Tag: សាកលវិទ្យាល័យ

  • រថយន្ត​អ៊ីដ្រូសែន​អាចធ្វើ​ដំណើរ​រាប់ពាន់​​គីឡូម៉ែត្រ​ដោយ​មិនបាច់​បញ្ចូល​ថាមពល

    រថយន្ត​អ៊ីដ្រូសែន​អាចធ្វើ​ដំណើរ​រាប់ពាន់​​គីឡូម៉ែត្រ​ដោយ​មិនបាច់​បញ្ចូល​ថាមពល

    (ហូ​ឡង់) – រថយន្ត​ Eco-Runner XIII ​ប្រើ​ថាមពល​អ៊ីដ្រូសែន ​កំពុង​ឆ្ពោះទៅកាន់​កំណត់ត្រា​ពិភពលោក​ស្ដីពី​ការធ្វើដំណើរ​បាន​ឆ្ងាយ​ជាងគេ​​​ដោយ​មិនបាច់​បញ្ចូល​ឥន្ធនៈ នៅក្នុង​ខែមិថុនា 2023 ខាងមុខ។

    គម្រោង Eco-Runner Team Delft របស់​ក្រុមនិស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft អភិវឌ្ឍ​រថយន្ត​គំរូ​អ៊ីដ្រូសែន​ខ្នាតតូច​សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង ប្រចាំឆ្នាំ ដោយ​ការកែលំអ​រចនា​រូបរាង និង​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត​នេះ ដើម្បី​ធានា​ឱ្យបាន​​ប្រាកដថា រៀងរាល់ឆ្នាំ កំណែ​ថ្មី​បំផុត​អាច​បំបែក​កំណត់ត្រា​របស់ខ្លួន​វា​ផ្ទាល់។ កាលពី​ឆ្នាំ 2022 ក្រុម​នេះ​បានទទួល​ពានរង្វាន់​លេខ​មួយ​នៅក្នុង​ការប្រកួត Hydrogen Efficiency Challenge ដោយបាន​បង្កើន​សមត្ថ​ភាព​ឡើងដល់ 5,047 គីឡូម៉ែត្រ/​គីឡូក្រាម​អ៊ីដ្រូសែន។ ឆ្នាំ 2023 ពួកគេ​ចង់​បញ្ជាក់ថា តើ​រចនា​រូបរាង​ចុងក្រោយ​បំផុត​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដោយ​មិនបាច់​បញ្ចូល​ថាមពល​ ឬ​អត់។

    រូបរាង​របស់ Eco-Runner XIII ក្នុង​ឆ្នាំ 2023 ស្រដៀង​ទៅនឹង​ថាសហោះ (UFO)។ ដំបូល​របស់​វា​មាន​រាង​ដូច​មួកជ្រាល​បន្តិច​ម្ដង​ទៅ​រក​ដង​ខ្លួន​ ប៉ុន្តែ​មាន​បង្អួច​សម្រាប់​មើលទៅ​ក្រៅ​។

    រថយន្ត Eco-Runner XIII របស់ Eco-Runner Team Delft

    Eco-Runner Team Delft ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​សម្រេចបាន​តុល្យភាព​រវាង​ប្រសិទ្ធភាព កម្លាំង និង​ភាពរឹងមាំ​របស់​រថយន្ត មុននឹង​ឆ្លងកាត់​ផ្លូវ​ជាង 2,055 គីឡូម៉ែត្រ នៅក្នុង​ការធ្វើ​តេស្ត​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក។

    យោងតាម Eco-Runner Team Delft ដំណើរការ​នៃ​ការ​បំប្លែង​អ៊ីដ្រូសែន​ទៅជា​ឥន្ធនៈ​សម្រាប់​រថយន្តរ​បស់​ពួកគេ បង្ហាញ​អំពី​សក្ដានុពល​ក្លាយជា​ជម្រើស​ជំនួស​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​គមនាគមន៍។ នៅក្នុង​រថយន្ត Eco-Runner អ៊ីដ្រូសែន​ត្រូវបាន​បំប្លែង​ទៅជា​ថាមពល​អគ្គិសនី ហើយ​​វា​បំ​ភាយ​តែ​ចំហាយ​ទឹក និង​កម្ដៅ។

