមានជាង16,550នាក់បានស្លាប់ និងជាង12,060 កំពុងប្រឈមនឹងការស្លាប់។
ព្រះរាជាណាចក្រអេស្ប៉ាញ គិតមកដល់ពេលនេះ មានអ្នកឆ្លង COVID-19 ចំនួន 35,136នាក់ និងស្លាប់ចំនួន 2,311នាក់៕
ប្រភព៖ សារព័ត៌មានបរទេស

COVID-19! អ្នកជំងឺត្រូវដេកតាមបណ្ដោយផ្លូវដើរ រង់ចាំការព្យាបាល ខណៈមន្ទីរពេទ្យស្ទើរអស់លទ្ធភាពនឹងទទួល…(វីដេអូ)
ឃ្លីបវីដេអូស្ដីអំពីអ្នកជំងឺកូរ៉ូណានៅខាងក្នុងមន្ទីរពេទ្យ Infant Leonor ដែលស្ថិតនៅតំបន់ Madrid បានបង្ហាញថា អ្នកជំងឺជាច្រើនរូប ដេកនៅតាមបណ្ដោយផ្លូវដើរក្បែរបន្ទប់ ដើម្បីរង់ចាំបុគ្គលិកពេទ្យមកជួយសង្គ្រោះ។
ឃ្លីបវីដេអូ ដែលត្រូវបានថតនៅខាងក្នុងមន្ទីរពេទ្យ Infanta Leonor ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញឱ្យឃើញទិដ្ឋភាពដ៏គួរឱ្យព្រួយបារម្ភ ខណៈដែលមានអ្នកជំងឺជាច្រើន ត្រូវដេកតាមបណ្ដោយផ្លូវដើរ ក្បែរបន្ទប់ព្យាបាលនានាក្នុងមន្ទីរពេទ្យ រង់ចាំគ្រូពេទ្យមកជួយសង្គ្រោះជីវិត។ នៅពេលដើរកាត់ទីនោះ គេឮសូរសំឡេងក្អកយ៉ាងច្បាស់ៗរបស់អ្នកជំងឺ ក្នុងនោះមានអ្នកខ្លះដេក អ្នកជំងឺខ្លះអង្គុយរង់ចាំនៅលើកៅអី។
ទីភ្នាក់ងារសារព័ត៌មាន EI Mundo របស់ប្រទេសអេស្ប៉ាញ បានឱ្យដឹងថា មន្ទីរពេទ្យ Severo Ochoa de Leganes នៅទីក្រុង Madrid ក៏ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ ដោយមានអ្នកជំងឺជិត200នាក់ កំពុងរង់ចាំចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
មន្ទីរពេទ្យ Severo Ochoa de Leganes បានទទួលស្គាល់ថា ពួកគេ “មិនទទួលព្យាបាលអ្នកជំងឺបន្ថែមទៀត” នោះទេ ព្រោះបាន “លើសចំណុះច្រើនណាស់ទៅហើយ”។
តំណាងសហជីពសុខាភិបាលអេស្ប៉ាញ Javier Garcia បានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងបណ្ដាមន្ទីរពេទ្យ គឺកំពុងដំណើរការ “លើសពីសមត្ថភាពរហូតដល់3ដង” ហើយមាន “អ្នកជំងឺជាច្រើន ត្រូវអង្គុយលើកៅអីជាង30ម៉ោង ដោយសារតែខ្វះគ្រែ”។Jorge Mora តំណាងរបស់សមាគមថែទាំសុខភាពអេស្ប៉ាញ បាននិយាយថា មន្ទីរពេទ្យ Infanta Leonor កំពុងដំណើរការលើសពីសមត្ថភាពដែលខ្លួនមាន ដោយកំពុងព្យាបាលអ្នកជំងឺជាង 500នាក់ ដែលបានឆ្លងមេរោគ COVID-19 ក្នុងនោះមាន300នាក់វិជ្ជមាន និង230នាក់កំពុងតាមដានសុខភាព។
អេស្ប៉ាញ បច្ចុប្បន្នមានអ្នកឆ្លងមេរោគ COVID-19 ជាង35,130នាក់ ក្នុងនោះមានអ្នកជំងឺជជាង 2,311នាក់បានបាត់បង់ជីវិត។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ មានអ្នកឆ្លងរោគ COVID-19 សរុប 381,744នាក់ ក្នុងនោះមាន 16,558នាក់បានស្លាប់ និងជាង12,062នាក់ទៀតអាចបាត់បង់ជីវិត៕
https://www.youtube.com/watch?v=RuuqZUE_Kmw
ប្រភព៖ សារព័ត៌មានបរទេស

អ្នកជំនាញការផ្នែកជំងឺរាតត្បាតល្បីឈ្មោះរបស់ចិន ប្រាប់ថា មាន “មនុស្ស 3ប្រភេទ“ ដែលវីរុសកូវីដ-19 ពិបាកឆ្លងចូល…
អ្នកជំនាញខាងជំងឺរាតត្បាតល្បីឈ្មោះ លោកស្រីវេជ្ជបណ្ឌិត លី ឡាន់ចួន បានណែនាំថា សុខភាពរាងកាយដែលរឹងមាំ គឺជាក្រោះដែកកម្រិតកំពូលដែលនឹងការពារមេរោគវីរុសកូវីដ-19 និងវីរុសប្រភេទផ្សេងទៀតមិនឱ្យចូលមកក្នុងរាងកាយយើងបាន។
