Tag: វិធី

  • ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    អនាគតអ្នកម្ដាយថ្មីថ្មោងតែងមានការនឹកសង្ស័យថា ពេលមានផ្ទៃពោះ តើចាំបាច់ប៉ុនណាត្រូវទៅពិនិត្យផ្ទៃពោះ និងបើមិនទៅពិនិត្យផ្ទៃពោះបានឬទេ? ទិញថ្នាំបំប៉នមកញ៉ាំដោយខ្លួនឯងបានទេ? ព្រោះពេលខ្លះមិនងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ និងស្រ្តីមានគភ៌ខ្លះអាងហេតុផលថា ពិបាកក្នុងការសុំច្បាប់ឈប់ពីការងារ ជាដើម។ល។ តែស្រ្តីមានគភ៌ទាំងឡាយដឹងទេថា បើមិនបានទៅពិនិត្យគភ៌ នឹងមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃខ្លាំងណាស់…សេចក្ដីលម្អិតមានដូចខាងក្រោមនេះ ៈ

    4ហេតុផលល្អៗថា ហេតុអីត្រូវទៅពិនិត្យគភ៌?

    1. ពេលអនាគតអ្នកម្ដាយទៅពិនិត្យគភ៌ អ្នកម្ដាយនឹងបានដឹងពីព័ត៌មាន និងការណែនាំក្នុងការប្រតិបត្តិខ្លួនក្នុងអំឡុងពេលមានគភ៌ រហូតដល់រយៈពេលក្រោយការប្រសូត ដោយសារតែក្នុងអំឡុងពេលតាំងគភ៌ សរីរៈ និងរាងកាយរបស់ស្រ្តីមានគភ៌មានការប្រែប្រួលច្រើន។ ស្រ្តីមានគភ៌លើកដំបូងមួយចំនួនអាចនឹងមិនយល់ និងកើតក្ដីកង្វល់ជាមួយនឹងការប្រែប្រួលទាំងនោះ ដូច្នេះគ្រូពេទ្យអ្នកពិនិត្យគភ៌នឹងផ្ដល់ការណែនាំក្នុងរឿងផ្សេងៗ​ទាំងនោះបានយ៉ាងល្អ។
    2. នៅក្នុងការពិនិត្យគភ៌ ស្រ្តីមានផ្ទៃពោះនឹងបានទទួលការវាយតម្លៃយ៉ាងលម្អិតអំពីឱកាសកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងក្នុងខណៈតាំងគភ៌ ហើយក្នុងករណីដែលស្រ្តីមានគភ៌មានភាពប្រថុយប្រថានខ្ពស់ក្នុងការកើតមានសភាវជ្រៀតជ្រែកនេះ គ្រូពេទ្យអ្នកពិនិត្យគភ៌នឹងអធិប្បាយ និងណែនាំវិធីក្នុងការការពារសភាវផ្សេងៗទាំងនោះទៀតផង។
    3. សម្រាប់ស្រ្តីដែលមានរោគ ឬសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកើតឡើងក្នុងខណៈមានផ្ទៃពោះ ការពិនិត្យគភ៌គឺជារឿងសំខាន់ និងចាំបាច់បំផុត។ តើស្រ្តីទាំងឡាយជ្រាបដែរឬទេថា មានជំងឺមួយចំនួនដែលភាពធ្ងន់ធ្ងររបស់វានឹងកើនខ្លាំងឡើងក្នុងខណៈដែលអ្នកមានផ្ទៃពោះ ដែលវានឹងហុចផលប៉ះពាល់ដល់សុខភាពរបស់ម្ដាយ និងកូនតូចក្នុងផ្ទៃ ដូច្នេះ ក្នុងការពិនិត្យគភ៌ គ្រូពេទ្យនឹងមើលថែទាំ និងផ្ដល់ការរក្សាព្យាបាលផ្សេងៗដែលកើតឡើងពេញមួយរយៈពេលនៃការមានផ្ទៃពោះរបស់អ្នក។
    4. ហេតុផលចុងក្រោយដែលស្រ្តីមានផ្ទៃពោះគួរតែទៅពិនិត្យគភ៌នោះគឺ ដើម្បីឱ្យទាំងម្ដាយ(ខ្លួនឯង) និងកូនតូចក្នុងផ្ទៃមានសុខភាពរឹងមាំឥតខ្ចោះ ប្រាសចាករោគភ័យ និងសភាវជ្រៀតជ្រែកអ្វីៗទាំងអស់ហ្នឹងឯង។

