Tag: វៀតណាម

  • ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

    ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

    ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស បាន​ចូលរួម​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ក្នុង​បញ្ជរ​ជិត 300 នៅក្នុងពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023។

    កាលពី​ថ្ងៃទី 18 ឧសភា ពិព័រណ៍​អន្តរជាតិ​លើក​ទី 19 ស្ដីពី​បច្ចេកវិទ្យា​រថយន្ត ម៉ូតូ រថយន្ត​អគ្គិសនី និង​ឧស្សាហកម្ម​គ្រឿងបន្លាស់ (Autotech & Accessories 2023) ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅឯ​សាល​ពិព័រណ៍​សៃ​ហ្គ​ន (SECC) ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

    ពិព័រណ៍ Autotech & Accessories 2023 ទាក់​បាន​ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស​ចូលរួម​តាំង​បង្ហាញ​ផលិតផល​នៅក្នុង​បញ្ជរ​ជិត 300 របស់​ពួកគេ។ ពិព័រណ៍​នេះ​ផ្ដល់ឱកាស​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​រវាង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។

    ក្នុង​បញ្ជរ​តាំង​បង្ហាញ គេ​ឃើញ​មាន​តាំងពី​រថយន្ត​គ្រូ​សារ រថយន្ត​ដឹកទំនិញ រថយន្ត​អគ្គិសនី ម៉ូតូ រហូតដល់​ផលិតផល​គ្រឿងបន្លាស់​សម្រាប់​យានយន្ត និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​យានយន្ត។ល។ ពិព័រណ៍​នេះ​ក៏មាន​វត្តមាន​របស់​យីហោល្បីៗ មានដូចជា Blueone, Jaan –E, Daichi, Minamoto ជាដើម​ផងដែរ។

    ពិព័រណ៍​ប្រចាំឆ្នាំ Autotech & Accessories ត្រូវបាន​ធ្វើឡើង​នៅ​វៀតណាម តាំងពី​ឆ្នាំ 2006 រហូតដល់​បច្ចុប្បន្ន​។ Autotech & Accessories 2023 ត្រូវបាន​រៀបចំ និង​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី 18 ដល់ 21 ឧសភា ឆ្នាំ 2023៕

  • ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    បី​ថ្ងៃ​បន្ទាប់ពី​បាន​យកឈ្នះ​លើក​ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ថៃ ក្រុម​កីឡាករ​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ត្រលប់​ទៅ​ប្រទេស និង​នាំគ្នា​ហែ​ក្បួន​អបអរ​ជ័យជម្នះ​នៅ​រដ្ឋធានី​ហ្សា​ការ​តា។

    ក្រុម U22 ឥណ្ឌូណេស៊ី បាន​ចាក​ចេញពី​កម្ពុជា ត្រលប់​ទៅ​មាតុភូមិ​កាលពី​ព្រលប់​ថ្ងៃទី 18 ឧសភា តាមរយៈ​យន្តហោះ​ពិសេស ខណៈ​នៅឯ​ព្រលានយន្តហោះ Soekarno-Hatta អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាននាំគ្នា​រង់ចាំ​ទទួល​។

    នៅតាម​ផ្លូវ​ដែល U22 ឥណ្ឌូណេស៊ី​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ អ្នកគាំទ្រ​ឈរ​អម​សងខាង ព្រមទាំង​ដុត​​កូន​កាំជ្រួច​បញ្ចេញ​ពន្លឺ។ តំបន់​ខ្លះ​ក៏​រៀបចំ​ឆាក​តន្ត្រី​ដើម្បី​ទទួល​ស្វាគមន៍។

    កាលពី​ព្រឹក​ថ្ងៃទី 19 សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ក៏​បាន​រៀបចំ​ពិធី​ហែ​ក្បួន នាំ​ក្រុម U22 ទាំងមូល​ធ្វើដំណើរ​តាម​រថយន្តក្រុង​គ្មាន​ដំបូល ពី​សណ្ឋាគារ Kemenpora ទៅកាន់​ទីលាន Gelora Bung Karno។

