Tag: សង្ហារិម

  • ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

    ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

    ថ្វី​បើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ប្រទេស​ផឹកតែ» ប៉ុន្តែ បច្ចុប្បន្ន​ ចិន​ បាន​ឈ្នះ អាម៉េរិក ក្នុង​ទីផ្សារ​​កាហ្វេ​ដែល​មាន​យីហោ​ ឬ​ប្រេន ធំជាង​គេ​លើពិភពលោក​។

    ព័ត៌មាន​ខាងលើ​នេះ ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ព័ត៌មាន​កាហ្វេ​ World Coffee Portal នា​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​ហាង​កាហ្វេ​ប្រេន (branded coffee shop) នៅ​ក្នុង​ទីផ្សារ​ចិន​ បាន​កើន​ 58% ក្នុង 12 ខែ​កន្លង ពោល​គឺ 49,691​ ហាង។ ចំណែក​ហាង​កាហ្វេ​ប្រភេទ​នេះ​នៅ​ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​តែ​ 40,062 ហាង​។

    ហាង​កាហ្វេ​ប្រេនត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ល្បី និង​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ។ ចំណុច​ពិសេស​របស់​ហាង​ប្រភេទ​នេះ ​គឺ​ការ​ធ្វើ​ជំនួញ​ទៅ​តាម​បណ្ដាញ មាន​ការ​រចនា​គ្រឿង​សង្ហារិម បញ្ជី​មុខ​ភេសជ្ជៈ​ដូច​គ្នា និង​តែង​តែ​ផ្គត់​ផ្គង់​ផលិត​ផល​ពិសេសប្រចាំ​ប្រេន​។

    ការ​កើន​ឡើង​នៃ​ហាង​កាហ្វេ​ប្រេន​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​កន្លង ត្រូវ​បាន​ដឹក​មុខ​ដោយ​ការ​ពង្រីក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​នៃ​រូបមន្ត​ហាង​ខ្នាត​តូច​ និង​ផ្ដោត​ទៅ​លើ​ការ​ប្រគល់​ទំនិញ​របស់ Luckin Coffee ដែល​ពង្រីក​បាន​ជាង 5,000 ហាង និង Cotti Coffee ពង្រីក​បាន​ជាង 6,000 ហាង​ ក្នុង​ឆ្នាំ 2022​។

    បច្ចុប្បន្ន ​ប្រេន​កាហ្វេ​ដែល​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន គឺ​ Luckin Coffee ​ ដោយ​មាន 13,273 ហាង​។ ចំណាត់​ថ្នាក់​ទីពីរ​បាន​ទៅ​លើ Starbucks របស់ ​​អាម៉េរិក ដោយ​មាន 6,806 ហាង​។ ចំណាត់​ថ្នាក់​ទីបីគឺ Luckin Coffee ដែល​មាន 6,061 ហាង​៕

  • ស្រឡាងហោះ​អគ្គិសនី រត់​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យ

    ស្រឡាងហោះ​អគ្គិសនី រត់​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យ

    (ស៊ុយអែត) – ស្រឡាង​ស្លាប​ក្រោម​ទឹក​អគ្គិសនី​ P-12 របស់​ Candela ធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​ដោយ​ជោគ​ជ័យ នៅ​ទីក្រុងស្តុកខុល។

     

    ក្រុម​ហ៊ុន​ផលិត​កប៉ាល់​ស្លាប​ក្រោម​ទឹក Candela របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស្រឡាង​ដឹក​អ្នក​ដំណើរ​ P-12 បំពាក់​ម៉ូទ័រ​អគ្គិសនី​ និង​មាន​ស្លាប​ចំនួន​បី​ដែល​ជួយ​លើក​ដង​ខ្លួន​របស់​ស្រឡាង​​ឡើង​ផុត​ពី​ផ្ទៃ​ទឹក​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រត់​ជា​លើក​ដំបូង​ ក្នុង​ល្បឿន​ 55 គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ក្រុម​ហ៊ុន Candela បាន​ចាប់​ផ្ដើម​ផលិត​ P-12 ក្នុង​ចំនួន​ច្រើន​ ដើម្បី​រួម​ចំណែក​បើក​ទំព័រ​ថ្មី​សម្រាប់​គមនាគមន៍​បៃតង​លើ​ផ្ទៃ​ទឹក​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 16 វិច្ឆិកា 2023​។

