Tag: សុខភាព

  • ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​

    ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​

    ការ​វិភាគ​ទៅ​លើ​ប្រព័ន្ធ​ហ្សែន​របស់​ COVID-19 បាន​បង្ហាញ​ថា រចនា​សម្ព័ន្ធ​ប្រូតេអ៊ីន​រាង​បន្លា​នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​វីរុសនេះ ធ្វើ​ការ​ដោយ​មាន​​ប្រសិទ្ធ​ភាព​ខ្លាំងណាស់​ រហូតដល់​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាច​សន្និដ្ឋាន​បាន​ថា មនុស្ស​មិន​អាច​បង្កើត​​បាន​មេរោគ​បែប​នេះ​នោះ​ឡើយ​។​

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា COVID-19 មិន​មែន​ជា​ផលិត​ផល​​នៃ​ការ​បង្កើត​ឡើង​ដោយ​មនុស្ស​នោះ​ទេ​ នៅ​ពេល​បាន​ប្រៀប​ធៀប​លំដាប់​អាស៊ីត RNA (Ribonucleic acid) របស់​វីរុសCOVID-19 ជាមួយ​នឹងវីរុស​​SARS, MERS និង​បណ្ដា​​វីរុស​កូរ៉ូណា​​ប្រភេទ​ផ្សេង​ទៀត​ ដូចជាវីរុស​ HKU1 ដែល​បង្ក​​អាការ​រោគ​ស្រាល​នៅ​លើ​មនុស្ស​ជា​ដើម។

    លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​17​មីនា លើ​ទស្សនាវដ្ដី​ Nature។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ផ្ដោតសំខាន់​ទៅ​លើ​បណ្ដា​ប្រូតេអ៊ីន​ដែលមាន​រូប​រាង​ដូច​បន្លា​របស់​ COVID-19។ ប្រូតេអ៊ីន​នេះ រួមមាន​ដែនត​ភ្ជាប់​ RDB (Receptor Binding Domain) និង​ទីតាំង​កាត់​ផ្ដាច់ (Cleavage Site)។

    RDB ថ្ពក់​ជាប់​ទៅ​នឹង​ទី​តាំង​ភ្ជាប់​ ACE2 ដែល​មាន​នៅ​លើ​កោសិកា​មនុស្ស​ បន្ទាប់​មក​ Cleavage Site បើក​ផ្លូវ​ឱ្យ​វីរុស​រុក​ចូល​ទៅ​ខាង​ក្នុង​កោសិកា​។ រចនាសម្ព័ន្ធរបស់​ប្រូតេអ៊ីនរូប​បន្លារបស់​វីរុស​COVID-19​ ធ្វើការ​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់​ថ្នាក់​ “​មាន​តែ​​ធម្ម​ជាតិ​​ប៉ុណ្ណោះទើប​អាច​ធ្វើ​បែប​នេះ​បាន” ពោល​គឺ​មិន​មែន​ជា​ផលិត​ផល​ផ្នែក​ជីវ​សាស្ត្រ​របស់​មនុស្ស​នោះ​ទេ។

    នៅ​ពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​បង្កើតវីរុស​ COVID-19 នៅ​លើ​កុំព្យូទ័រ ពួកគេ​ឃើញ​ថា សមត្ថ​ភាព​ឆ្លង​របស់​វីរុស​នៅ​លើ​កុំព្យូទ័រ​ មាន​លក្ខណៈ​ខ្សោយ​ជាង​ច្រើន​ណាស់​បើ​ធៀប​នឹង​វីរុស​នៅ​ខាង​ក្រៅ​។

    វេជ្ជ​បណ្ឌិត​ Kristian Andersen នៅ​មន្ទីរ​ពិសោធន៍ Scripps ដែល​ជា​សមាជិកម្នាក់​​នៃ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​ បាន​ឱ្យ​ដឹង​ថា បើ​សិន​ជា​អ្នក​វិទ្យា​សាស្ត្រ​ជា​អ្នក​បង្កើត​វីរុស​COVID-19ពិត​មែន នោះ​ពួក​គេ​នឹង​មិន​ជ្រើស​យក​ប្រូតេអ៊ីន​វ៉ារ៉្យុង(variant protein) ដែល​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។ ក្រៅ​ពី​នេះ​ អាវុធ​ជីវសាស្ត្រ​ជា​ទូទៅ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វីរុស​សាហាវ​ៗ​។ ក៏ប៉ុន្តែ បណ្ដា​វីរុស​សែស្រឡាយ​ជិត​របស់​កូរ៉ូណាCOVID-19 ​ដែល​មាន​នៅ​លើ​សត្វ​ប្រចៀវ​ និង​ពង្រូល​ វា​ហាក់​មិន​បង្កគ្រោះ​ថ្នាក់​នោះ​ឡើយ​។

    ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​រូប​រាង​ និង​រចនាសម្ព័ន្ធ​របស់​វីរុស​កូរ៉ូណា​COVID-19

    ​COVID-19 ត្រូវ​បាន​គេ​ជឿថា បាន​ឆ្លងពី​សត្វ​ប្រចៀវ​ ទៅ​ពង្រូល និង​ពី​ពង្រូល​ទៅ​កាន់​មនុស្ស​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ខាងលើ​បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​ធ្វើ​ការ​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​ទៅ​លើ​បញ្ហា​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ធ្លុះ 1លាននាក់ហើយ!! ចំនួនអ្នកឆ្លងមេរោគកូវីដ-19ទូទាំងពិភពលោក អាមេរិកធ្ងន់ធ្ងរបំផុត លើស 2.3សែននាក់