    អនាគតស្រ្តីជាម្ដាយមួយចំនួនអាចនឹងមានអារម្មណ៍កង្វល់អំពីរឿងការពិនិត្យផ្ទៃពោះនេះ មិនដឹងថានឹងទៅពិនិត្យនៅទីណា? ទៅហើយ ត្រូវធ្វើអ្វីខ្លះ? គ្រូពេទ្យ និងអ្នកជំនួយការគ្រូពេទ្យនឹងស្ដីបន្ទោសឬអត់? ត្រូវជោះឈាមយកទៅពិនិត្យច្រើនដងអត់?-ល- ដូច្នេះពេលនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា កុំទៅព្រួយកង្វល់ធ្វើអី ចូរទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីកូនជាទីស្រឡាញ់របស់អ្នក…៕

  • បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ

    ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ…មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។

    ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះ​លោកនាយ​ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។

    តែឈប់សិន…អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះ​បង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។ ​

    ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការលាងសម្អាតដៃមុនពេលបរិភោគអាហារ…ប្រើស្លាបព្រា-សមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ”រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ…មិនអានសៀវ​ភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារ ជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោក​ប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។

    ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះ លោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល ។

    ក្នុងអំឡុងពេលដែលលោកឪពុក-អ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន…ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1​ ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថា​កូន​​ព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចាន ជាដើមក្ដី សូមលោកឪពុក-អ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វី​កើត​​ឡើងអ៊ីចឹង ទីបំផុត កូននឹងបញ្ឈប់ទង្វើទាំងនោះដោយឯកឯង នៅពេលដែលគេមើលឃើញថា អ្វីដែលគេធ្វើនោះមិនអាចទាក់ទាញចំណាប់អារម្មណ៏ពីលោកប៉ា-អ្នកម៉ាក់បាន។ ចំណុចទី2​ គឺរិះរកវិធីកែបញ្ហា ដូចជាជូតមាត់ឱ្យកូន រាល់ពេលដែលកូនខ្ជាក់បាយមកប្រឡាក់មាត់ រហូតទាល់តែកូនតូចឈប់ខ្ជាក់ដោយឯកឯង ឬក៏ពេលដែលគេប្រើដៃចាប់អាហារ អ្នកក៏យកស្លាបព្រាដាក់ក្នុងដៃកូន ជាដើម។ ក្នុងពេលជាមួយគ្នានេះដែរ លោកឪពុក-អ្នកម្តាយខ្លះ អាចនឹងនាំកូនតូចចេញពីតុបាយមួយភ្លែតសិន ដើម្បីនាំទៅអធិប្បាយប្រាប់ពីកិរិយាមារយាទដែលសមរម្យរបស់កូនតូចក៏អាចធ្វើបានដែរ។

    តែដែលសំខាន់លើសអ្វីទាំងអស់ក្នុងការបង្រៀនឱ្យកូនតូចមានសុជីវធម៌ក្នុងពេលញ៉ាំបាយនោះ ប្រហែលជាចៀសមិនផុតពីភាពយល់ចិត្តអាណិតអាសូររបស់ឪពុក-ម្តាយចំពោះកូនតូចសម្លាញ់ឡើយ៕

  • ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ត្រូវតែទទួលស្គាល់ថា ពិភពលោកសព្វថ្ងៃនេះវិលលឿនមែនទែន មិនដូចសម័យយើងកាលពីអតីតឡើយ។ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21 នេះ កំពុងជួបនឹងយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោកឪពុក អ្នកម្ដាយខ្លួនឯងក៏កំពុងប្រឈមនឹងភាពសាកល្បងដែលមិនធ្លាប់កើតមានពីមុនមកដូចគ្នាដែរ ឧទាហរណ៍ដូចជា មុខរបរអាជីពជាច្រើនក្នុងអតីតកាល ត្រូវបានរលាយបាត់ ខណៈពេលជាមួយគ្នា ក៏មានមុខរបរអាជីពថ្មីៗដែលមិននឹកស្មានដល់បានកើតឡើងដែរ ដូចជា Youtuber ឬ Caster ការសរសេរកូដ ឬ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗ ដែលធ្វើឱ្យពេលខ្លះបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយ លែងអាចជួយក្នុងការចិញ្ចឹមមើលថែកូនបានតទៅទៀត។ល។

