Tag: វិលមុខ

  • កូនតូច និងការប្រើម្រាមដៃ

    កូនតូច និងការប្រើម្រាមដៃ

    សូមបង្ហាញអត្ថបទថ្មីមួយទៀតអំពីកូនតូច ដើម្បីឱ្យអ្នកម្ដាយបានឆ្អែតពេញលេញជាមួយនឹងសារៈខ្លឹមសារពាក់ព័ន្ធនឹងវិវឌ្ឍនាការលើផ្នែកផ្សេងៗរបស់កូនតូចតាំងពីវ័យកើតដំបូង រហូតដល់អាយុ 9ឆ្នាំ…និងមិនទាន់អស់ត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកគ្រូ ឆវី នៅបានរួបរួម និងនាំយកវិធីទប់ទល់ជាមួយបញ្ហាទង្វើដែលអាល្អិតកំពូលរពឹសយើងតែងតែធ្វើឱ្យលោកឪពុក អ្នកម្ដាយ លោកតា លោកយាយឈឺក្បាលវិលមុខមិនដែលខានមួយថ្ងៃណានោះមកជម្រាបជូនទៀតផង ដោយអ្នកគ្រូ ឆវី ធានាថា ចាប់ពីពេលនេះទៅ បញ្ហាផ្ទុះផែនដីនេះនឹងក្លាយជារឿងស្រួលៗសម្រាប់អ្នកម្ដាយតែម្ដង។ ដូច្នេះពេលនេះយើងនាំគ្នាមកមើលពីវិវឌ្ឍនាការនៃការប្រើប្រាស់ដៃមួយដំណាក់កាលទៀតរបស់កូនតូចវិញល្អជាង…។

    ក្នុងអំឡុងពេលដែលកូនតូចរៀនយល់ដឹងពីការហាត់អង្គុយដោយខ្លួនឯង គេនឹងប្រើដៃជួយរុញខ្លួនឡើង និងទប់ខ្លួនឯងមិនឱ្យដួលមកវិញ ធ្វើឱ្យដៃ និងបាតដៃរបស់កូនមិនទំនេរឡើយ រហូតទាល់តែកូនអាចអង្គុយបានដោយខ្លួនឯង ចេះទប់លំនឹងខ្លួនបានល្អឡើង ទើបពេលនោះដៃ និងបាតដៃរបស់កូនទំនេរឡើងវិញ។ ដូច្នេះ ចាប់ពីអំឡុងពេលនេះទៅ កូននឹងមានពេលពិនិត្យពិច័យមើលបាតដៃរបស់ខ្លួនឯងកាន់តែច្រើនឡើង កូននឹងមានអារម្មណ៍ដឹងថា ម្រាមដៃរបស់គេពិតជាឧបករណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះនៅពេលគេចង់ឱ្យវាកម្រើក វាក៏កម្រើកបាន គេអាចបញ្ជាវាបានតាមចិត្តនឹកឃើញ។ គឺពេលហ្នឹងហើយ ដែលគេចាប់ផ្ដើមប្រើម្រាមដៃកៀរគ្រវាសវត្ថុតូចៗដែលគេឃើញ និងប្រាកដណាស់ រឿងដំបូងគេដែលកូនសម្លាញ់បានហ្វឹកហាត់ម្រាមដៃនោះគឺ ការចាប់កាន់អាហារញ៉ាំដោយខ្លួនឯង ដែលវិវឌ្ឍនាការនេះ អ្នកម្ដាយនឹងបានឃើញក្នុងអំឡុងពេលដែលកូនតូចឈានចូលដល់ខែទី 8។ ដូច្នេះលោកឪពុកអ្នកម្ដាយគួរជំរុញវិវឌ្ឍនាការរបស់កូនដោយការរកអាហារដុំតូចៗដែលមានភាពទន់ជ្រាយ ងាយស្រួលលេប(ត្រូវឱ្យប្រាកដក្នុងចិត្តថា មិនស្លាក់កកូន)ឱ្យកូនបានសាកល្បងចាប់កាន់យកមកដាក់មាត់ដោយខ្លួនឯង។ អាចនឹងប្រឡាក់បន្តិច តែក៏ OK!។