    យោងតាម Design Boom ក្រុមនិស្សិត​កំពុង​រក​វិធី​ដើម្បី​កែលំអ Eco-Runner XIII នៅឯ​បន្ទប់ពិសោធន៍ Dream Hall របស់​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft ។ រចនា​រូបរាង​រថយន្ត​ថ្មី​ដែល​ប្រកាស​កាលពី​ថ្ងៃទី 02 ឧសភា និង​ត្រូវបាន​គូរ​រំលេច​ចំណុចសំខាន់ៗដោយ​ស្ទូ​ឌី​យោ Enshape Design នឹងជា​​រូបរាង​ចុងក្រោយ​របស់​រថយន្ត Eco-Runner XIII ​​ដែលត្រូវ​យក​ទៅ​​ចូលរួម​បំបែក​កំណត់ត្រា​នៅ​ខែមិថុនា​ខាងមុខ៕

  • មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    គម្រោង​ស្ពាន​បង្ហូរទឹក​ពី​ទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe ដែលមាន​កម្មករ 20,000 នាក់ សាងសង់​ក្នុង​រយៈពេល 6 ឆ្នាំ នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ។

    «សួស្ដី​គ្រប់គ្នា ខ្ញុំ​ឈ្មោះ Wendy មកពី​ប្រទេស​គុយបា។ ដូចដែល​គ្រប់គ្នា​បានឃើញ មាន​ទន្លេ​មួយ​នៅក្បែរ​ខ្ញុំ ហើយ​នៅក្រោម​ជើង​ខ្ញុំ​ក៏មាន​ទន្លេ​មួយ​ដែរ ដែល​ដូច​ទៅនឹង​ស្ពាន​អាកាស​ឆ្លង​ផ្លូវទឹក» Wendy ដែលជា​និស្សិត​គុយបា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei (Hefei University of Technology) នៅ​​ប្រទេស​ចិន ណែនាំ​អំពី​មហា​គម្រោង​ស្ពាន​​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន។

    «ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​បង្កើតឡើង​ដោយ​ស្ពាន​នាំ​ទឹក​ដ៏​វែង​មួយ ហើយក៏​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ ស្ពាន​បង្ហូរទឹក​នេះ​មាន​ចន្លោះ​សសរ​វែង​បំផុត ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក និង​ដើរតួនាទី​សំខាន់​នៅក្នុង​គម្រោង​បង្ហូរទឹក ដែលមាន​គោលដៅ​ផ្លាស់​ទិស​របស់​លំហូរ​ទឹកទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe»។

    «គម្រោង​ប្ដូរ​ទិស​ទឹកទន្លេ​នេះ បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​កាលពី​ចុងឆ្នាំ​កន្លង បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល 6 ឆ្នាំ ដែល​ប្រើប្រាស់​កម្មករ​ជាង 20,000 នាក់»។

    ដោយមាន​ប្រវែង 723 គីឡូម៉ែត្រ គម្រោង​នេះ​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ចំនួន 15 នៅក្នុង​ខេត្ត Anhui ភាគ​ខាងកើត​ប្រទេស​ចិន និង​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន នាំមក​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ជាង 50 លាន​នាក់។

    ក្រៅពី​ការផ្គត់ផ្គង់​ទឹក និង​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន គម្រោង​នេះ​ក៏​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ និង​ជួយ​ស្ដារ​បរិស្ថាន​របស់​ទន្លេ Huaihe និង​បឹង Chaohu។