    ធ្លុះ 1លាននាក់ហើយ!! ចំនួនអ្នកឆ្លងមេរោគកូវីដ-19ទូទាំងពិភពលោក អាមេរិកធ្ងន់ធ្ងរបំផុត លើស 2.3សែននាក់

    សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមព័ត៌មានពីមហាវិទ្យាល័យ ចន ហប់គីនស៍ថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បានកើនឡើងលើស 1លាននាក់ហើយកាលពីថ្ងៃព្រហស្បតិ៍​(ទី2មេសា)​ម្សិលមិញ ដោយរោគរាតត្បាតដ៏ចង្រៃនេះ នៅតែចម្លងមេរោគយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាមេរិក ខណៈដែលចំនួនអ្នកស្លាប់នៅតែកើនឡើងជារឿយៗ ទាំងនៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញ។

    វេបសាយតាមដានស្ថានការណ៍ការឆ្លងរាលដាលនៃមេរោគកូវីដ-19 បែបអនឡាញ របស់មហាវិទ្យាល័យ ចន ហប់​គីនស៍ ថែមទាំងបានរកឃើញថា វីរុសកូវីដ-19បានប្រហារជីវិតមនុស្សទូទាំងពិភពលោកលើស 51.000នាក់ហើយ​ទៀតផង ដោយប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតគឺ អ៊ីតាលី តាមក្រោយដោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក។

    តួលេខរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានបង្ហាញឱ្យដឹងពីព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយពីបានរកឃើញថា ពិភពលោកបានប្រើពេលវេលាប្រមាណជា 55ថ្ងៃក្នុងការមានអ្នកឆ្លងមេរោគកូវីដ-19 នេះគ្រប់ 100,000​នាក់ដំបូង តែបន្ទាប់ពីនោះមកក៏ឡើងធ្លុះដល់ខ្ទង់ 500,000នាក់នៅថ្ងៃទី76(21ថ្ងៃក្រោយ) មុននឹងវីរុសនេះប្រើពេលវេលាថែមទៀតត្រឹមតែ 8ថ្ងៃប៉ុណ្ណោះ រាប់តាំងពីពេលនោះ ក្នុងការចម្លងមេរោគទៅមនុស្សលោកទ្វេ 1ជា2 រហូតដល់លើស 1លាននាក់។

    ចំនួនអ្នកឆ្លងមេរោគជារួមនៅថ្ងៃព្រហស្បតិ៍(ទី2មេសា) កើនឡើងពីមួយថ្ងៃមុននោះ 10% ដែលតួលេខនេះអាចនិយាយបានថា គឺជាលើកដំបូងហើយដែលមានការចម្លងមេរោគរបស់កូវីដ-19 បានកើនឡើងក្នុងកម្រិតតួលេខ 2ខ្ទង់ រាប់ចាប់តាំងពីវីរុសកូរ៉ូណាប្រភេទថ្មីនេះចាប់ផ្ដើមឆ្លងរាលដាលចេញមកក្រៅប្រទេសចិន។

    ពេលនេះ មានប្រទេស និងតំបន់ផ្សេងៗ 117កន្លែង បានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគលើស 100​ករណី និង 50កន្លែង មានអ្នកឆ្លងមេរោគលើស 1,000ករណី និងមាន 7ប្រទេស ដែលបានរាយការណ៍អំពីការ​រកឃើញអ្នកឆ្លងមេរោគលើស 50,000នាក់ ភាគច្រើននៅក្នុងទ្វីបអឺរ៉ុប។

    បច្ចុប្បន្នអ្នកស្លាប់ទូទាំងពិភពលោក ស្ថិតក្នុងកម្រិតលើសពី 5% របស់គ្រប់ករណីអ្នកឆ្លងមេរោគដែលមានការរាយការណ៍ជាផ្លូវការ ដោយសហរាជអាណាចក្រ, សហរដ្ឋអាមេរិក, និងប្រទេសអេស្ប៉ាញ សុទ្ធតែបានរាយការណ៍ពីចំនួនអ្នកស្លាប់កើនឡើងយ៉ាងច្រើនក្នុងអំឡុងពេលមិនប៉ុន្មានថ្ងៃកន្លងមកនេះ។

    ក្នុងករណីអ្នកឆ្លងមេរោគទាំងអស់របស់ពិភពលោក មានប្រមាណ 22% ស្ថិតក្នុងសហរដ្ឋអាមេរិក(ប្រមាណ 238,000​នាក់) ចំណែកអ៊ីតាលី និងអេស្ប៉ាញ គិតត្រួសៗប្រមាណជា 10%ក្នុង1ប្រទេស ខណៈដែលចិន ប្រទេសដែលមេរោគវីរុសកើតឡើងមុនគេនោះ មានអ្នកឆ្លងមេរោគគិតជាភាគរយ ប្រមាណ 8% នៃចំនួនអ្នកឆ្លងមេរោគទាំងអស់របស់ពិភពលោក ដែលនេះជាភ័ស្តុតាងជាក់ស្ដែងថា មណ្ឌលកណ្ដាលនៃការឆ្លងសាយភាយ បានចូលមកដល់អឺរ៉ុប និងអាមេរិកហើយ។