    PSSI រៀបចំ​ទីតាំង​បួន​កន្លែង​ដែលមាន​សកម្មភាព​កម្សាន្ត អម​សងខាង​ផ្លូវ​ដែល​ក្បួន​ធ្វើដំណើរ​ឆ្លងកាត់។ នៅ​ទីតាំង​ទាំងនោះ​មាន​តន្ត្រី និង​សកម្មភាព​លើកតម្កើង U22 ឥណ្ឌូណេស៊ី។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា U22 ឥណ្ឌូណេស៊ី បាន​ផ្ដួល​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​កម្ពុជា នៅ​វគ្គ​ប្រកួត​វិលជុំ។ បន្ទាប់មក U22 ឥណ្ឌូណេស៊ី ក៏បាន​យកឈ្នះ​លើ​វៀតណាម 3-2 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឥណ្ឌូណេស៊ី ក៏បាន​ផ្ដួល​ថៃ​ក្នុង​លទ្ធផល 5-2 ក្រោយ​ការប្រកួត 120 នាទី​ប្រកបដោយ​ហិង្សា៕

  • ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    កាលពី​ថ្ងៃទី 18 ឧសភា (17 ឧសភា​នៅ​កាណាដា) ក្រុមហ៊ុន VinFast Canada បានប្រកាស​ថា កប៉ាល់​ដឹក​រថយន្ត​អគ្គិសនី VinFast VF8 ចំនួន 781 គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ Nanaimo ក្នុង​តំបន់ British Columbia។

    រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF8 របស់ VinFast ត្រូវបាន EPA ទទួលស្គាល់ថា អាច​រត់​បាន​ចម្ងាយ 425 គីឡូម៉ែត្រ​សម្រាប់​កំណែ Eco, 391 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 300 kW និង 354 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 260 kW បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​​មួយ​ពេញ។

    នៅ​កាណាដា កំណែ VF8 Eco មានតម្លៃ​ចាប់ពី 39,680 ដុល្លារ​អាម៉េរិក គ្រា​ដែល​កំណែ VF8 Plus 260 kW មានតម្លៃ​ចាប់ពី 43,820 ដុល្លារ​អាម៉េរិក។

    រថយន្ត​អគ្គិសនី 781 គ្រឿង​ខាងលើនេះ​គឺជា​ការនាំចេញ​លើក​ទី​ពីរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន VinFast ដែល​បានចេញ​ដំណើរ​ពី​វៀតណាម​កាលពី​ថ្ងៃទី 16 មេសា ឆ្នាំ 2023។ មុន​នោះ VinFast VF8 ចំនួន 1,098 គ្រឿង​ក៏បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 12 ឧសភា។

    VinFast VF8 ត្រូវបាន​បំពាក់​មុខងារ​បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ (ADAS) ព្រមទាំង​ត្រូវបាន​ធានា 10 ឆ្នាំ ឬ 200,000 គីឡូម៉ែត្រ​សម្រាប់​រថយន្ត និង 10 ឆ្នាំ ឬ​មិន​កំណត់​ចំនួន​គីឡូម៉ែត្រ​សម្រាប់​ថ្ម​ផ្ទុក​ថាមពល។ សេវា​ជួសជុល​ចល័ត និង​សង្គ្រោះ 24/7 ក៏​ស្ថិត​នៅក្នុង​ការធានា​នេះ៕

  • កម្ពុជា​មិនទាន់​បិទ​ព្រឹត្តិការណ៍​ផង ថៃ​​ប្រញាប់​​​ប្រកាស​​អំពី​គម្រោង​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 33

    កម្ពុជា​មិនទាន់​បិទ​ព្រឹត្តិការណ៍​ផង ថៃ​​ប្រញាប់​​​ប្រកាស​​អំពី​គម្រោង​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 33

    ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) ថ្មីៗនេះ​បានប្រកាស​អំពី​ផែនការ​រៀបចំ​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 33។

    កាលពី​ថ្ងៃទី 16 ឧសភា ការប្រកួត​ដែល​នៅសល់​របស់​ស៊ី​ហ្គេម​លើក​ទី 32 បានបញ្ចប់​ជា​ស្ថាពរ។ ក្រុមកីឡា​ម្ចាស់ផ្ទះ​កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប​ចំនួន 282 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 81 គ្រឿង ត្រូវ​ជាប់​លេខ​បួន។ ចំណែក​ក្រុម​ជាប់​លេខ​មួយ​គឺ​វៀតណាម ដោយ​ដណ្ដើម​មេដាយមាស​បាន 136 គ្រឿង ខណៈ​ថៃ​រកបាន​មេដាយមាស 108 គ្រឿង ត្រូវ​ជាប់​លេខ​ពីរ និង​ឥណ្ឌូណេស៊ី​ជាប់​លេខ​បី ដោយ​ដណ្ដើម​មេដាយមាស​បាន 87 គ្រឿង។