    យោងតាម​លោក Zhang Jianjin ដែលជា​វិស្វករ​នៃ​គម្រោង​ខាងលើ ស្ពានដែក​នេះ​គឺជា​ផ្លូវ​ផ្គត់ផ្គង់​ទឹក​សំខាន់​ជាងគេ​សម្រាប់​ទីក្រុង Hefei និង Lu’an ក្នុង​ខេត្ត Anhui។ ស្ពាន​នេះ​មាន​កម្ពស់​ជាង 30 ម៉ែត្រ ធៀប​ទៅនឹង​ព្រែក​របស់​មហា​គម្រោង​បង្ហូរទឹក​នេះ។ ចន្លោះ​រវាង​សសរ​ប្រវែង 110 ម៉ែត្រ​របស់​ស្ពាន​នេះ គឺ​វែង​ជាង 3.8 ម៉ែត្រ ធៀប​នឹង​ចន្លោះ​សសរ​របស់​ស្ពាន​ទឹក Magdeburg (Magdeburg Water Bridge) ទៅទៀត។ ស្ពាន​នេះ​មាន​ចន្លោះ​សសរ​វែង​ជាងគេ​បង្អស់​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក។

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    ស្ពាន​បង្ហូរ​ទឹក​ទន្លេ​ខាងលើ​​មាន​ស្ថានីយ​បូមទឹក​ធំជាងគេ​នៅ​អាស៊ី ដោយ​ធ្វើឱ្យ​ស្ពាន​ទឹក​នេះ​មាន​លំហូរ​សរុប 340 ម៉ែត្រគូប/វិនាទី។ ស្ពាន​នេះ​ក៏​យកចិត្តទុកដាក់​លើ​បរិស្ថាន​ដែល​ពាក់ព័ន្ធ​ផងដែរ៕

  • រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រូបចម្លាក់​ព្រះពុទ្ធ​សក្យមុនី​ដែលមាន​សំណាក​ឆព្វណ្ណរង្សី​​នៅ​ពីក្រោយ ​អាច​ត្រូវបាន​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅក្នុង​ទីក្រុង Berenike ឆ្លាក់​ឡើង​កាលពី​សតវត្សរ៍​ទីមួយ។

    រូបចម្លាក់​ដែលមាន​អាយុកាល 1,900 ឆ្នាំ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ផែ​របស់​អេ​ហ្ស៊ី​ប​បុរាណ Berenike ក្បែរ​សមុទ្រ​ក្រហម​នេះ អាច​​ជា​កម្មសិទ្ធិ​របស់​ជ​ន​ចំណាកស្រុក​ម្នាក់​មកពី​អាស៊ី​ខាងត្បូង។ នេះ​បើតាម Live Science ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 02 ឧសភា។ រូបចម្លាក់​ព្រះពុទ្ធ​នេះ​បរិយាយ​អំពី​ព្រះពុទ្ធ​សក្យមុនី​ដែល​គង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​កាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធ​ដើមឡើយ​គឺជា​រាជបុត្រា​មួយអង្គ ប៉ុន្តែ​ក្រោយមក​បាន​បោះបង់​គ្រប់យ៉ាង​ដើម្បី​សាង​ព្រះ​ផ្នួស។

    យោងតាម Steven Sidebotham សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Delaware និង​ជា​សហប្រធាន​របស់​គម្រោង Berenike រូបចម្លាក់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចន្លោះ​ពី​ឆ្នាំ 90 ដល់​ឆ្នាំ 140 ក្នុងសម័យ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប។ អេ​ហ្ស៊ី​ប និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុងសម័យ​នោះ។

    ក្រៅពី​រូបចម្លាក់​នេះ ក្រុម​បុរាណ​វិទូ​ក៏បាន​រកឃើញ​ចម្លាក់​ជា​អក្សរ​សំស្ក្រឹត​នៅ Berenike ផងដែរ។ បើ​ទោះ​អក្សរ​ចម្លាក់​នេះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ដឹងថា វា​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កាលដែល​ត្រួតត្រា​ដោយ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង Marcus Julius Philippus ដែល​គ្រង​រាជ​ពី​ឆ្នាំ 244 ដល់​ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និង​សហការី​កំពុង​រៀប​ចំ​ ត្រៀម​សម្រាប់​ការប្រកាស​អំពី​​របកគំហើញ​នេះ​នៅលើ​ទស្សនាវដ្ដី។

