Tag: សុខភាព

  • COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

    COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

    ប្រទេស​ហៃទី៖ ប្រធាន​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំ​ៗនៅ​ប្រទេស​ហៃ​ទី​ ​ត្រូវ​បាន​គេ​ចាប់​ជំរិត​ នាំ​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត ផ្អាក​​ទទួល​ព្យាបាល​អ្នក​ជំងឺ​ថ្មី​ ខណៈ​ដែល​មេរោគ​COVID-19 កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​។

    លោក​ Jerry Bitar ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់ ត្រូវ​បាន​គេ​ចាប់​ជំរិត​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​តំបន់​ប្រជុំ​ជន ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ធ្វើ​ការ​នៅ​ឯមន្ទីរ​ពេទ្យ​ Bernard Mevs ក្នុង​រដ្ឋ​ធានី Port-au-Prince។

    មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​ Bernard Mevs ដើម្បី​សម្ដែង​សាមគ្គី​ភាព​ជាមួយ​នឹង​លោក​វេជ្ជ​បណ្ឌិត​ Bitar ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​នេះ​ជាមួយ​នឹង​បងប្អូន​ភ្លោះ​របស់​លោក​។ បុគ្គលិក​ទាំង​អស់​របស់​លោក Bitar បាន​នាំ​គ្នា​អង្វរ​ករ សូមឱ្យ​ដោះ​លែង​អ្នក​ដឹក​នាំ​របស់​ពួកគេ​។ សារ​ព័ត៌មាន​ក្នុង​ស្រុក​ក៏បាន​ចេញ​ផ្សាយ​ ដោយ​ការ​អង្វរ​ ទទូច​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ផងដែរ​។

    “នៅ​ក្នុង​ស្ថាន​ភាព​នៃ​វិបត្តិ​សុខ​ភាព​នេះ ការ​ចាប់​ជំរិត​វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ​​ គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់​។ ខ្ញុំ​ស្នើ​ឱ្យ​ដោះ​លែង​គាត់​ដោយ​មិន​មាន​លក្ខខណ្ឌ​”។ នេះ​ជា​សម្ដី​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ Jean Wilguens Charles ដែល​មាន​មិត្ត​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Bernard Mevsនេះ​។

    ផែន​ទីនៃ​ទី​តាំង​​ប្រទេស​ហៃទី(Hiti)

    ជំនួយ​ការ​ Claude Devil បាន​ឱ្យ​ដឹង​ថា​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​អ្នក​ជំងឺ​ទាំង​អស់ មិន​ថា​ជា​អ្នក​មាន​ ឬអ្នក​ក្រ​គ្មាន​ប្រាក់​នោះ​ទេ​។ ក៏ប៉ុន្តែ ពេល​នេះ​ពួក​គេ​មិន​អាច​ទទួលព្យាបាល​​អ្នក​ជំងឺ​បន្ថែម​ទៀត​នោះ​ឡើយ​​ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​នៅ​តែ​បន្ត​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នេះ​។ មា​អ្នក​ជំងឺ​មួយ​ចំនួន​ ត្រូវ​ការ​វះកាត់​ ប៉ុន្តែ​ក្រុម​វេជ្ជ​បណ្ឌិត​មិន​ហ៊ាន​សម្រេច​ចិត្ត​។

    អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​សុខាភិបាល​ប្រទេស​ហៃ​ទី(Hiti)បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ប្រទេស​នេះ​កំពុង​ដុត​ដៃ​ដុត​ជើង​ ស្រាវជ្រាវ​តាម​ចាប់​អ្នកដែល​នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​លោក​វេជ្ជ​បណ្ឌិត​ Jerry Bitar។

    ករណី​ចាប់​ជំរិតទារ​ប្រាក់​នៅ​ប្រទេស​ហៃ​ទី​ ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ច្រើន ក្នុង​ពេល​​ដែល​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​​សេដ្ឋ​កិច្ចផង និង​នយោបាយ​​ផង។ យោង​តាម​ធនាគារ​ពិភពលោក ហៃ​ទី​ជា​ប្រទេស​ក្រី​ក្រ​បំផុត​នៅ​ទ្វីប​អាមេរិក​។ សមត្ថកិច្ច​ហៃទី​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែមករា​ឆ្នាំ​នេះ មាន​ករណី​ចាប់​ជំរិត​ដល់​ទៅ​15​ករណី​។ ក្រុម​ជន​ពាល​ទាំង​នេះ ធ្វើ​សកម្ម​ភាព​​មិន​រើស​មុខនោះ​ទេ​ ដោយ​ពួកគេ​ចាប់​ជំរិត​ទាំង​​អ្នកជំនួញ បុគ្គលិក​ក្រុម​មនុស្ស​ធម៌បរទេស និង​តំណាង​រាស្ត្រ​ ហើយ​សូម្បី​តែ​សិស្ស​សាលា​ក៏​ពួក​វា​មិន​លើក​លែង​ដែរ​។