    កាលពី​ថ្ងៃទី 16 ឧសភា ស្ថាប័ន​គ្រប់គ្រង​វិស័យ​កីឡា​របស់​ប្រទេស​ថៃ (SAT) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅមុន​ពិធី​បិទ​ស៊ី​ហ្គេម​នៅ​កម្ពុជា ដើម្បី​ប្រកាស​អំពី​គម្រោង​សម្រាប់​ស៊ី​ហ្គេម​បន្ទាប់​នាពេលខាងមុខ។ ស៊ី​ហ្កេ​ម​លើក​ទី 33 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 09 ដល់ 20 ធ្នូ 2025 នៅ​បាងកក ឈុន​បុរី (Chonburi) និង សុង​ក្លា (Songkhla)។ នៅក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ថ្ងៃទី 17 ឧសភា​នេះ ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រគល់​ទង់​ស៊ី​ហ្គេម​ដល់​ម្ចាស់ផ្ទះ​បន្ទាប់។ ​ស៊ី​ហ្គេម​លើក​ទី 33 ​នឹង​ជា​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ដំបូង​ដែល​ថៃ​រៀបចំ រាប់​ចាប់ពី​ឆ្នាំ 2007។

    ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 កាលពីថ្ងៃទី 05 ឧសភា 2023 នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

    ស៊ីហ្គេម​លើក​ទី 32 នៅ​កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា​ ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​។ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ត្រៀម​យ៉ាង​ហ្មត់​ចត់​នៅ​គ្រប់​បេសកកម្ម​ តាំង​ពី​ការ​រៀប​ចំ ការ​ដឹក​ជញ្ជូន​ សន្តិសុខ​ និង​ការ​ស្នាក់​នៅ​ ហូប​ចុក​របស់​សមាជិក​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ដែល​បាន​ចូល​រួម​។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 (CAMSOC)

    ពិធីបិទ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង 19:00 ថ្ងៃទី 17 ឧសភា​ នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​នឹង​មាន​មនុស្ស​ចូល​រួមទស្សនា​​ប្រហែល 2,000 នាក់​។ យោង​តាម​ប្រសាសន៍​របស់​ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី 32 (CAMSOC) ពិធី​បិទក៏​​នឹង​មាន​សិល្បករ សិល្បការិនី​ប្រមាណ​​ 2,000 នាក់​ចូលរួម​សំដែង​ផងដែរ​។ ពិធី​នេះ​ក៏​នឹង​មាន​ភាព​អស្ចារ្យ​មិន​ចាញ់​ពិធី​បើក​ព្រឹត្តិការណ៍​​កាល​ពី​ថ្ងៃទី 05 ឧសភា​ប៉ុន្មាន​ឡើយ​៕

  • វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម៖ បើសិន​ឈ្នះ U22 ថៃ នឹង​បំណែក​កំណត់ត្រា​របស់ខ្លួន

    វគ្គ​ផ្ដាច់ព្រ័ត្រ​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម៖ បើសិន​ឈ្នះ U22 ថៃ នឹង​បំណែក​កំណត់ត្រា​របស់ខ្លួន

    ក្រុមបាល់ទាត់​បុរស​ថៃ នឹង​បង្កើតបាន​កំណត់ត្រា​ថ្មី​ស្ដី​ពី​​ការ​ដណ្ដើមបាន​មេដាយ​មាស​​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) បើ​សិន​​បានឈ្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

    បើ​ផ្ដួល U22 ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នេះបាន​សម្រេច​ បាល់ទាត់​ថៃ​នឹង​បង្កើតបាន​​កំណត់ត្រា​ដណ្ដើម​បាន​មេដាយមាស 17 ជំនាន់​នៅ​អាស៊ីអាគ្នេយ៍។ ចំណែក U22 ឥណ្ឌូណេស៊ី​វិញ បើសិនជា​ឈ្នះ​ថៃ ពួកគេ​ក៏​នឹងមាន​មេដាយមាស​ទី​បីដូច​ទៅនឹង​ក្រុមបាល់ទាត់​វៀតណាម។