    យោងតាម​អ្នកស្រាវជ្រាវ អក្សរ​ចម្លាក់​ជា​ភាសាសំស្ក្រឹត​បង្ហាញថា មាន​សហគមន៍​អ្នកជំនួញ​អេ​ហ្ស៊ី​ប​មួយ​រស់នៅក្នុង​ដែនដី​អេ​ហ្ស៊ី​ប​បុរាណ ពោលគឺ​ពួកគេ​មិនមែន​គ្រាន់​តែ​​ឆ្លងកាត់​ទីនោះ​ដើម្បី​ធ្វើ​ជំនួញ​ឡើយ។ ការកត់ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញថា មាន​ជនជាតិ​ឥណ្ឌា​រស់នៅក្នុង​តំបន់ Alexandria ផងដែរ៕

  • រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

    រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ terbium ជា​លើកដំបូង​នៅក្នុង​បរិយាកាស​របស់ KELT-9b ដែលជា​ភព​មួយ​ក្នុងចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ក្ដៅ​បំផុត​ធ្លាប់​ត្រូវបាន​កត់ត្រា​នាពេល​កន្លង​។

    KELT-9b មាន​សីតុណ្ហភាព​ជា​មធ្យម 4,000 អង្សា​សេ វិល​ជុំវិញ​ផ្កាយ​មេ KELT-9 ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 670 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ ភព​នេះ​តែងតែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​តារាសាស្ត្រ​ចាប់តាំងពី​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2016។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លោហធាតុ terbium ដែលជា​ដី​កម្រ នៅក្នុង​បរិយាកាស​របស់ KELT-9b។

    Terbium ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត Carl Gustaf Mosander រកឃើញ​ជា​លើក​ដំបូង​ក្នុង​អណ្ដូងរ៉ែ Ytterby នៅ​ប្រជុំ​កោះ Stockholm កាលពី​ឆ្នាំ 1843។ សារធាតុ terbium គឺជា​ដី​ដ៏​កម្រ ក្នុងនោះ​ 99% នៃ​ការផលិត terbium របស់​ពិភពលោក គឺ​ធ្វើឡើង​នៅ Bayan Obo ដែលជា​តំបន់​ទាញយក​រ៉ែ​ក្នុង​ដែនដី​ម៉ុង​ហ្កោ​លី​ខាងក្នុង​របស់​ប្រទេស​ចិន។

    ភព KELT-9b វិលជុំវិញផ្កាយមេ KELT-9

    ការរកឃើញ​ខាងលើនេះ​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ស្វែងយល់​អំពី​បណ្ដា​ភព​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។ «កាន់តែ​យល់ច្បាស់​អំពី​លក្ខណៈ​សម្បត្តិ​របស់​បណ្ដា​ភព យើង​ក៏​កាន់តែ​មានឱកាស​ច្រើន​ក្នុងការ​ស្វែង​រកឃើញ​ផែនដី 2.0 ក្នុង​អនាគត» Nicholas Borsato មកពី​សាកលវិទ្យាល័យ Lund ដែលជា​សមាជិក​របស់​ក្រុម​ស្រាវ​ជ្រាវ​អំពី​​ភព​ KELT-9b បញ្ជាក់​ដូច្នេះ៕

  • រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    រកឱ្យឃើញ​សក្តានុពល​ពិត​របស់ខ្លួន​ជាមុនសិន សឹម​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ

    ការស្វែងរក​សក្តានុពល​ពិត​របស់​ខ្លួនឯង ជា​ធាតុ​សំខាន់​មួយ​ដែល​សិស្ស​ត្រូវតែ​ដឹង​មុនពេល​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ តែ​គួរឱ្យ​សោកស្ដាយ​ណាស់​ដែលមាន​សិស្ស​ជាច្រើន​មិនសូវ​បាន​រកឃើញ​ក្តី​ស្រមៃ​ពិតប្រាកដ ដែល​កត្តា​នេះហើយ​ធ្វើឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ខុសពេល​សិក្សា​នៅ​មហាវិទ្យាល័យ។