    ពលរដ្ឋ​នាំ​គ្នា​អង្វរករ​ សុំ​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​

    គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ហៃ​ទី​ បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ត្រឹម​តែ​8​ករណី​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ Jovenel Moise កាលពីសប្ដាហ៍​មុន​បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ និង​ស្នើ​ឱ្យ​បិទ​សាលា​រៀន រោង​ចក្រ រួម​នឹង​កន្លែង​គោរព​បូជា​សាសនា​ផងដែរ​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​របស់​វីរុស៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

    Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​ទំហំ​2.2​លាន​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ និង​កម្មករ​អាមេរិកាំង​ដែ​ល​ជួប​ការ​លំបាក​ដោយ​សារ​វីរុស​COVID-19។

    “ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណ​រដ្ឋ ដែល​បាន​សាមគ្គី​គ្នា​ និង​យក​ប្រទេស​ជាតិ​ជា​ធំ​” ប្រធានាធីបតី​សហរដ្ឋ​អាមេរិក​ Donald Trump មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​27​មីនាកន្លង​ទៅ​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ខាង​លើ​។ លោក​បន្ថែម​ថា “យើង​ត្រូវ​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ដោយ​សត្រូវ​លាក់​មុខ​។ ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា យើង​នឹង​ងើប​ឡើង​វិញ​បានយ៉ាង​ឆាប់​រហ័ស​”។

    នៅ​មុន​ពេល​ចុះ​ហត្ថលេខា លោក Trump បាន​លើក​តម្កើង​អំពី​ទំហំ​នៃ​​កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​2លាន​លាន​ដុល្លារ​នេះ​។ “កន្លង​មក ខ្ញុំ​មិនដែល​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​មួយ​ដែល​មាន​អក្សរ​លានលាន​ដូច្នេះ​នោះ​ទេ​”។

    មុន​នេះ កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេបង្អស់់ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋ​អាមេរិក​នា​សម័យ​នេះ ក៏ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​សភា​ជាន់​ខ្ពស់​អាមេរិកាំង​រួច​ហើយ។ កញ្ចប់​ថវិកា​នេះ​នឹង​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​ និង​ជួយ​កាត់​បន្ថយ​អត្រា​បាត់​បង់​ការ​ងារ​ ព្រម​ទាំង​ផ្ដល់​ជំនួយ​ជា​សាច់​ប្រាក់​សុទ្ធ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​រង​គ្រោះ​ព្រោះ​វីរុស​COVID-19។

    អ្វី​ដែល​ពល​រដ្ឋ​អាមេរិកាំង​មាន​ការ​សប្បាយ​ចិត្ត​ជាង​គេ​នោះ​គឺ​ ​​គម្រោង​ជំនួយ​ផ្ទាល់​ដល់​ប្រជា​ជន​។ ក្នុង​គម្រោង​ជំនួយ​នេះ ពលរដ្ឋ​ណា​ដែល​មាន​ចំណូល​ទាប​ជាង​75,000​ដុល្លារ​ក្នុង​1ឆ្នាំ​ នឹង​ទទួល​បាន​ប្រាក់​សុទ្ធ​ 1,200​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។

    មន្ទីរ​ពេទ្យ​នានា​នឹង​ទទួល​បាន​ជំនួយសរុប​ ​100​​ពាន់​លាន​ដុល្លារ​ពី​កញ្ចប់​ជំនួយខាង​លើ។​ ចំណែក​ក្រុម​ហ៊ុន​តូចៗ​នឹង​ទទួល​បាន​ទឹក​ប្រាក់​សរុប​ 350​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ធំ​ៗដែល​រួម​ទាំង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និង​ក្រុម​ហ៊ុន​នាវា​ទេសចរណ៍​ នឹង​ទទួល​បាន​ជំនួយ​សរុប​ 500​ពាន់​លាន​ដុល្លារ។ ចំណែក​150​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ទុក​សម្រាប់​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​របស់​រដ្ឋ​នីមួយ​ៗ រួម​នឹង​​តំបន់​​មូលដ្ឋាន​ផងដែរ។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopskins ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​27មីនាបាន​កើន​16,961​ករណី​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ឡើង​ដល់​ 102,936​​ករណី​ ក្នុង​នោះ​អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​ 1,607​ករណី ពោល​គឺ​កើន​312​ករណី​ បើធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​​ ធំជាង​គេ​បង្អស់​នៅ​ទូទាំង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក កើន​លើស​100,000​នាក់​

    COVID-19! ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក កើន​លើស​100,000​នាក់​

    សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​វីរុស​COVID-19 ជាង​100,000​នាក់ កើន​ជិត​17,000​នាក់​ បើ​ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopskins បាន​ឱ្យ​ដឹង​ថា តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី​27​មីនា បាន​កើន​16,961​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​ឡើង​ដល់​102,936​នាក់​។ ចំនួន​អ្នក​ស្លាប់​ថ្មីដោយ​សារ​វីរុស​កូរ៉ូណា​នេះ កើន​312​នាក់​បន្ថែម​ទៀត​ ដូច្នេះ​ចំនួន​អ្នក​ស្លាប់​សរុប​​នៅ​សហរដ្ឋ​អាមេរិក​ ឡើង​ដល់​1,607​នាក់​។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​593,952​នាក់ ក្នុង​នោះ​មាន​27,341​នាក់​បាន​បាត់​បង់​ជីវិត​ និង​133,057​នាក់​ (ស្មើ​នឹង​22.3%​ នៃ​ចំនួន​អ្នក​ឆ្លង​មេរោគសរុប​) បាន​ជា​សះស្បើយ​។ ចំណែក​អ្នក​ជំងឺ​ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ មាន​ចំនួន​ដល់​ទៅ​ 23,519​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! មនុស្ស​ជាង​27,000​នាក់ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​ថ្មី នៅ​ទូទាំង​ពិភពលោក​

    COVID-19! មនុស្ស​ជាង​27,000​នាក់ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​ថ្មី នៅ​ទូទាំង​ពិភពលោក​

    តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​តែ​បន្ត​កើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក និងអឺរ៉ុប ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​ កើន​ដល់​27,215​នាក់​ ក្នុង​ចំណោមអ្នក​ឆ្លង​មេរោគ ​593,656​នាក់​។

    COVID-19 បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​199​ នៅ​ទូទាំង​សកល​លោក​ ក្នុង​នោះ​ចំនួន​ករណី​ឆ្លង​មេរោគ​នៅ​សហរដ្ឋ​អាមេរិក​ កើន​ឡើង​លឿន​ជាង​គេ​ក្នុង​រយៈ​ពេល​24ម៉ោង​កន្លង​ទៅ​នេះ​។ សហរដ្ឋ​អាមេរិក​ រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ 16,419​ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​102,396​ករណី។

    អ៊ីតាលី​៖ អ្នក​ជំងឺ​សរុប​86,498​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​9,134​នាក់។
    ប្រទេស​ចិន៖ អ្នក​ជំងឺ​សរុប 81,340នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​3,292នាក់។
    អេស្ប៉ាញ៖ អ្នក​ជំងឺ​សរុប​65,719 ក្នុង​នោះ​មាន​អ្នក​​ស្លាប់5,138នាក់។
    អាល្លឺម៉ង់៖ អ្នក​ជំងឺ​សរុប50,871 ក្នុង​នោះ​មាន​អ្នក​​ស្លាប់​351នាក់​។
    បារាំង៖ អ្នក​ជំងឺ​សរុប​32,964នាក់ ក្នុង​នោះ​មាន​អ្នក​​ស្លាប់1,995នាក់។
    អ៊ីរ៉ង់៖​ អ្នក​ជំងឺ​សរុប32,332 ក្នុង​នោះ​មាន​អ្នក​​ស្លាប់2,378នាក់។
    អង់គ្លេស៖ អ្នក​ជំងឺ​សរុប​14,543 ក្នុង​នោះ​មាន​អ្នក​​ស្លាប់​759នាក់​។
    ស្វីស៖ អ្នក​ជំងឺ​សរុប12,928នាក់​ ក្នុង​នោះ​មាន​អ្នក​​ស្លាប់231នាក់​។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​593,656​នាក់ ក្នុង​នោះ​មាន​27,215​នាក់​បាន​បាត់​បង់​ជីវិត​ និង​132,526​នាក់​ (ស្មើ​នឹង​22.3%​ នៃ​ចំនួន​អ្នក​ឆ្លង​មេរោគសរុប​) បាន​ជា​សះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • វេជ្ជ​បណ្ឌិត​នៅ​អេស្ប៉ាញ ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​រើស​ “​អ្នក​ជំងឺ​ណាគួរ​​ស្លាប់​ និង​អ្នក​ជំងឺ​ណា​គួរ​រស់​”

    វេជ្ជ​បណ្ឌិត​នៅ​អេស្ប៉ាញ ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​រើស​ “​អ្នក​ជំងឺ​ណាគួរ​​ស្លាប់​ និង​អ្នក​ជំងឺ​ណា​គួរ​រស់​”

