Tag: សុខភាព

  • សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​ពល​រដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង​ ហើយផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើតេស្តរកមេរោគCOVID-19

    សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​ពល​រដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង​ ហើយផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើតេស្តរកមេរោគCOVID-19

    ពលរដ្ឋ​អាមេរិកាំង​ដែល​សង្ស័យ​ថា​បាន​ឆ្លង​វីរុស​COVID-19 អាច​យក​សំណាក​វត្ថុ​វិភាគ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ ហើយ​ផ្ញើ​ទៅកាន់​មន្ទីរ​ពិសោធន៍ ដែល​ប្រការ​នេះនឹង​​ជួយ​បង្កើន​ល្បឿននៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​​COVID-19។

    នាយក​ដ្ឋាន​គ្រប់​គ្រង​អាហារ​ និង​ឱសថ​នៃ​សហ​រដ្ឋ​អាមេរិក​ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​យកសំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួនឯង​ ចំពោះ​រាល់​ពលរដ្ឋ​ដែល​សង្ស័យ​ថា​ខ្លួន​បាន​ឆ្លង​COVID-19 ដោយ​​វិធាន​ការ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​សប្ដាហ៍​នេះ​ត​ទៅ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Brett Giroir​ កាល​ពី​ថ្ងៃទី​29​មីនា​​ឆ្នាំ​2020។

    អ្នក​ដែល​សង្ស័យ​ថាខ្លួន​បាន​ឆ្លង​COVID-19 នឹង​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​សម្លី​​កប្បាស​ដើម្បី​ផ្ដិត​យក​សំណាក​វត្ថុ​វិភាគ​ក្នុង​ច្រមុះ(ទឹក​សម្បោរ​) ក្រោយ​មក​ដាក់​វា​នៅ​ក្នុង​កូនថង់​ផ្លាស្ទិក រួច​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​។ ប្រការ​នេះ​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ និង​ក្រុម​គ្រូពេទ្យ ​អាច​កាត់​បន្ថយ​បាន​ភាព​តាន​តឹង​យ៉ាង​ច្រើន​។

    ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Brett Giroir​ (រូបខាងស្ដាំគេ​បង្អស់)

    ​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិកាំង លោក Brett Giroir ថ្លែង​ថា “ដំណើរ​ការ​នេះ​នឹង​ជួយ​បន្ថែម​ល្បឿន​នៃ​ការ​ធ្វើ​តេស្ត​ កាត់​បន្ថយចំនួន​លើក​នៃ​​ការ​ប្ដូរផ្លាស់​ឈុត​ការ​ពារចាំបាច់​​របស់​ក្រុម​គ្រូពេទ្យ​។ វា​ក៏​ជួយ​សន្សំ​សំចៃកម្លាំង​ធនធាន​ដ៏​មាន​តម្លៃ​ ដើម្បី​ទុក​សម្រាប់​មន្ទីរពេទ្យ​ផ្សេង​ៗ​ទៀត​ផងដែរ​”។

    យោងតាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopskins នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​29​មីនា បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បាន​កើន​ជិត​18,000​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​មេរោគ​​COVID-19 ទូទាំង​ប្រទេស​ ឡើង​ដល់​ជាង​141,000​ករណី​។ រីឯ​ចំនួន​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​247​ករណី ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ កើន​ដល់​2,458​ករណី​។

    មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹ​ង​ថា ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ប្រមាណ​ជា​894,000​ករណី​ ចាប់​តាំង​ពី​COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។

    ក្រុម​អ្នកជំនាញ​ការ​បាន​ព្រមាន​ថា ទីក្រុង​ New York នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ទីក្រុង​ Wuhan របស់​ប្រទេស​ចិន ឬ​តំបន់ Lombardy របស់​ប្រទេស​អ៊ីតាលី​ទៅ​ទៀត បើ​សិនជា​​ល្បឿន​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ដូច​សព្វ​ថ្ងៃ​។

    សហរដ្ឋ​អាមេរិក អនុញ្ញាត​ឱ្យ​ពលរដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង ហើយ​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍
    អ្នក​ដែល​សង្ស័យ​ថាខ្លួន​បាន​ឆ្លង​COVID-19 នឹង​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​សម្លី​​កប្បាស​ដើម្បី​ផ្ដិត​យក​សំណាក​វត្ថុ​វិភាគ​ក្នុង​ច្រមុះ(ទឹក​សម្បោរ​) ក្រោយ​មក​ដាក់​វា​នៅ​ក្នុង​កូនថង់​ផ្លាស្ទិក រួច​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​

    គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន33,976​នាក់ និង​អ្នក​កំពុង​ប្រឈម​នឹងការ​ស្លាប់មាន​ចំនួន​​26,681​នាក់​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​សរុប 722,196​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • លោកយាយវូហាន អាយុ 103ឆ្នាំ ជាមនុស្សចាស់បំផុតដែលឈ្នះវីរុសកូរ៉ូណា