ការសិក្សាអំពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ចាប់តាំងពីអំឡុងពេលចាប់ផ្ដើមរាតត្បាតក្នុងប្រទេសចិនមក បានសរុបឱ្យដឹងពីវិធីការចម្លងសាយភាយរបស់មេរោគវីរុស ដូចតទៅៈ ទី1 គឺការចម្លងមេរោគតាមរយៈការប៉ះពាល់ជិតស្និទ្ធខាងរាងកាយ អាស្រ័យលើរយៈចម្ងាយគម្លាតពីគ្នា ដូច្នេះការនៅក្នុងផ្ទះ មិនចេញទៅខាងក្រៅ ចៀសវាងការជួបនឹងមនុស្សម្នាថ្មីៗប្លែកៗ ឬទៅទីកន្លែងដែលមានហ្វូងមនុស្សច្រើនកុះករ គឺជាការការពារការឆ្លងមេរោគដែលមានប្រសិទ្ធភាពបំផុត។
និង 1វិធីទៀតគឺ ការចម្លងសាយភាយមេរោគតាមរយៈលម្អងទឹកដែលអណ្ដែតនៅក្នុងអាកាសធាតុ ដូច្នេះហើយទើបការចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់អនាម័យការពារ ដើម្បីបំបាត់ ឬកាត់បន្ថយឱកាសនៃការឆ្លងមេរោគពីការចម្លងរាលដាលខាងលម្អងទឹកដែលចេញពីរាងកាយអ្នកផ្ទុកមេរោគ។
ក្រៅពីវិធីការការពារខ្លួនខាងលើហើយ លោកស្រីវេជ្ជបណ្ឌិត លី ឡាន់ចួន និងអ្នកជំនាញការដទៃទៀត បានយល់ឃើញដូចៗគ្នាថា អ្នកដែលមានគុណសម្បត្តិ 3ប្រការខាងក្រោមនេះ នឹងមិនឆ្លងមេរោគ ”វីរុសកូរ៉ូណាប្រភេទថ្មី” នេះ ដោយងាយៗឡើយ នោះគឺ ៖
1. អ្នកដែលរស់នៅក្នុងគន្លងនៃការថែរក្សា និងបង្កើនសុខភាពអំឡុងពេលដែលមេរោគវីរុសប្រភេទថ្មីឆ្លងរាតត្បាតខ្លាំង អ្នកខ្លះត្រូវមេរោគវីរុសវាយប្រហារបានយ៉ាងស្រួល តែអ្នកខ្លះ រួចផុតពីមេរោគឆ្លងរាតត្បាតបានយ៉ាងសប្បាយៗ…នេះគឺដោយសារតែប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយដែលរឹងមាំ អាចតតាំងមេរោគបានបែបដាច់ខាត ដូច្នេះការថែរក្សាសុខភាពឱ្យនៅរឹងប៉ឹងមាំមួន គឺជារឿងសំខាន់បំផុត។
សុខភាពដែលរឹងប៉ឹងមាំមួន គឺស្ថិតលើការហាត់ប្រាណ…ចិនមានសុភាសិតមួយថា “ការហាត់ប្រាណ គឺជាថាមពលរបស់ជីវិត” អ្វីៗគ្រប់យ៉ាង សុំត្រឹមតែមិនឈប់ហាត់ប្រាណ ក៏អាចថែរក្សាថាមពលជីវិតបានស្រេចទៅហើយ។
ក្រៅពីការហាត់ប្រាណដែលសមរម្យហើយ ត្រូវមានកិច្ចការប្រចាំថ្ងៃដែលបង្កើនសុខភាពផងដែរ គឺឆាប់ចូលគេង និងភ្ញាក់ពីព្រឹក ព្យាយាមកុំអត់ងងុយ មិនផឹកស្រាជក់បារី គេងលក់ឱ្យឆ្អែត…ដោយមានតែកិច្ចការប្រចាំថ្ងៃ និងសុខនិស្ស័យទាំងនេះប៉ុណ្ណោះ ទើបអាចបង្កើនប្រព័ន្ធប្រឆាំងជំងឺបាន។
2. អ្នកដែលមានសុខនិស្ស័យខាងការបរិភោគដែលល្អចិនមានសុភាសិតចំពោះរឿងនេះថា “ជំងឺចូលតាមមាត់”…ការកើតឡើងនៃជំងឺឈឺថ្កាត់ សុទ្ធតែពាក់ព័ន្ធនឹងជីវិតការរស់នៅប្រចាំថ្ងៃយ៉ាងមិនអាចញែកដាច់ពីគ្នាបានឡើយ អាចនិយាយបានថា ការសាងសុខនិស្ស័យខាងការបរិភោគដែលល្អ គឺជាគោលការណ៍ដែលធានាដ៏សំខាន់របស់សុខភាព ដោយការទទួលទានអាហារតាមរដូវកាល ព្យាយាមញ៉ាំបន្លែផ្លែឈើស្រស់តាមរដូវកាលឱ្យបានច្រើនបំផុត និងបន្ថយការញ៉ាំបន្លែផ្លែឈើខុសរដូវកាល។ ទោះជាពេលនេះ(នៅប្រទេសចិន)ឈានចូលដល់រដូវស្លឹកឈើលាស់ហើយក៏ដោយ តែស្ថានភាពធាតុអាកាសនៅតែត្រជាក់រងា ការបំពេញតួនាទីរបស់ប្រព័ន្ធក្រពះពោះវៀននៅទន់ខ្សោយនៅឡើយ ដូច្នេះទើបគួរញ៉ាំអាហារត្រជាក់ និងរបស់ខ្លាញ់ៗឱ្យតិចបំផុត ដើម្បីកុំឱ្យប្រព័ន្ធក្រពះពោះវៀនត្រូវធ្វើការធ្ងន់ខ្លាំងឡើង។