    បន្ទាប់ពីនោះទៀតមិនយូរប៉ុន្មាន កូនតូចក៏នឹងចាប់ផ្ដើមរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃរបស់ខ្លួន គ្រាន់តែលើកចង្អុលភ្លែត ក៏នឹងបានអ្វីដែលចង់បានមកភ្លាមតែម្ដង។ ត្រូវហើយចា៎ស សុំត្រឹមតែឱ្យច្បាស់ក្នុងចិត្តថា អ្នកកំពុងសម្លឺងមើលគេតែប៉ុណ្ណោះ ហើយគេក៏នឹងលើកចង្អុលដៃចង្អុលទៅរកវត្ថុណាដែលគេចង់បាន និងបញ្ចេញសំឡេងអេះ អាស់ថែមបន្តិចទៀត មិនថាវត្ថុនោះជារបស់លេង ចំណីអាហារ ដបទឹកដោះគោ ឬការចេញទៅលេងខាងក្រៅផ្ទះក៏ដោយ អ្នកម្ដាយក៏នឹងឱ្យវត្ថុ ឬអ្វីដែលគេចង់បាននោះភ្លាមៗតែម្ដង ដោយទាំងគេមិនចាំបាច់ពោលពាក្យអ្វីចេញមកទាំងអស់ គ្រាន់តែលើកចង្អុលដៃខ្លីៗ តូចៗ ធាត់ៗឆ្លើយឆ្លងជាមួយអ្នកប៉ុណ្ណោះ។

    ក្រៅពីកូនរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃហើយ កូននៅតែព្យាយាមសិក្សាពីអ្វីៗគ្រប់យ៉ាងលើពិភពលោកនេះដោយម្រាមចង្អុលដៃរបស់គេទៅជារឿយៗ ហើយរឿងមួយក្នុងចំណោមនោះគឺ ការយកចង្អុលដៃលូកចូលទៅក្នុងរន្ធព្រីភ្លើង(អៃយ៉ា!)។ ដូច្នេះនៅពេលណាដែលកូនតូចបានបង្ហាញឥទ្ធិពលនៃម្រាមចង្អុលដៃជាមួយអ្នកហើយ នោះមានន័យថា ដល់ពេលដែលលោកឪពុកអ្នកម្ដាយត្រូវត្រួតត្រាមើលពីសុវត្ថិភាពក្នុងផ្ទះហើយ។ កន្លែងណាមានរន្ធប្រហោង ប្រឡោះអី ចូរធ្វើការញ៉ុកបិទឱ្យជិតៗ ចំណែកព្រីភ្លើងក៏គួរតែរកគម្រប ឬរកអ្វីមកបាំងបិទផងដែរ។

    លោកឪពុកអ្នកម្ដាយមិនគួរហាមឃាត់អ្នកសិក្សាចង់ដឹងតូចល្អិតម្នាក់នេះទេ តែគួររកវិធីការពារឧប្បត្តិហេតុជុំវិញខ្លួនកូនឱ្យបានល្អវិញប្រសើរជាង។ ទោះជាហត់នឿយបន្តិចមែន តែធានាថា យើងនឹងបានរីករាយជាមួយនឹងវិវឌ្ឍនាការរបស់កូនសម្លាញ់យ៉ាងពិតប្រាកដ៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • “វិលមុខ” ញឹកញាប់ កើតឡើង​ដោយសារ​អ្វី?

    “វិលមុខ” ញឹកញាប់ កើតឡើង​ដោយសារ​អ្វី?

    មិនថា​តែ​ពេល​ក្រោក​ចេញពី​លើ​គ្រែ​ហើយ​វិលមុខ​ ងើយ​ ឬឱន​មុ​ខយូរ​ៗហើយ​វិលមុខ​ ឬនៅ​សុ​ខៗ​ក៏​ស្រាប់តែ​មាន​អារម្មណ៍​ដូចជា​ផ្ទះ​កំពុង​វិលខ្ញាល់​ជាដើម​… អាការ​វិលមុខ​ទាំងនេះ​សុទ្ធតែ​ជា​សញ្ញា​គ្រោះថ្នាក់​ ដែល​អាច​សាង​បញ្ហា​ខាង​សុខភាព​ដល់​មនុស្ស​នៅពេល​ក្រោយ​ និង​ថែមទាំង​ជា​គ្រោះថ្នាក់​សម្រាប់​មនុស្សចាស់​ ដែល​អាច​នឹង​កើត​ឧប្បត្តិហេតុ​ដួល​ទាំង​ជំហរ​ពេល​ក្រោក​ពី​អង្គុយ​ ឬដួល​នៅក្នុង​បន្ទប់ទឹក​ ឬនៅ​ត្រង់​ជណ្ដើរ​ រហូត​រង​របួស​ដល់​ថ្នាក់​ធ្វើ​ឱ្យ​ពិការ​បាន​ទាំងអស់​។