    លោកយាយវូហាន អាយុ 103ឆ្នាំ ជាមនុស្សចាស់បំផុតដែលឈ្នះវីរុសកូរ៉ូណា

    សារព័ត៌មាន Independent របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា រកឃើញស្ត្រីចំណាស់ អ្នកស្រុកវូហានម្នាក់ អាយុ 103ឆ្នាំ គឺជាមនុស្សដែលមានវ័យច្រើនបំផុត ដែលបានយកឈ្នះមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងព្យាបាលជា បានត្រឡប់ទៅផ្ទះវិញហើយ។

    លោកវេជ្ជបណ្ឌិត ស៊ឹង យូឡាន់ អ្នកព្យាបាលលោកយាយចាង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន Chutian Metropolis Daily ថា ស្ថិតិនៃការធូរស្បើយយ៉ាងឆាប់រហ័សរបស់មនុស្សដែលមានអាយុខ្ទង់រយឆ្នាំនេះ គឺមកពីលោកយាយគ្មានលក្ខខណ្ឌផ្នែកសុខភាពផ្សេងទៀត ក្រៅពីអាការមិនសូវជាធ្ងន់ធ្ងរប៉ុន្មានរបស់ជំងឺរលាកបំពង់ខ្យល់រ៉ាំរ៉ៃ។

    លោកយាយជរា ចាង បានទទួលការវិនិច្ឆ័យថា បានឆ្លងមេរោគវីរុសកូវីដ-19 នៅឯមន្ទីរពេទ្យ លី យួន នៃ​មហា​វិទ្យាល័យវេជ្ជសាស្ត្រ តុង ជិ ក្នុងទីក្រុងវូហាន កាលពីថ្ងៃទី1 មីនាកន្លងទៅ និងបានទទួលការព្យាបាលរហូតដល់ជា ក្លាយជាបុគ្គលចំណាស់បំផុតដែលបានជាសះស្បើយពីជំងឺគ្រោះថ្នាក់នោះរហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីលោកតា អាយុ 101ឆ្នាំម្នាក់ដែលជាសះស្បើយពីវីរុសនេះ នៅក្នុងវូហានដូចគ្នាកាលពីពេលមុន។

    គួររំឭកដែរថា អ្នករស់នៅក្នុងទីក្រុងវូហានទាំង 11លាននាក់ ត្រូវបានបង្ខាំង(មិនឱ្យចេញទៅណា)តាំងពីចុងខែមករា។ ជំងឺនេះមានអ្នកឆ្លងមេរោគជាង 80,700នាក់នៅក្នុងប្រទេសចិន និងមានអ្នកស្លាប់ជាង 3,000នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

    WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

    ទីក្រុងហ្សឺណែវ ថ្ងៃទី27 មីនា អង្គការសុខភាពពិភពលោក ឬ WHO បានបង្ហើបឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលបានអះអាងហើយទូទាំងពិភពលោក បានកើនឡើងដល់ជាងកន្លះ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 20,000នាក់ហើយ ដែលនេះជា “ស្ថិតិដ៏គួរឱ្យសោកសៅ” បំផុត។

    WHO បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកបានកើនឡើងដល់ 509,164នាក់ គិតត្រឹមម៉ោង10 ម៉ោងនៅអឺរ៉ុប នៃថ្ងៃសុក្រ ទី27 មីនា ដោយវីរុសបានឆ្លងសាយភាយទូទាំងប្រទេស និងភូមិភាគ ជាង 200កន្លែង និងធ្វើឱ្យមានអ្នកស្លាប់ច្រើនរហូតដល់ 23,335នាក់។

    លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែត្រូវរង់ចាំយ៉ាងហោចណាស់ក៏ 12-18ខែទៀតដែរ ទម្រាំនឹងមានវ៉ាក់សាំងការពារមេរោគមួយនេះ…។ លោកព្រមទាំងបាននិយាយសង្កត់ធ្ងន់ទៅលើភាពចាំបាច់យ៉ាងបន្ទាន់ក្នុងការព្យាបាលអ្នកជំងឺ និងបន្ថយចំនួនអ្នកស្លាប់ ទៀតផង។

    “ការសាកល្បងដែលបានរួមដៃគ្នាជាធ្លុងមួយ មានន័យអំពីការសាកល្បងខាងការព្យាបាលរបស់ប្រទេសជាច្រើន ដើម្បីស្វែងរកវិធីព្យាបាលជំងឺដែលបណ្ដាលមកពីវីរុសកូវីដ-19 គឺជាការសាកល្បងជាប្រវត្តិសាស្ត្រ ដែលវានឹងជួយឱ្យការពិសោធភ័ស្តុតាងពាក់ព័ន្ធនឹងថ្នាំដែលមានប្រសិទ្ធផលខាងការព្យាបាល”

    លោក ថេដ្រូស បានប្រកាសថា អ្នកជំងឺ 1ឈុតដំបូងនៅក្នុងប្រទេសន័រវេយ៍ និងអេស្បាញ នឹងចូលរួមការសាកល្បងខាងការព្យាបាលក្នុងពេលឆាប់ៗនេះ ដើម្បីប្រៀបធៀបពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ឱសថតែមួយ ឬឱសថផ្សំ ដែលអាចមានសក្ដានុពលព្យាបាលជំងឺដ៏សាហាវមួយនេះ ចំនួន 4មុខ”