    រឿងតែមួយគត់ដែលឪពុកម្ដាយក្នុងយុគសតវត្សរ៍ទី21 នេះធ្វើបានល្អបំផុត គឺការត្រៀមរួចជាស្រេចសម្រាប់កូនជាមួយការរៀនយល់ដឹង និងប្រឈមជាមួយបញ្ហាគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីអ្វីដែលថា ទោះជាគេ(កូនៗ)នឹងជួបរឿងអ្វីនាពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់ពេលវេលា និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលកើតឡើង បានយ៉ាងមានប្រសិទ្ធភាពបំផុត។

    តើឪពុកម្ដាយអាចត្រៀមភាពប្រុងប្រៀបរួចជាស្រេចឱ្យកូនយ៉ាងណា?

    1.បង្ហាត់កូនឱ្យចេះជួយខ្លួនឯង

    អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ…ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។

    2.បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺជាការងាររបស់ក្មេង

    ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ការលេងដែលជួយជំរុញខួរក្បាលរបស់កូន ដូចជាការផាត់ពណ៌ សូនរូបជាមួយដីឥដ្ឋ លេងតម្រៀបដុំឈើ និងលេងតោងឡើង ជាដើម។

    3.សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមមើលថែកូនបែបវិជ្ជមាន

    ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយកែខៃបញ្ហាដោយខ្លួនឯង ដែលទាំងអស់នេះនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកខាងគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹង។ ការសម្លុត ការទិតៀន ការបញ្ជួសបន្សោក ឬការដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថា គ្មានសុវត្ថិភាព និងខួរក្បាលមិនបានទទួលការអភិវឌ្ឍ។

    4.យកចិត្តទុកដាក់រឿងភោជនាហារ

    ជាពិសេសបំផុតសារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលកូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និងARA សារធាតុដែក អ៊ីយ៉ូដ វីតាមីនA និងវីតាមីនB12 ដែលអ្នកម្ដាយអាចធ្វើបានតាំងពីកើតដំបូងតាមរយៈការចិញ្ចឹមកូនដោយទឹកដោះម្ដាយរយៈពេលយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលសារធាតុអាហារទៅតាមវ័យដែលស័ក្តិសម ដូចជា ស៊ុត ត្រីសមុទ្រ បន្លែល្ពៅ ការ់ុត បន្លែស្លឹកបៃតង និងទឹកស៊ុបដែលមានប្រយោជន៍ជាដើម។

    ជាសរុបទៅក៏គឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីមុនខ្លះនោះ?…ចម្លើយគឺ គោលការណ៍គ្រឹះមិនខុសគ្នាទេ តែនឹងខុសគ្នាក៏ត្រង់រឿងតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមឱ្យកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា។ សង្គត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការដោះស្រាយបញ្ហាឱ្យបាន និងជំនាញការរស់នៅ រួមទាំងយកចិត្តទុកដាក់រឿងភោជនាហារដែលមានផលប្រយោជន៍ដល់ខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី21 នេះ៕

  • វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

    វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

    ឪពុកម្តាយតែងតែចង់ឱ្យកូនតូចភ្ញាក់ពីគេងភ្លាមៗបន្ទាប់ពីបានឮសំឡេងដាស់លើកដំបូងរបស់ខ្លួន តែបើសិនជាកូននៅតែគេងតទៅ​ទៀត​នោះ វិធីការដាស់ជាបន្តទៅទៀតនឹងច្រើនតែមានអានុភាពខ្លាំងក្លាឡើងជារឿយៗ ដែលទាំងអស់នេះ ឡារ៉ែនចង់ប្រាប់ថា​ វិធីការដាស់កូនឱ្យភ្ញាក់គេងបែបនេះ អាចនឹងមានផលអាក្រក់ចំពោះសុខភាពរបស់កុមារ។