    នៅ​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង Madrid វេជ្ជ​បណ្ឌិត​ Bernabeu បាន​ចុះ​ហត្ថលេខា​លើ​លិខិត​​បញ្ជាក់​មរណ​ភាព​ជូន​លោក​តា​ម្នាក់ ហើយ​បាន​ងាក​ទៅ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ម្នាក់​ផ្សេង​ទៀត​ដែល​កំពុង​ដង្ហក់​ ដោយ​ទុក​ឱ្យ​លោក​តា​ម្នាក់​នោះ​​បាត់​បង់ជីវិត​ ដោយ​គ្មាន​ការ​ជួយ​សង្គ្រោះ​។

    “​នៅក្នុង​ស្ថាន​ភាព​ផ្សេង​ លោក​តា​នោះ​នឹង​មាន​ឱកាស​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ជីវិត​។ ក៏ប៉ុន្តែ នៅ​ទី​នេះ​មាន​មនុស្ស​ច្រើន​ហួស​ពេក​ ហើយ​អ្នក​ទាំង​អស់​សុទ្ធ​តែ​កំពុង​ដង្ហក់​​រក​ខ្យល់​ដូច​ៗ​គ្នា​” វេជ្ជ​បណ្ឌិត​ Daniel Bernabeu ធ្វើ​ការ​នៅ​ឯ​មន្ទីរពេទ្យ​ La Paz (ដែល​ជា​មន្ទីរពេទ្យ​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​រាជធានី​ Madrid របស់​ប្រទេស​អេស្ប៉ាញ) បាន​ថ្លែង​ដូច្នេះ​កាល​ពី​ម្សិល​មិញ​។

    វេជ្ជ​បណ្ឌិត​ Bernabeu បាន​ឱ្យ​ដឹង​ថា បន្ទប់​ពិសេស​ទាំង​អស់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​សុទ្ធ​តែ​ចង្អៀត​ណែន ហើយ​ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​ស្នើ​ឱ្យ​ផ្ដល់​អាទិភាព​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​វ័យ​ក្មេង​ ព្រោះ​ថា អ្នក​ជំងឺ​ចាស់​ៗដែល​បាន​ឆ្លង​វីរុស​COVID-19 សុទ្ធ​តែ​មាន​ឱកាស​ជា​សះ​ស្បើយ​តិច​តួច​បំផុត។ អ្នកជំងឺ​ជា​ច្រើន​បាន​ដាច់​ខ្យល់​ស្លាប់​ខណៈ​កំពុងស្ថិត​នៅ​ក្នុង​បន្ទប់​​រង់ចាំ​ មុន​ពេលត្រូវ​បាន​ជួយ​សង្គ្រោះ ព្រោះ​ថា ទាំង​មន្ទីរពេទ្យ ទាំង​បុគ្គលិក​ពេទ្យ​ សុទ្ធ​តែ​ត្រូវ​ធ្វើ​ការ​លើស​ចំណុះដូចគ្នា​។

    នៅ​ឯមន្ទីរពេទ្យ​ La Paz ដែល​មាន​អគារ​ធំៗ​ចំនួន​17​អគារ​ ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់​កាល​ពី​ថ្ងៃទី​24​មីនា មាន​ពេល​ខ្លះ​ត្រូវ​ទទួល​អ្នក​ជំងឺ​រហូត​ដល់​240​នាក់​ ដែល​កំពុង​រង់​ចាំ​ចូល​សម្រាក​ព្យាបាល​។ ក្រុម​គ្រូពេទ្យ​នៅ​ជួរ​មុខ មិន​មាន​ឈុត​ការ​ពារ​ការ​ឆ្លង​មេរោគ​គ្រប់​គ្រាន់​នោះ​ទេ ដោយ​ពួកគេ​ខ្លះ​ពាក់​តែ​អាវ​ធំ​ពី​ក្រៅ​ និង​ពាក់​ម៉ាស់​តែ​ប៉ុណ្ណោះ។ ក្រុម​គ្រូពេទ្យ​ទាំង​នេះ​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្ន​កជំងឺ​ប្រវែង​1ម៉ែត្រ ប៉ុន្តែ​ប្រការ​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ នេះ​ក៏ជា​កត្តា​ដែល​នាំ​ឱ្យ​​បុគ្គលិក​សុខាភិបាល​ប្រមាណជា​4,000​នាក់(ស្មើ​នឹង​12% នៃ​អ្នក​ជំងឺ​សរុប) ​របស់​អេស្ប៉ាញ បាន​ឆ្លង​វីរុសCOVID-19​។

    ប្រទេស​អេស្ប៉ាញ បច្ចុប្បន្ន មាន​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ជិត​58,000​នាក់​ ក្នុង​នោះ​មាន​4,365​នាក់​បាន​បាត់​បង់ជីវិត​ ពោល​គឺ​ខ្ពស់​ជាង​ប្រទេស​ចិន និង​ទាប​ជាង​​​ប្រទេស​អ៊ីតាលី​​មួយតែ​​ប៉ុណ្ណោះ។