    ទាំងអស់នេះ បើរាប់គ្រប់ប្រទេសនៅក្នុងអឺរ៉ុបរួមគ្នា ពួកគេមានចំនួនអ្នកឆ្លងមេរោគ គិតទៅជាងពាក់កណ្ដាលនៃអ្នកឆ្លងមេរោគទូទាំងពិភពលោក និងមានអ្នកស្លាប់រួមគ្នាច្រើនជាង 70% នៃចំនួនអ្នកស្លាប់ទូទាំងពិភព​លោក ដោយប្រទេសជាច្រើននៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប ដែលជាសង្គមប្រជាជនវ័យចំណាស់ បានក្លាយជាប្រទេស​ដែលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនេះធ្ងន់ធ្ងរបំផុត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក(វីដេអូ)

    ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក(វីដេអូ)

    អ្នក​បើក​បរ​រថភ្លើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ព្យាយាម​បង្វែរ​ក្បាល​រថភ្លើង​តម្រង់​ទៅ​កាន់​នាវា​មន្ទីរពេទ្យ​ USNS Mercy នៅ​ក្នុង​រដ្ឋ​ Los Angeles ដោយ​សារ​តែអ្នក​បើក​បរ​រូប​នេះ​ សង្ស័យ​អំពី​គោល​បំណង​នៃ​​វត្ត​មាន​របស់​នាវា​មន្ទីរ​ពេទ្យ​នេះ​។

    Eduardo Moreno អាយុ​44​ឆ្នាំ រស់នៅ​ក្នុង​តំបន់ San Pedro ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ក្រោយ​ការ​បំផ្លាញ​រថភ្លើង​កាលពី​យប់​ថ្ងៃ​ទី​31​មករា​” នេះ​បើ​តាម​ការ​ប្រកាស​​របស់​ការិយាល័យ​មេធាវី​នៃតំបន់​​ Central District ក្នុង​រដ្ឋ​ California នា​ថ្ងៃ​នេះ​។

    កាមេរ៉ា​នៅ​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ថា Moreno បាន​បើក​បរ​រថភ្លើង​ក្នុង​ល្បឿន​លឿន​បំផុត​នៅ​ចុង​ផ្លូវ​ដែក​ ក្បែរ​កំពង់​ផែ​ Los Angeles។ រថភ្លើង​នេះ​បាន​បុក​របង​បេតុង​ រួច​ទម្លុះរបង​ដែក​ និង​របង​សំណាញ់​ដែក បន្ទាប់​មក​ក៏​ជ្រុល​ទៅ​ដល់​ទីលាន​​ចត​រថយន្ត​ និង​បុក​ទៅ​លើ​ជញ្ជាំង​របង​ផ្សេង​មួយ​ទៀត​។

    ហេតុ​ការណ៍​នេះ មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​នោះ​ទេ​ ហើយ​ក៏​មិន​មាន​រថយន្ត​ណាមួយ​ត្រូវ​រង​ការ​ខូច​ខាត​នោះ​ដែរ​។ ក្បាល​រថភ្លើង​ បាន​ឈប់​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​200​ម៉ែត្រ​ពី​នាវា​មន្ទីរពេទ្យ​ USNS Mercy។

    ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិកជនសង្ស័យ​បាន​សារភាព​រួច​ហើយ​នៅក្នុង​ការ​សួរ​ចម្លើយ​របស់​សមត្ថ​កិច្ច​នៅ​ឯកំពង់​ផែ Los Angeles នៅ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI)។ Moreno បាន​ឱ្យ​ដឹង​ថា​ សកម្ម​ភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​ ដោយ​បាន​អះអាង​ថា​ វត្តមាន​របស់​នាវា​មន្ទីរ​ពេទ្យ​ USNS Mercy មិន​មែន​ដើម្បី​ជួយ​ដល់​ការ​ប្រឆាំង​នឹង​វីរុស​COVID-19 នោះ​ទេ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ “ផ្នែក​មួយ​ក្នុង​ផែន​​ការ​ក្ដោប​ក្ដាប់​អំណាច​របស់​រដ្ឋាភិបាល​” តែប៉ុណ្ណោះ​។ នេះ​បើ​តាម​ Washington Times។

    “Moreno យល់​ថា USNS Mercy ពិត​ជាគួរ​ឱ្យ​សង្ស័យ​ ហើយ​គាត់​ក៏មិន​ជឿ​ទៅ​លើ​ការ​ប្រកាស​របស់​មន្ត្រី​អំពី​គោល​បំណង​របស់​វា (នាវា)” នេះ​បើ​តាម​ការ​ប្រកាស​របស់​ការិយាល័យ​មេធាវី​។ ការ​ប្រកាស​នេះ​បន្ត​ថា ជនសង្ស័យ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​​រយៈ​ពេល​20​ឆ្នាំ​។

    មុន​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បញ្ជា​ឱ្យ​នាវា​មន្ទីរពេទ្យ​ USNS Mercy ធ្វើ​ដំណើរ​ទៅកាន់​ Los Angeles និង​នាវា​ USNS Comfort ទៅកាន់​ទីក្រុង​ New York។ នាវា​នីមួយ​ៗ មាន​គ្រែ​ចំនួន​1,000​​ និង​បន្ទប់​វះ​កាត់​ចំនួន​12។ នាវា​ទាំង​នេះ​មិន​មាន​សមត្ថ​ភាព​ព្យាបាល​ COVID-19 នោះ​ទេ ប៉ុន្តែវា​អាច​ទទួល​ព្យាបាល​អ្នក​ជំងឺ​ធម្មតា​ (ក្រៅ​ពី​ជំងឺ​កូរ៉ូណា) ដើម្បី​ទុក​ឱ្យ​មន្ទីរ​ពេទ្យ​នានា​នៅ​លើ​គោក​ អាច​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​តែ​អ្នកជំងឺ​ COVID-19។

