Tag: សភាវ

  • ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។

    ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។

    ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ

    អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ

    វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។

    អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ សាកល្បងលូនវារ និងផ្ដល់ពេលវេលាឱ្យកូន លេងជាមួយកូន ផ្ដល់កម្លាំងចិត្តដល់កូនក្នុងការអភិវឌ្ឍរាងកាយ។

    អំឡុងវ័យហាត់ឈរ ៈ ក្នុងវ័យនេះ កូនត្រូវការចង់ហាត់ក្រោកឈរដោយខ្លួនឯង ចូលចិត្តតោងរបស់នេះរបស់នោះដើម្បីលើកខ្លួនឯងឡើង(ព្យាយាមឈរឱ្យបាន)។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំ និងនៅចាំជួយជិតៗឱ្យកូនបានហាត់ឈរ និងអភិវឌ្ឍសាច់ដុំផ្សេងៗ។

    អំឡុងពេលចាប់ផ្ដើមដើរ ៈ នៅពេលកូនអាចដើរដោយខ្លួនឯងបាន ឪពុកម្ដាយគួរឱ្យកូនហាត់ដើរដោយខ្លួនឯង អាចនឹងដឹកដៃកូនដើរលេងនៅលើវាលស្មៅខាងមុខផ្ទះ ឬតាមសួនច្បារសាធារណៈ។ កុំសូវបី ឬពកូនទៀត តែឱបថើបកូនឱ្យច្រើនឡើង។

    ពេលចាប់ផ្ដើមចូលរៀនសាលាមត្តេយ្យ ៈ កូននឹងចាប់ផ្ដើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដូចជាដួសបាយញ៉ាំខ្លួនឯង ញ៉ាំទឹកខ្លួនឯង ជាដើម។ល។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនបានហាត់ធ្វើដោយខ្លួនឯង ទោះជាប្រឡាក់ប្រឡូសខ្លះ ក៏ត្រូវតែបណ្ដោយដែរ និងបង្ហាត់បង្រៀនជាបណ្ដើរៗថា តើត្រូវធ្វើយ៉ាងណាខ្លះ។ មិនគួរប្រញាប់បង្ខំឱ្យកូនត្រូវតែទៅរៀនយល់ដឹងរឿងនេះរឿងនោះតាមដែលឪពុកម្ដាយចង់ឱ្យកូនចេះនោះឡើយ។

    នៅពេលកូនចូលរៀនបឋមសិក្សា ៈ កូននឹងចូលចិត្តលេង មានកិច្ចការងារជាមួយពួកម៉ាកមិត្តភ័ក្តិជាច្រើន។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនលេង និងផ្ដល់កម្លាំងចិត្តក្នុងកិច្ចការងារផ្សេងៗដែលគេមានចំណែករួម។ ឪពុកម្ដាយគួរធ្វើខ្លួនឱ្យដូចពួកម៉ាក បើកូនត្រូវការឱ្យឪពុកម្ដាយចូលរួមក្នុងកិច្ចការងារណាមួយផងដែរនោះ។

    នៅពេលកូនចូលអនុវិទ្យាល័យ ៈ សាកល្បងបណ្ដោយឱ្យកូនមានឥស្សរភាពខាងការគិត បង្ហាត់ឱ្យកូនសាកល្បងពិចារណាពីហេតុផល និងឪពុកម្ដាយត្រូវទទួលស្ដាប់នូវអ្វីដែលកូននិយាយ និងរឿងដែលកូនគិតឱ្យបានច្រើន កុំយកគំនិតរបស់ខ្លួនឯងជាគោល។ បើកូនត្រូវការធ្វើកិច្ចការងារ ឬធ្វើអ្វីមួយ បើជារឿងដែលមិនបង្កគ្រោះថ្នាក់ ឪពុកម្ដាយគួរផ្ដល់កម្លាំងចិត្ត និងនៅចាំធ្វើជាទីប្រឹក្សាដល់កូន។