    មូលហេតុ​នៃ​អាការ​វិលមុខ​
    វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ សោត​ឃាន​កណ្ឋ​រោគ​សាស្ត្រ​ បាន​បញ្ជាក់​ថា​ អាការ​វិលមុខ​របស់​មនុស្ស​យើង​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​ទប់​លំនឹង​ខ្លួន​ក្នុង​រាងកាយ​បាត់បង់​តុល្យភាព​ ដែល​ប្រព័ន្ធ​គ្រប់គ្រង​ការ​ទប់​លំនឹង​ខ្លួន​របស់​រាងកាយ​នេះ​ប្រកប​ដោយ​ប្រព័ន្ធ​ 4 ដូចជា​ ប្រព័ន្ធ​ការ​ទប់​លំនឹង​ខ្លួន​របស់​ត្រចៀក​ស្រទាប់​ខាងក្នុង​ ប្រព័ន្ធ​ខ្សែភ្នែក​ ប្រព័ន្ធ​ប្រសាទ​ និង​សាច់ដុំ​សន្លាក់​ រហូតដល់​ប្រព័ន្ធ​ដែល​សំខាន់​បំផុត​គឺ​ខួរក្បាល​ ដែល​ត្រូវ​ធ្វើការ​ស៊ីចង្វាក់​គ្នា​។បើសិន​ប្រព័ន្ធ​ណាមួយ​បាត់បង់​តុល្យភាព​ នឹង​ធ្វើ​ឱ្យ​យើង​កើត​អាការ​វិលមុខ​ភ្លាម​ឡើង​តែម្ដង​។

    ក្រៅពី​នេះ​នៅ​មាន​មូលហេតុ​ផ្សេងទៀត​ ដូចជា​ ៖. គេង​សម្រាក​មិន​គ្រប់គ្រាន់​។
    . ខ្វះ​ការហាត់ប្រាណ​យ៉ាង​ជាប់លាប់​ទៀងទាត់​។
    . កើតរោគ​លោហិត​ស្លេក​។
    . មាន​ជំងឺ​ប្រចាំ​កាយ​ ដូចជា​ ទឹកនោមផ្អែម​ លើសឈាម​ ជំងឺបេះដូង​ ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ ដែលគេ​ប្រទះឃើញ​ច្រើន​នៅ​លើ​មនុស្ស​ចាស់​។
    . ជំងឺ​ដុះ​សាច់​របស់​ប្រព័ន្ធ​ប្រសាទ​ការ​ទប់​លំនឹង​ខ្លួន​ ឬសរសៃប្រសាទ​ការ​ស្ដាប់ឮ​ អាច​មាន​អាការ​វិលមុខ​ ព្រមទាំង​មាន​សំឡេង​រំខាន​នៅក្នុង​ត្រចៀក​។
    . រលាក​ស្រទាប់​ត្រចៀក​ខាងក្នុង​ នឹង​មាន​អាការ​វិល​ច្រើនថ្ងៃ​ បើ​មាន​អាការ​ធ្ងន់ធ្ងរ​អាច​នឹង​បាត់បង់​ការបាន​ឮតែម្ដង​។
    . ឈាម​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​គ្រប់គ្រាន់​។

    វិធី​កាត់បន្ថយ​អាការ​វិលមុខ​
    1. គេងលក់​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​។
    2. ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ និង​ជាប់លាប់​។
    3. ផ្លាស់ប្ដូរ​ឥរិយាប​ថយឺត​ៗ និង​មិន​បង្វិលខ្លួន​ឬក្រោក​ពី​កៅអី​ ឬក្រោកពីដំណេក​ ឬបែរមុខ​ ឬបែរ​ខ្លួន​លឿន​ៗឡើយ​។
    4. បន្ថយ​ការ​ជក់បារី​ និង​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ រួម​ទាំង​កាហ្វេ​ផង​។
    5. ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​។
    6. ព្យាយាម​បន្ថយ​អាការ​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ ឬវិតក្ក​កង្វល់​ឱ្យ​បាន​ច្រើន​។
    7. ក្នុងអំឡុងពេល​ដែល​មាន​អាការ​វិលមុខ​ញឹកញាប់​ គួរ​ចៀសវាង​ពី​ទង្វើ​ ឬទីកន្លែង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដូចជា​ បើកបរ​រថយន្ត​ ឬឡើង​ទៅ​លើ​ទី​ខ្ពស់​ជាដើម​។បើសិនជា​កើត​អាការ​វិលមុខ​ញឹកញាប់​ និង​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យមើល​អាការ​យ៉ាង​លម្អិត​៕