    ព្រោះការដាស់ឱ្យភ្ញាក់ពីគេងដោយការធ្វើឱ្យភ្ញាក់ផ្អើល វានឹងទៅបំផ្លាញកម្មវិធីការចាប់ផ្តើមធ្វើការរបស់ប្រព័ន្ធខាងក្នុងយ៉ាងត្រឹមត្រូវរបស់រាងកាយ និងនៅពេលៗវេលាកន្លងទៅ ការដាស់ដោយវិធីខ្លាំងក្លាផ្សេងៗនេះ នឹងមានសញ្ញាដែលនឹងនាំឆ្ពោះទៅរកភាពមិននឹង​នរ​ខាងអារម្មណ៍ ហើយនិងធ្វើឱ្យកុមារកើតមានការតបស្នងយឺតយ៉ាវ អាចរាប់បានថា ជាការដាស់ឱ្យភ្ញាក់ពីគេង​បែបលស់ព្រលឹងក៏​អាច​​​​​ថា​បាន​ដែរ។

    វិធីការដាស់កូនឱ្យភ្ញាក់ពីគេង តទៅនេះ អាចហៅបានថា ជាគំរូនៃការដាស់ដែលកាត់បន្ថយជីវិតរបស់កូនលោកអ្នក គឺៈ

    • ចូលទៅស្រែកដាស់ខ្លាំងៗ បែបមួម៉ៅក្តៅក្រហាយនៅក្នុងបន្ទប់គេងៈ អាចហៅបានថា ជាការដាស់តាមតួនាទីដោយ​អារម្មណ៍មួម៉ៅ និងសម្លេងខ្លាំងៗមាំៗ នឹងធ្វើឱ្យអ្នកដែលកំពុងគេងលក់ស្រួលនោះមានអារម្មណ៍ថា ខ្វះសុវត្ថិភាព។
    • ទាញកញ្ឆក់ភួយចេញពីកូនខ្លាំងៗៈ ធ្វើឱ្យសីតុណ្ហភាពប្រែប្រួលយ៉ាងទាន់ហន់ អាចមានផលប៉ះពាល់ដល់ការបំផ្លាញប្រព័ន្ធប្រសាទបាន។
    • វាយខ្នង ឬគូទដើម្បីឱ្យកូនភ្ញាក់ដឹងខ្លួនៈ ស្ថិតក្រោមសតិសម្បជញ្ញៈខណៈកំពុងគេងលក់នោះ នឹងធ្វើឱ្យកើតមានទង្វើតបស្នងឡើងដោយសារការត្រូវវាយទាំងនោះយ៉ាងរហ័ស និងពេលយូរៗទៅ កុមារអាចនឹងមានការតបស្នងក្នុងការធ្វើកិច្ចការងារផ្សេងៗយឺតយ៉ាវបាន។
    • រអ៊ូមិនឈប់រហូតទាល់តែកូនភ្ញាក់ៈ មនុស្សគ្រប់គ្នាត្រូវការពេលវេលាខុសប្លែកពីគ្នាក្នុងការត្រៀមរាងកាយដើម្បីធ្វើការ​ងារ ដូច្នេះការរអ៊ូ ឬការនិយាយមិនឈប់ វានឹងទៅបំផ្លាញដំណាក់កាលការត្រៀមរាងកាយ និងបែរជាធ្វើឱ្យការដាស់បែបនោះកាន់តែពិបាកជាងមុនទៅវិញទេ។
    • ដាស់ដោយសំឡេងដែលឮខ្លាំងៗ និងរំខានៈ ដូចជាការដើរក្ឌុងក្ឌាំង សំឡេងនាឡិការោទ៍ឮខ្លាំងៗ ឬសំឡេងនិយាយគ្នា ជាដើម។ សំឡេង​ទាំង​អស់នេះធ្វើឱ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ និងពេលភ្ញាក់ឡើងមកហើយនោះ នឹងមានអារម្មណ៍ឆាប់មួម៉ៅ។