     

    ស្រឡាង​ដឹក​អ្នក​ដំណើរ​ស្លាប​ក្រោម​ទឹក​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​បញ្ជា​ដោយ​មនុស្ស​ម្នាក់ និង​ដំណើរ​ការ​ដោយ​កម្លាំងពី​​ម៉ូទ័រ​អគ្គិសនី C-Pod ​ចំនួន​ពីរ​គ្រឿង​។ ស្រឡាង​គំរូ​សម្រាប់​ការ​ផលិត​ដែល​មាន​ឈ្មោះថា Zero របស់ P-12 អាច​ធ្វើដំណើរដល់​​ល្បឿន​ 55 គីឡូម៉ែត្រ​/ម៉ោង​ ក្នុង​រង្វង់ 16 វិនាទីដំបូង បន្ទាប់​ពី​បញ្ឆេះ​ម៉ូទ័រ​រត់​ក្នុង​ល្បឿន 30 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

     

    ស្រឡាង​មាន​ដង​ខ្លួន​ពីរ​នេះ ងើប​ផុត​ពី​ផ្ទៃ​ទឹក​ដោយ​សារ​ស្លាបដែល​នៅ​​ក្រោមផ្ទៃ​​ទឹក​ ​ធ្វើ​ពី​សរសៃ​កាបូន​ ជាមួយ​នឹង​ប្រព័ន្ធ​បញ្ជា​អេឡិចត្រូនិចដែល​ប្រើ​ប្រាស់​ទិន្នន័យ​ពី​អង្គ​ញាណ​ ឬ​ហៅ​ថា​សេនសឺរ។

     

    P-12 មាន​ប្រវែង​ 11.99 ម៉ែត្រ និង​ទទឹង​ 4.5 ម៉ែត្រ​។ យាន​ជំនិះ​នេះ​អាចដឹក​អ្នក​ដំណើរ​បាន​ 30 នាក់​។ ក្នុង​ស្រឡាង​នេះ​ក៏​មាន​កន្លែង​សម្រាប់​ចតកង់ រទេះ​រុញ រទេះ​ជន​ពិការ។ល។

     

    យោង​តាម Candela ស្រឡាង​ទីពីរ​នឹង​ដំណើរ​ការ​នៅក្នុង​ទីក្រុងស្តុកខុល ចាប់ពី​ឆ្នាំ 2024​។ កំណែ Shuttle របស់​ស្រឡាង​នេះ​មាន​តម្លៃ​ប្រហែល 1.85 លាន​ដុល្លារ​អាម៉េរិក​ ដែល​ប្រហាក់​ប្រហែល​នឹង​ស្រឡាង​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ដែល​មាន​ទំហំ​ដូច​គ្នា​។ កំណែ​ពាណិជ្ជកម្ម​ដែល​មាន​គ្រឿង​សង្ហារិម​ប្រណិត​ នឹង​អាច​ដឹក​អ្នក​ដំណើរ​បាន​ពី 12 ដល់ 20 នាក់។​ ចំណែក​កំណែ​ Voyager វិញ អាច​កែ​ប្រែ​ទៅ​តាម​ហោប៉ៅ​ ឬ​សកម្មភាព​ពាណិជ្ជកម្ម​៕

  • ក្រុម​ហ៊ុនថ្មី​​ចំនួន​ប្រាំបី​ ដាក់​ទុន​វិនិយោគ​សរុបជាង​ហុកសិបបួន​លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

    ក្រុម​ហ៊ុនថ្មី​​ចំនួន​ប្រាំបី​ ដាក់​ទុន​វិនិយោគ​សរុបជាង​ហុកសិបបួន​លាន​ដុល្លារ​អាម៉េរិក​នៅ​កម្ពុជា

    កាល​ពី​ថ្ងៃទី 20 កញ្ញា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាស​ថា បាន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន​ 8 ដែល​អាច​បង្កើត​ការ​ងារ​​សរុបបាន​​ចំនួន​ប្រហែល 4,000 កន្លែង​ ដោយ​មាន​ទុន​សរុប​ប្រមាណ​ 64.3 លាន​ដុល្លារ​អាម៉េរិក​។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ និង​គម្រោង​វិនិយោគ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ ក៏​ដូច​ជា​​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​៖