    “រឹតតែមានប្រទេសផ្សេងៗ ចូលរួមការសាកល្បងកាន់តែច្រើនឡើង នឹងរឹតតែជួយឱ្យយើងបានទទួលលទ្ធផលកាន់តែលឿនឡើង”។ លោកបានបន្តទៀតថា បច្ចុប្បន្ន មានប្រទេស និងភូមិភាគប្រមាណជា 45 កំពុងរួមដៃគ្នាសាកល្បងខាងគ្លីនិក ដើម្បីស្វែងរកវិធីការព្យាបាល និងសង្ឃឹមថា នឹងមានអ្នកចូលរួមកើនឡើងទៀត។

    ខណៈពេលជាមួយគ្នា លោក ថេដ្រូស បានអំពាវនាវឱ្យចៀសវាងពីវិធីព្យាបាលដែលមិនបានបង្ហាញពីប្រសិទ្ធផល ដោយលោកបានសង្កត់ធ្ងន់ថា វា “គ្មានផ្លូវកាត់” ទេ និងត្រូវតែប្រកាន់យកភ័ស្តុតាងដែលមានការពិសោធសាកល្បង និងរៀនយល់ជាបន្តបន្ទាប់ថា តើវិធីការមួយណាដែលទទួលបានលទ្ធផល៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    លោក Patrick Devedjian អាយុ​75​ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្ត្រីម្នាក់​​របស់​ប្រទេស​បារាំង​ បាន​ក្លាយ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដំបូងបង្អស់​​របស់​ប្រទេស​នេះ បាន​ស្លាប់​ដោយ​សារ​ COVID-19។

    Patrick Devedjian​ គឺជា​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​របស់​ប្រទេស​បារាំង​ ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។ លោក​ក៏ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​អតីត​ប្រធានា​ធិបតី​បារាំង​ Nicolas Sarkozy ផងដែរ​។ អតីត​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ប្រកាស​ថា លោក​មាន​រោគ​សញ្ញា​ឆ្លង​ COVID-19 កាល​ពី​ថ្ងៃទី​25មិនា​។

    លោក Devedjian ធ្លាប់​បាន​កាន់​កាប់​តំណែង​ជា​ច្រើន​ តាំង​ពី​បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​1983។ លោក​ក៏ធ្លាប់​បាន​ធ្វើ​ជា​អភិបាល​ក្រុង​ Antony មុន​ពេល​ចូល​កាន់​តំណែង​ប្រធាន​តំបន់​​ Haut-de-Seine នៅ​ជាយ​ក្រុង​​ភាគ​ខាង​លិច​នៃរដ្ឋធានី​​បារីស​។

    គិតមក​ដល់​ពេលនេះ ប្រទេស​បារាំង​ បាន​រកឃើញ​អ្នកជំងឺ​ COVID-19 ចំនួន​38,105​នាក់​ ក្នុង​នោះ​មាន 2,317​​នាក់​បាន​​បាត់​បង់ជីវិត​ និង​ជិត​6,000​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

    រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

    Thomas Schaefer ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ Hesse នៃ​​ប្រទេស​អាល្លឺម៉ង់ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ធ្វើ​អត្តឃាត​​ព្រោះ​តែ​ “មាន​ការ​បារម្ភ​ជ្រុល​” អំពី​វិធាន​ការ​ទប់​ទល់​នឹង​ហានិភ័យ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ ដោយ​សារ​តែ​ COVID-19។

    Schaefer មាន​អាយុ​54​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​មួយ​កន្លែង​កាល​ពី​ថ្ងៃទី​28​មីនា​កន្លង​ទៅ​។ ការិយាល័យរដ្ឋ​អាជ្ញា​នៃ​តុលា​ការ​ក្រុង​ Wiesbaden បាន​ឱ្យ​ដឹង​ថា ពួកគេ​ជឿ​ថា រដ្ឋ​មន្ត្រី​រូប​នេះ បាន​ធ្វើ​អត្ត​ឃាត​។

    “យើង​ពិត​ជា​តក់ស្លុត​​ខ្លាំង​ណាស់​…។ យើង​ពិត​ជា​មាន​ការ​សង្វេគ​ខ្លាំង​ណាស់​” អភិបាល​រដ្ឋ Hesse លោក Volker Bouffier មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុងសេចក្ដី​ប្រកាស​របស់​លោក​ បន្ទាប់​ពី​ករណី​ខាង​លើ​បាន​កើត​ឡើង​។

    លោក Bouffier បាន​ឱ្យ​ដឹង​ថា លោក Schaefer បាន​កាន់​កាប់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​ Hesse អស់​រយៈ​ពេល​10​ឆ្នាំ​មក​ហើយ​។ លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ “មិន​ថា​យប់​ថ្ងៃ​” ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​នានា និងកម្មករ​ទូទៅ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​ពី​ COVID-19។