    USNS Comfort និង​ USNS Mercy គឺជា​នាវា​មន្ទីរពេទ្យ​ដែល​ស្ថិត​ក្នុង​ក្រុម​នាវា​ Mercy ដែល​ជា​នាវា​ប្រភេទធំ​បំផុត​លំដាប់​ទី​3​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បន្ទាប់ពី​កំពូល​នាវា​ Nimitz និង Gerald R. Ford៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លទ្ធ​ផល​ពិសោធន៍​ថ្មី​៖ COVID-19 អាច​រក្សា​ជីវិត​បាន​7​ថ្ងៃ​នៅ​លើ​ម៉ាស់​(វីដេអូ)

    លទ្ធ​ផល​ពិសោធន៍​ថ្មី​៖ COVID-19 អាច​រក្សា​ជីវិត​បាន​7​ថ្ងៃ​នៅ​លើ​ម៉ាស់​(វីដេអូ)

    “ថ្វី​បើវីរុស​​COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ​នៅ​លើ​ម៉ាស់​ ប៉ុន្តែ​ពួកវា​ក៏​ងាយ​នឹង​ត្រូវ​សម្លាប់​ដោយ​វិធី​សាមញ្ញ” នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​របស់​សាកលវិទ្យា​ល័យ​ហុង​កុង​។

    លទ្ធ​ផល​នៃ​ការ​សិក្សាស្រាវជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពីថ្ងៃទី​15​មីនា នៅ​លើ​គេហទំព័រ​ medRxiv របស់​ក្រុម​អ្នក​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​​ហុង​កុង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​វីរុស​COVID-19 មាន​ភាព​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​បរិយា​កាស​ ឬ​ផ្ទៃ​នៃ​វត្ថុ​ដែល​វា​កំពុង​ស្ថិត​នៅ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​បន្តក់​វីរុស​ដែល​គេ​បាន​បណ្ដុះ 1តំណក់​​ទៅ​លើ​ផ្ទៃ​លើ​នៃ​វត្ថុ​មួយ​ចំនួន​ រួម​មាន​ ក្រដាស ឈើ​ក្រដាស​ជូត​មាត់ ក្រណាត់ វ៉ែន​តា ប្រាក់​ ដែក​អ៊ីណុក ជ័រ រួម​នឹង​ម៉ាស់​ជាដើម​។

    ជា​លទ្ធ​ផល​ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​មិន​បាន​រកឃើញ​វីរុស​COVID-19 នៅ​លើ​ក្រដាស និង​ក្រដាស​ជូន​មាត់​នោះ​ទេ បន្ទាប់​​ពី​បាន​បន្តក់​មេរោគ​រយៈ​ពេល​3ម៉ោង​

    COVID-19 ក៏មិន​មាន​នៅ​ជាប់​នៅ​លើ​ឈើ​ និង​ក្រណាត់ បន្ទាប់​ពី​2ថ្ងៃ​ក្រោយ​ការ​បន្តក់​មេរោគ​​។ បន្ទាប់​ពី​រយៈ​ពេល​4​ថ្ងៃ គេ​ក៏​មិន​ឃើញ​មាន​វីរុស​នេះ​នៅ​ជាប់​​នៅ​លើ​កញ្ចក់​វ៉ែនតា និង​ក្រដាស​ប្រាក់​នោះ​ដែរ​។ វីរុស​កូរ៉ូណា​COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ នៅ​លើ​ដែក​អ៊ីណុក​ និង​ជ័រ​

    អ្វីដែល​គួរ​ឱ្យ​បារម្ភ​ជាង​គេ​នោះ​គឺ​ថា នៅ​ផ្ទៃ​ខាង​ក្រៅនៃ​ម៉ាស់ពេទ្យ (surgical mask)​ វីរុស​នេះ​អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ​ ដូច​ទៅ​នឹង​នៅលើ​ជ័រ​ និង​ដែក​អ៊ីណុក​។

    ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​បាន​សន្និដ្ឋាន​ថា បើ​ទោះ​វីរុស​ COVID-19 អាចមាន​ជីវិត​យូរ​ថ្ងៃ​នៅ​លើ​វត្ថុ​មួយ​ចំនួន​ ប៉ុន្តែ​វា​ក៏​ងាយ​នឹង​ត្រូវ​បាន​សម្លាប់​ដោយ​វិធី​កំចាត់​មេរោគ​សាមញ្ញ​ៗផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធាន​សភា​អ៊ីរ៉ង់ បាន​ឆ្លង​វីរុស​COVID-19!

    ប្រធាន​សភា​អ៊ីរ៉ង់ បាន​ឆ្លង​វីរុស​COVID-19!