    ក្រុម​ហ៊ុន​ HUALE STEEL (CAMBODIA) CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 40 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 523 កន្លែង។

    ក្រុម​ហ៊ុន WANGMAO (CAMBODIA) HOMEWARE CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 6.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,369 កន្លែង។

    ក្រុម​ហ៊ុន JUSHI (CAMBODIA) CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន 5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 549 កន្លែង។

    ក្រុម​ហ៊ុន STARBLAZE (CAMBODIA) PLASTIC & METAL CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។

    ក្រុម​ហ៊ុន​ CAMBODIAN LUHENG PET FOOD CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 119 កន្លែង។

    ក្រុម​ហ៊ុន ULTIMATE MOTION CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ 3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 195 កន្លែង។

    ក្រុម​ហ៊ុន​ WANAN GAS CONTROL (CAMBODIA) CO., LTD.៖ គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 369 កន្លែង។

    ក្រុម​ហ៊ុន HE DUI OPTOELECTRONICS CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុង​ទុន​វិនិយោគចំនួន 1.5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 330 កន្លែង។

  • ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

    ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

    (សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។

    អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។

    ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។

    ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ ខុន​ដូ​នេះ​ក៏មាន​គ្រឿងសង្ហារិមប្រណិតៗ រួម​នឹង​បន្ទប់​ដែល​ប្រៀបបាន​ទៅនឹង​កន្លែង​កម្សាន្ត និង​សម្រាក​លំហែកាយ​ដ៏​អស្ចារ្យ។ វា​ក៏មាន​សួរ​ច្បារ​ទំហំ 350 ម៉ែត្រការ៉េ​ផងដែរ។

    អគារ​ខុន​ដូ 100 Vandam មាន​កម្ពស់ 25 ជាន់ និងត្រូវ​បាន​​រចនា​ដោយ​ក្រុមហ៊ុន CookFox Architects។

    បើ​ទោះ​អគារ 100 Vandam មាន​ខុន​ដូ​ដែលមាន​ថ្លៃ​ជួល​ខ្ពស់បំផុត ប៉ុន្តែ​នេះ​គឺជា​តម្លៃ​ដែល​ប្រកាស​ជា​សាធារណៈ។ យោងតាម New York Post ទីក្រុង​នី​វ​យ៉​ក​នៅមាន​អគារ​ដទៃទៀត​ដែល​ដាក់ឱ្យ​ជួល​ខុន​ដូ​ក្នុងតម្លៃ​ថ្លៃ​ជាង​នេះ។ ក៏ប៉ុន្តែ នោះ​គឺជា​កិច្ចព្រមព្រៀង​ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ៕

  • អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

    អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ធំ​មួយ​នៅ​កម្ពុជា ចែករំលែក​គន្លឹះ​ជោគជ័យ​លើ​ទីផ្សា​ក្នុងស្រុក

    ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​កំពុងតែ​រីកចម្រើន​ឥតឈប់ឈរ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​បរទេសបាន​ទាក់ទាញ​វិនិយោគិនថ្មីៗជាច្រើន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម។ ការវិនិយោគ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​ម្ចាស់​អាជីវកម្ម​ក្នុង​ទីផ្សារ​សំណង់​គេហដ្ឋាន និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

    តែក្នុងចំណោម​អ្នកវិនិយោគ​លើ​វិស័យ​នាំចូល​គ្រឿងសង្ហារិម​ទាំងអស់នោះ លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ដែលជា​ក្រុមហ៊ុន​ធំជាងគេ​មួយ​ដែរ​នៅ​ប្រទេស​កម្ពុជាបាន​លើកឡើងថាការចាប់ផ្តើម​អាជីវកម្ម​លើ​វិស័យគ្រឿងសង្ហារិម​តុបតែង​ផ្ទះ​នេះ មិនមែនជា​រឿង​ងាយស្រួល​ពេក​ទេ ក្នុងការ​ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ។

    លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ ថតរូបជាមួយបុគ្គលិក

    លោក ដួង អក្ខរា អគ្គនាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ  បាន​ចែករំលែក​គន្លឹះសំខាន់ៗចំនួន 6ចំណុច ដែលជា​បទពិសោធ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​អាចឈរជើង​នៅក្នុង​អាជីវកម្ម​គ្រឿងសង្ហារិម​បាន​រហូតមកដល់​សព្វ​ថ្ងៃ ៖