3. អ្នកដែលមានភាពដឹងខ្លួនជាប់ជានិច្ចក្នុងផ្នែកសុវត្ថិភាពក្នុងអំឡុងពេលពិសេសបែបនេះ ក្រៅពីការថែរក្សាសុខនិស្ស័យ ការរស់នៅ និងការហូបចុកហើយនោះ ត្រូវបង្កើនការនឹករឭកដឹងខាងផ្នែកសុវត្ថិភាពរបស់ខ្លួនឯងឱ្យបានជាប់ជានិច្ច ដូចជា ពាក់ម៉ាស់អនាម័យការពារ ពេលចេញទៅក្រៅផ្ទះ មិនទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ មិនចូលរួមពិធីបុណ្យជប់លៀងរួមជាមួយមិត្តភក្តិម្រាក់ក្លើបងប្អូនសាច់ញាតិ…ការការពារការឆ្លងមេរោគឱ្យបានដាច់ខាត ត្រូវតម ឬផ្អាកទង្វើទាំងអស់ហ្នឹង។
វីរុសកូវីដ-19 នឹងមិនងាយចម្លងចូលទៅមនុស្សដែលមានគុណសម្បត្តិទាំង 3ប្រការនេះបានទេ(ចូរចាំទុក)។ បើលោកអ្នក ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សពពួកនេះ ក៏អាចរាប់បានថា អ្នកជាបុគ្គលដែលមានសំណាងល្អហើយ…ក្នុងការរស់នៅ ពួកយើងក៏គួរធ្វើឱ្យបានបែបហ្នឹង ដើម្បីសុខភាពទាំងរបស់ខ្លួនឯង និងអ្នកឯទៀត។ រក្សាសុខនិស្ស័យល្អៗក្នុងការរស់នៅ បង្កើនការដឹងខ្លួនជាប់ជានិច្ចខាងផ្នែកសុវត្ថិភាព នោះលោកអ្នក ច្បាស់ជាស្ថិតនៅឆ្ងាយពីមេរោគមិនខាន៕
ប្រភព៖ សារព័ត៌មានបរទេស

ព័ត៌មានសំខាន់! រកឃើញ អ្នកជំនាញខាងជំងឺឆ្លងជនជាតិអាមេរិកម្នាក់ ធ្វើការនៅក្នុងទីក្រុងប៉េកាំង ត្រូវ លោក ត្រាំ កោះហៅឱ្យមកប្រទេសវិញ មុនពេលចិនកើតវិបត្តិ “កូវីដ-19” រាតត្បាត
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានជួបនឹងលោកស្រីវេជ្ជបណ្ឌិត លីនដា ឃ្វិក(Linda Quick) អ្នកជំនាញការផ្នែកជំងឺរាតត្បាត ប្រចាំនៅស្ថាប័ន CDC សហរដ្ឋអាមេរិក ដែលបានបំពេញតួនាទីផ្ដល់ការអប់រំដល់អ្នកជំនាញជំងឺរាតត្បាតជនជាតិចិន ដែលនៅសុខៗ មិនប៉ុន្មានខែមុនកើតវិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី ស្រាប់តែលោកស្រី ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិក កោះហៅឱ្យត្រឡប់ទៅប្រទេសអាមេរិកវិញ និងមិនមានការបញ្ជូនអ្នកថ្មីទៅជំនួស ដែលបន្ទាប់ពីនោះមក មេរោគវីរុសកូវីដ-19 បានក្លាយជាមហាគ្រោះថ្នាក់លំដាប់ពិភពលោកនៅក្នុងថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងមេរោគនេះចុងក្រោយបំផុតចំនួន 333,966នាក់ និងស្លាប់សរុប 14,606នាក់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី23មិនា)ថា រ៉យទ័របានទទួលព័ត៌មានមកថា អ្នកជំនាញខាងជំងឺរាតត្បាតលំដាប់លេខ1 របស់មជ្ឈមណ្ឌលគ្រប់គ្រងរោគ និងការការពារនៃសហរដ្ឋអាមេរិក(Centers for Disease Control and Prevention ឬ CDC) គឺលោកស្រីវេជ្ជបណ្ឌិត លីនដា ឃ្វិក(Dr. Linda Quick ) ត្រូវបានកោះហៅឱ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញ នៅខែកក្កដា ឆ្នាំមុន មិនប៉ុន្មានខែ មុនកើតការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើងនៅក្នុងប្រទេសចិន។
ទាំងអស់នេះ ប្រភពព័ត៌មាន 4រូប ដែលស្និទ្ធនឹងលោកស្រីវេជ្ជបណ្ឌិត លីនដា បានបង្ហើបឱ្យដឹងថា លោកស្រី លីនដា មានតួនាទីជាអ្នកផ្ដល់ការអប់រំដល់អ្នកជំនាញការផ្នែកជំងឺរាតត្បាតរបស់ចិននៅក្នុងទីក្រុងប៉េកាំង ដែលក្រោយមក បណ្ដាអ្នកជំនាញការជនជាតិចិនទាំងនោះត្រូវបានបញ្ជូនទៅចំណុចកណ្ដាលនៃការឆ្លងរាលដាល(ទីក្រុងវូហាន) ដើម្បីជួយតាមដាន ស៊ើបសួរ និងគ្រប់គ្រងជំងឺឆ្លង។