    វិធីការដាស់កូនឱ្យភ្ញាក់គេងដែលឡារ៉ែនចង់ណែនាំ ៈ

    1. ប្រាប់ទុកមុនឱ្យហើយៈ អាណាព្យាបាលគួរប្រាប់មុនពេលកូនចូលគេងឱ្យហើយថា ស្អែកនេះ ម៉ាក់ចង់ឱ្យកូនសម្លាញ់ភ្ញាក់ម៉ោងប៉ុន្មាន…។
    2. ភ្ញាក់ដោយពន្លឺដែលចាំងចូលមកៈ សម្រួលពន្លឺភ្លើងឱ្យភ្លឺសន្សឹមៗឡើង ឬបើកមាត់បង្អួចឱ្យពន្លឺចាំងចូលមកយ៉ាងស្ងាត់ៗ ស្រទន់ៗ ដែលពន្លឺបែបនោះនឹងធ្វើឱ្យកុមារអាចដឹងខ្លួនឡើងដោយឯកឯង។
    3. ឱ្យក្លិនក្រអូបឈ្ងុយឆ្ងាញ់របស់អាហារពេលព្រឹកដាស់កូនឱ្យភ្ញាក់ឡើង។
    4. បើកបទភ្លេងឱ្យឮរងំៗៈ ដែលនឹងធ្វើឱ្យមានអារម្មណ៍ធូរស្រាលជំនួសសំឡេងដាស់ដែលគួរឱ្យរំខាន។
    5. ប៉ះ ឬអង្អែលខ្លួនប្រាណកូនយ៉ាងថ្នមៗឱ្យដឹងខ្លួនឡើង។

    ពេលរកឃើញវិធីដែលស័ក្តិសមល្អសម្រាប់ការដាស់កូនឱ្យភ្ញាក់ពីគេងបានហើយនោះ ចូរប្រើវិធីដដែលនោះដាស់ជាប្រចាំ ដើម្បីឱ្យកូនស៊ាំធ្លាប់​ និងមិនគួរផ្លាស់ប្តូរវិធីដាស់ញឹកញាប់ពេកឡើយ…តែសរុបទៅ ការដាស់កូនឱ្យភ្ញាក់ពីគេងដែលល្អបំផុតនោះគឺ ការដាស់ដែលទន់ភ្លន់ និងត្រូវមាន​ភាពអត់ទ្រាំ និងចិត្តត្រជាក់ជានិច្ច៕

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    ការសរសេរអក្សរ និងបញ្ហារបស់កុមារ…រឿងសំខាន់ដែលឪពុកម្តាយគួរដឹង

    រឿងការសរសេរអក្សររបស់កុមារ អាចគ្រាន់តែជារឿងតូចតាចមួយសម្រាប់ឪពុកម្តាយមួយចំនួន ព្រោះគិតថា ភាព​ខុស​​ផ្លែកពីគ្នារបស់តួអក្សរ គឺជាស្ទីលការសរសេររបស់ក្មេងម្នាក់ៗ អាចស្អាតខ្លះទៅ ឬមិនស្អាតខ្លះទៅ ជារឿងធម្មតា ទើបមិនសូវជាយកចិត្តទុកដាក់ល្អិត​ល្អន់អ្វីប៉ុន្មានឡើយ។ តែការពិតទៅ រឿងការសរសេរ និងតួអក្សរសរសេរដៃរបស់កូន មានភាពសំខាន់មិនអន់ជាងរឿងដទៃទៀតឡើយ ព្រោះវាជាផ្នែកមួយដែលជួយបង្ហាញឱ្យឃើញថា កុមារកំពុងមានបញ្ហាមួយដែលឪពុកម្តាយគួរតែផ្តល់នូវការជួយណែនាំ មុន​នឹងបញ្ហាផ្សេងៗទៀតកើតឡើង។ ដូច្នេះថ្ងៃនេះយើងនាំគ្នាមកមើលថា តើអក្សរសរសេរដៃរបស់កូនៗរបស់​លោកអ្នក​បង្ហាញ​​ឱ្យ​ឃើញពីរឿងអ្វី និងមានវិធីកែខៃយ៉ាងណាខ្លះ?។