    1. ត្រូវ​សិក្សា​ពី​ផែនការ​ឱ្យបាន​ច្បាស់លាស់៖ ត្រង់ចំណុច​នេះ លោក​ថា នៅក្នុង​វិស័យ​គ្រឿងសង្ហារិម មាន​ផ្នែក​ជាច្រើន​ខុសគ្នា ហេតុនេះ​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿងសង្ហារិម ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ចាំបាច់​ត្រូវ​គិត​ឱ្យ​ច្បាស់​ជាមុនសិន គឺ​ត្រូវ​សិក្សា​ផែនការ​ឱ្យបាន​លម្អិត និង​ច្បាស់លាស់ ព្រោះ​កាលណា​យើង​សិក្សា​បានច្បាស់លាស់​ក្នុង​ដំណើរ​ប្រតិបត្តិការ​ការនាំ​ចូល និង​ដំណើការ​លក់​គ្រឿងសង្ហារិម​ហើយ​នោះ វា​នឹង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ ចំពោះ​អតិថិជន។ ហេតុនេះ បើយើង​រកស៊ី​ក្នុង​វិស័យ​គ្រឿងសង្ហារិម យើង​ត្រូវ​គិត និង​សិក្សា​ពី​ផែនការ​ជាមុនសិន​នោះ​ទើប​កសាង​ទំនាក់ទំនង​បានយូរ​អង្វែង​ជាមួយ​គ្រប់​ដៃគូ​អាជីវកម្ម​នានា។

    2. ត្រូវ​សិក្សា​អំពី​ទីផ្សារ​នៅក្នុង​ប្រទេស ៖  មុននឹង​ចាប់ផ្ដើម​ប្រឡូក​នៅក្នុង​អាជីវកម្ម​នាំចូល គ្រឿងសង្ហារិម ការសិក្សា​ពី​ទីផ្សារ​ក្នុងប្រទេស ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ព្រោះ​ដើម្បី​ឱ្យដឹងថា តើ​នៅ​កម្ពុជា តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន កំពុង​ប្រតិបត្តិកា​លើ​ការងារ​គ្រឿងសង្ហារិម? តើ​មានការ​ប្រកួតប្រជែង​ទីផ្សារ​កម្រិតណា? ហើយ​ថា តើ​យើង​គួរ​មាន​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​យកឈ្នះ​ទីផ្សារ​នៅក្នុង​ប្រទេស​បាន?។

    លោក​បានបញ្ជាក់​ត្រង់ចំណុច​នេះ​បន្តថា អាជីវកម្ម​មួយ​ជោគជ័យ​បាន គឺ​ត្រូវការ​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង។ ការធ្វើ​ទីផ្សារ ឬ​ភាគច្រើន​ត្រូវបាន​គេ​ហៅថា Marketing គឺជា​ដង្ហើម​របស់​អាជីវ​កម្ម។ អាជីវកម្ម​ខ្លះ ត្រូវ​ដួលភ្លាមៗ បន្ទាប់ពី​បើក​ដំណើរការ​មិនបាន​ប៉ុន្មាន​ផង បញ្ហា​ធំ​គឺ​ដោយសារតែ​ខ្សោយ​ខាង​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ។ ចេញ​រកស៊ី មិនមែន​ថា ឱ្យតែ​មាន​លុយ​បើក​ដំណើរការ​ហើយ មាន​គេ​មក​តម្រង់​ជួរ​ទិញ​នោះទេ យើង​ត្រូវការ​ការធ្វើ​ទីផ្សារ​ដើម្បី​ជំរុញ​ការលក់។

    ការធ្វើ Marketing បានល្អ នឹង​ជំរុញ​ឱ្យ​ផលិតផល ឬ​សេវាកម្ម​របស់​យើង​អាច​ចូលទៅក្នុង​ទៅ​ផ្សារ​បាន និង​មានការ​ទទួលស្គាល់​ពី​អតិថិជន​បាន​យ៉ាង​លឿន។