    បច្ចុប្បន្ន ក្រុម​កីឡាករ​ថៃ ត្រូវបាន​វាយតម្លៃ​ខ្ពស់ជាង​ក្រុម​ឥណ្ឌូណេស៊ី សម្រាប់​​​វគ្គ​ចុងក្រោយបង្អស់​នេះ។ ក្រៅពី​កត្តា​ប្រវត្តិសាស្ត្រ គុណភាព​នៃ​ជំនាញ​របស់​ក្រុម​ថៃ​ក៏​កំពុង​លេចធ្លោ​ជាង​ឥណ្ឌូណេស៊ី។ ថៃ​ក៏​កំពុង​សប្បាយចិត្ត​ផងដែរ ព្រោះ​មិនត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង (វៀតណាម) ដែលជា​ម្ចាស់​ជើងឯក​បី​ជំនាន់ជាប់ៗគ្នា។

    ចំណែក​ U22 ឥណ្ឌូណេស៊ី​មិន​ចាញ់ U22 ថៃ​ប៉ុន្មាន​ដែរ បើ​និយាយ​អំពី​បទពិសោធន៍។ ប៉ុន្តែ​ឥណ្ឌូណេស៊ី​ធ្លាប់​បានឈ្នះ​ថៃ​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​តែម្ដង​គត់ នោះ​គឺ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 1991 (ពួកគេ​ស្មើគ្នា 0-0 ប៉ុន្តែ ពេល​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់ ឥណ្ឌូណេស៊ី​ក៏បាន​ឈ្នះ 4-3)។ កន្លងមក ថៃ​មិនបាន​ចាត់ទុក​ឥណ្ឌូណេស៊ី​ថា «ខ្លាំង​ជាង» ម៉ាឡេស៊ី និង​វៀតណាម​នោះឡើយ។

    ការ​ប្រកួតវគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់​ទាត់​បុរស​រវាង​ ថៃ និង​ឥណ្ឌូណេស៊ី នៅ​ស៊ីហ្គេម​លើក​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង​ 19:30 ព្រលប់​ថ្ងៃទី 16 ឧសភា 2023​ លើ​ទីលាន​ពហុកីឡដ្ឋាន​​ជាតិ​អូឡាំពិក​៕

  • U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

    U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

    ការ​ស្ទាក់​ផ្លូវ​របស់​ក្រុម​អ្នក​គាំទ្រ​កម្ពុជា​នេះ​ គឺជា​ទិដ្ឋភាព​ដែល​ពិបាក​បំភ្លេច​សម្រាប់​ក្រុម​កីឡាករ​បាល់​ទា​ត់បុរ​ស​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយពី​បាន​ប៉ះ U22 វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    ទំព័រ Okezone ថ្មី​ៗ​នេះ​ ទើបតែ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​ប្រតិកម្ម​ពិសេស​របស់​ក្រុម​អ្នកគាំទ្រ​កម្ពុជា ចំពោះ​ក្រុម​កីឡាករ​បាល់ទាត់ U22 ឥណ្ឌូណេស៊ី ដែល​ដណ្ដើមបាន​ជ័យជម្នះ​លើ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2​។

    ទំព័រ Okezone ឱ្យដឹងថា មិនយូរប៉ុន្មាន​បន្ទាប់​ពី​យកឈ្នះ​លើ​វៀតណាម រថយន្តក្រុង​ក៏បាន​ត្រៀម​ដឹក​ក្រុម U22 ឥណ្ឌូណេស៊ី ត្រលប់​ទៅ​សណ្ឋាគារ ប៉ុន្តែ ​ស្រាប់តែ​ត្រូវ​ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់ផ្លូវ «ឡោមព័ទ្ធ» ធ្វើឱ្យ​រថយន្ត​មិនអាច​បរ​ទៅមុខ។ ក្រោយពី​រូបថត​ស្ដីពី​ករណីនេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម អ្នកគាំទ្រ​នៅ​ឥណ្ឌូណេស៊ី ក៏​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ និង​ចង់​ដឹង​ថា មាន​អ្វី​កើតឡើង​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។

    U22 ឥណ្ឌូណេស៊ី ឈ្នះ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2

    តាម​ការពិត មូលហេតុ​ដែលនាំឱ្យ​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់​ឡាន​ដឹក​ក្រុម​ឥណ្ឌូណេស៊ី គឺ​ជា​រឿង​សាមញ្ញ​សោះ។ យោងតាម​ទំព័រ Okezone អ្នកគាំទ្រ​របស់​កម្ពុជា​ធ្វើ​ដូច្នេះ​គឺ​គ្រាន់តែ​ដើម្បី​សុំ​ថតរូប​ជាមួយ Marselino Ferdinan និង​មិត្ត​រួម​ក្រុម​របស់គាត់​។

    ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា​ទាំងនេះ គឺមាន​ទាំង​បុរស ទាំង​នារី។ តប់​នឹង​សំណើ​របស់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ កីឡាករ​ជាច្រើនរូប​របស់​ឥណ្ឌូណេស៊ី ក៏​យល់ព្រម​ថតរូប​ប្រកបដោយ​ភាពស្និទ្ធស្នាល។ បន្ទាប់មក ពួកគេ​ក៏​ឡើង​ឡាន​ និង​ចេញ​ដំណើរ​​ដោយ​មាន​ការ​រាដៃ​លា​ពី​អ្នក​គាំទ្រ​ ហើយ​ទៅ​ដល់​សណ្ឋាគារ​ដោយ​សុវត្ថិភាព។

    ទំព័រ Okezone បានឱ្យដឹងថា ប្រតិកម្ម​ដ៏​ពិសេស​នេះ បានក្លាយ​ជាទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​នៅ​ឥណ្ឌូណេស៊ី។ សារព័ត៌មាន​ឥណ្ឌូណេស៊ី យល់ថា នេះ​គឺជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចងចាំ​សម្រាប់ Ferdinan និង​មិត្ត​រួម​ក្រុម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ក្រៅពីនេះ ការគាំទ្រ​របស់​ទស្សនិកជន​កម្ពុជា ក៏​នឹង​ជួយ​ឱ្យ U22 ឥណ្ឌូណេស៊ី មាន​កម្លាំងចិត្ត​កាន់​តែ​ខ្ពស់ នៅ​ក្នុង​ការ​​​ប្រកួត​ជាមួយ U22 ថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ក្រោយ​ការរង់ចាំ​អស់ 32 ឆ្នាំ៕

  • ក្រុមបាល់ទាត់​នារី​ដែល​បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    ក្រុមបាល់ទាត់​នារី​ដែល​បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម ទទួល​ប្រាក់រង្វាន់​ចំនួន 3.6 ពាន់​លាន​ដុង (ប្រហែល 633,000,000​ រៀល ឬ 153,000 ដុល្លារ​អាម៉េរិក​) ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម រួម​នឹង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​​​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ក្រុម​នារី​ជម្រើសជាតិ​វៀតណាម បាន​ផ្ដួល​មី​យ៉ាន់​ម៉ា 2-0 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី 15 ឧសភា 2023។ លទ្ធផល​នេះ​បាន​ជួយ​ឱ្យ​​ក្រុម​នារី​វៀតណាម​​​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ដែល​ដណ្ដើមបាន​មេដាយមាស​ចំនួន​បួន​រដូវ​កាលជាប់ៗគ្នា ហើយក៏​ជា​ក្រុម​ដំបូង​គេ​បង្អស់​ដែល​ដណ្ដើមបាន​មេដាយមាស 8 លើក​នៅ​ស៊ី​ហ្គេម។

    បន្ទាប់ពី​ការប្រកួត​ផ្ដាច់ព្រ័ត្រ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ 2 ពាន់​លាន​ដុង ដល់​ក្រុមបាល់ទាត់​នារី​វៀតណាម។ មុន​នោះ VFF ក៏បានផ្ដល់​ប្រាក់រង្វាន់ 1.6 ពាន់​លាន​ដុង​សម្រាប់​បី​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​វៀតណាម​បាន​ឈ្នះ​កម្ពុជា 4-0។ ក្រៅពីនេះ ក៏មាន​ក្រុមហ៊ុន​មួយ ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ 200 លាន​ដុង​ (ប្រហែល 8,500 ដុល្លារ​អាម៉េរិក) ដល់​ក្រុម​នារី​វៀតណាម​ផងដែរ ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ដូច្នេះ ប្រាក់រង្វាន់​សរុប​ដែល​ក្រុមបាល់ទាត់​នារី​វៀតណាម​ទទួលបាន​គឺ 3.8 ពាន់​លាន​ដុង (ប្រហែល 668,000,000 រៀល ឬ 162,000 ដុល្លារ​អាម៉េរិក)​​។