    គួរ​រំឭក​ថា កាល​ពី​ថ្ងៃទី​8មីនា នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ លោក Sanchez​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​អេស្ប៉ាញ​ចូល​រួម​ក្នុង​ព្រឹត្ត​ការណ៍​ដ៏​ធំមួយ​ដើម្បី​អបអរ​ថ្ងៃ​សិទ្ធិ​នារី​អន្តរ​ជាតិ​ ដោយ​មិន​អើពើ​ចំពោះ​​បម្រាម​គោចរ​នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ​។

    ព្រឹត្តិការ​ខាង​លើ​នោះ មាន​មនុស្សប្រមាណជា​120,000​នាក់​បាន​ចូល​រួម ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ជា​ច្រើន​រូប រួម​នឹង​លោក​ Sanchez និង​លោក​ស្រី Begona Gomez​ ផងដែរ​។ រាជ​រដ្ឋាភិបាល​អេស្ប៉ាញ​ពេល​នោះ​គិត​ថា ស្ថាន​ភាព​អាសន្ន​រោគ​នៅ​ពេល​នោះ​អាច​គ្រប់​គ្រង​បាន​នៅឡើយ​។ ប៉ុន្តែ Begona Gomez ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​សមធម៌ Irene Montero និង​ឧបនាយក​រដ្ឋមន្ត្រី Carmen Calvo ក៏បាន​ឆ្លង​វីរុស​COVID-19.

    លោក​នាយក​រដ្ឋមន្ត្រី​ Sanchez កាល​ពី​ថ្ងៃទី​15​មីនា បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ប្រទេស​ទាំង​ស្រុង​ និង​ចាប់​ផ្ដើម​ចាត់វិធាន​ការ​ថ្មី​ៗ និង​ខ្លាំង​ក្លា​ជា​បន្ត​បន្ទាប់​។ ក៏ប៉ុន្តែ វា​ហាក់ដូច​ជា​យឺត​ពេលបន្តិច​​ទៅហើយ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ខ្វះ​ខាត់ស្ទើរ​គ្រប់​យ៉ាង​ក្នុង​វិស័យ​សុខាភិបាល​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • (ទស្សនារូបភាព)កម្មករនៅក្នុងទីក្រុងវូហាន អង្គុយហូបបាយថ្ងៃត្រង់ ឆ្ងាយពីគ្នា 2ម៉ែត្រ ក្រោយរោងចក្របើកដំណើរការឡើងវិញ

    (ទស្សនារូបភាព)កម្មករនៅក្នុងទីក្រុងវូហាន អង្គុយហូបបាយថ្ងៃត្រង់ ឆ្ងាយពីគ្នា 2ម៉ែត្រ ក្រោយរោងចក្របើកដំណើរការឡើងវិញ

    អាចនិយាយបានថា ជារូបភាពនៃក្ដីឯកោ ដែលកក់ក្ដៅក្នុងចិត្តសម្រាប់បរិយាកាសក្នុងអំឡុងពេលសម្រាកថ្ងៃត្រង់ នៅក្នុងរោងចក្រផលិតរថយន្ត តុងហ្វឹង ក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ព្រោះបណ្ដាបុគ្គលិកទាំងអស់បាននាំគ្នាឱនមុខយកចិត្តទុកដាក់លើការញ៉ាំអាហារថ្ងៃត្រង់របស់ខ្លួនឯង នៅលើកៅអីជ័រពណ៌ក្រហមដែលរៀបជាជួរមួយៗ រក្សាគម្លាតឆ្ងាយពីគ្នាប្រមាណជា 2ម៉ែត្រ ដើម្បីការពារការឆ្លងសាយភាយរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្រោយពីស្ថានការណ៍រោគរាតត្បាតក្នុងប្រទេសចិនវិវឌ្ឍទៅក្នុងផ្លូវល្អប្រសើឡើងជាលំដាប់ ធ្វើឱ្យធុរកិច្ចជាច្រើនវិលត្រឡប់មកដំណើរការជាថ្មីឡើងវិញ។

    បន្ទាប់ពីបានបញ្ចូលថាមពលពេញវិញហើយ ពួកគេក៏នាំគ្នាត្រឡប់ទៅប្រតិបត្តិការងារយ៉ាងសស្រោកសស្រាំបន្តទៀត…ទាំងអស់នេះ វិធានការនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសចិន មានអារម្មណ៍កោតសរសើរ ចំពោះភាពមានវិន័យ និងនឹកអាណិតអ្នកប្រើកម្លាំងពលកម្មទាំងនោះជាខ្លាំង អ្នកខ្លះបានសម្ដែងការយល់ឃើញថា បើជួយរៀបចំតុឱ្យពួកគាត់ផង ប្រហែលជាល្អខ្លាំងណាស់…។