    1. មូលហេតុដែលធ្វើឱ្យកុមារមានបញ្ហាពាក់ព័ន្ធនឹងការសរសេរ

    អ្នកស្រីវេជ្ជបណ្ឌិត អេមី បាអេជ អ្នកព្យាបាលដោយការធ្វើចលនា និងជាអ្នកនិពន្ធម្ចាស់ជយលាភីប្រភេទសៀវភៅអក្សរផ្ជង់​បានអធិប្បាយថា អារម្មណ៍ និងការវិវឌ្ឍរបស់កុមារអាចនាំឆ្ពោះទៅរកបញ្ហារឿងតួអក្សរសរសេរដៃរបស់កុមារបានដូចគ្នា ដូចជាបើកុមារនោះធ្លាប់មានបទពិសោធដែលមិនល្អពាក់ព័ន្ធនឹងការប៉ះពាល់ រហូតធ្វើឱ្យគេបដិសេធ ឬចៀសពីការប៉ះពាល់វត្ថុផ្សេងៗដែលខុសផ្លែកពីរបស់ដែលគេធ្លាប់បានស្គាល់ជាដើម។ មូលហេតុទាំងនោះហុចផលឱ្យឱកាសក្នុងការវិវឌ្ឍរបស់ម្រាមដៃ និងការសរសេរក្មេង​ អន់​ថយចុះទៅតាមនោះដែរ។

    1. វិធីសង្កេតមើលបញ្ហា តាមរយ:អក្សរសរសេរដៃរបស់កុមារ

    ការដែលកុមារសរសេរអក្សរមិនស្អាត គឺជាបញ្ហាមួយដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយឡើយ ជាពិសេសអក្សរសរសេរដៃរបស់កុមារដែលពិបាកអាន ឬដែលស្ទើរតែមិនមែនជាតួអក្សរ ព្រោះវាជាសញ្ញាសំខាន់មួយដែលកំពុងតែប្រាប់ដល់​ឪពុកម្តាយឱ្យបានដឹងថា កូនរបស់អ្នកកំពុងតែមានបញ្ហាដែលអ្នកត្រូវប្រញាប់កែសម្រួល ដែលឪ​ពុកម្តាយអាចត្រួត​ពិនិត្យ​មើលនៅ​រយ:ដំបូងបាន ដោយសង្កេតមើលតាមរយ:អាការរបស់កុមារដូចតទៅ ៖

    • – តួអក្សរមិនច្បាស់លាស់ ពិបាកអាន
    • ធ្វើចុងខ្មៅដៃបាក់ញឹកញាប់(សរសេរសង្កត់ខ្លាំង)
    • ប្រើដៃចាប់កាន់ខ្មៅដៃម្តងៗមិនដូចគ្នា ដូចជា ម្តងកាន់ដៃខាងឆ្វេង ម្តងកាន់ដៃខាងស្តាំ​-ល-
    • ចាប់កាន់ខ្មៅដៃខុសទំនង និងមិនព្រមប្តូររបៀបចាប់
    • មិនព្រមដាក់កដៃសង្កត់លើក្រដាសសរសេរ
    • មានអារម្មណ៍ធុញទ្រាន់ពេលត្រូវសរសេរ
    • សរសេរលេខ ឬអក្សរឆ្លាស់គ្នា ទោះជារៀនថ្នាក់បថម ឬថ្នាក់ខ្ពស់ជាងហ្នឹងហើយក៏ដោយ
    • ច្រើនតែសរសេររំលង ឬខ្វះពាក្យ ឬតួអក្សរ ទោះជាចម្លងតាមគេក៏ដោយ
    1. វិធីការជួយកែបញ្ហា

    សម្រាប់ឪពុកម្តាយដែលសង្កេតឃើញភាពខុសប្រក្រតីរបស់កូនដូច 8ចំណុចខាងលើនេះ ឪពុកម្តាយអាចជួយកូនៗរបស់លោកអ្នកបានដោយការនាំពួកគេទៅជួបនឹងគ្រូពេទ្យដែលមានជំនាញក្នុងផ្នែកនេះ ដើម្បីឱ្យគ្រូពេទ្យត្រួត​ពិនិត្យភាពខុសប្រក្រតី និងប្រាប់ពីលទ្ធផលនៃការពិនិត្យដែលច្បាស់លាស់មកលោកអ្នកវិញ និងគួរឱ្យគ្រូពេទ្យបានទៅ​ពិនិត្យមើលអាការរបស់កូនដល់ផ្ទះផង ដើម្បីឱ្យគ្រូពេទ្យ​បានបង្ហាត់ក្មេងៗជាមួយ​នឹងឧបករណ៍សម្រាប់​ជួយកែសម្រួលដល់ការ​សរសេរ​របស់កូនបានយ៉ាងស័ក្តិសម។