    អភិបាល​រដ្ឋ Hesse បាន​ថ្លែង​ថា “យើង​ជឿ​ថា គាត់​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។ នេះ​ពិត​ជា​ដំណាក់​កាល​ដ៏​លំបាកដែល​យើង​ត្រូវ​ការ​មនុស្ស​ដូច​គាត់​”។

    Schaefer កន្លង​មក​នេះ ត្រូវ​បាន​គេ​យល់​ថា​ជា​អ្នក​បន្ត​វេន​របស់​អភិបាល​រដ្ឋ Hesse គឺ​លោក Bouffier។ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​រូប​នេះ បាន​លាចាក​លោក​នេះ​ទៅ ដោយ​បន្សល់​ទុក​ភរិយា​ និង​កូន​2​នាក់​ឱ្យ​រស់​នៅ​ដោយ​គ្មាន​ស្វាមី និង​ឪ​ពុក​។

    គិត​ត្រឹម​ម៉ោង​នេះ ប្រទេស​អាល្លឺម៉ង់ បាន​រកឃើញ​អ្ន​កផ្ទុក​មេរោគ​COVID-19 ចំនួន​ 58,247នាក់ និង​ស្លាប់​ចំនួន​​455​នាក់​​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ អ្នក​ជំងឺ​COVID-19 នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រយៈ​ពេល​8​ថ្ងៃ​បន្ត​ទៀត

    ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ អ្នក​ជំងឺ​COVID-19 នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រយៈ​ពេល​8​ថ្ងៃ​បន្ត​ទៀត

    អ្នក​​ផ្ទុក​​វីរុស​COVID-19 ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ និង​លែង​មាន​អាការ​រោគ នៅ​តែ​អាច​បញ្ចេញ​វីរុស​ក្នុង​អំឡុង​ពេល​ពី​1ថ្ងៃទៅ​8​ថ្ងៃបន្ត​ទៀត​​។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​មន្ទីរ​ពេទ្យ​ PLA នៃ​ប្រទេស​ចិន និង​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​ Yale របស់​សហរដ្ឋ​អាមេរិក​ បាន​រកឃើញ​ថា ពាក់​កណ្ដាល​នៃ​អ្នកជំងឺ​COVID-19 កម្រិត​ស្រាល​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រហូត​ដល់​8​ថ្ងៃ​ ក្រោយ​ពី​លែង​មាន​រោគ​សញ្ញា​។ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី​23​មីនានៅ​លើ​ទស្សនាវដ្ដី​ Respiratory and Critical Care Medicine របស់​សមាគម​​ American Thoracic Society នៅ​សហ​រដ្ឋ​អាមេរិក​។​

    សាស្ត្រាចារ្យ​ Lixin Xie និង​វេជ្ជ​បណ្ឌិត Lokesh Sharma រួម​នឹង​សហការី​ បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​COVID-19ចំនួន​16​នាក់​ ដែល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ PLA ក្នុង​ទីក្រុង​ប៉េកាំង​ ចាប់​ពី​ថ្ងៃទី​28​មករា ដល់​ថ្ងៃទី​9មីនា​ ឆ្នាំ​2020។ អ្នក​ជំងឺ​ទាំង​នេះ មាន​វ័យ​ជា​មធ្យម​ 35.5​ឆ្នាំ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ពិសោធ​ទៅ​លើ​សំណាក​វត្ថុ​វិភាគ​របស់​អ្នក​ជំងឺ ដែល​បាន​ជា​សះស្បើយ​ ដោយមាន​លទ្ធ​ផល​​អវិជ្ជ​មាន​2លើក​បន្ត​បន្ទាប់​គ្នា​នៅ​ពេល​ធ្វើ​តេស្ត។

    ​វេជ្ជ​បណ្ឌិត Lokesh Sharma
    លោក​​វេជ្ជ​បណ្ឌិត Lokesh Sharma

    “របក​គំហើញ​សំខាន់​បំផុត​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​នោះ​គឺ​ ពាក់កណ្ដាល​នៃ​អ្នក​ជំងឺ​ នៅ​តែ​បន្ត​បញ្ចេញ​វីរុស​ បើ​ទោះ​ពួក​គេ​​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​អាការ​រោគ​” នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជ​បណ្ឌិត​ Sharma មក​ពី​សាកល​​វិទ្យាល័យវេជ្ជ​សាស្ត្រ​​ Yale។ លោក​ Sharma បន្ត​ថា “ករណី​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ អាច​នឹង​នៅ​តែ​បញ្ចេញ​វីរុស​ក្នុង​រយៈ​ពេល​យូរ​”។

    ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះក៏បាន​បង្ហាញថា រយៈ​ពេល​នៃ​ការ​សម្ងំ​លាក់​ខ្លួន​របស់​វីរុស​ ភាគ​ច្រើន​អូស​បន្លាយ​ពេល​5​ថ្ងៃ​។ រយៈ​ពេល​ដែល​​អ្នក​ជំងឺអាច​​ចេញ​រោគ​សញ្ញា​ គឺ​8​ថ្ងៃ ហើយ​រយៈ​ពេល​ដែល​ពួក​គេ​នៅ​មាន​ផ្ទុក​វីរុស​ក្រោយ​ពី​លែង​មាន​រោគ​សញ្ញា​ គឺ​ចាប់​ពី​1ថ្ងៃ​ដល់​8​ថ្ងៃ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​បាន​សង្កាត់​ធ្ងន់​ថា ចំនួន​អ្នក​ជំងឺ​ដែល​ពួកគេ​បាន​វិភាគ​ គឺ​មាន​ចំនួន​តិច​តួច​ពេក ហើយ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ដែល​មាន​អាការ​រោគ​ស្រាល​ៗ។ ពួកគេ​និយាយ​ថា ពួក​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​ច្រើន​ជាង​នេះ​ទៀត​ដើម្បី​ទទួល​បាន​លទ្ធ​ផល​សុក្រឹត​ជាង​នេះ៕

    ប្រភព៖ Phys.org

  • ការ​ផលិត​ម៉ាស់​​នៅ​ប្រទេស​ចិន ប្រៀប​ដូចជា​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​

    ការ​ផលិត​ម៉ាស់​​នៅ​ប្រទេស​ចិន ប្រៀប​ដូចជា​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​

    នៅពេល​ដែល​ COVID-19 រាតត្បាត​ពេញ​ពិភពលោក​ ក៏ជា​ពេល​ដែល​រោង​ចក្រ​ជា​ច្រើន​​នៅ​ប្រទេស​ចិន​​​បង្វែរ​ទិស​ដៅ​របស់​ខ្លួន​​ឆ្ពោះ​​ទៅ​ក្នុង​ទី​ផ្សារ​ដ៏​ធំ​ធេង​លាត​សន្ធឹងទូទាំង​ពិភព​លោក​​ ដែល​រក​​ប្រាក់​ចំណេញ​បាន​ច្រើន​មិន​ធ្លាប់​មាន​ពីមុន​មក នោះ​គឺ​ការ​ផលិត​ម៉ាស់។

    កាល​ពី​ដើម​ខែ​កុម្ភៈ ជា​ពេល​ដែល​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​ កំពុង​តែ​អុក​ឡុក​ប្រទេស​ចិន ក្រុម​ហ៊ុន​របស់​ Guan Xunze អាយុ​34​ឆ្នាំ​ បាន​សាង​សង់រោង​ចក្រ​ថ្មី​មួយ​ដើម្បី​ផលិត​ម៉ាស់​ ​ដោយ​ប្រើ​ពេល​ត្រឹម​តែ​7​ថ្ងៃ​ប៉ុណ្ណោះ​។

    រោង​ចក្រ​របស់​ Guan ដែល​មាន​ខ្សែ​ចង្វាក់​ផលិត​កម្ម​ចំនួន​5 និង​ស្ថិត​នៅ​ភាគឦសាន​ប្រទេស​ចិន​នេះ ផ្គង់​ផ្គង់​ម៉ាស់​ប្រភេទ​ N95 ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដ៏​ច្រើន​របស់​ទី​ផ្សារ​ ខណៈ​ដែល​តួលេខ​នៃ​ការ​ឆ្លង​វីរុស​COVID-19 នៅ​តែ​កើន​ឡើង​យ៉ាង​គំហុក​ជា​រៀង​រាល់​ថ្ងៃ​។

    បច្ចុប្បន្ន បើ​ទោះ​ជា​ចំនួន​អ្នក​ឆ្លង​មេរោគ​នៅ​ប្រទេស​ចិន​បាន​ថយ​ចុះ​ក៏ដោយ ប៉ុន្តែ​ Guan នៅ​តែ​បន្ត​រក​ប្រាក់​ចំណេញ​បានយ៉ាង​​ច្រើន​ ដោយ​នាំ​ម៉ាស់​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​អ៊ីតាលី ជា​កន្លែង​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 10,023​នាក់​ ពោល​គឺច្រើន​ជាង​ប្រទេស​ចិន​ដែល​មាន​អ្នក​ស្លាប់​ត្រឹម​តែ​3,304​នាក់​​។

    នៅ​ទូទាំង​ពិភព​លោក ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19​នេះ កើន​ដល់ជិត​​680,000​នាក់​ ហើយ​តម្រូវ​ការ​សម្ភារ​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​កំពុង​តែ​កើន​ឡើង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

    Shi Xinghui ដែល​ជា​នាយក​ផ្នែក​ទីផ្សារ​ម្នាក់​របស់​ក្រុម​ហ៊ុន​ផ្គត់ផ្គង់ម៉ាស៊ីន​ផលិត​ម៉ាស់មួយ​ នៅ​ក្នុងខេត្ត​ក្វាង​ទុង​ ប្រទេស​ចិន​និយាយ​ថា “ម៉ាស៊ីន​ផលិត​ម៉ាស់ គឺប្រៀប​ដូច​ជា​ម៉ាស៊ីន​បោះពុម្ភ​ក្រដាស​ប្រាក់ពិត​ៗ​​”។ លោក​បន្ថែម​ថា ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​ការ​ផលិត​ម៉ាស់​ បាន​កើន​ឡើង​ច្រើន​ដងធៀប​នឹង​មុន​នេះ​។