    ស្ថាប័ន​អប់រំ​សំខាន់​នានា​លើ​ពិភពលោក បានបង្ហាញ​ពី​វិធីផ្សេងៗគ្នា ដែល​សូម្បីតែ​គេហទំព័រ​អប់រំធំៗជាច្រើន​បានបង្ហាញ​នូវ​វិធីខុសៗគ្នា តែ​ជារួម​វិញ យើង​ឃើញថា វិធី​ស្វែងរក​សក្តានុពល​របស់​មនុស្ស​មាន​ដូចខាងក្រោម​នេះ៖

    1. ស្វែងយល់​ខ្លួនឯង​ដោយ​យក​ទ្រឹស្តី​ពហុ​បញ្ញា​ជា​គោល

    មនុស្សម្នាក់ៗមាន​សក្តានុពលផ្សេងៗគ្នា តែ​នៅ​ក្នុងនោះ​លោក Howard Gardner ដែលជា​អ្នក​ចិត្តសាស្ត្រ​ល្បីល្បាញ​មួយរូប បាន​សង្ខេប​ពី​សក្តានុពលសំខាន់ៗរបស់​មនុស្ស​ទាំងអស់​ជា 8 ផ្នែក​គឺ

    ផ្នែក​ទី1 មនុស្ស​ពូកែ​ផ្នែក​ភាសា

    ផ្នែក​ទី2 មនុស្ស​ពូកែ​ផ្នែក​តក្ក​វិទ្យា និង​គណិតវិទ្យា

    ផ្នែក​ទី3 មនុស្ស​ពូកែ​ផ្នែក​តន្ត្រី

    ផ្នែក​ទី4 មនុស្ស​ពូកែ​ផ្នែក​រាងកាយ និង​ចលនា

    ផ្នែក​ទី5 មនុស្ស​ពូកែ​ក្នុងការ​ស្មាន​ពី​ទ្រង់ទ្រាយ​ក្នុង​លម្ហ

    ផ្នែក​ទី6 មនុស្ស​ពូកែ​យល់​ពី​ខ្លួនឯង

    ផ្នែក​ទី7 មនុស្ស​ពូកែ​ទំនាក់ទំនង​បុគ្គល​ដទៃ ឬ​ពូកែ​ស្វែងយល់​ពី​អ្នកដទៃ

    និង​ផ្នែក​ទី8 គឺ​មនុស្ស​ពូកែ​ផ្នែក​ធម្មជាតិ។

    នៅក្នុង​ផ្នែក​ទាំងអស់នេះ មនុស្សម្នាក់ៗតែងតែមាន​ជំនាញ ឬ​មាន​សក្តានុពល​ខ្លាំង​បំផុត 1 ហើយ​បូក​រួមទាំង​សក្តានុពល​បន្ទាប់បន្សំ​ដែល​បូក​បញ្ចូល​ជាមួយនឹង​ផ្នែកផ្សេងៗមួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗ ជាពិសេស​សិស្ស​ដែល​ត្រៀម​ជ្រើសរើស​ជំនាញ​សិក្សា​ត្រូវ​សង្កេត​ឱ្យបាន​ដិតដល់​ថា តើ​ខ្លួនឯង​ជា​មនុស្ស​ប្រភេទ​ណា។

    2. រកឱ្យឃើញ​នូវ​អ្វីដែល​ខ្លួន​ចូលចិត្ត​បំផុត

    ការស្រឡាញ់ ជំ​រុញឱ្យ​មនុស្ស​មាន​សក្តានុពល ព្រោះ​នៅពេលដែល​មនុស្ស​ស្រឡាញ់​អ្វីមួយ​ខ្លាំង គេ​នឹង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សម្រេច ឬ​យក​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​នោះ។ សម្រាប់​សិស្ស​និស្សិត​ក៏​ដូចគ្នា​ដែរ សូមអ្នក​ស្វែងរក​ឱ្យឃើញ​នូវ​ទម្លាប់សាមញ្ញៗទាំងឡាយណា​ដែល​អ្នក​គិតថា ធ្វើ​វា​ហើយ​សប្បាយចិត្ត​បំផុត ដូចជា​ការចូល​ចិត្ត​សរសេរ​ខ្លាំង ចូលចិត្ត​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ខ្លាំង ចូលចិត្ត​រៀបចំផ្ទះ​ខ្លាំង ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង ចូលចិត្ត​ធ្វើ​លំ​ហាត់​ខ្លាំង ឬ​ចូលចិត្ត​ការនិយាយ​ខ្លាំង​ជាដើម។ បន្ទាប់មក​អ្នក​អាច​ស្វែងយល់​ឱ្យ​កាន់តែ​លម្អិត​លើ​ជំនាញ​មួយចំនួន​ថា មាន​ជំនាញ​អ្វីខ្លះ​ដែល​ត្រូវ​នឹង​ចំណូលចិត្ត ហើយ​ដែល​អ្នក​គិតថា បានធ្វើ​វា​ហើយនឹង​មិនចេះ​ធុញទ្រាន់​អស់​មួយជីវិត។