    តើលោកអ្នកជឿទេថា អក្សរសរសេរដៃរបស់កុមារមានភាពសំខាន់ចំពោះពួកគេមិនតិចឡើយ ព្រោះវាអាចប្រាប់បានអំពីបញ្ហាដែលបង្កប់នៅក្នុងខ្លួនកុមារ ដូច្នេះបើឪពុកម្តាយរឹតតែឆាប់សង្កេតឃើញភាពខុសប្រក្រតីនៃការសរសេរអក្សររបស់កូនបានលឿនប៉ុនណា នឹងរឹតតែឆាប់បានជួយឱ្យកូនៗរបស់លោកអ្នករួចផុតពីបញ្ហានេះបានលឿនប៉ុននោះដែរ និងថែមទាំងអាចជួយឱ្យកូនៗ​មានវិវឌ្ឍនាការដ៏ល្អស័ក្តិសមទៅតាមវ័យបានទៀតផង៕

  • អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

    ស្រ្តីដែលកំពុងមានគភ៌ តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះឡា រ៉ែនមានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

    អាការហើម ឬមានអារម្មណ៍ថា ខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិដែលមាន​ចំពោះ​បរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលស្ត្រីមានគភ៌ត្រូវទទួលបន្ទុកនេះទៅគ្រប់ទីកន្លែង។ ស្ត្រីមានគភ៌ភាគច្រើននឹងមាន​អារម្មណ៍ថា ហើមនៅម្តុំុំកជើង និងប្រអប់ជើងបើសិនជាត្រូវឈរក្នុងរយៈពេលយូរ ស្ត្រីខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

    អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ​ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ​ច្រើនតែកើត​ចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុង 1ថ្ងៃៗរបស់ស្ត្រីមានគភ៌ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាង​កាយនេះអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនឯង និងកូនក្នុងគភ៌ឡើយ តែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការ និងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាស្ត្រីមានគភ៌មានអារម្មណ៍ព្រួយបារម្ភ។

    វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌

    • ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះទៅវិញបាន។ គេជឿថា មើមខ្ទឹម​ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោមមានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើ​ឱ្យស្ត្រីមានគភ៌ខ្វះជាតិទឹកបាន។
    • ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
    • ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុង 1ថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើស្ត្រីមានគភ៌ញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុង​រាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យខ្លួនប្រាណកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
    • រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ជើងដាក់ឱ្យខ្ពស់ជាងចង្កេះ។
    • ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
    • ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ ក៏អាចកាត់បន្ថយអាការហើមបានដែរ។
    • គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា(Ve​na​​cava)​៕
  • តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយា​​ខ្លះ​ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹង​ការជិត​មាន​សមាជិក​ថ្មីម្នាក់​នៅក្នុងផ្ទះ។

    ថ្ងៃនេះឡា រ៉ែនមានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖

    តាំងស្មារតី

    អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្តដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុត​គឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុង​ផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈ​​ការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

    ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត

    កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្ស​ក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យា​យាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយ​ចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។

    ទៅពិនិត្យរាងកាយភ្លាម

    នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

    ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ

    ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ​ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេង​​​ៗ និងបានទទួល​ការ​ពិនិត្យ​គភ៌ជាដំណាក់​កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹង​អាចជួយកែ​បញ្ហា​បានទាន់ពេលវេលា។

    រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់

    កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែនជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

  • “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    “ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!

    ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ…ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។

    តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង…

    • បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
    • បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថាល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។

    មូលហេតុអាចបណ្ដាលមកពី ៈ

    • . ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
    • កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
    • ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
    • ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
    • ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជាថ្នាំ អាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
    • មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូររហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
    • ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជាក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជាមានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
    • ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
    • ដុះសាច់នៅក្នុងប្រហោងច្រមុះ។

    ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

    1. ហូរឈាមចេញមកយូរជាង 15នាទី។
    2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
    3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
    4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជាក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
    5. ក្ដៅខ្លួនខ្លាំង។

    បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ ៈ

    ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?

    • អង្គុយស្ងៀមនៅមួួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ 10នាទី។ លុះកន្លងផុតទៅ​10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
    • បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
    • អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
    • កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។

    ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ

    • ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
    • ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។

    យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