    ចំណែក​ Qi Guangtu បាន​វិនិយោគ​ប្រាក់​7លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​រោង​ចក្រ​ផលិត​ម៉ាស់​របស់​ខ្លួន​។ រោង​ចក្រ​របស់​ Qi ធ្វើ​ការ​មិន​ឈប់​ឈរ​សូម្បី​តែ​1វិនាទី​ ចាប់​ពី​ថ្ងៃដំណើរ​ការ​ដំបូង​រហូត​ដល់​ពេល​នេះ​។

    Qi បាន​ឱ្យ​ដឹង​ថា “ការ​ស្វែង​រក​​ទុន​ មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ​”។ ក្រោយ​រយៈ​ពេល​2ខែ​ ក្រុម​ហ៊ុន​របស់​គាត់​ លក់​ដាច់​ម៉ាស់​ចំនួន​70​ឈុត​ ក្នុង​1ឈុត​ៗមាន​តម្លៃ​ 71,000​ដុល្លារ​អាមេរិក​។ ថៅកែ​រូប​នេះ​កំពុង​មានអតិថិ​ជន​​ក្នុង​ដៃ​ចំនួន​ជាង​200​នាក់​។ ការ​បញ្ជា​ទិញ​ពី​អតិថិ​ជន​ទាំង​នេះ មាន​តម្លៃ​សរុប​ឡើង​ដល់​ 14​លាន​ដុល្លារ​អាមេរិក​។

    ការ​ផលិត​ម៉ាស់​​នៅ​ប្រទេស​ចិន ប្រៀប​ដូចជា​ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​“ក្រោយ​ពី​ទិញ​ម៉ាស៊ីន​ និង​ដំណើរ​ការ​ក្នុង​រយៈ​ពេល​15ថ្ងៃ​ យើង​រកបាន​​ប្រាក់​ចំណេញ​ស្មើ​នឹង​ទុនវិនិយោគ​សរុប​ទៅ​ហើយ​” នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​ Qi។

    You Lixin មិន​ធ្លាប់​បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ផលិត​ម៉ាស់​នោះ​ទេ​ ប៉ុន្តែ​ដោយ​ឃើញ​ឱកាស​ល្អ​ You ក៏​បាន​លោត​ចូល​វិស័យ​នេះ​ និង​បង្កើត​បាន​រោង​ចក្រ​ផលិត​ម៉ាស់​មួយកន្លែង​ ​ដោយ​ប្រើ​ពេល​តែ​10​ថ្ងៃក្នុង​ការ​សាង​សង់​​រោង​ចក្រ​នេះ​។

    You ថ្លែង​ថា “ខ្ញុំ​គេង​បាន​តែ​2-3​ម៉ោង​ប៉ុណ្ណោះ​ក្នុង​1ថ្ងៃ​។ អតិថិ​ជន​របស់​ខ្ញុំ​ក៏​ដូច្នេះ​ដែរ”។ You ឱ្យ​ដឹង​ថា ពេល​ខ្លះ អតិថិ​ជន​របស់​គាត់​ ត្រូវ​​គេង​នៅ​ក្នុង​រោង​ចក្រ​របស់​គាត់​ទៀត​ផង​ ដើម្បី​រង់​ចាំ​ទទួល​ទំនិញ។

    ការ​ផលិត​ម៉ាស់​ចេះ​តែ​កើន​ឡើង​ ហើយ​តម្លៃ​វត្ថុ​ធាតុ​ដើម​ (ក្រណាត់) ក៏ចេះ​តែ​កើន​ឡើង​ពី1,400ដុល្លារ​ ដល់​ជិត​68,000​ដុល្លារ​ក្នុង​1តោន​។ ថ្វី​បើ​ការ​ផលិត​ត្រូវ​ចំណាយទុន​​ច្រើន​ ប៉ុន្តែ​ប្រាក់​ចំណេញ​ក៏​នៅ​តែ​មាន​ទំហំ​ធំ​ដដែល។

    បរិមាណ​ម៉ាស់​ដែល​ផលិត​នៅ​ប្រទេសចិន​ ​គឺ​ច្រើន​ជាង​116​លាន​បន្ទះក្នុង​1ថ្ងៃ​ ដែល​នេះ​គ្រប់​គ្រាន់​សម្រាប់​ផ្គង់​ផ្គង់​ក្នុង​ស្រុក​ និង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ខ្លះ​ផងដែរ​៕

    ប្រភព៖ AFP

  • កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​​COVID-19​ចំនួន​103​ករណី​ ខណៈ​ប្រទេស​ថៃ​កើន​​ជិតដល់​​1,400​ករណី​​ និង​វៀត​ណា​​ច្រើន​ជាង​​កម្ពុជា​ជិត​ទ្វេ​ដង​

    កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​​COVID-19​ចំនួន​103​ករណី​ ខណៈ​ប្រទេស​ថៃ​កើន​​ជិតដល់​​1,400​ករណី​​ និង​វៀត​ណា​​ច្រើន​ជាង​​កម្ពុជា​ជិត​ទ្វេ​ដង​