    ថ្ងៃទី 16 ឧសភា​នេះ ក្រុមបាល់ទាត់​នារី​វៀតណាម ត្រូវ​ត្រលប់​ទៅ​ប្រទេស​វិញ។ ក្រុម​នេះ​នឹង​សម្រាក​យក​កម្លាំង​មួយ​សប្ដាហ៍ មុននឹង​ចូល​ហ្វឹកហាត់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​នៅ World Cup ដែល​នឹង​ចាប់ផ្ដើម​ពី​ខែកក្កដា​ខាងមុខ៕

  • ទិដ្ឋភាព​កញ្ញា​គុន​តេក្វាន់ដូ​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ នៅ​ពេល​ផ្ដួល​ម្ចាស់​ជើង​ឯក​វៀតណាម​

    ទិដ្ឋភាព​កញ្ញា​គុន​តេក្វាន់ដូ​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ នៅ​ពេល​ផ្ដួល​ម្ចាស់​ជើង​ឯក​វៀតណាម​

    កីឡាការិនី​តេក្វាន់ដូ​ ថិប កាសាន់ទ្រីនីកូល របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ម្ចាស់​ជើង​ឯក​ បាក ធី ខៀម របស់​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រភេទ​ទម្ងន់​ 67 គីឡូក្រាម​ កាល​ពី​ល្ងាច​ថ្ងៃទី 15 ឧសភា​នេះ​។

    កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិកកាំង កញ្ញា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ហៅក្រៅថា​ ខេស៊ី ដែល​ទើប​ដណ្ដើម​បាន​មេដាយមាស​នៅ​ស៊ីហ្គេម​លើក​ទី 32 ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​។ ចំណែក បាក ធី ខៀម របស់​វៀតណាម​ គឺជា​ម្ចាស់​ជើង​ឯក​។

    ក្នុង​ការ​ប្រកួត​ ខេស៊ី គឺជា​អ្នក​គ្រប់​គ្រង​ស្ថានភាព​ ដោយ​សារកីឡាការិនី​រូប​នេះ​​តែង​តែ​មាន​ភាព​​ម្ចាស់​ការ​ក្នុង​ការ​ប្រយុទ្ធ ខណៈ​កីឡាការិនី​វៀតណាម ត្រូវ​រង​ការ​វាយ​សម្រុក​ជា​ញឹក​ញាប់​។

    ខេស៊ី យំ ដោយ​ការ​សប្បាយ​រីក​រាយ​ នៅ​ពេល​អាជ្ញាកណ្ដាល​បញ្ជាក់​ថា ជ័យ​ជម្នះ​បាន​មក​លើ​ខ្លួន​ ក្រោយ​ពី​ការ​ប្រកួត​បានចប់​។

    មុន​ពេល​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ ខេស៊ី ធ្លាប់​ចូល​រួម​ប្រកួត​ប្រភេទ​ទម្ងន់ 62​ គីឡូក្រាម​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ឆ្នាំ 2017, 2021 និង​មេដាយ​ប្រាក់​នៅ​ឆ្នាំ 2019​។

  • ក្រុម​បាល់​ទាត់​នារី​វៀតណាម ដណ្ដើម​បាន​មេដាយ​មាស​​​បួន​ជំនាន់​ជាប់​ៗ​គ្នា​​​នៅ​ស៊ីហ្គេម

    ក្រុម​បាល់​ទាត់​នារី​វៀតណាម ដណ្ដើម​បាន​មេដាយ​មាស​​​បួន​ជំនាន់​ជាប់​ៗ​គ្នា​​​នៅ​ស៊ីហ្គេម

    នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់​ទាត់​នារី​នៅ​ស៊ីហ្គេម​លើក​ទី 32 ក្រុម​នារី​វៀតណាម​បាន​ផ្ដួល​ក្រុមនារី​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​ 2-0​។

    លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ ជួយ​ឱ្យ​​វៀតណាម​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​បួន​ជំនាន់​​ជាប់​ៗ​គ្នា​​នៅ​ស៊ីហ្គេម​ ខណៈ​មីយ៉ាន់ម៉ា បាន​មេដាយ​ប្រាក់ និង​​​ថៃ បាន​មេដាយ​សំរឹទ្ធ។

    ជ័យ​ជម្នះ​លើក​នេះ​របស់​ក្រុម​នារី​វៀតណាម ក៏​បាន​ជួយ​ឱ្យ​ក្រុម​នេះ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ចំនួន​ 8 លើក​នៅ​ស៊ីហ្គេម​ផងដែរ​។