    3. សិក្សា​ពី​អ្នកប្រើប្រាស់៖ ទម្លាប់​របស់​ប្រជាជន​កម្ពុជា 1ចំណុច​ដែល​ធ្វើឱ្យ​អាជីវកម្ម​ខ្លះ​ដួល ហើយ​អាជីវកម្ម​ខ្លះទៀត​ជោគជ័យ​នោះ គឺ​ការចូល​ចិត្ត​អ្វីដែល​ថ្មី។ ទំនោរ​ចិត្ត​នេះ មិនមែន​តែ​អតិថិជន​នៅ​កម្ពុជា​នោះទេ គឺ​នៅ​ទូទាំង​ពិភពលោក​តែម្តង តែ​អ្វីដែល​ប្លែក​នោះ គឺ​អតិថិជន​កម្ពុជា​ឆាប់​ណាយ ហើយ​ចូលចិត្ត​អ្វី​តែមួយឆាវៗទេ។ ឧទាហរណ៍​ដូចជា ផ្សា​រាត្រី ផ្សារ​កុង​តឹ​ន័​រ គុយទាវ​ទូក​ជាដើម ដែលមាន​ភ្ញៀវ​កកកុញ​ពេល​ចូល​ទីផ្សារ​ដំបូង តែយូរៗទៅ​ក៏​អស់​ភ្ញៀវ​ស្ងាត់​សូន្យ​តែម្តង។ អាជីវកម្ម​ទាំងឡាយ ត្រូវតែ​ត្រៀម​គ្រប់ពេល ដើម្បី​ផ្លាស់ប្តូរ​នូវ​អ្វីដែល​ថ្មី​សម្រាប់ការបត់បែន​របស់​អតិថិជន។

    4. រៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ៖ ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ លោក​ថា ក្រោយពី​យើង​បានរៀបចំ​ផែនការ​ទុក​មុន​រួចរាល់​ហើយ។ នៅក្នុង​អាជីវកម្មនីមួយៗ មាន​យុទ្ធសាស្ត្រ​គ្រប់គ្រងខុសៗគ្នា និង​អាស្រ័យ​លើ​ទំហំ និង​ប្រភេទ​នៃ​អាជីវកម្ម។ ការ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ អាចធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​មិនសូវ​ឈឺក្បាល ហើយ​អាជីវកម្ម​នឹង​ដំណើរការ​ទៅបាន​ដោយ​រលូន។

    ការ​រចនា​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម គឺ​រៀបចំ​ដោយ​ម្ចាស់​អាជីវកម្ម ឬ​សហ​ស្ថាបនិក​ដែល​យល់ច្បាស់​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន។ ដូចនេះ ការរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យបាន​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​ដែរ ព្រោះ​វា​នឹង​ជួយ​យើង​ឱ្យបំពេញ​ភារកិច្ច​បាន​តា​ម​ផែនការ ដាក់​បុគ្គលិក​ត្រូវ​ជំនាញ ត្រូវ​កន្លែង ដែលជា​សមត្ថភាព​ពិត​របស់​ពួកគេ​ផ្ទាល់ ដើម្បី​ងាយ​បំពេញការងារ​បាន​ជោគជ័យ។

    5. ត្រូវមាន​ភាពក្លាហាន និង​ហ៊ាន​ប្រថុយ៖ តាំងពី​ចាប់ផ្តើម​អាជីវកម្ម លោក​ប្រឈម​បញ្ហា​ជាច្រើន​លើ​ការបោកប្រាស់ នៅពេលដែល​គ្រឿងសង្ហារិម​បាន​កុម្ម៉ង់ និង​កក់​ប្រាក់​រួចហើយ តែ​ត្រូវគេ​មិន​ផ្តល់ឱ្យ។ តែ​ចំណុច​នេះ លោក​មិន​រារែក​ទេ និង​តែង​ប្រាប់​ខ្លួនឯង​ថា បើ​ហ៊ាន​ប្រឡូក​ក្នុង​អាជីវ​កម្មនេះ ត្រូវតែ​ហ៊ាន​ខាតបង់​ខ្លះ ទុកជា​មេរៀន​ថ្ងៃក្រោយ ព្រោះ​ការខាតបង់ មិនមែន​មាន​រហូត​នោះទេ។

    លោក​បន្តថា បើ​យើង​មិន​ក្លាហាន យើង​មិនអាច​ចេញ​រកស៊ី​បានទេ ហើយ​បើ​យើង​មិនចេះ​ស៊ូ​នៅក្នុង​ការរកស៊ី​អាជីវកម្ម យើង​ក៏​មិនអាច​មាន​ភាព​រីកចម្រើន​បានដែរ ហេតុនេះហើយ​យើង​ត្រូវតែ​ដាក់ចិត្ត​មួយ​ថា ទៅឱ្យ​ដល់ មុជ​ឱ្យ​ជ្រៅ ព្រោះ​កាលណា​បើ​យើង​ដាក់ចិត្ត​ខំប្រឹង​ហើយ​នោះ ច្បាស់​ជា​អាច​ទទួលបាន​ផ្លែផ្កា​នៅពេល​ណាមួយ​ជាក់​ជាមិនខាន។

    6. ភាពជឿ​ទុកចិត្ត​ខ្ពស់៖ មុខរបរ​បម្រើសេវា​ក​ម្ម​លើ​គ្រឿងសង្ហារិម​នេះ លោក​ថា មាន​ភាពផុយស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត និង​ចិត្ត គេ​ចង់បាន​អីយើង​បម្រើ​ទៅតាម​សេចក្តីត្រូវការ​របស់​អតិថិជន ថែរក្សា​អតិថិជន កុំឱ្យ​ថ្នាំងថ្នាក់​ចិត្ត បម្រើ​ឱ្យមាន​ប្រសិទ្ធភាព។ បើ​និយាយ​ពី​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណា​ក៏មាន​ការប្រកួតប្រជែង​គ្នា​ដែរ ប៉ុន្តែ​មុខ​ជំនួញ​គ្រឿងសង្ហារិម លោក​គិតថា មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំងជាងគេ។

    លោក​បន្តថា ដោយសារ​យើង​រកស៊ី​ក្នុង​វិស័យនេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែលមាន​លុយ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម។ ពួកគាត់​ទាំងនោះ ចង់បាន​អ្វីដែល​ល្អ មានគុណ​ភាព  ដូច្នេះ យើង​ចាំបាច់​ត្រូវ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន។

    សូមបញ្ជាក់​ជូន​ដែរ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម អេស.អេ (S.A Solutions Co, LTD) ជា​ក្រុមហ៊ុន​នាំចូល​គ្រឿងសង្ហារិម​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

    មាន​វត្តមាន​ត្រឹមតែ​ជិត 10ឆ្នាំ​ក្នុង​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះតែ​ក្រុមហ៊ុន​ទទួលបាន​ការបញ្ជាទិញ​កើនឡើង​យ៉ាងច្រើន ដោយ​ការលក់ បាន​កើនឡើង​ពី20% ក្នុង​ឆ្នាំ​ដំបូង រហូតដល់ 80% ក្នុង​ឆ្នាំ​បន្ទាប់ ដោយ​ក្នុង 1ឆ្នាំការលក់​អាច​កើនឡើង​ប្រហែលជា4ដង។

    បើ​និយាយ​ពី​ការកកើត​ក្រុមហ៊ុន​នេះ​វិញ ពីដំបូង​មានតែ​បុគ្គលិក​តែ 2នាក់​ប៉ុណ្ណោះ តែ​រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​វិ​វ​ឌ្ឍ​ខ្លួន រហូតដល់​មាន​បុគ្គលិក​ជាង 40នាក់ និង​មាន 3សាខា​នៅ​កម្ពុជា។ សម្រាប់​ឆ្នាំ2020នេះ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សាខា​នៅ​ទីតាំង5 បន្ថែមទៀត ដើម្បី​ឆ្លើយ​នឹង​តម្រូវការ​ទីផ្សារ​គ្រឿងសង្ហារិម នៅ​កម្ពុជា​ដែល​កំពុងមាន​សម្ទុះ​ខ្លាំង។

    ជារួម​មក បើសិនជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​គ្រឿងសង្ហារិម ប្រកាន់ខ្ជាប់​នូវ​គន្លឹះ​ទាំង 6ចំណុច​ខាងលើ​នោះ នឹង​ទាក់ទាញ​បាន​ប្រជាប្រិយភាព ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​អតិថិជន ដែល​ធ្វើឱ្យ​ជំនួញ​ប្រភេទ​នេះ​ជោគជ័យ​មិន​ខាន៕