ដោយករណីជំងឺបណ្ដាលពីវីរុសកូរ៉ូណាប្រភេទថ្មី បានកើតឡើងដំបូងបំផុតនៅក្នុងខែវិច្ឆិកា ឆ្នាំមុន។
ក្រោយពីមានការឆ្លងរាលដាលកាន់តែខ្លាំងឡើង រដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាចេញមកចោទប្រកាន់ថា ខាងក្រុងប៉េកាំងបានលាក់បាំងព័ត៌មាន និងមិនបានបញ្ជូនអ្នកជំនាញការផ្នែកជំងឺរាតត្បាតរបស់ខ្លួនចូលទៅក្នុងប្រទេសចិន ដើម្បីជួយទប់ស្កាត់ឡើយ។
លោក ប៉ៅ ពីង ហ្ស៊ូ(Bao-Ping Zhu) អ្នកជំនាញការផ្នែកជំងឺរាតត្បាតជនជាតិអាមេរិក ដើមកំណើតចិន ដែលបានបំពេញតួនាទីនោះដោយបានទទួលការគាំទ្រពីស្ថាប័ន CDC ក្នុងអំឡុងឆ្នាំ2007-2011 បានទទួលស្គាល់ថា “វាជារឿងរញ្ជួយចិត្តខ្លាំងណាស់ ដែលត្រូវទ្រាំឈរមើលហេតុការណ៍អាក្រក់កើតឡើង” និងបានបន្ថែមទៀតថា “បើសិនមាននរណាម្នាក់ស្ថិតនៅទីនោះ ប្រហែលជាមន្ត្រីសុខាភិបាល និងរដ្ឋបាលទូទាំងពិភពលោក អាចធ្វើអ្វីបានច្រើនជាងនេះ…”
ទាំងអស់នេះ គេបានដឹងថា លោកស្រី លីនដា គឺជាបេះដូងសំខាន់ក្នុងការធ្វើជាភ្នែកជាច្រមុះឱ្យសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត សម្រាប់ការឆ្លងរាតត្បាតមេរោគកូវីដ-19 និងយ៉ាងហោចណាស់ ក៏អាចចេញមកប្រកាសប្រាប់អំពីគ្រោះភ័យដែលនឹងកើតឡើង ឱ្យបានដឹងមុនជាច្រើនសប្ដាហ៍ដែរ។
រ៉យទ័រ បានចង្អុលបង្ហាញថា គ្មានអ្នកជំនាញការផ្នែកជំងឺរាតត្បាតជនជាតិបរទេសណាម្នាក់ត្រូវបានបញ្ជូនចូលទៅធ្វើការជំនួសក្នុងគ្រោងការនោះ បន្ទាប់ពីលោកស្រី លីនដា បានធ្វើដំណើរត្រឡប់ចេញមកពីប្រទេសចិននៅក្នុងកក្កដានោះឡើយ ដោយលោក ហ្ស៊ូ បាននិយាយថា អ្នកជំនាញការដែលបានចុះធ្វើការនៅក្នុងតំបន់ អាចរៀនយល់ដឹងពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនោះបានលឿនជាង បន្ទាប់ពីបានសាងសម្ព័ន្ធភាពជាមួយអ្នកជំនាញការចិនហើយ។
ការធ្វើដំណើរត្រឡប់ទៅប្រទេសវិញរបស់លោកស្រីវេជ្ជបណ្ឌិត លីនដា បានកើតឡើងកណ្ដាលជម្លោះខាងពាណិជ្ជកម្មរវាងប្រទេសចិនជាមួយសហរដ្ឋអាមេរិក ជាអំឡុងពេលដែលលោកស្រី លីនដា ឃ្វិក បានដឹងថា “គ្រោងការអប់រំផ្នែកជំងឺរាតត្បាតខាងការប្រតិបត្តិសហរដ្ឋអាមេរិក” (U.S Field Epidemiology Training Program) នឹងមិនទទួលបានការបន្តអាយុពីរដ្ឋបាលសហរដ្ឋអាមេរិកទៀតទេនៅក្នុងខែកញ្ញា ខណៈដែលប្រភពព័ត៌មានបានឱ្យដឹងថា CDC សហរដ្ឋអាមេរិក បានដឹងជាលើកដំបូងអំពីការកើតករណីជំងឺរលាកសួត ចំនួន 27ករណី តែមិនបានដឹងប្រភពថា មកពីទីក្រុងវូហានឡើយនៅថ្ងៃទី31 ធ្នូ ឆ្នាំមុន។
(សូមរង់ចាំអានវគ្គបន្តនៅថ្ងៃស្អែក)
ប្រភព៖ សារព័ត៌មានបរទេស

មនុស្សជាង1ពាន់លាននាក់ ត្រូវបង្ខំ និងស្នើឱ្យនៅតែក្នុងផ្ទះ ដោយសារវីរុស COVID-19
មនុស្សប្រមាណជាជាង 1ពាន់លាននាក់ នៅក្នុងប្រទេស និងដែនដីជាង50 ត្រូវបានបង្ខំ និងស្នើឱ្យនៅក្នុងផ្ទះ ខណៈដែលរដ្ឋាភិបាលចាត់វិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា COVID-19។
យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន34ក្នុងពិភពលោក ដែលមានប្រជាជនជាង659លាននាក់ បានចាត់វិធានការដាក់បម្រាមគោចរ និងស្នើឱ្យពលរដ្ឋនៅក្នុងផ្ទះ ខណៈដែលវីរុស COVID-19 កាន់តែឆ្លងរាលដាលខ្លាំងនៅស្ទើរគ្រប់ទិសទីលើភពផែនដី។ បណ្ដាប្រទេសដែលបានចាត់វិធានការក្ដៅខាងលើនេះ ក៏មានប្រទេសបារាំង អ៊ីតាលី អាហ្សង់ទីន រដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់ និង រវ៉ាន់់ដាផងដែរ។
ក្រិកគឺជាប្រទេសថ្មីបំផុតដែលទើបបានដាក់បម្រាមគោចរ បង្ខំឱ្យពលរដ្ឋនៅក្នុងផ្ទះ ហើយបទបញ្ជានេះ មានសុពលភាពចាប់ពីព្រឹកមិញនេះ។ ប្រទេសកូឡុំប៊ី នឹងដាក់បម្រាមគោចរដោយបង្ខំ ចាប់ពីថ្ងៃទី24មីនា និងប្រទេស នូវែលហ្សេឡង់ ក៏អនុវត្តបទបញ្ជាដូចគ្នានេះ ចាប់ពីថ្ងៃទី25មីនា។ យ៉ាងណាក៏ដោយ ក៏នឹងនៅតែមានករណីលើកលែងខ្លះ ដូចជា ការធ្វើដំណើរទៅក្រៅដើម្បីទិញសម្ភារចាំបាច់ ឬទៅធ្វើការចាំបាច់ជាដើមផងដែរ។
យ៉ាងតិចណាស់ក៏មានប្រទេសចំនួន4 ដែលមានប្រជាជនច្រើនជាង228លាននាក់ រួមមានអ៊ីរ៉ង់ អាល្លឺម៉ង់ និងអង់គ្លេសជាដើម បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន នៅតែក្នុងផ្ទះ និងកាត់បន្ថយការជួបផ្ទាល់ជាមួយអ្នកដទៃ។
មានប្រទេស និងដែនដីយ៉ាងហោចចំនួន10 ដែលមានប្រជាជនសរុបជាង 117លាននាក់ បានចេញបទបញ្ជាហាមធ្វើដំណើរនៅពេលយប់។ វិធានការទាំងនេះ ត្រូវបានអនុវត្តនៅក្នុងប្រទេស ប៊ូគីណាហ្វាសូ ប្រទេសឈីលី រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន ប្រទេសស៊ែប៊ី និងប្រទេសម៉ូរីតានី ខណៈដែលប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតនឹងអនុវត្តបទបញ្ជានេះ ចាប់ពីយប់នេះតទៅ រហូតដល់មានបទបញ្ជាថ្មី។
ក្រៅពីនេះក៏នៅមានតំបន់ និងទីក្រុងជាច្រើនទៀតដែលចាត់វិធានការដូចខាងលើ មានដូចជាទីក្រុងអាល់ម៉ាទីរបស់ប៊ុលហ្គារី ទីក្រុងណឺរស៊ុលតង់របស់ប្រទេសកាហ្សាក់ស្ថាន ទីក្រុងបាគូនៃប្រទេសអាហ្សែបែហ្សង់ រដ្ឋអូហៃអូ រដ្ឋល្វីសសាណា រដ្ឋដេឡាវ៉ារ និងរដ្ឋភីឡាដិលភានៃសហរដ្ឋអាមេរិកជាដើម ដោយមានប្រជាជនសរុបជិត30លាននាក់។
វីរុស COVID-19 មកដល់បច្ចុប្បន្ន មានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន192 នៅទូទាំងពិភពលោក បន្ទាប់ពីបានឆ្លងរាលដាលនៅប្រទេសចិន ចាប់ពីខែធ្នូ ឆ្នាំ2019។ រោគរាតត្បាតនេះ បានធ្វើឱ្យមនុស្សជាង 360,524នាក់បានកើតជំងឺ និងជាង 15,490បានបាត់បង់ជីវិត ខណៈជាង 11,649នាក់ កំពុងប្រឈមនឹងការស្លាប់៕



ប្រភព៖ សារព័ត៌មានបរទេស

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ ចូលព្យាបាលនៅមន្ទីរពេទ្យ ដោយសារឆ្លងមេរោគផ្លូវដង្ហើម
ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ Carmen Calvo បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារឆ្លងមេរោគផ្លូវដង្ហើម និងកំពុងរង់ចាំលទ្ធនៃការធ្វើតេស្តរកវីរុស COVID-19។
“ឧបនាយករដ្ឋមន្ត្រី បានមកកាន់មន្ទីរពេទ្យកាលពីល្ងាចម្សិលមិញ ហើយក្រោយពីបានធ្វើតេស្តរកមេរោគ ក្រុមគ្រូពេទ្យបានស្នើឱ្យលោកស្រីនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ព្រោះពិនិត្យឃើញថា លោកស្រីមានមេរោគក្នុងផ្លូវដង្ហើម” នេះបើតាមសេចក្ដីប្រកាសកាលពីម្សិលមិញរបស់រាជរដ្ឋាភិបាលអេស្ប៉ាញ។