    ប្រភព៖ សារព័ត៌មានបរទេស

  • Imperial College ព្យាករ៖ ទោះជាមានវិធានការតឹងរ៉ឹងប៉ុនណា ក៏ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 អាចនឹងឡើងដល់ 1.8លាននាក់

    Imperial College ព្យាករ៖ ទោះជាមានវិធានការតឹងរ៉ឹងប៉ុនណា ក៏ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 អាចនឹងឡើងដល់ 1.8លាននាក់

    Imperial College London ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នវិភាគ ដែលបានទទួលការជឿជាក់លំដាប់ពិភពលោក បានចេញផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបានបង្ហាញនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោក អាចនឹងកើនឡើងខ្ពស់ដល់ 1.8លាននាក់ក្នុងឆ្នាំនេះ បើទោះជារដ្ឋបាលនៃប្រទេសផ្សេងៗមានវិធានការយ៉ាងតឹងរ៉ឹង ដើម្បីបញ្ឈប់ការបាត់បង់ដែលកំពុងកើតឡើងនេះយ៉ាងណាក៏ដោយ។

    ការងារវិភាគមួយនេះ បានយោងទៅលើព័ត៌មានមូលដ្ឋាននាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងកម្រិតភាពធ្ងន់ធ្ងររបស់វីរុស ដោយបាននាំយកតួលេខរបស់ការឆ្លងមេរោគ និងការប៉ាន់ស្មានចំនួនអ្នកស្លាប់ មកប្រកបក្នុងការពិចារណា រួមជាមួយបច្ច័យខាងផ្នែកស្ថិតិ និងខាងសង្គមផងដែរ។

    លទ្ធផលនៃការវិភាគ បានសិក្សាពីលទ្ធផលដែលនឹងកើតឡើងក្នុងករណីដែលមានការតបស្នងក្នុងកម្រិតដែលខុសប្លែកពីគ្នា ដោយក្នុងករណីដែលមិនបានមានការត្រួតពិនិត្យគ្រប់គ្រងអ្វីទាំងអស់ មនុស្សស្ទើរតែទាំងអស់នៅលើពិភពលោកនេះ ប្រហែលជានឹងបានឆ្លងមេរោគកូវីដ-19ទាំងអស់ និងធ្វើឱ្យមានអ្នកស្លាប់ប្រមាណជា 40លាននាក់(ក្នុងករណីដែលគ្មានចាត់វិធានការអ្វីទាំងអស់)។

    ចំណែកក្នុងករណីដែលមានការដំណើរការ កំណត់វិធានការដើម្បីគ្រប់គ្រងការឆ្លងរាលដាលដែលតឹងរ៉ឹងម៉ឺងម៉ាត់តាំងពីដំបូងៗ នឹងធ្វើឱ្យអត្រាការស្លាប់របស់មនុស្ស ស្ថិតក្នុងចំនួន 0.2នាក់(ចំនួននេះ 5ដង បានស្មើនឹងមនុស្សម្នាក់) ក្នុងចំនួនមនុស្ស 100,000នាក់ ក្នុង 1សប្ដាហ៍ ដែលក្រោមការគណនានេះ នឹងធ្វើឱ្យមានអ្នកស្លាប់ទាំងអស់ចំនួន 1.86លាននាក់ និងឆ្លងមេរោគជិត 470លាននាក់ក្នុងឆ្នាំនេះ។

    ខណៈដែល បើមានការដំណើរការវិធានការគ្រប់គ្រងតឹងរ៉ឹងម៉ឺងម៉ាត់ដូចគ្នា តែយឺតយ៉ាវ នឹងធ្វើឱ្យចំនួនអ្នកស្លាប់ កើនទៅជា 1.6នាក់(ជិត 2នាក់)ក្នុងចំនួនមនុស្ស 100,000នាក់ ក្នុង 1សប្ដាហ៍។ នោះមានន័យថា ចំនួនការបាត់បង់រួម នឹងហក់ឡើងខ្ពស់ទៅជាមានអ្នកស្លាប់ 10.45លាននាក់ និងមានអ្នកឆ្លងមេរោគទូទាំងពិភពលោក 2.4ពាន់លាននាក់ក្នុងឆ្នាំនេះ។

    អ្នកវិភាគ បានបញ្ជាក់ថា យើងនឹងអាចរក្សាជីវិតរបស់មនុស្សរាប់សិបលាននាក់បាន បើសិនជារដ្ឋបាលនៃប្រទេសទាំងអស់ចាប់ផ្ដើមយ៉ាងឆាប់រហ័សក្នុងការបញ្ជាឱ្យប្រើវិធានការខាងផ្នែកសាធារណសុខាភិបាល ដែលរួមទាំងការត្រួតពិនិត្យ ដើម្បីស្វែងរកអ្នកឆ្លងមេរោគ បង្ខាំងបរិវេណ(មិនឱ្យដើរហើរ) និងការដំណើរការវិធានការរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងទូលំទូលាយនោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

    មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

    ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 បន្ត​កើន​ឡើង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក អ៊ីតាលី​ និង​អេស្ប៉ាញ ដែល​នេះ​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ទូទាំង​ពិភពលោក​ ឡើង​ដល់​ជាង​529,000​នាក់។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​នៅ​ទូទាំង​ពិភពលោក​ ហើយសហរដ្ឋ​​អាមេរិក​បាន​លោត​រំលោង​ប្រទេស​ចិន និង​អ៊ីតាលី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​។

    សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​14,933នាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​នៅ​ទូទាំង​ប្រទេស​នេះកើន​ដល់​83,144​នាក់​។ ប្រទេស​នេះ​ក៏​មាន​អ្ន​ក​ស្លាប់​ថ្មី​ចំនួន​174​នាក់បន្ថែម​ទៀត​ផងដែរ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​1,201​នាក់។

    ប្រទេស​អ៊ីតាលី ​​ជា​សម្បុក​មេរោគCOVID-19 ​ធំ​បំផុត​លំដាប់​ទី3 នៅ​ក្នុង​ពិភពលោក និង​ទី​1​នៅ​​ឯទ្វីប​អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​ថ្មី​712​នាក់​ថែម​ទៀត​។ ជា​សរុប ប្រទេស​អ៊ីតាលី​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មាន​អ្នក​ឆ្លង COVID-19 ចំនួន​80,589​នាក់ និង​​បាត់​បង់​ជីវិត​ចំនួន​​8,215​នាក់។ អត្រា​នៃ​ការ​ស្លាប់​គឺ​10% ពោល​គឺ​ខ្ពស់​ជាង​2ដង​ បើ​ធៀប​នឹង​មធ្យម​ភាគ​(4,6%) នៅ​ទូទាំង​ពិភព​លោក​។

    ប្រទេស​អេស្ប៉ាញ នៅតែជា​សម្បុក​មេរោគ​កូរ៉ូណា​ធំទី​2​នៅ​អឺរ៉ុប​ ដោយ​មាន​អ្នក​ឆ្លង​វីរុស 57,786​នាក់(កើន​​8,271​នាក់​បន្ថែម​ទៀត​) និង​4,365​នាក់​បាន​ស្លាប់​(កើន​​718​នាក់​)។

    អាល្លឺម៉ង់​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មីចំនួន​6,615​នាក់​ និង​ស្លាប់​ 61​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​43,938​នាក់ និង​ស្លាប់​សរុប​267​នាក់​។

    ប្រទេស​អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំទី​2​ប្រចាំ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិនដីគោក) ដោយ​មាន​អ្នក​ឆ្លង​មេរោគ​29,406​នាក់​ និង​អ្នក​​បាន​ស្លាប់​ មាន​ចំនួន​2,234​នាក់​។

    ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​មិន​ទាន់​ឱ្យ​ដឹង​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​។

    នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា 2,031​នាក់ និង​ស្លាប់​23​នាក់​។

    ឥណ្ឌូនេស៊ី គឺជា​ “វាល​ពិឃាត” ធំជាង​គេ​បង្អស់​របស់​វីរុស​COVID-19 នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ស្លាប់​78​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​893​នាក់​។ អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​នេះ គឺ​8,7​% ដែលស្ថិត​ក្នុង​លំដាប់​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។

    ជា​សរុប ពិភពលោក​ទាំង​មូល បច្ចុប្បន្នមាន​អ្នក​ឆ្លង​វីរុសCOVID-19 ចំនួន​529,148​នាក់ ក្នុង​នោះ​មាន​23,968​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ចំនួន123,380​នាក់​(ស្មើ​នឹង​23%នៃ​អ្នក​ឆ្លង​មេរោគ​សរុប) បាន​ជា​សះស្បើយ​៕

    ប្រភព៖ AFP, Worldometer

  • COVID-19! សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ “សម្បុក​មេរោគ” COVID-19 ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោកហើយ!

    COVID-19! សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ “សម្បុក​មេរោគ” COVID-19 ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោកហើយ!