    លោក Ali Larijani អាយុ​62​ឆ្នាំ ជា​ប្រធាន​សភា​អ៊ីរ៉ង់ ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 ហើយ​លោក​កំពុង​ទទួល​ការ​ព្យាបាល​​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​។

    ស្ថានីយ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​កាល​ពី​ម្សិល​មិញ​បាន​ចេញ​ផ្សាយ​ថា ប្រធាន​សភា​អ៊ីរ៉ង់ លោក Ali Larijani ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 បន្ទាប់​ពី​មាន​រោគ​សញ្ញា​មួយ​ចំនួន​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត បាន​រកឃើញ​ថា​លោក​មាន​ផ្ទុក​មេរោគ​COVID-19 ហើយ​លោក​ក៏កំពុង​ទទួល​ការ​ព្យាបាល​។

    លោក Ali Larijani បាន​ក្លាយជា​មន្ត្រី​​ម្នាក់​ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​​របស់​អ៊ីរ៉ង់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​។ មុន​នេះ​ អនុប្រធានាធិបតី​ Masoumeh Ebtekar រួម​នឹង​ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​ និង​សន្តិសុខ​ជាតិ​​របស់​សភា​អ៊ីរ៉ង់ លោក Mojtaba Zolnour និង​តំណាង​រាស្ត្រ​ Mahmoud Sadeghi និង​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ Iraj Harirchi ក៏​បាន​ឆ្លង​វីរុស​COVID-19។

    លោក​ Hadi Khosroshahi ជា​បព្វ​ជិត​ម្នាក់​នៅ​ទី​ក្រុង Qom ដែលជា​អតីត​ឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង​ Vatican ក៏​បាន​ទទួល​មរណ​ភាព​ដោយ​សារ​ COVID-19។

    ប្រទេស​អ៊ីរ៉ង់​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​50,468​នាក់ និង​អ្នក​ស្លាប់​សរុប​3,160​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជាង​1លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភព​លោក​ ខណៈ​កម្ពុជា​​មាន​​ត្រឹម​ជាង​100​នាក់​ប៉ុណ្ណោះ

    មនុស្ស​ជាង​1លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភព​លោក​ ខណៈ​កម្ពុជា​​មាន​​ត្រឹម​ជាង​100​នាក់​ប៉ុណ្ណោះ

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​មេរោគCOVID-19 ដល់​ទៅ​ជាង​1លាន​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ​ក៏​បាន​កើន​ឡើង​ដល់​ជិត​53,000​នាក់។

    យោង​តាម​សាកល​វិទ្យា​ល័យ​ John Hoskin គិត​មក​ដល់​ពេលនេះ​ ពិភពលោកមាន​អ្នក​ឆ្លង​មេរោគ​COVID-19 ចំនួន​​1,011,490នាក់​ និង​អ្នក​ស្លាប់​មាន​ចំនួន​52,863​នាក់​ បន្ទាប់​ពី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​​ចំនួន​77,902​នាក់ និង​អ្ន​កស្លាប់​5,994​នាក់​។ ចំនួន​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​​210,186​នាក់​។

    ទិន្ន​ន័យ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​COVID-19 បាន​កើន​ទ្វេដង​ រាប់​ចាប់​ពី​ថ្ងៃទី​27​មីនា។ បច្ចុប្បន្ន អឺរ៉ុប​គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​ ដោយ​មាន​អ្នក​ឆ្លង​វីរុស​542,191​នាក់ ក្នុង​នោះ​មាន​​37,715​នាក់​បាន​បាត់​បង់ជីវិត​ គឺ​ស្មើ​នឹង​54% និង​73​% នៃ​តួលេខ​ទូទាំង​ពិភពលោក​។ នេះ​បើ​តាម​ AFP។

    សហរដ្ឋអាមេរិក៖ ជា​សម្បុក​មេរោគ​ធំបំផុត​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​សរុប​243,298នាក់​ និង​ស្លាប់​5,883​នាក់​​ បន្ទាប់​ពី​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី 28,295​នាក់ និង​ស្លាប់​ថ្មី​781​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​4,668​នាក់ និង​អ្នក​ស្លាប់​ថ្មី​760​នាក់។ អ្នក​ជំងឺ​សរុប​115,242​នាក់ និងអ្នក​​ស្លាប់​សរុប​13,915​នាក់​។ ប្រទេស​នេះ​ នៅ​តែ​បន្ត​ជា​ “វាល​ពិឃាត” ធំជាង​គេ​របស់​ COVID-19។

    អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​7,947​នាក់​ និង​អ្នក​ស្លាប់​ថ្មី​961​នាក់​។ អ្នក​ជំងឺ​សរុប​112,065​នាក់ និង​អ្នក​ស្លាប់​សរុប​10,348​នាក់​។

    អាល្លឺម៉ង់៖ អ្នកជំងឺ​ថ្មី​6,813​នាក់ និង​អ្នក​ស្លាប់​ថ្មី​176​នាក់។ អ្នក​ជំងឺ​សរុប​84,794​នាក់ និង​អ្នក​ស្លាប់​សរុប​1,107​នាក់​។ ប្រទេស​នេះ ជា​សម្បុក​មេរោគ​ធំបំផុត​លំដាប់​ទី​3​នៅ​ទ្វីប​អឺរ៉ុប​។

    អង់គ្លេស​៖ អ្នកជំងឺ​ថ្មី​4,244​នាក់ និង​អ្នក​ស្លាប់​ថ្មី​569​នាក់​។ អ្នក​ជំងឺ​សរុប​33,718​នាក់ និង​អ្នក​ស្លាប់​សរុប​2,921​នាក់​។

    អ៊ីរ៉ង់៖ ប្រទេស​នេះ​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​50,468​នាក់ និង​អ្នក​ស្លាប់​សរុប​3,160​នាក់​។ មន្ត្រី​ជា​ច្រើន​រូប​របស់​អ៊ីរ៉ង់ បាន​ឆ្លង​មេរោគ​COVID-19 ក្នុង​នោះ​ក៏មាន​ករណី​ថ្មី​បំផុត​ គឺ​ប្រធាន​សភា​ Ali Larijani ផងដែរ​។