    3. ព្យាយាម​ស្គាល់​អាជីព​ឱ្យបាន​ច្រើន

    អាជីព​នៅលើ​ពិភពលោក​មាន​ច្រើនណាស់ ហើយ​ក៏មាន​អាជីព​ជាច្រើន​ដែល​មនុស្ស​មិនបាន​ដឹង​ពី​សារៈសំខាន់​របស់​វា ហេតុនេះហើយ​ទើប​មាន​អាជីព​ខ្លះ​មិនសូវ​សំខាន់​តែមាន​មនុស្ស​រៀន​ច្រើន ហើយ​ខ្លះទៀត​សំខាន់​ហើយ​ល្អ តែ​មនុស្ស​មិន​ព្រម​រៀន។ តាមពិតទៅ តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​អប់រំ​នៅ​កម្ពុជា​ជាច្រើន​សុទ្ធតែ​បាន​សន្និដ្ឋាន​ដូចគ្នា​ថា ការជ្រើសរើស​មុខវិជ្ជា​ខុស​របស់​និស្សិត​កម្ពុជា​អាចមកពី​កត្តា​មិន​ស្គា​ល់ពី​គុណ​តម្លៃពិត​ប្រាកដ​របស់​មុខវិជ្ជា​ឱ្យបាន​ច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ខ្វះ​ជម្រើស​ក្នុងការ​សិក្សា​អ្វីដែល​ថ្មី ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត ហើយ​សង្គម​កំពុង​ត្រូវការ​ខ្លាំង៕

  • សាកលវិទ្យាល័យធំបំផុត 5 នៅអាស៊ី

    សាកលវិទ្យាល័យធំបំផុត 5 នៅអាស៊ី

    ស្ថាប័នកំណត់ចំណាត់ថ្នាក់សាកលវិទ្យាល័យល្បីបំផុតលើពិភពលោក The World Universities Ranking បានបង្ហាញលទ្ធផលរបស់ខ្លួនបន្ទាប់ពីបានធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មានពីសាកលវិទ្យាល័យធំៗចំនួន 100ក្នុងតំបន់។

    ព័ត៌មានទាំងអស់នេះមានសារសំខាន់ណាស់សម្រាប់អ្នកដែលមានបំណងសិក្សានៅក្រៅប្រទេស ឬស្វែងរកអាហារូបករណ៍ដើម្បីសិក្សាលើជំនាញដែលខ្លួនស្រឡាញ់នៅអាស៊ី។

    ខាងក្រោមនេះជាចំណាត់ថ្នាក់សាកលវិទ្យាល័យធំបំផុត 5 (Top 5 Universities Ranking) នៅអាស៊ី៖
    1. សាកលវិទ្យាល័យ National University of Singapore នៃប្រទេសសិង្ហបុរី


    2. សាកលវិទ្យាល័យ Peking University នៃសាធារណរដ្ឋប្រជាមានិតចិន


    3. សាកលវិទ្យាល័យ Tsighua Uniniversity នៃសាធារណរដ្ឋប្រជាមានិតចិន


    4. សាកលវិទ្យាល័យ Nanyang Technology University នៃប្រទេសសិង្ហបុរី


    5. សាកលវិទ្យាល័យ University of Hong Kong នៅទីក្រុងហុងកុង៕