    នៅ​ព្រឹក​នេះ កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ជំងឺCOVID-19​ថ្មី​ចំនួន​1ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 សរុប​ឡើង​ដល់​103​ករណី​។

    កម្ពុជា

    អ្នក​ផ្ទុក​ជំងឺ​COVID-19 ដែលទើប​ត្រូវ​បាន​រក​ឃើញ​នេះ​ ជា​ស្ត្រី​វ័យ​36​ឆ្នាំ ​​ធ្វើ​ការ​នៅ​ Star TV និង​រស់នៅក្នុង​​ភូមិ​បា​លេ​ឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ បច្ចុប្បន្ន​​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

    ​អ្នក​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​រលាក​សួត​ប្រភេទថ្មី​នេះ មាន​ចំនួន​8​ករណី​ ក្នុង​នោះ​មាន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ​ស្ត្រីជន​ជាតិ​​អង់គ្លេស​ម្នាក់ បុរស​ជនជាតិ​បារាំង​ម្នាក់ និងបុរស​ជនជាតិខ្មែរ​5នាក់។

    គិត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​103​នាក់ ក្នុង​នោះ អ្នក​ជំងឺ​​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​82​នាក់ អ្នក​បាន​ជាសះស្បើយ​មាន​ចំនួន​21​នាក់​។ កម្ពុជា​មិន​ទាន់មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ឡើយ​។

    នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន មាន​អ្នក​ឆ្លងមេរោគ​COVID-19 សរុប​188 ករណី ក្នុង​នោះ​មាន​28​ករណី​បាន​ជាសះស្បើយ​។ ក្នុង​ចំណោម​អ្នកបាន​ឆ្លង​មេរោគសរុប មាន​71ករណី​​នៅ​ឯ​រដ្ឋធានី​ហាណូយ ​45​ករណី​​នៅ​ទីក្រុង​សៃហ្គន​(ហូជីមិញ) និង​ក្រៅ​ពី​នេះ​គឺ​នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​ទៀត​។

    ប្រទេស​ថៃ មាន​អ្នក​ឆ្លង​មេរោគ​សរុប​1.388​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់7ករណី និង​ជាសះស្បើយ97​ករណី​។ ចំណែក​អ្នក​ជំងឺ​ដែល​កំពុង​ទទួល​ការ​ព្យា​បាល​មាន​1,284​ករណី​។

    គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​678.910ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​31.771​ករណី​ និង​ជា​សះស្បើយ​ចំនួន​146.319​ករណី​៕

  • Dyson ផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមទំនើប​បំផុត​​ អាច​ជួយ​ព្យាបាលអ្នកជំងឺ​ COVID-19

    Dyson ផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមទំនើប​បំផុត​​ អាច​ជួយ​ព្យាបាលអ្នកជំងឺ​ COVID-19

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏ល្បី​ឈ្មោះ​ខាង​ផលិត​ម៉ាស៊ីន​បូម​ធូលី កង្ហារ​ និង​ម៉ាស៊ីន​ផ្លុំ​សក់ កំពុង​តែ​ត្រៀម​ផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ប្រភេទ​ថ្មី ហើ​យ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អតិថិ​ជន​ដល់​ទៅ​10,000​​នាក់​។

    ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម​នេះ​មាន​ឈ្មោះ​ថា CoVent ត្រូវ​បាន​ Dyson អភិវឌ្ឍ​ឡើង​ដោយ​ប្រើ​ពេល​ត្រឹម​តែ​10​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​ខ្លួន​មាន​ស្រាប់​។ បើ​ទោះ​ជា​កំពុង​រង់ចាំ​ការ​ត្រួត​ពិនិត្យ​ និង​អនុញ្ញាត​ពី​អាជ្ញា​ធរ​អង់គ្លេស ប៉ុន្តែ​ Dyson ក៏​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អតិថិ​ជន​ប្រមាណជា​10,000​នាក់ ពី​រដ្ឋា​ភិបាល​ប្រទេស​នានា​ក្នុង​ពិភពលោក​។

    ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ដូចទៅ​នឹង​ម៉ាស៊ីន​ធម្មតា Covent ក៏អាច​យក​ទៅ​តាម​ខ្លួន​ និង​អាច​ប្រើ​ជា​មួយ​ថ្ម​ពិល​ផងដែរ​។ James Dysin ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​បាន​ឱ្យ​ដឹង​ថា CoVent ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​​COVID-19។ ស្ថាបនិក​រូប​នេះ​ក៏បាន​សន្យា​ថា នឹង​​បរិច្ចាគ​ម៉ាស៊ីន​នេះ​ចំនួន​5,000​គ្រឿង ក្នុង​នោះ​1,000​គ្រឿង​សម្រាប់​ប្រទេស​អង់គ្លេស​។

    ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម​របស់​ក្រុម​ហ៊ុន​ Dyson

    CoVent កំពុងត្រូវ​បាន​ត្រៀម​លក្ខណៈដើម្បី​ផលិត​ និង​អាច​ចេញ​លក់​នៅ​ដើម​ខែ​មេសា​ខាង​មុខ​។ ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមនេះ គឺជា​ឧបករណ៍​ដ៏សំខាន់​​ក្នុង​ការ​ជួយ​ព្យាបាលអ្នក​​ជំងឺ​កូរ៉ូណា​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ និង​មិន​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​។ ក្រៅ​ពី​ Dyson នៅ​មានក្រុម​ហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ដូចជា​ Ford Tesla និង​ General Motors ជា​ដើម ក៏បាន​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ និង​ផលិត​ឧបករណ៍​សុខាភិបាល​សំនាន់​ៗ ក្នុង​នោះ​ក៏មាន​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ផងដែរ​ ខណៈ​ដែល​ពិភពលោក​កំពុង​ខ្វះ និង​ត្រូវ​ការ​វា​ជា​ចាំ​បាច់​បំផុត​៕

    ប្រភព​៖ សារ​ព័ត៌មាន

  • កោដ្ឋ​ដាក់​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហាន

    កោដ្ឋ​ដាក់​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហាន

    ក្រឡ(​កោដ្ឋ​​)ដាក់​អធិធាតុ​​រាប់​ពាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្ទះ​បុណ្យសព​​នានា​ក្នុង​ទី​ក្រុង​អ៊ូហាន ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ទៅលើ​តួលេខ​ជាក់​ស្ដែង​នៃ​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​ចិន​។

    បណ្ដា​រូប​ថត​បង្ហាញ​អំពី​មនុស្ស​ម្នា​ឈរ​តម្រៀប​ជួរ​គ្នា​យ៉ាង​វែង​នៅ​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នានា​នៅ​ក្នុង​ទី​ក្រុង​អ៊ូហាន​ ខេត្ត​ Hubei ប្រទេស​ចិន​ ដើម្បី​រង់​ចាំ​ទទួល​អដ្ឋិ​ធាតុ​ញាតិ​របស់​ពួកគេ​​ ដែល​​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិននា​ពេល​ថ្មី​ៗ​នេះ បាន​បង្ក​ឱ្យ​មាន​សម្ពាធ​កាន់​តែ​ធ្ងន់​ទៅលើ​អាជ្ញាធរ​ទីក្រុង​ ក្នុង​ការ​ប្រកាស​អំពី​តួលេខ​នៃ​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    កោដ្ឋ​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហានទិន្ន​ន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន បាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​ចំនួន​2,535​នាក់ បាន​បាត់​បង់ជីវិត​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​។ ក៏ប៉ុន្តែ បណ្ដា​រូប​ថត​ដែល​ត្រូវ​បាន​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជ​កម្ម​ Caixin (ដែល​មាន​ទីស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ប៉េកាំង​) ​ចុះផ្សាយ​នាពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា តួលេខ​ខាង​លើ​នេះ ពិត​ជា​គួរ​ឱ្យ​សង្ស័យ​។

    នៅក្នុង​​រូប​ថត​ទាំង​នោះ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ Caixin គេ​ឃើញ​មាន​ក្បួន​រថយន្ត​ដឹក​ទំនិញមួយ​​ ដឹក​កោដ្ឋ​ដាក់​អដ្ឋិ​ធាតុ​​ប្រមាណ​ជា​2,500​ ឆ្ពោះ​ទៅកាន់​ផ្ទះ​បុណ្យ​សព​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​កាល​ពី​ថ្ងៃទី25​ និង​26​ខែមីនា​កន្លង​ទៅ​។ ឯរូប​ភាព​មួយ​សន្លឹក​ទៀត​ ក៏បាន​បង្ហាញ​អំពី​កោដ្ឋ​ដាក់​អដ្ឋិធាតុ​ប្រមាណជា​3,500​ ត្រូវ​បាន​តម្រៀប​លើ​គ្នា ក្នុង​ផ្ទះ​បុណ្យ​សព​មួយ​កន្លែង​ផងដែរ។

    កោដ្ឋ​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហានផ្ទះ​បុណ្យ​សព​នានា​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​ បាន​បដិសេធ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ចំនួន​សាក​សព​ដែល​ត្រូវ​បាន​បូជា​នោះ​ទេ ប៉ុន្តែ​ មាន​គ្រួ​សារ​មួយ​នោះ​បាន​រៀប​រាប់​ថា គេ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​រាប់​ម៉ោង​ ទើប​អាច​​ទទួល​បាន​អដ្ឋិធាតុ​​របស់​ញាតិ​ពួក​គេ​។ ទស្សនាវដ្ដី Caixin បាន​សរសេរថា អ្នក​ដែល​បាន​ទៅ​ទទួល​អដ្ឋិ​ធាតុ ត្រូវ​ឈរ​តម្រៀប​ជួរ​ប្រវែង​ប្រហែល​200​ម៉ែត្រ​​នៅ​ខាង​ក្រៅ​ផ្ទះ​បុណ្យ​។

    គណៈកម្ម​ការ​សុខាភិបាល​ចិន បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​ ប្រទេស​ចិន​មាន​អ្នក​ស្លាប់ជា​​​ 3,200​នាក់ ខណៈ​ដែល​អ្នក​បាន​ឆ្លង​វីរុស​មាន​ចំនួនជាង​ 81,000​នាក់​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស