Tag: សកម្មភាព

  • ​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

    ​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

    ជាលើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ តម្លៃ​ទំនំនិញ​ប្រើប្រាស់​នៅ​ប្រទេស​ចិន​ បាន​កើន​ឡើង​ជា​ថ្មី ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាក​ផុត​ពី​បរិត្តផរណា។

    កាល​ពី​ថ្ងៃទី 09 មីនា វិទ្យាស្ថាន​ជាតិស្ថិតិ​ចិន ប្រកាស​ទិន្នន័យ​ឱ្យ​ដឹង​ថា សន្ទស្សន៍​ថ្លៃ​ទំនិញ (CPI) ប្រទេស​នេះ​ កើន​ 0.7% ក្នុង​ខែ​កុម្ភៈ​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​អំឡុង​ជិត​កន្លះ​ឆ្នាំ​ ដែល​ CPI ចិន​ កើន​ឡើង​។

    មុន​នោះ ប្រទេស​ចិន​បាន​ឃើញ​បរិត្តផរណា​ក្នុង​រយៈ​ពេល​ 4 ខែ​បន្ត​បន្ទាប់​។ ខែ​មករា​ ឆ្នាំ 2024 CPI ចិន​ ធ្លាក់​​ចុះ​ 0.8%​ ដែល​នេះ​គឺជា​ជា​តួលេខ​ធ្លាក់​ចុះ​ជ្រៅ​​​បំផុត​ក្នុង​រង្វង់​ 15 ឆ្នាំ​កន្លង​។

    បរិត្ត​ផរណា (ពាក្យ​អង់គ្លេស​ថា Deflation) គឺជា​ពាក្យ​សំដៅ​ទៅ​លើ​ការ​ធ្លាក់​ថ្លៃ​ជា​រួម​របស់​ទំនិញ និង​សេវាកម្ម​។ បរិត្តផរណា គឺជា​ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍។ នេះ​មិន​មែន​ជា​ប្រការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ឡើយ ព្រោះ​ថា នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ និង​ក្រុម​ហ៊ុននានា​​ពន្យារ​ពេល​លើ​ការ​ផ្អាក​ការ​​ចំណាយ​ដើម្បី​រង់​ចាំ​ទំនិញ ឬ​សេវាកម្ម​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​ សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រូវ​រឹត​ត្បិត​។

    ធៀប​នឹង​ខែ​មុន CPI ចិន​ ក្នុង​ខែ​កុម្ភៈបាន​កើន​ 1%​។ ល្បឿន​នេះ​ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចុះ​​ផ្សាយ​ដោយ​ Reuters។

    តួលេខ​ថ្មី​បំផុត​នេះ​បាន​បន្ថយ​សម្ពាធ​មួយ​ផ្នែក​សម្រាប់​សេដ្ឋកិច្ច​ចិន​ នៅ​ក្នុង​ស្ថានភាព​តម្រូវ​ការ​ក្នុង​ស្រុក​ធ្លាក់​ចុះ​ អចលនទ្រព្យ​មិន​ទាន់​ចាក​ផុត​ពី​វិបត្តិ​ និង​​បំណុល​របស់​រដ្ឋ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​៕

  • ថៃ​ត្រៀម​ខ្លួន​ទទួល​ក្រុម​ហ៊ុន Tesla មក​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​ត្រៀម​ខ្លួន​ទទួល​ក្រុម​ហ៊ុន Tesla មក​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​

    Tesla ត្រូវ​បាន​គេ​ជឿ​ថា កំពុង​មាន​គម្រោង​ប្រកាស​ទីតាំង​បង្កើត​រោង​ចក្រ​ថ្មី​នៅ​ចុង​ឆ្នាំ​ 2024 ស្រប​ពេល​ដែល​មន្ត្រី​រាជ​រដ្ឋាភិបាលថៃ​​ឱ្យ​ដឹង​ថា Tesla កំពុង​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​ ដើម្បី​បង្កើត​រោង​ចក្រ​មួយ​នៅ​ប្រទេស​នេះ​។

    កាល​ពី​សប្ដាហ៍​កន្លង អាជ្ញាធរអ៊ីតាលី​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ចរចា​ជាមួយ​ Tesla អំពី​គម្រោង​បង្កើត​រោង​ចក្រ​មួយ​ដែល​មាន​សក្ដានុពល​។ ប៉ុន្តែ​ពេល​នេះ ថៃ​បាន​វិល​ត្រលប់ចូលមក​​ប្រកួត​ប្រជែង​ ដណ្ដើម​ចំណាប់​អារម្មណ៍​ពី​អ៊ីតាលី។ Reuters រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថៃកំពុង​ធ្វើរបាយការណ៍​ស្ដី​ពី​កិច្ច​ចរចា​ជាមួយ​ Tesla ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិនិត្យ​ទីតាំង​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ក្នុង​តំបន់​ផងដែរ​។

    Tesla ទើប​តែ​ចាប់​ផ្ដើម​សកម្មភាព​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​ ដោយ​ការ​បើក​ឱ្យ​បញ្ជា​ទិញ​​រថយន្ត​អគ្គិសនី​ចាប់​ពី​ចុង​ឆ្នាំ​ 2022​ និង​ចាប់​ផ្ដើម​ប្រគល់​ទំនិញ​កាល​ពី​ឆ្នាំ​កន្លង​។

    យោង​តាម Electrek កន្លង​មក Tesla ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែង​រក​ដី​ទំហំ​ 320 ហិកតា ដើម្បី​ធ្វើ​ជា​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី​៕

  • AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia កំពុង​រៀប​គម្រោង​ប្ដូរ​មក​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដែល​ដំណើរ​ការ​ទៅ​តាម​រូបមន្ត​ «កង់រទេះ» ជំនួស​ឱ្យ​ការ​ផ្ដោត​ទៅ​លើ​តែ​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុម​មួយ​​ដូច​បច្ចុប្បន្ន​។

    ក្រុម​ហ៊ុន​សាជីវកម្ម Capital A Bhd ដែល​គ្រប់​គ្រង​ AirAsia ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ពហុ​មណ្ឌល​ តាម​រយៈ​វត្តមាន​នៅ​ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ហើយ​គ្រោង​នឹង​នៅ​កម្ពុជា​ផងដែរ​ ដើម្បី​អនុវត្ត​គម្រោង​ដឹក​ជញ្ជូន​តាមបណ្ដាញ​ដែល​មាន​ការ​ចំណាយ​ទាប​។

    បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​តែង​តែប្រើប្រាស់រូបមន្ត​ «ទីតាំង – ទីតាំង» ដែល​ផ្ដោត​ទៅ​លើ​តែ​ផ្លូវ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​សារ​តែ​មិន​មានការ​ចុះ​​ចត​តាម​ផ្លូវ​ហោះហើរ​។ ចំណែក​រូបមន្ត​ «កង់រទេះ» វិញ គឺ​តែង​តែ​ត្រូវ​បាន​បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្ដល់​សេវា​គ្រប់​ជ្រុង​ជ្រោយ​ ដូច​ទៅ​នឹង​អ្វីដែល Emirates Airlines កំពុង​អនុវត្ត​។

    ចំណុច​ពិសេស​នៃ​រូបមន្ត​ «កង់​រទេះ» គឺ​ការ​ផ្ដោត​ទៅ​លើ​សកម្មភាព​ហោះ​ហើរ​ជុំវិញ​មជ្ឈមណ្ដល​អាកាសយានដ្ឋាន​ធំមួយ ដែល​ក្នុង​នោះ​មាន​ជើង​ហោះ​ហើរ​ជា​ច្រើន​ដែល​ហោះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​។

  • ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

    ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។

    បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។

    ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។

    China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគយល់ថា បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande នៅតែជាស្រមោលអាក្រក់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន៕

  • Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

    Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

    ម៉ូដែល​ដំបូង​របស់​ Xiaomi EV គឺ SU7 នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ផលិត​ឆាប់​ៗ​ខាង​មុខ​។

    យោង​តាម​សេចក្ដី​ប្រកាស​ Xiaomi EV មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ប្រហែល 2,000 គ្រឿង​​នៅ​ក្នុង​ខែ​មីនា​ និង​បង្ហើយ​ការ​បង្កើន​បរិមាណ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2024​ ដែល​ក្នុង​នោះ​ ពួក​គេ​នឹង​ផលិត​បាន​ជាង 10,000 គ្រឿង​នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​នេះ​។

    ក្រុម​ហ៊ុន​ចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មីនា​ឆ្នាំ 2021 ថា ពួក​គេ​នឹង​ចូល​រួម​ផលិត​រថយន្ត​ ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​វិនិយោគ​ 10 ពាន់លាន​យុន​សម្រាប់​ដំណាក់​កាលដំបូង​នៃ​សកម្មភាព​ជំនួញ​ផ្នែក​រថយន្ត​ ហើយ​គ្រោង​នឹង​វិនិយោគ​ 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុងរយៈ​ពេល​​ 10 ឆ្នាំ​ខាង​មុខ​។

    ក្រុម​ហ៊ុន​ខាង​លើ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី SU7 របស់​ខ្លួន​កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​ និង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​ក្លាយ​ជាមួយក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ នៅ​ក្នុង​រយៈ​ពេល​ពី 15 ទៅ 20 ឆ្នាំ​ទៀត​។

    Xiaomi មិន​ទាន់​ប្រកាស​ព័ត៌មាន​ស្ដី​ពី​តម្លៃ​របស់ SU7 ក៏ដូចជា​ពេល​វេលា​បង្ហាញ​រថយន្ត​នេះ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ បើ​យោង​តាម​ CnEVPost កំណែ​ខ្ពស់​បំផុត​របស់​ Xiaomi SU7 នឹង​មាន​តម្លៃ​ 50,320 ដុល្លារ​អាម៉េរិក​៕

  • ណាសារកឃើញឧទ្ធម្ភាគចក្រលើភពអង្គារ ដែលជួបគ្រោះថ្នាក់នៅតំបន់ដែលអាចមានផ្ទុកភាវរស់

    ណាសារកឃើញឧទ្ធម្ភាគចក្រលើភពអង្គារ ដែលជួបគ្រោះថ្នាក់នៅតំបន់ដែលអាចមានផ្ទុកភាវរស់

    យានអវកាស Perseverance បានបញ្ជូនរូបភាពស្ដីពីដៃគូសហការដែលបាន «ស្លាប់» របស់ខ្លួន មកកាន់ផែនដី។

    នៅក្នុងរូបភាពដែលទើបត្រូវបានណាសាប្រកាស យានអវកាស Ingenuity ដែលជារ៉ូបូតឧទ្ធម្ភាគចក្ររបស់មនុស្សនៅលើភពអង្គារ កំពុងដេកស្ងៀមតែឯងនៅលើវាលខ្សាច់។ វាទើបត្រូវបានប្រកាសថា បានបញ្ចប់បេសកកម្មតាមរកភាវរស់នៅលើភពក្រហមនេះ។

    យោងតាម Space.com រូបភាពនេះត្រូវបានយានរ៉ូបូត Perseverance ជាមិត្តរួមការងាររបស់ Ingenuity ថតនៅវេលាម៉ោង 13 និង 5 នាទី ថ្ងៃទី 4 កុម្ភៈ ម៉ោងក្នុងតំបន់នៅលើភពអង្គារ ក្រោយពី Perseverance បានចំណាយពេលច្រើនថ្ងៃក្នុងការស្វែងរក។

    មុននោះ Ingenuity បានដាច់ទំនាក់ទំនងជាមួយណាសា កាលពីពាក់កណ្ដាលខែមករា 2024។ បញ្ហានេះត្រូវបានរកឃើញថា កើតឡើងដោយសារឧទ្ធម្ភាគចក្រនេះធ្លាក់ក្នុងពេលចុះចត។

    ឧទ្ធម្ភាគចក្រ Ingenuity និងយាន Perseverance បានចុះចតលើភពអង្គារកាលពីខែកុម្ភៈ 2021។ ពួកវាមានភារកិច្ចតាមរកភាវរស់នៅភពក្រៅផែនដី ពោលគឺនៅតំបន់ Jezero Crater របស់ភពអង្ការ ជាទីដែលធ្លាប់មានបឹងទឹក និងវាលរាបកាលពីបុរាណ។

    Ingenuity មានភារកិច្ចហោះហើរស៊ើបការណ៍ ដើម្បីជួយ Perseverance ដែលបំពាក់ឧបករណ៍វិទ្យាសាស្ត្រជាច្រើនមុខ កំណត់ទិសដៅក្នុងការតាមរកដាននៃជីវិត។

    Ingenuity ត្រូវបានណាសាកំណត់ពេលវេលា 30 ថ្ងៃ ក្នុងការបំពេញបេសកកម្ម ខណៈដែល Perseverance ត្រូវបានកំណត់ពេលវេលាជិត 2 ឆ្នាំ។ ប៉ុន្តែ Ingenuity បានធ្វើការមិនឈប់ឈរក្នុងរយៈពេល 3 ឆ្នាំកន្លង គ្រាដែលរ៉ូបូត Perseverance នៅតែមានស្ថានភាពល្អ ហើយអាចចំណាយពេលធ្វើការលើភពអង្គារបានច្រើនឆ្នាំទៀត។

    នៅលើភពអង្គារ ក្រៅពីយានទាំងពីរគ្រឿងខាងលើ ណាសាក៏នៅមានរ៉ូបូតមួយទៀតដែលដូចទៅនឹង Perseverance ប៉ុន្តែជាកំណែចាស់ជាង នោះគឺ Curiosity។ យាននេះបានធ្វើសកម្មភាពលើភពអង្គារតាំងពីឆ្នាំ 2011 ហើយមកដល់បច្ចុប្បន្ន វានៅតែមានស្ថានភាពល្អប្រសើរ៕

  • យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

    យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

    យាន​អវកាស​ SLIM នឹង​ឆ្លង​កាត់​រាត្រី​ត្រជាក់​ដ៏វែង​នៅ​លើឋាន​ព្រះ​ចន្ទ​​ ដោយ​ការ​ស្ថិត​នៅស្ងៀម​​​​មួយ​កន្លែង​ ហើយ​ប្រហែល​ជា​មិន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​​ នា​ពេល​ខាង​មុខ​។

    យាន​ចុះ​ចត​ SLIM របស់​ប្រទេស​ជប៉ុន​ បាន​អស់​ថាមពល​មុន​ពេល​រាត្រី​ត្រជាក់​លើឋាន​ព្រះ​ចន្ទ​ចូលមក​បញ្ចប់​បេសក​កម្ម​ ប៉ុន្តែ​វា​នៅ​តែអាច​បញ្ជូន​រូប​​ថត​​ចុង​ក្រោយ​​មួយ​ចំនួន​ រួម​នឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ មក​កាន់​ផែនដី​ដល់​ពេល​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024​។

    SLIM (Smart Lander for Investigating Moon) បាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 19 មករា 2024​ បើ​ទោះ​ផ្ទាំង​សូឡា​ជួប​បញ្ហា​ ធ្វើ​ឱ្យ​យាន​នេះ​ត្រូវ​ផ្អាក​សកម្មភាព​លើ​ឋាន​ព្រះ​ចន្ទ​​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ SLIM បាន​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ការ​ចុះ​ចត​បាន​ជិត​ដប់​ថ្ងៃ​ នៅ​ពេល​​ព្រះ​អាទិត្យ​បាន​ជះ​ពន្លឺ​មក​លើ​ផ្ទាំង​សូឡា​របស់​វា​។

    អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (JAXA) បាន​ចែក​រំលែក​រូប​ថត​ចុងក្រោយ​ដែល​បាន​ពី​យាន​ SLIM កាល​ពី​ថ្ងៃទី 31 មករា​។ ពួក​គេ​ក៏​បាន​បញ្ជាក់​ថា យាន​នេះ​បាន​ឈាន​ដល់​ស្ថាន​ភាព​ដេក​ស្ងៀម​ដូច​ការ​គ្រោង​ទុក​។ JAXA នឹង​ត្រូវ​​រង់​ចាំមួយ​​រាត្រី​​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដែល​ប្រហែល​នឹង​ 14.5 ថ្ងៃ​នៅ​លើ​ផែនដី​ រួម​នឹង​លក្ខខណ្ឌ​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​បន្ទាប់​ ដែល​ចាប់​ផ្ដើម​​ពី​ថ្ងៃទី 15 កុម្ភៈ​ មុន​ពេល SLIM អាច​ភ្ញាក់​ខ្លួន​ជា​ថ្មី​។ សីតុណ្ហភាព​ពេល​យប់​នៅ​លើ​ឋានព្រះ​ចន្ទ​គឺ​ប្រហែល -130 អង្សាសេ​។

    រូបភាពដែល SLIM បានថតពេលចុះចត (ឆ្វេង) និងពេលដំណើរការឡើងវិញ

    ក៏ប៉ុន្តែ បើ​ទោះ​ SLIM អាច​ ឬ​មិន​អាច​ដឹងខ្លួន​ជា​ថ្មី​ យាន​នេះ​ក៏បាន​​បំពេញ​ភារកិច្ច​​ទាំង​ស្រុង​ដោយ​ជោគជ័យ​រួច​ហើយ ក្នុង​នោះមាន​ដូច​ជា ការ​ចុះ​ចត​ត្រូវ​តាម​ផែនការ​ ការ​ដាក់​ពង្រាយ​រ៉ូបូត​ខ្នាត​តូច​ចំនួន​ពីរ​គ្រឿង​ និង​ប្រមូល​បាន​ទិន្នន័យ​ផ្នែក​វិទ្យាសាស្ត្រ​ជា​ច្រើន​​ជា​ដើម​៕

  • ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

    ការ​ព្យាករ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា (CAIF) បាន​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នឹង​មាន​កំណើន​ជា​វិជ្ជមាន​ ដោយ​នឹង​កើន​ប្រមាណ​ 15% ក្នុង​នោះ ទីផ្សារ​រថយន្ត​ថ្មី​នឹង​បន្ត​កើន​ឡើង​ ស្រប​ពេល​ដែល​រថយន្ត​ជជុះ​នឹង​បន្ត​ធ្លាក់​ចុះ​។

    យោង​តាម CAIF អត្រា​នៃ​ការ​លក់​រថយន្ត​ក្នុង​ឆ្នាំ​ 2023 បាន​ធ្លាក់ចុះ​ប្រមាណ​ជាង 20% ក្នុង​នោះ រថយន្ត​ជជុះ​បាន​ធ្លាក់​ចុះ​ប្រមាណ 30% បើ​ធៀប​នឹង​ឆ្នាំ​ 2022។ ក៏ប៉ុន្តែ សន្ទុះ​នៃ​ការ​វិនិយោគ​លើ​រោង​ចក្រ​ដំឡើង​រថយន្ត និង​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ថ្មី​ នៅ​តែ​បន្ត​មាន​សកម្មភាព​វិនិយោគ​ ក៏​ដូច​ជា​ពង្រីក​សាខា​ចែក​ចាយ​រថយន្ត​ថ្មី​។ ប្រការ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យ​ឧស្សាហកម្ម​យាន​យន្ត​របស់​កម្ពុជា​។

    មន្ត្រី​នៅ​ CAIF បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ត​ជំរុញ ទាក់​ទាញ​​ការ​វិនិយោគ​ផ្នែក​យាន​យន្ត​ពី​បរទេស​មក​កាន់​កម្ពុជា​​បន្ថែម​ទៀត និង​ធានាដល់​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​នាំចូល​ និង​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី និង​ការវិនិយោគ​លើ​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​ជា​ដើម​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា ដែលបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 25 មករា 2024​។

  • ជប៉ុន​ប្រកាស​ថា យាន​ SLIM នៅ​លើ​ឋាន​ព្រះ​ចន្ទ​បាន​ដំណើរ​ការ​ឡើង​វិញ​

    ជប៉ុន​ប្រកាស​ថា យាន​ SLIM នៅ​លើ​ឋាន​ព្រះ​ចន្ទ​បាន​ដំណើរ​ការ​ឡើង​វិញ​

    យាន​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​ SLIM របស់​ប្រទេស​ជប៉ុន ដំណើរ​ការ​ឡើងវិញ​ និង​បាន​ថត​រូប​ភាព​ថ្ម​មួយ​ផ្ទាំង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ កាល​ពី​ថ្ងៃទី 28 មករា 2024​។

    ក្រោយ​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 20 មករា 2024 អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន​ (JAXA) ប្រកាស​​ថា SLIM មាន​បញ្ហា​ប្រព័ន្ធ​សូឡា​ នាំ​ឱ្យ​យាន​ចុះ​ចត​របស់​ពួក​គេ​មិន​អាច​ផលិត​អគ្គិសនី​។ ក៏ប៉ុន្តែ JAXA បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ SLIM ដោយ​ជោគ​ជ័យ និង​បើក​ដំណើរ​ការ​យាន​នេះ​ឡើងវិញ​។ នេះ​បើ​តាម​ប្រកាសរបស់​ JAXA ​នា​ថ្ងៃ​នេះ​។ JAXA ក៏​បាន​ចែក​រំលែក​រូប​ថតមួយ​សន្លឹក​ដែល​បង្ហាញ​ពី​ថ្ម​មួយ​ផ្ទាំង​​នៅ​ក្បែរ​យាន SLIM ផងដែរ​។

    យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​ បន្ទាប់​ពី​ សហរដ្ឋ​អាម៉េរិក សូវៀត ចិន និង​ឥណ្ឌា​។

    ផ្ទាំង​ថ្ម​ដែល​ SLIM ថត​បាន​

    បច្ចុប្បន្ន ការ​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ កំពុងក្លាយ​ជា​រឿង​ប្រកួត​ប្រជែង​មួយ​លើ​ពិភពលោក​។ ប្រទេស​រុស្ស៊ី កូរ៉េខាង​ត្បូង និង​អេមីរ៉ាតអារ៉ាប់​រួម​ ក៏​កំពុង​រក​វិធីបញ្ជូន​យាន​ទៅ​​ចុះ​ចត​លើ​ឋានព្រះ​ចន្ទ​។ ក្នុង​ខែ​មករា​នេះ យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ Peregrine របស់​ក្រុម​ហ៊ុន​អាម៉េរិក Astrobotic ជួប​បញ្ហា​លេច​ធ្លាយ​ឥន្ធនៈ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​ នាំ​ឱ្យ​បេសក​កម្ម​របស់​វា​ត្រូវ​បរាជ័យ​។ ចំណែក​ NASA វិញ​ក៏​បាន​ពន្យារ​ពេលចំពោះ​គម្រោង​នាំ​មនុស្ស​ឡើង​ទៅ​ជាន់​ដី​ព្រះ​ចន្ទ​នៅ​ក្នុង​កម្មវិធី​ Artemis ផងដែរ​៕

  • ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

    ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

    គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់​កូរ៉េខាងត្បូង បាន​បង្ហាញ​ទិសដៅ​នៃ​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំរថយន្ត​អគ្គិសនី​នៅ​កម្ពុជា។

    ការ​បង្ហាញ​ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជាដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ប្រតិភូ​កូរ៉េខាង​ត្បូង​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ករ៉េ លោក Chung Sye-Kyun កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា 2024​។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

    ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើង​រថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់​ការ​នាំចេញ។ ចំណែក​​ក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏​បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការ​នាំចេញទៅទីផ្សារអន្តរជាតិ​។