លោកស្រី Calvo អាយុ63ឆ្នាំ ត្រូវបានធ្វើតេស្តរកមេរោគ COVID-19 រួចហើយ ចំណែកលទ្ធផលយ៉ាងណានោះ នឹងត្រូវបានប្រកាសបន្ទាប់ពីទទួលបានរបាយការណ៍ផ្លូវការពីក្រុមគ្រូពេទ្យ។
វីរុស COVID-19 មកដល់បច្ចុប្បន្ន មានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន192 នៅទូទាំងពិភពលោក បន្ទាប់ពីបានឆ្លងរាលដាលនៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ រោគរាតត្បាតនេះ បានធ្វើឱ្យមនុស្សចំនួនជាង 358,060នាក់បានកើតជំងឺ និងជាង 15,427បានស្លាប់។

ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកស្រី Carmen Calvo អេស្ប៉ាញ បច្ចុប្បន្នមានអ្នកឆ្លងមេរោគកូរ៉ូណាចំនួនជាង 33,089នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 2,206នាក់។ មុននេះ រដ្ឋមន្ត្រីក្រសួងសមធម៌អេស្ប៉ាញ លោក Irene Montero ក៏បានឆ្លងវីរុស COVID-19នេះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស

គ្រូបង្រៀនម្នាក់ ត្រូវចូលទៅព្រៃជ្រៅ ដើម្បីបង្រៀនសិស្សតាមអនឡាញ ព្រោះតែ COVID-19
ជារៀងរាល់ព្រឹក អ្នកគ្រូ Liao Xiaolan អាយុ40ឆ្នាំ តែងតែនាំយកតុ កៅអី កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀត ធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅ ដែលមានចម្ងាយប្រហែល1គីឡូម៉ែត្រពីផ្ទះ ដើម្បីបង្រៀនសិស្សាតាមអនឡាន។
Liao Xiaolan ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រនៃសាលាមធ្យមសិក្សាមួយនៅក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន បានមកសួរសុខទុក្ខឪពុកម្ដាយ នៅតំបន់ភ្នំ Jinggang កាលពីរដូវចូលឆ្នាំចិនកន្លងទៅ។ នៅដើមខែកុម្ភៈ បន្ទាប់ពីមានមនុស្ស2នាក់បានឆ្លងវីរុស COVID-19 ភូមិរបស់ Liao ក៏ត្រូវបានគេដាក់បម្រាមគោចរ ធ្វើឱ្យនាង និងប្ដី ត្រូវជាប់នៅក្នុងតំបន់ Jinggang។
តាមការប្រកាសរបស់សាលាដែលនាងធ្វើការ គ្រូបង្រៀនទាំងអស់ ត្រូវចាប់ផ្ដើមបង្រៀនសិស្សតាមអនឡាញចាប់ពីថ្ងៃទី10កុម្ភៈ ដូចទៅនឹងសាលាផ្សេងៗក្នុងប្រទេសចិន។ ប្រការនេះ បង្កផលលំបាកដល់នាង ព្រោះផ្ទះឪពុកម្ដាយរបស់នាង ត្រូវព័ន្ធជុំវិញទៅដោយភ្នំខ្ពស់ៗ ធ្វើឱ្យនាងពិបាកប្រើប្រាស់អ៊ីនធើណិត។ Liao មិនអាចត្រឡប់ទៅ Hangzhou ហើយក៏មិនអាចចេញទៅទីរួមស្រុកដែលនៅជិតនោះ ដើម្បីប្រើអ៊ីនធើណិតបានដែរ។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកគ្រូ Liao ក៏បានកែច្នៃប្រព័ន្ធចាប់សញ្ញាអ៊ីធើណិត ដោយប្រើដើមឫស្សី ខ្សែភ្លើង និងបន្ទះសៀគ្វី (Printed circuit board)។ ប្ដីរបស់នាង ដែលជាគ្រូបង្រៀនផ្នែកបច្ចេកទេសនៅឯសាកលវិទ្យាល័យមួយ ក៏ បានជួយរៀបចំផ្នែកបច្ចេកទេសឱ្យនាង។
2ថ្ងៃ មុនពេលចាប់ផ្ដើមបង្រៀនតាមអនឡាញ អ្នកគ្រូ Liao និងប្ដី បានចូលទៅក្នុងព្រៃតាំងពីព្រលឹម ដើម្បីស្វែងរកកន្លែងដែលអាចចាប់សញ្ញាអ៊ីនធើណិតបានល្អ។ នៅពេលរសៀល ពួកគេក៏បានរកឃើញកន្លែងល្អមួយក្នុងព្រៃជ្រៅ ដែលមានចម្ងាយប្រហែល1គីឡូម៉ែត្រពីផ្ទះរបស់ឪពុកម្ដាយរបស់នាង ជាកន្លែងដែលអាចចាប់សញ្ញាអ៊ីនធើណិតបានល្អជាងគេ។
បើទោះជាមានបទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ ប៉ុន្តែ អ្នកគ្រូ Liao នៅតែមានអារម្មណ៍ភ័យៗ នៅមុនពេលចាប់ផ្ដើមបង្រៀនតាមអនឡាញជាលើកដំបូង។ “ខ្ញុំពិតជាមានការព្រួយបារម្ភ មិនដឹងថា កូនសិស្សនឹងគិតបែបណា នៅពេលឃើញខ្ញុំនៅក្នុងព្រៃបែបនេះ ហើយក៏មិនដឹងថា ឧបករណ៍ចាប់សញ្ញាអ៊ីនធើណិត ដំណើរការល្អ ឬយ៉ាងណានោះដែរ”។
ព្រឹកព្រលឹមថ្ងៃទី10 ខែកុម្ភៈ នៅពេលសន្សើមនៅគ្របដណ្ដប់កំពូលភ្នំនៅឡើយ អ្នកគ្រូ Liao បានទៅដល់កន្លែងធ្វើការរបស់នាង ដោយអង្គុយនៅក្រោមដើមឈើតូចធំ ដើម្បីបង្រៀនតាមអនឡាញដល់សិស្សដែលនៅឆ្ងាយពីនាងជាង700គីឡូម៉ែត្រ។
Liu Xuan ដែលជាសិក្សម្នាក់ក្នុងចំណោមសិស្សរបស់អ្នកគ្រូ Liao បានឱ្យដឹងថា ខ្លួនមានសាលារៀនខុសពីគេ។ “ពេលខ្ញុំបានឃើញអ្នកគ្រូអង្គុយនៅក្នុងព្រៃនៃតំបន់ភ្នំ ដ៏ស្ងាត់ជ្រងំ ហើយជុំវិញមានសុទ្ធតែស្លឹកឈើជ្រុះដដេរដាសបែបនេះ ខ្ញុំអាណិតអ្នកគ្រូខ្លាំងណាស់”។
រាល់ពេលដែលបានបញ្ចប់ការបង្រៀននៅក្នុងបរិយាកាសត្រជាក់នៃរដូវរងា ជើងទាំង2របស់អ្នកគ្រូ Liao ក៏តែងតែស្ពឹកស្រពន់ រឹងអស់ចង្កេះ ស្ទើរដើរលែងរួច។ អ្នកគ្រូរូបនេះ បានបន្តការបង្រៀនតាមអនឡានបែបនេះ រហូតដល់ចុងខែកុម្ភៈ ហើយក៏បានត្រឡប់ទៅកាន់ Hangzhou នៅដើមខែមីនា និងបានបន្តបង្រៀនតាមអនឡាញនៅទីនោះ។ អ្នកគ្រូ Liao បានវាយតម្លៃខ្ពស់ទៅលើការបង្រៀន និងរៀនតាមអនឡាញ នៅក្នុងករណីពិសេស និងចាំបាច់បែបនេះ ប៉ុន្តែ អ្នកគ្រូបាននិយាយថា វាហាក់ខ្វះអន្តរកម្ម ពោលគឺខ្វះទំនាក់ទំនងស៊ីជម្រៅ និងពិបាកយល់គ្នាទៅវិញទៅមក។អ្នកគ្រូ Liao បន្តថា “ការបង្រៀនតាមអនឡាញ វាពិបាកបន្តិចមែន ប៉ុន្តែ បើធៀបនឹងភារកិច្ចរបស់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកាចសាហាវ COVID-19 វិញ កិច្ចការរបស់ខ្ញុំ គឺជាការរួមចំណែកដ៏តូចល្អិតមួយតែប៉ុណ្ណោះ។
មកដល់ថ្ងៃទី23មីនា រោគរាតត្បាត COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន192 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង 343,000នាក់ ត្រូវឆ្លងមេរោគ និងជាង 14,700នាក់បាត់បង់ជីវិត។ ប្រទេសចិន មកដល់បច្ចុប្បន្ន បានរកឃើញអ្នកឆ្លង COVID-19 ចំនួនជាង 81,000នាក់ ក្នុងនោះមានជាង 3,200នាក់បានស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស

អត់ចប់!! ចិនចំអកអាមេរិកថា “កុហកទាំងមុខក្រាស់”…ទាំង 2នាក់ នៅមិនទាន់ឈប់ថ្កោលទោសគ្នា រឿងវីរុស COVID-19 ឆ្លងរាលដាលក្រៅវូហាន
សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃសុក្រ(ទី20មីនា) នៅតែបើកសង្គ្រាមពាក្យសម្ដីដាក់គ្នា ពាក់ព័ន្ធនឹងមេរោគវីរុស COVID-19 ជាបន្តបន្ទាប់ ដោយក្រុងប៉េកាំង បានចេញមកស្រែកឡូឡាដាក់ លោក ម៉ៃក៍ ប៉ុមប៉េអូ ថា “និយាយកុហកទាំងមុខក្រាស់” ក្រោយពីរដ្ឋមន្ត្រីការបរទេសរបស់អាមេរិករូបនេះ បានអះអាងថា ចិនយឺតយ៉ាវក្នុងការប្រកាសព្រមានអំពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 និងបណ្ដោយឱ្យមនុស្សរាប់សែននាក់ធ្វើដំណើរចេញពីទីក្រុងវូហាន យកមេរោគមកចម្លងចូលប្រទេសផ្សេងទៀត…។