  • ក្រុមបាល់ទាត់​នារី​វៀតណាម​អាច​ក្លាយជា​ម្ចាស់​ជើងឯក​បួន​ជំនាន់​ជាប់​គ្នា​​ដំបូង​គេ​នៅ​ស៊ី​ហ្គេម

    ក្រុមបាល់ទាត់​នារី​វៀតណាម​អាច​ក្លាយជា​ម្ចាស់​ជើងឯក​បួន​ជំនាន់​ជាប់​គ្នា​​ដំបូង​គេ​នៅ​ស៊ី​ហ្គេម

    បើសិនជា​ផ្ដួល​មី​យ៉ាន់​ម៉ា​បានសម្រេច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ព្រលប់​ថ្ងៃទី 15 ឧសភា​នេះ ក្រុមបាល់ទាត់​នារី​វៀតណាម នឹង​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ដែល​គ្រប់គ្រង​​ជើងឯក​បាល់ទាត់​នារី​បួន​ជំនាន់​បន្តបន្ទាប់​គ្នា​នៅ​ស៊ី​ហ្គេម។

    ដោយមាន​កីឡាការិនី​ពេញ​ដោយ​គុណភាព និង​បទពិសោធន៍ ក្រុមបាល់ទាត់​នារី​វៀតណាម​បាន និង​កំពុង «បង្ក​ព្យុះភ្លៀង» នៅលើ​ទីលាន​បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍។ ក្រុម​វៀតណាម​បាន​លើក​ពាន​ស៊ី​ហ្គេម​បី​លើក​ជា​បន្តបន្ទាប់ បើទោះជា​មាន​ក្រុម​ជើង​ខ្លាំង​ថៃ ហ្វ៊ី​លី​ពី​ន ឬ​មី​យ៉ាន់​ម៉ា នា​ប៉ុន្មាន​ឆ្នាំ​កន្លង។

    បើសិន​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ម៉ោង​ 19 ​ព្រលប់​នេះ ក្រុម​នារី​វៀតណាម​នឹង​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ដែល​ដណ្ដើមបាន​មេដាយមាស​បួន​ជំនាន់​ជា​បន្តបន្ទាប់ និង 8 លើក​នៅ​ស៊ី​ហ្គេម។ បច្ចុប្បន្ន ក្រុម​នារី​ថៃ ក៏​ធ្លាប់​លើក​ពាន​បី​លើកជាប់ៗគ្នា​នៅ​ស៊ី​ហ្គេម​ផងដែរ​។

    នៅ​មុនពេល​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ វៀតណាម​ធ្លាប់​ផ្ដួល​មី​យ៉ាន់​ម៉ា 3-1 នៅ​ជើង​ទី​ពីរ។ បើសិន​ពិនិត្យ​ទៅលើ​ប្រវត្តិ​នៃ​ការ​ប៉ះគ្នា​រវាង​មី​យ៉ាន់​ម៉ា និង​វៀតណាម គេ​ឃើញថា វៀតណាម​កំពុង​មានប្រៀប​ជាង​ក្នុង​ផ្នែក​កម្លាំង​ចិត្ត​។ ចាប់ពី​ឆ្នាំ 2007 ពួកគេ​បាន​ប៉ះគ្នា 26 ប្រកួត​នៅ​គ្រប់​ទីលាន ក្នុងនោះ​វៀតណាម​ឈ្នះ 18 ប្រកួត, ស្មើ 5 ប្រកួត និង​ចាញ់ 3 ប្រកួត។ ដោយ​ឡែក​ ​នៅក្នុង​ស៊ី​ហ្គេម វៀតណាម​មិនបាន​ចាញ់​មីយ៉ាន់ម៉ា ប៉ុន្តែ​បានឈ្នះ​​ 3 ប្រកួត និង​ស្មើ 2 ប្រកួត។

    ទោះជា​យ៉ាងណាក៏ដោយ មី​យ៉ាន់​ម៉ា គឺជា​ក្រុម​ដែល​អាច​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​គ្រប់ពេល។ ប្រការនេះ ពួកគេ​បានបញ្ជាក់​រួចហើយ​តាមរយៈ​ការ​ផ្ដួល​ហ្វ៊ី​លី​ពី​ន និង​យកឈ្នះ​លើក​ថៃ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