    ប្រទេស​ចិន៖ តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា មាន​អ្នក​ជំងឺ​សរុប​ 82,433​នាក់ និង​អ្នក​ស្លាប់​សរុប​ 3,322នាក់​។
    ប្រទេស​កូរ៉េខាង​ត្បូង​៖ តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា មាន​អ្នក​ជំងឺ​សរុប​ 9,976នាក់ និង​អ្នក​ស្លាប់​សរុប​ 169នាក់​។

    អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីបន្ត​ជាសម្បុក​មេរោគ​ធំបំផុត​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នកជំងឺ​សរុប​3,116​នាក់ និង​អ្នក​ស្លាប់​សរុប​208​នាក់​។ ហ្វីលីពីនមាន​អ្នក​ជំងឺ​សរុប​2,633នាក់ និង​អ្នក​ស្លាប់​សរុប​107​នាក់​។ ប្រទេស​ថៃ មាន​អ្នក​ជំងឺ​សរុប​1875​នាក់ និង​ស្លាប់សរុប​15​នាក់​។ ឥណ្ឌូនេស៊ី មាន​អ្នក​ជំងឺ​សរុប​1,790នាក់ និង​ស្លាប់​170​នាក់។

    ​ប្រទេស​កម្ពុជា​៖ អ្នក​ដែលបាន​ឆ្លង​មេរោគ​COVID-19 មាន​ចំនួន​114​នាក់ ក្នុង​នោះ​មាន​80​នាក់​កំពុង​ទទួល​ការ​ព្យាបាល និង​34​នាក់​បាន​ជាសះស្បើយ។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​មេរោគ​នេះ​នៅ​ឡើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! ជាប់​ពន្ធ​នាគារ​កន្លះ​ឆ្នាំ​ ព្រោះតែ​ក្អក​ដាក់​មុខ​សមត្ថ​កិច្ច​

    COVID-19! ជាប់​ពន្ធ​នាគារ​កន្លះ​ឆ្នាំ​ ព្រោះតែ​ក្អក​ដាក់​មុខ​សមត្ថ​កិច្ច​

    មនុស្ស​ម្នាក់​ កាល​ពី​ថ្ងៃទី​1មេសាកន្លង​ទៅ​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​6​ខែ​ បន្ទាប់​ពី​បាន​ក្អក​តម្រង់​ទៅ​លើ​មុខ​របស់​​មន្ត្រី​នគរ​បាល​ម្នាក់​ ហើយ​ថែម​ទាំង​បាន​គំរាម​ថា​នឹង​ចម្លង​វីរុស​COVID-19។

    Adam Lewis អាយុ​55​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​កំពុង​ព្យាយាម​គាស់​ទ្វារ​ឡាន​មួយ​គ្រឿង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃទី​31​មីនា​កន្លង​ទៅ​។ នៅ​ពេល​សមត្ថ​កិច្ច​មក​ដល់ Lewis ក៏បាន​ប្រតិកម្ម​ដោយ​បោក​ដប​ស្រា​ដែលនៅ​​ក្បែរ​នោះ​ ហើយ​ស្រែក​គំរាម​មន្ត្រី​នគរ​បាល។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាននគរ​បាល​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​។

    “ខ្ញុំ​គឺ​ជា​អ្នកជំងឺ​ COVID-19។ ខ្ញុំ​នឹង​ក្អក​ដាក់​មុខ​លោក​ឯង​ ឱ្យ​លោក​ឯង​ឆ្លង​ជំងឺ​ម្ដង” Lewis ស្រែក​គំរាម​បែប​នេះ​ ហើយ​ក្អក​តម្រង់​មុខ​សមត្ថ​កិច្ច​។ បុរស​រូប​នេះ​ថែមទាំង​ព្យាយាម​ស្ដោះ​ទឹក​មាត់​តម្រង់​ទៅ​នគរ​បាល​ទៀត​ផង។

    បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ដូច​ខាង​លើ Lewis ក៏ត្រូវ​បាន​ចាប់​បញ្ជូន​ឡើង​តុលាការ​នៅ​តំបន់ Westminster កាល​ពី​ម្សិល​មិញ។ បុរស​វ័យ​55​ឆ្នាំ​រូប​នេះ ត្រូវ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​6ខែ​ ក្រោម​បទ​ចោទ “មាន​ចេតនា​វាយប្រហារ​សមត្ថ​កិច្ច​” ដោយ​យោង​ទៅ​តាម​មាត្រា​មួយ​នៃ​ច្បាប់របស់​ប្រទេស​អង់គ្លេស​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2018។

    មន្ត្រី​ម្នាក់​នៅ​ឯតុលាការ​ បាន​ឱ្យ​ដឹង​ថា “ខ្ញុំ​សង្ឃឹម​ថា ការ​ដាក់​ទោស​នេះ​នឹង​ជា​សារ​មួយ​សម្រាប់​​អ្នក​រាល់​គ្នា​ឱ្យ​ដឹង​​ថា ទង្វើ​បែប​នោះ គឺ​មិន​អាច​អត់ឱន​បាន​ឡើយ​”។

    ប្រទេស​អង់គ្លេស​ គិត​មកដល់​ថ្ងៃ​នេះបាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 29,872​នាក់ ក្នុង​នោះ​អ្នក​​ស្លាប់មាន​ចំនួន​​2,357​នាក់​ ខណៈ​ដែល​ពិភពលោក​ទាំងមូល​ មាន​អ្នក​ឆ្លង​វីរុស​សរុប 956,588​​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់48,583​​នាក់ និង​អ្នក​បាន​ជាសះស្បើយ​មាន​ប្រមាណជា​202,728​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​ទេស​

  • ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន បាន​បាត់​បង់ជីវិត​ហើយ ​ដោយ​សារ​តែ​ COVID-19

    ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន បាន​បាត់​បង់ជីវិត​ហើយ ​ដោយ​សារ​តែ​ COVID-19

    លោក​ស្រី​ Bernardita Catalla អាយុ​62​ឆ្នាំ ជា​ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន ប្រចាំ​ប្រទេស​លីបង់ បាន​បាត់​បង់ជីវិត​ក្នុង​ថ្ងៃនេះ​នៅ​ឯមន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ​ធានី​ Beirut នៃ​ប្រទេស​លីបង់ ក្រោយ​ពី​បាន​ឆ្លង​វីរុស​COVID-19។

    ក្រសួង​ការបរទេស​ហ្វីលីពីន​ បាន​ប្រកាស​​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ បន្ទាប់​ពី​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​​ទីក្រុង Beirut បាន​ទទួល​មរណ​ភាព​​ដោយ​សារ​តែ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី COVID-19។ លោក​ស្រី​ Catalla បាន​ធ្វើ​ការ​ក្នុង​វិស័យ​ការ​ទូត​អស់​រយៈ​ពេល​27​ឆ្នាំ​មក​ហើយ​។ លោក​ស្រី​ធ្លាប់​កាន់​តំណែង​សំខាន់​ៗ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។ នៅ​មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​ប្រទេស​លីបង់ លោក​ស្រី​ក៏ធ្លាប់​ធ្វើ​ជា​អគ្គកុង​ស៊ុល​របស់​ហ្វីលីពីន ប្រចាំ​ទីក្រុង​ហុង​កុង​ផងដែរ​។

    ប្រទេស​លីបង់ មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ជិត​500​នាក់ ក្នុង​នោះ​មាន​16​នាក់​បាន​បាត់បង់ជីវិត​។

    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ លោក​ស្រី Catalla ត្រូវ​បាន​គេ​មើល​ឃើញ​ថា មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​ការ​ងារ​ ពិសេស​គឺ​កិច្ច​ការ​ដែល​ទាក់​ទិន​នឹង​ការ​បញ្ជូន​ពលករ​ហ្វីលីពីន​ជា​ច្រើន​ម៉ឺន​នាក់នៅ​លីបង់​ ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ ខណៈ​មេរោគ​ COVID-19 កំពុង​រាល​ដាល​ពាស​ពេញ​ពិភពលោក​។

    COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​203​ ក្នុងពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 956,588​នាក់​​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នកជំងឺ​ 48,583​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តារាង​​ចំណាត់​ថ្នាក់​នៃបណ្ដា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​

    តារាង​​ចំណាត់​ថ្នាក់​នៃបណ្ដា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​

    COVID-19 ដែល​ជា​វីរុស​បង្ក​ជំងឺ​រលាក​សួត​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន203​ បណ្ដាលឱ្យ​មនុស្ស​ប្រមាណជា​​​938,348នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន47,286​នាក់​បាន​បាត់​បង់ជីវិត​ និង​35,736​​នាក់​កំពុង​មាន​អាការ​ធ្ងន់​ធ្ងរ និង​ប្រមាណជា​195,371នាក់​បាន​ជា​សះស្បើយ​។

    ដោយឡែក​នៅ​ក្នុង​តំបន់​អាស៊ីភាគ​អាគ្នេយ៍​​ដែល​មាន​ប្រទេស​ចំនួន​11 និង​មាន​ប្រជា​ជនសរុប​ប្រមាណជា​ 655,298,000​នាក់​ ក៏​មាន​អ្នក​ជំងឺ​ COVID-19 មិន​តិច​នោះ​ដែរ​។ ខាង​ក្រោម​នេះ​គឺជា​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែល​មាន​ និង​មិន​ទាន់​មាន​ករណី​ឆ្លង​ ឬ​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    តារាង​​ចំណាត់​ថ្នាក់​នៃបណ្ដា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​
    ចំណុច​ពណ៌​លឿង​គឺ​ជា​​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែល​មាន​11​ប្រទេស​

    >​ចំណាត់​ថ្នាក់​នៃប្រទេស​ទាំង​11​​​ដែល​មាន​ករណី​ឆ្លង​វីរុស​COVID-19 (ពី​ច្រើន​ទៅ​តិច)​៖​
    1-ម៉ាឡេស៊ី 2,908នាក់
    2-ហ្វីលីពីន 2,311​នាក់​
    3-ប្រទេស​ថៃ ​​​​​​​​​1,771​នាក់​
    4-ឥណ្ឌូនេស៊ី​ 1,677​នាក់​
    5-សិង្ហបុរី 1,000​នាក់​
    6-វៀតណាម​ 222​នាក់​
    7-ប៊្រុយ​ណេ​ 131​នាក់
    8-កម្ពុជា​ 110​នាក់​
    9-មីយ៉ានម៉ា​រ 16​នាក់
    10-​ប្រទេស​ឡាវ 10​នាក់​
    11-ទីម័រ​ខាង​កើត​ (Timor-Leste) 1​នាក់​