    នៅពេលកូនឡើងវិទ្យាល័យ ៈ កូននឹងមានគំនិតជារបស់ខ្លួនឯង ចង់រួមក្រុមជាមួយមិត្តភ័ក្តិ ឬទៅណាមកណាជាមួយមិត្តភ័ក្តិកាន់តែច្រើនឡើង។ បើឪពុកម្ដាយមើលថែទាំកូន ធ្វើខ្លួនជាមិត្តដ៏ល្អរបស់កូនមកតាំងពីដំបូង កូននឹងមិនស្រឡាញ់មិត្តភ័ក្តិរហូតដល់ភ្លេចឪពុកម្ដាយនោះទេ ដូច្នេះឪពុកម្ដាយគួរតែនៅតែធ្វើខ្លួនជាមិត្តល្អ ជាទីប្រឹក្សា នៅចាំគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច។ កុំធ្វើខ្លួនជាអ្នកកំណត់ជោគជតាជីវិតរបស់កូន ឬហាមធ្វើរឿងនេះ ហាមធ្វើរឿងនោះ។ ការចិញ្ចឹមមើលថែកូនក្នុងវ័យនេះ ត្រូវប្រើការនិយាយស្ដីដោយហេតុ និងផល កុំប្រើអារម្មណ៍មួម៉ៅខឹងសម្បាឱ្យសោះ។

    នៅពេលកូនចូលរបងមហាវិទ្យាល័យ ៈ កូននឹងបានជួបសង្គមដែលកាន់តែធំឡើង បញ្ហាផ្សេងៗក៏នឹងមានច្រើនឡើងដែរ។ ឪពុកម្ដាយគួរខ្លួនធ្វើជាទីប្រឹក្សា ជជែកនិយាយពិភាក្សាគ្រប់រឿងជាមួយកូន។ នៅធ្វើជាកម្លាំងចិត្តដល់កូន កុំឱ្យកូនមានអារម្មណ៍ថា ត្រូវរងសម្ពាធពីសេចក្ដីសង្ឃឹមរបស់ឪពុកម្ដាយ តែគួរធ្វើឱ្យកូនបានដឹងថា ប៉ាម៉ាក់នៅចាំធ្វើជាកម្លាំងចិត្តដល់កូនជានិច្ច។

    នៅពេលឪពុកម្ដាយបានដឹងពីតម្រូវការគោលៗរបស់កូនក្នុងវ័យនីមួយៗហើយ ឪពុកម្ដាយក៏អាចត្រៀមខ្លួនឯងឱ្យព្រមរួចជាស្រេចបានយ៉ាងត្រឹមត្រូវដែរ ហើយកូនរបស់យើងក៏នឹងធំធាត់ឡើងក្លាយជាមនុស្សល្អ មានសភាវអារម្មណ៍ និងចិត្តគំនិតដែលល្អ ដែលទាំងអស់នោះប្រហែលជាអ្វីដែលឪពុកម្ដាយគ្រប់រូបរំពឹងសង្ឃឹមចង់ឱ្យកូនរបស់ខ្លួនក្លាយជាបែបហ្នឹងដូចគ្នា៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ឪពុកម្ដាយថ្មោងថ្មីគួរដឹង… សភាវកូនតូចស្លេកស្លាំងគួរសង្កេតយ៉ាងណា?

    ឪពុកម្ដាយថ្មោងថ្មីគួរដឹង… សភាវកូនតូចស្លេកស្លាំងគួរសង្កេតយ៉ាងណា?

    សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ បង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយដែលស្បែក ឬសាច់ភ្នាសក្នុងរាងកាយមានពណ៌ស្លេក ដែលអាចកើតឡើងបានទូទាំងរាងកាយឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលដែលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះនឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗយឺតយ៉ាវទៀតផង ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ និងព្យាបាលដូចខាងក្រោមនេះ…។

    កូនស្លេកស្លាំង ធ្វើម្ដេចឪពុកម្ដាយដឹងបាន?
    ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេនោះ អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតមើលថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសប្រក្រតីពីពណ៌ស្បែកដើម។អាចសង្កេតនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខអាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាលអាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

    កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?
    បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអីុន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាងក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។

    កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?
    បើឪពុកម្ដាយរកឃើញថា កូនកើតជំងឺស្លេកស្លាំង ឬមានអាការប្រថុយនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះបើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហែ្ស៊នពីគ្រាប់ឈាមក្រហមតិចតួច បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹងយឺតជាងក្មេងក្នុងវ័យដូចគ្នា ដោយសារតែសភាវស្លេកស្លាំងធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាពធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

    កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?
    ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូនដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់5ប្រភេទក្រុមឱ្យបានរាល់ថ្ងៃដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងដែលសំខាន់មួយទៀត គឺ​ត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

    សភាវស្លេកស្លាំងលើកុមារតូចជារឿងគួរឱ្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែកដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិបន្លែស្លឹកបៃតង និងទឹកដោះជាដើម។ ចំពោះទារកទើបនឹងកើតបានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបានដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូចពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