ក្នុងអំឡុងផ្ដល់សម្ភាសជាមួយ Fox News លោក ប៉ុមប៉េអូ បានបញ្ជាក់ថា ក្រុងប៉េកាំង បានខាតពេលវេលាដ៏មានតម្លៃអស់ជាច្រើនថ្ងៃ ចាប់តាំងពីរកឃើញការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីដ៏គ្រោះថ្នាក់នេះ និងបណ្ដោយឱ្យមនុស្សម្នារាប់សែននាក់ធ្វើដំណើរចេញពីទីក្រុងវូហាន ប្រភពចម្លងមេរោគដ៏ធំ ឆ្ពោះទៅប្រទេសផ្សេងៗ ក្នុងនោះមានទាំងប្រទេសអ៊ីតាលី ដែនដីដែលខណៈពេលនេះ កំពុងមានអ្នកស្លាប់ដ៏ច្រើនបំផុតក្នុងពិភពលោក…។
“បក្សកុម្មុយនីស្តចិន ធ្វើមិនត្រឹមត្រូវ និងបាននាំជីវិតមនុស្សដ៏ច្រើនមហាសាល ទៅស្ថិតក្នុងក្ដីប្រថុយប្រថាន ដោយសារតែការឆ្គាំឆ្គងរបស់ខ្លួន…” លោក ប៉ុមប៉េអូ បានថ្លែងយ៉ាងដូច្នេះ។
លោកស្រី ហួ ឈុនយីង អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានបង្ហាញភាពក្ដៅក្រហាយ ចំពោះសម្ដីរបស់លោក ប៉ុមប៉េអូ ខាងលើ ដោយបានសរសេរនៅលើបណ្ដាញសង្គមធ្វីតធើរជាភាសាអង់គ្លេសថា “ឈប់និយាយកុហកទាំងមុខក្រាស់ទៀតទៅ!”។
“ដូចដែលអ្នកជំនាញការរបស់អង្គការសុខភាពពិភពលោកបាននិយាយរួចហើយថា ការព្យាយាមរបស់ចិន បានធ្វើឱ្យមនុស្សជាច្រើនសែននាក់ រួចផុតពីការឆ្លងមេរោគ” លោកស្រីបានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធើរ ដោយបានបញ្ជាក់ទៀតថា ចិនបានប្រាប់ទៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់វីរុស COVID-19 នេះជាលើកដំបូង តាំងពីថ្ងៃទី3 មករា តែក្រសួងការបរទេសអាមេរិក ទើបតែប្រកាសប្រាប់ពលរដ្ឋអាមេរិកនៅក្នុងទីក្រុងវូហាន នៅថ្ងៃទី15 មករា “ហើយពេលនេះ មកបន្ទោសថា ចិនជាដើមកំណើតនៃភាពយឺតយ៉ាវ?! តើច្បាស់ក្នុងចិត្តហើយឬ?!”យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញមកឆ្លើយតប តាមរយៈប្រព័ន្ធធ្វីតធើរដូចគ្នាភ្លាមៗថា “នៅថ្ងៃទី3 មករា ក្រុមមន្ត្រីចិន បានចេញបញ្ជាឱ្យ “កម្ទេចសំណាកគំរូមេរោគវីរុស COVID-19” ដើម្បីបំបិទមាត់ពួកពេទ្យវូហាន និងកាត់ផ្ដាច់ក្ដីកង្វល់ព្រួយរបស់ប្រជាជននៅលើប្រព័ន្ធព័ត៌មានអនឡាញ។ ហួ និយាយត្រូវ ដែលថា ពិភពលោកត្រូវតែពិចារណាពីកម្រិតពេលវេលាទាំងនោះយ៉ាងល្អិតល្អន់”។
សម្ព័ន្ធភាពដែលមានភាពតានតឹងកាលពីពេលមុនស្រាប់ហើយ រវាងប្រទេសមហាអំណាចទាំង2 នោះ អាចនឹងត្រូវទាញទម្លាក់ឱ្យកាន់តែអាក្រក់ឡើងទៀត ដោយសារវិបត្តិរោគឆ្លងរាតត្បាតដ៏ធំនេះ ដែលមើលទៅហាក់ដូចជា ចិនអាចគ្រប់គ្រងវាបានហើយ តែជ្រុងម្ខាងទៀតនៃពិភពលោក វីរុស COVID-19 កំពុងតែបង្កភាពស្មុគស្មាញយ៉ាងខ្លាំងក្លាដល់ជីវិតរស់នៅរបស់មនុស្សភាគច្រើនក្នុងពិភពលោកមួយនេះ ហើយរហូតមកដល់បច្ចុប្បន្ន មានអ្នកស្លាប់រួចហើយច្រើនជាង 1ម៉ឺននាក់ទូទាំងពិភពលោក។
កាលពីសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក បានកោះហៅឯកអគ្គរដ្ឋទូតចិនចូលជួប ដើម្បីតវ៉ា ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានសរសេរនៅលើធ្វីតធើរ បង្ហាញពីទ្រឹស្ដីចេតនាសមគំនិត ដោយជឿថា ទាហានអាមេរិកកាំង គឺជាអ្នកនាំមេរោគវីរុសចូលទៅក្នុងទីក្រុងវូហាន។សំណេរនៅលើធ្វីតធ្វើរនោះ បានធ្វើឱ្យលោកប្រធាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំង រួចហើយលោក ត្រាំ ក៏បានប្រើពាក្យសម្ដីបញ្ឆេះកំហឹងអំពីចិនដូចគ្នា ក្រោយពីហៅវីរុស COVID-19 ថា ជា “វីរុសចិន”៕
ប្រភព ៖ សារព័ត៌មានបរទេស