    >​ចំណាត់​ថ្នាក់​នៃប្រទេស​​ទាំង​7ដែល​មាន​ករណី​ស្លាប់​ដោយ​សារ​​វីរុស​COVID-19 (ពី​ច្រើន​ទៅ​តិច​)៖​
    1-ឥណ្ឌូនេស៊ី 157នាក់​
    2-ហ្វីលីពីន 96​នាក់​
    3-ម៉ាឡេស៊ី 45​នាក់​
    4-ប្រទេស​ថៃ 12​នាក់
    5-សិង្ហបុរី 4​នាក់
    6-ប៊្រុយ​ណេ 1​នាក់
    7-មីយ៉ានម៉ា​រ 1​នាក់​

    >4​ប្រទេស​ដែល​មិន​ទាន់​មាន​ករណី​​ស្លាប់​ដោយ​សារ​វីរុស​COVID-19៖
    1-កម្ពុជា
    2-វៀតណាម
    3-ឡាវ
    4-ទីម័រ​ខាង​កើត​ (Timor-Leste)

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! សិង្ហបុរី​៖ អ្នក​ឆ្លង​វីរុស​​​កូរ៉ូណា​ឡើង​ដល់​1,000​ករណី​ហើយ​

    COVID-19! សិង្ហបុរី​៖ អ្នក​ឆ្លង​វីរុស​​​កូរ៉ូណា​ឡើង​ដល់​1,000​ករណី​ហើយ​

    ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ប្រទេស​សិង្ហបុរី បាន​កើន​74​នាក់​បន្ថែម​ទៀត​ហើយ ក្នុង​រយៈ​ពេល​24ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ជំងឺ​នេះ កើន​ដល់​1,000​ករណី​ ក្នុង​នោះ​មាន​4​នាក់បាន​បាត់​បង់ជីវិត​។

    ក្រសួង​សុខាភិបាល​​សិង្ហបុរី​បាន​ឱ្យ​ដឹង​ថា​ ករណី​ឆ្លង​មេរោគ​ថ្មី​ ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​មេរោគចំនួន​​2កន្លែង​ ក្នុង​នោះ​ក៏មាន​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ផងដែរ។ 54​ករណី គឺជា​អ្នក​ជំងឺ​ក្នុង​ស្រុក ហើយ​ក្រៅ​ពី​នេះ​គឺជា​អ្នកជំងឺ​ “នាំចូល​”។ លោក​យាយ​វ័យ​102​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​អ្នក​ជំងឺ​COVID-19 ដែល​មាន​អាយុ​ច្រើន​ជាងគេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី​។

    ប្រទេស​នេះ​ក៏ទើប​តែ​មាន​អ្នក​ស្លាប់​​ថ្មី​ម្នាក់​ទៀត​ដោយ​សារ​ COVID-19 នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​កើន​ដល់​4​ករណី​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​នៅ​សិង្ហបុរី​ មាន​ចំនួន​245​ករណី ខណៈ​ដែល​អ្នកជំងឺ​461​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​ ក្នុង​នោះ​មាន​24​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ដែល​​ត្រូវ​ការ​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​។

    រដ្ឋាភិបាល​សិង្ហបុរី បាន​ប្រកាសថា​ មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ទាំង​អស់​​ត្រូវ​ផ្អាក​ទទួល​ភ្ញៀវ​មក​សួរ​សុខ​ទុក្ខ​ រហូត​ដល់​ថ្ងៃទី​30​មេសា​។ សិង្ហបុរី​ កំពុង​តែ​អនុវត្ត​វិធាន​ការ​កណ្ដាប់​ដៃ​ដែក​ ដើម្បី​បន្ថយ​ល្បឿន​នៃ​​ការ​ឆ្លង​វីរុស​COVID-19។ នេះ​បើតាមការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Straits Times។

    វិធានការ​ក្ដៅ​1 ក្នុង​ចំណោម​វិធាន​ការ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​ នោះ​គឺ​ “ការ​ពិន័យ​”។ ពលរដ្ឋ​ទាំង​អស់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ឈរ ឬ​អង្គុយ​នៅ​ក្បែរ​គ្នា​ក្រោម​1ម៉ែត្រ​នៅ​ទី​សាធារណៈ។ បើ​សិន​ពល​រដ្ឋ​ណា​រំលោភបទ​បញ្ជា​នេះ​នឹង​ត្រូវ​ទទួល​ពិន័យ​ជា​ទឹក​ប្រាក់​7,000​ដុល្លារ​អាមេរិក​ ហើយ​​ត្រូវ​ជាប់​ព័ន្ធ​នាគារ​6ខែ​។ សម្រាប់​ក្រុម​ហ៊ុនអាជីវកម្ម​នានា ក៏ត្រូវ​ដាក់​កៅអី​ឱ្យ​ឆ្ងាយ​ពីគ្នា​យ៉ាង​ហោច​ត្រឹម​​1ម៉ែត្រ ដើម្បី​ជួយ​ឱ្យ​ភ្ញៀវ​​មក​ទិញ​ទំនិញ ឬ​បុគ្គលិក​ មាន​សុវត្ថិភាព​ ហើយ​ក្រុម​ហ៊ុន​ណា​​ដែល​បំពាន​បទបញ្ជា​នេះ ក៏នឹង​ត្រូវ​ទទួល​ពិន័យ​ដូច​ខាង​លើ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន203​ បណ្ដាលឱ្យ​មនុស្ស​ប្រមាណជា​​​936,045នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​47,245នាក់​បាន​បាត់​បង់ជីវិត​ និង​35,610​នាក់​កំពុង​មាន​អាការ​ធ្ងន់​ធ្ងរ និង​ប្រមាណជា​194,576​នាក់​បាន​ជា​សះស្បើយ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​