    គិត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​COVID-19 ជាង​82,000​ករណី ខ្ពស់​ជាង​ប្រទេស​ចិន និង​អ៊ីតាលី​ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​បំផុត​នៅ​លើ​ពិភពលោក​។

    សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​14,933​ករណី​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​​បាន​ឆ្លង​មេរោគ​ករូ៉ណា​សរុប​ឡើង​ដល់​83,144​នាក់។ សហរដ្ឋ​អាមេរិក​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​174​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ​​ កើន​ដល់​​1,201​ករណី។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins។

    យោង​តាម​តួលេខ​ថ្មី​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ សហ​រដ្ឋ​អាមេរិក បាន​លោត​រំលង​ផុត​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគCOVID-19 ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​។ ប្រទេស​ចិន​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​81,000​នាក់​​ ក្នុង​នោះ​មាន​ជាង​3,200​នាក់​បាន​ស្លាប់​ ខណៈ​ប្រទេស​អ៊ីតាលី​មាន​អ្នក​ឆ្លង​មេរោគ​ជាង​80,000​នាក់ ក្នុង​នោះ​មាន​ជាង​8,000​នាក់​បាន​បាត់​បង់ជីវិត​។

    New York, Washington និង California គឺជា​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ ក្នុង​ពេល​ដែល​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ក្នុង​បណ្ដា​រដ្ឋ​ និង​ទីក្រុង​ផ្សេង​ៗ​ទៀត​ក៏​បាន​ និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ Craig Smith នាយក​ផ្នែក​វះកាត់​ក្នុង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​ Irving នៃ​សាកល​វិទ្យា​ល័យ Columbia ក្នុង​ទីក្រុង​ New York បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្រើ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមក្នុង​មន្ទីរពេទ្យ​នេះ​ បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​3​ថ្ងៃ​កន្លេង​មក​នេះ​។

    នេះ​គឺជា​ស្ថាន​ភាព​ដែល​ត្រូវ​បាន​ព្យាករ​មុន​រួច​ហើយ​នៅ​សហរដ្ឋ​អាមេរិក​។ Jeremy Konyndyk ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​មក​ពី​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សកល​លោក​ បានបង្ហោះ​សារ​នៅ​លើ​ Twitter ថា ករណី​ឆ្លង​ទាំង​ឡាយ​ដែល​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ផ្ទុយ​ពី​ប្រទេស​ចិន​។

    លោក Jeremy Konyndyk សរសេរ​ថា “ប្រទេស​ចិន មាន​ភ្លើង​ឆេះ​នៅ​ខេត្ត Hubei ប៉ុន្តែ​បាន​ពន្លត់​ផ្កា​ភ្លើង​​នៅ​គ្រប់​កន្លែង​ផ្សេង​ៗ​ទៀត​។ ពេល​នេះ​ យើង​កើត​អគ្គិភ័យ​នៅ​ទីក្រុង​ New York រួម​ទាំង​ដុំភ្លើង​នៅ​ស្ទើរ​គ្រប់​កន្លែង​ ហើយ​ទាំង​នេះ​កំពុង​បញ្ចេញ​ផ្កា​ភ្លើង​”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump មុន​នេះ​បាន​ឱ្យ​ដឹង​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​​ប្រធានា​ធិបតី​ចិន​ លោក​ Xi Jinping អំពី​ COVID-19 ប៉ុន្តែ លោកអះអាង​ថា រដ្ឋាភិបាល​របស់​លោក មិន​ជឿ​ទាំងស្រុង​ទៅ​លើ​ទិន្ន​ន័យ​ទាំង​អស់​របស់​ប្រទេស​ចិន​នោះ​ទេ​។

    ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​ Washington កាល​ពី​ថ្ងៃទី​26មីនា បាន​ព្រមាន​ថា មនុស្ស​ប្រមាណ​ពី​ 38,000-162,000​នាក់នៅ​សហរដ្ឋ​អាមេរិក អាច​នឹង​បាត់​បង់ជីវិត​​ក្នុង​អំឡុង​4ខែ​ខាង​មុខ​ ដោយ​សារ​តែ​បាន​ឆ្លង​មេរោគ​COVID-19៕

    ប្រភព៖ ABC, Hill

  • COVID-19! ក្រសួង​សុខាភិបាល​កម្ពុជា​ យប់នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​2ករណី​បន្ថែម​ទៀត​ហើយ​

    COVID-19! ក្រសួង​សុខាភិបាល​កម្ពុជា​ យប់នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​2ករណី​បន្ថែម​ទៀត​ហើយ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​មុន​នេះ​បាន​ប្រកាស​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2ករណី​បន្ថែម​​ទៀត​ ដែល​នេះ​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​ប្រទេស​ កើន​ឡើង​ដល់​98​នាក់​។

    គិត​មក​ដល់​យប់នេះ(26មីនា) កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​COVID-19 សរុប​ 98​ករណី​ ក្នុង​នោះ​មាន​10​ករណី​បាន​ជាសះស្បើយ និង88ករណី​​ទៀត​​កំពុង​ទទួល​ការ​ព្យាបាល។